សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង
សម្ដេចតេជោ និងសម្ដេចធិបតី អបអរសាទរខួបលើកទី៧៥ កម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ

ព័ត៌មានសំខាន់ៗ

មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់​ស្លាប់ ​និង​រាប់​សិប​នាក់​ជាប់​នៅ​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌា​

2021/08/12 10:21:16 am        556
​ឥណ្ឌា៖ មនុស្ស​យ៉ាងហោចណាស់ ១០​នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ទៀត​កំពុង​ជាប់​នៅ​ក្រោម​គំនរ​កម្ទេចកំទី បន្ទាប់ពី​បំណាក់​ដី​នៅ​ក្នុង​ស្រុក​តំបន់​ភ្នំ​ហិមាល័យ​ ក្នុង​ប្រទេស​ឥណ្ឌា​ភាគ​ខាងជើង។​ ​ផ្ទាំង​ថ្ម​ៗ​ដែល​បាក់​ធ្លាក់​បា​ន​សង្កត់​លើ​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង រថយន្តក្រុង​មួយ​គ្រឿង និង​រថយន្ត​ផ្សេងទៀត​ពី​ផ្លូវ​ហាយ​វេ​ក្នុង​រដ្ឋ Himachal Pradesh​។​ក្រុម​មន្ត្រី​និយាយ​ថា​ ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​ត្រូវ​បាន​រារាំង​ដោយ​ដុំ​ថ្ម​ដែល​កំពុង​បន្ត​ធ្លាក់​។​ ​បំណាក់​ដី​ដែល​បាន​សម្លាប់​មនុស្ស​ជាច្រើន ​បាន​វាយប្រហារ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ អំឡុង​រដូវ​មូសុង​ដែល​ខុស​ពី​ធម្មតា​។​ បំណាក់​ដី​​កាល​ពី​​ថ្ងៃ​ពុធ​បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ហាយ​វេ​មួយ​ក្នុងស្រុក Kinnaur។ ​មនុស្ស ៥​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ ប៉ុន្តែ​ប្រហែល ៣០​នាក់​ផ្សេងទៀត​នៅតែ​ជាប់​នៅឡើយ​។​គួរ​រម្លឹក​ថា មនុស្ស ​៩​នាក់​បាន​ស្លាប់​កាលពី​ខែ​មុន​នៅ​រដ្ឋ Himachal Pradesh នៅ​ពេល​ដែល​ផ្ទាំង​ដុំ​ថ្ម​ធ្លាក់​ចំ​រថយន្ត​របស់​ពួកគេ​។ មនុស្ស​យ៉ាងតិច ១៣៦​នាក់​បាន​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​រដ្ឋ Maharashtra ភាគ​ខាងលិច​កាល​ពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​ជន់​លិច​ភូមិ​រាប់​រយ ​ហើយ​បាន​ហូរ​កួច​ផ្ទះសម្បែង​៕អត្ថបទ៖ សុខមាន

លោក Biden៖​ លោក​ពុំ​មាន​ការ​ស្ដាយក្រោយ​ទេ​ចំពោះ​ការ​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/11 12:06:53 pm        812
​អាមេរិក៖ នៅ​ពេល​អ្នកសារព័ត៌មាន​សួរ​ថា​ តើ​លោក​ស្ដាយក្រោយ​ទេ​ដែល​ដក​កងទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden ឆ្លើយ​ថា ទេ យើង​ចំណាយ​ប្រាក់​អស់​ជាង ​១​កោដិ​ដុល្លារ​ក្នុង​រយៈពេល ២០​ឆ្នាំ យើង​បាន​បណ្ដុះបណ្ដាល ​និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ដល់​កម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន​ជាង ​៣​សែន​នាក់​។ ហើយ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​មក​ជាមួយគ្នា​។យើង​បាន​បាត់បង់​ជីវិត​មនុ​ស្សរា​ប់​ពាន់​នាក់ និង​កងទ័ព​អាមេរិក​រាប់​ពាន់​នាក់​ទៀ​ត​រង​របួស​។ លោក Biden បាន​ជំរុញ​ឱ្យ​មេដឹកនាំ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួប​រួម​គ្នា ​និង ​“ប្រយុទ្ធ​ដើម្បី​ជាតិ​របស់​ពួក​គេ​”។​ ​ប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​និយាយ​ថា​ លោក​មិន​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក ​ក្នុង​ការ​ដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឡើយ ​ខណៈ​ក្រុម​តា​លី​បង់​នៅតែ​បន្ត​ភាព​វាយ​សម្រុក​យ៉ាង​ឆាប់រហ័ស​។​ ​បច្ចុប្បន្ន​នេះ​អំពើ​ហិង្សា​បាន​រីក​កាន់តែ​ធំ​នៅ​ទូទាំង​ប្រទេស ដែល​កងកម្លាំង​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ដកចេញ​ បន្ទាប់ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០​ឆ្នាំ​។ ​ពួក​តា​លី​បង់​បាន​ដណ្ដើម​យក​បាន​យ៉ាងតិច ​៨ នៃ​ធានី​របស់​ខេត្ត​ទាំង ៣៤ របស់​ប្រទេស ហើយ​កំពុង​គំរាមកំហែង​ថែមទៀត​។​​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ឯ​សេត​វិមាន​កាលពី​ថ្ងៃ​អង្គា​រ លោក Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​រក្សា​ការ​ប្តេជ្ញា​ចិត្ត​ ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដូចជា​ការ​ផ្តល់​ការ​គាំទ្រ​ផ្លូវ​អាកាស​យ៉ាង​យកចិត្តទុកដាក់ ការ​ចំណាយ​សម្រាប់​ប្រាក់ខែ​កងកម្លាំង​យោធា និង​ការ​ផ្គត់ផ្គង់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ជាមួយ​អាហារ និង​យុទ្ធោបករណ៍​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​“ពួកគេ​ត្រូវតែ​តស៊ូ​ប្រយុទ្ធ​ដើម្បី​ខ្លួនឯង​”។​ យោង​តាម​អង្គការសហប្រជាជាតិ​បាន​ឱ្យ​ដឹង​ថា​ ជន​ស៊ីវិល​ជាង ១.០០០​នាក់​ត្រូវ​បាន​ស្លាប់ ស្រប​ពេល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​តា​លី​បង់ ​និង​កងកម្លាំង​រដ្ឋាភិបាល​កាលពី​ខែ​មុន​។ យោង​តាម​ទីភ្នាក់ងារ​កុមារ Unicef របស់​អង្គការសហប្រជាជាតិបាន​ព្រមាន​នៅ​សប្ដាហ៍​នេះ​ថា ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​កំពុង​កើន​ឡើង ​“ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕អត្ថបទ៖ សុខមាន

UN៖ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ាមានបំណង​ក្ដោបក្ដាប់​អំណាច​ផ្ដាច់មុខ​

2021/08/11 11:20:13 am        471
​UN៖ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​បញ្ហា​នៅ​សហភាព​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ​ទី១០ ខែ​សីហា​ថា​ មេដឹកនាំ​យោធា​របស់​ប្រទេស​នេះ​បាន​ប្តេជ្ញា​ចិត្ត​ក្ដោប​ក្តាប់​អំណាច​របស់​ខ្លួន ​បន្ទាប់​ពី​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ហើយ​គណបក្ស​នយោបាយ​របស់​លោក​ស្រី Aung San Suu Kyi ដែល​ត្រូវ​បាន​ទម្លាក់​ចេញពី​អំណាច​អាច​នឹង​ត្រូវ​រំសាយ​ភ្លាមៗ​។​​លោកស្រី Christine Schraner Burgener បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​មេដឹកនាំ​យោធា​លោក Min Aung Hlaing នៅ​ខែ​នេះ​ថា​ ឥឡូវនេះ​លោក​គឺជា​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​រដ្ឋាភិបាល​ចាំ​ផ្ទះ​ដែល​ទើប​បង្កើត​ថ្មី​ ហើយ​ថែមទាំង​លុបចោល​ជា​ផ្លូវការ​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា ​ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ស្រី Aung San Suu Kyi បាន​ឈ្នះ​។​ ​លោកស្រី Schraner Burgener បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ខ្ញុំ​ត្រូវតែ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ អង្គការ​សហប្រជាជាតិ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​របស់​មេដឹកនាំ​យោធា​ទេ​ ដូច្នេះ​វា​អាស្រ័យ​លើ​ប្រទេស​ជា​សមាជិក។​លោកស្រី​បាន​និយាយ​ថា លុះត្រាតែ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ ចាត់វិធានការ​ឯកអគ្គ​រដ្ឋទូត​សហភាព​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Kyaw Moe Tun ​ដែល​ជា​គូប្រជែង​របស់​របប​យោធា​នៅតែ​ជា​ប្រេសិត​ស្របច្បាប់​ របស់​ប្រទេស​នេះ​នៅ​ស្ថាប័ន​ពិភពលោក​នៅ​ទីក្រុង​ញូវយ៉ក ហើយ​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក Win Myint គឺជា​មេដឹកនាំ​របស់​សហភាព​មី​យ៉ាន់​ម៉ា​។ គួរ​បញ្ជាក់​ថា លោក Kyaw Moe Tun ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​យោធា​ ដោយសារ​រូបលោកគឺ​ត្រូវ​បាន​តែង​តាំង​ក្នុង​រដ្ឋាភិបាល​ស៊ីវិល​កន្លងមក នឹង​នៅ​បំពេញការងារ​នៅ​ឯ​អង្គការសហប្រជាជាតិ​នៅឡើយ​៕អត្ថបទ៖ សុខមាន

UN៖​ កុមារ​ ២៧​នាក់​ស្លាប់​ក្នុង​រយៈពេល​ ៣​ថ្ងៃ​ក្នុង​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/08/10 12:03:14 pm        593
​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ យ៉ាងហោចណាស់​កុមារ​ចំនួន ២៧​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​រយៈពេល​បី​ថ្ងៃ ស្រប​ពេល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​ក្រុម​តា​លី​បង់ ​និង​កងកម្លាំង​រដ្ឋាភិបាល​។​​ទីភ្នាក់ងារ​កុមារ Unicef របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ ខ្លួន​មានការ​ភ្ញាក់ផ្អើល​ចំពោះការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​ នៃ​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​កុមារ។​ ក្រុម​តា​លី​បង់​បាន​នឹង​កំពុង​វាយ​សម្រុក​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស ​ខណៈ​ដែល​ក​ង​ទ័ព​បរទេស​ដកថយដោយ​ដណ្ដើម​បាន​ទីក្រុង​ធំ​ៗ​ក្នុង​តំបន់​ចំនួន ៦ ចាប់​តាំងពី​ថ្ងៃ​សុក្រ​។​ ពួកគេ​បាន​ច្រានចោល​ការ​អំពាវ​នាវ​របស់​អន្តរជាតិ​ឱ្យ​មាន​បទ​ឈប់​បាញ់​។​ ជន​ស៊ីវិល​ជាង ១.០០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយសារ​ជម្លោះ​នៅ​ក្នុង​ខែ​កន្លងទៅ​។​​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ អង្គការ ​Unicef បាន​និយាយ​ថា ​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ចំពោះ​កុមារ​កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អង្គការ​នេះ​និយាយ​ថា កុមារ​ដែល​បាន​ស្លាប់​ទាំង ២៧​នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ទូទាំង​ខេត្ត​ចំនួន ៣ គឺ​ខេត្ត Kandahar ខេត្ត Khost និង​ខេត្ត Paktia​។ កុមារ​ប្រហែល ១៣៦​នាក់​ក៏បាន​រង​របួស​ផង​ដែរ ​នៅ​ក្នុង​តំបន់​ទាំងនេះ​ក្នុង​រយៈ​ពេល​ ៣ថ្ងៃ​ចុងក្រោយ​នេះ​៕ អត្ថបទ៖ សុខមាន

មន្ទីរពេទ្យ​រាប់​រយ​កន្លែង​នៅ​ហ្វីលីពីន​ផ្ទុក​អ្នកជំងឺ​ជិត​ហួស​ចំណុះ ​ខណៈ​ការ​ឆ្លង​វីរុស COVID-19 ហក់​ឡើង​

2021/08/10 04:00:13 am        431
​​ហ្វីលីពីន៖ ក្រសួងសុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ ទី៩ ខែសីហាថា ​មន្ទីរពេទ្យ​ស្ទើរតែ​ ១​ភាគ​៥ ​នៅ​ប្រទេស​ហ្វីលីពីនផ្ទុក​អ្នកជំងឺ​ជិត​ហួស​ចំណុះ​ ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 កើនឡើង​ខ្ពស់​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta មាន​សម​ត្ថភាព​ឆ្លង​ខ្លាំង ដែល​កំពុង​ឆ្លង​រាលដាល​ពាសពេញ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ។​​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​ប្រទេស​ហ្វីលីពីន​ ដែលជា​ប្រទេស​មាន​ចំនួន​ប្រជាជន​ជាង ​១១០​លាន​នាក់​បាននឹងកំពុង​កើនឡើង​ក្នុង​អត្រា​ឆ្លង​ប្រហែល​ចន្លោះ​ពី ៨.០០០នាក់ទៅ ១០.០០០​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ លើសពី​ចំនួន​ឆ្លង​មធ្យម​ប្រចាំថ្ងៃ​ជាង ៥.៧០០ករណី​ដែល​បាន​រាយការណ៍​កាលពី​ខែ​មុន នេះ​បើ​យោងតាម​ទិន្នន័យ​ផ្លូវការ​។​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លោកស្រី Maria Rosario Vergeire បាន​និយាយថា វា​អាចទៅរួច​ដែល​ករណី​ឆ្លងនឹង​បន្ត​ហក់​ឡើង​ សូម្បីតែ​បន្ទាប់ពី ECQ ក៏ដោយ ​''ដោយ​សំដៅលើ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុង​សហគមន៍ (ECQ) ការចាត់​ថ្នាក់​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​រដ្ឋធានី​ម៉ានីល និង​តំបន់​ជុំវិញ​សម្រាប់​ទម្រង់​តឹងរ៉ឹង​បំផុត​នៃ​វិធាន​ការបិទ​ខ្ទប់​''។​លោកស្រី​បាន​និយាយថា​ ក្នុងចំណោម​មន្ទីរពេទ្យ​ចំនួន ១.២៩១ នៅ​ប្រទេស​ហ្វីលីពីន មាន​មន្ទីរពេទ្យ​ចំនួន ២៣៦ បាន​ឈានដល់ ​“កម្រិត​ធ្ងន់ធ្ងរ​” ដែលមាន​ផ្ទុក​អ្នកជំងឺ​ជាង ៨៥% ដោយ​សារតែ​ការកើនឡើង​នៃ​ករណី​ឆ្លង​។​ លោកស្រី​បាន​បន្ថែម​ថា ​មន្ទីរពេទ្យ​នៅ​តំបន់​រដ្ឋធានីដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ ​កំពុង​ប្រឈម​នឹង​ស្ថាន​ភាព​ស្រដៀងគ្នា​នេះ​ដែរ ​ដោយមាន​អគារ​ចំនួន ២៥ ក្នុងចំណោម ១៥៩កន្លែង​ត្រូវបាន​ផ្ទុក​អ្នកជំងឺ​ជិត​លើស​ចំណុះ​៕អត្ថបទ៖ សុខមាន

ហ្វីលីពីន​រាយការណ៍​អ្នក​ស្លាប់​ដោយសារ​ជំងឺ COVID-19 ខ្ពស់​បំផុត​ក្នុង​រយៈពេល ​៤​ខែ​

2021/08/09 07:43:48 am        406
​ហ្វីលីពីន៖ ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​កត់ត្រា​កាលពី​ថ្ងៃអាទិត្យ ទី៨ ខែសីហា​ថា​ មាន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​ចំនួន ៩.៦៧១​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន ២៨៧​នាក់​បន្ថែម​ទៀតដែល​ជា​ចំនួន​កើន​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​តែ ១ថ្ងៃ​នៃ​ចំនួន​អ្នក​ស្លាប់​របស់​ប្រទេស​ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែ​មេសា​។​​នៅ​ក្នុង​សេចក្ដីប្រកាស​មួយ​ក្រសួង​បាន​និយាយ​ថា ​ការ​ឆ្លង​សរុប​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​កើន​ឡើង​ដល់ ១.៦៦​លាន​នាក់​ ខណៈ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២៩.១២២​នាក់​។​ ក្រុម​មន្ត្រី​បាន​ដាក់​ទីក្រុង​ម៉ានីល​ឱ្យ​ស្ថិត​នៅ​ក្រោម​វិធាន​ការ​បិទ​ខ្ទប់​រហូតដល់​ថ្ងៃ​ទី២០ ខែ​សីហា ខណៈ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ហក់​ឡើង​ខ្ពស់ ដែល​ក្រុម​មន្ត្រី​សុខាភិបាល​និយាយ​ថា ​អាច​បណ្តាល​មក​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ​Delta ដែល​មាន​សមត្ថភាព​ឆ្លង​ខ្លាំង​។ ប្រជាជន​ហ្វីលីពីន​ជាង ១០,២​លាន​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស ហើយ ១២,២​លាន​នាក់​ផ្សេងទៀត​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​រ៉ូ​ណា​មួយ​ដូ​ស​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​វីរុស COVID-19​ នៅ​សហរដ្ឋ​អាមេរិក​ហក់​ឡើង​ខ្ពស់​ក្នុង​រយៈពេល ​៦​ខែ​

2021/08/06 12:14:08 pm        508
​អាមេរិក៖ យោង​តាម​ការ​ចុះ​ផ្សាយ​រ​បស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​ ករណី​ឆ្លង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក​បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៦​ខែដោយមាន​អ្នក​ឆ្លង​ជាង ១០ម៉ឺន​នាក់​ត្រូវ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃ​ពុធ (៤ សីហា​) ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta វាយ​លុក​ពេញ​តំបន់​ជាច្រើន ​ជាទី​ដែល​មនុស្ស​មិនបាន​ចាក់​វ៉ាក់សាំង​។​​គិត​ត្រឹម​ថ្ងៃ​ពុធ​ទិន្នន័យ​របស់​សារព័ត៌មាន Reuters បាន​បង្ហាញ​ថា ​ប្រទេស​នេះ​កំពុង​រាយការណ៍​ករណី​ឆ្លង​ចំនួន ៩៤.៨១៩​ករណី​ជា​មធ្យម​ក្នុង​រយៈពេល ៧​ថ្ងៃ​ដែល​ជា​ការ​កើន​ឡើង ៥​ដង​ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​។ អ្នក​សម្រប​សម្រួល​បញ្ហា​ជំងឺឆ្លង COVID-19 ប្រចាំ​សេត​វិមាន ​លោក Jeff Zients បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​ចំនួន ៧ នៅ​សហរដ្ឋអាមេរិក​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ទាប​បំផុត​គឺរដ្ឋ Florida, រដ្ឋ Texas, រដ្ឋ Missouri , រដ្ឋ Arkansas, រដ្ឋ Louisiana, រដ្ឋ Alabama និងរដ្ឋ Mississippi មាន​ចំនួន​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង​ថ្មី​របស់​ប្រទេស និង​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​សប្ដាហ៍​មុន។​​អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​ជំងឺឆ្លង​សហរដ្ឋអាមេរិក លោក​វេជ្ជបណ្ឌិត Anthony Fauci បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះករណី​ឆ្លង​អាច​កើន​ឡើង​ទ្វេដង​ដល់​ជាង ​២០ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​ ដោយសារ​ការ​ឆ្លង​ខ្លាំង​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta៕អត្ថបទ៖ សុខមាន

ប្រទេស​ធំ​ៗ​ប្រកាន់ខ្ជាប់​ផែនការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដោយ​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​ WHO

2021/08/06 11:27:30 am        647
អឺរ៉ុប៖ ​ប្រទេស​អាល្លឺម៉ង់ បារាំង និង​អ៊ីស្រាអែល​នឹង​បន្ត​ផែន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដូ​ស​បន្ថែមដោយ​មិន​អើពើ​នឹង​ការ​អំពាវនាវ ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​ កាលពី​ថ្ងៃ​ពុធឱ្យ​ផ្អាក​រហូតដល់​មនុស្ស​កាន់​តែ​ច្រើន​ ត្រូវ​បាន​ទទួល​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក​។​​ការសម្រេចចិត្ត​បោះជំហាន​ទៅមុខ ​ជាមួយ​នឹង​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​នៅតែ​មិន​កែប្រែ បើ​ទោះ​បី​ជា​សេចក្ដីថ្លែងការណ៍​ដ៏​ខ្លាំងក្លា​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​នៅតែ​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា​ដ៏​ធំ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​រាតត្បាត ខណៈ​ដែល​ប្រទេស​អ្នកមាន​កំពុង​បង្កើន​កម្មវិធី​ដើម្បី​ការពារ​ប្រជាពលរដ្ឋ ​ពី​ការ​ឆ្លង​ថែមទៀត​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។​ ​លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron បាន​និយាយ​ថា ​ប្រទេស​បារាំង​កំពុង​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​លើក​ទី​៣ ដល់​មនុស្ស​ចាស់ និង​ងាយ​រងគ្រោះ​ចាប់ពី​ខែ​កញ្ញា​។​​ក្រសួងសុខាភិបាល​អាល្លឺម៉ង់​បាន​និយាយ​ថា ​ប្រទេស​នេះ​មានបំណង​ផ្តល់​វ៉ាក់សាំង​ដូ​ស​បន្ថែម ​ដល់​អ្នកជំងឺ​ដែល​មាន​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​ទន់ខ្សោយ មនុស្ស​ចាស់ជរា និង​អ្នក​ថែទាំ​មនុស្ស​ចាស់ចាប់ពី​ខែ​កញ្ញា​។​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក Naftali Bennett បាន​ជំរុញ​ឱ្យ​ប្រជាជន​វ័យ​ចំណាស់​ទទួល​វ៉ាក់សាំងដូ​ស​ទី​៣ បន្ទាប់ពី​រដ្ឋាភិបាល​កាលពី​ខែ​មុន​បាន​ចាប់ផ្ដើម ​យុទ្ធនា​ការ​ផ្តល់​វ៉ាក់សាំង​ដូ​ស​បន្ថែម​៕អត្ថបទ៖ សុខមាន

សហរដ្ឋ​អាមេរិក​ជំរុញ​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់​ឲ្យ​បន្ត​ការចរចា​នុយក្លេអ៊ែរ​ឡើងវិញ​

2021/08/06 03:56:38 am        701
​សហរដ្ឋ​អាមេរិក​៖ សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​ថ្មី​អ៊ីរ៉ង់ ឲ្យ​វិល​ទៅ​រក​ការចរចា​ស្ដីពី​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង ​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន​ព្រមាន​ថា ​ទ្វារ​ការទូត​មិនមែន​ចេះតែ​បើក​ចំហ​​រហូត​ទេ។​​ភាព​តានតឹង​រវាង​អាមេរិក ​និង​អ៊ីរ៉ង់​បាន​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ នៅ​ពេល​អតីតប្រធានាធិបតី Donald Trump បាន​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​និង​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ​។​ ​លោក Ebrahim Raisi បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​និយាយ​ថា ​លោក​នឹង​គាំទ្រ ​“ផែនការ​ការទូត​ណាមួយ​” ដើម្បី​បញ្ចប់​ទណ្ឌកម្ម​លើ​ប្រទេស​​អ៊ីរ៉ង់​។ ​លោក​ថា ទណ្ឌកម្ម​ខុសច្បាប់​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ​ប្រឆាំង​នឹង​​អ៊ីរ៉ង់ត្រូវតែ​ត្រូវ​បាន​ដកចេញ។​ ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ចោទ​អ៊ីរ៉ង់​ថា​ បាន​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ការ​ចោទប្រកាន់​មួយ​ដែល​ក្រុង​តេ​អេ​រ៉ង់​បដិសេធ​។​ ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ រវាង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​ចំនួន ៦ផ្សេងទៀត​ដូចជា​សហរដ្ឋអាមេរិក ​អង់គ្លេស បារាំង ចិន រុស្ស៊ី និង​អាល្លឺម៉ង់បាន​មើល​ឃើញ​ថា ​វា​បញ្ឈប់​ការងារ​នុយក្លេអ៊ែរ​ខ្លះ ​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​ទណ្ឌកម្ម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។ប៉ុន្តែ​អ៊ីរ៉ង់​បាន​ចាប់ផ្ដើម​ឡើងវិញនូវ​ការងារ​នុយក្លេអ៊ែរ​ដែល​ត្រូវ​បាន​ហាមឃាត់ បន្ទាប់ពី​លោក Trump ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​ ​នៅ​ក្នុង​សេចក្ដីអធិប្បាយ​បន្ទាប់ពី​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក Raisi អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​លោក Ned Price បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​“យើង​ជំរុញ​ឱ្យ​អ៊ីរ៉ង់​វិលត្រឡប់​មក​រក​ការចរចា​វិញ​ឆាប់ៗ ​ដើម្បី​យើង​អាច​ស្វែងរក​ការ​បញ្ចប់​ការងារ​របស់​យើង​”៕អត្ថបទ៖ សុខមាន

WHO អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​បន្ថែម​ដើម្បី​ទុក​ចាក់​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​

2021/08/05 02:03:47 pm        1027
​WHO៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឱ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស Covid-19 ដូ​ស​បន្ថែម​រហូតដល់​ដំណាច់​ខែ​កញ្ញា​។​ ​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ការ​ផ្អាក​នេះ​នឹង​អនុញ្ញាត​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ ១០% នៃ​ចំនួន​ប្រជាជន​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទទួល​បាន​កា​រ​ចាក់​វ៉ាក់សាំង​។​ប្រទេស​មួយ​ចំនួន​រួម​ទាំង​អ៊ីស្រាអែល និង​អាល្លឺម៉ង់​បាន​ប្រកាស​ពី​ផែន​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣។​ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត Tedros បាន​ព្រមាន​ថា​ ប្រទេស​ក្រីក្រ​កំពុង​ដើរ​តាម​ក្រោយ​។​ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​អាច​ចាក់​បាន​ត្រឹមតែ ១,៥​ដូ​ស​ប៉ុណ្ណោះ​សម្រាប់​មនុស្ស ១០០​នាក់​ដោយសារ​កង្វះ​ការ​ផ្គត់ផ្គង់​។​ ​លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា​ ចាំបាច់​ត្រូវ​មាន​ការផ្លាស់ប្ដូរ​ផែនការ ហើយ​វ៉ាក់សាំង​ភាគ​ច្រើន​គួរតែ​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​។ លោក​បាន​បន្ថែម​ថា ខ្ញុំ​យល់​ពី​កង្វល់​របស់​រដ្ឋាភិបាល​ទាំងអស់​ ក្នុង​ការ​នាំ​ប្រជាជន​របស់​ពួកគេ​ចេញពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta។ ប៉ុន្តែ​យើង​មិន​អាច​ទទួលយក​បណ្ដា​ប្រទេស​ ដែល​បាន​យក​វ៉ាក់សាំង​ផ្គត់ផ្គង់​ភាគច្រើន​នៅ​លើ​ពិភពលោក ​ទៅ​ប្រើ​ប្រាស់​ច្រើន​ហួស​នោះ​ទេ៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM