សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្តេចធិបតីលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត
ផ្ទះទេវតាទី៣៣៥ មួយខ្នងទៀត ដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយចាស់ជរានៅខេត្តតាកែវ

ព័ត៌មានសំខាន់ៗ

ទួរគី​នឹង​រៀបចំ​ជំនួប​ចរចា​ទល់មុខ​គ្នា​ជុំ​បន្ទាប់​រវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​គីវ

2022/03/28 10:09:50 am        698
​ទួរគី៖ ទីក្រុង Istanbul នឹង​ក្លាយ​ជា​ទីតាំង​នៃ​ជំនួប​ចរចា​ស្វែងរក​សន្តិភាពទល់មុខ​គ្នា​ជុំ​បន្ទាប់​ រវាង​ក្រុម​អ្នកចរចា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ខណៈ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan នឹង​ប្រើ​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​ប្រទេសជិតខាង​សមុទ្រ​ខ្មៅ​ទាំង​២ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​បញ្ចប់​ជម្លោះ​នេះ​។​​លោក David Arakhamia មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​សភា​អ៊ុយ​ក្រែ​ន និង​ជា​ប្រធាន​ក្រុម​អ្នកចរចា​សម្រាប់​ទីក្រុង​គី​វ បាន​ប្រកាស​ពី​ជំនួប​ចរចា​ស្វែងរក​សន្តិភាព​ចុងក្រោយ​បំផុត​នេះ​កាលពី​ថ្ងៃអាទិត្យ​។ ​ការចរចា​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី៣០ ​ខែ​មីនា ជាការ​ផ្ដល់ឱកាស​ដល់​ទីក្រុង​អង់កា​រ៉ា ​ជាថ្មី​ក្នុង​តួនាទី​ដ៏​សំខាន់​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​។ ប្រទេស​ទួរគី​ធ្លាប់​បាន​រៀបចំ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Antalya កាលពី​ដើមខែ​នេះ​។ ​ក្នុង​ឋានៈ​ជា​សមាជិក​ណា​តូ ប្រទេស​ទួរគី​បាន​ព្យាយាម​ដើរ​យ៉ាង​ប្រយ័ត្នប្រយែង​ រវាង​ការ​ថ្កោល​ទោស​ការ​វាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ការ​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​វិស័យ​ការពារ​ជាតិ​ដ៏​ជិតស្និទ្ធ​របស់​ខ្លួន​ជាមួយ​ទីក្រុង Moscow​។​ក្រុង​អង់កា​រ៉ា​បាន​ជំទាស់​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​លើ​រុស្ស៊ី ប៉ុន្តែ​បាន​ទាត់ចោល​សំណើ​ដែល​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​រុស្ស៊ី ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ទួរគី​ចូល​ទៅ​សមុទ្រ​ខ្មៅ​។​ ថ្លែង​នៅ​វេទិកា​ក្រុង Doha ប្រទេស​កាតា អ្នកនាំពាក្យ​លោក Erdogan គឺ​លោក Ibrahim Kalin បាន​ព្រមាន​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ទីក្រុង Moscow ឯកា ដោយ​លើក​ឡើង​ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​មានឱកាស​ស្ដាប់​លឺមធ្យោបាយ​មួយ ឬ​អ្វី​ផ្សេងទៀត បើ​អ្នក​គ្រប់គ្នា​ដុត​ចោល​ស្ពាន​ចម្លង​ជាមួយ​រុស្ស៊ី អញ្ចឹង​តើ​អ្នកណា​នឹង​និយាយ​ជាមួយ​ពួកគេ?​។​ លោក Erdogan ត្រូវ​គេ​រាយការណ៍​ថា​បាន​ជំរុញ​លោក Putin ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ឲ្យ​មាន​បទ​ឈប់​បាញ់ ​និង​បង្កើន​លក្ខខណ្ឌ​មនុស្ស​ធម៌​នៅ​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តនឹងការផ្សព្វផ្សាយថា«ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»

2022/03/28 10:00:14 am        460
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ»។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើនលើពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាងសស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។ពាក់ព័ន្ធនឹងបញ្ហានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសក៏ធ្លាប់បានប្រកាសច្រានចោលផងដែរ ហើយលោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឫដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានអំពាវនាវដល់អ្នកដែលមានជំងឺប្រចាំកាយ ដូចជា អេសដ៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួនផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ៖ គ្មានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ

2022/03/28 09:46:11 am        821
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជាលក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ថ្លែងក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)នៅព្រឹកថ្ងៃទី២៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បន្តថា ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ សម្តេចបញ្ជាក់ថា អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ៕

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយ​ថា រូបលោក​មានបំណង​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី​ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ជា​ប្រទេស​អព្យាក្រឹត​

2022/03/28 09:20:53 am        1703
​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​នត្រូវ​បាន​ត្រៀមរួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ជា​ប្រទេស​អព្យាក្រឹត​ជា​ផ្នែក​មួយ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ធានា​ដោយ​ភាគី​ទី​៣ និង​ដាក់​ចូល​ទៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​។​​ខណៈ​កំពុង​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី​តាម​វីដេអូ ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក Zelenskyy បាន​បញ្ជាក់​ថា ការធានា​សន្តិសុខ និង​អព្យាក្រឹតដែល​ជា​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​របស់​យើង យើង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​។ នេះ​គឺជា​ចំណុច​សំខាន់​បំផុត ទោះបីជា​មានការ​ព្រមាន​ជា​សាធារណៈ​ពី​ក្រុម​អាជ្ញាធរ​របស់​ទីក្រុង Moscow ក៏ដោយ​។​ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើ​សារ​របស់​លោក​ទៅកាន់​ប្រជាពលរដ្ឋ​រុស្ស៊ី​ទាំងអស់ ដូចដែល​លោក​ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​សុន្ទរកថា​ជាច្រើន​កាលពី​កន្លងទៅ​។​ លោក​បាន​និយាយ​ថា ​ការ​លុកលុយ​របស់​រុស្ស៊ីបាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ ដែល​មាន​ប្រជាពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​បន្ថែម​ថា ការខូចខាត​គឺ​ធ្ងន់ធ្ងរ​ជាង​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ទីក្រុង Chechnya ទៅទៀត​។​លោក​បន្ថែម​ទៀត​ថា អ៊ុយ​ក្រែ​ន​បាន​កំពុង​ពិភាក្សា​ពី​ការប្រើប្រាស់​ភាសា​រុស្ស៊ី ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នក្នុង​ការចរចា​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បាន​ច្រានចោល​ការពិភាក្សា​ការ​ទាមទារ​ផ្សេងទៀត​របស់​រុស្ស៊ី ដូចជា​ការ​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​នក្លាយ​ជា​ប្រទេស​គ្មាន​យោធា​។ លោក​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ បើ​គ្មាន​បទ​ឈប់​បាញ់ និង​ការ​ដក​កងទ័ព​រុស្ស៊ី​ចេញពី​អ៊ុយ​ក្រែ​ន​៕អត្ថបទ៖ សុខមាន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន​ សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ​ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង)

2022/03/28 02:15:26 am        683
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ (មន្ទីរពេទ្យព្រះអង្គឌួង) រាជធានីភ្នំពេញ ក្រោមជំនួយ​ឥតសំណង​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)។ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅឆ្នាំនេះ២០២២នេះ គឺជាខួបលើកទី២៥ នៃខួបទំនាក់ការទូតឡើងវិញរវាងកម្ពុជា-កូរ៉េ ដែលជាចំណងការទូតប្រកបដោយមោទនភាព និងវឌ្ឍនភាព។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ពេលនេះស្ថានភាពកម្ពុជាបានធូរស្រាល ដោយសារយើងអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន ឱ្យស្ថិតនៅកម្រិតមួយ ហើយក៏ជាចូលរួមចំណែក​ដ៏ធំធេងមិនអាចបំភ្លេចបាន នូវវិរៈភាពរបស់ក្រុមគ្រូពេទ្យកម្ពុជាទាំងអស់ ដែលប្រឹងប្រែងអស់​កម្លាំងកាយចិត្ត​ដើម្បីប្រជាពលរដ្ឋកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ក្នុងកម្រិតខ្ពស់ ដែលធ្វើឱ្យសហគមន៍កម្ពុជាមានភាពស៊ាំប្រឆាំងកូវីដ-១៩ ទោះជាករណីឆ្លងកើតឡើង ក៏ដោយ ក៏មិនបណ្តាលឱ្យក្លាយជាករណីធ្ងន់ធ្ងរ ឬស្លាប់ឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឡើងវិញថា ប្រជាពលរដ្ឋកម្ពុជា អាចកម្សាន្តសប្បាយ​រីករាយ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២២នេះ យ៉ាងពិតប្រាកដ ព្រោះយើងមិន​មាន​ការព្រួយបារម្ភខ្លាំងដោយសារជំងឺកូវីដ-១៩ទៀតទេ តែយើងបារម្ភនោះ គឺបញ្ហាតម្លៃ​ប្រេងឥន្ធនៈ ដែលយើងមិនដឹងថា ដល់ពេលចូលឆ្នាំ តម្លៃសាំងឡើងដល់កម្រិតណានោះឡើយ។- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសបន្តការសាងសង់មន្ទីរពេទ្យឯកទេស​សម្រាប់ព្យាបាលជំងឹកូវីដ-១៩ ដែលអាចដាក់អ្នកជំងឺកូវីដ-១៩បានចំនួន១ម៉ឺននាក់ សាងសង់ដោយរាជរដ្ឋាភិបាលកម្ពុជា។- សម្តេចបញ្ជាក់ថា ទោះពេលសាងសង់រួច ជំងឺកូវីដ-១៩បានធូរស្រាលយ៉ាងណាក៏ដោយ យើងក៏អាចនៅតែប្រែក្លាយមន្ទីរពេទ្យនោះទៅជាកន្លែងព្យាបាលជំងឺទូទៅតាមជាក់ស្តែង។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពេលនេះកូវីដ-១៩ មិនមានតួលេខស្លាប់​ដូចករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដែលអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​ក្នុងមួយថ្ងៃមានចំនួនប្រមាណ៥នាក់ ដែលជាចំនួនច្រើនគួរឱ្យព្រួយបារម្ភ និងសោកស្តាយ ខណៈដែលប្រជាពលរដ្ឋអ្នកធ្វើដំណើរ, អ្នកប្រើប្រាស់ដងផ្លូវ សុទ្ធតែអាចការពារខ្លួនពីករណី​នេះបានទាំអស់គ្នា តាមរយៈការគោរពច្បាប់ចរាចរណ៍ គោរពសិទ្ធិអទិភាព និងចេះអត់ឱនយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។- សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយសម្តែងការហួសចិត្តចំពោះការផ្សព្វផ្សាយដ៏អកុសលថា «ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងនាំឱ្យមានជំងឺមហារីកនៅពេលក្រោយ» ដែលសម្តេចចាត់​ទុកការផ្សព្វផ្សាយទាំងនោះ គឺជារឿងដែលមិនអាចទទួលយកបាន ខណៈដែលប្រទេសជាច្រើន​លើ​ពិភពលោកកំពុងតែចាក់ និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩នេះជាបន្តបន្ទាប់ និងយ៉ាង​​សស្រាក់សស្រាំ ហើយថែមទាំងមានចំនួនច្រើនទៀតផង ដូចជា ប្រទេសចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង..។ល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកដំណើរពីក្រៅប្រទេស ចូលមកកម្ពុជា ត្រូវបានលើកលែងអស់ហើយពាក់ព័ន្ធនឹងវិធានការកូវីដ-១៩ ដែលជាផ្នែក​ដើម្បីស្រូបទាញទេសចរ និងធុរកិច្ច តែយើងក៏មិនបានមើលស្រាលចំពោះបញ្ហាកូវីដ-១៩នោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានជំហរ​ជាលក្ខណៈអន្តរជាតិចំពោះបញ្ហាពិភពលោក ដែលអធិបតេយ្យភាពជាតិផ្តាច់មុខរបស់កម្ពុជា។ កម្ពុជាមិនសំដៅតែលើរុស្ស៊ីនោះទេ គឺកម្ពុជាប្រឆាំងរាល់ការប្រើប្រាស់កម្លាំងយោធា ដើម្បីរំលោភបំពានលើប្រទេសមួយទៀត។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការគោរពអធិតេយ្យជាតិរបស់អ៊ុយក្រែន គឺស្នើនឹងគោរពអធិបតេយ្យជាតិរបស់ខ្លួនឯងផងដែរ ដែលនេះគឺជាអ្វីដែលយើងត្រូវតែធ្វើ និងប្រកាន់យក។- សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីបានប្រកាសថា កម្ពុជាមិនត្រូវការយន្តហោះចម្បាំង ឬនាវាមុជទឹកនោះទេ តែអ្នកឯងក៏មិនអាចរំលោភបំពានលើកម្ពុជាបានដែរ ព្រោះយើងមានអាវុធពីក្រោមដើម្បីកម្ទេចអ្នកឯង អ្វីដែលយើងត្រូវមាននៅពេលនេះ គឺសំណាញ់មេឃ សម្រាប់ការពារកម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយកលុយទៅទិញយន្តហោះចម្បាំង ឬនាវាមុជទឹក សុខចិត្តយកលុយទាំងនោះ ទៅកសាងសាលារៀន ឬមន្ទីរពេទ្យ បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋវិញ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឈរខាងអ៊ុយក្រែន ឈរនៅជាមួយប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ព្រោះកម្ពុជាយើងក៏ធ្លាប់​ទទួលរងនូវការ​ឈ្លានពានដូច​ករណីនោះដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្ថែមទៀតថា សម្តេចមិនអនុញ្ញាតឱ្យ​ប្រជាជនកម្ពុជាណាម្នាក់ ទៅធ្វើទាហានដើម្បីជួយច្បាំងអ៊ុយក្រែននោះទេ តែអ្វី​ដែលកម្ពុជាយើងអាចធ្វើទៅបាននោះ គឺបង្ហាញជំហរជាលក្ខណៈអន្តរជាតិដើម្បីគាំទ្រអ៊ុយក្រែន។- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា រុស្ស៊ី និងអ៊ុយក្រែន នឹងប្រឹងប្រែងអត់ធ្មត់ និងចូលតុចរចា ដោយមិនប្រើប្រាស់កម្លាំង ដោះស្រាយបញ្ហា ដើម្បីឈានទៅរកសន្តិភាពសម្រាប់ប្រទេសទាំងពីរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា មិនមានជនណា អាចបង្ហាញជំហរជា​លក្ខណៈអន្តរជាតិជំនួសកម្ពុជាបានឡើយ។ ជំហររបស់កម្ពុជា គឺតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដែលមានចង្អុលបង្ហាញពីរាជរដ្ឋាភិបាលកម្ពុជា ត្រឹមត្រូវ និងច្បាស់លាស់។ អ្នកវិភាគ អ្នកអត្ថាធិប្បាយ តាមប្រព័ន្ធផ្សព្វផ្សាយនានា គឺជាទស្សនៈផ្ទាល់ខ្លួនគេ មិនមែនជាជំហររបស់កម្ពុជាឡើយ។ សង្កថាសម្តេចចប់នៅវេលាម៉ោង៩ និង០០នាទី

លោកជំទាវ ឱ វណ្ណឌីន ៖ អ្នកមានជំងឺប្រចាំកាយ(អេដស៍ ឬជំងឺផ្សេងៗទៀត) ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាចាំបាច់

2022/03/27 08:16:50 am        877
កំពត៖ លោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសប្រកាសថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា៖ អេដស៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន ពីរោគរាតត្បាតកូវីដ-១៩។ ថ្លែងក្នុងពិធីចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និង ពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាល និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត លោកជំទាវ ឱ វណ្ណឌីន បានប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩៕

ក្រុម​ឧទ្ទាម​យេ​ម៉ែន​វាយប្រហារ​ឃ្លាំង​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​រៀបចំ​ការ​ប្រណាំង Formula One

2022/03/26 11:38:51 am        6037
​​អា​រ៉ា​ប៊ី​សា​អូឌីត៖ ក្រុម​ឧទ្ទាម​ហួ​ធី​ប្រទេស​យេ​ម៉ែន​ បាន​វាយប្រហារ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែងកាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Jiddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មុន​ពេល​ការ​ប្រណាំង​រថយន្ត Formula One នៅ​ក្នុង​ប្រទេស​នេះ​។​​លោក Yehia Sarie អ្នកនាំពាក្យ​របស់​ក្រុម​ហួ​ធី​ប្រទេស​យេ​ម៉ែន​និយាយ​ថា ​ក្រុម​ឧទ្ទាម​បាន​កំណត់គោល​ដៅ​លើ​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ក្នុង​ទីក្រុង Jiddah ក៏ដូចជា​ទីតាំង​សំខាន់ៗនៅ​ក្នុង​រដ្ឋធានី​រី​យ៉ា​ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ឆ្ពោះ​ទៅ​រក​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​។​ការវាយប្រហារ​បាន​ផ្តោត​គោលដៅ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​ដូចគ្នា ដែល​ក្រុម​ហ៊ូ​ធី​បាន​វាយប្រហារ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លើ​រោងចក្រ North Jiddah Bulk Plant ស្ថិតនៅ​ភាគ​អាគ្នេយ៍​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​អ្នកធ្វើ​ធម្ម​យាត្រា​មូស្លីម​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Mecca។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​ដឹកនាំ​ក្រុមចម្រុះ ​ប្រយុទ្ធ​ជាមួយ​ក្រុម​ហួ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​ដណ្ដើម​យក​រដ្ឋធានី​សា​ណារបស់​ប្រទេស​យេ​ម៉ែន ​កាលពី​ខែ​កញ្ញា ​ឆ្នាំ២០១៤៕អត្ថបទ៖ ប៊ុនថន

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបដិសេធ ការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង លើរាជរដ្ឋាភិបាល

2022/03/26 11:17:37 am        4341
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបដិសេធចំពោះការចោទប្រកាន់របស់ស្ត្រីឈ្មោះ ឡុង គឹមហ៊ាង មកលើរាជរដ្ឋាភិបាលកម្ពុជា គឺជាការមិនពិត។អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា ស្ត្រីរូបបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុបរទេស និយាយភាសាខ្មែរ ដោយការបញ្ចេញកំហឹងសងសឹកទាំងងងឹតងងុល និងពោលពាក្យតាមបែបអគតិ មានទស្សនៈចង្អៀតចង្អល់ ស្អប់ខ្ពើម និងប្រមាថជាតិកំណើតរបស់ខ្លួន ដែលជាសម្ដីបំផ្លើសផ្ទុយពីការពិត៕

រុស្ស៊ី​និយាយ​ថា​ ទាហាន ១.៣៥១​នាក់​បាន​ស្លាប់​នៅ​អ៊ុយ​ក្រែ​ន​

2022/03/26 10:55:30 am        2545
​រុស្ស៊ី៖ អនុប្រធាន​អគ្គសេនាធិការ​យោធា​រុស្ស៊ី​និយាយ​ថា ទាហាន​រុស្ស៊ី ១.៣៥១​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​។​ ឧត្ដមសេនីយ៍ Sergei Rudskoi និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ ទាហាន ៣,៨២៥​នាក់​បាន​រង​របួស ហើយ​អ៊ុយ​ក្រែ​ន​បាន​បាត់បង់​ទាហាន​បម្រើ​ការប្រមាណ​ ៣​ម៉ឺន​នាក់រួម​ទាំង​អ្នក​ស្លាប់​ជាង ១៤,០០០​នាក់​។​​ឧត្ដមសេនីយ៍​លោក Mikhail Mizintsev ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា មនុស្ស​ជាង ៤០០,០០០​នាក់​ត្រូវ​បាន​ជម្លៀស​មកកាន់​ប្រទេស​រុស្ស៊ី ចាប់​តាំង​ពី​ការ​ចាប់ផ្តើមប្រតិបត្តិការ​យោធា​ពិសេស​។ គោល​បំណង​សំខាន់​នៃ​ដំណាក់​កាល​ដំបូង​នៃ​ប្រតិបត្តិការ​យោធា​នៅអ៊ុយ​ក្រែ​ន ​គឺ​ការកាត់បន្ថយ​សមត្ថភាព​ប្រយុទ្ធ​របស់​អ៊ុយ​ក្រែ​ន​ត្រូវ​បានសម្រេច​ជាទូទៅ ដែល​អនុញ្ញាតឱ្យ​កងកម្លាំង​រុស្ស៊ី​ផ្តោត​លើ​គោលដៅ​សំខាន់ និង​ការ​រំដោះ​តំបន់ Donbas។ Donbas គឺជា​តំបន់​ភាគ​ខាងកើត​ដែល​និយាយ​ភាសា​រុស្សី​ភាគច្រើន ជា​កន្លែង​ដែល​ក្រុមបំបែកខ្លួន​គាំទ្រដោយ​រុស្ស៊ី​បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​តាំងពី​ឆ្នាំ២០១៤ ហើយ​ជា​កន្លែង​ដែលប្រជាជន​ជាច្រើន​គាំទ្រ​ទីក្រុង​មូស្គូ​។ ឧត្ដមសេនីយ៍ Sergei Rudskoi និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​រុស្ស៊ី​បាន​ឡោមព័ទ្ធ​ទីក្រុង​ Kyiv​, Kharkiv, Chernihiv, Sumy និង Mykolaiv ហើយ​ទីក្រុង Kherson និង​តំបន់ Zaporizhzhia ភាគច្រើន​ស្ថិតនៅក្រោមការគ្រប់គ្រង​ទាំងស្រុង​របស់​កងទ័ព​រុស្ស៊ី៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​នឹង​កាត់បន្ថយ​ការ​ពឹង​ផ្អែកលើ​ថាមពល​ពី​រុស្ស៊ី និង​បញ្ឈប់​លំហូរ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​

2022/03/26 10:28:22 am        1989
​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen បាន​និយាយ​ថា​ ភាពជា​ដៃគូ​ជាមួយសហរដ្ឋ​អាមេរិកនឹង​កាត់បន្ថយ​ការពឹងផ្អែក​របស់​អឺរ៉ុប​លើ​ថាមពល​ពី​រុស្ស៊ី និង​បញ្ឈប់​លំហូរ​ប្រាក់រាប់ពាន់​លាន​ដុល្លារ​ដែល​វិមាន​ក្រឹម​ឡាំង​ទទួល​បាន​ពី​ការ​លក់​ប្រេងឥន្ធនៈ​។​ថ្លែង​នៅ​ថ្ងៃ​ទី​២ ​ជា​ថ្ងៃ​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល លោកស្រី von der Leyen និយាយ​ថា ​ជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ​ដែល​បាន​ប្រកាសរួមគ្នា ​ជាមួយ​ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden នៅមុន​ថ្ងៃនោះ ភាគី​ទាំងពីរបាន​ព្រមព្រៀងគ្នា​ក្នុង​ការ​ពន្លឿន ការ​ផ្លាស់ប្តូរ​ទៅជា​ថាមពល​បៃតង​។ ​ជា​ជំហាន​ដំបូង សហរដ្ឋអាមេរិក​នឹង​ផ្តល់​ឱ្យ​សហភាព​អឺរ៉ុបនូវ​ឧស្ម័ន​ធម្មជាតិ​រាវ យ៉ាងហោចណាស់ ១៥ពាន់​លាន​ម៉ែត្រ​គូប​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២២ ​នេះ​ដោយ​ជំនួស​មកវិញ​នូវ​បរិមាណ​ឧស្ម័ន​ធម្មជាតិ​រាវ​ពី​រុស្ស៊ី​។ លោកស្រី Von der Leyen និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ពួកគេ​មានគោលដៅ​ត្រូវការ​យ៉ាងហោចណាស់ ៥០​ពាន់​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ឆ្នាំ ដោយ​ជំនួស​មួយភាគ​បី​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​ទាំង​អស់ពី​រុស្ស៊ី​មកកាន់​អឺរ៉ុប​។ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ កញ្ចប់​ទណ្ឌកម្ម​ចំនួន​បួន​ដែល​សហភាព​អឺរ៉ុបបាន​ដាក់លើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​លើ​អ៊ុយ​ក្រែ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ពេលនេះ​នឹង​ផ្តោត​លើការ​អនុវត្តន៍​ទណ្ឌកម្ម និង​រារាំង​រុស្ស៊ី​មិន​ឲ្យ​ការ​គេច​វេស​បាន​។ លោកស្រី Von der Leyen បាន​ថ្លែងអំណរគុណ​ដល់​ប្រទេសជិតខាង​របស់​អ៊ុយ​ក្រែ​ន សម្រាប់​ការ​ទទួល​យក​ជនភៀសខ្លួន​រាប់​លាន​នាក់ និង​បាន​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ១៧ពាន់​លាន​អឺរ៉ូ ឬ ១៨​.៧​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ប្រទេស​ទាំងនោះ​ទប់ទល់​នឹង​លំហូរ​ចូល​ជនភៀសខ្លួន​៕អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM