សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២»

2022/10/06 08:08:17 am        1081
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។ក្នុងពិធីបើកសន្និសីទនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួនរបស់រាជរដ្ឋាភិបាល ក្នុងការស្តារប្រទេសក្រោយវិបត្តិនៃជំងឺឆ្លងសាកលមួយនេះ។  ក្នុងសន្និសីទនេះ ក៏នឹងមានការជជែកពិភាក្សាទៅលើប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ៕

អ៊ុយ​ក្រែ​ន​ស្ដីបន្ទោស​សហភាព​អឺរ៉ុប​ចំពោះ​ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​

2022/10/05 03:26:15 pm        722
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ថា ការ​ពន្យារពេល​ផ្ដល់​ជំនួយ​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន​គឺ​មិន​អាច​ទទួលយក​បានទេ ហើយ​ត្រូវតែ​ត្រូវ​បាន​ដោះ​ស្រាយ​ដើម្បី​បញ្ចៀស​គ្រោះ​មហន្តរាយ ដោយ​ចង្អុល​បង្ហាញ​ពី​កង្វះ​ថវិកា​ដ៏​ច្រើន ខណៈ​សហភាព​អឺរ៉ុប​បាន​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ​មួយ​ផ្សេងទៀត​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Politico នៅ​សប្ដាហ៍​នេះ ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី Vlodimir Zelensky លោក Oleg Ustenko បាន​រិះគន់​ប្លុក​សហភាព​អឺរ៉ុប បន្ទាប់ពី​បាន​ព្រមព្រៀង​ថា​នឹង​បញ្ជូន​កញ្ចប់​ជំនួយ​មួយ​ផ្សេងទៀត​ចន្លោះ​ពាក់កណ្ដាល​ខែ​តុលា​នេះ និង​នៅ​ដំណាច់​ឆ្នាំនេះ ដោយ​ទទូច​ថា ភាព​ចាំ​បាច់​របស់​ប្រទេស​លោក​ត្រូវតែ​ត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​។​ លោក Ustenko បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​យើង​រង​សម្ពាធ​ខ្លាំង​ណាស់ នៅ​ពេល​លោក​បញ្ជូន​សែក​ទាំងនេះ​ទៅកាន់​យោធា​ដើម្បី​បើកប្រាក់​បៀវត្សរ៍ យើង​ត្រូវតែ​ឲ្យ​លុយ​នេះ​ទៅ​ដល់ដៃ​របស់​លោក​។ ​ដូច្នេះ​ការ​ពន្យារពេល​មួយ​សប្ដាហ៍ ឬ​ច្រើន​សប្ដាហ៍​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ។​ខណៈ​សហភាព​អឺរ៉ុប​ដំបូង​បាន​អនុម័ត​ជំនួយ​ចំនួន ៨.៨​ពាន់​លាន​ដុល្លារ​កាលពី​ខែ​ឧសភា​ឆ្នាំមុន មាន​តែ​ចំណែក​តូច​មួយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ជូន​មកទល់ពេលនេះ​។ ​ការ​ផ្ដល់​ជំនួយ​ចុងក្រោយ​បំផុត​នឹង​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ចំនួន ៤.៩​ពាន់​លាន​ដុល្លារ​ក្នុង ៣​ដំណាក់​កាលដែល​ត្រូវ​ផ្ទេរ​មុន​ដំណាច់​ឆ្នាំ២០២២ ទោះបីជា​កញ្ចប់​ជំនួយ​ដំបូង​ដែល​នៅ​សល់​ទំនងជា​មិន​ត្រូវ​បាន​ផ្ដល់​រហូត​ដល់​ឆ្នាំក្រោយ​ក៏ដោយ​៕អត្ថបទ៖ សុខមាន

កុមារ​ច្រើន​នាក់​ស្លាប់ ខណៈ​គ្រោះ​រាំងស្ងួត​នៅ​ប្រទេស​សូ​ម៉ាលី​នឹង​នាំមក​នូវ​គ្រោះ​ទុរ្ភិក្ស​

2022/10/05 02:44:30 pm        1159
​សូ​ម៉ាលី​៖ គ្រោះ​ទុរ្ភិក្ស​អាច​ត្រូវ​បាន​ប្រកាស​នៅក្នុង​ប្រទេស​សូ​ម៉ាលី ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ដែល​នឹង​ប៉ះពាល់​ដល់​មនុស្ស​រាប់​សែន​នាក់​នៅក្នុង​តំបន់​ជួប​គ្រោះរាំងស្ងួត​ ដ៏​អាក្រក់​បំផុត​ចំនួន​ពីរ​របស់​ប្រទេស និង​នៅ​ក្នុង​ជំរំ​ជម្លៀស​ខ្លួន​។ ​​ការប្រកាស​បែបនេះ​គឺ​កម្រ​កើតមាន ហើយ​ជា​សញ្ញា​នៃ​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​ ក្នុង​រយៈពេល​ជាច្រើន​ទសវត្ស​មកនេះ​នៅ​តំបន់​នៃ​ទ្វីប​អាហ្វ្រិក​។ ​យោង​តាម​ទិន្នន័យ​របស់​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា មនុស្ស​រាប់ពាន់​នាក់​បាន​ស្លាប់ រួម​ទាំង​កុមារ​ជិត ៩០០​នាក់​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ដោយសារតែ​កង្វះ​អាហា​រូបត្ថម្ភ។ អង្គការសហប្រជាជាតិ​និយាយ​ថា កុមារ​ស្ថិត​ក្នុង​ស្ថានភាព​កង្វះ​អាហារូបត្ថម្ភ​កន្លះ​លាន​នាក់​ប្រឈម​នឹង​ការ​ស្លាប់​។ គ្រោះ​រាំងស្ងួត​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​ចិញ្ចឹម​សត្វ និង​កសិករ​មានការ​ភ្ញាក់ផ្អើល​ខ្លាំងដោយសារ​រដូវភ្លៀង​ធ្លាក់​ពុំ​មាន​ភ្លៀង​ដែល​បាន​ចាប់ផ្តើម​តាំងពី ២​ឆ្នាំមុន​។​មនុស្ស​ជាង​ ១​លាន​នាក់​បាន​ចាក​ចេញពី​លំនៅឋាន​របស់​ពួកគេ​ ដើម្បី​ស្វែងរក​វាលស្មៅ​បៃតង​។ ប៉ុន្តែ​អ្នក​ភៀសខ្លួន​ទាំងនេះ​កំពុង​ប្រឈម​ភាព​អត់ឃ្លាន​កាន់​តែ​ខ្លាំង​ឡើង ខណៈ​ស្ថានភាព​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ​ដោយ​កង្វះ​ជំនួយ វត្តមាន​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម និង​ផល​ប៉ះពាល់​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​។ ​ប្រជាជន​និយាយ​ថា យើង​កំពុង​អំពាវ​នាវ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ផ្តល់​ទីជម្រក អាហារ​ និង​ទឹក​សម្រាប់​បរិភោគ​។ ស្ត្រី​ម្នាក់​និយាយ​ថា តម្លៃ​ប្រេងឆា និង​សម្ភារៈ​ផ្សេងៗ​បាន​ឡើង​ថ្លៃ​ទ្វេដង ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ប្រជាជន​ភៀសខ្លួន​ដើម្បី​ទទួល​បាន​អាហារ និង​ប័ណ្ណ​ដែល​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​ផ្តល់ជំនួយ៕​អត្ថបទ៖ ប៊ុនថន

ក្រុម​សង្គ្រោះ​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​រដ្ឋ Florida ស្វែងរក​អ្នក​នៅ​រស់​បន្ទាប់ពី​ព្យុះ Ian

2022/10/05 02:23:19 pm        815
អាមេរិក៖ ក្រុម​សង្គ្រោះ​បាន​ធ្វើដំណើរ​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយ​នៅ​ទីក្រុង​ឆ្នេរសមុទ្រ Fort Myers Beach រដ្ឋ Florida ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​ បន្ទាប់ពី​ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ១១០​នាក់​ស្លាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​រដ្ឋ​ Florida និង ៤​នាក់​នៅ​រដ្ឋ North Carolina។ ​ក្រុម​ជួយសង្គ្រោះ​បាន​នឹង​កំពុង​រុករក​ក្នុង​បំណែក​ថ្ម​បាក់បែក ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត បន្ទាប់ពី​ព្យុះ Ian នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ Fort Myers Beach​។​ ​ក្រុម​សង្គ្រោះ​និយាយ​ថា យើង​កំពុង​ធ្វើ​ការ​ដើម្បី​ជួយ​ប្រជាជន​ដែល​បាន​ជ្រើស​រើស​ទីជម្រក​នៅ​នឹង​កន្លែង ហើយ​ព្យាយាម​តស៊ូ​ជាមួយ​ស្ថាន​ភាព​គ្មាន​ទឹក និង​អគ្គិសនី​ប្រើប្រាស់​។ ព្យុះ​ដ៏​មាន​ឥទ្ធិពល Ian បាន​ធ្វើ​ដំណើរ​ចេញពី​រដ្ឋ Florida ប៉ុន្តែ​ប្រជាជន និង​បុគ្គលិក​សង្គ្រោះ​បន្ទាន់​កំពុង​វាយតម្លៃ​ពី​ការខូចខាត និង​ស្វែងរក​អ្នក​ដែល​នៅតែ​ជាប់​នៅ​ខាងក្នុង​លំនៅឋាន​ដែល​លិច​ទឹក ឬ​ត្រូវ​បាន​បំផ្លាញ​។ចំនួន​អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​បាន​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ទាំង​ដោយសារតែ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ការ​បោសសម្អាត និង​ខណៈ​កំពុង​ស្វែងរក ​និង​ជួយ​សង្គ្រោះ​។ ក្រុម​មន្ត្រី​បាន​និយាយ​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ មនុស្ស​ជាង ២,៣៥០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ទូទាំង​រដ្ឋ​។ នៅ​ភាគ​និរតី​នៃ​រដ្ឋ ​Florida រូបភាព​ពីលើ​អាកាស​បាន​បង្ហាញ​ពី​ទំហំ​នៃ​ការ​បំផ្លិចបំផ្លាញ​ដែល​បន្សល់ទុក​ដោយ​ព្យុះ Ian៕អត្ថបទ៖ ប៊ុនថន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

2022/10/05 01:43:39 pm        1015
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៌ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅក្នុងប្រទេសអូស្ត្រាលី។ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃកិច្ចសហការរវាងអង្គភាពចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានេះដែរ លោកឧត្តមសនីយ៍ ក៏បានលើកឡើងអំពីគោលគំនិតក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ROMEO S BRAWNER JUNIOR បានឯកភាពចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់ការគាំទ្រចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកងទ័ពទាំងពីរបន្ថែមទៀតនៅពេលអនាគត។ក្រៅពីនេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានចែករំលែកអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាអាទិ៍ ការដាក់ចេញនូវវិធានការផ្សេងៗ និងការចូលរួមរបស់កងទ័ពក្នុងយុទ្ធនាការចាក់វ៉ាក់សាំង៕

រុស្ស៊ី​និយាយថា ​ទាហាន​បម្រុង ២​សែន​នាក់​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/10/05 12:11:12 pm        727
​រុស្ស៊ី៖ ប្រមុខ​ការពារជាតិ​រុស្ស៊ី​និយាយថា យោធា​បានជ្រើសរើស​ទាហាន​បម្រុង​ជាង ២​សែន​នាក់ ដែលជា​ផ្នែក​មួយ​នៃ​ការ​កេណ្ឌ​ទ័ព​មួយផ្នែក​ដែល​បានចាប់ផ្តើម​កាលពី ២​សប្តាហ៍​មុន​។​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយថា ទាហាន​ដែល​បានជ្រើសរើស​កំពុង​ទទួល​ការហ្វឹកហ្វឺន​ នៅ​តំបន់​ហ្វឹកហាត់​បាញ់កាំភ្លើង​ចំនួន ​៨០​កន្លែង មុនពេល​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​បញ្ជា​ឱ្យមាន​ការ​កេណ្ឌ​ទ័ព​កាលពី​ថ្ងៃទី២១ ខែកញ្ញា ក្នុង​គោលបំណង​ពង្រឹង​កងកម្លាំង​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។​ ​លោក Shoigu ធ្លាប់បាន​និយាយថា ទាហាន​បម្រុង​រហូតដល់ ៣​សែន​នាក់​នឹង​ត្រូវ​កេណ្ឌ​ឲ្យ​មក​បម្រើ​សេវា ប៉ុន្តែ​បទបញ្ជា​របស់លោក Putin បាន​បើកទ្វារ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ជ្រើសរើស​កងទ័ព​កាន់តែច្រើន ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​មួយចំនួន​បាន​ប៉ាន់ប្រមាណ​ថា យោធា​ពិតជា​មានបំណង​កេណ្ឌ​ទាហាន​បម្រុង​ចំនួន ១លាន​នាក់ ឬ​ច្រើនជាង​នេះ៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ថ្កោល​ទោស​កូរ៉េខាងជើង​ក្រោយប្រទេស​នេះ​បាញ់​មីស៊ីល​ឆ្លងកាត់​ប្រទេស​ជប៉ុន

2022/10/05 12:01:50 pm        715
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែងការសោកស្តាយ និងធ្វើការថ្កោល​ទោស​ចំពោះ​ការបាញ់​​មីស៊ីល​ពី​សំណាក់​ប្រទេស​កូរ៉េខាង​ជើងឆ្លងកាត់​ប្រទេសជប៉ុនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល ដែលបានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជា​មួយ​ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ​អង្គារទី០៤ ខែតុលា ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លង​កាត់​ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិប-តេយ្យកូរ៉េ ។តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជា​ការ​បំពាន​មួយ​ទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជា​យល់​អំពី​ហេតុផលប្រវត្តិសាស្រ្តយល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញ​នៃ​បញ្ហា ប៉ុន្តែ​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​បាន​មាន​ប្រសាសន៍ថា​ កម្ពុជា​មិន​យល់​ស្រប​ចំពោះ​ការ​ចូល​លុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យ​មួយ​នោះ​ទេ​។​ សម្តេច​តេជោ​បាន​សង្កត់ធ្ងន់ទៀតថា« កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរព​អធិបតេយ្យ​បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប រវាង​សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីគុយបា ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធ​នឹង​បញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ(កម្ពុជា-គុយបា​) ចំណងមិត្តភាព និងសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិជាដើម៕ អត្ថបទ៖ បាន ចក់

កូរ៉េខាងត្បូង និងអាមេរិក​ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​តវ៉ា​ទៅ​នឹង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

2022/10/05 11:50:39 am        719
​កូរ៉េខាងត្បូង៖ យោធា​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​បាញ់​មី​ស៊ី​ល​ពី​ផ្ទៃដី​ទៅ​ផ្ទៃដី ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ម៉ោង​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បង្ក​ហេតុ​ដោយ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចុងក្រោយ​បំផុត ​របស់​ប្រទេស​កូរ៉េខាងជើង​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា យោធា​បាន​បាញ់​ប្រព័ន្ធ​មី​ស៊ី​ល​នៃ​យុទ្ធវិធី​កងទ័ព (ATACMS) សរុប​ចំនួន ៤​គ្រាប់​ចូល​ទៅ​កាន់​សមុទ្រ​ខាងកើត​។ យោធា​និយាយ​ថា សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​គឺ​មាន​គោលបំណង ​បង្ហាញ​ពី​សមត្ថភាព​វាយប្រហារ​ស៊ី​ប​គោលដៅ​ប្រឆាំង​កូរ៉េខាងជើង​។​ កូរ៉េខាងជើង​បាន​សាកល្បង​សព្វាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​ខ្លួន​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​អង្គារ ជា​មី​ស៊ី​ល​បាលី​ស្ទីក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរដែល​បាន​ហោះ​លើ​ប្រទេស​ជប៉ុន ហើយ​អាច​ទៅដល់​ដែនដី​កោះ​ហ្គាំ​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក និង​ហួស​ពី​នេះ ដោយ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ចេញ​ការប្រកាស​ជូនដំណឹង​អំពី​ការ​ជម្លៀស និង​ផ្អាក​សេវា​រថភ្លើង​។​​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គឺជា​ការ​បង្ហាញ​អាវុធ​បង្ក​ហេតុ​បំផុត​របស់​ខ្លួន​នៅ​ឆ្នាំនេះ ខណៈ​ប្រទេស​នេះ​ជំរុញ​ឱ្យ​បង្កើត​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ ​មាន​សមត្ថភាព​អាច​គំរាម​ដល់​ដីគោក​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ ​ជាមួយ​គ្នា​នេះ​កង​កម្លាំង​ទ័ពអាកាស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​សម​យុទ្ធ​ដែនអាកាស​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចុងក្រោយ​បំផុត​ របស់​កូរ៉េខាងជើង​។​ ​នាយសេនាធិការ​ចម្រុះ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង F-15K ចំនួន​ ៤​គ្រឿង​របស់​កូរ៉េខាងត្បូង និង​យន្តហោះ F-16 ចំនួន​ ៤​គ្រឿង​របស់​សហរដ្ឋអាមេរិក​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​នេះ​។ នៅ​ក្នុង​សម​យុទ្ធ​ទម្លាក់​គ្រាប់បែក យន្តហោះ​ចម្បាំង F-15K បាន​ទម្លាក់​គ្រាប់បែក JDAM ចំនួន​ ២​គ្រាប់​នៅ​លើ​គោលដៅ​មួយ​នៅ​លើ​កោះ Jikdo ដែល​គ្មាន​មនុស្ស​រស់នៅ​នៅ​សមុទ្រ​ភាគ​ខាងលិច៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​បាត់បង់​ដែនដី​កាន់តែច្រើន​នៅ​អ៊ុយ​ក្រែ​ន ​ក្រោយ​ការដណ្ដើម​បាន ខណៈ​ព្យាយាម​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​

2022/10/05 11:28:25 am        686
​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយថា យោធា​របស់​ប្រទេស​លោកបាន​វាយ​រុលទៅមុខ​យ៉ាង​ឆាប់រហ័សប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី និង​បាន​រំដោះ​ទីប្រជុំជន​រាប់សិប​កន្លែងក្នុង​ភាគខាងត្បូង និង​ខាងកើតកាលពី​សប្ដាហ៍​មុន​។ ​ខណៈ​លោក​ប្រធានាធិបតី Vladimir Putin បាន​បាត់បង់​ដែនដី​កាន់តែច្រើន ដែល​លោក​កំពុង​ព្យាយាម​ដាក់បញ្ចូល​ក្នុង​ឧបសម្ព័ន្ធ រដ្ឋាភិបាល​របស់លោក​កាលពី​ថ្ងៃ​អង្គារ​បាន​ព្យាយាម​ បញ្ចប់​ការប្រកាស​របស់ខ្លួន​ស​ម្រា​ប់​តំបន់​៤ ​របស់​អ៊ុយ​ក្រែ​ន ដោយ​បច្ចុប្បន្ននេះពុំមាន​តំបន់​ណាមួយ​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង ​ដោយ​ទាហាន​រុស្ស៊ី​ទៀត​ទេ​។ ​សភា​ជាន់ខ្ពស់​នៃ​អង្គ​និតិបញ្ញត្តិ​របស់​រុស្ស៊ីដែល​ជា​ក្រុមប្រឹក្សា​សហព័ន្ធ កាលពី​ថ្ងៃ​អង្គារបាន​អនុម័ត​សេចក្ដី​សម្រេច​ក្នុង​ការ​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ ​នៃ​ដែនដី​របស់​អ៊ុយ​ក្រែ​នមានតំបន់ Donetsk Kherson Luhansk និង Zaporizhzhia ដែល​ជា​ការ​ផ្គើន​ទៅនឹង​ច្បាប់​អន្តរជាតិ និង​មាន​ឡើង​មួយថ្ងៃ​បន្ទាប់ពី​សភា​ជាន់​ទាប​បាន​អនុម័ត​ដូច​គ្នា​នេះ។ ទោះ​យ៉ាង​ណា​ក៏ដោយ​យោធា​ទីក្រុង Kyiv នៅតែ​បន្ត​វាយ​រុល​ទៅ​មុខ ចូល​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ពេលនេះ​រុស្ស៊ី​អះ​អាង​ថា ​ជា​ដែនដី​របស់ខ្លួន៕អត្ថបទ៖ សុខមាន

ប៉ា​គី​ស្ថាន​អស់​ថវិកា​សម្រាប់​ស្រោចស្រង់​ប្រទេស​ក្រោយ​ទឹកជំនន់ ខណៈ UN ស្នើ​ជំនួយ​បន្ថែម​

2022/10/05 10:53:57 am        514
​ប៉ា​គី​ស្ថាន៖ រដ្ឋមន្ត្រី​ទទួលបន្ទុក​បម្រែបម្រួល​អាកាសធាតុរបស់​ប្រទេស​ប៉ា​គី​ស្ថាន បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​នេះ​អស់​ថវិកា​សម្រាប់​ចំណាយ​លើ​ការ​ស្រោចស្រង់​ប្រទេស​ឡើងវិញ​ ពី​ទឹកជំនន់​ដ៏​មហន្តរាយ​នា​ពេល​ថ្មីៗ​នេះ ដោយ​ជំរុញ​ឲ្យ​មាន​ជំនួយ​អន្តរជាតិ​បន្ទាន់​នៅ​អង្គការ​សហប្រជាជាតិ ខណៈ​មូលនិធិ​ចាំបាច់​របស់​ប្រទេស​នេះ​ត្រូវ​បាន​បង្កើន​ដល់​ចំនួន ​៥​ដង​។ ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មានការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​បន្ថែម​ សម្រាប់​ការ​ចំណាយ​លើស​ ៥​ដង​របស់​របស់​ប៉ា​គី​ស្ថាន​រហូតដល់ ៨១៦​លាន​ដុល្លារ​អាមេរិក ពី​កញ្ចប់​ថវិកា​ដែល​ធ្លាប់​ចំណាយ​ត្រឹមតែ​ ១៦០​លាន​ដុល្លារ​អាមេរិក ខណៈ​ជំងឺ​កើត​ចេញ​ពី​ទឹក និង​ក្ដី​បារម្ភ​ពី​ភាព​អត់​ឃ្លាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ថ្មី​ទៀត បន្ទាប់ពី​ទឹកជំនន់​ដ៏​មហន្តរាយ​មិន​ធ្លាប់​មាន​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ​ បណ្ដាលមកពី​បម្រែបម្រួល​អាកាសធាតុ​។ ​មនុស្ស​ជាង​ ៧​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន​។​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​លោក Ayaz Sadiq បាន​ប្រាប់​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​ថា ប្រទេស​នេះ​នឹង​ត្រូវ​ការ​ពេល​ជាច្រើន​ឆ្នាំ​ទៀត​ដើម្បី​ស្ថាបនា​ឡើងវិញ និង​ជួយ​ស្ដារ​កាយ​នីតិសម្បទា​ដល់​មនុស្ស​រាប់​លាន​នាក់ ដែល​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​ទឹកជំនន់​។ ទឹក​ជំនន់​បណ្ដាលមកពី​ភ្លៀង​មូសុង​ខុស​ពី​ធម្មតា និង​ការ​រលាយ​ដុំ​ទឹកកក ​បាន​ជន់​លិច​ផ្ទៃដី​ដ៏​ធំ​របស់​ប្រទេស​ស្ថិតនៅ​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ និង​បាន​សម្លាប់​មនុស្ស​ជិត ១,៧០០​នាក់​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM
ក្រសួងបរិស្ថានសម្រេចជ្រើសរើសសហគមន៍តំបន់ការពារធម្មជាតិ នៅខេត្តពោធិ៍សាត់ ធ្វើជាគំរូដំបូងគេដាំស្មៅយក្ស
06/20/2026 10:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យ៤ទីតាំង​​ ក្នុងក្រុងប៉ោយប៉ែតរកឃើញជនបរទេស​ស្នាក់នៅ​ជាង១០០នាក់ ដែលកំពុងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
06/20/2026 08:06 AM
ជនជាតិវៀតណាមចំនួន ៩៨នាក់ ព័ន្ធករណីOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 08:06 AM
ភ្ញៀវអន្តរជាតិជាង ១០០ប្រទេស លៀងសាយភោជន៍នៅព្រះលានជល់ដំរី ក្នុងថ្ងៃបិទបញ្ចប់មហាសន្និបាតកាយឫទ្ធិនារីពិភពលោក
06/20/2026 07:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា”
06/20/2026 07:06 AM
គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM