លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

ប្រមុខ​ការទូត​អាមេរិក​ប៉ះទង្គិច​ជាមួយ​ចិន​ជុំវិញ​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​

2021/11/01 11:43:29 am        422
​អាមេរិក៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​ប៉ះទង្គិច​ជាមួយ​សម​ភាគី​ចិន​ដោយ​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ឲ្យ​កោះ​តៃវ៉ាន់​នូវ​មធ្យោ​បាយ​ការពារ​ខ្លួនឯង ខណៈ​ដែល​ចិន​បាន​ព្រមាន​ថា សហរដ្ឋ​អាមេរិក​ត្រូវតែ​បញ្ចប់​ការ​ជ្រៀត​ជ្រែក​របស់​ខ្លួន​នៅ​លើ​កោះ​នេះ​។ ​លោក Antony Blinken ក៏បាន​ជំរុញ​ឱ្យ​ប្រទេស​ចិន​គោរព​តាម​ការទទួលខុសត្រូវ​របស់​ខ្លួន ​លើ​ភាព​អាសន្ន​អាកាសធាតុដោយ​ចង្អុល​បង្ហាញ​ថា​ ខ្លួន​ជា​អ្នក​បញ្ចេញ​កាបូន​ធំ​ជាង​គេ​។​កិច្ចប្រជុំ​រយៈពេល​មួយ​ម៉ោង​នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល G20 នៅ​ទីក្រុង​រ៉ូម​ត្រូវ​បាន​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ហៅថា "​មាន​ភាព​ស្មោះត្រង់​" ប៉ុន្តែ​បាន​លិច​ចេញ​ជា​ផ្លែផ្កា ហើយ​នឹង​ជួយ​ដាក់​ចេញ​នូវ​គោលការណ៍​គ្រឹះ​សម្រាប់​កិច្ចប្រជុំ​កំពូល​តាម​វីដេអូ​ រវាង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មេដឹកនាំ​ចិនលោក Xi Jinping នៅ​ចុង​ឆ្នាំនេះ​។ ​ការសន្យា​របស់ Blinken ក្នុង​ការ​ជួយ​ការពារ​កោះ​តៃវ៉ាន់​បាន​កើត​ឡើង​មួយ​សប្តាហ៍ ​បន្ទាប់ពី​លោក Biden បាន​និយាយ​ថា សហរដ្ឋអាមេរិក​អាច​គាំទ្រ​ឯករាជ្យ​ភាព​របស់​កោះ​តៃវ៉ាន់​ដោយ​យោធា ហើយលោក ​Blinken បាន​អំពាវនាវ​ឱ្យ​កោះ​តៃវ៉ាន់​ត្រូវ​បាន​ទទួលស្គាល់​នៅ​ក្នុង​ស្ថាប័ន​នានា ​របស់​អង្គការ​សហប្រជាជាតិ​។​​ក្រោយមកសេត​វិមាន​បាន​បដិសេធ​ការចោទប្រកាន់​ដែល​ថា លោក Biden មានបំណង​រំលោភ​លើ​គោលនយោបាយ​អព្យាក្រឹតភាព​យូរអង្វែង​លើ​ឋានៈ​របស់​តៃវ៉ាន់​។​ ​ជំនួប​រវាង​លោក Wang Yi និង លោក Blinken គឺជា​លើកដំបូង​ចាប់​តាំង​ពី​ការ​ប្រឈម​ដាក់គ្នា​ដ៏​តានតឹង ​នៅ​រដ្ឋ​អា​ឡា​ស្កា​កាលពី​ខែ​ខែ​មីនា ក្នុង​អំឡុង​ពេល​ដែល​គណៈ​ប្រតិភូ​ចិន​បាន​ស្តី​បន្ទោស​ភាគី​អាមេរិក ​នៅ​ចំពោះ​មុខ​កាមេរ៉ា​ទូរទស្សន៍​។ ក្រសួងការបរទេស​បាន​និយាយ​ថា ​លោក Blinken ធ្វើ​ឱ្យ​វា "​ច្បាស់លាស់​" ដែល​ទីក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ការ​ផ្លាស់ប្ដូរ​ឯកតោភាគី​ណាមួយ ​ពី​សំណាក់​ទីក្រុង​ប៉េកាំង​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​កោះ​តៃវ៉ាន់​៕អត្ថបទ៖ សុខមាន

គណបក្ស​កាន់​អំណាច​របស់​លោក Fumio Kishida ឈ្នះ​សំឡេង​ភាគច្រើន​ស្ដួចស្ដើង​ក្នុង​ការ​បោះ​ឆ្នោត​ជប៉ុន​

2021/11/01 10:44:32 am        172
​ជប៉ុន៖ គណបក្ស​អភិរក្សនិយម​កំពុង​កាន់​អំណាច​របស់​ប្រទេស​ជប៉ុន រក្សា​អំណាច​បាននៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ក្រុម​បក្សប្រឆាំង​បាន​កើន​សំឡេង ធ្វើ​ឲ្យ​អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី ​Fumio Kishida ចុះខ្សោយ ខណៈដែល​លោក​ព្យាយាម​នាំ​សេដ្ឋកិច្ច​ចាកចេញ​ពី​ការឆ្លង​រាលដាល​វីរុស ​COVID-19​។​ទូរទស្សន៍​រដ្ឋ NHK បាន​រាយការណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់លោក Kishida និង​ដៃគូ​បក្ស​ចម្រុះ​របស់ខ្លួន​គឺ​គណបក្ស Komeito ទាំង​២ ​នេះទទួលបាន​អាសនៈ​ចំនួន ២៧៤ គិត​ត្រឹម​ល្ងាច​ថ្ងៃអាទិត្យ​ដោយមាន​ប្រហែល ៤០អាសនៈ​ទៀត​នៅតែ​មិនទាន់​សម្រេច​នៅក្នុង​សភា​ដែលមាន​អាសនៈ​សរុប​ចំនួន​ ៤៦៥។​ គណបក្ស LDP កំពុងកាន់​អំណាច​ក៏​ទទួលបាន​សំឡេង​ភាគច្រើន​ម្នាក់ឯង​ចំនួន ២៤៧អាសនៈផងដែរ ក្នុងនោះ​គណបក្ស Komeito ទទួលបាន ២៧អាសនៈ នេះ​បើ​យោងតាមទូរទស្សន៍ រដ្ឋ NHK របស់​ជប៉ុន​។​ ​កម្លាំង​រួមបញ្ចូល​គ្នា​នៃ​គណបក្ស​ទាំង​២ ទទួលបាន​លើសពី​សំឡេង​ភាគច្រើន​នៃ​សភា​ចំនួន ២៣៣ ហើយក៏​ជាសំឡេង​ភាគច្រើន​លើស​លុបនៃ​ចំនួន ២៦១អាសនៈ ជា​កម្រិត​ដែល​អនុញ្ញាតឱ្យ​ប្លុក​កំពុង​កាន់អំណាច​គ្រប់គ្រង​គណៈកម្មាធិការ​សភា​ទាំងអស់ និង​ងាយស្រួលតាក់តែង​ច្បាប់​។ប៉ុន្តែ​វា​ក៏បាន​បង្ហាញ​ពី​ការបាត់បង់​ផងដែរ​ ដែល​កាលពី​កន្លងទៅធ្លាប់​ទទួលបាន​ចំនួន ៣០៥អាសនៈ​។​ ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ​​ជប៉ុន ដែលជា​ក្រុមប្រឆាំង​ដ៏​ធំ​បំផុតត្រូវបាន​គេ​រំពឹងថានឹង​ទទួលបាន​អាសនៈ​ច្រើន បក្ស​នាវា​នុ​វត្ត​ន៍ជប៉ុនដ៏​ពេញនិយមដែល​មូលដ្ឋាន​ចាស់​របស់ខ្លួនស្ថិតនៅ​ភាគ​ខាងលិចទីក្រុង​អូ​សា​កា​។ ​លោកនាយក​រដ្ឋមន្ត្រី​បាន​កាន់​តួនាទី​មិន​ដល់​មួយខែ​ផង​ទេ​។ ពេលនេះ​លោក​និយាយថា ​អ្នកបោះឆ្នោត​បានផ្តល់​អាណ​ត្តិ​ឱ្យ​លោក ហើយ​លោក​នឹង​ធ្វើការ​ដើម្បី​អនុវត្តតាម​ការសន្យា​យុទ្ធនាការ​របស់លោក​៕អត្ថបទ៖ សុខមាន

ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការរកឃើញឆ្លងថ្មីកូវីដ១៩ប្រចាំថ្ងៃ ចំនួន៩៥នាក់ ជាតួលេខមួយ ក្រោមចំនួន១០០នាក់ បង្ហាញពីការធ្លាក់ចុះករណីឆ្លងថ្មី ប៉ុន្តែករណីស្លាប់នៅតែបន្តមាន ខណៈភាគច្រើនជាអ្នកមិនទាន់បានចាក់វ៉ាក់សាំង

2021/10/31 04:56:38 am        356
ក្រសួងសុខាភិបាលប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៩៥នាក់ (លទ្ធផលបញ្ជាក់ដោយPCR) ក្នុងនោះករណីឆ្លងនាំចូលកម្ពុជាចំនួន១៧នាក់, ករណីព្យាបាលជាសះស្បើយ ចំនួន១៩៣នាក់ និងករណីស្លាប់ថ្មីចំនួន៧នាក់ ក្នុងចំណោមនោះមានករណីស្លាប់៥នាក់ ជាអ្នកមិនបានចាក់វ៉ាក់សាំង ។ គួរបញ្ជាក់ថាគិតមកដល់ថ្ងៃទី៣១ ខែតុលានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១១៨.៥២២នាក់, អ្នកជាសះស្បើយសរុប ១១៤.៧២៧នាក់ និងអ្នកស្លាប់សរុបកើនដល់២.៧៨៨នាក់។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង គ្រោងប្រតិបត្តិការសាកល្បងនាដើមឆ្នាំ២០២២

2021/10/31 10:25:04 am        1120
ថ្លែងក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្រុមហ៊ុនដែលទទួលបន្ទុកស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃខេត្តកោះកុង បានឱ្យដឹងថាដំណើរការសាងសង់អាកាសយានដ្ឋានសម្រេចបាន ៩៥% ហើយ គិតត្រឹមថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១។ តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាខែចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ។ ក្រុមហ៊ុនបានបញ្ជាក់ថា បើសិនជាការសាកល្បងទទួលបានជោគជ័យ អាកាសយានដ្ឋានតារាសាគរនេះអាចប្រតិបត្តិការហោះហើរបាននាពាក់កណ្ដាលឆ្នាំ ២០២២។ ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសំណូមឱ្យក្រុមហ៊ុនសាងសង់ ពន្លឿនការងាររបស់ខ្លួន ដើម្បីឆាប់បានបម្រើសេវាកម្មដឹកភ្ញៀវទេសចរមកកម្សាន្ត នៅតំបន់តារាសាគរនៃខេត្តកោះកុង ដែលជាទីតាំងទេសចរវ៉ាក់សាំងដែលរាជរដ្ឋាភិបាលបានរៀបចំ។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤.៥ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group (UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះ អាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ ប្រភេទBoeing-777 និង Airbus A-340 ៕អត្ថបទ: ចេន សុជាតា

គ.វ.ក-១៩ ប្រកាសជូនដំណឹងពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារអាយុ៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ

2021/10/30 03:24:09 pm        25
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) ប្រកាសជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី១ និងទី២ ដល់កុមារដែលមានអាយុ៥ឆ្នាំ នៅរាជធានី ខេត្តទាំង២៥ ដែលនឹងចាប់ផ្ដើមបើកយុទ្ធនាការចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ

បាតុកម្ម​នៅតែ​បន្ត​ប្រឆាំង​ទៅ​នឹង​រដ្ឋប្រហារ​យោធា​ប្រទេស​ស៊ូដង់​

2021/10/30 12:22:46 pm        365
​ស៊ូដង់៖ ការតវ៉ា​នៅតាម​ដងផ្លូវ​បាន​បន្ត​នៅក្នុង​រដ្ឋធានី​ Khartoum ប្រទេស​ស៊ូដង់ ខណៈ​បាតុកម្ម​នៅ​តែ​បន្ត​ប្រឆាំង​ទៅ​នឹង​យោធា​ដែល​បាន​ដណ្ដើម​អំណាច​ នៅក្នុង​រដ្ឋប្រហារ​កាលពី​ដើម​ស​ប្តា​ហ៍​នេះ​។ បាតុករ​បានដាក់​ដុំថ្ម​កាត់​ផ្លូវ និង​បាន​ដុត​សំបក​កង់​រថយន្ត ខណៈ​រថយន្ត​សន្តិសុខ​ប្រទេសស៊ូដង់​ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​បាន​បើក​នៅ​ជុំវិញ​នោះ​។យោងតាម​គណៈកម្មាធិកា​រ​របស់​គ្រូពេទ្យ និង​សកម្មជន​ប្រទេស​ស៊ូដង់​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​បាតុកម្ម​បាន​ផ្ទុះឡើងយ៉ាងហោចណាស់មនុស្ស ៩​នាក់​បាន​ស្លាប់​ដោយ​ការ​បាញ់កាំភ្លើង​របស់​កង​កម្លាំង​សន្តិសុខ និង​មនុស្ស​យ៉ាងហោចណាស់​ ១៧០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​អំពាវនាវ​ ដល់ប្រជាជនរាប់លាន​នាក់​ឱ្យ​ចូលរួម​ដង្ហែ​ក្បួន​បាតុកម្មនៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បញ្ឈប់​រដ្ឋប្រហារ​។ សកម្មភាព​នេះ​កើតឡើង​នៅពេលដែលឧ​ត្ត​ម​សេនីយ​យោធាប្រទេស​ស៊ូដង់ ដែល​បានដណ្ដើម​អំណាច​បាន​និយាយថា យោធា​ដែល​លោក​ដឹកនាំ​នឹង​តែងតាំង​នាយករដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រងក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។នៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Sputnik របស់​ប្រទេស​រុស្ស៊ី​ដែល​បានចេញ​ផ្សាយ​កាលពីថ្ងៃសុក្រ លោក​ឧ​ត្ត​ម​សេនី​យ៏ Abdel-Fattah Burhan បាន​និយាយថា នាយករដ្ឋមន្ត្រី​ថ្មីនឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ដែល​នឹង​បែងចែក​ការដឹកនាំ​ប្រទេស ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធរហូតដល់​ការបោះ​ឆ្នោតដែល​បានគ្រោង​ទុក​នៅ​ខែកក្កដា ឆ្នាំ២០២៣​។ កាលពី​ថ្ងៃ​ចន្ទលោក Burhan បាន​រំលាយ​រដ្ឋាភិបាល​អន្តរ​កាល និង​ឃុំខ្លួន​នាយករដ្ឋមន្ត្រីលោក Abddalla Hamdok មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​នយោបាយ​ជាច្រើនរូបនៅក្នុងរដ្ឋប្រហារ​ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិច​៕​អត្ថបទ៖ ប៊ុនថន

ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការសហប្រជាជាតិ​ជំ​រុញ​ឱ្យ​ផ្តោត​លើ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/10/30 04:41:04 am        359
​UN៖ ប្រធាន​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិមាន​សារ​បន្ទាន់​មួយ ​សម្រាប់​មេ​ដឹកនាំនៃ​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​លូតលាស់​ជាងគេ​ទាំង ២០ របស់​ពិភពលោក​នៅ​ចុង​សប្តាហ៍​នេះ​ថា ផ្តោត​លើ​ការ​ព្រួយបារម្ភ​អំពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈសេដ្ឋកិច្ច​របស់​ប្រទេសនេះ​កំពុង​ដួល​រលំ ហើយ​ប្រជាជន​ពាក់​កណ្តាល​ប្រឈម​ទៅ​នឹង​ហានិភ័យ គ្មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​បរិភោគ ហើយ​ព្រិល​បាន​ចាប់ផ្ដើម​ធ្លាក់​។លោក Martin Griffiths បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​កាលពី​ថ្ងៃ​សុក្រ​ជា​មួយ​សារព័ត៌មាន Associated Press ថា ​ពាក់​កណ្តាល​នៃ​កុមារ​អា​ហ្វ​ហ្គា​នី​ស្ថាន​មាន​អាយុ​ក្រោម​ ៥​ឆ្នាំ​មាន​ហានិភ័យ​នៃ​កង្វះ​អាហារូបត្ថម្ភ​ខ្លាំង ហើយ​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កញ្ជ្រឹល​នៅ​គ្រប់​ខេត្ត​នីមួយៗ ដែល​ជា​ភ្លើង​ក្រហម​សម្រាប់​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​សង្គម​។​ លោក​បាន​និយាយថា កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) កំពុង​ផ្តល់​ស្បៀងអាហារ​ដល់​ប្រជាជន ៤​​លាន​នាក់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នា​ពេល​នេះ ប៉ុន្តែ​អង្គការសហប្រជាជាតិ​បាន​ព្យាករណ៍​ថា​ ដោយសារតែ​រដូវរងា និង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច វា​នឹង​ចាំបាច់​ត្រូវ​ផ្តល់​ស្បៀងអាហារ​រហូតដល់​ចំនួន​ ៣​ដង​នៃ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ១២​លាន​នាក់​ដែល​ត្រូវការ​ជំនួយ​។អង្គការ​ស្បៀង​អាហារ​ពិភពលោក​ (WFP) បាន​អំពាវនាវ​ក្នុង​សប្តាហ៍​នេះ​សម្រាប់​ទឹកប្រាក់​ចំនួន ២០០​​លាន​ដុល្លារ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការរបស់​ខ្លួន​រហូតដល់​ដំណាច់​ឆ្នាំ ហើយ​លោក Griffiths បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ដែល​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ការ​កាន់​កាប់​របស់​ក្រុម​តា​លី​បង់​កាលពី​ថ្ងៃទី​១៥ ខែ​សីហា រួម​ទាំង​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ឱ្យ​ផ្ទេរ​ប្រាក់​នោះ​សម្រាប់​តម្រូវការ​ជំនួយ​មនុស្សធម៌​៕អត្ថបទ៖ ប៊ុនថន

អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ត្រូវការ​ថវិកា ២៣.៤​ពាន់​លាន​ដុល្លារ​ជា​ធន​បម្រុង​សម្រាប់​សង្គ្រាម COVID-19 ថ្មី​

2021/10/29 04:47:11 am        696
​WHO៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ​សុខភាព​ពិភពលោក និង​ក្រុម​ដៃគូ​ដទៃ​ទៀត​បាន​អំពាវនាវ​ ដល់​មេដឹកនាំ​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ទាំង​២០ ឬ​ក្រុម​ប្រទេស ​G20 ឲ្យ​ផ្ដល់​មូលនិធិ ២៣.៤​ពាន់​លាន​ដុល្លារ​ដល់​គម្រោង​ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដំណើរការ​ធ្វើតេស្ត និង​ទិញ​ឱសថ​សម្រាប់​ប្រទេស​ក្រីក្រ​ក្នុង​ពេល​ ១២​ខែ​ខាងមុខ​ទៀត​។​លោក Tedros Adhanom Ghebreyesus ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ក្រុម​ប្រទេស ​G20 ដែល​បណ្ដាល​មេដឹកនាំ​ប្រទេស​ទាំងនោះនឹង​ជួប​គ្នា​ នៅ​ក្នុង​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលីនៅ​ចុង​សប្ដាហ៍​នេះ មាន​មេ​ដឹក​នាំ​នយោបាយ និង​ហិរញ្ញវត្ថុ​ចាំបាច់​ត្រូវ​បញ្ចប់​ជំងឺ​រាតត្បាត​សកល​នេះដោយ​ការ​ផ្ដល់​មូលនិធិ​សម្រាប់​គម្រោង​នេះ ដែល​លោក​លើក​ឡើង​ថា អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ចំនួន ​៥​លាន​នាក់​។ ការវិវត្តន៍​ចុងក្រោយ​របស់​ក្រុម​ដែល​ហៅ​ឈ្មោះថា អង្គភាព​ដំណើរការ​ឧបករណ៍ COVID-19 (ACT-A) រហូតដល់​ខែ​កញ្ញា​ ឆ្នាំ​២០២២ ត្រូវ​គេ​រំពឹង​ថា​នឹង​រួមបញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Merck & Co សម្រាប់​ព្យាបាល​ករណី​ឆ្លង​ជំងឺ ​COVID-19 កម្រិត​ស្រាល និង​មធ្យម​។ ផែនការ​ដែល​បាន​សរសេរ​នៅ​ក្នុង​ឯកសារ​ព្រាង​មួយ​និយាយ​ថា ប្រសិនបើ​ឱសថ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រុម​អាជ្ញាធរ​និយតករ​នោះ​តម្លៃ​អាច​ត្រឹម ​១០​ដុល្លារក្នុង​មួយ​បន្ទះ​៕អត្ថបទ៖ សុខមាន

កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់​ដោយ​គ្មាន​ការចូលរួម​ពី​មី​យ៉ាន់​ម៉ា

2021/10/29 04:00:34 am        507
​អាស៊ាន៖ មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានបញ្ចប់​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ ៣​ថ្ងៃ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន និង​ប្រជាជាតិ​ផ្សេងទៀត​ក៏បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​ ​សហភាព​មី​យ៉ាន់​ម៉ាដែលជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ទាំង ១០ នៃ​ប្លុក​តំបន់​បាន​បដិសេធ​ការអញ្ជើញ​របស់​អាស៊ាន ​ក្នុងការ​បញ្ជូន​អ្នកការទូត​ជាន់ខ្ពស់​ជាជាង​មេដឹកនាំ​យោធា​របស់ខ្លួន​។វា​កម្រ​មាន​ណាស់​សម្រាប់​សមាជិក​អាស៊ាន​ដែល​រំលង​កិច្ចប្រជុំ​បែបនេះ​។ មហាក្សត្រ​ស៊ូ​លត​ង់ Hassanal Bolkiah របស់​ប្រ៊ុយណេដែលជា​ប្រធាន​អាស៊ានបាន​មាន​ព្រះបន្ទូល​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ថា មី​យ៉ាន់​ម៉ា​នៅតែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គ្រួសារ​អាស៊ាន​។ ព្រះអង្គ​ក៏បាន​សម្តែង​​ក្តីសង្ឃឹមផងដែរថា សហភាព​មី​យ៉ាន់​ម៉ា​នឹង​វិល​មករក​ភាពប្រក្រតី​ឡើងវិញ ស្របតាម​ឆន្ទៈ​របស់​ប្រជាជន និង​ការអនុវត្ត​ទាន់ពេលវេលា​នៃ​កិច្ចព្រមព្រៀង​កូ​សង់​ស៊ី​ស ៥ចំណុច​។​ ​មេដឹកនាំ​អាស៊ាន និង​យោធា​មី​យ៉ាន់​ម៉ា​បាន​យល់ព្រម​លើ​ការឯកភាព​គ្នា​កាលពី​ខែមេសា ដើម្បី​បញ្ចប់​អំពើហិង្សា​ក្នុងប្រទេសដែល​បាន​បន្ត​ចាប់តាំងពី​រដ្ឋប្រហារ​ក្នុង​ខែកុម្ភៈ​។​ ការឯកភាព​គ្នា​នេះ រួមមាន​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​នេះរបស់​បេសកជន​ពិសេស​អាស៊ាន ដើម្បី​សម្រប​សម្រួល​កិច្ចសន្ទនា​រវាង​យោធា និង​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​យោធា​បាន​ច្រានចោល​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។​ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah បាន​មាន​ព្រះបន្ទូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពុំមាន​សំនួរ​នៃ​ការបញ្ចប់​សមាជិកភាព​របស់​សហភាព​មី​យ៉ាន់​ម៉ានៅក្នុង​ប្លុក​អាស៊ានទេ ផ្ទុយទៅវិញ​បាន​អំពាវនាវ​ជាថ្មីដល់​របប​សឹក​មួយ​នេះ​ឲ្យ​ធ្វើការ​ជាមួយ​ប្រេសិត​ពិសេស របស់​ប្លុក​នេះ ​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរបន្ទាប់ពី​រដ្ឋប្រហារ​កា​លពី​ខែ​កុម្ភៈ​៕អត្ថបទ៖ សុខមាន

វៀតណាម​អរគុណ​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​ដល់ខ្លួន

2021/10/29 10:18:25 am        353
អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​លោក ជិន វ៉ាន់ធួន បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​សម្តេចតេជោ ​ហ៊ុន​ សែន ​ដែល​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ ចំនួន ២០ម៉ឺនដូស​ដល់​ប្រទេស​វៀតណាម​ ខណៈជំនួយ​នេះបាន​បង្ហាញ​អំពី​សក្ខីភាព​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​វៀតណាម​ក្នុង​ការ​កាត់បន្ថយ​ការ​ឆ្លង​នូវ​ជំងឺ​កូវីដ​១៩​។ថ្លែង​ក្នុង​ពិធីប្រ​គល់ ​និង​ទទួល​នូវ​វ៉ាក់​សាំង​ប្រភេទ​ស៊ីណូហ្វាម ​ចំនួន​២០​ម៉ឺន​ដូស​ ដែល​ជំនួ​យ​មនុស្ស​ធម៌របស់ក​ម្ពុជា​ ជូន​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២១​ នេះ​ នៅច្រក​ព្រំដែន​អន្តរជាតិ​បាវិត​ លោក​ ជិន វ៉ាន់ធួន ​បាន​លើក​ឡើង​ថា ​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ដែល​កម្ពុជា​បាន​ផ្តល់​ជូន​ដល់​វៀតណាម​នា​ពេល​នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សក្ខីភាព​របស់​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​ក៏ជាកា​យ​វិការ​ដ៏​មាន​អត្ថន័យ ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព និង​កាត់​បន្ថយការ​ឆ្លង​រីករាល​ដាល​នូវ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។​សូម​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​ប្រឆាំង​កូវីដ​១៩ ​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម​ចំនួន​ពីរ​លើក​មក​ហើយ ​ដោយ​លើកទីមួយ​គឺ​មានបរិ​ក្ខា​វេជ្ជសាស្រ្ត​ដូចជា​ម៉ាស​អាល់​កុលជាដើ​ម​ លើក​ទីពីរ​ជា​ថវិ​កា​ជាង​៣០​ម៉ឺនដុល្លារ​អាមេរិក​ និង​លើក​ទីបី​នេះ ​គឺ​ជាជំ​នួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ចំនួន២០​ម៉ឺនដូស​។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្តល់ជំ​នួយ​វ៉ាក់​សាំង​ដល់​ភាគី​វៀតណាម​នោះ​ថា​ជំនួយ ​ដែល​រដ្ឋាភិបាល ​ជា​ពិសេស​សម្តេចតេជោ ​ហ៊ុន ​សែន ​ផ្តល់ជូន​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​នេះ​ គឺ​ជាសក្ខីភាព​មួយ​បង្ហាញ​អំ​ពី​ទឹកចិត្ត​ដ៏ស្មោះស​រ​ របស់​កម្ពុជា​ជួយ​ដល់​ប្រទេស​ជា​មិត្ត​ភូមិ​ផង​របង​តែ​មួយ​ ក្នុងការ​កាត់​បន្ថយ​នូវ​ជំងឺកូ​វីដ​១៩​ ដែល​បាន​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​នោះ។​នៅ​ក្នុង​កម្ម​វិធី​ផ្តល់ ​និង​ទទួល​នូវ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​នេះ ​ភាគី​កម្ពុជា ​និង​ភាគីវៀតណាម​ក៏​បាន​សន្យា​បន្ត​សហការ​គ្នា​ឲ្យកាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់​ការរីក​រាល​ដាល ​នូវ​មេរោ​គ​កូវី​ដ​១៩​នេះ ​ខណៈ​មេរោគ​នេះ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ស្មុគ្រ​ស្មាញ ​និង​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លំាងដោយសារតែវាបា​ន​បន្ត​ឈ្លាន​ពាន​ដល់​សុខុ​មាល​សាធារណៈ​ និង​សម្លាប់​មនុស្ស​ជិតប្រាំលាននាក់​ហើយ​នៅ​ទូទាំង​ពិភព​លោកនោះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ
07/04/2026 11:07 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
07/04/2026 11:07 AM
ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក រារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/04/2026 11:07 AM
ក្រុមហ៊ុនតាមដានការដឹកជញ្ជូន៖ ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ចាប់ផ្តើមឡើងវិញប៉ុន្តែនៅតែផុយស្រួយ
07/04/2026 11:07 AM
ក្រុមសិទ្ធិមនុស្ស៖ កិច្ចព្រមព្រៀងលីបង់-អ៊ីស្រាអែល ជាការក្បត់ជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាម
07/04/2026 10:07 AM
គណៈកម្មការអឺរ៉ុប ស្នើគម្រោងការពារជាតិឆ្លងព្រំដែនធំៗចំនួនប្រាំ
07/04/2026 09:07 AM
ក្រុមប្រទេសគាំទ្រអ៊ុយក្រែន ប្តេជ្ញាគាំទ្រយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំកំពូលសម្ព័ន្ធយោធាណាតូ
07/04/2026 09:07 AM
ស្វីសទម្លាក់អាល់ហ្សេរី ២-០ ជាជ័យជម្នះវគ្គចាញ់ធ្លាក់នៅ World Cup លើកដំបូងក្នុងរយៈពេល ៨៨ ឆ្នាំ
07/04/2026 09:07 AM
សពលោក Khamenei ត្រូវបានដាក់តម្កល់នៅរដ្ឋធានីតេអេរ៉ង់ ខណៈអ៊ីរ៉ង់ចាប់ផ្តើមពិធីបុណ្យ ១សប្តាហ៍
07/04/2026 09:07 AM
មន្ត្រី ក.ប.ប វិភាគឃើញសាច់បង្កក ៤៨គំរូ ដែលសមត្ថកិច្ចចម្រុះពិនិត្យ​ប៉ុន្មានថ្ងៃមុន មាន​កត្តា​ហានិភ័យ​ប៉ះពាល់​សុខភាព
07/04/2026 08:07 AM