លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

WHO៖ ​អ្នក​ស្លាប់​ដោយសារ​ COVID-19 នៅ​ទូទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាល​ពី​សប្តាហ៍​មុន​ក្នុង​រយៈពេល​មួយ​ឆ្នាំ

2021/10/14 11:12:46 am        374
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ ចំនួន​អ្នកស្លាប់ដោយសារ​វីរុស Covid-19 បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុតក្នុង​រយៈពេល​ជិត ១ឆ្នាំ​កាលពី​សប្តាហ៍​មុនដែលមាន​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់។​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស Covid-19 កំពុង​ធ្លាក់ចុះ​នៅ​គ្រប់​តំបន់​លើកលែងតែ​ទ្វីបអឺរ៉ុប ប៉ុន្តែ​វិសមភាព​ទទួលបាន​វ៉ាក់សាំង​នៅតែ​បន្ត​កើនឡើង ភាគច្រើន​នៅ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន ៥៦ មិនបាន​ឈានដល់​គោលដៅ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការចាក់​វ៉ាក់សាំង ១០% នៃ​ចំនួន​ប្រជាជន​របស់​ពួកគេ​ប្រឆាំងនឹង​ជំងឺ​នេះនៅ​ចុងខែ​កញ្ញា​នោះទេ​ ដោយ​បន្ថែមថា​ចំនួន​អ្នកស្លាប់​ដែល​បាន​រាយការណ៍​គឺ​ខ្ពស់បំផុត​ នៅក្នុង​បណ្ដា​ប្រទេស​ដែល​បានទទួល​វ៉ាក់សាំង​តិច​បំផុត​។ លោក Tedros បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វិបត្តិ​ជំងឺ COVID-19 ថា វា​នៅតែមាន​កម្រិត​ខ្ពស់​ដែល​មិនអាច​ទទួលយកបាន ដែលមាន​មនុស្ស​ស្លាប់​ជិត ៥០.០០០នាក់​ក្នុង​មួយ​សប្តាហ៍ ហើយ​ចំនួន​ពិតប្រាកដ​គឺ​ខ្ពស់ជាង​នេះ​។​លោក Tedros បាន​និយាយថា ​ប្រទេស​ចំនួន​ ៣ គឺប៊ូ​រុន​ឌី, អេ​រី​ទ្រី និង​កូរ៉េខាងជើងមិនទាន់បាន​ចាប់ផ្តើម​ចែកចាយ​វ៉ាក់សាំង​នៅឡើយ​ទេ ដោយ​លោក​បាន​កត់សម្គាល់ថា​ ភាគច្រើន​នៃ​ប្រទេស​ទាំង ៥៦ ដែលមាន​អត្រា​ចាក់​វ៉ាក់សាំង​ក្រោម ១០% គឺ​នៅ​ទ្វីបអាហ្វ្រិក​។ ពាក់កណ្តាល​នៃ​ប្រទេស​ចំនួន ៥២ នៅ​ទ្វីបអាហ្វ្រិក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ពេញលេញដល់​ប្រជាជន​របស់ខ្លួនបាន​ត្រឹម ២% ឬ​តិចជាង​នេះ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី៣០ ខែកញ្ញា​៕អត្ថបទ៖ សុខមាន

មេដឹកនាំ G20 យល់ព្រម​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​មនុស្សធម៌​ជួយ​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/10/13 12:12:39 pm        588
​G20៖ កាលពី​ថ្ងៃ​អង្គារ​ ទី​១២ ខែ​តុលា​ មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ​ហៅថា​ប្រទេស G20 បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ដើម្បី​ចៀសវាង​គ្រោះ​មហន្តរាយ​មនុស្សធម៌​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈ​ដែល​សហភាព​អឺរ៉ុប​បាន​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ចំនួន ១​ពាន់​លាន​អឺរ៉ូ ហើយ​ប្រទេស​អ៊ីតាលី​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​បាន​សង្កត់ធ្ងន់​ លើ​ភាព​ចាំ​បាច់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុម​តា​លី​បង់​។​ស្រប​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​បាន​រៀប​ចំ​កិច្ចចរចា​ទល់មុខ​គ្នា​ ជា​លើកដំបូង​ជាមួយ​គណៈប្រតិភូ​អាមេរិក​ និង​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កាតា ប្រធានាធិបតី​អាមេរិក​លោក Joe Biden, ប្រធានាធិបតីទួរគី​លោក Recep Tayyip Erdogan និង​លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 តាមរយៈ​វីដេអូ​ស្តីពី​វិបត្តិ​សេដ្ឋកិច្ច​ និង​មនុស្សធម៌​ដែល​ចេះតែ​រីក​ធំដោយសារ​ការ​ត្រឡប់​មក​កាន់អំណាច​ឡើង​វិញ​របស់​ក្រុម​តា​លី​បង់​។ ​សហភាព​អឺរ៉ុប​បាន​បើក​កិច្ចពិភាក្សា​នេះ​ដោយ​សន្យា​ផ្តល់​ប្រាក់ ១​ពាន់​លាន​អឺរ៉ូ ឬ​ស្មើ ១,២​ពាន់​លាន​ដុល្លារ​អាមេរិករួម​ទាំង​ប្រាក់​សម្រាប់​តម្រូវការ​មនុស្ស​ធម៌​បន្ទាន់ និង​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​កំពុង​ទទួលយក​ជ​ន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រត់គេច​ចេញពី​ពួក​តា​លី​បង់​។​​នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi បាន​ជំរុញ​ឱ្យ​កិច្ចប្រជុំ​ក្រុម​ប្រទេស G20 ចាប់​តាំង​ពី​ក្រុម​តា​លី​បង់​ចូលកាន់​កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែ​សីហា ដោយ​ទទូច​ថា ​ការ​ជជែក​ដេញដោល​អំពី​ដំណោះស្រាយ​ត្រូវតែ​ហួស​ពី​កម្រិត​ធម្មតា ​របស់​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​។ លោក Xi Jinping ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin មិនបាន​ចូលរួម​ដោយផ្ទាល់​ទេ តែ​បាន​បញ្ជូន​អ្នកតំណាង​ឲ្យ​ចូលរួម​ជំនួស ប៉ុន្តែ​លោក Draghi បាន​ទទូច​ថា ​ពួក​លោក​ទាំង​អស់​គ្នា​បាន​ឯកភាព​លើ​តម្រូវការ​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ ដល់​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​៕អត្ថបទ៖ សុខមាន

មនុស្ស​ ២៨​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​នៅ​ប្រទេស​នេ​ប៉ាល់​

2021/10/13 11:32:53 am        306
​នេ​ប៉ាល់៖ នគរបាល​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ២៨​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះថ្នាក់​រថយន្តក្រុង​មួយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​នេ​ប៉ាល់​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា រថយន្ត​នេះ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្រុក Mugu នៅ​ពេល​ដែល​រថយន្ត​នេះ​បាន​ធ្លាក់​ផ្លូវ ហើយ​បាន​ធ្លាក់​ចុះ​ពីលើ​ភ្នំ​ភ្លាមៗ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​អង្គារ​។​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រថយន្ត​នេះ​ធ្លាក់​ផ្លូវ ប៉ុន្តែ​របាយការណ៍​ខ្លះ​លើក​ឡើង​ថា ​រថយន្តក្រុងអាច​មាន​បញ្ហា​ដោយសារ​ហ្វ្រាំង​មិន​ស៊ី​។ ​បើ​និយាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​មិន​មែន​ជា​រឿង​ចម្លែក​ទេ​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ ហើយ​ជា​ធម្មតា​បណ្តាល​មកពី​ផ្លូវថ្នល់​មិនល្អ ឬ​ការថែទាំ​គុណភាព​យាន​យន្ត​មិនបាន​ល្អ​។​ ​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់ ​បាន​បង្ហាញ​ពី​បុគ្គលិក​ជួយសង្គ្រោះ​កំពុង​ដឹកជញ្ជូន​មនុស្ស និង​អ្វី​ដែល​ទំនងជា​របស់​ផ្ទាល់ខ្លួន​ដូចជា​កាបូប​ធ្វើដំណើរ​ជាដើម​។ នគរបាល​បាន​និយាយ​ថា ​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តិ​ទៅ​ហើយ​។​​ពួកគេ​បាន​បន្ថែម​ថា​ មនុស្ស​ជាច្រើន​នៅ​លើ​រថយន្តក្រុង​ប្រហែលជា​បាន​ធ្វើ​ដំណើរ​ទៅផ្ទះ​វិញ បន្ទាប់ពី​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ Dashain ដែល​ជា​ពិធីបុណ្យ​សាសនា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​នេ​ប៉ាល់ និង​ឥណ្ឌា​។ ​មនុស្ស​ជាង ១០​នាក់​កំពុង​ត្រូវ​បាន​ព្យាបាល​របួស​ ដោយ​អ្នកខ្លះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្បែរ​នោះ​តាម​យន្តហោះ​។​ យ៉ាងណាក៏ដោយ​គេ​ក៏​នៅ​ទាន់​ដឹង​មិន​ច្បាស់​ទេ​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើដំណើរ​តាម​រថយន្តក្រុង​នោះ​នៅ​ពេល​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ ប៉ុន្តែ​នគរបាល​បាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​បន្ថែម​ទៀត​៕អត្ថបទ៖ សុខមាន

ប្រមុខ​អង្គការសហប្រជាជាតិ​បាន​រិះគន់​ពួក​តា​លី​បង់​ដែល​មិន​គោរព​ពាក្យសន្យា​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​

2021/10/12 02:08:53 pm        519
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres កាលពី​ថ្ងៃ​ចន្ទ​បាន​រិះគន់ពួក​តា​លី​បង់ដែល​មិន​គោរព​ពាក្យសន្យា​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយ​បាន​ជំរុញ​ឱ្យ​ពិភព​លោក​បរិច្ចាគ​ថវិកា​បន្ថែម​ទៀត​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដើម្បី​ទប់ទល់​នឹង​ការ​ដួល​រលំ​សេដ្ឋកិច្ច​របស់​ខ្លួន​។​យោង​តាម​ក្រសួងការបរទេស​អាមេរិក ការ​អត្ថាធិប្បាយ​នេះ​មាន​ឡើង​បន្ទាប់ពី​ការពិភាក្សា​ទល់មុខ​គ្នា​លើកដំបូង​រវាង​សហរដ្ឋអាមេរិក និង​ក្រុម​តា​លី​បង់ ចាប់​តាំង​ពី​ក្រុម​អ៊ីស្លាម​និយម​មួយ​នេះ​បាន​គ្រប់​គ្រង​ប្រទេស​ ដែល​បញ្ហា​រឹតត្បិត​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​កើន​ឡើង​។ លោក Guterres បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដែល​បាន​ឃើញ​ការ​សន្យា​ដែល​បាន​ធ្វើឡើង​ចំពោះ​ស្ត្រី និង​ក្មេង​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថានត្រូវ​ពួក​តា​លី​បង់​រំលោភបំពាន។​ ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ម៉ឺង​មាត់​ដល់​ពួក​តា​លី​បង់​ឱ្យ​រក្សា​ការសន្យា​របស់​ពួកគេចំពោះ​ស្ត្រី និង​ក្មេង​ស្រី និង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌។​​លោក Guterres បាន​និយាយ​ថា ​អង្គការសហប្រជាជាតិ​នឹង​មិន​បោះបង់ចោល​បញ្ហា​នេះ​ទេ ហើយ​បាន​និយាយ​ថា​ ស្ថាប័ន​នេះ​ពិភាក្សា​គ្នាជា​រៀងរាល់​ថ្ងៃជា​មួយ​ក្រុម​តា​លី​បង់​ ដែល​បាន​កាន់អំណាច​តាំងពី​ពាក់កណ្ដាល​ខែ​សីហា ប៉ុន្តែ​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​នៅតែ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​​នៅឡើយរហូតមកដល់​ពេលនេះ​៕ អត្ថបទ៖ សុខមាន

មនុស្ស ១៥​នាក់​បាន​ស្លាប់​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ទឹកជំនន់​នៅ​តំបន់​ធ្យូងថ្ម​ប្រទេស​ចិន​

2021/10/12 01:26:21 pm        559
​ចិន៖ មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ មនុស្ស​យ៉ាងហោចណាស់ ១៥​នាក់​បាន​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ខុស​ពី​ធម្មតា និង​ទឹកជំនន់​នៅ​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​កាលពី​ដើមខែ​នេះ​ បន្ទាប់ពី​តំបន់​ជា​ធម្មតា​តែងតែ​ស្ងួត​ទទួល​បាន​ទឹកភ្លៀង​មួយ​សប្ដាហ៍​ក្នុង​ពេល ​៣ខែ​។ ​ទឹកជំនន់​បាន​វាយប្រហារ​តំបន់​សំបូរ​ដោយ​រ៉ែ​ធ្យូងថ្ម​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​ថាមពល​ទូទាំង​ប្រទេស ហើយ​បន្ទាប់ពី​គ្រោះ​ទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ជាង ៣០០​នាក់​នៅ​ខេត្ត​ហឺ​ណាន​ភាគ​កណ្តាល​កាលពី​ខែ​កក្កដា​។​ មន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​ក្នុង​តំបន់​ម្នា​ក់​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ អណ្ដូង​រ៉ែ​ធ្យូងថ្ម​យ៉ាងហោចណាស់​ចំនួន ៦០​កន្លែង​នៅ​ក្នុង​ខេត្ត ដែល​ជា​តំបន់​ផលិត​ធ្យូងថ្ម​ឈាន​មុខ​គេ​របស់​ប្រទេស​ចិន​បាន​បិទ​ជា​បណ្តោះ​អាសន្ន​ដោយសារ​ទឹកជំនន់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មានតែ​ចំនួន ៤​ប៉ុណ្ណោះ​ដែល​បាន​វិល​ត្រឡប់​មក​ដំណើរការ​ធម្មតា​វិញ​។​ មន្ត្រី​ខាងលើ​បាន​បន្ថែម​ថា ​អគារ​ប្រហែល ១៩,០០០​ខ្នង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយសារ​អាកាស​ធាតុ​មិនល្អ ក្នុង​នោះ ១៨,០០០​អគារ​ផ្សេង​ទៀត​រង​ការខូចខាត​ធ្ងន់ធ្ងរ​៕​អត្ថបទ៖ សុខមាន

មនុស្ស​ ៦​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​ដាក់​គោលដៅ​លើ​ក្រុម​មន្ត្រី​នៅ​យេ​មែន​

2021/10/11 11:11:32 am        629
​យេ​មែន៖ មន្ត្រី​ម្នាក់​បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច ៦​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅ​ទីក្រុង​កំពង់ផែ​អា​ដែន ប្រទេស​យេ​មែន ​ដោយ​ការ​បំផ្ទុះ​រថយន្ត​ដាក់​គោលដៅ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ ២រូប​ដែល​បាន​រួច​ជីវិត​។ ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក Moammar al-Iryani បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​មាន​គោលដៅ​លើ​ក្បួន​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក Salem al-Socotrai និង​អភិបាលក្រុង​អា​ដែន លោក Ahmed Lamlas នៅ​ក្នុង​ស្រុក Tawahi។​លោក al-Iryani បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​បាន​សម្លាប់​មនុស្ស ៦​នាក់​ក្នុង​ចំណោម​អ្នក​អម​ដំណើរ​លោក Lamlas និង​បណ្ដាល​ឲ្យ​អ្នក​ឆ្លងកាត់​ទីនោះ​ចំនួន​ ៧នាក់​រងរបួស។ លោក​បន្ត​ថា​ ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​ ​យោង​តាម​មន្ត្រី​សន្តិសុខ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​ការ​ផ្ទុះ​នេះ​បាន​ធ្វើ​ឲ្យ​អគារ​មួយ​ចំនួន​រង​ការខូចខាត ក្នុង​តំបន់​ដែល​ត្រូវ​បាន​បិទ​ដោយ​កម្លាំង​សន្តិសុខ​យ៉ាង​ឆាប់រហ័ស​។​ លោក​នាយករដ្ឋមន្ត្រី Maeen Abdulmalik Saeed បាន​ហៅ​ការ​ផ្ទុះ​នេះ​ថា​ជា ​“ការវាយប្រហារ​ភេរវកម្ម​” ហើយ​បាន​បញ្ជា​ឱ្យ​មាន​ការស៊ើបអង្កេត​។​គ្មាន​នរណា​ម្នាក់ ឬ​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ​ទេ​។​ ​ទីក្រុង​អា​ដែន​ត្រូវ​បាន​កក្រើក​ដោយ​ការ​ផ្ទុះ​ជាច្រើន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ត្រូវ​បាន​ស្តី​បន្ទោស​ទៅ​ក្រុម​សកម្ម​ប្រយុទ្ធ​ក្នុងស្រុក​ដែល​មាន​ទំនាក់​ទំនងជា​មួយ​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា ​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​៕អត្ថបទ៖ សុខមាន

សម្ដេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​គោព្រៃ​កម្ពុជា​ឈ្នះ​កោះ​ហ្គាំ ១-០ ខណៈ​ជើង​ទី​២ ប្រកួត​ស្អែក​នេះ​

2021/10/11 09:54:38 am        656
​បាល់ទាត់៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហោះ​សារ​អបអរសាទរ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​យកឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក​ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន។​​ការ​អបអរសាទរ​ស​ម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក្រោយ​ក្រុម​គោព្រៃ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីប​អាស៊ី​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដណ្ដើម​បាន​ជ័យជម្នះ ១-០។​ ​ជំនួប​ដ៏​ជក់ចិត្ត​ដែល​មាន​អ្នកទស្សនា​តាមរយៈ​ការផ្សាយ​ផ្ទាល់​ជាង ១០​ម៉ឺន​នាក់​នេះ កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អពិសេស​នៅ​វគ្គ​ទី​១ ដោយ​បាន​ដាក់​សម្ពាធ​លើ​កោះ​ហ្គាំ​រហូត​ធ្វើ​សម្រេច​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​នៅ​នាទី​២៦ ដោយ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្រោយ​ទទួល​បាល់​បញ្ជូន​ពី​សិស្ស​ប្អូន លឹម ពិសុទ្ធ ហើយ​លទ្ធផល​នេះ​ក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​។​ ​ក្រៅពី​ការ​អបអរ​សាទរ​ជ័យជម្នះ​ក្នុង​ជើង​ទី​១ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ចំនួន ១០​ម៉ឺន​ដុល្លារ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រសិនបើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​ទម្លាក់​កោះ​ហ្គាំ​ឡើង​វគ្គ​បន្ដ​ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីប​អាស៊ី​នេះ​ទៀត​ផង។ រីឯ​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏បាន​ប្រកាស​ឧបត្ថម្ភ​ចំនួន ៥​ពាន់​ដុល្លារ​សម្រាប់​ការ​ទាត់​បញ្ចូល​ទី​កោះ​ហ្គាំ​ក្នុង ១​គ្រាប់​ផង​ដែរ​។​​គួរ​ដឹង​ថា ជំនួប​កាត់សេចក្ដី​ជើង​ទី​២ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023 រវាង​កម្ពុជា និង​កោះ​ហ្គាំ​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​១២ ខែ​តុលា​ស្អែក​នេះ​នៅ​ទឹកដី​កណ្ដាល​នា​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន​ដដែល។ ការប្រកួត​នេះកម្ពុជា​ត្រូវការ​ត្រឹម​លទ្ធផល​ស្មើគ្នា​ប៉ុណ្ណោះ នឹង​បាន​ឡើង​វគ្គ​បន្ដ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

មនុស្ស​ ២០​នាក់​ស្លាប់ ខណៈ​លំនៅឋាន​ដួល​រលំ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ប៉ា​គី​ស្ថាន​

2021/10/08 03:54:49 am        322
​ប៉ា​គី​ស្ថាន៖ មន្ត្រី​ក្នុង​តំបន់​និយាយ​ថា​ មនុស្ស​យ៉ាងហោចណាស់ ២០​នាក់​បាន​ស្លាប់ និង​ជាង ២០០​នាក់​រង​របួស​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ខេត្ត Balochistan ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​ដោយ​ក្រុម​ជួយសង្គ្រោះ​ព្យាយាម​សម្អាត​កំទេចកំទី​ និង​ចូល​ទៅដល់​តំបន់​នោះ​។​​យោងតាម​ទិន្នន័យ​ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកគ្រោះ​រញ្ជួយ​ដី​កម្រិត ៥.៩រ៉ិ​ច​ទ័​របា​ន​អង្រួន ខណៈប្រជាពលរដ្ឋ​ភាគច្រើន​នៅក្នុង​ស្រុក Harnai ចម្ងាយ​ប្រហែល ១០០គីឡូម៉ែត្រនៃ​រដ្ឋធានី Quetta របស់​ខេត្ត​នេះកំពុង​លង់លក់នៅ​ម៉ោងជាង ៣ព្រឹក​ម៉ោង​ក្នុងស្រុកកាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ការ​រញ្ជួយ​នេះ​បាន​កើត​ឡើង​នៅ​ជម្រៅ​ប្រហែល ២០គីឡូម៉ែត្រ។​ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​បាន​និយាយ​ថា​ មនុស្ស​យ៉ាងហោចណាស់​ ២០០​នាក់​បាន​រងរបួស​។​ ​លោក Osama bin Ijaz មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ប្រាប់សារព័ត៌មាន Al Jazeera ថា ​មន្ត្រី​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​កំពុងធ្វើការ​។​ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan បាន​បញ្ជា​ឱ្យ​ផ្ដល់ជំនួយ​ជាបន្ទាន់​លើ​មូលដ្ឋាន​គ្រាអាសន្ន​ដល់​ប្រជាជន​នៅ​តំបន់​នោះ​ បន្ទាប់ពី​ការរញ្ជួយ​ដី​៕អត្ថបទ៖ សុខមាន

លោក Fumio Kishida បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ជា​ផ្លូវការ​របស់​ជប៉ុន​

2021/10/04 06:05:05 am        692
​ជប៉ុន៖ លោក Fumio Kishida បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ ​បន្ទាប់ពី​លោក Yoshihide Suga ដែល​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​កាន់តំណែង​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។​ លោក Kishida វ័យ ៦៤​ឆ្នាំ​បានឈ្នះ​ការប្រណាំង​ប្រជែង​ដើម្បី​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) ដែល​កំពុង​កាន់អំណាច​របស់​ជប៉ុន​កាលពី​សប្តាហ៍​មុន​។​លោក​នឹង​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន រួមទាំង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​វីរុស covid-19 និង​ការគំរាមកំហែង​ពី​ប្រទេស​កូរ៉េខាងជើង​។ ​រូបលោក​ក៏​នឹង​សង្ឃឹម​ផងដែរ​ថា នឹង​ជួយ​ឱ្យ​គណបក្ស​របស់លោក​ទទួល​បាន​ប្រជាប្រិយភាព​ឡើងវិញ បន្ទាប់ពី​ការជំរុញ​មិនសូវមាន​ការគាំទ្រ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​តូ​ក្យូ​។​ ​ដំណើរ​ឆ្ពោះទៅមុខ​ជាមួយ​ព្រឹត្តិការណ៍​នេះ​បានកើត​ឡើង​ បើទោះបីជា​មានការ​ប្រឆាំង​ជា​សាធារណៈ​យ៉ាងខ្លាំង​ ដោយសារតែ​ការព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ Covid-19 យ៉ាងណាក្ដី។​នៅក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ត្រី Suga ប្រជាប្រិយភាព​ក្នុង​ការស្ទង់មតិ​បាន​ស្រុតចុះ​ខ្លាំង​។ លោក Suga បា​នស​ម្រេច​ចិត្ត​លា​លែង​ពី​តំណែងជា​នាយករដ្ឋមន្ត្រីបន្ទាប់ពី​កាន់តំណែង​បាន​រយៈពេល​តែមួយ​ឆ្នាំ បញ្ហាសំខាន់​ដោយសារតែ​ចំណាត់ការ​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺ​ COVID-19 មិនបាន​ល្អ និង​ការសម្រេចចិត្ត​រៀបចំ​កីឡា​អូឡាំពិក​ដែល​មិនសូវមាន​ការគាំទ្រ​៕​អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ COVID-19 ​ទូទាំង​ពិភពលោក​ឡើង​ដល់​ ៥​លាន​នាក់ ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន Delta រាតត្បាត​ពេញ​សកលលោក​

2021/10/04 12:16:12 pm        1087
​ពិភពលោក៖ យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា ​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ COVID-19 នៅ​ទូទាំង​ពិភពលោក​បាន​កើន​ឡើង​ដល់​ជាង ៥​លាន​នាក់​កាលពី​ចុង​សប្ដាហ៍​នេះ ដោយ​មនុស្ស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ភាគច្រើន​ត្រូវបាន​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ Delta​។ វីរុស​ប​ម្លែ​ង​ខ្លួន​នេះ​បានបង្ហាញ​ពី​ភាពខុសគ្នា​យ៉ាងខ្លាំង​ នៃ​អត្រា​ចាក់​វ៉ាក់សាំង​រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​ក្រីក្រ និង​លទ្ធផល​នៃ​ការស្ទាក់ស្ទើរ​ក្នុង​ការចាក់​វ៉ាក់សាំង​នៅ​ប្រទេស​លោកខាងលិច​មួយចំនួន​។​​ជាង​ពាក់កណ្តាល​នៃ​ការស្លាប់​ទូទាំង​ពិភពលោក​ដែល​បាន​រាយការណ៍​ជា​មធ្យ​ក្នុងពេល ៧ថ្ងៃគឺ​នៅ​សហរដ្ឋអាមេរិក រុស្ស៊ី ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក និង​ឥណ្ឌា​។​ ​យោងតាម​ការវិភាគរ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ខណៈ​ដែលមាន​រយៈពេល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 កើនឡើង​ដល់ជាង ​២​លាន ​៥សែន​នាក់ ចំណែក​មនុស្ស​ស្លាប់​ចំនួន ២​លាន ​៥​សែន​នាក់​ទៀតត្រូវបាន​កត់ត្រា​ក្នុង​រយៈពេល​ត្រឹមតែ ៨ខែ​ប៉ុណ្ណោះ​។ ​ជា​មធ្យម​មនុស្ស ៨.០០០នាក់​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ​ ឬ​ប្រហែល ៥នាក់​ស្លាប់​រៀងរាល់​នាទី​។ ទោះយ៉ាងណាអត្រា​ស្លាប់​ទូទាំង​ពិភពលោក​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​មានការ​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង លើ​ការចាក់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ​ដែល​មនុស្ស​ជាច្រើន ​មិនទាន់​បានទទួល​វ៉ាក់សាំង​បង្ការ​ដូ​ស​ដំបូង​ផង​ទេ ទោះបីជា​សម​ភាគី​ជា​ប្រទេស​អ្នកមាន​របស់​ពួកគេ​កាន់តែច្រើន ​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​ពលរដ្ឋ​របស់ខ្លួន​ក៏ដោយ​។ ​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​មិនទាន់​បានទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 យ៉ាងហោចណាស់​មួយ​ដូ​សនៅឡើយ​ទេ នេះ​បើ​យោងតាមប្រភពពី Our World in Data៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
07/04/2026 03:07 PM