ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

ព័ត៌មានសំខាន់ៗ

ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស ​៥០ ខណៈ​មាននៅ​ក្នុង​រដ្ឋ​ ១៩ ​របស់​អាមេរិក

2021/12/08 10:28:17 am        477
​អាមេរិក៖ លោកស្រី​វេជ្ជបណ្ឌិត Rochelle Walensky នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺអាមេរិក​បាន​និយាយ​ថា វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ឥឡូវនេះ​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ៥០ ប្រទេស និង ១៩ រដ្ឋ​របស់​សហរដ្ឋ​អាមេរិក។ លោកស្រី​បាន​បន្ថែម​ថា យើង​រំពឹង​ថា​ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង។​​បណ្ដា​រដ្ឋ​ដែល​បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មីចាប់ពី​រដ្ឋ Hawaii ទៅដល់​រដ្ឋ Texas រហូតដល់​រដ្ឋ​ Massachusetts។ របាយការណ៍​នេះ​គឺជាផ្នែក​មួយ​នៃ​ការ​កើន​ឡើង​ថ្មី​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​សហរដ្ឋអាមេរិក ដែល​ឥឡូវនេះ​កើន​ឡើង​ដល់​ជាង ១០០,០០០​ករណី​ក្នុង​មួយថ្ងៃ​។​ ខណៈ​ដែល​ក្រុម​មន្ត្រី និង​អ្នកស្រាវជ្រាវ​មានការ​ព្រួយបារម្ភ​អំពី​ការ​ឆ្លង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ពួកគេ​ក៏បាន​និយាយ​ផងដែរ​ថា​ វា​ឆាប់រហ័ស​ពេក​ក្នុង​ការ​ដឹង​ពី​ចំនួន​ ដែល​វា​អាច​នឹង​កើតឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា វា​ទំនងជា​ប្រើ​ពេល​វេលា​ច្រើន​សប្តាហ៍​មុន​ពេល​មាន​ទិន្នន័យ​អាច​ទុក​ចិត្ត​បាន អំពី​លទ្ធផល​អ្នកជំងឺ​នឹង​ចេញ​មកពី​អាហ្វ្រិក​ខាងត្បូង ដែល​បាន​រាយការណ៍​ជា​លើកដំបូង​អំពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​។ប្រទេស​នេះ​បាន​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 នៅ​ក្នុង​ខេត្ត Gauteng ដែល​ជា​ចំណុច​ឆ្លង​ខ្លាំង​បំផុត​នៃ​ការ​ផ្ទុះឡើង​វីរុស​នេះ​។ នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ប្រភព​នៃ​សុទិដ្ឋិនិយម​ប្រកប​ដោយ​ប្រយ័ត្នប្រយែង ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​អាហ្វ្រិក​ខាងត្បូង​ថ្មីៗ​នេះ​បាន​និយាយ​ថា ​ក្នុង​រយៈពេល ២​សប្តាហ៍​កន្លង​មក​នេះអ្នកជំងឺ​ភាគច្រើន​នៅ​ក្នុង​បន្ទប់​ព្យាបាល​អ្នកជំងឺ COVID-19 របស់​មន្ទីរពេទ្យ​នានា​មិន​តម្រូវ​ឱ្យ​មាន​អុកស៊ីសែន​បន្ថែម​ ដើម្បី​ជំនួយ​ខ្យល់​ដកដង្ហើម​ទេ​៕អត្ថបទ៖ សុខមាន

វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron កំពុង​គំរាម​ដល់​ផែន​ការ​បើក​ប្រទេស​ឡើង​វិញ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក

2021/12/07 05:32:28 am        395
​អាស៊ី​-​ប៉ាស៊ីហ្វិក៖ ដ្បិត​ថា ​គេ​នៅតែ​ពុំ​បាន​ដឹង​ច្បាស់​ពី​សមត្ថភាពនៃ​ការ​បង្ក​គ្រោះថ្នាក់​ដោយ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប៉ុន្តែ​ក្ដី​បារម្ភជុំវិញ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះកំពុង​គំរាមកំហែង ​ដល់​ផែន​ការ​បើក​ប្រទេស​ឡើងវិញ​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។ ​បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ និង​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​នៅ​តាម​ព្រំដែន​រយៈកាល​ជាង​ ២០​ខែ​លើ​ជីវភាព​ប្រចាំថ្ងៃ ប្រទេស​ជាច្រើន​ក្នុង​តំបន់​បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​នានា និង​រស់នៅ​ជាមួយ​វីរុស Covid-19 ជាច្រើន​ខែក្រោយ​ពី​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ខាងជើង​បាន​បើក​ប្រទេស​ពេញ​លេញ​។កាលពី​ខែ​មុន​បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាហ្វ្រិក​ខាងត្បូង បាន​រក​ឃើញ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ប្រទេស​ជាង​ ៧០ ​បាន​ហាមប្រាមការ​ធ្វើ​ដំណើរ​លើ​អ្នក​មកពី​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងត្បូង។ ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​បាន​បន្ថែម​ពេលវេលា​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែ​ជា​ចាំបាច់ ឬ​បិទ​ព្រំដែន ភាគច្រើន​ចំពោះ​អ្នកដំណើរ​បរទេស​ទាំង​អស់​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សហរដ្ឋ​អាមេរិក​និយាយ​ថា ពួកគេ​នឹង​អាច​ប្រើ​ពេល​យ៉ាងហោចណាស់ ២​សប្ដាហ៍​ទើប​អាច​ដឹង​ថា ​តើ​វីរុស​នេះ​អាច​បង្អាក់​ប្រសិទ្ធភាព​វ៉ាក់សាំង ​និង​ការ​ព្យាបាល​ជំងឺ Covid-19 បាន​ឬ​អត់។​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​សុខភាព​សាធារណៈ​រង់ចាំ​ទិន្នន័យ​នេះ រដ្ឋាភិបាល​នានា​ទូទាំងតំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ពុំ​ទទួលរង​ការ​ប្រឈម​ណាមួយ​ទេ។ ប្រទេស​ភាគច្រើន​កំពុង​ចាត់​វិធានការ​យ៉ាង​ឆាប់រហ័ស​ដោយសារ​ក្ដី​បារម្ភ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​រាតត្បាត​ដល់​ដែនដី​របស់​ខ្លួន ទោះបីជា​តំបន់​មួយ​ចំនួន​បាន​អនុវត្តន៍​វិធានការ​រឹតត្បិតព្រំដែន​យ៉ាង​តឹងរ៉ឹងរួច​ទៅ​ហើយ ឬ​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ហើយក៏​ដោយ​៕អត្ថបទ៖ សុខមាន

ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំ​របស់​លោកស្រី Aung San Suu Kyi ត្រូវ​កាត់បន្ថយ​មក​នៅ​ ២​ឆ្នាំ

2021/12/07 10:33:42 am        540
​មី​យ៉ាន់​ម៉ា៖ ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា​និយាយ​ថា មេដឹកនាំ​របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់បន្ថយ​ការ​កាត់​ទោស​ ជាប់ពន្ធនាគារ​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែងគឺ​លោកស្រី Aung San Suu Kyi មក​នៅ​ត្រឹម​ពីរ​ឆ្នាំ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ​ទី៦ ខែ​ធ្នូ បន្ទាប់​ពី​ដំបូង​បាន​កាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ៤​ឆ្នាំពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា និង​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​។​​លោកស្រី Aung San Suu Kyi អាយុ ៧៦​ឆ្នាំត្រូវ​បាន​ឃុំខ្លួនចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍បាន​ធ្វើ​រដ្ឋប្រហារ និង​ទម្លាក់​រដ្ឋាភិបាល​កាលពីថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​បញ្ចប់​រយៈពេល​ខ្លី​នៃ​លទ្ធិប្រជាធិបតេយ្យ​ របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​ ​ចាប់​តាំង​ពី​ពេលនោះ​មក លោកស្រី​ត្រូវ​បាន​រង​ការចោទប្រកាន់​ជា​បន្តបន្ទាប់ រួម​ទាំង​ការបំពាន​លើ​ច្បាប់​សម្ងាត់​ផ្លូវការ ការ​នាំចូល​វិទ្យុ​ទាក់ទង​ខុសច្បាប់ និង​ការ​លួច​បន្លំ​ការបោះឆ្នោត​។​ ​អ្នកនាំពាក្យ​របប​យោធា​លោក Zaw Min Tun បាន​ប្រាប់​សារព័ត៌មាន AFP តាម​ទូរស័ព្ទ​ថា កាលពី​ថ្ងៃ​ចន្ទលោកស្រី Aung San Suu Kyi ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ២​ឆ្នាំ​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​យោធា និង​រយៈពេល​ ២​ឆ្នាំ​ទៀតសម្រាប់​ការ​បំពាន​ច្បាប់​គ្រោះធម្មជាតិ​ទាក់ទង​នឹងវីរុស COVID-19​។អតីត​ប្រធានាធិបតីលោក Win Myint ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤ឆ្នាំ​ផងដែរពីបទ​ចោទប្រកាន់​ដូចគ្នា ដែល​សហរដ្ឋអាមេរិក​បាន​រិះគន់ថា​ជា "​ការមើលស្រាល​" ចំពោះ​យុត្តិធម៌​។ ក្រុមបាតុករ​មួយក្រុម​តូច​បាន​ប្រមូល​ផ្តុំគ្នា​ ប្រឆាំងនឹង​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​នៅ​ទីក្រុង Mandalay កាលពី​ថ្ងៃ​ចន្ទ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​តុលាការ​ពិសេស​បាន​កាត់ទោស​មេដឹកនាំ​ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាចលោកស្រី Aung San Suu Kyi ឱ្យ​ជាប់ពន្ធនា​គារ បន្ទាប់ពី​បាន​រកឃើញថា​ លោកស្រី​មានទោស​ពីបទ​ញុះញង់ និង​រំលោភ​លើ​វិធានការ​រឹតបន្តឹង​ការចម្លង​វីរុស​កូ​រ៉ូ​ណា​ឬ COVID-19៕អត្ថបទ៖ សុខមាន

ពិភពលោក​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការ​កាត់​ទោស​ជាប់ពន្ធនាគារ​របស់​លោក​ស្រី Aung San Suu Kyi

2021/12/07 09:59:43 am        427
មី​យ៉ាន់​ម៉ា៖ ​បន្ទាប់ពី​រដ្ឋាភិបាល​របស់​សហភាព​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​យោធា បាន​កាត់ទោស​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំ​ណែង​​គឺ​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​ឲ្យ​រយៈពេល​ ៤​ឆ្នាំពីបទ​ញុះញង់​ឲ្យ​បំពាន​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​។​ទោះយ៉ាងណា​ក៏ដោយទូរទស្សន៍​រដ្ឋ​បានប្រកាស​នៅពេល​ល្ងាច​នោះ​ថា មេដឹកនាំ​ជាន់ខ្ពស់​គឺ​លោកឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដែលជា​ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋបានផ្តល់​ការលើកលែងទោស​ពីរ​ឆ្នាំ​។ ​ការកាត់ទោស​នេះបណ្ដាល​ឲ្យ​មានប្រតិកម្ម​ពី​ប្រទេស​នានា ពិ​សេស​​អង្គការសហប្រជាជាតិ ដោយលោកស្រី Michelle Bachelet ប្រធាន​ទីភ្នាក់ងារ​ឃ្លាំមើល​សិទ្ធិមនុស្ស​ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ការផ្តន្ទាទោស​របស់​ទីប្រឹក្សា​រដ្ឋ ​បន្ទាប់ពី​ការកាត់ក្តី​ក្លែងបន្លំ​នៅក្នុង​ដំណើរការ​នីតិវិធី​សម្ងាត់​ នៅ​ចំពោះមុខ​តុលាការគ្រប់គ្រង​ដោយ​យោធា​គឺ​គ្មានអ្វី​ក្រៅពី​ហេតុផល​នយោបាយ​នោះទេ​។​ ​ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក Josep Borrell បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​សាលក្រម​ក្រោមហេតុផល​នយោបាយ​នេះ ដែល​បង្កើតឱ្យមាន​ការ​ដើរ​ថយក្រោយ​ដ៏​សំខាន់​មួយទៀត ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​ដោយ​យោធា​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១​។​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក Antony Blinken បាននិយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​កាត់ទោស​ដោយ​អយុត្តិធម៌​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​លើ​លោកស្រី Aung San Suu Kyi និង​ការគាបសង្កត់​លើ​មន្ត្រី​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​ផ្សេងទៀត នៅតែ​ជា​ការ​គំរាមកំហែង​បន្ថែមទៀត​ដល់​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​នេះ​។​រ​ដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេសលោកស្រី Liz Truss និយាយ​ថា ការ​កាត់​ទោស​លោកស្រី Aung San Suu Kyi គឺជា​ការប៉ុនប៉ង​ដ៏​គួរ​ឱ្យ​រន្ធត់មួយទៀត​របស់​របប​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ការ​ប្រឆាំង និង​គាបសង្កត់​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ ​លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស​ចិន​បាន​និយាយ​។ ​ក្នុងនាម​ជា​ប្រទេសជិតខាង​ដ៏​រួសរាយ​រាក់ទាក់ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ភាគី​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា​នឹង​បន្ត​ពី​ផលប្រយោជន៍​រយៈពេល​វែង​របស់​ប្រទេស ផ្សារភ្ជាប់​ភាព​ខ្វែងគំនិត​គ្នា​ក្រោម​ក្រប​ខណ្ឌ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ហើយ​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ​ដែល​រក​បាន​ដោយ​លំបាក​។ ចំណែក​រដ្ឋមន្ត្រីការបរទេស​​ជប៉ុន​ក៏បាន​សម្ដែង​ក្ដី​បារម្ភ​ផង​ដែរ​ដោយ​លើក​ឡើង​ថា ការកាត់ទោស​នេះ​គឺជា​ការអភិវឌ្ឍន៍​មិន​អំណោយផល ខណៈ​សមាជិក​នៃ​សហគមន៍​អន្តរជាតិ​រួមទាំង​ប្រទេស​ជប៉ុន​ទាម​ទារ​ឱ្យ​មានការ​ស្តារឡើងវិញ​ នូវ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​ឱ្យបាន​ឆាប់៕អត្ថបទ៖ សុខមាន

លោកស្រី Aung San Suu Kyi ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៤ឆ្នាំ

2021/12/06 02:43:46 pm        563
​មីយ៉ាន់ម៉ា៖ តុលាការ​នៅ​ក្នុង​សហភាព​មី​យាន់​ម៉ា​បាន​កាត់ទោស ​មេ​ដឹក​នាំ​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​លោកស្រី Aung San Suu Kyi ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល ​៤​ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​មាន​ការបំពាន​វិធានការ​ទប់​វីរុស Covid-19 នៅ​ក្នុង​សាលក្រម​ដំបូង​ប្រឆាំង​នឹង​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​ ចាប់​តាំង​ពី​យោធា​បាន​ដណ្ដើម​អំណាច​កាលពី​ខែ​កុម្ភៈ​។លោកស្រី Suu Kyi អាយុ ៧៦​ឆ្នាំ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ស្ទើរតែ​រាប់​សិប​ករណី រួម​ទាំង​ការ​ញុះ​ញង់ ការរំលោភ​លើ​ពិធីសារ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស Covid-19 និង​ការរំលោភ​លើ​ច្បាប់​សម្ងាត់​ផ្លូវការ​ ដែល​បន្ថែម​ការ​កាត់​ទោស​អតិបរមា​រួមគ្នា​លើស​ពី ១០០​ឆ្នាំ​។ លោកស្រី​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​នានា​។​ លោកស្រី Suu Kyi គឺជា​ទីប្រឹក្សា​រដ្ឋ និង​ជា​មេដឹកនាំ​ជាក់ស្ដែង​របស់​មី​យ៉ាន់​ម៉ា រហូតដល់​យោធា​បាន​ដណ្ដើម​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ និង​បាន​ដាក់​ការ​ដឹកនាំ​លើ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ទាំងស្រុង​៕​អត្ថបទ៖ សុខមាន

ថៃ រកឃើញករណីឆ្លងដំបូង នៃវីរុស COVID-19 បម្លែងខ្លួនថ្មី Omicron

2021/12/06 06:29:38 am        2582
ថៃ៖ មន្ត្រីសុខភាពបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃបានរកឃើញករណីឆ្លងដំបូង នៃវីរុសកូរ៉ូណា បម្លែងខ្លួនថ្មី Omicron លើពលរដ្ឋអាមេរិក ម្នាក់ ដែលបានធ្វើដំណើរមកពីប្រទេសអេស្ប៉ាញ កាលពីចុងខែមុន ។លោកវេជ្ជបណ្ឌិត Opas Karnkawinpong  នាយកក្រសួងគ្រប់គ្រងជំងឺ បានប្រាប់សន្និសីទសារព័ត៌ថា  ករណីឆ្លងដំបូងត្រូវបានបញ្ជាក់លើបុរសម្នាក់ ដែលបានមកដល់កាលពីថ្ងៃទី២៩ខែវិច្ឆិកា ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសទី៤៧ ដែលបានរកឃើញវីរុសបម្លែងខ្លួនថ្មីនេះ ។លោកវេជ្ជបណ្ឌិត Opas បាននិយាយថា ករណីឆ្លងដំបូង នៃវីរុសបម្លែងខ្លួនថ្មីនេះ គឺលើបុរសវ័យ ៣៥-ឆ្នាំ ជាពលរដ្ឋអាមេរិក ដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញរយៈពេលជាង ១ឆ្នាំមកហើយ ដោយលោក បន្ថែមថា អ្នកជំងឺមានរោគសញ្ញាស្រាល។ ប្រទេសថៃបានហាមប្រាមការធ្វើដំណើរពីប្រទេសចំនួន៨នៅអាហ្វ្រិក រួមទាំង បូស្វាណា អេស្វាទីនី ឡេសូដូ ម៉ាឡាវី មូហ្សំប៊ីក ណាមីប៊ី អាហ្វ្រិកខាងត្បូង និងហ្ស៊ីមបាបវ៉េ នៅដើមខែធ្នូនេះ និងស្របពេលមានក្ដីបារម្ភ ពីវីរុសបម្លែងខ្លួនថ្មី Omicron នេះ៕

អ្នក​ស្លាប់​កើន​ឡើង​ដល់ ១៤​នាក់​បន្ទាប់​ពី​ផ្ទុះ​ភ្នំ​ភ្លើង​នៅ​ឥណ្ឌូនេស៊ី

2021/12/06 11:47:28 am        404
​ឥណ្ឌូណេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​បន្ទាប់ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ខ្ពស់​បំផុតនៅ​លើ​កោះ​ជ្វា ដែល​មានប្រជា​ជន​ច្រើន​ជាង​គេ​រស់នៅ​របស់​ប្រទេស​ឥណ្ឌូនេស៊ីបាន​កើនឡើង​ដល់​ ១៤​នាក់ និង​រង​របួស​ច្រើន​នាក់ ខណៈ​ដែល​កម្ទេចកំទី និង​ដីល្បាប់ក្រាស់បានរារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ជនរងគ្រោះ​។ភ្នំភ្លើង Semeru ក្នុងស្រុក Lumajang ខេត្ត​ជ្វា​ភាគ​ខាងកើត​បាន​បញ្ចេញ​ផេះ​ដ៏​ក្រាស់​ជាង ១២,០០០​ម៉ែត្រ​ទៅលើ​អាកាស ហើយ​កម្អែល​ភ្នភ្លើង​បាន​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​បន្ទាប់ពី​មានការ​ផ្ទុះ​ភ្លាមៗ​កាលពី​ថ្ងៃ​សៅរ៍ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ភូមិ​ជាច្រើន​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ផេះ​ដែល​ធ្លាក់​មក​។ នៅ​គ្លីនិក​មួយ​នៅ​ក្នុង​ភូមិ Pronojiwo អ្នកជំងឺ​បាន​ត្អូញត្អែរ​នៃ​ការពិបាក​ដកដង្ហើមដោយសារ​តែ​ផេះ​ភ្នំភ្លើង​។ អ្នកជំងឺ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ​បន្ទាប់ពី​ទទួល​បាន​ជំនួយ​បឋម​ដោយ​អង្គភាព​សង្គ្រោះ​បន្ទាន់​។ ប្រធាន​គ្លីនិក Pronojiwo លោក​វេជ្ជបណ្ឌិត Miftahul Ulum បាន​និយាយ​ថា អ្នកជំងឺ​ដែល​ចូល​មក​តាំងពី​ថ្ងៃ​សៅរ៍ ភាគច្រើន​បានត្អូញត្អែរអំពី​ការពិបាកដកដង្ហើម និង​ការ​រលាកភ្លើង​។លោក Eko Budi Lelono ប្រធានមជ្ឈមណ្ឌល​ស្ទង់​ភូមិសាស្ត្រ​បាន​និយាយ​ថា លំហូរ​កម្អែល​ភ្នំភ្លើង​បាន​ហូរ​ទៅកាន់​ទន្លេ​ក្បែរ​នោះ​។ ការរាយការណ៍​របស់​ទូរទស្សន៍បាន​បង្ហាញ​សកម្មភាព​ប្រជាជន​បាន​ស្រែក និង​រត់​នៅ​ក្រោម​ពពក​ផេះ​ដ៏​ក្រាស់ ផ្ទៃមុខ​របស់​ពួកគេ​សើមដោយសារ​ភ្លៀង​លាយឡំ​ជាមួយ​ធូលី​ភ្នំភ្លើង​។ ការ​ផ្ទុះ​ភ្លើង Semeru លើក​ចុង​ក្រោយ​គឺ​ក្នុង​ខែ​មករា ប៉ុន្តែ​គ្មាន​អ្នក​រង​របួស​នោះ​ទេ​។ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ជា​ប្រជុំ​កោះ​មាន​ប្រជាជន​ជាង ២៧០​លាន​នាក់ងាយ​នឹង​កើតមាន​ការ​រញ្ជួយ​ដី ​និង​សកម្មភាព​ភ្នំភ្លើងដោយ​សារតែ​វា​ស្ថិត​នៅ​តាម​បណ្ដោយនៃ​កង​ភ្លើង​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕អត្ថបទ៖ ប៊ុនថន

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១)

2021/12/06 10:19:39 am        934
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និង គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ។·        សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះ ង.ស៊ុនឆៀន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។·        សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅកម្ពុជា ដោយមានជំនួយបច្ចេកទេសពីមិត្តចិន ដែលជាការគិតគូរវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនដឹងថា ជំងឺនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ការផលិតវ៉ាក់សាំងនៅកម្ពុជាដោយផ្ទាល់ នឹងចំណេញថ្លៃដើមផលិត ការដឹកជញ្ជូន និងប្រតិបត្តិការឆាប់រហ័ស។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។·        សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀត ដែលជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។·        សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់បេក្ខភាព ហ៊ុន ម៉ាណែត គ្រាន់តែជាការដៅទុកតែប៉ុណ្ណោះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។ ដោយសម្តេចបានបញ្ជាក់ថា «ចុះបើឪនៅធ្វើនាយករដ្ឋមន្ត្រីច្រងោៗ តើឲ្យកូនធ្វើអីកើត ហើយខ្ញុំបានបញ្ជាក់ហើយថា ធ្វើនាយករដ្ឋមន្រ្តីដោយគ្មានការកំណត់…»។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះសម្តេចបានចាត់មានមនុស្សដើរតាមផ្សារពាក់ព័ន្ធរឿងមានសារគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។ សម្តេចបានទទួលសារ និងការលើកឡើងពីអ្នកផ្សារថា «ក្រៅពីត្រកូល ហ៊ុន មិនដឹងទៅទុកដាក់លើនរណាទេ…….»។·        សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានលើសផែនការដែលបានគ្រោងទុក ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាប្រសិទ្ធភាពនៃវ៉ាក់សាំងចិន។·        សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់ថែរក្សាតំបន់ប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ឲ្យបានល្អ ដើម្បីទុកជាសក្ខីភាព និងជាកន្លែងសិក្សាស្វែងយល់របស់មហាជន។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់រហូតដល់តុកាហ្វេ ដែលបានគាំទ្រប្រសាសន៍របស់សម្ដេច ដែលបានថ្លែងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កុំឱ្យព្រួយបារម្ភថា ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី កើតឡើងឆាប់ៗ ដោយសម្ដេចបញ្ជាក់ថា សម្ដេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីយ៉ាងហោច ១០ឆ្នាំទៀត។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងចិត្តរបស់សម្ដេច មានរហូតដល់ ៤រូប ប៉ុន្តែ សម្ដេចមិនបានបញ្ចេញឈ្មោះថា នរណាខ្លះនោះឡើយ លើកលែងតែឯកឧត្ដម ហ៊ុន ម៉ាណែត ដែលសម្ដេចបានបញ្ចេញឱ្យដឹងជាសាធារណៈកាលពីសប្ដាហ៍មុន។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធភាពភាគច្រើន សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ាន។ សម្ដេចតេជោបន្តថា នេះគឺ ជាវិធីក្នុងការធ្វើការដោះស្រាយជាមួយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែកនេះ សម្ដេចតេជោនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៃរដ្ឋាភិបាលរបស់លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ(ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន) គឺជាពេលពង្រឹងអាស៊ានឡើងវិញ ពីសមាជិក ៩ប្រទេស ទៅសមាជិក ១០ប្រទេសឡើងវិញ ព្រោះប្រទេសមីយ៉ាន់ម៉ាមិនបានប្រកាសចាកចេញពីអាស៊ាននោះឡើយ។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធម្មនុញ្ញអាស៊ាន មិនបានចែងពីការបណ្ដេញប្រទេសជាសមាជិកចេញពីសមាគមនោះឡើយ។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិធីតែមួយគត់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គឺត្រូវជជែកជាមួយអ្នកកាន់អំណាចនៅមីយ៉ាន់ម៉ា។

ព្រះមហាក្សត្រ និងសម្ដេចម៉ែ បានយាង និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ

2021/12/06 10:15:13 am        542
ភ្នំពេញ៖ ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ ព្រះអង្គទាំងទ្វេ​បាន​ស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់បុណ្យសព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីត​ព្រះប្រធាន​គណបក្សហ៊្វុនស៊ិនប៉ិច អតីតនាយករដ្ឋមន្រ្តីទី១ និងជាអតីតប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានយាងសោយព្រះទិវង្គត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ នៅប្រទេសបារាំង ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងដង្ហែ មកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១១ ថ្ងៃត្រង់ខាងកាលពីម្សិលមិញ តាមរយៈយន្តហោះពិសេសពីប្រទេសបារាំង ហើយព្រះសពព្រះអង្គបានកំពុងតម្កល់ធ្វើបុណ្យតាមបែបសាសនា នៅអតីតព្រះតំណាក់ព្រះអង្គ នៅផ្លូវព្រះសម្តេចប៉ាន់ខាងក្រោយព្រះបរមរាជវាំង ស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិធីបុណ្យព្រះសពរបស់ព្រះអង្គ បានកំពុងប្រារព្ធធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។ការទ្រង់សោយទិវង្គតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំ ប្រកាសកាន់ទុក្ខចំពោះព្រះសពរបស់ព្រះអង្គ ដោយកំណត់យកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ដដែលនេះ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជននៅទូទាំងប្រទេស ត្រូវមានការបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិនិងផ្អាកការសម្តែង និងចាក់ផ្សាយទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងផងដែរ។ សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ព្រះបរមរតនកោដ្ឋ និងអ្នកម្នាង ផាត់ កាញ៉ុល។ មុនព្រះអង្គទ្រង់សោយទិវង្គត សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានធ្លាក់ក្នុងសភាពធ្ងន់ធ្ងរផ្នែកសុខភាព និងរូបរាងកាយ ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ពីរដង នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៨កន្លងទៅនេះ៕ អត្ថបទ៖ បាន ចក់ រូបភាព អាត់ សុធា

សម្តេចតេជោ ប្រតិកម្ម​ធ្ងន់ៗ​ទៅ​ឧត្តមសេនីយ៍​វៀតណាម​ម្នាក់​ដែល​ថា​ការ​ឆ្លង​កូវីដ​នៅ​វៀតណាម​នាំ​ចូល​ពី​កម្ពុជា​

2021/12/06 02:59:57 am        1881
ភ្នំពេញ​៖​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជាតិ លេខ១១ តភ្ជាប់​ពី​អ្នក​លឿង ​ទៅ​ថ្នល់​ទទឹង ​និង​ផ្លូវក្នុង​ក្រុង​ព្រៃ​វែង​ជាង​៩៦​គ.ម​ នាព្រឹកថ្ងៃទី៦ខែធ្នូនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រតិកម្មធ្ងន់ៗ​ទៅកាន់ឧត្តម​សេនីយ៍វៀតណាម​ម្នាក់​ ដែល​បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​​មានថា ការឆ្លងកូវីដ​នៅក្នុងប្រទេសវៀតណាមធ្ងន់ធ្ងរ បានហូរពីកម្ពុជាចូលទៅវៀតណាម ហើយទាក់​ទង​នឹង​សំដី​បែបនេះ សម្តេច​បានប្រតិកម្មធ្ងន់ៗឱ្យឧត្តមសេសនីយ៍រូបនោះធ្វើការសុំទោស ព្រោះសំដីបែបនេះ ជាការប្រមាថ មក​លើ​កម្ពុជា។សម្តេ​​ចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតី​ដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ លេខ១១ តភ្ជាប់ពីអ្នកលឿង ទៅថ្នល់ទទឹង និងផ្លូវក្នុង​ក្រុងព្រៃវែងជាង៩៦គ.ម នាព្រឹកថ្ងៃទី៦ខែធ្នូនេះ​។សម្តេចបានមានប្រសាសន៍ថា នៅប្រទេសជិតខាងយើងមានការផ្ទុះកូវីដយ៉ាងធំ ពិតមែន​ប្រទេ​សថៃ​មាន​ការ​ថមថយ តែការកើនឡើងនៅប្រទេសវៀតណាម និងឡាវមានការកើនឡើងគួរឱ្យព្រួយបារម្ភ ហើយ​ទាក់​ទិន​នឹង​ការ​ឆ្លង​យ៉ាង​ខ្លាំងនៅវៀតណាមនេះ​ត្រូវបានឧត្តមសេនីយ៍វៀតណាមម្នាក់​បានធ្វើសន្និសិទថា៖ ការឆ្ល​ង​កូវីដ-១៩ យ៉ាងខ្លាំង​នៅ​វៀត​ណាម​បានហូរចូលពីកម្ពុជាប្រៀបដូចជា​ទឹកទន្លេមេគង្គ ។ ក្នុងសំដីបែបនេះ សម្តេចបានឱ្យឧត្តមសេនីយ៍​វៀត​ណាម​ម្នាក់នោះត្រូវសុំទោសកម្ពុជាជាសាធារណៈដោយសម្តេចថា ជាសំដីដែលសម្តេចទទួលយកមិនបាន។ សម្តេចតេជោ បានណែនាំឱ្យមន្ត្រីរបស់កម្ពុជា ត្រូវយកចិត្តទុកដាក់ លើការបន្តចាក់វ៉ាក់សាំងនៅតាមព្រំដែន ។​ សម្តេចបានបញ្ចាក់ថា ដោយសារតែសំដីរបស់បុគ្គល មន្ត្រី នៃប្រទេសជិតខាងបែបនេះហើយទើបឱ្យសម្តេចឈឺចាប់ ធ្វើ​​ការចាក់វ៉ាក់សាំងបានលឿន​ដោយជោគជ័យ។ សម្តេចថា សម្តេចមិនប្រឆាំង ឬតិះទានរដ្ឋាភិបាល បក្ស និង​ប្រ​ជា​ជន​វៀត​ណាមទាំងមូលនោះទេ ប៉ុន្តែសម្តេចប្រតិកម្មតឹះទានទៅបុគ្គលវៀតណាម ដោយសម្តេចថា ជាសំ​ដីដែល​មិន​អាច​ទទួលយកបានដែលបុគ្គលរូបនេះត្រូវធ្វើការកែតម្រូវ ឬសុំទោសរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ   

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
07/03/2026 09:07 PM
កាកបាទក្រហមកម្ពុជា បណ្តុះបណ្តាលយុវជន ជាង១០០នាក់ លើច្បាប់មនុស្សធម៌ និងការកសាងសន្តិភាព ​
07/03/2026 09:07 PM
ផ្ទាំងទឹកនៅប្រទេសស្វីស ឆ្ពោះទៅរកការបំបែកកំណត់ត្រាមួយទៀត ក្រោយរលកកម្តៅខែមិថុនា
07/03/2026 08:07 PM
លោក Merz បញ្ជាក់​ថា អាល្លឺម៉ង់អាចការពារការជំរុញការចំណាយ​យោធា ជាការ​ឆ្លើយតបទៅនឹងលោក Trump
07/03/2026 08:07 PM
បុគ្គលិកសន្តិសុខស៊ីរី ៣រូប​រងរបួស ដោយសារ​វាយប្រហារនៅជិតក្រុងដាម៉ាស ខណៈ​អ្នក​ប្រព្រឹត្តិ​​ស្លាប់​
07/03/2026 08:07 PM
ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ដណ្តើមក្តីស្រមៃជនប៉ាឡេស្ទីនក្នុងការមានផ្ទះសម្បែងនឹងគេនៅតំបន់វ៉េសប៊ែង
07/03/2026 08:07 PM
EU «ថ្កោលទោសយ៉ាង​ខ្លាំង» ចំពោះការវាយប្រហារបណ្ដាល​ឲ្យមាន​អ្នកស្លាប់​ច្រើន នៅទីក្រុងដាម៉ាស
07/03/2026 08:07 PM
កងទ័ពជើងទឹកអង់គ្លេស សាកល្បងយានដ្រូនមានសមត្ថភាពវាយប្រហារចេញពីនាវា
07/03/2026 08:07 PM
មន្រ្តីជាន់ខ្ពស់រួមទាំងប្រធានាធិបតីអ៊ីរ៉ង់ ចូលរួមពិធីលាគ្នាចុងក្រោយ សម្រាប់អតីតមេដឹកនាំកំពូល Khamenei
07/03/2026 08:07 PM
អង្គការសហប្រជាជាតិ ព្រមានអំពីការ​មាន​បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លា
07/03/2026 07:07 PM