សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតអបអរសាទរ  ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសហគមន៍ OB-PS ថ្វាយនូវពានសមាជិកភាពកិត្តិយសជើងឯក “Champions Award”
កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី (FTA)
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society

ព័ត៌មានសំខាន់ៗ

មនុស្ស ​១៥​នាក់​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​កាន់​តែខ្លាំង ខណៈ​គ្រាប់​រ៉ូ​កែ​ត​រុស្ស៊ី​ធ្លាក់​ចំ​ប្លុក​អគារ​លំនៅឋាន​របស់​អ៊ុយ​ក្រែ​ន​

2022/07/11 09:59:09 am        1029
​អ៊ុយក្រែន៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មនុស្ស​ ១៥​នាក់​ស្លាប់ និង​ជាង ​២០​នាក់​ត្រូវ​គេ​បារម្ភ​ថា​បាន​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម ក្រោយ​គ្រាប់​រ៉ូ​កែ​តរបស់​រុស្ស៊ី​ប៉ះចំ​ប្លុក​អគារ​លំនៅឋាន​កម្ពស់​ ៥​ជាន់នៅក្នុង​តំបន់ Donetsk ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ជីក​កកាយ​តាម​គំនរ​កម្ទេច​ថ្ម​។ ​អ៊ុយ​ក្រែ​ន​ក៏បាន​រាយការណ៍​ផងដែរ​ ពី​ការប៉ះទង្គិច​គ្នា​ជាមួយ​ទាហាន​រុស្ស៊ីនៅ​សមរភូមិ​ជួរមុខ ​ក្នុង​ភាគ​ខាងកើត និង​ខាងត្បូង ខណៈ​ដែល​ក្រុង Moscow អះអាងថា កងកម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​ឃ្លាំង​ស្តុក​កាំភ្លើង​ធំ M777 ផលិត​ដោយ​សហរដ្ឋអាមេរិក​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ជិត​ទីក្រុង Kostyantynivka ក្នុង​តំបន់ Donetsk​។ អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​និយាយថា ការវាយប្រហារ​លើ​អគារ​អឹផាត​មិនបាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅក្នុង​ទីក្រុង Chasiv Yar​។ អង្គភាព​សង្គ្រោះបន្ទាន់​ប្រចាំ​តំបន់​បានផ្ដល់​ចំនួន​អ្នកស្លាប់ ​១៥​នាក់កាលពី​រសៀល​ថ្ងៃអាទិត្យ​។​​លោក Kyrylo Tymoshenko អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​ ៦​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ចេញពី​គំនរ​កម្ទេច​ថ្មនៅ​ទីក្រុង Chasiv Yar ហើយ​ថា ​មនុស្ស ​២៣​នាក់​រួម​ទាំង​កុមារ​ម្នាក់​នៅតែ​ត្រូវ​បាន​កប់​ក្នុង​កម្ទេច​ថ្ម​នៅឡើយ៕អត្ថបទ៖ សុខមាន

សម្ដេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ ៤ចំណុចដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតកីឡាប៉ារ៉ានិងកីឡាអាស៊ីអាគ្នេយ៍បានជោគជ័យ

2022/07/11 09:47:59 am        597
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានផ្តល់អនុសាសន៍៤ចំណុចដល់ស្ថាប័នពាក់ព័ន្ធដើម្បីយើងត្រៀមធ្វើម្ចាស់ផ្ទះប្រកួតកីឡាប៉ារ៉ានិងកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣បានជោគជ័យ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ  ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចសូមដាក់ចេញគោលការណ៍ និងផ្តល់អនុសាសន៍គន្លឹះបន្ថែមមួយចំនួន ពោលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ៖ ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម  ឆ្នាំ ២០២៣ ត្រូវយក​ចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ​ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលាន​ប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស(GMS) ការរៀបចំពិធីបើក និងពិធីបិទ​ ព្រមទាំង​ការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា   រួមទាំងកីឡាល្បុក្កតោខ្មែរ ​និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់  (Silat) ដែលទទួលបានការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន  ។    ទី២.សម្តេចសូមអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ  “ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត​ ”​ “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ”​  “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន” និង “កីឡារស់ក្នុងសន្តិភាព” ឱ្យបានផុសផុល ​ទាំង​​ក្នុង និងក្រៅប្រទេស ។     ទី៣ . សម្តេចសូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូច ក្នុង​អំឡុងពេល​ចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី ផ្តល់ឱកាសឱ្យសិស្ស-និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ  ។    ទី៤. សម្តេចសូមអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម  មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ​​ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបាន ជោគជ័យ៕

ព្រះមហាក្សត្រខ្មែរផ្ញើព្រះរាជសាររំលែកទុក្ខចំពោះមរណភាពឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន

2022/07/11 09:32:36 am        998
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម សិនហ្សូ អាបេ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ កន្លងទៅដោយសារ​ជន​ទុច្ចរិត​បាន​បាញ់​ប្រហារ​យ៉ាង​ព្រៃផ្សៃ ខណៈដែលឯកឧត្តមកំពុងតែថ្លែងសុន្ទរកថា ក្នុង​ការ​ឃោសនា​មួយ​នៅ​ទីក្រុង​ណារ៉ា​ប្រទេស​ជប៉ុន។ យោងតាមព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែល​ទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានមានព្រះរាជបន្ទូលថា ព្រះអង្គពិតជាមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ដែលទទួលបានដំណឹងមរណភាព របស់​ឯកឧត្ដម អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពី​ឆ្នាំ​២០១២ ដល់ឆ្នាំ២០២០)។នៅក្នុងព្រះរាជសាររបស់ព្រះអង្គ បានមានបន្ទួលលើកឡើងទៀតថា«ប្រទេសកម្ពុជាទាំងមូល ប្រជាជន រដ្ឋាភិបាល សភាជាតិ គ្រួសាររាជ្យវង្ស និងខ្លួនខ្ញុំផ្ទាល់សូមចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជា​មួយ​ព្រះចៅអធិរាជ និងប្រជាជាតិជប៉ុនទាំងមូល។ យើងទាំងអស់គ្នាសូមគោរព និង​រំលឹក​ដល់​វិញ្ញាណក្ខន្ធដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបាន​ពលីជីវិត ដើម្បី​បុព្វហេតុ​ជប៉ុន»​។ «ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍របស់ខ្ញុំជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រីអាបេ សិនហ្សូ ក្នុងឱកាស​នៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុង តូក្យូ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បី​ចូលរួម​ពិធីឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះអង្គជាព្រះចៅអធិរាជជប៉ុន»។នៅក្នុងព្រះរាជសារនេះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​បន្ទូលទៀតថា ប្រជាជនកម្ពុជាទាំងប្រុស ទាំងស្រី នឹងមិនអាចបំភ្លេចបានឡើងនូវគុណ និង​ការ​គំាទ្រ​យ៉ាងមានតម្លៃ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​នាម​ប្រទេសជប៉ុន ដើម្បីជួយកម្ពុជាលើវិស័យស្ថាបនាជាតិ។ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ។ ការ​បាត់​បងជីវិតរបស់រដ្ឋបុរសជប៉ុនរូបនេះ ដោយសារតែជនទុច្ចរិតបានបាញ់ប្រហារយ៉ាងព្រៃផ្សៃ កាល​ពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។ ក្រោយពី​ឮ​ដំណឹង​ចំពោះ​មរណភាព​ឯកឧត្តម ស៊ិនហ្សូ អាបេនេះ ថ្នាក់ដឹកនាំបណ្តាពិភពលោក រួមទាំងថ្នាក់ដឹកនាំកម្ពុជា អ្នក​នយោបាយ​ជាន់ខ្ពស់កម្ពុជា និងប្រជាជនកម្ពុជា បានចូលរួម​ចំពោះ​មរណ​ទុក្ខ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ​។ជាមួយនឹងមរណភាពរបស់ឯកឧត្តម ស៊ីនហ្សូអាបេនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​ នៃ​ព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យមានការកាន់ទុក្ខនៅទូទាំងប្រទេសកម្ពុជា ដោយ​ប្រកាស​ឲ្យមានការបង្ហូតទង់ជាតិពាក់កណ្តាលដង នាថ្ងៃអាទិត្យទី១០ម្សិលមិញផងដែរ ដោយ​សម្តេច​តេជោ នាយករដ្ឋមន្រ្តីបានថ្លែងថាមរណភាពរបស់ឯកឧត្តម អាបេ ស៊ិនហ្សូ មិន​ត្រឹមតែ​ជា​ការ​បាត់​ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះ​អាល័យ​សម្រាប់​តែ​ប្រជាពលរដ្ឋ​ជប៉ុន​ប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។នៅរសៀលថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏នឹងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីនហ្សូ អាបេ នៅ​ស្ថាន​ទូត​ជប៉ុនប្រចាំកម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន ៖ នយោបាយគ្មានស្តង់ដារពិតប្រាកដទេ តែកីឡាមានស្តង់ដារសកលពិតប្រាកដ

2022/07/11 09:31:34 am        485
ភ្នំពេញ ៖ ក្នុងខណៈអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញព្រឹកថ្ងៃទី១១ ខែកក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាដោយគូសបញ្ជាក់ថា សម្តេចធ្លាប់បានលើកឡើងហើយថានយោបាយគ្មានស្តង់ដារពិតប្រាកដទេ តែកីឡាមានស្តង់ដារសកលពិតប្រាកដ។សម្តេចថាកីឡាមានច្បាប់កីឡាតែ១ បទបញ្ជាប្រកួតតែ១។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្រ្តនេះឲ្យទទួលបានជោគជ័យខ្ពស់ សម្ដេចបានដាក់ចេញនូវគោលការណ៍និងអនុសាសន៍គន្លឹះមួយចំនួនដូចជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗអោយបានរួចរាល់ និងទាន់ពេលជាពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួត រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាជីអឹមអេស ការរៀបចំពិធីបើកនិងពិធីបិទព្រមទាំងការរៀបចំកន្លែងស្នាក់នៅហូបចុកនិងដឹកជញ្ជូនជាដើម។ ជាមួយនេះ ត្រូវជំរុញឲ្យបានខ្លាំង ថែមទៀត ក្នុងការអភិរក្សកម្រិតបច្ចេកទេស កីឡារួមទាំងកីឡាបុក្កតោខ្មែរនិងកីឡាយុទ្ធគុនឥណ្ឌូណេស៊ីដែលទទួលបានការឯកភាពជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ីនិងកីឡាយូដូរពីអតីតឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន។គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ SEAGF Council Meeting ប្រព្រឹត្តទៅនៅ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ មានប្រទេសចូលរួមចំនួន១១ប្រទេស មានប្រតិភូចូលរួមប្រជុំ ប្រមាណចំនួន១០០នាក់។កិច្ចប្រជុំយកចិត្តទុកដាក់ទៅលើការអនុម័តលើប្រភេទកីឡា និងការលក់សិទ្ធិ ទូរទស្សន៍ និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ឱ្យស្របទៅនឹងនិន្នាការរបស់ប្រទេស កម្ពុជា ដែលជាឱកាសផ្ដល់ឱ្យប្រទេសជាសមាជិកទាំងអស់ និងសមាសជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ី អាគ្នេយ៍ បានធ្វើការសង្កេតការណ៍ទៅលើហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតកីឡាទៅតាមស្តង់ដារលក្ខណៈ បច្ចេកទេសអន្តរជាតិ ជាពេលវេលាដែលយើងអាចបង្ហាញទៅគ្រប់សមាជិកទាំងអស់ កម្ពុជាបានបោះ ជំហានលើផ្លូវត្រឹមត្រូវ គោរពតាមស្តង់ដារកីឡាអន្តរជាតិជានិច្ច ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួល បានជោគជ័យ៕

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារ

2022/07/11 09:22:46 am        559
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារនៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម។ សូមបញ្ជាក់ របបប្រាក់សោធន នឹងផ្តល់ឲ្យបុគ្គលិកក្នុងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍របបនេះ ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។ លើសពីនេះទៀត គឺអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី ២កន្លែងឡើងទៅ។ សម្រាប់ការបង់ភាគលើរបបប្រាក់សោធននេះ សម្រាប់រយៈពេល ៥ឆ្នាំដំបូង ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទាន។ ក្នុងនោះ ២ភាគរយ ជាបន្ទុកនិយោជក និង ២ភាគរយ ជាបន្ទុកកម្មករនិយោជិត។ ការបង់ភាគទានផ្នែកប្រាក់សោធនត្រូវធ្វើជាប្រចាំខែ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍

2022/07/11 08:43:14 am        491
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពនៅក្នុងកិច្ចប្រជុំ ដើម្បីពិភាក្សាលើកិច្ចការនានាត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើ នឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែ កក្កដា ២០២២ ។សូមបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ។កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមាណជា ៤០ពាន់លានរៀល ឬស្មើនឹង ១០លានដុល្លារអាមេរិក។ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើន ជាពិសេសការងារផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ខាងមុខនោះ ៕

ប្រទេស​ជប៉ុន​កាន់ទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe

2022/07/09 12:31:35 pm        4127
​ជប៉ុន៖ ប្រជាជន​កាន់​ទុក្ខ​ជាច្រើន​នាក់​បាន​សម្រុក​ទៅកាន់​ទីតាំង ​ដែល​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abe ត្រូវ​បាន​គេ​ធ្វើឃាត​។ សាកសព​របស់​លោក​ត្រូវ​បាន​ដឹក​ទៅកាន់​ទីក្រុង​តូ​ក្យុ​ពី​ទីក្រុង Nara ជា​កន្លែង​ដែល​លោក​ត្រូវ​បាន​បាញ់​ប្រហារ ខណៈ​កំពុង​ធ្វើ​យុទ្ធនា​ការបោះឆ្នោត​។ ​អ្នក​កាន់ទុក្ខ​បាន​តម្រង់​ជួរ​ដ៏​វែង​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ទីតាំង​កើតហេតុ​ដែល​លោក ​Abe ត្រូវ​បាន​គេ​ធ្វើឃាត ជា​ការ​បញ្ជូន​រលក​នៃ​ភាព​តក់ស្លុត​តាមរយៈ​ប្រទេស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​កម្រិត​អំពើ​ហិង្សា​ទាប និង​មាន​ច្បាប់​កាំភ្លើង​តឹងរ៉ឹង​បំផុត​។ រថយន្ត​ដឹក​សព​ដែល​ដឹក​ភរិយា​លោក​ Abe លោកស្រី​ Akie ត្រូវ​បាន​គេ​ជឿ​ថា​ ដង្ហែ​សាកសព​របស់​លោក​ពី​ទីក្រុង ​Nara ភាគ​ខាងលិច​ទៅកាន់​ទីក្រុង​តូ​ក្យូ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​នគរបាល​និយាយ​ថា អ្នកនយោបាយ​ដ៏​ល្បីឈ្មោះ​ម្នាក់​របស់​ប្រទេស​ជប៉ុនកំពុង​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត នៅ​ពេល​នោះ​បុរស​វ័យ​ ៤១​ឆ្នាំ​ម្នាក់​បាន​បាញ់​លោក​ដោយ​ប្រើ​កាំភ្លើង​កែច្នៃ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ​NHK បាន​រាយការណ៍​ថា ជនសង្ស័យ​បាន​សារភាព​ដល់​នគរបាល​ថា ខ្លួន​មិន​ពេញចិត្ត​ចំពោះ​លោក ​Abe និង​មានបំណង​សម្លាប់​លោក៕អត្ថបទ៖ ប៊ុនថន

កូនឈើជិតមួយម៉ឺនបួនពាន់ដើមត្រូវបានដាំ ដើម្បីអបអរសាទរពិធី រុក្ខទិវា ៩ កក្កដា ២០២២

2022/07/09 12:00:17 pm        1085
បាត់ដំបង៖ បន្ទាប់ពីអាក់ខានប្រារព្ធពិធី រុក្ខទិវា ៩ កក្ដដា ២ឆ្នាំកន្លងមកនេះ ដោយសារការ​រីករាល​ដាល​នៃជំងឺឆ្លងកូវីដ-១៩ នាឆ្មាំ២០២២នេះ កូនឈើជិតមួយម៉ឺនបួនពាន់ដើម ត្រូវបាន​ដាំ​លើផ្ទៃ​ដីដប់ហិកតា នាស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើសំបួសមាស ខេត្តបាត់ដំបង ដើម្បី​អបអរសាទរ ពិធី រុក្ខទិវា ៩ កក្កដា ២០២២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវា​ដ៏​មហានក្ខត្តឬក្សវិសេសវិសាល​ដែល​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា តែងតែប្រារព្ធឡើងនូវព្រះរាជពិធីដាំកូនឈើ ដែលហៅថា «រុក្ខទិវា» ក្រោម​ព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ២ឆ្នាំកន្លងនេះ ដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យផ្អាកការរៀបចំព្រះរាជពិធីដ៏ឧត្តុង្គឧត្តម និងមានអត្ថន័យនេះ។ព្រះរាជពិធី «រុក្ខទិវា» ដែលប្រារព្ធឡើងយ៉ាងមហោឡារឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនានាប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សម្រាប់ រុក្ខទិវា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ​គណៈកម្មាធិការជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង ដោយបានជ្រើសរើសកំណត់យកទីតាំងសម្រាប់ប្រារព្ធពិធី រុក្ខទិវា នេះស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលស្ថានីយនេះត្រូវបានបង្កើតឡើងតាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ២៦៧ ប្រក.កសក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំឈើ បំផុសការចូលរួមដាំឈើ ដើម្បីទប់ស្កាត់ការហូរច្រោះជីជាតិដី កែលម្អគុណភាពដី អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗទៀតជាច្រើនសម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។ រីឯផ្ទៃដីប្រារព្ធ រុក្ខទិវា នាពេលនេះមានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ទំហំ ២៦,១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣ ៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។រុក្ខទិវានេះដែរ ក៏ត្រូវបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ «រុក្ខទិវា» នេះនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» ចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។ពិធី « រុក្ខទិវា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជា ដែលចលនានេះចាប់មានតាំងពី សម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពិធីនេះបានចាប់កកើតតាំងពីទសវត្ស៣០ មកម៉្លេះ ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនាទិវាពលកម្មដាំដើមឈើនៅក្នុងសង្គមដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ម្យ៉ាងទៀតបច្ចុប្បន្ន « រុក្ខទិវា » ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូក១២ មាត្រា៦០ បានចែងថា ដើម្បីជម្រុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។ ទិវានេះពិតជាមានអត្ថន័យដ៏ឧដ្តុង្គឧត្តម និងឧត្តមប្រយោជន៍ដ៏ជ្រាលជ្រៅចំពោះប្រទេសជាតិ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការកសាងគ្រឹះសេដ្ឋកិច្ចជាតិ ក្រោមកិច្ចរួបរួមជាធ្លុងមួយបង្ហាញពីសក្ខីកម្មនៃ សាមគ្គីភាព រវាងប្រជារាស្រ្ត និងមន្រ្តីរាជការទូទាំងប្រទេសក្នុងការជម្រុញលើកទឹកចិត្តចូលរួមចលនាដាំដើមឈើដើម្បីផ្ដល់ជាសារប្រយោជន៍ធនធានទ្រទ្រង់វិស័យកសិកម្ម បង្កើនសុខុមាលភាពគ្រួសារ និងជីវភាពសង្គម ព្រមទាំងកិច្ចគាំពារបរិស្ថាន ស្របតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថា« ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឱ្យបានគ្រប់ៗគ្នា »៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

នាយករដ្ឋមន្ត្រី​ក្រិ​ក អ្នកនាំពាក្យ​អឺរ៉ុប ​លោក​ Johnson និង​រដ្ឋមន្ត្រី​អាល្លឺម៉ង់​សម្ដែង​ការរំលែក​ទុក្ខ​ចំពោះ​លោក ​Abe

2022/07/09 11:54:47 am        1038
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen បាន​សម្តែង​ការរំលែក​ទុក្ខ និង​តក់ស្លុត​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe កាលពី​ថ្ងៃ​សុក្រ​។ ​លោកស្រី von der Leyen បាន​ថ្លែង​ក្នុង​ការ​អត្ថាធិប្បាយ​ធ្វើឡើង​ តា​ម​រយៈ​អ្នកនាំពាក្យ​គណៈកម្មការ​សហភាព​អឺរ៉ុបលោកស្រី Arianna Podesta ថា មនុស្ស​អស្ចារ្យ​ម្នាក់ អ្នកប្រជាធិបតេយ្យ​ដ៏​អស្ចារ្យ និង​ជា​អ្នកគាំទ្រ​សណ្ដាប់ធ្នាប់ពិភព​លោក​ពហុ​ជាតិ​សាសន៍​បាន​ទទួល​មរណភាព​ហើយ​។ ខ្ញុំ​កាន់ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក មិត្តភក្តិ​របស់​លោក និង​ប្រជាជន​ជប៉ុន​ទាំងអស់​។ ឃាតកម្ម​ដ៏​ឃោរឃៅ​លើ​លោក Shinzo Abe ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​រន្ធ​ត់​យ៉ាងខ្លាំង​។​ ​នាយករដ្ឋមន្ត្រី​ក្រិ​កលោក Kyriakos Mitsotakis បានបង្ហាញ​ភាព​ស្អប់ខ្ពើម​ជាខ្លាំង ​ចំពោះ​ឃាតកម្ម​ដ៏​ឃោរឃៅ​លើអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe។​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​អង់គ្លេស​លោក Boris Johnson បាន​សរសេរ​នៅលើ​បណ្តាញ Twitter ថា ការដឹកនាំ​ជា​សកលរបស់លោក Abe នឹង​ត្រូវបាន​មនុស្ស​ជាច្រើន​ចងចាំ​។ ​រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់​លោកស្រី Annalena Baerbock កាលពី​ថ្ងៃ​សុក្រ​បាន​ចូលរួម​រំលែក​ទុក្ខ ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុងនាម​ក្រុម​ប្រទេស​រីកលូតលាស់​ទាំង​២០ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល G-20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ ​លោកស្រី Baerbock នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ ​សម្រាប់​ការវាយប្រហារ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​លើ​ទីក្រុង Nagasaki និង​ជួប​ជាមួយ​សម​ភាគី​ជប៉ុន​របស់លោក​ស្រី​នៅ​ទីក្រុង​តូ​ក្យូ៕អត្ថបទ៖ ប៊ុនថន

លោក Biden ជួប​ឯកអគ្គរដ្ឋទូត​ជប៉ុន​ដើម្បី​សម្ដែង​ការរំលែក​ទុក្ខ​ចំពោះ​លោក Shinzo Abe

2022/07/09 11:25:42 am        1026
​សហរដ្ឋអាមេរិក៖ ខណៈ​សម្តែង​ការគោរព​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ​Shinzo Abe ពី​សំណាក់​មេដឹកនាំពិភពលោក​ ដោយ​មេដឹកនាំ​ជាច្រើន​បាន​សម្តែង​ភាព​តក់ស្លុត ​និង​ទុក្ខព្រួយ ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Joe Biden បាន​សរសើរ​លោក​ Abe ដោយ​ថ្លែងថា ​ចក្ខុវិស័យ​របស់លោក​អំពី​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក សេរី និង​បើកចំហនឹង​នៅ​ឋិតថេរ​។ លើសពីនេះលោក​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ប្រជាជន​ជប៉ុន និង​លះបង់​ជីវិត​ដើម្បី​បម្រើប្រជាជន​។​ ​លោក Biden បាន​ឈប់​ចត​នៅ​ស្ថាន​ឯកអគ្គរដ្ឋទូត​ជប៉ុន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ចុះហត្ថលេខា​លើ​សៀវភៅ​រំលែក​ទុក្ខ​។​ ​លោក Abe ត្រូវបាន​គេ​ធ្វើឃាត​កាលពី​ថ្ងៃ​សុក្រ​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​លោក​ពី​ខាងក្រោយ​ ក្នុងពេល​កំពុង​ថ្លែង​សុន្ទរកថា​ក្នុង​យុទ្ធនាការ​បោះឆ្នោត ជាការ​វាយប្រហារ​ដែល​បានធ្វើឱ្យ​ប្រទេសមួយ​នេះ​ភ្ញាក់ផ្អើល​ ខណៈ​មានច្បាប់​គ្រប់គ្រង​កាំភ្លើង​តឹងរ៉ឹង​បំផុត​នៅ​គ្រប់​ទីកន្លែង​។​ ​ជាមួយគ្នានេះលោក Biden បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio និង​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក​ Abe អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។មេដឹកនាំ​ទាំងពីរ​បាន​សន្ទនា​តាម​ទូរស័ព្ទ​រយៈពេល​ ១០​នាទីនៅ​ម៉ោង ​៨​ព្រឹក​ថ្ងៃ​សៅរ៍​នេះម៉ោង​ក្នុងប្រទេស​ជប៉ុន​។ ​លោក Biden ដែល​កំពុង​ដោះស្រាយ​ការបាញ់ប្រហារ​ កើតមាន​ជាច្រើន​នៅ​សហរដ្ឋអាមេរិកបាន​និយាយថា ការពិត រឿង​មួយ​នេះ​បានធ្វើឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ថា នេះ​ជាការ​ប្រើប្រាស់​អាវុធ​លើកដំបូង​ដើម្បី​សម្លាប់​មនុស្ស​នៅ​ប្រទេស​ជប៉ុន៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធាន​ផ្នែក​ជំនួយ​របស់ UN ទាមទារ​ឲ្យផ្ដល់​​ «ភាពថ្លៃថ្នូរ» ដល់​​អ្នក​ស្រុកតំបន់​​ហ្កាហ្សា
06/19/2026 05:06 PM
ឯកឧត្តមទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន
06/19/2026 05:06 PM
អាជ្ញាធរច្រកសមុទ្រអ៊ីរ៉ង់ សម្របសម្រួលផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
06/19/2026 05:06 PM
រដ្ឋសមាជិក UN បរិហារការបំពានបទឈប់បាញ់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
06/19/2026 05:06 PM
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
06/19/2026 05:06 PM
មនុស្ស ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អាមេរិកលើទូកគ្រឿងញៀនសង្ស័យនៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក
06/19/2026 05:06 PM
ក្មេងៗរង់ចាំការសង្រ្គោះនៅក្នុងថ្នាក់រៀន ក្រោយអគ្គិភ័យឆាបឆេះសាលាបឋមសិក្សានៅទីក្រុងតូក្យូ
06/19/2026 05:06 PM
រលក​រញ្ជួយជាង ៨.៣០០ដង​ ត្រូវបានកត់ត្រា ក្រោយ​​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅកោះ​ Mindanao
06/19/2026 05:06 PM
លោក Macron៖ យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅមជ្ឈិមបូព៌ា ប្រឈម​ធ្វើ​ឲ្យ​អំពើហិង្សារាលដាល
06/19/2026 05:06 PM
ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
06/19/2026 05:06 PM