លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

ព័ត៌មានសំខាន់ៗ

កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​អាកាស​យាន​ថ្មី​ក្នុង​ការ​សាកល្បង​ចុងក្រោយ​របស់​ខ្លួន​

2021/10/01 03:49:22 am        187
​កូរ៉េខាងជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ថ្មី ឬ​មី​ស៊ី​ល​ប្រឆាំង​អាកាស​យាន​ថ្មី​ដែល​ទើបតែ​អភិវឌ្ឍ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (៣០ កញ្ញា​) ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយ​បំផុត​របស់ខ្លួន ​ស្របពេល​កិច្ចចរចា​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ ជាមួយ​សហរដ្ឋអាមេរិក​បាន​កំពុង​ជាប់គាំង​។​នេះ​គឺជា​ការសាកល្បង​អាវុធ​ដែល​គេ​ឃើញ​ជា​លើក​ទី២ របស់​កូរ៉េខាងជើង​នៅ​សប្តាហ៍​នេះ​ បន្ទាប់ពី​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ ដែល​គេ​មិន​ធ្លាប់បាន​មើលឃើញ​ពីមុនកាលពី​ថ្ងៃ​អង្គារ​។ មិនតែប៉ុណ្ណោះ​ប្រទេស​នេះ​បាន​បាញ់​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក និង​មី​ស៊ី​ល​នាំ​ផ្លូវដែលមាន​សមត្ថភាព​ដូចជា​អាវុធ​នុយក្លេអ៊ែរ​ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​ ​ការសាកល្បង​នេះ​បានបញ្ជាក់​ពី​របៀប​ ដែល​កូរ៉េខាងជើង​កំពុងអភិវឌ្ឍន៍អាវុធ​ទំនើបៗឥតឈប់ឈរ​ ដោយ​បង្កើន​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ លើ​ការបោះបង់​កម្ម​វិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​លរបស់ខ្លួន ​ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។​​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ការពារជាតិ​ដែលជា​អ្នក​អភិវឌ្ឍ​អាវុធ​យោធា​បាន​និយាយថា​ ការសាកល្បង​នេះ​មាន​គោលបំណង​បញ្ជាក់​ពីមុខ​ងារ​ពិតប្រាកដរបស់​ជើង​ទម្រ​បាញ់​មី​ស៊ី​ល រ៉ា​ដា យាន​បញ្ជា​ប្រយុទ្ធ​គ្រប់​ជ្រុងជ្រោយ និង​ប្រតិបត្តិ​ការប្រយុទ្ធ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សា​ព័ត៌មាន​ផ្លូវការ KCNA៕អត្ថបទ៖ សុខមាន

UN៖ ត្រូវ​មាន​ការ​ឆ្លើយតប​បន្ទាន់​ជា​អន្តរជាតិ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ក្រោយ​រដ្ឋប្រហារ​យោធា​

2021/09/30 12:28:32 pm        548
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​អំពាវនាវ​ឱ្យមាន​ការ​ឆ្លើយតប​ជា​អន្តរជាតិ​ជាបន្ទាន់​ ចំពោះ​វិបត្តិ​នយោបាយ​ដែល​បាន​បង្កើតឡើង​នៅក្នុង​សហ​ភាព​មី​យ៉ាន់​ម៉ា​ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃទី១ ខែកុម្ភៈ​ នៅក្នុង​របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​ ទី២៩ ខែកញ្ញា​។​​នៅក្នុង​ឯកសារ​ស្តីពីស្ថានភាព​សិទ្ធិមនុស្ស​របស់​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា និង​ជនជាតិភាគតិច​ដទៃ​ទៀត​នៅក្នុង​សហភាព​មី​យ៉ាន់​ម៉ា ប្រមុខ​អង្គការសហប្រជាជាតិ​ក៏បាន​និយាយ​ផងដែរ​ថា​ លោក​បារម្ភ​ថា​ ការ​ក្តាប់​អំណាច​យ៉ាង​ណែន​របស់​យោធា​នឹង​កាន់តែ​ពិបាក​ទប់ទល់​។ លោក​បាន​និយាយ​នៅក្នុង​ឯកសារ​ចុះ​ថ្ងៃទី៣១ ខែសីហា​ថា វា​ជា​រឿង​បន្ទាន់​ក្នុងការ​បង្កើន​ការឆ្លើយតបជា​អន្តរជាតិ និង​តំបន់​ប្រកបដោយ​ការរួបរួម​គ្នា ដើម្បី​ជួយ​ធ្វើឱ្យ​មី​យ៉ាន់​ម៉ា​ដើរ​លើផ្លូវ​ឆ្ពោះទៅរក​កំណែទម្រង់​ប្រជាធិបតេយ្យ​។​​លោក Guterres បាន​និយាយ​នៅក្នុង​របាយការណ៍​រប​ស់លោ​កថា កិច្ចប្រឹងប្រែង​របស់​អន្តរជាតិត្រូវតែ​អមដោយ​ការដោះលែង​លោក​ប្រធានាធិបតី Win Myint, ទីប្រឹក្សា​រដ្ឋ​លោកស្រី Aung San Suu Kyi និង​មន្ត្រី​រដ្ឋាភិបាល​ដទៃទៀត។​ រូបិយប័ណ្ណ​របស់​សហ​ភាព​មី​យ៉ាន់​ម៉ាបាន​ធ្លាក់ចុះ​ជាង ៦០% ​នៃ​តម្លៃ​របស់ខ្លួនចាប់តាំងពី​ដើមខែ​កញ្ញា​នៅក្នុង​ការដួលរលំ ដែល​បាន​ជំរុញ​ឱ្យ​តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈឡើងថ្លៃ​ខ្ពស់​នៅក្នុង​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ ចាប់តាំងពី​រដ្ឋប្រហារ​យោធា​កាលពី ៨ខែ​មុន​៕ អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​បាន​បាញ់​អាវុធ​សង្ស័យ​ជា​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​ចូល​ក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​

2021/09/28 12:04:56 pm        607
​កូរ៉េខាងត្បូង៖ ក្រុម​មន្ត្រី​ក្រុង​សេ​អ៊ូ​ល និង​តូ​ក្យូ​បាន​និយាយ​ថា ​ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​អាវុធ​មួយ​គ្រាប់សង្ស័យ​ថា ​ជា​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជា​ការ​សាកល្បង​អាវុធ​ចុងក្រោយបង្អស់​ពី​សំណាក់​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ចោទ​ជា​សំណួរ​ជាច្រើន​អំពី​ភាព​ស្មោះត្រង់ ​នៃ​ការផ្តល់ជូន​នាពេល​ថ្មីៗ​នេះ​របស់ខ្លួន​សម្រាប់​កិច្ចចរចា​ជាមួយ​កូរ៉េខាងត្បូង។​អគ្គសេនាធិការ​ចម្រុះ​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា អាវុធ​ដែល​គេ​មិន​ស្គាល់​ប្រភេទដែល​បាញ់​ចេញពី​ទីតាំង​ឆ្ងាយ​ពី​សមុទ្រ​ បាន​ហោះ​ឆ្ពោះទៅ​សមុទ្រ​ខាងកើត​របស់​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​ ​អង្គភាព​នេះ​និយាយថា ​ក្រុម​អាជ្ញាធរ​ចារកម្ម​កូរ៉េខាងត្បូង និង​អាមេរិកកំពុង​វិភាគ​លម្អិត​អំពី​ការបាញ់​នេះ​។​ ចំណែក​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshihide Suga បាន​និយាយ​ថា​ កូរ៉េខាងជើង​បាន​បាញ់ អ្វីដែល​អាចជា​មី​ស៊ី​ល​បាលី​ស្ទីក ហើយ​រដ្ឋាភិបាល​របស់​លោក​បាន​បង្កើន​ការប្រុងប្រយ័ត្ន និង​ការឃ្លាំមើល​ ខណៈដែល​ខ្លួន​វិភាគ​លម្អិត​អំពី​ការបាញ់​នេះ​។​​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក និងមី​ស៊ី​លតម្រង់​គោលដៅនៅ​ដើមខែ​នេះ គឺជា​ការបាញ់ លើកដំបូង​របស់​កូរ៉េខាងជើងក្នុង​រយៈពេល ៦ខែ និង​ជាការ​បង្ហាញ​ពី​សមត្ថភាព​វាយប្រហារ​ដាក់​គោលដៅ​លើ​កូរ៉េខាងត្បូង និង​ជប៉ុនដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក ជាទី​ដែលមាន​កងទ័ព​អាមេរិក​សរុប​ចំនួន ៨ម៉ឺន​នាក់កំពុង​ឈរជើង​នៅ​ទីនោះ​៕ អត្ថបទ៖ សុខមាន

ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ COVID-19​ ទៅ​ទ្វីប​អាហ្វ្រិក​កើន​ឡើង​លើស​ពី ​៧​ដង​

2021/09/25 04:16:10 am        375
​​ទ្វីប​អាហ្វ្រិក​៖ អង្គការ​សុខភាព​ពិភពលោក​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ការ​ដឹកជញ្ជូនវ៉ាក់សាំង​បង្ការ​វីរុស​ COVID-19​ ទៅកាន់​ទ្វីប​អាហ្វ្រិក​បាន​កើន​ឡើង​លើស​ពី​ ៧​ដង​ពី​ប្រមាណ​ ២០​លាន​ទៅ ​១៥០​លាន​ដូ​ស​ជា​រៀង​រាល់​ខែ​ ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ពេញ​លេញដល់​ប្រជាជន​របស់​ខ្លួន​ ៧០% នៅ​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០២២។​គោលដៅ ​៧០% ​ត្រូវ​បាន​ព្រមព្រៀង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​វីរុស ​COVID-19 សកល​នៅ​ក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​សប្ដាហ៍​នេះ​។ មជ្ឈមណ្ឌល COVAX ដែល​ជា​វេទិកា​សកល​ដើម្បី​ធានា​ការ​ទទួល​បាន​វ៉ាក់សាំង​បង្ការ​វីរុស COVID-19 ប្រកបដោយ​សមធម៌ ត្រូវ​បាន​បង្ខំ​ឱ្យ​កាត់បន្ថយ​ការ​ដឹក​ជញ្ជូន​តាម​ផែនការ​ទៅកាន់​ទ្វីប​អាហ្វ្រិក​ចំនួន​ ២៥% ​នៅ​ឆ្នាំនេះដោយសារ​កង្វះ​ការ​ផ្គត់ផ្គង់​ជាស​កល និង​បម្រាម​នាំចេញ​។​ ​ខណៈ​ការនាំចេញ​របស់​មជ្ឈមណ្ឌល COVAX នៅតែ​ចូល​មក​ក្នុង​បណ្ដា​ប្រទេស​អាហ្វ្រិក​ដែល​ចំនួន​ ៤​លាន​ដូ​សត្រូវ​បាន​ទទួល​កាលពី​សប្តាហ៍​មុន មាន​វ៉ាក់សាំង​ត្រឹម​តែមួយ​ភាគ​បី​ប៉ុណ្ណោះ​ដែល​ប្រទេស​អ្នក​មាន បាន​សន្យា​ចែករំលែក​ជាមួយ​ប្រទេស​នៅទ្វីប​អាហ្វ្រិក​នៅ​ចុង​ឆ្នាំ​២០២១ ​នេះ​។​ការ​ដឹក​ជញ្ជូន​ទាំងនេះ​ត្រូវ​បាន​គេ​កោតសរសើរ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​ការ​ទទួលបាន​ត្រឹមតែ​មួយ​ភាគបី​ នៃ​ដូ​ស​វ៉ាក់សាំង​ដែល​បាន​សន្យា​នៅ​ចុង​ឆ្នាំ​២០២១​។ ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​នៅ​ទ្វីប​អាហ្វ្រិកកើន​ឡើង​ ដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​គោលដៅ​ជាស​កល​នៃ​ការ​ចាក់​វ៉ាក់សាំង ៧០% ​នៃ​ប្រជាជន​ប្រទេស​នីមួយៗ​៕​អត្ថបទ៖ ប៊ុន ថន

UN៖ ​មី​យ៉ាន់​ម៉ា​អាច​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាមស៊ីវិល ខណៈ​ការ​បះបោរ​ប្រឆាំង​របប​សឹក​ចេះតែ​រីក​ធំឡើង​

2021/09/24 05:53:55 am        411
​មី​យ៉ាន់​ម៉ា​៖ ប្រមុខ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា​ សហភាព​មី​យ៉ាន់​ម៉ា​កំពុង​ប្រឈមនឹង​ការធ្លាក់​ចូល ក្នុង​សង្គ្រាមស៊ីវិល​ដែល​កំពុង​កើនឡើង ខណៈ​ដែល​ការបះបោរ​ប្រឆាំង​នឹង​របប​យោធា​កំពុង​រីក​រាលដាល​ខ្លាំង​។​លោកស្រី Michelle Bachelet បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ថា ​ពេលវេលា​ជិត​អស់ហើយ សម្រាប់​ប្រទេស​ដទៃទៀត​ក្នុងការ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ការពារ​កុំ​ឱ្យមាន​ជម្លោះ​កាន់តែ​រីក​ធំ​។ ​សហភាព​មី​យ៉ាន់​ម៉ាបាន​ធ្លាក់​ចូលក្នុង​ភាពវឹកវរ​ចាប់តាំងពី​រដ្ឋាភិបាលរ​បស់​លោកស្រី​ អ៊ុង​សាន ​ស៊ូ​ជី ត្រូវបាន​យោធា​ទម្លាក់​ចេញពី​អំណាច​កាលពី​ខែកុម្ភៈ ដែល​បង្កឱ្យមាន​ការបះបោ​រ​ទូទាំងប្រទេស ដែល​របប​យោធា​បាន​ព្យាយាម​លុបបំបាត់ ​រហូត​ឈានដល់​កា​រប​ង្ក្រា​ម​ដោយ​ហិង្សា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ​១០០០​នាក់​ស្លាប់ និង​រាប់ពាន់នាក់​ត្រូវបាន​ឃុំខ្លួន​។​​ការវាយប្រហារ​ទៅលើ​កងទ័ព​បាន​កើនឡើង ​ចាប់តាំងពី​សមាជិកសភា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​អំណាច​ដោយ​ក្រុម​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ឱ្យមាន​ “សង្គ្រាម​ការពារ​ប្រជាជន​” កាលពី​ដើមខែ​នេះ​។​ ​លោកស្រី Bachelet បាន​និយាយថា​ ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​យ៉ាប់យ៉ឺន​គួរឱ្យកត់សម្គាល់​ដោយសារ​រដ្ឋប្រហារ ដែល​បាន​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស និង​ក្តីសង្ឃឹម​នៅ​ទូទាំងប្រទេស។​ ​លោកស្រី​បាន​បន្ថែមថា​ “ជម្លោះ ភាពក្រីក្រ និង​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សកលកំពុង​កើនឡើង​យ៉ាងខ្លាំង ហើយ​ប្រទេស​នេះ​ប្រឈម​នឹង​ការគាបសង្កត់ អំពើហិង្សា និង​ការដួលរលំ​សេដ្ឋកិច្ច​៕អត្ថបទ៖ សុខមាន

មនុស្ស​ម្នាក់​ស្លាប់ និង ​១២​នាក់​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ហាង​លក់​គ្រឿងទេស​នៅ​អាមេរិក​

2021/09/24 04:47:03 am        442
​អាមេរិក៖ នគរបាល​នៅក្នុង​រដ្ឋ Tennessee របស់​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ មនុស្សម្នា​ក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ​នៅ​ហាង​លក់​គ្រឿងទេស ហើយ​មនុស្ស ១២នាក់ផ្សេងទៀត​បាន​រងរបួស​។​​ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ទីក្រុង Collierville កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ប្រហែល ៥៦គីឡូម៉ែត្រខាងកើត​ទីក្រុង Memphis​។ ​នគរបាល​មកពី​សង្កា​ត់​ជិតខាង​បានមក​ដល់​ហាង​លក់​គ្រឿងទេស Kroger ដើម្បី​ជួយ​ក្នុងការ​ស៊ើបអង្កេតលើ​ហេតុការណ៍​បាញ់បោះ​ដោយ​សេរី​នេះ​។​ ​ខ្មាន់កាំភ្លើង​ដែលជា​បុរសបាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ ដោយសារ​សង្ស័យ​ថា​បានធ្វើ​អត្តឃាត​ដោយ​ការបាញ់​ខ្លួនឯង​។​ស្នងការ​នគរបាលក្រុង Collierville បាន​និយាយថា​ ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នៅឯ​ហាង​លក់​គ្រឿងទេស Kroger នៅក្នុង​សហគមន៍​ដែលមាន​ចម្ងាយប្រហែល ៥៦គីឡូម៉ែត្រខាងកើត​ទីក្រុង Memphis​។​ ​លោក​បាន​និយាយថា​ មនុស្ស ១២នាក់ត្រូវបាន​គេ​បាញ់ ​ហើយ​មួយចំនួន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​រងរបួស​ធ្ងន់​៕អត្ថបទ៖ សុខមាន

មេដឹកនាំ​កូរ៉េខាងត្បូង​បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​មាន​សេចក្ដីប្រកាស​បញ្ចប់​សង្គ្រាម​កូរ៉េ​

2021/09/22 10:48:25 am        344
​​កូរ៉េខាងត្បូង​៖ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ និង​បាន​អំពាវនាវ​ជាថ្មីទៀត​ឱ្យមាន​ការប្រកាស​បញ្ចប់​សង្គ្រាម​កូរ៉េ​ចន្លោះ​ពី​ឆ្នាំ១៩៥០-​១៩៥៣ ជា​ផ្លូវការ​។​​លោក Moon បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ របស់​អង្គការ​ពិភពលោក​មួយ​នេះថា ​ខ្ញុំ​សូម​អំពាវនាវ​ជាថ្មី​ម្ដងទៀត​ដល់​សហគមន៍​ប្រជាជាតិ​នានា ​ដើម្បី​ប្រមូល​កម្លាំង​របស់ខ្លួន​សម្រាប់​ការប្រកាស​បញ្ចប់សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ។​ លោ​កថា​ ខ្ញុំ​ស្នើឱ្យ​ត្រីភាគី​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ និង​សហរដ្ឋអាមេរិក ឬ ៤​ភាគី​នៃ​កូរ៉េ​ទាំងពីរ សហរដ្ឋអាមេរិក និង​ចិន​មក​ជួប​ជុំ​គ្នា ហើយ​ប្រកាស​ថា​ សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​បាន​បញ្ចប់​ហើយ។ កូរ៉េខាង​ជើង​បាន​ស្វែងរក​ការ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​កូរ៉េ​ជា​យូរ​មក​ហើយ ​ដើម្បី​ជំនួស​ឱ្យ​បទ​ឈប់​បាញ់​ដែល​បាន​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​ទាំង​២ ប៉ុន្តែ​ពុំបាន​បញ្ចប់​សង្គ្រាម​នេះ​ទេ ហើយ​ទីបញ្ជាការ​អង្គការសហប្រជាជាតិ​ដឹកនាំ​ដោយ​អាមេរិក​និយាយ​ថា​ តាម​ភាសា​បច្ចេកទេស​នៅ​តែ​មាន​សង្គ្រាម​នឹង​គ្នា​។ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ថ្លែង​ទៅកាន់​អង្គប្រជុំ​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ ហើយ​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​ស្វែងរក​ “ផ្នែក​ការទូត​ដ៏​ហ្មត់ចត់ និង​ប្រកបដោយ​និរន្តរភាព ​ដើម្បី​បន្ត​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​៕ អត្ថបទ៖ សុខមាន

លោក Guterres ព្រមាន​ចិន​ និង​អាមេរិក​ឱ្យ​ចៀសវាង​សង្គ្រាមត្រជាក់​ថ្មី​មុន​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​

2021/09/21 04:44:04 am        335
​UN៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក Antonio Guterres បាន​ព្រមាន​អំពី​សង្គ្រាមត្រជាក់​ថ្មី​ដ៏​ក្ដៅ​គគុក​ដែល​អាច​កើតមាន​រវាង​ចិន ​និង​សហរដ្ឋអាមេរិក​ ហើយ​បាន​អង្វរ​មហាអំណាច​ធំ​ៗទាំង២ ​ឱ្យ​ផ្សះផ្សា​ទំនាក់ទំនង​ប្រេះស្រាំ​រវាង​ប្រទេស​ទាំង​២​។​លោក Guterres បាន​និយាយ​នៅមុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ប្រចាំឆ្នាំ​របស់​មេដឹកនាំ​ពិភពលោកដែល​គ្របដណ្ដប់​ដោយវិបត្តិ​វីរុស COVID-19 ក្ដីកង្វល់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​ការ​ខ្វែងគំនិត​គ្នា​នៅ​ទូទាំង​ភពផែនដី​ថា ​យើង​ត្រូវតែ​ចៀសវាង​សង្គ្រាមត្រជាក់ដែល​នឹង​ខុសពី​សង្គ្រាម​កាលពី​អតីតកាល ហើយ​ប្រហែលជា​គ្រោះថ្នាក់ និង​ពិបាក​គ្រប់គ្រង​ថែមទៀត​។ លោក Guterres បាន​និយាយថា ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំៗទាំង២ របស់​ពិភពលោក​គួរតែ​សហការគ្នា​លើ​បញ្ហា​អាកាសធាតុ និង​ការចរចា​ឱ្យ​កាន់តែ​រឹងមាំ​លើ​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា បើទោះបីជា​មានការ​បែកបាក់​នយោបាយ​ជាប់ទាក់ទង​នឹង​សិទ្ធិមនុស្ស សេដ្ឋកិច្ច សន្តិសុខ​តាម​អ៊ីនធឺណិត ​និង​អធិបតេយ្យភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​៕អត្ថបទ៖ សុខមាន

មនុស្ស ៦​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ប្រទេស​រុស្ស៊ី​

2021/09/21 04:02:33 am        129
​រុស្ស៊ី៖ យោងតាម​ក្រុម​អាជ្ញាធរ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើក​ការបាញ់ប្រហារ​នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង Perm ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច ៦នាក់ ​និង ​២៤នាក់​ផ្សេងទៀត​រងរបួស​។​​ខ្មាន់កាំភ្លើង​ដែល​នគរបាល​និយាយថា​ ជា​និស្សិត​នៅ​មហាវិទ្យាល័យ​នោះបាន​ចូលទៅក្នុង​បរិវេណ​សាកលវិទ្យា​ល័យ Perm State ជា​កន្លែង​ដែល​និស្សិត​កំពុង​រៀន ហើយ​ចាប់ផ្តើម​បាញ់រះ​ដោយ​កាំភ្លើងខ្លី​តែម្ដង​។ ​នគរបាល​បាន​និយាយថា ​មន្ត្រី​បាន​ទប់​ទល់នឹង​ខ្មាន់កាំភ្លើង ហើយ​បាន​ឃុំខ្លួន​ជនសង្ស័យ បន្ទាប់ពី​រូបគេ​បាន​រងរបួស​ធ្ងន់​នៅក្នុង​ការបាញ់​ដោយ​អាវុធ​។ យោងតាម​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​របស់​រុស្ស៊ី​ ដែល​ទទួលខុសត្រូវ​ឧក្រិដ្ឋកម្ម​កម្រិតធ្ងន់ ខ្មាន់កាំភ្លើង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ហើយ​ឥឡូវនេះ​ស្ថិតក្នុង​ស្ថាន​ភាព​របួស​ធ្ងន់​។​ដំបូង​ឡើយនគរបាល​បាន​និយាយថា​ មនុស្ស ៨នាក់​បាន​ស្លាប់ ប៉ុន្តែ​ក្រោយមក​ក្រុម​អាជ្ញាធរ​សុខាភិបាលបាន​កែសម្រួល​ថា​ អ្នក​ស្លាប់មាន​ត្រឹមតែ ​៦​នាក់គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​។ ក្រសួងសុខាភិបាល​ក្រុង Perm បាន​និយាយថា​ មនុស្ស​ចំនួន ២៨នាក់​បាន​ស្វែងរក​ការព្យាបាល​បឋម ក្នុងនោះ​មនុស្ស​ ១៩​នាក់រ​របួស​ដោយ​គ្រាប់កាំភ្លើង​។ ​យោងតាម​សារព័ត៌មាន AP គេ​នៅ​មិនទាន់មាន​ព័ត៌មាន​បញ្ជាក់​ភ្លាមៗ ​អំពី​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង​ ឬ​មូល​ហេតុដែល​ឈានដល់​ការបាញ់ប្រហារ​នោះ​នៅឡើយ​ទេ៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​៖​ ខ្លួន​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​បាញ់​ចេញពី​រថភ្លើង​ថ្មី​ដើម្បី​វាយប្រហារ​លើ​កម្លាំង​ដែល​គំរាមកំហែង​ប្រទេស​ខ្លួន​

2021/09/16 12:10:45 pm        175
​កូរ៉េខាងជើង​៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​កាលពី​ថ្ងៃ​ពុធ​ គឺជា​ការសាកល្បង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​រថភ្លើង​ថ្មី​មួយ ​ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​ជាការ​វាយលុក​ដ៏​មាន​ឥទ្ធិពល ​ចំពោះ​កងកម្លាំង​ណាមួយ​ដែល​គំរាមកំហែង​ដល់​ប្រទេស​នេះ​។​​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មី​ស៊ី​ល​នេះ​បាន​ហោះ​ចម្ងាយ​ ៨០០គីឡូម៉ែត្រមុនពេល​វាយ​ប្រហារ​គោល​ដៅ​នៅក្នុង​សមុទ្រ​ ក្បែរ​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​។​ កាលពី​ថ្ងៃ​ពុធ​ ក្រុម​អាជ្ញាធរ​កូរ៉េខាងត្បូង និង​ជប៉ុនបានប្រកាសថា​ ពួកគេ​បាន​តាមដាន​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ២​គ្រាប់​ចេញពី​ប្រទេស​កូរ៉េខាងជើង​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​នាំ​ផ្លូវ ដែល​ក្រុមអ្នកវិភាគ​និយាយថា​អាចមាន​សមត្ថភាព​នុយក្លេអ៊ែរ​។ ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​ បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​កូរ៉េខាងត្បូង​ បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ ដោយ​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ប​ង្កើ​ត​ប្រព័ន្ធ​បែបនេះ​។​ការសាកល្បង​ដោយ​កូរ៉េខាងជើង​ដែល​បំពាក់អាវុធ​នុយក្លេអ៊ែរ​ បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​ និង​ការព្រួយបារម្ភ​ពី​អន្តរជាតិ ដោយ​សហរដ្ឋអាមេរិក​និយាយថា ​ពួកគេ​បាន​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​ការគំរាមកំហែង​ដល់​ប្រទេសជិតខាងរបស់​ក្រុង​ព្យុងយ៉ាង​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM