លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

ព័ត៌មានសំខាន់ៗ

ពិភពលោក​មាន​ប្រតិកម្ម​ចំពោះ​ផែន​ការកែ​ណ្ឌ​កម្លាំង​មួយផ្នែក​របស់លោក ​Putin សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន

2022/09/22 10:41:50 am        710
​ពិភពលោក៖ លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានប្រកាស​កែ​ណ្ឌ​យោធា​មួយផ្នែកនៅក្នុង​ប្រទេស​រុស្ស៊ី រយៈពេល​ ៧​ខែ​នៃ​សង្គ្រាម​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយនិយាយ​ថា​វា​មិនមែន​ជាការ​គំរាម​ទេ​។​ ​នៅ​ក្នុង​សន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ លោក Putin បាន​និយាយ​ថា លោក​កំពុង​ការពារ​ដែនដី​ទាំងឡាយ​របស់​រុស្ស៊ី ហើយ​ថា លោក​ខាង​លិច​ចង់​កម្ទេច​ប្រទេស​នេះ​ចោល។ លោ​ក​ថា ​រុស្ស៊ី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​អាច​ធ្វើ​បាន ​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។ លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ថា ក្រឹត្យ​របស់​លោក Putin នឹង​មើល​ឃើញ​ការ​បន្ថែម​កង​ទ័ព​ចំនួន ៣សែន​នាក់​ទៀត ដែល​អំពាវនាវ​ឲ្យ​ចូល​បម្រើ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា លោក​មិន​ជឿ​ថា ពិភពលោក​នឹង​បណ្ដោយ​ឲ្យ​លោក Vladimir Putin ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ និង​បាន​ប្ដេជ្ញា​បង្កើន​ការ​វាយ​លុក​រំដោះ​យក​ដែនដី​របស់​អ៊ុយ​ក្រែ​ន​មកវិញ ដែល​ត្រូវ​បាន​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​យក​ទៅ។ ប្រមុខ​សម្ព័ន្ធ​ណា​តូ​លោក Jens Stoltenberg បាន​និយាយ​ថា ការ​កែ​ណ្ឌ​កម្លាំង​យោធា​របស់​លោក Putin គឺ​វោហារសាស្ត្រ​នុយក្លេអ៊ែរ​ដ៏​គ្រោះថ្នាក់ និង​ខ្វះ​ការ​ពិចារណា​។​ចំណែក​មន្ត្រី​ក្រសួង​បរទេស​របស់​ចក្រភព​អង់គ្លេស​លោកស្រី Gillian Keegan បាន​និយាយ​ថា សុន្ទរកថា​របស់​លោក Putin គឺជា​ការ​បង្កើន​ក្ដី​បារម្ភ​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​ការ​គំរាម​របស់​លោក​មិនមែន​លេងសើច​នោះ​ទេ។ ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​កំពុង​ចាត់​ទុក​ការ​គំរាម​បើកចំហ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​លោក​ប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺជា​ការ​ព្យាយាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​យ៉ាង​ពិត​ប្រាកដ​។ រីឯ​អនុ​អធិការបតី​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​ថា នេះ​ជា​រឿង​អាក្រក់ និង​ការ​ដើរ​ខុសផ្លូវ​មួយ​ទៀត​ពី​រុស្ស៊ី ដែល​យើង​នឹង​ត្រូវ​ពិភាក្សា ​និង​ពិគ្រោះ​យោបល់​ផ្ដោត​ផ្លូវ​នយោបាយ​ថា ​តើ​ត្រូវ​ឆ្លើយតប​ដោយ​របៀប​ណា​៕អត្ថបទ៖ សុខមាន

មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ផែន​ការកែណ្ឌ​កម្លាំង​មួយផ្នែក​របស់លោក ​Putin សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

2022/09/22 10:18:47 am        488
​រុស្ស៊ី៖ នគរបាល​រុស្ស៊ី​ត្រូវ​គេ​រាយការណ៍​ថា ​បាន​ចាប់ខ្លួន​មនុស្ស​រាប់​រយ​នាក់​ដែល​កំពុង​ប្រមូល​ផ្ដុំគ្នា ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​វិមាន​ក្រឹម​ឡាំង ក្នុង​ការ​អំពាវនាវ​បន្ថែម​កងកម្លាំង​កងទ័ព​រាប់​ពាន់​នាក់​បន្ថែម​ទៀត ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន។ ​ក្រុម​សិទ្ធិមនុស្ស​រុស្ស៊ី OVD-Info បានកំណត់​ចំនួន​សរុប​ជាង ១ពាន់​នាក់។​ ចំនួន​អ្នក​តវ៉ា​ច្រើន​បំផុត​ដែល​ត្រូវ​បាន​ចាប់ខ្លួន​គឺ​នៅក្នុង​ទីក្រុង St Petersburg និង Moscow​។ មនុស្ស​រាប់សិប​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង Irkutsk និង​ទីក្រុង​ផ្សេងទៀត​ក្នុង​ដែនដី​ស៊ី​បេ​រី និង​ទីក្រុង​ធំ​បំផុត​ទី​៤ ​របស់​រុស្ស៊ី Yekaterinburg។ សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​បាន​លក់​អស់យ៉ាង​ឆាប់រហ័ស ក្រោយ​សេចក្ដីប្រកាស​របស់​លោក​ប្រធានាធិបតី Vladimir Putin​។ ​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជា​ឲ្យ​មាន​ការ​កែ​ណ្ឌ​កម្លាំង​មួយ​ផ្នែក មានន័យថា ទាហាន​បម្រុង​ចំនួន ៣សែន​នាក់​ដែល​ពុំ​មែន​ជា​ទាហាន​កែ​ណ្ឌនឹងត្រូវ​ពង្រាង​ដើម្បី​បង្កើន​កងកម្លាំង​របស់​រុស្ស៊ី ដែល​បាន​ទ្រុឌទ្រោម​ក្នុង​ការ​ដកថយ​នៅ​សមរភូមិ​នានា​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​វិធានការ​នេះមាន​ឡើង​មួយថ្ងៃ​ក្រោយ​តំបន់​មួយចំនួន​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​គ្រប់គ្រង​បាន​ប្រកាស​ផែនការ​បោះឆ្នោត​ប្រជាមតិ​ចូល​ជាមួយ​រុស្ស៊ី​។ ​ហើយ​នៅ​ក្នុង​សុន្ទរកថា​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន លោក Putin បាន​សង្កត់​ធ្ងន់​ថា លោក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន​ទាំងអស់ ដើម្បី​ការពារ​ដែនដី​របស់​រុស្ស៊ី ដោយ​លោក​បាន​បង្ហើប​ថា ​អាច​នឹង​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកហើយ

2022/09/22 06:30:52 am        278
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ទៅ​ដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយ​សុវត្ថិភាព​កាល​ពី​វេលា​ម៉ោង​១៨​និង​៦​នាទី​យប់ ថ្ងៃទី២១កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវនិងម៉ោង ៥ព្រឹក​និ​ង​៦​នាទី​ ថ្ងៃទី២២កញ្ញា ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Westchester County ទីក្រុងញូវយ៉ក ក្រោមវត្តមាន​នៃ​ការ​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុត ពីតំណាងឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជា ឥស្សរជនការទូត នៃស្ថាន​តំណាង​អចិន្រៃ្តយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាច្រើនរូប។ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍ អង្គការ សហ​ប្រជាជាតិ ឯកឧត្តម Antonio Guterres អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោកជំទាវ Sheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស ឯកឧត្តម Jose Ramos Horta ប្រធានាធិបតី​ទីម័រ​ខាង​កើត និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈទៅកាន់កិច្ចពិភាក្សាទូទៅ នៃមហា​សន្និបាត​អង្គ​ការ​សហប្រជាជាតិ លើកទី៧៧ នៅវេលាថ្ងៃត្រង់ថ្ងៃទី២៣កញ្ញា ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក ក្រោបប្រធានបទ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី ៧៧ របស់យើង “ចំណុច​របត់សំខាន់នៃការផ្លាស់ប្ដូរមិនឤចត្រឡប់ក្រោយបាន ៖ ដំណោះស្រាយ​បរិវត្ត​កម្ម​ចំពោះ​បញ្ហា​ប្រឈមប្រទាក់ក្រឡាគ្នា ”។ នៅសណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាន​នៃ​ការអញ្ជើញដល់របស់សម្តេចតេជោ ត្រូវបានការ​ធ្វើ​គារវកិ​ច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់​ទាក់​បំផុត ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាមេរិកប្រមាណ ១០០នាក់។ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានប្រសាសន៍ជំរាបជូនសម្តេចថា បើទោះបីដឹងថាសម្តេចមិនមានគំរោងជួបសំណេះសំ ណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក និងកាណាដាក្តី ក៏ពួគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ ដើម្បីសំដែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុត ជូនចំពោះសម្តេច ពិសេសចង់ជួប និង​ឃើញ​ដោយ​ផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិតប្រាកដរឺយ៉ាងណា។ សម្តេចតេជោបានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ ដែលបាន​ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋទាំងអស សម្តេចមានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់រឺយ៉ាងណា។ មុនពេល​មកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់​សរសៃ​ឈាម មិនបានទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។ សម្តេចបន្តថា តើនេះ​ជា​សម្តេច​ពិត​រឺ​យ៉ាង​ណា? សម្តេចតេជោបានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកជួបសម្តេចនាពេលនេះ និងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕

តារាភាពយន្ត Angelina Jolie នឹង​ទៅកាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​

2022/09/21 03:21:23 pm        620
​​ប៉ា​គី​ស្ថាន​៖ គណៈកម្មាធិការ​សង្គ្រោះ​អន្តរជាតិ​បាន​ប្រកាស​ថា តារាភាពយន្ត​ហូលីវូដ និង​ជា​សកម្មជន នាង Angelina Jolie នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ជួយ​ទាក់ទាញ​ចំណាប់​អន្តរជាតិ ​ចំពោះ​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​ញាំញី​នៅ​ក្នុង​ប្រទេស​នេះ​។ ​​មនុស្ស​ជាង​ ១,៥០០​នាក់​បាន​បាត់​បង់ជីវិត​រួច​ទៅ​ហើយ ហើយ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា ​ប្រជាជន​ចំនួន ៣៣​លាននាក់​រង​ផល​ប៉ះពាល់​ដោយ​ភ្លៀង​មូសុង​ក្នុង​កំណត់ត្រា ​ដែល​បាន​ជន់​លិច​មួយ​ភាគ​បី​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ទាំងមូល ​ខណៈ​បង្កើន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​បណ្តាល​មក​ពី​ទឹក​កខ្វក់​ ដូចជា​ជំងឺ​អាសន្នរោគ និង​ជំងឺគ្រុនឈាម​។​​អង្គការ UNICEF និយាយ​ថា កុមារ​ប្រមាណ ៣.៤​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត និង​ជំនួយ​បន្ទាន់ ​ខណៈ​ប្រហែល ៧០% នៃ​ដំណាំ​ចម្បង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ត្រូវ​បាន​បំផ្លាញ ហើយ​អ្នកជំងឺ​ប្រចាំថ្ងៃ​រាប់​ពាន់​នាក់​ត្រូវ​បាន​កត់ត្រា ដោយ​ការ​ចំណាយ​សរុប​នៃ​ការ​ស្តារ​ឡើង​វិញ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ មាន​ចំនួន​ ៣០​ពាន់​លាន​ដុល្លារ​៕អត្ថបទ៖ ប៊ុនថន

រុស្ស៊ី​រក​ឃើញ​ការ​បាញ់​ផ្លោង​នៅ​រោងចក្រ​ Zaporizhzhia ខណៈ​ក្រុម​ផ្តាច់ខ្លួន​អ៊ុយ​ក្រែ​ន​មាន​ផែនការ​បោះឆ្នោត​ចូល​ជាមួយ​រុស្ស៊ី​

2022/09/21 02:53:38 pm        711
​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​បាន​អះអាងថា កងកម្លាំង​របស់ខ្លួន​បាន​រកឃើញ​ការបាញ់​ផ្លោង​ចំនួន​ ៥គ្រាប់​នៅ​រោងចក្រ​ថាមពល​កម្ដៅ​មាន​ទីតាំងនៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ជា​រោងចក្រ​ធំ​បំផុត​របស់​អឺរ៉ុប​។ ថ្លែង​នៅ​ទីក្រុង​មូ​ស្គូ អ្នកនាំពាក្យ​លោក Igor Konashenkov បាន​និយាយថា អង្គភាព​កាំភ្លើង​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន ដែល​បាន​បាញ់​ផ្លោង​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ត្រូវបាន​ទប់ទល់​ដោយ​ការបាញ់​តបត​វិញ​។ លោក​បាន​អះអាងថា កម្រិត​វិទ្យុសកម្ម​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅ​ធម្មតា​ ហើយ​លោកបាន​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា ​បាន​បាញ់​ផ្លោង​ចំនួន ២៤គ្រាប់​ទៅលើ​ទីក្រុង Nikopol ក្នុង​រយៈពេល ២៤ម៉ោង​កន្លងទៅនេះ​។​ ​ជាមួយគ្នានេះតំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ភាគខាងត្បូង​អ៊ុយ​ក្រែ​នបានប្រកាស​ផែនការកាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ចាប់ផ្តើម​ការបោះឆ្នោត​នៅ​សប្តាហ៍​នេះ​ដើម្បី​ក្លាយជា​ផ្នែក​របស់​ប្រទេស​រុស្ស៊ី​។មន្ត្រី​ដែលតែង​តាំង​ដោយ​ទីក្រុង​មូ​ស្គូ​នៅ​តំបន់ Donetsk, Luhansk, Kherson និង​តំបន់ Zaporizhzhia ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ដោយ​ផ្នែកបាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ​នឹងធ្វើ​ឡើង​ចាប់​ពីថ្ងៃ​សុក្រ​។ ការបោះឆ្នោត​នៅក្នុង​ដែនដី​ដែល​រុស្ស៊ី​គ្រប់គ្រង​រួចហើយ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភាពប្រាកដប្រជា​ក្នុងការ​ចូលរួម​ជាមួយ​ទីក្រុង​មូ​ស្គូ ប៉ុន្តែ​ទំនងជា​មិនត្រូវបានទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច ​ដែល​គាំទ្រ​អ៊ុយ​ក្រែ​ន​ដោយ​យោធា និង​ការគាំទ្រ​ផ្សេងទៀត​នោះទេ​។​ ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីលោក Sergey Lavrov បាន​និយាយថា លោក​ជឿថា ប្រជាជន​នៃ​ដែនដី​ដែល​ពាក់ព័ន្ធ គួរតែ​សម្រេចចិត្ត​ចំពោះ​ជោគវាសនា​របស់​ពួកគេ​។ ទីក្រុង ​Luhansk និង Donetsk រួមគ្នា​បង្កើតបានជា​តំបន់ Donbas ដែល​ត្រូវ​ដណ្តើមបាន​ដោយ​ការប្រយុទ្ធ​ផ្តាច់ខ្លួន​តាំងពី​ឆ្នាំ២០១៤៕អត្ថបទ៖ ប៊ុនថន

អ៊ុយ​ក្រែ​ន និង​លោកខាងលិច​ទាត់ចោល​ផែន​ការធ្វើប្រជាមតិ​របស់​រុស្ស៊ីសម្រាប់​តំបន់​ដែល​ខ្លួន​គ្រប់គ្រង

2022/09/21 02:34:17 pm        524
​អ៊ុយក្រែន៖ បណ្ដា​មេដឹកនាំ​លោកខាងលិចបាន​ទាត់ចោល​ផែនការ​ ធ្វើឡើង​ដោយ​ក្រុម​អាជ្ញាធរ​រុស្ស៊ីក្នុង​ដែនដីរបស់​អ៊ុយ​ក្រែ​នគ្រប់គ្រង​ដោយ​រុស្ស៊ី ក្នុង​ការធ្វើប្រជាមតិក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ភ្ជាប់​ដែនដី​ទាំងនោះ​ទៅជា​មួយរុស្ស៊ី​។ ​​ប្រទេស​អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការធ្វើប្រជាមតិ​បែបនេះ​នឹង​ក្លាយជា​ភាព​អាម៉ាស់​ខុសច្បាប់ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួកគេ​ និង​ប្រទេស​ជាច្រើន​ទៀតនឹងមិន​ទទួលស្គាល់​លទ្ធផល​នេះ​ទេ​។​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​និយាយថា ទីក្រុង​វ៉ាស៊ីនតោនបាន​ទាត់ចោល​នូវ​ការធ្វើប្រជាមតិ​ណាមួយ​យ៉ាង​ដាច់ខាត ខណៈដែល​អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz និង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ដែល​លោក​ទាំង​២ ​បាន​ប្រើពាក្យ​ថា អាម៉ាស់ ដើម្បី​ពិពណ៌នា​ពី​ការធ្វើប្រជាមតិ ដែល​ក្រុម​ផ្ដាច់ខ្លួន​គាំទ្រ​ដោយ​ទីក្រុង Moscow និយាយថា នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ​ខែកញ្ញា​សប្ដាហ៍​នេះនៅក្នុង​ដែនដី​ចំនួន​៤ ត្រូវបាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។​​ប្រតិកម្ម​ទៅនឹង​ការ​ប្រកាសថា សាធារណរដ្ឋ​ប្រជាមានិត Lugansk និង Donetsk នឹងធ្វើ​ប្រជាមតិ​ចូលរួម​ជាមួយ​រុស្ស៊ី​នៅ​សប្ដាហ៍​នេះ អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg កាលពី​ថ្ងៃ​អង្គារបាន​ហៅ​ផែនការ​ទាំងនោះ​ថា​មិន​ស្របច្បាប់ និង​ទាមទារ​ឲ្យ​មានការ​គាំទ្រ​អ៊ុយ​ក្រែ​ន​កាន់​តែច្រើន​ទៀត​ពី​សហគមន៍​អន្តរជាតិ​។ ទីភ្នាក់ងារសារព័ត៌មាន​នានា​របស់​រុស្ស៊ីបាន​រាយការណ៍​កាលពី​ថ្ងៃទី​២០ ​ខែកញ្ញា​ថា ក្រុម​ប្រឹក្សា​សាធារណៈ​ក្នុង​តំបន់ Kherson របស់​អ៊ុយ​ក្រែ​ន ជា​ផ្នែក​ដ៏​ធំ​នៃ​ដែនដី​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​យោធា​ក្រុង Moscow ចាប់តាំងពី​ខែ​មិនា​មក បាន​ជំរុញ​ឲ្យ​ក្រុម​អាជ្ញាធរ​លើក​បន្តុប​ដោយ​រុស្ស៊ី រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ភ្លាមៗ​លើ​តំបន់​នេះ ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធ​រុស្ស៊ី៕អត្ថបទ៖ សុខមាន

លោក Zelensky នឹង​អំពាវនាវ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​សុំ​អាវុធ និង​ជំនួយ​ឲ្យ​បាន​កាន់តែ​ឆាប់​

2022/09/21 12:22:29 pm        522
​អ៊ុយក្រែន៖ លោកប្រធានាធិបតី Vladimir Zelensky បាន​ជំរុញ​កងកម្លាំង​របស់​លោក​ឱ្យ​រុលទៅមុខ​ឲ្យ​កាន់​តែ​លឿន ដើម្បី​ស្តារ​ឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​រុស្ស៊ី​ចូលកាន់​កាប់ នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ខណៈ​ដែល​លោក​និយាយ​ថា នឹង​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដើម្បី​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​សម្រាប់​ការ​ផ្តល់​អាវុធ និង​ជំនួយ​ឲ្យ​បាន​កាន់តែ​លឿន​។​ ​មេបញ្ជាការ​យោធា​ទីក្រុង Lugansk លោក Sergey Gaidai បាន​និយាយ​តាម​បណ្តាញ Telegram ថា​នឹង​មាន​ការប្រយុទ្ធ​គ្នា​គ្រប់​សង់ទីម៉ែត្រ​ទាំងអស់​។ សត្រូវ​កំពុង​ត្រៀម​ការពារ ដូច្នេះ​យើង​នឹង​មិន​អាច​ដើរ​ចូល​ដោយ​ងាយ​ស្រួល​នោះ​ទេ​។​ ​សាធារណរដ្ឋ​ប្រជាមានិត Donetsk និង Lugansk បាន​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោត​ប្រជាមតិ​ជុំវិញ​ការ​ក្លាយទៅជា​សហព័ន្ធ​រុស្ស៊ី ដោយ​ទីក្រុង​គី​វ​បាន​អះ​អាង​ថា កង​ទ័ព​របស់​ខ្លួន​ដណ្តើម​យក​បាន​មកវិញ​នូវ​មូលដ្ឋាន​ដ៏​សំខាន់​នៅ​ក្នុង​តំបន់ Donbas និង​នៅ​ភាគ​ខាង​ត្បូង៕អត្ថបទ៖ ប៊ុនថន

ពីថ្ងៃទី២១-៣០ ខែកញ្ញា ប្រេងសាំងតម្លៃ ៤.៣៥០រៀល/លីត្រ (ចុះ ៥០រៀល) និងប្រេងម៉ាស៊ូតម្លៃ ៤.៨៥០រៀល/លីត្រ (ចុះ ៣៥០រៀល)

2022/09/21 12:16:29 pm        888
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ទូទាំងប្រទេសចាប់ពីថ្ងៃទី២១-៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់ម្លៃ ៤.៣៥០រៀល/លីត្រ(ចុះ ៥០រៀល) និងប្រេងម៉ាស៊ូតម្លៃ ៤.៨៥០រៀល/លីត្រ(ចុះ ៣៥០រៀល)។

បុរស​ម្នាក់​ដុត​ខ្លួនឯង​ដែល​ទំនងជា​តវ៉ា​ប្រឆាំងនឹង​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Abe

2022/09/21 11:47:43 am        425
​ជប៉ុន៖ សារព័ត៌មាន​បាន​រាយ​ការណ៍​ថា បុរស​ម្នាក់​បាន​ដុត​ខ្លួនឯង​នៅ​ជិត​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ ដែល​ទំនងជា​តវ៉ា​ប្រឆាំងនឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្លូវរដ្ឋ​ជូន​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃទី​៨​ ខែ​កក្កដា ឆ្នាំ២០២២ នេះ។​ ​បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​រង​របួស​រលាក​ភ្លើង​ពេញ​ដងខ្លួន​របស់​គេ ខណៈ​មន្ត្រី​នគរបាល​ម្នាក់​ដែល​បាន​ព្យាយាម​ពន្លត់​អណ្ដាតភ្លើង​ក៏​រង​របួស​ដែរ​។ សារព័ត៌មាន​ដដែល​និយាយ​ថា ​បុរស​វ័យ ​៧០​ឆ្នាំ​រូប​នេះ​បាន​សន្លប់​នៅ​ពេល​ត្រូវ​បាន​រក​ឃើញ​ដំបូង ប៉ុន្តែ​ក្រោយមក​បាន​ប្រាប់​នគរបាល​ថា ​រូបគេ​មានបំណង​ចាក់​ប្រេង​ដុត​ខ្លួនឯង​។ លិខិត​មួយ​ច្បាប់​រៀបរាប់​ពី​ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​របស់​លោក Abe និង​ប្រយោគ​ថា ខ្ញុំ​ប្រឆាំង​ដាច់ខាត​ចំពោះ​ពិធីបុណ្យ​នេះត្រូវ​បាន​រក​ឃើញ​នៅ​ក្បែរ​នោះ​។ នគរបាល និង​ការិយាល័យ​នាយករដ្ឋមន្ត្រីមិន​ព្រម​បញ្ជាក់​ពី​ឧបទ្ទវ​ហេតុនេះ​ទេ ដែល​បាន​កើតឡើងនូវ​អ្វី​ដែល​ជា​ថ្ងៃ​ខួបកំណើត​លើក​ទី​ ៦៨​ឆ្នាំ​របស់​លោក Abe​។ប្រធាន​ខុទ្ទកាល័យ​លោក Hirokazu Matsuno បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខ្ញុំ​បាន​លឺ​ថា នគរបាល​បាន​ប្រទះឃើញ​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ជិត​ការិយាល័យ​រដ្ឋាភិបាល ហើយ​ខ្ញុំ​ដឹង​ថា ​នគរបាល​កំពុង​ស៊ើបអង្កេត​។​ ​នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ​ក៏​មាន​អ្នក​តវ៉ា​រាប់​រយ​នាក់​បាន​ប្រមូលផ្ដុំ​នៅ​អគារ National Diet Building របស់​ជប៉ុន​ផង​ដែរ​ដើម្បី​បង្ហាញ​ការជំទាស់​របស់​ពួកគេ​ ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​របស់​លោក Shinzo Abe​។ ​ខុទ្ទកាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី Fumio Kishida កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​កញ្ចប់​ថវិកា​ចំនួន ២៥០​លាន​យ៉េន​ស្មើ​នឹង ១​.៨​លាន​ដុល្លារ​ដើម្បី​អញ្ជើញ​ភ្ញៀវ​ប្រមាណ ៦,០០០​នាក់​សម្រាប់​រៀបចំ​ពិធី​បុណ្យ​សព​ដែល​នឹង​ធ្វើឡើង​នៅ​តំបន់ Budokan ក្នុង​ទីក្រុង​តូ​ក្យូ​៕ អត្ថបទ៖ សុខមាន

​រុស្ស៊ី​លើកឡើងថា ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន​នៅពេលនេះ​មិនអាច​ទៅរួច​ទេ​

2022/09/21 11:19:28 am        571
​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ដោយ​ស្រង់​សម្ដី​ដោយសារព័ត៌មាន Interfax ថា ជម្លោះ​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន មិនអាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​ការចរចា​បាន​ឡើយ ក្រោម​កាលៈទេសៈ​បច្ចុប្បន្ន​នេះ។ ​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​រាយការណ៍​ថា នៅពេល​ត្រូវបាន​សួរថា​ តើ​មាន​ច្រក​សម្រាប់​ដំណោះ​ស្រាយ​តាម​ផ្លូវ​ការទូត​ទេ លោក Peskov បាន​និយាយ​ថា នៅ​ពេលនេះ​ក្ដី​រំពឹង​បែបនេះ​មិនទាន់​អាច​មើល​ឃើញ​នៅឡើយ​ទេ​។​ ទីក្រុង Moscow បាន​ស្ដីបន្ទោស​ទីក្រុង Kiev ចំពោះ​ការ​ផ្អាក​ដំណើរ​ការ​ចរចា​សន្តិភាព។ កាលពី​ចុងខែ​មីនាភាគី​ទាំង​២ ​បាន​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​ពង្រាង​សន្តិភាព ដែល​នឹង​ធ្វើ​ឲ្យ​អ៊ុយ​ក្រែ​ន​ក្លាយ​ជា​រដ្ឋ​អព្យាក្រឹត្យ ជា​ថ្នូរ​នឹង​ការ​ការពារ​សន្តិសុខ​ដែល​ត្រូវ​បានផ្ដល់​ដោយ​មហាអំណាច​ពិភព​លោក​ធំៗ​។​ ទោះយ៉ាងណា​ក៏ដោយ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​បញ្ចប់​ការចរចា​កាលពី​ខែ​មេសា ក្រោយ​ចោទ​ប្រកាន់​ទាហាន​រុស្ស៊ី​ពី​បទ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ទីក្រុង Moscow និយាយ​ថា​ ការ​ចោទ​ប្រកាន់​នេះ​សំអាង​លើ​ភស្តុតាង​ក្លែងបន្លំ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM
លោក LAVROV៖ អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន ដើម្បីដាក់ពង្រាយកងយោធារបស់ខ្លួន
06/19/2026 02:06 PM
UN៖បទឈប់បាញ់នៅហ្កាហ្សា «បរាជ័យ» ខណៈភាពអត់ឃ្លាន កណ្តុរ និងកម្ទេចកម្ទីបង្កការលំបាកដល់ជីវិតប្រចាំថ្ងៃ
06/19/2026 02:06 PM
គុយបាស្នើកំណែទម្រង់យ៉ាងទូលំទូលាយទៅជាគំរូសង្គមនិយម ស្របពេលមានសម្ពាធពីអាមេរិក
06/19/2026 02:06 PM
យោធាអ៊ីស្រាអែលចេញផ្សាយផែនទីលម្អិតនៃ«តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់
06/19/2026 02:06 PM
ប្រធានាធិបតីលីបង់និយាយថា ជិត១៨%នៃទឹកដីរបស់ប្រទេសនេះ ត្រូវរងការខូចខាត អំឡុងពេល សង្គ្រាម
06/19/2026 01:06 PM
កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត
06/19/2026 01:06 PM