ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ករណី​លេច​ធ្លាយ​អុកស៊ីហ្សែន​នៅ​ឥណ្ឌា​បណ្ដាល​ឲ្យ​អ្នកជំងឺ Covid-19 ចំនួន ២២​នាក់​បាត់​បង់ជីវិត​

2021/04/27 02:59:58 am        827
​ឥណ្ឌា​៖ អ្នកជំងឺ Covid-19​ យ៉ាង​ហោច ២២​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ឥណ្ឌា ក្រោយ​ពួកគេ​បាត់បង់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែនដោយសារ​ការ​លេច​ធ្លាយ។​ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ដែល​បំពង់​អុកស៊ីហ្សែនកំពុង​បញ្ចូល​ឡើងវិញ​នៅ​មន្ទីរពេទ្យ​ហ្សា​កៀ ហ៊ូ​សាំង ស្ថិត​នៅក្នុង​ទីក្រុង​ណា​ស៊ី​ក។​​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​ឧប្បត្តិហេតុ​មួយ​នេះ​កើតឡើង និង​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អាក់ខាន​ដល់​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​អ្នកជំងឺ។​ ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា គ្មាន​ការ​បញ្ចេញ​អុកស៊ីហ្សែន​ទៅដល់​អ្នកជំងឺ​រយៈពេល ៣០​នាទី ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​ស្លាប់​បែបនេះ។ ​លោក​ ខា​ឡាស់ ចា​ដ​ហាវ ​ស្នងការ​នគរបាល​ក្រុង​ណា​ស៊ី​កបាន​និ​យាយ​ថា ពួក​យើង​នឹង​បើក​ការ​អង្កេត​លើ​បញ្ហា​មួយ​នេះ និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។​ ​គួរ​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​មួយ​នេះ​បាន​ហៅ​ឲ្យ​គេ​មក​បញ្ចូល​អុកស៊ីហ្សែន ក្រោយពេល​ពួកគេ​ចាប់ផ្ដើម​អស់។ មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ស្រប​ពេល​មាន​តម្រូវការ​ហក់​ឡើង​ខ្ពស់។​​លោក ​អា​ម៉ុ​ល វី​យ៉ា​វ៉ា ដែល​ជីដូន​របស់​គាត់ស្ថិតនៅ​ក្នុងចំណោម​អ្នកជំងឺ​ស្លាប់​ ដោយសារ​ខ្វះ​អុកស៊ីហ្សែន​នេះបាន​និយាយ​ប្រាប់ BBC ​ថា ពួក​យើង​នឹង​ចាត់វិធានការ​ដ៏​តឹង​រឹង​មក​លើ​ពិរុទ្ធជន។​ ​ខណៈ​ពេល​នោះដែរ នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​ ណា​រ៉េ​ន​ដ្រា ម៉ូ​ឌី បាន​សរសេរ​នៅ​លើ Twitter ដោយ​លោក​ចាត់​ទុក​ស្ថានភាព​បែបនេះ គឺជា​រឿង​គួរ​ឲ្យ​ក្រៀមក្រំ​បំផុត ហើយ​លោក​មានការ​ឈឺចាប់​ជា​ខ្លាំង ​ចំពោះ​ការបាត់បង់​អាយុជីវិត​អ្នកជំងឺ​ទាំង​អស់​នេះ៕អត្ថបទ៖ សារ៉ាត់

WHO៖​ ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​បាន​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស និង​ដែនដី​ ១៣៧

2021/04/27 02:59:58 am        241
​WHO៖ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើ​ញ​​ដំបូង​នៅ​ចក្រភព​អង់គ្លេស ​និង​អាហ្វ្រិក​ខាងត្បូង​ បាន​បន្ត​រាលដាល​ពាសពេញ​សកលលោក​។​ នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំងឺ​រាតត្បាត​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​ចក្រភព​អង់គ្លេស​ ឥឡូវនេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង ១៣៧​ប្រទេស ​និង​ដែនដី គឺ​កើន​ឡើង​ចំនួន ៥ លើស​ពី​សប្ដាហ៍​មុន​។​​ជំងឺ​ Covid-19 ​ប​ម្លែ​ង​ខ្លួន​ថ្មី​មាន​ប្រភព​ដើម​ចេញពី​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស ​និង​ដែនដី​ចំនួន ៨៥ គឺ​កើន​ឡើង ៣ប្រទេស ឬ​ដែនដី​បន្ថែម​ទៀត។ ជំងឺ​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មីដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ប្រទេស​ចំនួន ៥២ ដែល​មិន​មាន​ប្រែប្រួល​ពី​សប្ដាហ៍​មុន​ឡើយ​។ ស្ថាប័ន​សុខភាព​អន្តរជាតិ​មួយ​នេះ ​បាន​កំណត់​ប្រភេទ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​បី​ថា​ជា​ក្ដី​បារម្ភ​ថ្មី​។ ទីភ្នាក់ងារ​នេះ​កំពុង​តាមដាន​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ទាំង​នេះ​យ៉ាង​ដិតដល់ ខណៈ​ការ​ផ្លាស់ប្ដូរ​ហ្សែ​ន​របស់​ជំងឺ​ទាំងនោះ​ អាច​ប៉ះពាល់​ដល់​ភាព​ស៊ាំ​របស់​មនុស្ស​ ហើយ​វីរុស​អាច​ឆ្លង​កាន់​តែ​ខ្លាំង​។​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក​។ អង្គការ​នេះ​និយាយ​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី និង​ការ​កើន​ឡើង​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់ បាន​នាំ​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​កើន​ឡើង​ខ្លាំង​ក្នុងចំណោម​មនុស្ស​វ័យ​ជំទង់​៕អត្ថបទ៖ សុខមាន

ក្រសួងសុខាភិបាលប្រកាសពីករណីស្លាប់២នាក់ទៀតដោយសារជំងឺកូវីដ១៩នៅថ្ងៃនេះ

2021/04/27 02:59:58 am        307
ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីករណីស្លាប់ពីរនាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញនៅវេលាម៉ោង ០០:៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១និងស្ត្រីជនជាតិខ្មែរ អាយុ៥៤ឆ្នាំ រស់នៅសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០០ព្រឹក ថ្ងៃទី២១ខែមេសា ឆ្នាំ២០២១នេះ ដោយសារវិបត្ដិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ១៩។សូមបញ្ជាក់ថាបើយោងតាមសេចក្តីជូនព៌ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១ ម្សិលមិញនេះ ករណីឆ្លងថ្មីកូវីដ១៩ មានចំនួន៣០៣នាក់ និងករណីព្យាបាលជាសះស្បើយចំនួន២៣៩នាក់ ដែលនាំអោយករណីឆ្លងសរុបនៅកម្ពុជាបានកើនដល់ចំនួន៧៧៤៧នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន២៧៩៤នាក់ ក្នុងនោះបណ្ដាលឲ្យអ្នកស្លាប់ចំនួន៥៤នាក់ហើយបើគិតទាំងករណីថ្មីចំនួនពីរនាក់នៅថ្ងៃនេះបន្ថែមទៀត នាំឲ្យអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់៥៦នាក់ហើយ៕ 

ខេត្តព្រះសីហនុមានអ្នកឆ្លងកូវីដ កើនដល់ជិត ១០០០នាក់

2021/04/27 02:59:58 am        311
ព្រះសីហនុ ៖ វិបត្ដិជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលជាសកល បានបន្ដយារយីសុខមាលភាពអាយុជីវិតពលរដ្ឋ និងបានធ្វើឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះកម្ពុជាក៍បានរងនូវបញ្ហាប្រ ឈមនេះដែរ។ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩​ រហូត​ដល់ថ្ងៃទី២១ ខែមេសា កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបចំនួន ៧.៧៤៧នាក់ ក្នុងនោះមាន​អ្នកជា​សះស្បើយ​​​សរុបចំនួន ២.៧៩៤នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបចំនួន ៤.៨៩៣នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៥៤នាក់។ ដោយឡែកខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២១ ខែមេសាដែរ មានអ្នកឆ្លងសរុបជិត ១ពាន់នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង ៥០០នាក់ និងអ្នកជំងឺកំពុងព្យាបាលសរុបជាង ៤០០នាក់ ហើយអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ សរុប ៤នាក់ ជនជាតិខ្មែរទាំងអស់ (ស្រី៣)។ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធិភាព រដ្ឋបាលខេត្ដ បាននិងកំពុងអនុវត្ដយ៉ាង ម៉ឺងម៉ាត់តាមសេច ក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំ ងឺកូវីដ-១៩ ក្នុងនោះខេត្ដ បានបន្ដត្រួត​ពិនិត្យរឹតបន្តឹង​ការធ្វើដំណើរចេញ-ចូលខេត្ដព្រះសីហនុ បិទខ្ទប់តំបន់ឆ្លងរាលដាលជំងឺ កូវីដ-១៩ បិទផ្អាកអាជីវកម្មចម្រុះ និងលំនៅឋាន ដែលមានការ​ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ល។ ទន្ទឹមនឹងការផ្សព្វផ្សាយ ណែនាំ រដ្ឋបាលខេត្ដ ក្រុង ស្រុក បានពិន័យអន្តរការណ៍​ជាប្រាក់ចំពោះអ្នកបើករថយន្ត និងម៉ូតូដែល  បានល្មើសលួចបន្លំ និងគេចវេះពីគោលដៅត្រួតពិនិត្យរថយន្តឆ្លងកាត់ចេញ-ចូលខេត្តព្រះសីហនុ (ត្រួតពិនិត្យចត្តាឡីស័ក) តាមអនុក្រឹត្យលេខ ៣៧អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។បានចេញសេចក្តីណែនាំស្តីពីការធ្វើចត្តាឡីស័កដោយខ្លួនឯងរយ:ពេ ល១៤ថ្ងៃ ក្រោយពេលបានផ្ដល់វត្ថុសំណាកដើម្បីវិភាគកមេរោគកូវីដ-១៩​ បន្តស្រាវជ្រាវ និងអំពាវនា វដល់អ្នក ដែលមានការ ពាក់ព័ន្ធឱ្យស្ម័គ្រចិត្តមកយកវត្ថុសំ ណាក និងធ្វើចត្តាឡីស័កឱ្យ​បានត្រឹមត្រូវស្រប​តាមការណែនាំ​​របស់ក្រសួងសុខាភិបាល។ នេះជាការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ។ទាក់ទិនទៅនឹងវិធានការនេះ រដ្ឋបាលខេត្ដព្រះសីហនុ បាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងប ង្ការជំងឺកូវីដ-១៩ ដោយបាន​ចេញសេចក្ដី​ជូនដំណឹងឱ្យប្រជាពលរដ្ឋ​ពន្លឿនការចុះឈ្មោះនៅតាមមូលដ្ឋានដើម្បីរៀបចំបញ្ជីឈ្មោះចាក់​វ៉ាក់សាំងនេះឱ្យបានទាន់ពេលវេលា។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ដ បានខិតខំមមាញឹកចាក់ជូនពលរដ្ឋទូទាំងខេត្ដរួមមាន៖ ១-វ៉ាក់សាំង Sinopharm ចាក់លើកទី១ បានជិត ៤ពាន់នាក់ និងចាក់លើកទី២ បានជាង ៣ពាន់នាក់។ ២-វ៉ាក់សាំង Covishield ចាក់លើកទី១ បានជាង ៧ពាន់នាក់ និងចាក់លើកទី២ បានជាង ២រយនាក់។ និង៣-វ៉ាក់សាំង Sinovac ចាក់លើកទី១ បានជិត ៦ពាន់នាក់ និងចាក់លើកទី២ បានជាង ២ពាន់នាក់។ ទន្ទឹមនឹងយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្ដខេត្ដ ក៍មិនភ្លេចការងារជួយសង្គ្រោះដែរ ដោយក្រុមការងារខេត្ដ បានបន្ដនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែល​កំពុងជាប់ធ្វើ​ចត្តាឡីស័កជិត​២០០គ្រួសារ នៅតំនប់បិទខ្ទប់ទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្ដព្រះសីហនុ៕ .អត្ថបទ​៖ គង៉ ប៊ុនថា

អឺរ៉ុប​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា មុន​ជំនួប​កំពូល​អាស៊ាន​ចូល​មក​ដល់​

2021/04/27 02:59:58 am        171
​​អឺរ៉ុប៖ សហភាព​អឺរ៉ុប​បាន​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន ​ប្រឆាំង​នឹង​មេដឹកនាំ​របប​យោធា​និង​បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កងទ័ព​របស់​ប្រទេស​នេះ ខណៈ​ដែល​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ចាកាតា​នៅ​សប្ដាហ៍​នេះ ជាទី​ដែល​រដ្ឋ​នានា​នឹង​ពិភាក្សា​អំពី​វិបត្តិ​ដែល​មិន​ចេះ​ចប់ ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​។​​ទណ្ឌកម្ម​ចុងក្រោយ​រប​ស់​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ផ្តោតលើ​បុគ្គល ១០រូប និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​យោធា​ចំនួន ២ រួច​ទៅ​ហើយ​ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក អង់គ្លេស និង​រដ្ឋាភិបាល​ផ្សេងទៀត​។ គេ​នៅ​មិនទាន់​ច្បាស់​ថា ​តើ​ចំណាត់​ការ​បែបនេះ​មាន​ផល​ប៉ះពាល់​ដែរ​ ឬ​អត់ នៅ​ពេល​ដែល​យោធា​បង្កើន​កិច្ចប្រឹងប្រែង​បង្ក្រាប ​ការ​ប្រឆាំង​ទៅ​នឹង​ការ​ដណ្តើម​អំណាច​របស់​ខ្លួន​។ ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា​បាន​ធ្លាក់ ​ចូល​ក្នុង​វិបត្តិ​រួច​ទៅ​ហើយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយសារ​ជំងឺ​រាតត្បាត​សកល​កូ​រ៉ូ​ណា និង​ចលនា​បះបោរ​ជន​ស៊ីវិល​ ដែល​កើតឡើង​បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែ​កុម្ភៈ​។ ​សហភាព​អឺរ៉ុប​បាន​និយាយ​ថា ​ចំនួន​បុគ្គល​ដែល​ត្រូវ​បាន​រង​ទណ្ឌកម្ម​ត្រូវ​បាន​បន្ថែម​ដល់ ៣៥​នាក់​ដែល​ខ្លួន​ជឿ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​សម្រាប់​ការសម្រេចចិត្ត​គាបសង្កត់​ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​យោធា​ចំនួន​ពីរ​គឺ​ក្រុមហ៊ុន Myanmar Economic Holdings Public Company Ltd (MEHL) និង​ក្រុមហ៊ុន Myanmar Economic Corp. (MEC)​កាន់កាប់​ភាគច្រើននៅ​ក្នុង​ឧស្សាហកម្ម​ជាច្រើន​ និង​ជួយ​ផ្តល់​មូលនិធិ​ដល់​យោធា​។​​ចាប់​តាំង​ពី​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ ក​ង​កម្លាំង​សន្តិសុខ​បាន​សម្លាប់​ក្រុម​បាតុករ និង​អ្នក​ឈរ​មើល​ហេតុការណ៍​យ៉ាងហោចណាស់ ៧៣៨​នាក់ នេះ​បើ​យោង​តាម​សមាគម​ជួយ​អ្នក​ទោស​នយោ​បាយ​ដែល​ឃ្លាំមើល​ការ​ស្លាប់​ និង​ការ​ចាប់​ខ្លួន​។ របាយការណ៍​នេះ​និយាយ​ថា​ មនុស្ស​ជាង ៣.២០០​នាក់​កំពុង​ជាប់ឃុំ​ ក្នុង​នោះ​មាន​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ របស់​ប្រទេស​នេះ​គឺ​លោកស្រី Aung San Suu Kyi និង​ប្រធានាធិបតី Win Myint៕អត្ថបទ៖ សុខមាន

ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​បង្វិល​ថវិកា​ជំនួយ​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​សម្រាប់​​ពលរដ្ឋ​អំឡុង​ពេល​តំបន់​បិទ​ខ្ទប់

2021/04/27 02:59:58 am        851
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​បង្វិល​ការផ្ដល់​ជំនួយ​ជា​ថវិកា​ទៅ​ជា​ជំនួយ​ស្បៀង​អាហារ​វិញ​សម្រាប់​ផ្គត់​ផ្គង់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ឱ្យ​ដឹង​អំពី​ការ​កែ​ប្រែ​នេះ​តាម​រយៈ​សារ​ជា​សំឡេង​ដែល​ចេញតាម​ប្រព័ន្ធ​តេឡេក្រាម​​នៅ​ល្ងាច​ថ្ងៃ​នេះ​។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «អ្វី​ដែល​ជា​ការ​ចាំ​បាច់​នៅ​ពេល​នេះ គឺ​ការ​រស់។ ខ្ញុំ​ឱ្យ​បង្វិល​ត្រឡប់​ដើម្បី​ផ្គត់​ផ្គង់​ជា​អង្ករ ជា​ត្រី​ខ ជា​មី ជា​ទឹក​ត្រី ជា​ទឹក​ស៊ីអ៊ីវ និង​អ្វី​ៗ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។ប្រមុខ​រាជ​រដ្ឋាភិបាល​មាន​ប្រសាសន៍​បន្ត​ថា​៖ «ខ្ញុំ​សូម​បងប្អូន​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​លំបាក​របស់​រដ្ឋាភិបាល​ ដែល​មិន​អាច​ផ្ដល់​ប្រាក់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬ​មួយ​នាក់​ជូន​បង​ប្អូន​បាន​ត​ទៅ​ទៀត​ទេ។ ប៉ុន្តែ យើង​ខិត​ខំ​ជំនួស​វិញ​ដោយ​មិន​ឱ្យ​បង​ប្អូន​ដាច់​បាយ​តាម​រយៈ​ការ​ផ្គត់​ផ្គង់​អង្ករ តាម​រយៈការ​ផ្ដល់​ជា​មី ជា​ត្រី​ខ​កំប៉ុង ជា​ទឹក​ត្រី ទឹក​ស៊ីអ៊ីវ​ជំនួស​វិញ»សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​សុំ​ប្រជា​ពលរដ្ឋ​យោគ​យល់​ចំពោះ​ការ​កែប្រែ​នេះ ដោយ​ថា ការ​ផ្គត់​ផ្គង់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​រាជ​ធានីភ្នំពេញ និង​ក្រុង​តាខ្មៅ បាន​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធំ​សម្រាប់​រដ្ឋាភិបាល។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «សូម​បង​ប្អូន​មេត្តា​យោគ​យល់! ៣០​ម៉ឺន​រៀល វា​មិន​ធំ​ទេ​សម្រាប់​បងប្អូន ក៏​ប៉ុន្តែ វា​ធំ​សម្រាប់​រាជ​រដ្ឋាភិបាល​ផ្គត់​ផ្គង់​ទូទាំង​រាជ​ធានី​ភ្នំពេញ​ ព្រោះ​ត្រូវ​ជាប់​ធ្វើ​ចត្តាឡីស័ក និង​ជាប់​នូវ​បម្រាម​ដូចៗ​គ្នា។ ក៏​ប៉ុន្តែ ខ្ញុំ​សូម​បញ្ជាក់​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ថា ប្រសិន​ត្រឹម​តែ ១​ម៉ឺន ឬ​ ២​ម៉ឺន​គ្រួសារ វា​មិន​លំបាក​ទេ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​មាន​រាប់​សិប​ម៉ឺន​គ្រួសារ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ១៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​កាន់​តែ​ធំ​ឡើង​នៃ​មេរោគ​កូវីដ​១៩៕អត្ថបទ ៖ សុធី

UN៖ ពិភពលោក​នឹង​អស់​ពេល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​

2021/04/27 02:59:58 am        177
​UN៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ២០២១​ នេះត្រូវតែ​ជា​ឆ្នាំ​វិធានការ​ការពារ​មនុស្ស​ប្រឆាំង​នឹង​ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​ នៃ​បម្រែបម្រួល​អាកាសធាតុ។ UN​ ថ្លែង​បែបនេះ មុន​កិច្ចប្រជុំ​កំពូល​សំខាន់​រៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក។​UN​ បាន​ព្រមាន​ថា ពេលវេលា​អស់​លឿន​ខ្លាំង​ណាស់ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ក្នុង​នោះ​ការ​រីក​រាលដាល​ឆ្លង​សកល​ជំងឺ COVID-19 ​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ដល់​បម្រែបម្រួល​អាកាសធាតុ។​ ​ការ​អំពាវនាវ​បែបនេះបាន​ធ្វើឡើង ​ជាមួយ​នឹង​របាយការណ៍​ប្រចាំ​ឆ្នាំ​សំខាន់ មុន​ពេល​ដែល​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ចូ បៃ​ដិ​ន ចាប់ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ។​ ​គួរ​ឲ្យ​ដឹង​ថា មេដឹកនាំ​ពិភពលោក​ចំនួន ៤០ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់​លោក ​បៃ​ដិ​ន ដែល​មាន​គោលដៅ​បង្កើត​កិច្ច​ខិតខំ​របស់​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។​​ប្រមុខ UN​ លោក ​អង់​តូ​នី​ញ៉ូ ហ្គូ​ទែ​រ៉េ​ស បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ពួក​យើង​កំពុង​ស្ថិតនៅ​មាត់​ជ្រោះ​មរណៈ។​ លោក​បន្ត​ថា នេះ​គឺជា​ឆ្នាំ​ដ៏​សំខាន់​ពិតប្រាកដ​មួយ​សម្រាប់​អនាគត​មនុស្សជាតិ ហើយ​របាយការណ៍​បង្ហា​ញ​ថា ពួក​យើង​គ្មាន​ពេល​ត្រូវ​ខ្ជះខ្ជាយ ឬ​បង្អាក់​អាកាសធាតុ​នៅ​ទី​នេះ​ទៀត​នោះ​ទេ។​ ​មុន​ពេល​បញ្ចេញ​របាយ​ការណ៍​អាកាសធាតុ​ឆ្នាំ២០២០​ដែល​រៀបចំឡើង​ដោយ​អង្គការ​ឧតុនិយម​ពិភពលោក​របស់ UN លោក​ ហ្គូ​ទែ​រ៉េ​ស បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់បញ្ឈប់​ការ​ធ្វើ​សង្គ្រាម​ជាមួយ​ធម្មជាតិ​៕អត្ថបទ៖ សារ៉ាត់

សម្ដេច​តេជោ ហ៊ុន សែន និង​ភរិយា​ ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​ពីរ​នៅ​ព្រឹក​នេះ​ នៅ​គេហដ្ឋាន​របស់​សម្ដេច​ផ្ទាល់​

2021/04/27 02:59:58 am        38
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​ គឺ​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ទទួល​ដូស​ទី​២​នៃ​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​២​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ។បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក សម្ដេច​តេជោ ហ៊ុន សែន និង​ភិរយា​របស់​លោក​ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​២​នេះ​នៅ​ឯ​គេហដ្ឋាន​របស់​សម្ដេច​តែ​ម្ដង ដោយ​ចាក់​វ៉ាក់សាំង​នៅ​លើ​ដៃ​ខាង​ឆ្វេង​ដដែល។សម្ដេច​តេជោ ហ៊ុន សែន ឱ្យ​ដឹង​ផង​ដែរ​ថា កូន​ស្រី​ពៅ​របស់​សម្ដេច ក៏​ទទួល​ការ​ចាក់​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​ដូស​ទី​២​ផង​ដែរ​នៅ​ថ្ងៃ​នេះ។សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី២​នេះ សម្ដេច​តេជោ ហ៊ុន សែន លើក​ឡើង​ថា «ខ្ញុំ​នៅ​បន្ត​ចាក់​ដៃ​ឆ្វេង​ដដែល ដើម្បី​ទុក​ដៃ​ស្ដាំ​បន្ត​កិច្ចការ​ត​ទៅ​ទៀត។ រឿងដែល​បារម្ភ​ តើ​ខ្ញុំ​ងងុយ​ដេក​ដូច​កាល​ចាក់​ដូស​ទី​មួយ​ឬ​ទេ? បើ​ងងុយ​ដេក​ ឯកសារ​ច្បាស់​ជា​នៅ​លើ​តុ និង​មិន​បាន​ហាត់​ប្រាណ​ផង​ដែរ»។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេចចាក់​វ៉ាក់សាំង​ដូស​ទី​២​នៅ​ថ្ងៃ​នេះ គឺ​ដើម្បី​​អាច​ចេញ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ដូស​ទី​១ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា​កន្លង​មក​នេះ ដែល​ការ​ចាក់​លើក​ទី​១​នោះ ធ្វើ​ឡើង​នៅ​ឯ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ៕ 

អង្គការ​សុខភាព​ពិភពលោក៖ ករណី​ឆ្លង​ជំងឺ​ COVID-19 បាន​ហក់​ឡើង​ខ្ពស់​ប្រចាំ​សប្ដាហ៍​

2021/04/27 02:59:58 am        182
​WHO៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោកនិយាយ​ថា ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា ឬ​ COVID-19 ជាង​ ៥​លាន ​២​សែន​នាក់ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​កាលពី​សប្ដាហ៍​មុន ជា​ចំនួន​ហក់​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ប្រចាំ​សប្ដាហ៍។​​លោក Tedros Adhanom Ghebreyesus បាន​រាយការណ៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា នេះ​ជា​ការ​កើន​ឡើង​ខ្ពស់​រយៈពេល​ ៨​សប្ដាហ៍​ជាប់ៗ​គ្នា​នៃ​ករណី​ឆ្លង​។​ លោក Tedros ក៏បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ផង​ដែរ ​អំពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ស្លាប់​។ លោក​បាន​និយាយ​ថា រយៈពេល​ ៩​ខែ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ​១​លាន​នាក់ រយៈពេល ​៤​ខែ​ក្រោយ​បាន​កើន​ឡើង​ដល់ ​២​លាន​នាក់ ហើយ​ ៣​ខែក្រោយ​មក​ទៀតអ្នក​ស្លាប់​លើ​ពិភព​លោក​ដោយ​សារ​ជំងឺ ​COVID-19 បាន​កើន​ឡើង​ដល់​ជាង ​៣​លាន​នាក់​។​ ​លោក Tedros បាន​និយាយ​ថា ​ការឆ្លង និង​ចំនួន​អ្នកជំងឺ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​កំពុង​កើន​ឡើង​ ក្នុងចំណោម​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥​ឆ្នាំ​ដល់ ៥៩​ឆ្នាំ។ លោក​ថា ការ​ឆ្លង​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​ខ្ពស់ និង​ការ​មិន​គោរព​វិធានការ​គម្លាត​សុវត្ថិភាព ​អាច​ជា​កត្តា​បណ្ដាល​ឲ្យ​មានការ​ឆ្លង​កើន​ឡើង​។​​ប្រធាន​ក្រុមបច្ចេកទេស​សម្រាប់​ការ​ឆ្លើយ​តប​វីរុស​កូ​រ៉ូ​ណា របស់​អង្គការ​សុខភាព​លោកស្រី Maria Van Kerkhove បាន​បញ្ជាក់​ថា​ ចំណុច​សំខាន់​នៃ​ការ​រក្សា​វិធានការ​ប្រឆាំង​នឹង​ការ​ឆ្លង​ជាក់ស្ដែង រួម​ទាំង​ការ​ចៀសវៀង​ចូល​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​កុះករផងដែរ​។​ លោក​ស្រីបាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា ​ជួយ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​ការងារ​ពី​ផ្ទះ ស្នាក់នៅ​ក្នុង​ផ្ទះ ប្រសិនបើ​ចាំបាច់ ដូច្នេះ​យើង​អាច​កាត់បន្ថយ​លទ្ធភាព ​នៃ​ការ​ឆ្លង​រាលដាល​វីរុស​នេះ​បាន​៕អត្ថបទ​៖ ​សុខ​មាន

សម្តេចតេជោ ហ៊ុន សែន ស្នើសុំមិនឲ្យប្រតិជូនដំណើរ និងទទួល​សម្តេចពេលទៅមកប្រទេសឥណ្ឌូនេស៊ី

2021/04/27 02:59:58 am        37
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បានស្នើដល់ប្រតិភូនៃរាជរដ្ឋាភិបាលទាំងអស់ មិនចាំបាច់ជូនដំណើរ និងទៅទទួលសម្តេច ពេលដែលសម្តេចអញ្ជើញទៅ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ​ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩។យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ការចេញដំណើររបស់សម្តេច នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះទៅប្រទេសឥណ្ដូនេស៊ី ដើម្បីទៅចូលរួមកិច្ចប្រជុំអាស៊ានពេលនេះ គឺមិនចាំបាច់ជូនដំណើរ ហើយពេលដែលសម្តេចវិលត្រឡប់មកវិញក៏មិនចាំបាច់ទៅទទួលផងដែរ ខណៈដែលប្រទេសកម្ពុជាយើង ជាពិសេសនៅក្នុងរាជធានីភ្នំពេញនេះតែម្តង បានកំពុងតែធ្វើការបិទខ្ទប់ដើម្បើទប់ស្កាត់ និងបង្ការនៃការរីករាលដាលនូវមេរោគកូវីដ១៩នោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អមដោយគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមេសា ២០២១ខាងមុខនេះ នឹងចេញដំណើរទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន។ បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់កាលពីកន្លងទៅថា មុនពេលសម្តេចចេញដំណើរទៅសម្តេច ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់អោយអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី ហើយពេលពេលសម្តេចទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត ខណៈពេលរសៀលការប្រជុំចាប់ផ្តើម ពេលចប់មិនថាថ្ងៃ ឬយប់សម្តេចត្រូវត្រឡប់មកវិញ ហើយពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀតផងដែរ។ មកដល់ផ្ទះសម្តេចត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ទៅ៣ដងទៀត។សម្តេច បានបន្ថែមទៀតថា«ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវអោយភរិយា នាំកូន និងចៅទៅសម្រាកនៅទីកន្លែងផ្សេង។ ដោយឡែកសមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នា ជាមួយនឹងសម្តេចយ៉ាងដូច្នេះដែរ។សូមរំលឹកផងដែរថា ដោយភារកិច្ចខានមិនបានក្នុងការចូលរួមប្រជុំអាស៊ាននាថ្ងៃទី២៤ មេសា ២០២១នេះ នៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ីនោះ សម្តេចតេជោ ត្រូវបានប្តូរថ្ងៃចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ មេសានេះ ដែលមុននោះគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។នៅថ្ងៃទី២០ ខែមេសានេះ សម្តេចតេជោ ត្រូវចាក់វ៉ាក់សាំងដូសទី២ បានរួចជាស្ថាពរហើយ ប៉ុន្តែការចាក់របស់សម្តេចគឺមិនបានចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយា និងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ សម្តចបានបញ្ជាក់ថា សម្តេច និងភរិយារបស់សម្តេចគឺបានទទួលវ៉ាក់សាំង Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac៕អត្ថបទ ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីនិយាយថា កងកម្លាំងរក្សាសន្តិភាពមានសារៈសំខាន់សម្រាប់ការសម្រេចបាននូវសន្តិភាពតាមរយៈការសន្ទនា
07/08/2026 05:07 PM
លោក Lavrov៖ សេដ្ឋកិច្ចអឺរ៉ុបកំពុងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏អាក្រក់ ហើយមិនអាចលាក់បាំងការពិតបានឡើយ
07/08/2026 05:07 PM
ចំនួនអ្នកស្លាប់ដោយសារព្យុះ នៅចិន កើនឡើងដល់យ៉ាង​តិច ១៧នាក់ ខណៈ​រាប់រយនាក់រងរបួស
07/08/2026 05:07 PM
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវឱ្យមានសហប្រតិបត្តិការកាន់តែ​លឿន នៅឯ​វេទិកាការពារជាតិណាតូ
07/08/2026 05:07 PM
UN៖ ក្រុមមនុស្សធម៌ ចល័តជំនួយសម្រាប់ប្រជាជនរងផលប៉ះពាល់ដោយការប្រយុទ្ធគ្នានៅអាហ្វ្រិកកណ្តាល
07/08/2026 05:07 PM
លោកស្រី​ Le Pen ប្រាប់​ថា បន្ត​ប្រជែង​តំណែង​​ប្រធានាធិបតីបារាំង​ ក្រោយសេចក្ដី​​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​
07/08/2026 04:07 PM
អ៊ីស្រាអែល និងលីបង់ នឹងចាប់ផ្តើមការចរចាជុំបន្ទាប់នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី
07/08/2026 04:07 PM
[UPDATE] លោក Trump៖ បទឈប់បាញ់​អាមេរិក-​អ៊ីរ៉ង់ គឺ «ចប់ហើយ» ក្រោយ​មាន​ការ​វាយប្រហារទៅវិញទៅមក ​
07/08/2026 04:07 PM
អ៊ីរ៉ង់និយាយថាបានកំណត់គោលដៅទីតាំងយោធាអាមេរិក៨៥កន្លែងនៅប្រទេសបារ៉ែន និងកូវ៉ែត
07/08/2026 04:07 PM
លោក Netanyahu បញ្ជាក់​ថា លោក និងលោក Trump ត្រូវ​គ្នា​ ជុំវិញ​រឿង​ធំៗ ស្ដី​ពី​បញ្ហាអ៊ីរ៉ង់
07/08/2026 04:07 PM