កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)

ព័ត៌មានសំខាន់ៗ

អ៊ីរ៉ង់​កំពុង​ត្រៀម​បញ្ជូន​យាន​ដ្រូ​ន​បំពាក់អាវុធ​ទៅ​ឲ្យ​រុស្ស៊ី ដើម្បី​ជួយ​ដល់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​

2022/07/12 10:35:41 am        1009
​សហរដ្ឋអាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋបាល​របស់​លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​បោះជំហាន​យ៉ាង​ឆាប់រហ័ស​ក្នុង​ការ​ផ្តល់ឱ្យ​រុស្ស៊ី​ នូវ​យាន​ដ្រូ​ន​ផលិត​ក្នុងស្រុក​របស់​ខ្លួន​រាប់​រយ​គ្រឿង ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​វិមាន​ក្រឹម​ឡាំង​ប្រឆាំង​នឹង​អ៊ុយ​ក្រែ​ន​។ ​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា សហរដ្ឋអាមេរិកមាន​ព័ត៌មាន​ដែល​បង្ហាញ​ថា ​ទីក្រុង​តេ​អេ​រ៉ង់​កំពុង​រៀបចំ​ផ្តល់​យាន​ដ្រូ​ន UAVs ជា​ច្រើន​រយ​គ្រឿង រួម​ទាំង​យាន​ដ្រូ​ន ​UAVs ដែល​មាន​សមត្ថភាព​បំពាក់​សព្វាវុធតាម​ពេលវេលា​កំណត់​ដ៏​ឆាប់រហ័ស​ទៅ​ឲ្យ​រុស្ស៊ី។ ​លោក​បាន​សំដៅ​ទៅលើ​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​យាន​ដ្រូ​ន​។ ​លោក Sullivan បាន​និយាយ​ថា ប្រទេស​អ៊ីរ៉ង់​កំពុង​រៀបចំ​បន្ថែម​ទៀត​ដើម្បី​បណ្តុះ​បណ្តាល​កងកម្លាំង​រុស្ស៊ី​ ឲ្យ​ចេះ​ប្រើប្រាស់​យាន​ដ្រូ​ន​របស់​ខ្លួន​ឱ្យបាន​ឆាប់​ក្នុង​ខែ​នេះ ខណៈ​កងកម្លាំង​របស់​ទីក្រុង​ម៉ូស្គូ​នៅតែ​បន្ត​ទទួលរង​ការខាតបង់​ក្នុង​សមរភូមិ ​ស្រប​ពេល​មានការ​វាយ​រុល​ទៅ​មុខ​យឺត​ៗ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។​លោក​ Sullivan ពុំបាន​បញ្ជាក់​ពី​របាយការណ៍​ចារកម្ម​ ដែល​លោក​កំពុង​ផ្អែកលើ​ការ​អះអាង​របស់​លោក​នោះ​ទេ​។ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​បាន​ប្រឹងប្រែង​ក្នុង​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​រុស្ស៊ី ជា​ផ្នែក​មួយ​ដើម្បី​ទប់ស្កាត់​ប្រទេស​នេះ​ពី​ការ​បំពេញ​បន្ថែម​នូវ​ស្តុក​សង្គ្រាម​របស់​ខ្លួន​។ ទណ្ឌកម្ម​ទាំងនោះ​រួម​ទាំង​ការ​រឹតត្បិត​លើ​ការនាំចេញ​លើ​បច្ចេកវិទ្យា​ប្រើប្រាស់ ២​សំខាន់ៗ​រួម​ទាំង​យាន​ដ្រូ​ន​ផង​ដែរ​៕អត្ថបទ៖ សុខមាន

ទីក្រុង​ប៉េកាំង​ព្រមាន​ទល់នឹង​ការ​យក​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍​ធ្វើជា​កូនអុក​របស់​មហា​អំណាច​

2022/07/12 10:15:06 am        1206
​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​ថា ​បណ្ដា​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍​គួរតែ​ជៀសវាង​ក្លាយ​ជា​កូនអុក​របស់​ក្រុម​ប្រទេស​មហាអំណាច​ធំៗ​ និង​មិន​គួរ​បង្ក​បញ្ហា​ដាក់គ្នា​ទៅ​វិញ​ទៅមក​នោះ​ទេ​។ ​លោក Wang បាន​និយាយ​នៅ​ក្នុង​ទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​ចន្ទដែល​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​សារ​ព័ត៌មាន ​Reuters ថា យើង​គួរតែ​ការពារ​តំបន់​នេះ​ពី​ការ​គិតគូរ​ភូមិសាស្ត្រ​នយោបាយ កុំ​ឲ្យ​ត្រូវ​គេ​ប្រើ​ជា​កូនអុក​ពី​សំណាក់​គូប្រជែង​មហាអំណាច​ដ៏​ធំ និង​គេច​ចេញពី​ការ​បង្ខិត​បង្ខំ​។ ​លោក Wang បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ ខណៈ​កំពុង​ចូលរួម​កិច្ចប្រជុំ ASEAN ជា​ប្លុក​នយោបាយ​ និង​សេដ្ឋកិច្ច​ដែល​មាន​សមាជិក​ក្នុង​តំបន់​ចំនួន ​១០​ប្រទេស​នៃ​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍​។​ លោ​កថា​ អនាគត​នៃ​តំបន់​របស់​យើង​ គួរតែ​ស្ថិត​នៅ​ក្នុង​កណ្ដាប់ដៃ​របស់​យើង​ខ្លួនឯង​។​ប្រមុខ​ការទូត​ចិន​រូបនេះ​បាន​និយាយ​ថា ប្រទេស​នានា​គួរតែ​គោរព​សិទ្ធិ​ស្របច្បាប់ ​និង​ផល​ប្រយោជន៍​របស់​គ្នា​ទៅវិញទៅមក​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រសើរ​ជាង​អង្គុយ​រក​នឹង​បង្ក​បញ្ហា ​ឬទប់ទល់​សកម្មភាព​របស់​ភាគី​ផ្សេង​។​ ​កាលពី​ខែមីនា លោក Wang បាន​ចោទ​សហរដ្ឋអាមេរិក​ថា ​កំពុង​ព្យាយាម​បង្កើត​សម្ព័ន្ធ NATO ថ្មី​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ដើម្បី​បង្ក​ភាព​តានតឹង​ក្នុង​តំបន់​នេះ។ លោក​ថា តំបន់​អាស៊ី-​ប៉ាស៊ីហ្វិកគឺជា​ដែនដី​មាន​កិច្ចសន្យា​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ មិន​មែន​ជា​ក្ដារ​អុក​សម្រាប់​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នោះ​ទេ៕អត្ថបទ៖ សុខមាន

ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់

2022/07/12 10:08:05 am        251
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាសាធារណៈជាទម្រង់កូនកាត់ ដើម្បីដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ (NCPP)។ព្រឹត្តិការណ៍នេះ រៀបចំឡើងសម្រាប់ជាការជូនដំណឹងដល់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ និងឯកជន អំពីបទប្បញ្ញត្តិនិងគោលការណ៍ណែនាំថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមឱ្យច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ដែលបានអនុម័តនៅចុងឆ្នាំ២០១៩។សិក្ខាសាលាសាធារណៈថ្ងៃនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយមានអ្នកចូលរួមដោយផ្ទាល់ចំនួនប្រមាណ ១២០នាក់ មកពីគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមកពីវិស័យច្បាប់ តំណាងដៃគូអភិវឌ្ឍន៍ តំណាងមកពីគម្រោង «កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» (PROTECT) គណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្រ្តាលី (ACCC) តំណាងអង្គការជាតិនិងអន្តរជាតិ តំណាងស្ថាប័នសិក្សាស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា តំណាងវិស័យឯកជន មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានអ្នកចូលរួមតាមប្រព័ន្ធវីដេអូប្រមាណ ៣០០នាក់។សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិការពារអ្នកប្រើប្រាស់ និងឯកសារគតិយុត្តនេះ បានសហការរៀបចំធ្វើឡើងក្រោមការគាំទ្ររបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)»៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា

2022/07/11 03:36:10 pm        508
ភ្នំពេញ៖ នៅរសៀលទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា។គួរបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមកាន់ទុក្ខដ៏ក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះមរណភាពរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe) កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ។យោងតាមខ្លឹមសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា មរណភាពរបស់លោក ស៊ិនហ្សូ អាបេ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ៕

មេដឹកនាំ​ពិភពលោក​កាន់ទុក្ខ​លោក Shinzo Abe

2022/07/11 02:57:26 pm        567
​ជប៉ុន៖ មេដឹកនាំ​ពិភពលោក​ទាំង​អតីតកាល និង​បច្ចុប្បន្នបាន​កាន់​មរណទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​សប្ដាហ៍​នេះ មេដឹកនាំ​រូប​នេះ​ដែល​មាន​មនុស្ស​ជាច្រើន​ហៅ​លោ​កថា​ជា​មិត្តភ័ក្ដិ ​ត្រូវបាន​គេ​ធ្វើឃាត ខណៈ​កំពុង​ថ្លែងសុន្ទរកថា​អំឡុង​យុទ្ធនាការ​ ក្នុង​ទីក្រុង​ភាគ​ខាងលិច​របស់​ប្រទេស​ជប៉ុនកាលពី​ថ្ងៃ​សុក្រ​ ទី​៨​ ខែ​កក្កដា។​លោកនាយក​រដ្ឋមន្ត្រី​កាណាដា Justin Trudeau បាន​និយាយ​ថា ឃាតកម្ម​លើ​លោក​ Abe កំពុង​ធ្វើ​ឲ្យ​មាន​ការ​តក់​ស្លុត​យ៉ាង​ខ្លាំង ហើយ​លោក​ពិតជា​មានការ​សោកស្ដាយ​ខ្លាំង​ណាស់។ ​ពិភពលោក​បាន​បាត់បង់​បុរស​ខ្លាំង​ម្នាក់ កាណាដា​បាន​បាត់បង់​មិត្ត​ជិតស្និទ្ធ​ម្នាក់​។ ចំណែក​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​ដល់​ប្រទេស​ជប៉ុន និង​ថ្កោលទោស​ឃាតកម្ម​លើ​លោក​ Abe។ លោក​ប្រធានាធិបតី​ចិន ​Xi Jinping បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ ​និង​ការកាន់ទុក្ខ​ចំ​ពោះ​លោក Shinzo Abe ដែល​បាន​បាត់បង់​ជីវិត​ តាមរយៈ​ទូរទស្សន៍​រដ្ឋ​ចិន CCTV​។ចំណែក​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ចូលរួម​កាន់​មរណទុក្ខ ​និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​លោក ​Abe និង​ប្រជាជន​ជប៉ុន​តាម​បណ្ដាញ Twitter​។ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​ថា ប្រទេស​ជប៉ុន​បាន​បាត់បង់​នាយករដ្ឋមន្ត្រី​ដ៏​អស្ចារ្យ​ម្នាក់ ដែល​បាន​ពាក់​លី​ដើម្បី​ជាតិ​មាតុភូមិ​របស់​លោក​ និង​បាន​តស៊ូ​នាំ​តុល្យភាព​ជូន​ពិភពលោក​។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិកលោក Antony Blinken នៅ​ថ្ងៃ​ចន្ទ​នេះបាន​សម្តែង​ការរំលែក​ទុក្ខ​របស់​ប្រទេស​លោក បន្ទាប់ពី​ការ​ធ្វើ​ឃាត​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។ ​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​លោក ​Abe​ ដែរ​។ ​ក្រៅពីនោះ​នៅ​មាន​មេដឹកនាំពិភពលោក​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​រំលែក​ទុក្ខ​៕អត្ថបទ៖ សុខមាន

ប្រជាជន​ស្រីលង្កា​សម្រុកចូល​លំនៅឋាន​ប្រធានាធិបតី​ក្នុង​ពេល​មាន​ភាព​តានតឹង

2022/07/11 02:28:17 pm        942
​​ស្រីលង្កា​៖ ក្រុមគ្រួសារ​ជាច្រើន​ក្នុង​រដ្ឋធានី​របស់​ប្រទេស​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ​បាន​ឆ្លៀតឱកាស​ធ្វើដំណើរ​ទៅកាន់​លំនៅឋាន​ប្រធានាធិបតី បន្ទាប់មក​បាន​សម្រុក​ចូល​លំនៅឋាន​នេះដោយបាន​នាំគ្នា​ថតរូប និង​ធ្វើ​សកម្មភាព​ផ្សេងៗ​។​ ​ក្រុមអ្នកតវ៉ា​បាន​សម្រុកចូល​លំនៅឋាន​ដ៏​ធំ​ទូលាយ​របស់លោក​ប្រធានាធិបតី Gotabaya Rajapaksa និង​បាន​សម្រុក​ចូលទៅក្នុង​លំនៅឋាន​ឯកជន​របស់​នាយករ​ដ្ឋ​មន្ត្រីលោក Ranil Wickremesinghe និង​បាន​ដុត​លំនៅឋាន​។ មន្ត្រី​គណបក្ស​ម្នាក់បាន​និយាយថា ​លោក Wickremesinghe នៅ​ខាងក្នុង​លំនៅឋាន​ នៅពេលដែល​ក្រុមអ្នកតវ៉ា​បានមក​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ ប៉ុន្តែ​មន្ត្រី​សន្តិសុខ​បាន​រំដោះ​លោក​ចេញទៅ​កាន់​ទីតាំង​ផ្សេងទៀត​។​ ​លោក Wickremesinghe បាន​និយាយថា លោក​នឹង​ចាក​ចេញពី​តំណែងនៅពេលដែល​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង ហើយ​ប៉ុន្មាន​ម៉ោងក្រោយមកប្រធានសភា​បាន​និយាយថា លោក Rajapaksa នឹង​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ពុធ​។ សម្ពាធ​លើ​ប្រធានា​ធិបតី និង​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះបាន​កើនឡើង ខណៈ​មានការ​ដួលរលំ​នៃ​សេដ្ឋកិច្ចដែល​បានធ្វើឱ្យ​ខ្វះខាត​ធ្ងន់ធ្ងរ ​បណ្តាលឱ្យ​ប្រជាជន​តស៊ូ​ដើម្បី​ទទួលបាន​ស្បៀងអាហារ ប្រេងឥន្ធនៈ និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ​ទៀត​។​​យោងតាម​រដ្ឋធម្មនុញ្ញបាន​ឲ្យ​ដឹងថា ប្រសិនបើ​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ប្រធានសភា​លោក Mahinda Yapa Abeywardena នឹង​ឡើងកាន់តំណែង​ជា​ប្រ​ធានា​ធិ​បតី​បណ្តោះអាសន្ន។​ ​លោក Rajapaksa បានតែងតាំង​លោក Wickremesinghe ជា​នាយករដ្ឋមន្ត្រី​កាលពី​ខែឧសភា ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ការខ្វះខាត និង​ចាប់ផ្តើម​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​ ​លោក Wickremesinghe គឺជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ដ៏​សំខាន់ ​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សម្រាប់​កម្មវិធី​សង្គ្រោះ និង​ជាមួយ​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ដើម្បី​រៀបចំ​សម្រាប់​វិបត្តិ​ស្បៀងអាហារ​៕អត្ថបទ៖ ប៊ុនថន

នគរបាល​បាន​សារភាព​ថា មានការ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ​លើ​ការ​ធ្វើឃាត​លោក ​Abe

2022/07/11 12:48:10 pm        1182
​ជប៉ុន៖ នគរបាល​បានទទួល​ស្គាល់​កំហុស​ផ្នែក​សន្តិសុខ​នៅ​ទីក្រុង ​Nara របស់​ប្រទេស​ជប៉ុន ជា​កន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រីលោក Shinzo Abe ត្រូវបាន​គេ​ធ្វើឃាត​។​ ​អ្នក​កាន់ទុក្ខ​បានមក​ប្រមូលផ្តុំ​គ្នា​នៅ​គេហ​ដ្ឋាន​របស់លោក ​Abe និង​នៅ​កន្លែងកើតហេតុ​នៃ​សោកនាដកម្ម​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង Nara ភាគ​ខាងលិច ជា​កន្លែង​ដែល​មេដឹកនាំ​ដែល​កាន់អំណាច​យូរ​បំផុត​របស់​ប្រទេស​ជប៉ុន ​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​អំពើ​ហិង្សា​នយោបាយ​ដ៏​កម្រ ខណៈពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​បោះឆ្នោត​។​ ​នគរបាល​បាន​ចាប់ខ្លួន​បុរស​វ័យ ​41​ឆ្នាំ​ម្នាក់​ភ្លាមៗ​បន្ទាប់ពី​លោក ​Abe ត្រូវបាន​បាញ់​នៅ​ចម្ងាយ​យ៉ាង​ជិត​ដោយ​កាំភ្លើង​កែច្នៃ​។​កងកម្លាំង​នគរបាល​ក្នុង​តំបន់​ដែល​ការពារ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​នេះបាន​និយាយថា ​មានការ​ខ្វះចន្លោះ​ក្នុងការ​រៀបចំ​សន្តិសុខ​។ អធិការនគរបាល​ទីក្រុង Nara លោក Tomoaki Onizuka បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​មិនអាច​បដិសេធថា​ មាន​បញ្ហា​ក្នុង​​ផែនការ​រៀបចំ​សន្តិសុខ​ ដែល​បានផ្តល់​ឱ្យចំ​ពោះ​រឿងរ៉ាវ​បាន​កើតឡើង​នោះទេ​។​ ​លោក​និយាយថា លោក​មាន​ទំនួល​ខុសត្រូវ​ខ្លាំង ហើយ​នគរបាល​នឹង​វិភាគ​នូវ​អ្វី​ដែលជា​កំហុស​ពិតប្រាកដ និង​អនុវត្ត​ការផ្លាស់ប្តូរ​ជា​ចាំបាច់៕អត្ថបទ៖ ប៊ុនថន

សហភាព​អឺរ៉ុប​ប្រឈម​ខ្លាំង ខណៈ​រុស្ស៊ី​គ្រោង​បិទ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream មួយរយៈ

2022/07/11 11:39:24 am        965
​សហភាព​អឺរ៉ុប៖ បំពង់​បង្ហូរ​ឧស្ម័ន​ដ៏​ធំ​បំផុត​ដែល​បញ្ជូន​ឧស្ម័ន​រុស្ស៊ី​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ ចាប់ផ្តើម​ជួសជុល​ប្រចាំ​ឆ្នាំ​នៅ​ថ្ងៃ​ចន្ទ​នេះដោយ​លំហូរ​នេះ​បាន​រំពឹង​ទុក​ថា ​នឹង​ផ្អាក​រយៈពេល​ ១០​ថ្ងៃ ប៉ុន្តែ​រដ្ឋាភិបាល​ទីផ្សារ និង​ក្រុមហ៊ុន​នានា​បារម្ភ​ថា​ ការ​បិទ​នេះ​អាច​នឹង​ត្រូវ​បន្ត​ដោយសារ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 បញ្ជូន​ឧស្ម័ន​ចំនួន ​៥៥​ពាន់​លាន​ម៉ែត្រត្រីគុណ​ក្នុង​មួយ​ឆ្នាំ​ចេញពី​ប្រទេស​រុស្ស៊ី ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ក្រោម​សមុទ្រ​បាល់​ទិ​ក។ បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ត្រូវ​ត្រួតពិនិត្យចាប់ពី​ថ្ងៃទី​១១ ​ខែកក្កដា​ដល់​២១ ​ខែកក្កដា​។ កាលពី​ខែ​មុនប្រទេស​រុស្ស៊ី​បាន​កាត់បន្ថយ​ការ​បង្ហូរ​ដល់​ទៅ 40%​ នៃ​សមត្ថភាព​សរុប​របស់​បំពង់​បង្ហូរ​ឧស្ម័ន ដោយ​លើកឡើង​ពី​ការ​ពន្យារពេល​ក្នុង​ការ​ប្រគល់​ឧបករណ៍​ដែល​ក្រុមហ៊ុន Siemens Energy (ENR1n.DE) របស់​អាល្លឺម៉ង់​ជួសជុល​នៅ​ក្នុង​ប្រទេស​កាណាដា​។​សហភាព​អឺរ៉ុប​បារម្ភ​ថា ​រុស្ស៊ី​អាច​ពន្យារពេល​ត្រួតពិនិត្យ​ ដើម្បី​រឹតត្បិត​ការផ្គត់ផ្គង់​ឧស្ម័ន​បន្ថែមទៀតដោយ​ទប់ស្កាត់​ផែនការ​បំពេញ​កង្វះខាត​សម្រាប់​រដូវរងា និង​បង្ក​ឲ្យ​មាន​វិបត្តិ​ឧស្ម័ន​ដែល​ជំរុញ​ឲ្យ​មានការ​ចាត់វិធានការ​បន្ទាន់​នានា​ពី​បណ្ដា​រដ្ឋាភិបាល និង​ការ​ចំណាយ​ខ្ពស់​សម្រាប់​អតិថិជន​។ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​លោក Robert Habeck បាន​និយាយ​ថា ប្រទេស​នេះ​គួរតែ​ឈម​នឹង​លទ្ធភាព​នៃ​ការ​ផ្អាក​លំហូរ​ឧស្ម័ន​តាម​បំពង់ Nord Stream 1 របស់​រុស្ស៊ី ហួស​ពី​ពេលវេលា​ត្រួតពិនិត្យ​ដែល​បាន​គ្រោង​៕អត្ថបទ៖ សុខមាន

លទ្ធផល​បឋម​បង្ហាញ​ថា គណបក្ស​របស់លោក Shinzo Abe ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​ការ​បោះ​ឆ្នោត​សភា​របស់​ជប៉ុន

2022/07/11 10:18:34 am        1873
​ជប៉ុន៖ គណបក្ស​កំពុង​កាន់អំណាច និង​ដៃគូ​ចម្រុះ​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន បាន​ឈ្នះ​សំឡេង​ភាគច្រើន​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ ដែល​អាច​ត្រូវ​បាន​ជំរុញ​ដោយសារតែ​ក្ដី​អាណិតអាសូរ​ពី​អ្នកបោះឆ្នោត ក្រោយ​ការ​ធ្វើឃាត​លើ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។ ​លទ្ធផល​បឋម​ក្នុង​ការ​ប្រកួតប្រជែង​សម្រាប់​សភា​ជាន់ខ្ពស់​បង្ហាញថា គណបក្សកាន់អំណាច​របស់លោក Abe និង​ដៃគូ​ចម្រុះ​តូច​របស់​ខ្លួន Komeito កំពុង​ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​នៅក្នុង​សភា និង​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ថែមទៀត។​ ​ថ្ងៃ​ចុងក្រោយ​នៃ​ការធ្វើ​យុទ្ធនាការកាលពី​ថ្ងៃ​សៅរ៍ មួយថ្ងៃ​បន្ទាប់ពី​លោក Abe ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ ខណៈ​ក្រុម​មេដឹកនាំ​គណបក្ស​នេះ​បាន​ប្ដេជ្ញា​ប្រកាន់​ភ្ជាប់​ការដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ និង​កាត់បន្ថយ​អំពើ​ហិង្សា​។ ​កាលពី​ថ្ងៃអាទិត្យ នគរបាល​ក្នុង​ប្រទេស​ជប៉ុន​នៅ​ភាគ​ខាងលិចបាន​បញ្ជូន​ជន​ដៃ​ដល់​ ទៅកាន់​ការិយាល័យ​រដ្ឋ​អាជ្ញា​ក្នុង​តំបន់​ដើម្បី​ស៊ើបអង្កេត​បន្ថែមទៀត។ មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្នុង​តំបន់​មួយ​រូប​បាន​ទទួល​ស្គា​ល់ ពី​ការ​ធូរ​រលុង​ផ្នែក​សន្តិសុខដែល​បណ្ដោយ​ឲ្យ​ខ្មាន់កាំភ្លើង​អាច​ចូល​ទៅ​ជិត ​និង​បាញ់សម្លាប់​អតីត​មេដឹកនាំ​ជប៉ុន​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ឡើយ​។​ការ​រាប់​សន្លឹកឆ្នោត​ប​ឋ​ម​បាន​បង្ហាញថា ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម​ដែល​កំពុង​កាន់អំណាច នឹង​ទទួល​បាន​យ៉ាងហោចណាស់ 143អាសនៈ​នៅក្នុង​សភា​ជាន់ខ្ពស់​ដែលមាន​សមាជិក 248រូប ជា​ព្រឹទ្ធ​សភាព​ដែល​មាន​អំណាច​តិច​ជាង​គេ​ក្នុងចំណោម​សភា​ទាំងពីរ​។ នេះ​គឺជា​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​រយៈពេល​ ៦​ឆ្នាំ​ថ្មី​របស់​សភា​ជាន់ខ្ពស់​។ ​ដោយមាន​ការ​ជំរុញ​ដ៏​សំខាន់លោក​នាយក​រដ្ឋមន្ត្រី Fumio Kishida នឹង​កាន់អំណាច​ដោយ​គ្មាន​ការ​រំខាន​ រហូតដល់​ការបោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋមន្ត្រី​ដែល​បាន​គ្រោង​ទុក​នៅ​ឆ្នាំ2025៕អត្ថបទ៖ សុខមាន

មនុស្ស ​១៥​នាក់​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​កាន់​តែខ្លាំង ខណៈ​គ្រាប់​រ៉ូ​កែ​ត​រុស្ស៊ី​ធ្លាក់​ចំ​ប្លុក​អគារ​លំនៅឋាន​របស់​អ៊ុយ​ក្រែ​ន​

2022/07/11 09:59:09 am        1029
​អ៊ុយក្រែន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១៥​នាក់​ស្លាប់ និង​ជាង ​២០​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម ក្រោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី​ប៉ះចំ​ប្លុក​អគារ​លំនៅឋាន​កម្ពស់​ ៥​ជាន់នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជីក​កកាយ​តាម​គំនរ​កម្ទេច​ថ្ម​។ ​អ៊ុយ​ក្រែ​ន​ក៏បាន​រាយការណ៍​ផងដែរ​ ពី​ការប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​រុស្ស៊ីនៅ​សមរភូមិ​ជួរមុខ ​ក្នុង​ភាគ​ខាងកើត និង​ខាងត្បូង ខណៈ​ដែល​ក្រុង Moscow អះអាងថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​ឃ្លាំង​ស្តុក​កាំភ្លើង​ធំ M777 ផលិត​ដោយ​សហរដ្ឋអាមេរិក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ជិត​ទីក្រុង Kostyantynivka ក្នុង​តំបន់ Donetsk​។ អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយថា ការវាយប្រហារ​លើ​អគារ​អឹផាត​មិនបាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង Chasiv Yar​។ អង្គភាព​សង្គ្រោះបន្ទាន់​ប្រចាំ​តំបន់​បានផ្ដល់​ចំនួន​អ្នកស្លាប់ ​១៥​នាក់កាលពី​រសៀល​ថ្ងៃអាទិត្យ​។​​លោក Kyrylo Tymoshenko អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​ ៦​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្មនៅ​ទីក្រុង Chasiv Yar ហើយ​ថា ​មនុស្ស ​២៣​នាក់​រួម​ទាំង​កុមារ​ម្នាក់​នៅតែ​ត្រូវ​បាន​កប់​ក្នុង​កម្ទេច​ថ្ម​នៅឡើយ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់ ស្វាគមន៍តួនាទីរបស់ប្រទេសកាតា ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 03:06 PM
លោកLavrov៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងNATO និងរុស្ស៊ី អាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរ
06/19/2026 03:06 PM
អ៊ុយក្រែនវាយប្រហារដោយដ្រូនជិត ២០០គ្រឿងទៅលើទីក្រុងមូស្គូ បណ្តាលឲ្យមនុស្សយ៉ាងតិច១៧នាក់រងរបួស
06/19/2026 03:06 PM
កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក
06/19/2026 03:06 PM
មន្ត្រីជំនាញខេត្តកំពង់ចាម ចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក​តែមិនឃើញមាន​ទំនិញនាំ​ចូលខុសច្បាប់ពីថៃទេ
06/19/2026 03:06 PM
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
06/19/2026 03:06 PM
លោក TRUMP ពិពណ៌នាការចុះហត្ថលេខាលើ MoU របស់អ៊ីរ៉ង់ជាមួយអាមេរិកថា ជា «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
06/19/2026 02:06 PM
លោក Vance៖ អាមេរិកត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយវត្តមានយោធានៅជិតអ៊ីរ៉ង់ដល់កម្រិតមុនជម្លោះ
06/19/2026 02:06 PM
ស៊ីរីរាយការណ៍អំពីការលុកលុយថ្មីរបស់អ៊ីស្រាអែលចូលក្នុងទឹកដីរបស់ខ្លួន ខណៈភាពតានតឹងព្រំដែនកំពុងបន្ត
06/19/2026 02:06 PM
នាយឧត្តមសេនីយ៍ គន់ គីម បន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមមិត្តភាពរណសិរ្សភូមិភាគនិរតីកម្ពុជា
06/19/2026 02:06 PM