ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

អំពើ​ហិង្សា​នៅ​សហភាព​មី​យ៉ាន់​ម៉ា​កើន​ឡើង​បង្កើត​មហន្តរាយ​សិទ្ធិមនុស្ស​

2021/06/12 11:02:35 am        110
មី​យ៉ាន់​ម៉ា​៖ ប្រធាន​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ​អំពើ​ហិង្សា​កំពុង​រាលដាល​ទូទាំង​សហភាព​មី​យ៉ាន់​ម៉ា ​ដោយ​ព្រមាន​ថា សហភាព​នេះ​បាន​ធ្លាក់​ចូល​ក្នុង​មហន្តរាយ​សិទ្ធិមនុស្ស ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​ដោយ​បញ្ជាក់​អំពី​ការ​កសាង​កម្លាំងយោធា​នៅ​ក្នុង​តំបន់​ជាច្រើន ឧត្ដមស្នងការ​សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet អំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​អំពើ​ហិង្សាដែល​កំពុង​កើតមាន​រួច​ទៅ និង​ដើម្បី​បញ្ចៀស​ការ​បាត់បង់​ជីវិត​ និង​ដោះស្រាយ​ភាព​បន្ទាន់​ផ្នែក​មនុស្សធម៌​។ ក្នុង​រយៈ​ពេល​តែ​ជាង ៤​ខែ​ប៉ុណ្ណោះ​ សហភាព​មី​យ៉ាន់​ម៉ាបាន​ចេញពី​លទ្ធិប្រជាធិបតេយ្យ​ផុយ​ស្រួយ ​ទៅជា​មហន្តរាយ​សិទ្ធិមនុស្ស​។ លោកស្រី​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ​មេដឹកនាំ​យោធា​ត្រូវ​មាន​ការទទួលខុសត្រូវ​ចំពោះ​វិបត្តិ​នេះ​។ ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ចំពោះ​របាយការណ៍​ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដែល​បង្ហា​ញ​ថា យ៉ាងហោចណាស់​ជន​ស៊ីវិល ៨៦០នាក់​ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ការបង្ក្រាប​ដ៏​ឃោរឃៅ​ ដោយ​កម្លាំងសន្តិសុខ​នៅ​លើ​ការ​តវ៉ា​ស្ទើរតែ​រាល់ថ្ងៃ​ ប្រឆាំង​នឹង​រដ្ឋប្រហារ​។លោកស្រី​និយាយ​ថា ​ការ​ប្រយុទ្ធ​បាន​ផ្ទុះឡើង​នៅ​ក្នុង​សហគមន៍​ជាច្រើន ជាពិសេស​នៅ​តាម​ទីប្រជុំជនដែល​មាន​ចំនួនអ្នក​ស្លាប់​ច្រើន ​ដោយសារ​ស្នាដៃ​នគរបាល ហើយ​អ្នកស្រុក​មួយ​ចំនួន​បាន​បង្កើត​ជា​កម្លាំង​ការពារ​។ កម្លាំង​សន្តិសុខ​រដ្ឋបាន​បន្ត​ប្រើប្រាស់​អាវុធ​ធុន​ធ្ងន់ រួមមាន​ទាំង​ការវាយប្រហារ​តាម​អាកាស​ទៅលើក្រុម​ប្រដាប់​អាវុធ ​និង​ក្រុម​ជន​ស៊ីវិល រួម​ទាំង​ព្រះ​វិហារ​​គ្រិស្ត​។​ ​ប្រធាន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​និយាយ​ក្នុង​របាយការណ៍​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ថា កម្លាំង​សន្តិសុខ​បាន​ប្រើប្រាស់​ជន​ស៊ីវិល​ជា​ខែល បាញ់​ផ្លោង​ចូល​ផ្ទះ​ជន​ស៊ីវិល ​និង​ព្រះវិហារ និង​បាន​រារាំង​ដំណើរ​ការ​ចូល​របស់​អង្គការ​មនុស្សធម៌ ព្រមទាំង​បាន​វាយប្រហារ​លើ​បុគ្គលិក​ផ្តល់​ជំនួយ​។ លោកស្រី​បាន​និយាយ​ថា ​មនុស្ស​ជាង ​១០៨,០០០​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ផ្ទះ​របស់​ពួកគេនៅ​ក្នុង​រដ្ឋ Kayah ក្នុង​រយៈពេល ៣​សប្តាហ៍​ចុងក្រោយ​នេះ ហើយ​មនុស្ស​ជាច្រើន​ទៀត​បាន​ភៀសខ្លួន​ ចូល​ទៅ​ក្នុង​តំបន់​ព្រៃដោយ​ខ្វះ​អាហារ ទឹក អនាម័យ ​ឬ​ការថែទាំ​សុខភាព​។លោកស្រី​បាន​អំពាវនាវ​ឱ្យ​មាន​កងកម្លាំង​ការពារ​ប្រជាជន ​និង​ក្រុម​ប្រដាប់​អាវុធ​ដទៃ​ទៀត​ចាត់វិធានការ​ ដែល​អាច​ធ្វើ​បានទាំង​អស់​ដើម្បី​ការពារ​ជន​ស៊ីវិល​​។ ​លោកស្រី Bachelet បាន​រិះគន់​ការ​ចាប់​ខ្លួន​ជា​បន្ដ​បន្ទាប់នូវ​សកម្មជន អ្នក​សារព័ត៌មាន និង​អ្នកប្រឆាំង​របប​យោធា ខណៈ​ប្រភព​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​និយាយ​ថា យ៉ាង​ហោចណាស់​មនុស្ស ៤.៨០៤នាក់កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំឃាំង​ដោយ​ខុសច្បាប់​៕អត្ថបទ៖ ប៊ុនថន

ឥណ្ឌា​រាយការណ៍​ករណី​ស្លាប់​ជាង ​៦​ពាន់​នាក់​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ដោយសារ​ជំងឺ COVID-19

2021/06/11 01:00:09 pm        158
​ឥណ្ឌា៖ ខណៈ​ដែល​មាន​ការ​កែ​តួលេខ និង​កំណត់​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​រដ្ឋ​ប៊ី​ហា​ដល់​ចំនួន ៩,៤២៩​នាក់ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ស្លាប់​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ដល់​ទៅ ៦,១៤៨​នាក់ ខណៈ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩៤,០៥២​នាក់ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ២៩​,២៧៣,៣៣៨​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​សហព័ន្ធ​ ដែល​ត្រូវ​បាន​កែសម្រួល​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។​ក្រសួង​ខាងលើ​និយាយ​ថា ករណី​ឆ្លង​សកម្ម​បាន​ធ្លាក់​ចុះ​ដល់​ត្រឹម ១,១៦៧,៩៥២​នាក់ស្មើ​ ៤%​នៃ​ចំនួន​ការ​ឆ្លង​សរុប ខណៈ​ដែល​អត្រា​អ្នកជា​សះស្បើយ​ទូទាំង​ប្រទេស ​បាន​កើន​ឡើង​ដល់ ៩៤​.៧៧%​។​ ទិន្នន័យ​វិវឌ្ឍ​ន៍ដែល​បាន​បង្ហាញ​កាលពី​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ករណី​ឆ្លង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន ៦៣,៤៦៣​នាក់​ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​ចំនួន​ករណី​ឆ្លង​សរុប​នៃ​ជំងឺ ​COVID-19 ​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង។​ ​ក្រសួងសុខាភិបាល​និយាយ​ថា ការ​ធ្វើ​តេស្ត​មនុស្ស​ចំនួន ២,០០៤,៦៩០​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ផង​ដែរកាលពី​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​ការ​ធ្វើ​តេស្ត​សរុប​រក​វី​រុស Covid-19 នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ​៣,៧២១,១៩៨,២៥៣​នាក់ ខណៈ​អត្រា​វិជ្ជមាន​ប្រចាំថ្ងៃ​ត្រូវ​បាន​កត់ត្រា​ចំនួន ៤.៦៩%។ចំនួន​នេះ​មាន​តិច​ជាង ​១០% ក្នុង​រយៈពេល​ ១៧​ថ្ងៃ​ជាប់ៗ​គ្នា​។ អត្រា​វិជ្ជមាន​ប្រចាំ​សប្ដាហ៍​ត្រូវ​បាន​កត់ត្រា​ចំនួន ​៥.៤៣%។ ចំនួន​អ្នកជំងឺ​ជាសះស្បើយ​បន្ត​កើន​ឡើង​ខ្ពស់ ​ជាង​ករណី​ឆ្លង​ប្រចាំថ្ងៃ​រយៈពេល ​២៨​ថ្ងៃ​ជាប់ៗ​គ្នា​៕អត្ថបទ៖ សុខមាន

រដ្ឋាភិបាល​ស៊ី​រី​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​លើ​តំបន់​ហ៊ុមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​សម្លាប់​មនុស្ស ​១១​នាក់​

2021/06/11 05:39:06 am        30
ស៊ីរី៖ ក្រុម​សកម្មជន និង​ក្រុម​អ្នក​សង្គ្រោះ​និយាយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​​បាន​វាយប្រហារ​ ដោយ​គ្រាប់កាំភ្លើង​ធំទៅលើ​ភូមិ​មួយ​ចំនួន ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ចុងក្រោយនៅ​​ភាគ​ឦសាន​របស់​ប្រទេស​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១​នាក់ និងបណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​រត់​ភៀសខ្លួន។​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​នេះ​បាន​ប៉ះ​លើ​តំបន់​ពលរដ្ឋ​ក្នុង​តំបន់ Ablin ដែល​ជា​ភូមិ​មួយ​ស្ថិត​ក្នុង​ខេត្ត Idlib ​ជាទី​ដែល​ក្រុម​យុទ្ធជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ​អាសាត និង​ក្រុម​សកម្ម​ប្រយុទ្ធ​នៅតែ​កាន់កាប់​ដែនដី​នោះ​នៅឡើយ​។​ ក្រុម​បុគ្គលិក​សង្គ្រោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​មួក ស ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នានា ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​និយាយ​ថា​ ម្ដាយ ​និង​កូនស្រី​របស់​គាត់ ​និង​យ៉ាងហោចណាស់​ជន​ស៊ីវិល​ ៥​នាក់​ផ្សេងទៀត​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ក្នុង​ភូមិ​នេះ​ ជាទី​ដែល​គ្រាប់កាំភ្លើង​ធំ​យ៉ាងតិច ​១០​គ្រាប់​បាន​ធ្លាក់​ចំ​។​​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រុម​មួក ស បាន​និយាយ​ថា ​យ៉ាងហោចណាស់​មនុស្ស​ ៦​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​ភូមិ​ខាងលើ​នោះ ខណៈ​ដែល​គ្រាប់កាំភ្លើង​ធំ​ជិត​ ៤០​គ្រាប់​បាន​ធ្លាក់​នៅ​ភូមិ​ក្បែរ​ៗ​នោះ។​ លោក Mohammed Halaj បុគ្គលិក​ផ្ដល់​ជំនួយ​ដែល​ធ្វើការ​សម្រប​ស្រួល រវាង​ក្រុម​ក្នុង​តំបន់ ​និង​ការ​ឆ្លើយ​តប​បន្ទាន់​រប​ស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​ថា ​យ៉ាង​ហោចណាស់​មាន​មនុស្ស​ចំនួន ​១១០​គ្រួសារ ដែលមានសមាជិក​ជាង ​៦០០​នាក់បាន​រត់​ភៀសខ្លួន​ពី​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ​នេះ​៕អត្ថបទ៖ សុខមាន

មេដឹកនាំ G7 នឹង​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន​ ១​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​

2021/06/11 12:03:13 pm        142
​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson រំពឹង​ថា ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង ៧ ឬ G7 នឹង​យល់ព្រម​បរិច្ចាគ​វ៉ាក់សាំងចំនួន ១ពាន់​លាន​ដូ​ស​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ ទី១១ ខែ​មិថុនា និង​ជួយ​ដល់​ពិភពលោក​នៅ​ចុង​ឆ្នាំ​ក្រោយ។​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ប្ដេជ្ញា​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​ជាមួយ​នឹង​ការ​បរិច្ចាគ ៥០០​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer លោក Johnson បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​នឹង​ផ្តល់​វ៉ាក់សាំង​សល់​ពី​តម្រូវការ​ក្នុង​ប្រទេស​របស់​ខ្លួន ​យ៉ាងហោចណាស់​ជាង ១០០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​បំផុត​។ ​លោក Johnson បាន​អំពាវនាវ​ដល់​មេដឹកនាំ G7 រួចហើយ​ក្នុង​ការ​ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​លើ​ពិភពលោក​ទាំងមូល​នៅ​ចុង​ឆ្នាំ​២០២២ ហើយ​ក្រុម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន ១​ពាន់​លាន​ដូ​ស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រយៈពេល ៣​ថ្ងៃ​របស់​ខ្លួន​នៅ​ឯ​រមណីយដ្ឋាន​មាត់​ឆ្នេរសមុទ្រ Carbis Bay របស់​អង់គ្លេស។​​ក្រុម​យុទ្ធនាការ​មួយ​ចំនួន​បាន​ថ្កោលទោសចំពោះ​ផែនការ​នេះ ​ដែល​ប្រៀប​ដូច​ជា​ទម្លាក់​ចូល​ក្នុង​មហា​សមុទ្រ​ដោយ​អង្គការ Oxfam បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ជិត ៤​ពាន់​លាន​នាក់​នឹង​ពឹង​ផ្អែកលើ​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល COVAX ដែល​ជា​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​៕អត្ថបទ៖ សុខមាន

WHO៖​ វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta កំពុង​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស និង​ដែនដី​ចំនួន​៧៤

2021/06/10 11:18:41 am        155
WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​គេ​ស្គាល់​ឈ្មោះ​ថា Delta ដែល​ត្រូវ​បាន​បញ្ជាក់​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ពេលនេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន​៧៤​។​​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ចេញ​ព័ត៌មាន ​វិវឌ្ឍន៍​ចុងក្រោយ​ប្រចាំថ្ងៃ​របស់​ខ្លួន​ស្ដីពី​ជំងឺ COVID-19 កាលពី​ថ្ងៃ​អង្គារ​។ សេចក្ដីរាយការណ៍​ខាងលើ​និយាយ​ថា ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ចំនួន​ប្រទេស​ និង​ដែនដី និង​តំបន់​កំពុង​រាយការណ៍​ករណី​ឆ្លង ​ពាក់ព័ន្ធ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ជាង​កើន​ឡើង​ចំនួន​ ១២​ប្រទេស​លើស​ចំនួន​សរុប​កាល​ពី​មួយ​សប្ដាហ៍​មុន​។ កាលពី​ខែ​មុន​អង្គការ​សុខភាព​ពិភពលោក​បាន​ចាប់ផ្ដើម​ កំណត់​ឈ្មោះ​វីរុស​កូ​រ៉ូ​ណា​ប​ម្លែ​ង​ខ្លួន​ថ្មី​តាម​អក្សរ​ក្រិ​ក ដើម្បី​ទប់ស្កាត់​ការ​រើស​អើង​ប្រឆាំង​នឹង​ប្រទេស​នានា ​ដែល​ត្រូវ​បាន​ឆ្លង​វីរុស​ប្រភេទ​នេះ​ដំបូង​។​​អង្គការ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ចំនួន​ប្រទេស ​និង​ដែនដី​កំពុង​រាយការណ៍​ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ឈ្មោះ Alpha ដែល​បាន​រក​ឃើញ​ដំបូង​នៅ​អង់គ្លេស​កើន​ឡើង ​១​ប្រទេស​កាលពី​មួយ​សប្ដាហ៍​មុន ដែល​ឆ្លង​រាលដាល​ដល់ ១៦១​ប្រទេស​។ ចំនួន​ករណី​ឆ្លង​ពាក់ព័ន្ធ​នឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Beta ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​កើន​ឡើង ​២​ប្រទេស​ទៀត ​រហូតដល់ ១១៥​ប្រទេស​៕អត្ថបទ៖ សុខមាន

មនុស្ស ​៩​នាក់​ស្លាប់​ ខណៈ​អគារ​ដួល​រំលំ​លើ​រថយន្តក្រុង​ក្នុង​ទីក្រុង​ក្វាង​ជូ​ប្រទេស​កូរ៉េខាងត្បូង​

2021/06/10 10:39:36 am        94
កូរ៉េខាងត្បូង៖ សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​ថា ​មនុស្ស​យ៉ាងហោចណាស់​ ៩​នាក់​បាន​ស្លាប់​បន្ទាប់ពី​អគារ​កម្ពស់​ ៥​ជាន់​មួយ​ខ្នង​កំពុង​ត្រូវ​បាន​កម្ទេច​ចោល ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ដួល​រំលំ​ដោយ​ខ្ទាត​បំណែក​លើ​រថយន្តក្រុង​មួយ​គ្រឿង​។​​មនុស្ស​ ៨​នាក់​បាន​រង​របួស​ក្នុង​ហេតុការណ៍​ផ្ដួល​រំលំ​អគារ ដែល​បាន​កើតឡើង​នៅ​ក្នុង​ភាគ​ខាង​ត្បូងទីក្រុង​ក្វាង​ជូ (Gwangju)​។​ ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាតិ​បាន​និយាយ​ថា ​រថយន្តក្រុង​ដឹក​មនុស្ស ​១៧​នាក់ និង​បាន​ឈប់​ចត​នៅ​លើ​ផ្លូវ​ក្បែរ​អគារ​នោះ​។​ គេ​ពុំ​ទាន់​បាន​ដឹង​ច្បា​ស់​នៅឡើយ​ទេពី​មូលហេតុ​នៃ​ការ​ដួល​រំលំ​នេះ ​ហើយ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ស្វែងរក​នៅ​កំពុង​បន្តធ្វើ ​ដើម្បី​រុករក​អ្នក​នៅ​មាន​ជីវិត​ដែល​បាន​ជាប់​ក្រោម​កម្ទេច​ថ្ម​។​ទីភ្នាក់ងារសារព័ត៌មាន ​Yonhap ​បាន​និយាយ​ថា ទីភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​មិនបាន​និយាយ​ទេ​ថា​ តើមនុស្ស ​៨​នាក់​ដែល​រង​របួស​នោះ​នៅ​ក្នុង​រថយន្តក្រុង ឬ​នៅ​ក្នុង​អគារ។​ គេ​មិន​បា​ន​ដឹង​ភ្លាមៗ​ទេ​ថា ​តើ​មាន​មនុស្ស​នៅ​ខាងក្នុង​អគារ ​ឬ​អត់​នៅ​ពេល​ដែល​បាក់​រលំ​នោះ​៕អត្ថបទ៖ សុខមាន

ករណី​ឆ្លង​ជំងឺ​ COVID-19 ប្រចាំថ្ងៃ​នៅ​ឥណ្ឌា​​ធ្លាក់​ចុះក្រោម ​១០​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល ​២​ខែ​មក​នេះ​

2021/06/09 02:56:47 pm        130
ឥណ្ឌា៖ ករណី​ឆ្លង​ជំងឺ COVID-19 ឬ​វីរុស​កូ​រ៉ូ​ណា​ប្រចាំថ្ងៃ​នៅ​ប្រទេស​ឥណ្ឌា​ បាន​ធ្លាក់​ចុះក្រោម​​ ១០​ម៉ឺន​នាក់​ជា​លើកដំបូង​ក្នុង​រយៈពេល​ ២​ខែ ខណៈ​ដែល​ការ​ធ្លាក់​ចុះ​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋ​ខ្លះ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​។​ករណី​ឆ្លង​ថ្មី​ចំនួន ៨៦,៤៩៨​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង បាន​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​​ឥណ្ឌា​ឡើង​ជាង ​២៩​លាន​នាក់​កាលពី​ថ្ងៃ​អង្គារ​នៅ​លំដាប់​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​មាន​ករណី​ឆ្លង​ជាង ​៣៤​លាន​នាក់​។ ​ក្រសួង​សុខាភិបាល​ក៏បាន​រាយការណ៍​ផង​ដែរ ​ពី​ករណី​ស្លាប់​ថ្មី​ចំនួន ២,១២៣​នាក់​ក្នុង​រយៈពេល ​២៤​ម៉ោង ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​នេះ​ហក់​ឡើង​ដល់ ៣៥១,៣០៩​នាក់​។ ប្រទេស​ឥណ្ឌា​ធ្លាប់​មាន​ករណី​ឆ្លង​ជាង ​៤សែន​នាក់​ក្នុង​មួយថ្ងៃ​កាលពី​ខែ​ឧសភា ប៉ុន្តែ​ការ​ឆ្លង និង​ស្លាប់​ថ្មី​បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ពេល​នោះ​មក​៕ ​អត្ថបទ៖ សុខមាន

ក្រុម​ប្រឹក្សា​សន្តិសុខ UN អនុម័ត​ឲ្យ​លោកអគ្គលេខាធិការ Guterres បន្ត​កាន់​អាណត្តិ​ទី​២

2021/06/09 01:42:18 pm        113
UN៖ កាលពី​ថ្ងៃ​អង្គារ​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានសម្រេច​ទទួលយកលោក​អគ្គលេខាធិការ Antonio Guterres កាន់​អាណត្តិ​ទី២ ​មាន​រយៈពេល ៥ឆ្នាំ​បន្ត​ទៀត។​ ឯកអគ្គរដ្ឋទូត​អេ​ស្តូ​នី លោក Sven Jurgenson របស់​អង្គការសហប្រជាជាតិ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​សម្រាប់​ខែ​មិថុនា បាន​ប្រកាស​យល់ព្រម​បន្ទាប់ពី​កិច្ចប្រជុំ​សម្ងាត់​មួយ​របស់​ក្រុម​ប្រឹក្សា​នេះ​។លោក​បាន​និយាយ​ថា នៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ខ្លួន ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ ដោយ​ការ​លើក​សរសើរ​អគ្គលេខាធិការ​រូប​នេះ​។​ ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​ពិចារណា​ លើ​បញ្ហា​ផ្ដល់​អនុសាសន៍​សម្រាប់​ការតែងតាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បាន​ផ្តល់​អនុសាសន៍​ដល់​មហាសន្និបាត​ថា​ លោក Antonio Guterres ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ សម្រាប់​អាណត្តិ​ទី២ ចាប់ពី​ថ្ងៃ​ទី ១ ខែ​មករា ​ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០២៦ ដោយ​អាន​សេចក្តី​សម្រេច​លេខ ២៥៨០។​​លោក Jurgenson បាន​និយាយ​ថា ​លោក Guterres គឺជា​បេក្ខជន​ផ្លូវការ​តែមួយគត់ ​ខណៈ​ដែល​គ្មាន​រដ្ឋ​ណាមួយ​បាន​តែង​តាំង​បេក្ខភាព​រូប​ណា​ផ្សេង​ឡើយ​។​ លោក​បន្ថែម​ថា លោក Guterres បាន​បង្ហាញ​ពី​ភាព​សក្ដិសម​នៃ​តំណែង​ជា​អគ្គលេខាធិការ​ ជាមួយ​នឹង​ការ​បំពេញ​ការងារ​រប​ស់​លោក​ក្នុង​រយៈពេល​ជិត ​៥​ឆ្នាំ​នៅ​ក្នុង​តំណែង​៕អត្ថបទ៖ សុខមាន

UN​៖​ ការ​វាយ​ប្រយុទ្ធ​គ្នា​ថ្មី​នៅ​មី​យ៉ាន់​ម៉ា​ភាគ​ខាងកើត​បង្ក​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​រត់​ភៀសខ្លួន​

2021/06/09 11:43:45 am        115
មី​យ៉ាន់​ម៉ា៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស​ប្រមាណ​ ១​សែន​នាក់​ត្រូវ​បាន​បង្ខំ​ភៀសខ្លួន ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​រវាង​យោធា​មី​យ៉ាន់​ម៉ា និង​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស ​ដែល​ត្រូវ​បាន​រួបរឹត​ដោយ​រដ្ឋប្រហារ​មួយ​នេះ​។​សហភាព​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ ហើយ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុម​ឧត្ដមសេនីយ៍បាន​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ស្រី Aung San Suu Kyi កាលពី​ខែ​កុម្ភៈ ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​នេះ​ពី​បទ​លួច​បន្លំ​សន្លឹកឆ្នោត​ អំឡុង​ការបោះឆ្នោត​ឆ្នាំ​២០២០​។ ​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​រីក​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន ជាពិសេស​នៅ​ក្នុង​ទីប្រជុំជន​មួយ​ចំនួន​ ដែល​បាន​មើល​ឃើញ​មនុស្ស​ស្លាប់​ដោយសារ​ស្នាដៃ​នគរបាល​កើន​ឡើង ហើយ​តំបន់​មួយ​ចំនួន​បាន​បង្កើត​ជា​កងកម្លាំង​ការពារ ​ដើម្បី​ប្រឆាំង​នឹង​របប​សឹក​វិញ​។ ​ការិយាល័យ​អង្គការសហប្រជាជាតិ ​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ាបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារថា ការ​ប៉ះទង្គិច​គ្នា និង​ការវាយប្រហារ​ដោយ​មិន​រើសមុខ​នា​ពេល​ថ្មីៗ​ ដោយ​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​តំបន់​ជន​ស៊ីវិល ​បាន​បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ ១​សែន​នាក់​រត់គេច​ចេញពី​លំនៅឋាន​ក្នុង​ភាគ​ខាងកើត​រដ្ឋ​កា​យ៉ា ​(Kayah state) ជិត​ព្រំដែន​របស់​ប្រទេស​ថៃ​។​អង្គការ​នេះ​បាន​និយាយ​ថា ​នៅ​ក្នុង​តំបន់​ដែល​រង​ការវាយប្រហារ​ដោយ​ការ​ប្រយុទ្ធ​គ្នា ​គឺ​ត្រូវការ​ស្បៀង​អាហារ ទឹក ទី​ជម្រក និង​ការថែទាំ​សុខភាព​ជាបន្ទាន់ ដោយ​បន្ថែម​ថា ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​កំណត់​ដោយ​កងកម្លាំង​សន្តិសុខ ​កំពុងតែ​ពន្យា​ពេល​ក្នុង​ការ​ផ្ដល់​ជំនួយ​ចាំបាច់​បំផុត​។​ អ្នកស្រុក​ក្នុង​រដ្ឋ​កា​យ៉ា​បាន​ចោទប្រកាន់​យោធា​ ពី​បទ​ប្រើ​កាំភ្លើង​ធំ​ដែល​បាន​បាញ់​ទម្លាក់​ចូល​នៅ​ក្នុង​ភូមិ​ជាច្រើន​៕អត្ថបទ៖ សុខមាន

WHO ​ជំរុញ​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ផ្ដល់​ដូ​ស​វ៉ាក់សាំង​ ៥០%​ ឲ្យ​ទៅ​គម្រោង Covax

2021/06/08 11:56:08 am        106
​ស្វីស៖ កាលពី​ថ្ងៃ​ចន្ទ ​អង្គការ​សុខភាព​ពិភពលោកបាន​អំពាវនាវ​ ដល់​បណ្ដា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ផ្ដល់​ដូ​ស​វ៉ាក់សាំង​ថ្មីៗ​ដល់​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល Covax ដែល​ដំបូង​ឡើយ​បាន​បដិសេធ ​ឬ​ផ្តល់​ចំនួន​ពាក់​កណ្ដាល​នៃ​បរិមាណ​របស់​ពួកគេ ​ទៅ​ក្នុង​គម្រោង​សមធម៌​វ៉ាក់សាំង​សកល​។​​ប្រមុខ​អង្គការ​សុខភាព​ពិភពលោកគឺ​លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នានា​ គួរតែ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្លួន​ទៅកាន់​គម្រោង Covax ដែល​បាន​ប្រឹងប្រែង​ប្រមូល​ការ​បរិច្ចាគ​វ៉ាក់សាំង ​សម្រាប់​បណ្ដា​ប្រទេស​ក្រីក្រ​។​ លោក Tedros បាន​សម្ដែង​ការ​ខក​ចិត្ត​របស់​លោក​ដែល​ថា ​ប្រទេស​ក្រីក្រ​ជាច្រើន​មិន​អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ដល់​បុគ្គលិក​សុខភាព មនុស្ស​ចាស់ និង​ប្រជាជន​ដទៃ​ទៀតដែល​ងាយ​រងគ្រោះ​បំផុត​ដោយសារ​ជំងឺ COVID-19 ធ្ងន់ធ្ងរ​។​​លោ​កថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រទេស​អ្នកមាន​មួយ​ចំនួន​ បាន​ទិញ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ហើយ​កំពុង​ត្រៀម​រៀបចំ​ ដើម្បី​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​កុមារ​ទៀត​ផង​។​ លោ​កថា ​គម្រោង​នេះ​ត្រូវការ​វ៉ាក់សាំង​ចំនួន ​២៥០​លាន​ដូ​ស​បន្ថែម​ទៀត​នៅ​ត្រឹម​ខែ​កញ្ញា ខណៈ​ដែល​គ្រាន់​តែ​ខែ​មិថុនា និង​ខែ​កក្កដា​មាន​តម្រូវការ​វ៉ាក់សាំង​ចំនួន ​១០០​លាន​ដូ​ស៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM