សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

CIA មិន​ជឿ​ថា លោក Putin ត្រៀម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ

2022/10/05 10:34:58 am        663
​អាមេរិក៖ ប្រធាន​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល​អាមេរិក CIA លោក William Burns បាន​និយាយ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ទីភ្នាក់ងារ​នេះ​មិន​ជឿ​ថា បច្ចុប្បន្ន​នេះ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin កំពុង​ត្រៀម​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ទេ។​ ​លោក Burns បាន​ប្រាប់​លោកស្រី Norah O'Donnell អ្នក​សម្រប​សម្រួល​កម្ម​វិធី​ព័ត៌មាន​ពេល​ល្ងាច​របស់​ទូរទស្សន៍ CBS ថា យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ច្រើន​រាល់​ការព្រមាន​នានា ដែល​ធ្វើ​ឲ្យ​អ្វីៗ​ប្រឈម​ហានិភ័យ​ខ្លាំង​។ ទោះ​យ៉ាង​ណា​ក៏ដោយ​លោក​បាន​ទទួល​ស្គាល់​ថា យើង​មិនបាន​មើល​ឃើញ​ភស្តុតាង​ជាក់ស្ដែង​ណាមួយ​នៅឡើយ​ទេ ​នៅ​ពេល​បច្ចុប្បន្ន​នេះនៅ​ក្នុង​សហគមន៍​ចារកម្ម​អាមេរិក​ថា លោក Putin កំពុង​បោះជំហាន​ទៅកាន់​តែ​ជិត​ក្នុង​ការ​ប្រើប្រាស់​ជាក់លាក់ ឬ​ថា​មានការ​គំរាម​ដែល​នឹង​អាច​មាន​ឡើង​ នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រតាក​ទិ​ក​។​​នៅ​ពេល​សួរ​ថា ​តើ​មេដឹកនាំ​រុស្សី​បាន​និយាយ​គំរាម​មែន​ទេ នៅ​ពេល​និយាយ​អំពី​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ប្រសិនបើ​បូរណភាព​ទឹកដី​របស់​ប្រទេស​នេះ​ត្រូវ​រង​ការ​គំរាម​នោះ លោក Burns បាន​និយាយ​ថា​ វា​ពិបាក​និយាយ​ណាស់​នៅ​ចំណុច​នេះ​។​ នាយក CIA បាន​ហៅ​វោហារសាស្ត្រ​ពី​លោក ​Putin និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេង​ទៀត​ថា ខ្វះ​ការពិចារណា និង​ទទួលខុសត្រូវ​ខ្ពស់​។ ​លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា វា​អាស្រ័យ​លើ​ក្រុម​អ្នកបង្កើត​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក ​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​ទីក្រុង Moscow ដែល​ការសម្រេចចិត្ត​បែបនេះ​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

IMF៖ ប្រទេស​ប្រមាណ​២០ អាច​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​

2022/10/04 03:19:13 pm        699
​អាហ្វ្រិក៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​ប្រមាណ ​២០ ភាគ​ច្រើន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​អាច​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ ​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ស្បៀងអាហារ​សកល​។ ​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ប្រធាន​គ្រប់គ្រង​មូលនិធិ IMF លោក​ស្រី Kristalina Georgieva ក៏បាន​និយាយ​ផង​ដែរ​ថា មនុស្ស​ ១៤១​លាន​នាក់​ទូទាំង​ពិភព​អារ៉ាប់ត្រូវ​បាន​ប្រឈម​អសន្តិសុខ​ស្បៀង​។ IMF កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុម័ត​កម្មវិធី​កម្ចី​ស្បៀងអាហារ​ថ្មី ក្រោម​កិច្ចសន្យា​ហិរញ្ញវត្ថុ​គ្រាអាសន្ន​ដែល​មាន​ស្រាប់ ​ក្នុង​ការ​ជួយ​ដល់​បណ្ដា​ប្រទេស​ងាយ​រងគ្រោះ​ដោះ​ស្រាយ​កង្វះ​ស្បៀងអាហារ និង​ការ​ហក់​ឡើង​ខ្ពស់​នៃ​តម្លៃ​ទំនិញ​ដោយ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ ​លោកស្រី Georgieva បាន​និយាយ​ថា ប្រទេស​ចំនួន​៤៨ នៅ​ជុំវិញ​ពិភព​លោក​បាន​ប្រឈម​ខ្លាំង​ចំពោះ​វិបត្តិ​ស្បៀងអាហារ​នេះ​។ លោកស្រី Georgieva លើក​ឡើង​ថា ក្នុងចំណោម​ប្រទេស​៤៨ មាន​ប្រហែល ១០​ ទៅ​ ២០​ប្រទេស​ទំនងជាកំពុង​ត្រូវ​បាន​ស្នើសុំ​ជំនួយ​សង្គ្រោះ​បន្ទាន់ ដោយ​បន្ថែម​ថា ភាគច្រើន​នៃ​ប្រទេស​ទាំងនោះ​ស្ថិត​ក្នុង​អនុ​តំបន់​សាហា​រ៉ា​នៃ​ទ្វីប​អាហ្វ្រិក​៕អត្ថបទ៖ សុខមាន

អំពើ​ហិង្សា​ផ្ទុះ​ឡើង ខណៈ​ប្រជាជន​ហៃ​ទី​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង

2022/10/04 02:47:41 pm        915
​ហៃ​ទី៖ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​អំឡុងពេល​បាតុកម្ម​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង​កាលពី​ថ្ងៃ​ចន្ទ ខណៈ​មនុស្ស​រាប់ពាន់នាក់​បានចេញ​ដើរ​តាមផ្លូវ​តវ៉ា ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ហៃ​ទី​លោក Ariel Henry ចុះ​ចេញពី​តំណែង​។​ ​អ្នក​សារព័ត៌មាន AP ម្នាក់​បានឃើញ​មនុស្ស​យ៉ាងហោចណាស់​ ២​នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង ដែល​យោងទៅតាម​ក្រុមអ្នកតវ៉ា​និយាយថា​ ត្រូវបាន​បាញ់​ដោយ​នគរបាល​ដែល​ព្យាយាម​បំបែក​ការហែក្បួន​តវ៉ា។ ដោយមាន​ការខកចិត្ត​ជាមួយនឹង​កង្វះ​ប្រេងឥន្ធនៈ និង​អំពើហិង្សា​រាលដាល​ដែល​បានធ្វើឱ្យ​ទីក្រុង​នេះ​ជាប់គាំង​អស់​ជាច្រើន​សប្តាហ៍ ប្រជាជន​ហៃ​ទី​កំពុង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង​។​ ​កាលពីដើម​ខែកញ្ញា ក្រុម​ជន​អន្ធពាល​ដ៏​មាន​ឥទ្ធិពល​មួយក្រុម​របស់​ប្រទេស​ហៃ​ទី​ បាន​បិទផ្លូវ​ចូលទៅ​កាន់​ស្ថានីយប្រេងឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ ដោយ​ប្រកាសថា​ ខ្លួន​មិន​ដកថយ​ឡើយរហូតដល់​លោក Henry លាលែង​ពី​តំណែង​។ ប្រេងសាំង​អាច​រក​បានតែ​នៅលើ​ទីផ្សារងងឹត​តែប៉ុណ្ណោះ​ក្នុងតម្លៃ​ថ្លៃ​រហូតដល់ ៣០ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។​ ​ភាពខ្វះខាត និង​ការខាត​បង់​​ច្រើនបាន​បង្ខំ​ឱ្យ​អាជីវកម្ម​ជាច្រើន​ត្រូវ​បិទទ្វារ រួមទាំង​មន្ទីរពេទ្យ ក្រុមហ៊ុន​ផលិត​ទឹក និង​សេវាកម្ម​សំខាន់ៗ ខណៈដែល​អាជ្ញាធរ​សុខាភិបាល​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​រកឃើញ​ករណី​ជំងឺ​អាសន្នរោគ​ចំនួន ៨ករណី​។ ការចំណាយ​ក្នុង​ជីវភាព​រស់នៅ​កើនឡើង​ខ្ពស់ បាន​ជំរុញ​ឱ្យ​ប្រជាជន​ហៃ​ទី​ជាច្រើន​ធ្លាក់​ចូលក្នុង​ភាពក្រីក្រ និង​ភាព​អត់ឃ្លាន​។ អ្នក​តវ៉ានិយាយថា យើង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ទេ ហើយ​ពួកគេ​មិន​យល់​ពី​ការទាមទារ​របស់​យើង​ឡើយ​។ ប្រទេស​ហៃ​ទី​បាន​កើតមាន​អស្ថិរភាព​កាន់តែខ្លាំង​ឡើង​មិន​ធ្លាប់មាន ​ចាប់តាំងពី​ការធ្វើឃាត​ប្រ​ធានា​ធិបតីលោក Jovenel Moïse កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែល​ភាពវឹកវរ​បង្កឡើង​ដោយ​ក្រុម​ជន​អន្ធពាល ខណៈរដ្ឋបាល​របស់លោក Henry នៅតែ​ពុំមាន​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​ទូទៅ ​ដែល​គ្រោង​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំមុន៕អត្ថបទ៖ ប៊ុនថន

ស្នងការ​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់ និង​មន្ត្រី​ជាន់ខ្ពស់​ ៩​នាក់​ត្រូវបាន​ដកចេញ​ពីមុខ​តំណែង

2022/10/04 02:31:37 pm        932
​ឥណ្ឌូនេស៊ី៖ ក្រុមមន្ត្រី​បាន​និយាយថា ស្នងការ​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់ និង​មន្ត្រីជាន់ខ្ពស់ ៩​នាក់​ត្រូវបាន​ដកចេញពីមុខ​តំណែង​កាលពី​ថ្ងៃ​ចន្ទ ហើយ​មន្ត្រី ១៨​​នាក់​ផ្សេងទៀត​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ សម្រាប់​ការទទួលខុសត្រូវ​ក្នុង​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ខាងក្នុង​ពហុ​កីឡដ្ឋាន​ ដែល​បាន​បង្កឱ្យមាន​ការរត់​ជាន់គ្នា​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់ ១២៥​នាក់​ស្លាប់​។ ​សមាជិកគ្រួសារ​ដែលមាន​ទុក្ខព្រួយបាន​ព្យាយាម​ស្វែងយល់ ​ពី​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ ដែល​អ្នកស្លាប់​រួមមាន​ទាំង​កុមារ​ចំនួន ៣២នាក់នៅក្នុង​ការប្រកួត​បាល់​ទាត់​នៅ​ទីក្រុង Malang កោះ​ជ្វា​ខាងកើត ដែល​បានមក​ចូលរួម​ដោយ​ក្រុម​អ្នកគាំទ្រ​ក្រុម Arema FC នៅក្នុង​តំបន់​។ អ្នករៀបចំ​កម្មវិធី​បាន​ហាមឃាត់​ក្រុម​អ្នកគាំទ្រ​ក្រុម Persebaya Surabaya ដោយសារតែ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ប្រវត្តិ​នៃ​ការប្រកួត​បាល់ទាត់​ដ៏​ហិង្សា​។ ​ហេតុ​ការណ៍​មនុស្ស​រត់​ជាន់គ្នា​កាលពី​យប់​ថ្ងៃ​សៅរ៍​ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​មិន​ធ្លាប់មាន​នៅក្នុង​ព្រឹត្តិការណ៍​កីឡា​៕អត្ថបទ៖ ប៊ុនថន

អ្នកស្លាប់​ដោយសារ​ព្យុះសង្ឃរា Ian នៅ​សហរដ្ឋអាមេរិកបាន​កើន​ឡើងដល់ ​១០៣​នាក់​

2022/10/04 12:01:35 pm        392
​អាមេរិក៖ មនុស្ស​ជាង​ ១០០​នាក់​ត្រូវគេ​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ក្នុង​សហរដ្ឋអាមេរិក ៥​ថ្ងៃ​បន្ទាប់​ពី​ព្យុះសង្ឃរា Ian បាន​វាយប្រហារ​តំបន់​ឆ្នេរ​ភាគ​ខាងលិច​នៃ​រដ្ឋ ​Florida ​ជា​ព្យុះ​ដ៏​មាន​ឥទ្ធិពល​កម្រិត​ទី​៤​។​ មន្ត្រី​ក្នុង​តំបន់ Lee County Sheriff លោក Carmine Marceno បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ពេលនេះ​មនុស្ស​ស្លាប់​ចំនួន​ ៥៤នាក់​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​តំបន់​នោះ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​សរុប​នៅ​ក្នុង​រដ្ឋ Florida កើន​ឡើង​ដល់ ​៩៩​នាក់​គិត​ត្រឹម​យប់​ថ្ងៃ​ចន្ទ​។ ​ទិន្នន័យ​ពី​សារព័ត៌មាន CBS News ខ្ពស់​ជាង​របាយការណ៍​ផ្លូវការ​រដ្ឋ Florida ព្រោះ​ករណី​មួយ​ចំនួន​ក្រុម​មន្ត្រី​ប្រចាំ​តំបន់​កំពុង​បញ្ជាក់​ថា មានការ​ស្លាប់​បន្ថែម​ទៀត​លឿន​ជាង​ការ​បញ្ជាក់​ពី​ក្រុម​មន្ត្រី​រដ្ឋ​។ចំនួន​អ្នក​ស្លាប់​ពាក់ព័ន្ធ​នឹង​ព្យុះ​កម្រិត​ទី​៤ ​នេះត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​រដ្ឋ North Carolina ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​នៅ​សហរដ្ឋ​អាមេរិក​កើន​ឡើង​ដល់​ ១០៣​នាក់​។​ លំនៅឋាន និង​ហាង​លក់ទំនិញ​ប្រមាណ ៦០ម៉ឺន​កន្លែង​ក្នុង​រដ្ឋ Florida នៅតែ​មិន​ទាន់​មាន​អគ្គិសនី​ប្រើ​ប្រាស់​នៅឡើយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ថយ​ចុះ​ពី​ចំនួន​ខ្ពស់​បំផុត ២​.៦​លាន​ខ្នង​ផ្ទះ និង​ហាង​អាជីវកម្ម​ផ្សេងៗ​៕អត្ថបទ៖ សុខមាន

អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​កញ្ចប់​ជំនួយ​ ៦២៥​លាន​ដុល្លារ

2022/10/04 11:39:55 am        444
​អាមេរិក៖ កញ្ចប់​ជំនួយ​សន្តិសុខ​បន្ទាប់​របស់​រដ្ឋបាល​លោក Joe Biden សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គេ​រំពឹង​ថានឹង​រួមបញ្ចូល​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​សមត្ថភាព​ខ្ពស់ ​(HIMARS) ​ចំនួន ៤​គ្រឿង, គ្រាប់រំសេវ, គ្រាប់មីន និង​រថយន្ត​ប្រឆាំង​គ្រាប់មីន ជា​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៦២៥​លាន​ដុល្លារ​អាមេរិក​។​កញ្ចប់​ជំនួយ​នេះ​ត្រូវ​បាន​គេ​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ដែលជា​កញ្ចប់​ជំនួយ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​ប្រកាស​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​ ការប្រកាស​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​បាន​ធ្វើតាម​អ្វីដែល​ខ្លួន​ចាត់ទុកថា​ ជាការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។ រដ្ឋាភិបាល​ប្រទេសលោកខាងលិច និង​ទីក្រុង Kyiv បាន​និយាយថា ការបោះឆ្នោត​នេះ​បាន​បំពាន​ច្បាប់​អន្តរជាតិ ហើយ​ជាការ​បង្ខិតបង្ខំ​។​​ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS ទាំង​ ៤​គ្រឿង និង​គ្រាប់​រ៉ុក្កែត​ដែល​ពាក់ព័ន្ធ យានយន្ត​ប្រឆាំង​គ្រាប់មីន​ចំនួន ២០០​​គ្រឿង, គ្រាប់កាំភ្លើង​សម្រាប់​កាំភ្លើង​ធំ និង​គ្រាប់មីន​អាច​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ នេះ​គឺជា​កញ្ចប់​ជំនួយ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​ឆ្នាំ២០២៣ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។​ កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិកបាន​បង្ហាញ​កញ្ចប់​ជំនួយ​សព្វាវុធ​ចំនួន ១.១ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ HIMARS ចំនួន ១៨គ្រឿងរួមជាមួយ​គ្រាប់រំសេវ យាន​ដ្រូ​ន និង​ប្រព័ន្ធ​រ៉ា​ដា៕អត្ថបទ៖ ប៊ុនថន

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ស្ដីបន្ទោស​អាមេរិក និង​អ៊ីស្រាអែល​ថា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​រំជើបរំជួល​

2022/10/04 11:02:05 am        461
​​អ៊ីរ៉ង់៖ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​ស្ដីបន្ទោស​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ចំពោះ​ការ​តវ៉ា​កំពុង​រាលដាល​ពេញ​ប្រទេស ក្រោយ​ការ​ស្លាប់​ស្ត្រី​ម្នាក់​​ក្នុង​ពេល​ឃាត់ខ្លួន​សាកសួរ​របស់​នគរបាល​។ ​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​លើកដំបូង​របស់​លោក​លើ​ភាព​រំជើបរំជួល​នេះ លោក Ayatollah Ali Khamenei បាន​និយាយ​ថា អំពើ​កុបកម្ម​នានា​ត្រូវ​បាន​បង្កឡើង​ដោយ​ក្រុម​សត្រូវ​ដ៏​ជូរចត់ និង​សម្ព័ន្ធមិត្ត​ខ្លួន​របស់​អ៊ីរ៉ង់។ ​ការ​តវ៉ា​ទាំងនេះគឺជា​ការ​ប្រឈម​ធំ​បំផុត​ ចំពោះ​របប​ដឹកនាំ​របស់លោក​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ហើយ​លោក​បាន​ជំរុញ​ដល់​កងកម្លាំង​សន្តិសុខ​ត្រៀម​ សម្រាប់​បញ្ហា​កាន់តែច្រើន​ថែមទៀត​។ ​សហរដ្ឋអាមេរិក​និយាយថា ​ខ្លួន​តក់ស្លុត​ចំពោះ​ការឆ្លើយតប​ដោយ​ហិង្សា​លើ​ការតវ៉ា​ទាំងនេះ។​ ​លោក​ប្រធានាធិបតី Joe Biden បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​និយាយថា លោក​បារម្ភ​យ៉ាង​ខ្លាំងអំពី​របាយការណ៍​នៃ​ការបង្ក្រាប​កាន់តែ​ចាស់ដៃ​ លើ​ក្រុមអ្នកតវ៉ាដោយ​ស្ងៀមស្ងាត់​។​ ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័​រ​វ៉ែ​ហ្សបាន​និយាយថា ចំនួន​អ្នកស្លាប់ដោយ​​សារ​ការតវ៉ា​ជាច្រើន​សប្ដាហ៍​មកនេះនៅក្នុង​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​ការស្លាប់​ស្ត្រី​វ័យ ​២២​ឆ្នាំ​ម្នាក់ក្នុង​ពេល​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ កញ្ញាបាន​ឡើង​ដល់ ៩២​នាក់៕អត្ថបទ៖ សុខមាន

កងកម្លាំង​អ៊ុយ​ក្រែ​ន​វាយ​រុលចូល​ភាគខាងត្បូងឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​ក្នុង​ភាគ​ខាងកើត​

2022/10/04 10:18:19 am        576
​អ៊ុយ​ក្រែ​ន៖ កងកម្លាំង​អ៊ុយ​ក្រែ​ន​សម្រេច​បាន​ជ័យជម្នះ​ធំ​បំផុត​របស់​ខ្លួន ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​របស់​ប្រទេស​នេះ​ចាប់​តាំង​ពី​រុស្ស៊ី​វាយប្រហារ ដោយ​ឆ្លងកាត់​ខ្សែបន្ទាត់​មួយ​ចំនួន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ និង​កំពុង​រុល​ចូល​ទៅមុខ​តាម​បណ្ដោយ​ទន្លេ Dnieper ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ និង​កំពុង​គំរាម​ដល់​បណ្ដាញ​ផ្គត់ផ្គង់​សម្រាប់​ទាហាន​រុស្ស៊ី​រាប់ពាន់​នាក់​។ ​ការ​វាយ​រុល​ទៅ​មុខ​របស់​អ៊ុយ​ក្រែ​នដាក់​គោលដៅ​លើ​បណ្ដាញ​ផ្គត់ផ្គង់​ សម្រាប់​ទាហាន​រុស្ស៊ី​ប្រមាណ ២៥,០០០​នាក់នៅ​ត្រើយ​ទន្លេ Dnieper ភាគ​ខាងលិច​។​ អ៊ុយ​ក្រែ​ន​បាន​បំផ្លាញ​ស្ពាន​សំខាន់ៗ​រួច​ទៅ​ហើយ ដោយ​បង្ខំ​ឲ្យ​កងកម្លាំង​រុស្ស៊ី​ប្រើ​ស្ពាន​ឆ្លងកាត់​បណ្ដោះអាសន្ន​។​ ការវាយប្រហារ​ដ៏​សន្ធាប់​ទៅ​លើ​តំបន់​ជាប់មាត់​ទន្លេ​នេះ​ អាច​កាត់ផ្ដាច់​ពួកគេ​ទាំងស្រុង​។ ទីក្រុង Kyiv បាន​ផ្ដល់​ព័ត៌មាន​តិច​តួច​អំពី​ការ​ដណ្ដើម​បាន​ទឹកដី​ក្នុង​ភាគ​ខាង​ត្បូង ប៉ុន្តែ​ប្រភព​នានា​ពី​រុស្ស៊ី​ទទួល​ស្គាល់​ថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​វាយ​រុល​ចូល​រាប់​សិប​គីឡូម៉ែត្រ​នៅ​ច្រាំង​ទន្លេ​ភាគ​ខាងលិច ដោយ​ដណ្ដើម​បាន​ភូមិ​មួយ​ចំនួន​នៅ​តាម​ផ្លូវ​នោះ។​ការ​វាយ​រុល​ទៅ​មុខ​នេះឆ្លុះបញ្ចាំង​ពី​ជ័យជម្នះ​របស់​អ៊ុយ​ក្រែ​ន​នាពេល​ថ្មីៗ ​នៅ​ក្នុង​ភាគ​ខាងកើត​ប្រឆាំង​នឹង​រុស្ស៊ី ស្រប​ពេល​ដែល​ទីក្រុង Moscow បាន​ព្យាយាម​បង្កើន​ហានិភ័យ​ដោយ​ការ​ដាក់​បញ្ចូល​ដែនដី​នេះ​ជា​ឧប​សម្ព័ន្ធ ការ​បញ្ជា​ឲ្យ​កេណ្ឌ​កម្លាំង​ទ័ព និង​គំរាម​សងសឹក​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ៖ យើងមានភាពទន់ខ្សោយផ្នែកកីឡាក៏ដោយចុះ តែមិនត្រូវមានភាពទន់ខ្សោយសីលធម៌ផ្នែកគ្រប់គ្រងកីឡាទេ

2022/10/04 10:13:54 am        226
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ខណៈវិស័យកីឡានៅក្នុងទ្វីបអាស៊ីកំពុងទន់ខ្សោយហើយនោះ ហេតុអ្វីក្រមសីលធម៌ នៃការគ្រប់គ្រងកីឡាមានភាពទន់ខ្សោយបន្ថែមទៀត? ជាក់ស្តែងដូចហេតុការណ៍ដែលបានកើតឡើងនៅក្នុងការប្រកួតបាលទាត់មួយ នៅប្រទេសឥណ្ឌូនេស៊ី​ កាលពីកន្លងទៅថ្មីៗនេះយ៉ាងដូច្នេះដែរ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយខ្វះក្រមសីលធម៌ បានណ្តាលឲ្យមានសោកនាដកម្ម ប្រើហិង្សា និងរត់ជាន់គ្នាដោយបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់។ ថ្លែងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការងឿងឆ្ងល់ចំពោះវិស័យកីឡានៅតំបន់ស៊ីមានភាពទន់ខ្សោយជាងទ្វីបអាមេរិកឡាទីន និងអឺរ៉ុប ជាពិសេសកីឡាបាលទាត់តែម្តង ខណៈប្រជាជននៅតំបន់អាស៊ីមានច្រើនជាងតំបន់អឺរ៉ុបទៅទៀត។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ខណៈវិស័យកីឡានៅតំបន់អាស៊ីយើងទាំងមូលមានភាពទន់ខ្សោយហើយនោះ ហេតុអ្វីក្រុមសីលធម៌ នៃការគ្រប់គ្រងកីឡាវាមាន ភាពទន់ខ្សោយដែរ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់គប្បីពង្រឹង នូវក្រមសីលធម៌នៃការគ្រប់គ្រងកីឡានេះឲ្យល្អ ដោយជៀសវាងឲ្យបាននូវការប្រើប្រាស់អំពើហិង្សាដាក់គ្នា៕(ដោយ៖ បាន ចក់)

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រំលង​ប្រទេស​ជប៉ុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក

2022/10/04 09:52:17 am        620
​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​រំលង​ប្រទេស​ជប៉ុន ដែល​ជា​ការ​បាញ់​លើក​ទី​៥ ​ក្នុង​រយៈពេល​ ១០​ថ្ងៃ ស្រប​ពេល​មានការ​រំពឹង​ទុក​ថា ប្រទេស​នេះ​កំពុង​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​។ ​មី​ស៊ី​ល​ដែល​ត្រូវ​បាន​តាមដាន​ដោយ​ឆ្មាំសមុទ្រ​ជប៉ុន និង​នាយសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង បាន​ជំរុញ​ឲ្យ​ចេញ​ស៊ី​រ៉ែ​ន​ព្រមាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ភាគ​ខាងជើង ដោយ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ សេវា​រថភ្លើង​សាធារ​ណៈ​នៅ​ក្នុង​កោះ Hokkaido ភាគ​ឦសាន និង​តំបន់ Aomori ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​។​ សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ថ្កោលទោស​នូវ​អ្វីដែល​លោក​បាន​ហៅថា ​ជា​ទង្វើ​សា​ហាវ​ឃោរឃៅ ខណៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​ប្រកបដោយ​ការ​តាំង​ចិត្ត​ខ្ពស់ ​ក្រោយ​ការ​បាញ់​សាកល្បង​នេះ​។​មេដឹកនាំ​ទាំង​២ ​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​នេះ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​នេះ​បាន​ហោះ​ចម្ងាយ ៤,០០០​គីឡូម៉ែត្រ​ ឡើង​ដល់​រយៈកម្ពស់ ១​,០០០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្រោយ​ហោះ​ឡើងលើ​អាកាស​រយៈពេល​ ២២​នាទី​។ មី​ស៊ី​ល​នេះ​ត្រូវ​បាន​បាញ់​ចេញពី​ភាគ​ខាងជើង​ជិត​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM