ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

ព័ត៌មានសំខាន់ៗ

អាមេរិក​ និង​លោក​ខាង​លិច​ប្ដេជ្ញា​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន ស្រប​ពេល​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​ជាថ្មី​

2022/04/20 11:05:39 am        2667
​សហរដ្ឋអាមេរិក៖ មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា យន្តហោះ​ដឹក​អាវុធ​ចំនួន​ ៧​គ្រឿង​របស់​សហរដ្ឋអាមេរិក​ទៅ​អ៊ុយ​ក្រែ​ននឹង​ធ្វើ​ដំណើរ​ទៅ​សហភាព​អឺរ៉ុប​ក្នុង​ពេល ​២៤​ម៉ោង​ទៀត ខណៈ​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​មួយ​ចំនួនបាន​ប្ដេជ្ញា​គាំទ្រ​ផ្នែក​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ​ដើម្បី​ទប់ទល់​ការ​វាយ​លុក​របស់​រុស្ស៊ី​ក្នុង​ភាគ​ខាងកើត​។​គ្រឿង​សព្វាវុធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កញ្ចប់​ថវិកា​ទិញ​អាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៨០០លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋបាល​របស់​លោក Biden បាន​អនុម័ត​កាលពី​សប្ដាហ៍​មុនដែល​រួម​ទាំង​ប្រព័ន្ធ​កាំភ្លើង​ធំ គ្រាប់កាំភ្លើង​ធំ រថពាសដែក និង​ឧទ្ធម្ភាគចក្រ​។ រដ្ឋធានី Kyiv បាន​អំពាវនាវ​រក​អាវុធ និង​ការ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​ដំណាក់កាល​ទី​២ ​របស់​ក្រុង Moscow ក្នុង​ភាគ​ខាង​កើត​តំបន់ Donbas ជាទី​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​ប្រមូលផ្ដុំ​ បន្ទាប់ពី​ការ​ដក​កម្លាំង​របស់​ពួកគេ​ចេញពី​តំបន់​ជាយ​រដ្ឋធានី​របស់​អ៊ុយ​ក្រែ​ន​។​​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ទាហាន​អ៊ុយ​ក្រែ​ន​បាន​ទទួល​យន្តហោះ​បន្ថែម​ទៀត ព្រមទាំង​គ្រឿងបន្លាស់​សម្រាប់​ជួសជុល​យន្តហោះ​ដែល​រង​ការខូចខាត ​ដើម្បី​អាច​ហោះហើរ​ឡើង​វិញ​។​ សេត​វិមាន​និយាយ​ថា ​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​កាន់​តែ​ខ្លាំង​ក្លា ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​បណ្ដា​មេដឹកនាំ​លោក​ខាង​លិច​កាលពី​ថ្ងៃ​អង្គារ​បាន​ពិភាក្សា​ពី​ការ​បង្កើន​ជំនួយ​យោធា សេដ្ឋកិច្ច និង​គាំទ្រ​មនុស្សធម៌​ដល់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​មធ្យោបាយ​បញ្ឈប់​សកម្មភាព​កងទ័ព​របស់​ទីក្រុង Moscow៕អត្ថបទ៖ សុខមាន

កងកម្លាំង​រុស្ស៊ី​ដណ្ដើម​បាន​ទីក្រុង Kreminna នៅ​តំបន់​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/20 03:16:37 am        2625
​អ៊ុយក្រែន៖ អភិបាល​តំបន់​បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ីបាន​ដណ្ដើមយក​ទីក្រុង Kreminna ក្នុង​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដក​ចេញពី​ទីក្រុង​នេះ។ទីក្រុង Kreminna ដែល​មាន​ប្រជាជន​ជាង​ ១៨,០០០នាក់​មុន​ពេល​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី ក្លាយ​ជា​ទីក្រុង​ដំបូង​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ត្រូវ​កងកម្លាំង​រុស្ស៊ី​ដណ្ដើម​បាន ​ចាប់​តាំង​ពី​ពួក​គេ​បាន​បើក​ការ​វាយ​ប្រហារ​ជាថ្មី​នៅ​ក្នុង​តំបន់ Donbas ​ភាគ​ខាងកើត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អភិបាល​តំបន់ Luhansk លោក Serhiy Gaidai បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាន​​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង Kreminna បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរ​បស់​កងទ័ព​រុស្ស៊ី​ហើយ​។ ​ពួកគេ​បាន​ចូល​ក្នុង​ទីក្រុង​នេះ​។​ ​អ្នកការពារ​របស់​ពួក​លោក​ត្រូវតែ​ដកចេញ​។ ​ពួកគេ​បាន​ចូលកាន់​កាប់​ក្នុង​ទីតាំង​ថ្មីៗ​ជាច្រើន​កន្លែង និង​បន្ត​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​។លោក​ពុំបាន​និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​ទីក្រុង Kreminna នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា ទាហាន​របស់​រុស្ស៊ី​បាន​វាយប្រហារ​ចេញពី​គ្រប់​ច្រក​ទាំងអស់​។ ​អភិបាល​តំបន់ Luhansk រូប​នេះ​​និយាយ​ដោយ​ពុំបាន​បញ្ជាក់​ឲ្យ​​ច្បាស់​លាស់​ទេ​ថា ​តើ​អាច​មាន​ចំនួន​អ្នក​ស្លាប់​សរុប​ប៉ុន្មាន​នាក់ ដោយ​លើក​ឡើង​ថា គេ​មិន​អាច​គណនា​ចំនួន​អ្នក​ស្លាប់​ក្នុង​ចំណោម​ប្រជាជន​ស៊ីវិល​បានទេ​។ ​យើង​មាន​ស្ថិតិ​ផ្លូវការ​​ មនុស្ស​ប្រហែល ២០០​នាក់​បាន​ស្លាប់ ប៉ុន្តែ​អ្នក​ស្លាប់​ពិតប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ

2022/04/20 02:31:43 am        621
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤។ គម្រោងនេះ ប្រើ​រយៈពេល​សាងសង់​ប្រមាណ​ជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់​នៅ​ថ្ងៃ​ទី​៣១​ ខែ​តុលា ឆ្នាំ២០២១។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី៖​- សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផល ដែលបានកើត​ឡើង​ដោយសារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដែលជាសមិទ្ធផលជាទី​មោទកភាព​សម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងអ្នករស់នៅខាងក្រោមនៃដងទន្លេ។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចធ្លាប់បានចូលរួម​សម្ពោធដាក់​ឱ្យប្រើប្រាស់​គម្រោង​ប្រភេទ​នេះ​ចំនួន៤ លើករួចមកហើយ រាប់ទាំងលើកនេះ ដែលដំណាក់​កាលនីមួយៗ​នៃ​ការ​សាងសង់ និងស្ថាបនាអស់ថវិកាច្រើនណាស់។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជធានីភ្នំពេញងាយនឹងលិចលង់ខ្លាំងណាស់ បើ​យើង​មិន​បាន​គិតគូរឱ្យបានដិតដល់ និងដោះស្រាយឱ្យបានទាន់ពេលវេលានោះទេ ដែលនេះគឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បីវឌ្ឍនភាព នៃរាជធានីភ្នំពេញ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ញើសារថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជួយកម្ពុជាតាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ន ។ គម្រោងរបស់ជប៉ុន សុទ្ធតែជាគម្រោងដែលប្រជាពលរដ្ឋផ្តល់គុណតម្លៃខ្ពស់ទាំងភាពចាំបាច់ និងគុណភាព នៃការប្រើប្រាស់។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជធានីភ្នំពេញ​មានការ​រីក​ចម្រើន​ខ្លាំង​ណាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ដែលទាមទាឱ្យយើង ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុង​នោះ​មាន​បញ្ហា​សំរាម កាកសំណល់ និងទឹកកខ្វក់ ដែលត្រូវបានដោះស្រាយជាដំណាក់កាលៗ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួយរបស់រដ្ឋភិបាលជប៉ុនផ្តល់ដល់កម្ពុជា គឺ​តាម​រយៈស្ថាន​ទូត​ជប៉ុននៅរាជធានីភ្នំពេញ ព្រមទាំងការផ្តល់ និងវាយតម្លៃដោយ ការ​សម្រេច​ចិត្ត​របស់​ជប៉ុន ក្នុងនោះមានអង្គការ«ចៃកា»ជាដើម។- សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទកភាព នៃទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការ​ជាមួយ​ជប៉ុន ដែលធ្វើឱ្យកម្ពុជាបានមើលឃើញពីវឌ្ឍនភាព និងកិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរ​រវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជប៉ុន គឺជាភាគីដ៏សំខាន់ ដែលទទួលស្គាល់​កម្ពុជា​មុន​គេ ដែលរួមចំណែកក្នុងការទទួលបានឯករាជ្យរបស់កម្ពុជាកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និង​តែងរួមចំណែកជាមួយកម្ពុជារហូតមក រួមទាំងការស្វែងរកសន្តិភាពសម្រាប់កម្ពុជាផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមកដល់កម្ពុជា ក្នុង​ពេល​កម្ពុជា​មានសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស តែខ្មែរក្រហម​តែង​លប​វាយប្រ​ហារ​កង​កម្លាំង​ទាំង​នោះជារឿងៗ រហូតដល់មានសាកសពពួកគេតម្កល់នៅកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាដែលកម្ពុជាជំពាក់លុយជប៉ុន រហូត​ដល់ជប៉ុន​លែង​ឱ្យ​ខ្ចីថែម​ទៀត។ ជំហររបស់ជប៉ុនពេលនោះ គឺប្រឹងប្រែងខ្លាំងណាស់ដើម្បីជួយកម្ពុជា ហើយ​ជប៉ុន​ក៏​បាន​ប្រើប្រាស់វិធីផ្សេងៗ ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន និងទទួលបានកម្ចីឡើងវិញ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងចាស់ មិនមែនជារឿងងាយស្រួល ដូចការអភិវឌ្ឍទីក្រុងថ្មីនោះទេ ដែលទាមទារឱ្យយើងគិតគូរយ៉ាងខ្លាំង ដូចជា​នៅ​ខេត្តសៀមរាប​ជាដើម ដែលមុននឹងយើងធ្វើអ្វីមួយ ត្រូវគោរពបទដ្ឋានបច្ចេកទេស និងផ្នែកពាក់ព័ន្ធជាចាំបាច់។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត អាណត្តិទី៥ ខាងមុខនេះ សម្តេចមិនបានចូលរួមក្នុងយុទ្ធនាការឃោសនាឡើយ សម្តេច​ទុកឱ្យបេក្ខជន មេឃុំ-សង្កាត់ ធ្វើសកម្មភាពដោយខ្លួនឯង តែសម្តេចគ្រាន់តែបញ្ជាក់ថា «បើបក្សប្រជាជនឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនបានដែរ»។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះដោយសេរី និងស្រេច​តែ​គណបក្ស​ខ្លួន​ស្រលាញ់ ប៉ុន្តែសូមកុំឲ្យមានហិង្សា ពេលដែលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់គ្រាបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​បាន​កន្លង​ផុត​ថ្មីៗនេះ ដែលជាពេលវេលាដ៏សប្បាយរីករាយបំផុតរបស់ប្រជាពលរដ្ឋ បន្ទាប់ពីខកខានចូលឆ្នាំថ្មី ប្រពៃណីជាតិ​រយៈពេល២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាត នៃជំងឺកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សភាពការណ៍ចូលឆ្នាំកាលពីឆ្នាំ២០២១ គឺ​ជា​ពេល​វេលា​ដ៏លំបាកបំផុត ដែលគ្រានោះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩មួយថ្ងៃៗរាប់រយនាក់ និងមាន​ករណីស្លាប់ជាច្រើននាក់ក្នុងមួយថ្ងៃៗ ដែលទាមទារ​ឱ្យ​យើង​ត្រូវ​គិត​គូរ​ដល់​សុខុមាលភាព​ប្រជាជនជា​ចំាបាច់។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច​មាន​បំណង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​លើ​ការពាក់ម៉ាស ក្រៅពីខេត្តចំនួន៤ ដែលបានសម្រេចរួចហើយ កាលពីមុន​បុណ្យ​ឆ្នាំថ្មី ប្រពៃណីជាតិ ជាខេត្តមិនមានកាតព្វកិច្ចពាក់ម៉ាស។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នឹងមានខេត្ត ស្រុក ឬតំបន់ផ្សេងៗទៀត ក្រៅពី​ខេត្ត​ចំនួន​៤ ដែលបានសម្រេចរួចហើយ ជាខេត្តមិនមានកាតព្វកិច្ចពាក់ម៉ាស តែអ្វីៗ​នឹង​មាន​ការ​ពិភាក្សា​គ្នា​ជាមុននឹងសម្រេចជាលាយលាក់អក្សរនៅពេលក្រោយ។- សម្តេចតេជោ ហ៊ុន សែន បានលើឡើងពីសារៈសំខាន់ នៃភាពស៊ាំសហគមន៍​ដោយការ​ចាក់​ស្រោច​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះ ករណីឆ្លងជំងឺកូវីដ-១៩ មាន​ការ​ថយ​ចុះ​យ៉ា​ងខ្លាំង ដែលករណីឆ្លងមានកម្រិតតិចភាគរយបំផុត។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់ នៃសុខសន្តិភាព ដែលជាកត្តាចាប់ផ្តើម នៃ​ភាពភាពសុខសាន្តប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។ សម្តេចបញ្ជាក់ថា «កុំពេលមានពេលសង្គ្រាម ទើបស្រែកសន្តិភាព»។ យើងត្រូវតែរួមគ្នារក្សាសន្តិភាពនេះឱ្យបាន ទោះជាស្ថិតនៅក្នុងតម្លៃណាក៏ដោយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រែក្លាយស្ពានដែកឆ្លងសមុទ្រនៅខេត្តកោះកុង ទៅ​ជា​ស្ពាន​បេតុង ព្រោះស្ពានដែកបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរខ្លាំងណាស់ ពិសេស​ពេល​មាន​ភ្លៀងធ្លាក់ ដោយអ្នកទទួលបន្ទុកសាងសង់ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដល់តម្លៃប្រេងឥន្ធនៈ ដែលឡើងខ្ពស់នៅកម្ពុជា ដោយ​សម្តេច​បញ្ជាក់ថា ការឡើងថ្លៃនេះ គឺកើតមានទូទាំងពិភពលោក ដែលមូលហេតុ នៃការឡើងថ្លៃនេះ ម្នាក់ៗក៏សុទ្ធតែដឹងហើយដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​កោតសរសើរ​ដល់​ភាពចាស់​ទុំ​របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ហា​អនាម័យ និងបោះចោលសំរាម ក្រៅពីវិធានការអាជ្ញាធរ និងក្រុមហ៊ុនប្រមូល-ដឹកជញ្ជូនសំរាម ដែល​ធ្វើ​ឱ្យសហគមន៍គ្មានសំរាម។- សម្តេចតេជោ ហ៊ុន សែន ប្រកាសជំរុញឱ្យមាន«ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជា​គំនិត​ផ្តួចផ្តើម របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួងទេសចរណ៍ ដែលជាផ្នែកមួយ នៃ​និរន្តរភាព​ទេសចរណ៍នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា និងវិធានការការពារការបាញ់សម្លាប់សត្វព្រៃ និង​ហាមកាប់បំផ្លាញព្រៃឈើ ជីវចម្រុះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយមោទកភាពចំពោះភាពស៊ាំសហគមន៍ ក្នុង​អំឡុង​ពេល​ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងផុតថ្មីៗនេះ។ សម្តេច​បញ្ជាក់ថា មានវ៉ាក់សាំងជារឿងល្អមួយ ដែលអ្វីដែលសំខាន់ៗបំផុតនោះ គឺការ​ប្រើប្រាស់​វ៉ាក់សាំង​ឱ្យ​ចុះគោលដៅ និងមានប្រសិទ្ធភាព តាមរយៈយុទ្ធនាការ​ចាក់​ស្រោច​វ៉ាក់សាំង​តាម​របៀប​«ផ្ការីក» ដោយយើងសម្រុកចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមុន។- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​បង្ហារ​ជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី៣ និងដូសទី៤) ដើម្បីពង្រឹង​ភាពស៊ាំ​សហគមន៍​ប្រឆាំង​នឹង​ការ​ឆ្លង​រីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង ដោយសម្តេចដាក់គោលដៅតាមរោងចក្រ, អាជីវករ​លក់ដូរ និងអ្នកប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធជាដើម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃនេះករណីឆ្លងថ្មីជំងឺកូវីដ-១៩ មានចំនួន ២៧នាក់ ដែលកាលពីម្សិលម៉ិញ(ថ្ងៃទី១៩ ខែមេសា)មានចំនួនត្រឹមតែ ១៤នាក់ប៉ុណ្ណោះ ដោយសម្តេចបានបញ្ជាក់ថា ទោះជាករណីឆ្លងប្រចាំថ្ងៃ នៅថ្ងៃនេះ មានចំនួនកើនឡើងបន្តិចក្តី តែវាមិនស្ថិតក្នុងកម្រិតព្រួយបារម្ភឡើយ ធ្វើយ៉ាងម៉េចឱ្យតួលេខឆ្លងស្ថិតក្នុងកម្រិតមិនលើស ២ខ្ទង់ និងគ្មានករណីស្លាប់ថ្មី រាប់ថាជាភាពជោគជ័យមួយសម្រាប់កម្ពុជាហើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ក្រៅពីខេត្តចំនួន៤ ដែល​ដកកាតព្វកិច្ចពាក់ម៉ាស នៅតែបន្តរក្សាការពាក់ម៉ាស រក្សាអនាម័យផ្ទាល់ខ្លួន និងគោរព​នូវវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង១៤នាទី

សម្តេចតេជោ៖ បើគ្មានសន្តិភាពទេ គឺគ្មានឡើយសេចក្តីសប្បាយ ហើយកុំពេលមានសង្រ្គាមទើបស្រែករកសន្តិភាព

2022/04/20 09:12:13 am        775
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា បើគ្មានសុខសន្តិភាពទេ គឺគ្មានសេចក្តីសប្បាយរីករាយនោះឡើយ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋគ្រប់រូប​គប្បីបន្តរក្សានូវ​សុខសន្តិភាពនេះ​ឲ្យបានកុំពេលមានសង្រ្គាមទើបស្រែករកនៅសុខសន្តិភាពនោះ។ថ្លែងក្នុងពិធីអញ្ជើញសម្ពោធគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានី​ភ្នំពេញ​ជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បាន​លើក​ឡើងថា សន្តិភាពគឺជាការផ្តើម នៃភាពសុខសាន្ត និងការអភិវឌ្ឍរីកចំរើននៅប្រទេសកម្ពុជា ហើយបើគ្មានសុខសន្តិភាពទេ សូមកុំសង្ឈឹមថាមានសេចក្តីសុខ និងភាពសប្បាយរីករាយ​ដូច​សព្វថ្ងៃ​នេះឲ្យសោះ ជាក់ស្តែង កាលពីចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះបងប្អូនប្រជាពលរដ្ឋ បានដើរលេងកម្សាន្ត​គ្រប់ទីកន្លែងទាំងអស់ប្រកបដោយសេចក្តីសប្បាយរីករាយ។ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ក៏បានលើកឡើង​អំពីភាពរីកចំរើន​កាន់តែច្រើន​នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្នផងដែរ ខណៈកាលពីជាង៤០មុន​ ទីក្រុងបេះដូងខ្មែរ​មួយនេះគ្មានមនុស្សនៅ ហើយក៏មានសំរាមច្រើនដូចសព្វថ្ងៃនេះផងដែរ។ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នៅតែបន្ត​អំពាវនាវ​ដល់បងប្អូនជនរួមជាតិ​ទាំងអស់​បន្តរក្សា ការពារនូវសុខសន្តិភាពនេះឲ្យបាន ខណៈប្រទេស​ដែលកំពុងកើត​សង្រ្គាម​ដូចជា​ប្រទេសអ៊ុយក្រែន​កំពុងស្រែករកសុខសន្តិភាព។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការរីករាយផងដែរ ដោយសម្តេច​លើកឡើង​ពីកត្តា៦ ដែលនាំ​ឲ្យពលរដ្ឋសប្បាយរីករាយខ្លាំងពេលចូលឆ្នាំកន្លងមក ដោយក្នុងនោះរួមមាន សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើត​ឡើងនូវតំបន់ទេសចរណ៍ថ្មី និងភាពស៊ាំសហគមន៍ ដោយសារ​តែការ​ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩​របស់បងប្អូនប្រជាពលរដ្ឋ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលនានាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤

2022/04/20 07:27:13 am        1637
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ចំណាយថវិកាទឹកប្រាក់សរុបប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។គម្រោងសាងសង់សំណង់ទាំងអស់នេះគឺដើម្បីការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិ បតីភាពបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខេមីនា ឆ្នាំ២០១៩កន្លងទៅ។ គម្រោងនេះ ប្រើរយៈពេលសាងសង់ប្រមាណជា ៣៦ខែ ដោយចាប់ផ្តើមគម្រោងពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕

សម្តេចម៉ែ រាជានុញ្ញាតឱ្យប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ

2022/04/19 09:11:37 am        634
ភ្នំពេញ៖ គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលព្រះរាជានុញ្ញាតចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រះរាជដំណាក់សិរីមង្គល ព្រះបរមរាជរាំង នាព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២២នេះ។វត្តមានគណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជា គឺ ដើម្បីក្រាបថ្វាយបង្គំបង្ហាញសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីអណត្តិឆ្នាំ២០២១-២០២៤ និងថ្វាយព្រះពរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕

លោក Guterres អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​

2022/04/19 03:18:27 pm        1073
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres បាន​អំពាវនាវ​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​ចន្ទ ឲ្យ​មាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​អនុញ្ញាត​ឲ្យ​ជំនួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចូល​ទៅ​ដល់ ព្រមទាំង​ទុក​ពេល​សម្រាប់​ការ​ជម្លៀស​មនុស្ស​ចេញ​ផង​ដែរ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​លោក​ដែល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។​ការ​អំពាវនាវ​នេះ​មាន​ឡើង ​ក្រោយ​ការវាយប្រហារ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​ ​ភាគច្រើន​ការ​វាយ​ប្រហារ​ថ្មីៗ​លើ​ទីក្រុង Lviv, Dnipro, Kharkiv និង​ទីក្រុង Mykolaiv ដែល​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ជាច្រើន​រងគ្រោះ និង​ទ្រព្យសម្បត្តិ​រង​ការខូចខាត​។ ​អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Stéphane Dujarric បាន​និយាយ​នៅ​ក្នុង​ទីក្រុង New York​ ថា លោក Guterres ក៏បាន​បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​បំផុត​ផង​ដែរ អំពី​ការ​អំពាវ​នាវ​ដែល​នៅតែ​បន្ត​អំពី​ស្ថានភាព​មនុស្សធម៌​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​រង​ការឡោមព័ទ្ធ Mariupol​។ថ្លែង​អំឡុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ​លោក Dujarric បាន​និយាយ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ជំរុញ​គ្រប់​ភាគី​ទាំងអស់ ឲ្យ​អនុម័ត​បទ​ឈប់​បាញ់​មនុស្សធម៌​ភ្លាមៗ​ និង​ជាបន្ទាន់ ដែល​នឹង​អាច​រក្សា​សុវត្ថិភាព​ និង​ធានា​បាន​នូវ​មុខងារ​ចក្រ​របៀង​មនុស្សធម៌​ដើម្បី​ជួយ​ជម្លៀស​ជន​ស៊ីវិល និង​ដឹក​ជញ្ជួន​ជំនួយ​មនុស្សធម៌​ជួយ​សង្គ្រោះ​អាយុជីវិត និង​ផ្ដល់​ជំនួយ​ជា​ថ្នាំសង្កូវ​ដល់​ពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្រាន់៕អត្ថបទ៖ សុខមាន

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​មាន​ជំនួយ​មនុស្សធម៌​បន្ថែម​ទៀត​នៅ​អ៊ុយ​ក្រែ​ន

2022/04/19 12:46:52 pm        693
​អ៊ុយក្រែន៖ មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​ជំនួយ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​និយាយ​ថា ​រុស្ស៊ី និង​អ៊ុយ​ក្រែ​នចាំបាច់​ត្រូវ​រួមគ្នា និង​ចរចា​បទ​ឈប់​បាញ់​ដោយ​លទ្ធផល​ផ្លែផ្កា​ ដើម្បី​ឲ្យ​ក្បួន​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​អាច​ចូល​ទៅ​ដល់​ជន​ស៊ីវិល​។​ ​លោក Matin Griffiths បាន​និយាយ​ថា យើង​សុំ​ឱ្យ​ភាគី​ទាំងអស់​យល់​ពី​ការបំផ្លាញ​ ដែល​កំពុង​កើតមាន​ឡើងជាលទ្ធផល​នៃ​ការ​វាយ​លុក​នៅ​អ៊ុយ​ក្រែ​ន​។ យើង​ស្នើ​ឱ្យ​ភាគី​នានា​ត្រលប់​ទៅ​តុ​ចរចា​វិញ​ នៅទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួរគី​ដើម្បី​បន្ត​ការចរចា​ជា​សំខាន់​ ទោះបីជា​គោលដៅ​សង្គ្រាម​នៅតែ​មិនទាន់​ច្បាស់​ក៏ដោយ​។​ ​ការ​ថ្លែង​របស់លោក Griffiths បានធ្វើ​ឡើង ខណៈ​អ្នកសម្របសម្រួល​មនុស្ស​ធម៌​ជាន់ខ្ពស់​រូបនេះ បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គី​វ ជា​កន្លែង​ដែល​លោក​បាន​ជំរុញ​ឱ្យភាគី​ទាំង ២ ​ធ្វើការ​ដើម្បី​អនុញ្ញាត​ឱ្យមាន​ជំនួយ​មនុស្សធម៌ ជាពិសេស​នៅ​ក្នុង​ទីក្រុង Mariupol ដែលលោក Griffiths បាន​ស្នើ​សុំ​ឱ្យ​មានការ​ជម្លៀស​ជន​ស៊ីវិល​ចេញ​បន្ថែម​ទៀត​។​​លោក Griffiths បាន​និយាយ​ថា ក្បួន​រថយន្ត​ផ្តល់​ជំនួយ​មិន​ដំណើរការ​ទៅដល់​ប្រជាជន ដែល​រង​ផលប៉ះពាល់​នោះ​ទេ ព្រោះ​ភាគី​ទាំងពីរ​មិន​ចុះសម្រុង​ជាមួយគ្នា ហើយ​ដាក់​កំហុស​ឲ្យ​គ្នា​ទៅវិញទៅមក៕ អត្ថបទ៖ ប៊ុនថន

លោក Putin អះ​អាង​ថា ទណ្ឌកម្ម​ប្រទេស​លោក​ខាង​លិច​បាន​បរា​ជ័យ

2022/04/19 05:11:44 am        2382
​រុស្ស៊ី៖ ប្រធានាធិបតី​លោក Vladimir Putin បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា គោលនយោបាយ​ដាក់​ទណ្ឌកម្ម​ដែល​អនុវត្ត​ដោយ​ប្រទេស​លោក​ខាង​លិច​មក​លើ​រុស្ស៊ី​បាន​បរាជ័យ​។ ​លោក Putin និយាយថា យុទ្ធសាស្ត្រ​វាយប្រហារ​ភ្លាមៗ​ផ្នែក​សេដ្ឋកិច្ចមិន​ដំណើរការ​នោះទេ ហើយ​អ្នក​ផ្ដួចផ្ដើម​ខ្លួន​ឯង​បាន​ខាតបង់​ធំ​ជាមួយ​នឹង​អតិផរណា និង​កំណើន​គ្មាន​ការងារ​ធ្វើ ជាមួយសក្ដានុពល​សេដ្ឋកិច្ច​កាន់តែ​ធ្លាក់​យ៉ាប់យ៉ឺន​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។​ ​បន្ទាប់មក​លោក Putin ​បាន​ថ្លែង​លើកឡើង​ពី​តួលេខ​អតិផរណា​ខ្លាំង​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គាំទ្រ​ប្រជាពលរដ្ឋ​ជួយ​ពួកគេ​ ដោះស្រាយ​ជាមួយ​នឹង​រលក​នៃ​អតិផរណា​។​ ​ជាមួយ​គ្នា​នេះសេត​វិមាន​និយាយ​ថា ខ្លួន​កំពុង​ពិចារណា​លើ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​រុស្ស៊ី ខណៈ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​កំពុង​ចាប់ផ្តើម​ដាក់​គំនាប​លើ​សេដ្ឋកិច្ច​រុស្ស៊ី​។ ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ អ្នកនាំពាក្យ​លោកស្រី Jen Psaki បាន​និយាយ​ថា អ្នក​នឹង​មើល​ឃើញ​យើង​បន្ត​បន្ថែម​គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង ហើយ​បន្ត​មាន​វិធានការ​ដើម្បី​រឹតត្បិត​បន្ថែម​ទៀត​នូវ​ទណ្ឌកម្ម​របស់​យើង ​ដើម្បី​ការពារ​ការ​គេចវេះ​របស់​រុស្ស៊ី​៕អត្ថបទ៖ ប៊ុនថន

ការ​វាយ​លុក​របស់​រុស្ស៊ី​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​ប្រមាណ​ ៣០%

2022/04/19 11:42:17 am        1107
​អ៊ុយក្រែន៖ រដ្ឋមន្ត្រី​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​លុកលុយ​របស់​រុស្ស៊ី​បាន​បង្ក​ការខូចខាត ឬ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយ​ក្រែ​ន​ប្រមាណ ៣០% ដែល​ស្មើ​ទឹក​ប្រាក់​ប្រមាណ​ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បន្ថែម​ថា ការសាងសង់​ឡើងវិញ​អាច​រួចរាល់​ក្នុង​រយៈពេល ​២​ឆ្នាំដោយ​ប្រើ​ទ្រព្យសម្បត្តិ​របស់​រុស្ស៊ី​ដែល​បាន​បង្កក​ដើម្បី​ជួយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ​។​​ប្រទេស​អ៊ុយ​ក្រែ​ន​មិន​ធ្លាប់​បាន​បញ្ជាក់​ពី​ផល​ប៉ះពាល់​ជាក់លាក់​ ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ទេដូចជា​ផ្លូវថ្នល់ និង​ស្ពាន​ជាដើម ទោះបីជា​ក្រុម​មន្ត្រី​និយាយ​ថា ថវិកា​សរុប​សម្រាប់​ការខូចខាត​លើ​អ្វីៗ​គ្រប់​បែប​យ៉ាង ចាប់ពី​ការ​ដឹក​ជញ្ជូន​ដល់​លំនៅឋាន និង​អគារ​ផ្សេងទៀត​នឹង​កើន​ឡើង​ដល់ ៥០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​រដ្ឋមន្ត្រី​ហេដ្ឋារចនាសម្ព័ន្ធ​អ៊ុយ​ក្រែ​ន​លោក Oleksander Kubrakov បាន​ប្រាប់​សារព័ត៌មាន Reuters ថា ​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​របស់​យើង ទទួល​រង​ការ​ខូច​ខាត​ដូចគ្នា​ទាំងអស់​។​​លោក Kubrakov បាន​និយាយ​ថា ស្ពាន​ជាង ៣០០​កន្លែង​នៅ​តាម​ផ្លូវជាតិ​នានា​ត្រូវ​បាន​ខូចខាត ឬ​រង​ការ​បំផ្លិច​បំផ្លាញ​ ផ្លូវ​ចម្ងាយ​ជាង ៨,០០០​គីឡូម៉ែត្រ​ត្រូវការ​ជួសជុល​ជា​ចាំបាច់ ឬ​កសាង​ឡើងវិញ និងស្ពាន​សម្រាប់​ផ្លូវ​រថភ្លើង​រាប់​សិប​កន្លែង​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​បំផ្ទុះ​គ្រាប់បែក​។ លោក​បាន​ដាក់​ការ​សន្និដ្ឋាន​ការខូចខាត​ស្មើ​ទំហំ​ទឹកប្រាក់​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​អាមេរិក៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មបើកយុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល លើកកម្ពស់ សហគ្រាសក្នុងស្រុក
06/29/2026 09:06 PM
រលករញ្ជួយកម្រិត ៤,៦រ៉ិចទ័រ បានអង្រួនទីក្រុង Caracas ខណៈប្រតិបត្តិការរុករកបន្តសម្រាប់អ្នករស់រាន
06/29/2026 08:06 PM
ប៉ូឡូញបញ្ជាទិញនាវាមុជទឹក ៣គ្រឿងពីក្រុមហ៊ុន Saab របស់ស៊ុយអែត ក្នុងតម្លៃជាង ៤,៨ពាន់លានដុល្លារ
06/29/2026 08:06 PM
ទីក្រុងគីវរបស់អ៊ុយក្រែនមើលឃើញសីតុណ្ហភាពកើនឡើងដល់ ៣៤អង្សាសេ ខណៈរលកកម្តៅវាយប្រហារអឺរ៉ុប
06/29/2026 08:06 PM
កង្វះខាតប្រេងជំរុញឲ្យពលរដ្ឋរស់នៅទីក្រុង Rostov របស់រុស្ស៊ី ដើរទៅធ្វើការ ឬឈប់ធ្វើការ
06/29/2026 08:06 PM
ពលរដ្ឋហ្កាហ្សារៀបចំពិធីបុណ្យសពសម្រាប់ជនប៉ាឡេស្ទីនត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជន
06/29/2026 08:06 PM
មនុស្ស ៣ស្លាប់ ក្រោយជញ្ជាំងស្ថិតក្រោមការសាងសង់បាក់រលំនៅភាគពាយ័ព្យប្រទេសឥណ្ឌា
06/29/2026 08:06 PM
លោក Macronជួបស្តេចស៊ូតង់អូម៉ង់ នៅទីក្រុងប៉ារីសជាទីដែលរដ្ឋាភិបាលទាំង ២ចុះហត្ថលេខាកិច្ចព្រមព្រៀងសហប្រតិបត្តិការ
06/29/2026 08:06 PM
វិមានក្រឹមឡាំង៖ គោលជំហររបស់រុស្ស៊ីចំពោះលក្ខខណ្ឌកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែនមិនផ្លាស់ប្តូរចាប់តាំងពីឆ្នាំ ២០២៤
06/29/2026 08:06 PM
តំបន់ភាគអាគ្នេយ៍អឺរ៉ុបមានអារម្មណ៍ថា រងឥទ្ធិពលពីរលកកម្តៅ ខណៈភ្លើងឆេះព្រៃឆាបឆេះឡើង
06/29/2026 08:06 PM