ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាបន្ថែម ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ដើម្បីរៀបចំចាត់ចែងធ្វើចត្តាឡីស័ក

2021/04/27 02:59:58 am        177
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២២៩០លានរៀល (២,២៩០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២០ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៨ ដល់២៤ ខែមេសា ឆ្នាំ២០២១។ ​បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី១៩ មេសា ២០២១នេះថា ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២០ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣០០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា៣០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា១០០លានរៀល ៥.ខេត្តកោះកុង ទទួលបានថវិកា២០លានរៀល៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា៣០០លានរៀល៧.ខេត្តព្រះវិហារ ទទួលបានថវិកា៣០លានរៀល៨.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល៩.ខេត្តស្វាយរៀង ទទួលបានថវិកា៦០លានរៀល១០.ខេត្តព្រៃវែង ទទួលបានថវិកា២២០លានរៀល១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៧០លានរៀល១២.ខេត្តក្រចេះ ទទួលបានថវិកា១០០លានរៀល១៣.ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល១៤.ខេត្តកំពង់ចាម ទទួលបានថវិកា៦០លានរៀល១៥.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៩០លានរៀល១៦.ខេត្តកែប ទទួលបានថវិកា១០លានរៀល១៧.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា៧០លានរៀល១៨.ខេត្តកំពង់ធំ ទទួលបានថវិកា១៤០លានរៀល១៩.ខេត្តព្រះសីហនុ ទទួលបានថវិកា៥០លានរៀល២០.ខេត្តសៀមរាប ទទួលបានថវិកា៥០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២០ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប២០៩៣៩នាក់៕អត្ថបទ ៖ រដ្ឋា

កម្ពុជា​រក​ឃើញ​មនុស្ស​៦២៤​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ​១៩​នាំ​ឱ្យ​តួលេខ​ឆ្លង​សរុប​កើន​លើស​៧​ពាន់​នាក់​

2021/04/27 02:59:58 am        389
ភ្នំពេញ​៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា មនុស្ស​ដល់​ទៅ ៦២៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស ៧​ពាន់​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​និយាយ​ថា ករណី​ឆ្លង​ថ្មី​ទាំង ៦២៤​នាក់​នេះ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំង​អស់។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​ជាង​គេ​នៅ​រាជ​ធានី​ភ្នំពេញ​រហូត​ដល់ ៤៦៥​នាក់ បន្ទាប់​មក​ខេត្ត​ព្រះសីហនុ​រក​ឃើញ ១៤៤​នាក់ ខេត្ត​តាកែវ ១០​នាក់ ខេត្ត​ស្វាយរៀង ៣​នាក់ ខេត្ត​កំពង់ចាម ១​នាក់ និង​ខេត្ត​ពោធិ៍សាត់ ១​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​ដល់​ទៅ ៧ ០១៣​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ចុង​ខែ​មករា​ឆ្នាំ​មុន​មក ក្នុង​ករណី​ឆ្លង​ដល់​ទៅ ៦ ៤៧០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្រសួង​សុខាភិបាល​ក៏​ប្រកាស​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ​១៩​សរុប ២ ៥២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៤៨​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ ខណៈ​អ្នក​ជំងឺដល់​ទៅ ៤ ៤៣៩​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕អត្ថបទ ៖ សុធី

ប្រមុខ​រាជ​រដ្ឋាភិបាល​បញ្ជា​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​សម្រប​សម្រួល​ស្បៀង​អាហារ​ជូន​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់

2021/04/27 02:59:58 am        444
ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​បញ្ជា​ទៅ​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់។ក្នុងសេចក្ដី​ណែនាំ​នៅ​ថ្ងៃ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​សម្រប​សម្រួល​ជា​បន្ទាន់​នូវ​ការ​ផ្គត់​ផ្គង់ ការ​ដឹក​ជញ្ជូន និង​ការ​ចែក​ចាយ​ស្បៀង​អាហារ​ទៅ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ និងក្រុងតាខ្មៅ។សម្ដេច​តេជោ ហ៊ុន សែន បាន​ចង្អុល​បង្ហាញ​ទៅ​អាជ្ញាធរ​ផង​ដែរ ឱ្យ​ចាត់​ចែង​បញ្ជូន​ជំនួយ​សង្គ្រោះ​បន្ទាន់ ដូចជា អង្ករ មី ត្រី​ខ​កំប៉ុង ទឹក​ត្រី និង​ទឹក​ស៊ីអ៊ីវ ជាដើម ផ្ដល់​ទៅ​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ ប្រជា​ពលរដ្ឋ​ក្រីក្រ និង​មាន​ជីវភាព​លំបាក​នៅ​ក្នុង​តំបន់​ក្រហម ឬ​តំបន់​មាន​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង។រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​វិធានការ​បិទ​ខ្ទប់​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​មេរោគ​កូវីដ​១៩៕អត្ថបទ ៖ សុធី

សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​រឹត​បន្តឹង​ការ​អនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ

2021/04/27 02:59:58 am        360
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​បន្ថែម​ទៀត​ទៅ​អាជ្ញាធរ​ ដើម្បី​រឹត​បន្តឹង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នៅ​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ។ក្នុង​សេចក្ដី​ណែនាំ​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ទៅ​អាជ្ញាធរ​ឱ្យ​បិទ​ផ្សារ​ ឬ​ទីតាំង​ទាំង​ឡាយ​ណា​ដែល​មិន​រៀបរយ និង​បង្ក​ជា​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ផង​ដែរ​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​​នៅ​តាម​ផ្សារ ទី​កន្លែង​លក់​ស្បៀង​អាហារ ​ភោជនីយដ្ឋាន​ ឬ​អាហារ​ដ្ឋាន​លក់​អាហារ​វេច​ខ្ចប់។សម្ដេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​រយៈ​ពេល ២​សប្ដាហ៍ ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ ដើម្បី​កាត់​ផ្ដាច់​ការ​ចម្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ភូមិសាស្ត្រ​ទាំង​ពីរ​នេះ៕អត្ថបទ ៖ សុធី

ករណី​ស្លាប់​ដោយសារ​ ​COVID-19 នៅ​លើ​ពិភព​លោក​កើន​ឡើង​ដល់ ​៣​លាន​នាក់

2021/04/27 02:59:58 am        282
ពិភពលោក៖ ​ករណី​ស្លាប់​សកល​ដោយសារ​ជំងឺ COVID-19 បាន​កើន​ឡើង​ដ៏​គួរ​ភ្ញាក់ផ្អើល​រហូតដល់ ៣​លាន​នាក់ ខណៈ​ដែល​មានដំណើរ​ថយ​ក្រោយ ​នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​សកលលោក ធ្វើ​ឲ្យ​វិបត្តិ​កាន់​តែ​លិចលង់​ខ្លាំង​ឡើង​នៅ​តាម​ប្រទេស​ជាច្រើន ​ដូចជាប្រេ​ស៊ី​ល ឥណ្ឌា និង​បារាំង។​​ចំនួន​អ្នក​ស្លាប់​ដូច​ដែល​បាន​ចងក្រង​ឡើង​ដោយ​សាកលវិទ្យាល័យ Johns Hopkins គឺ​ប្រ​ហាក់​ប្រហែល​ស្មើនឹង​ចំនួន​ពលរដ្ឋ​នៅ​ទីក្រុង​កៀវរបស់​អ៊ុយ​ក្រែ​ន, ទីក្រុង​កា​រ៉ា​កាសរបស់​វែ​ណេ​ហ្ស៊ុ​យ​អេ​ឡា ឬ​រដ្ឋធានីលី​ស្បុ​នរបស់​ព័រ​ទុយ​ហ្គា​ល់។ វា​មាន​ចំនួន​ច្រើនជាងពលរដ្ឋ​របស់​ទីក្រុង​ឈី​កា​ហ្គោ និង​ពលរដ្ឋ​រួមគ្នា​រវាង​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ និង​ទីក្រុង​ដា​ឡាស់របស់​សហ​រដ្ឋអាមេរិក​។​ ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​ពិតប្រាកដ​នៃ​ករណី​ឆ្លង​ស្លាប់អាច​នឹង​ខ្ពស់​ជាង​​នេះ ដោយសារតែ​ការ​បិទ​បាំង​ទិន្នន័យ​របស់​រដ្ឋាភិបាល​មួយ​ចំនួន ដូចជា​ករណី​ដែល​គេ​មើល​រំលង​នៅ​ដំណាក់កាល​ដំបូង ​នៃ​ការ​រីក​រាលដាល​ឆ្លង​ចាប់ផ្ដើម​នៅ​ទីក្រុង​អ៊ូ​ហាន ប្រទេស​ចិន កាលពី​ដំណាច់​ឆ្នាំ​២០១៩។​​ពេល​ដែល​ពិភពលោក​មើល​ឃើញ​ករណី​ស្លាប់​កើន​ឡើង​ដល់ ២​លាន​នាក់​កាលពី​ខែ​មករា​កន្លងទៅ កិច្ច​ខិតខំ​ចាក់​វ៉ាក់សាំង​បង្ការ​ទើប​ចាប់ផ្ដើម​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក។​ នៅ​ថ្ងៃ​នេះ​ការ​ចាក់​វ៉ាក់​សាំង​បាន​ចាប់ផ្ដើម​នៅ​ជាង ១៩០​ប្រទេស ថ្វីត្បិតតែ​ការគ្រប់គ្រង​វីរុស​មាន​ភាព​ខុស​ប្លែក​គ្នា​ក៏ដោយ។​ ស្រប​ពេល​ដែល​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ COVID-19 នៅ​សហរដ្ឋអាមេរិក និង​អង់គ្លេសរង​ផល​ប៉ះពាល់​យ៉ាង​ណាក្តី ប្រជាពលរដ្ឋ និង​វិស័យ​ធុរកិច្ច​នៅ​ទីនោះចាប់ផ្ដើម​មាន​សង្ឃឹម​ឡើងវិញ ក្រោយ​ការ​រីក​រាលដាល​ឆ្លង​សកល ប៉ុន្តែ​បណ្ដា​ប្រទេស​អ្នកមាន​មួយ​ចំនួនមិន​អាច ​ឈាន​ដល់​គោល​ដៅ​ចង់​បាន​របស់​ពួកគេ​នោះ​ឡើយ និង​បាន​បិទ​ប្រទេស​ឡើងវិញ និង​ការ​រឹតត្បិត​ផ្សេងទៀត ខណៈ​ដែល​ករណី​ឆ្លង​នៅតែ​ហក់​ឡើង​ខ្ពស់​៕​​អត្ថបទ៖ សារ៉ាត់

តម្រូវការ​អុក​ហ្ស៊ី​សែន និង​គ្រែ​មន្ទីរពេទ្យ​កាន់​តែ​ច្រើន ស្រប​ពេល​វិបត្តិ​ជំងឺ COVID-19 ​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឥណ្ឌា​

2021/04/27 02:59:58 am        260
​ឥណ្ឌា៖ ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គ្រែ​មន្ទីរពេទ្យ​រដ្ឋ​ច្រើនជាង​មុននឹង​មាន​សម្រាប់​អ្នកជំងឺ COVID-19 ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះជួប​វិបត្តិ​សុខភាព​កាន់តែ​អាក្រក់​ទៅ ហើយ​រដ្ឋ​ជាច្រើនបាន​អំពាវនាវ​ឲ្យ​មានការ​ផ្គត់ផ្គង់​អុក​ហ្ស៊ី​សែន និង​ឱសថ​ព្យាបាល​បន្ថែម​ទៀត។​​ពួកគេ​បាន​និយាយ​ថា ប្រទេស​ដែល​មាន​ពលរដ្ឋ​ជាង ១.៣​ពាន់​លាន​នាក់​មួយ​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19 ចំនួន ២៦១.៥០០​នាក់កាលពី​ថ្ងៃអាទិត្យ ក្នុង​នោះពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៦​នាក់​ដែល​បាន​ធ្វើ​តេស្តរក​ឃើញ​ករណី​វិជ្ជមាន​។​ ឥណ្ឌាគឺជា​ប្រទេស​ទី​២ ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​បំផុត​ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក ជាមួយ​នឹង​ករណី​ឆ្លង​ជិត ១៤.៨​លាន​នាក់។​ រដ្ឋាភិបាល​បាន​និយាយ​ថា មន្ទីរពេទ្យ​ដែល​ធម្មតា​ប្រើប្រាស់​សម្រាប់​មន្ត្រី​រដ្ឋការ ក្រុមហ៊ុន​រដ្ឋ គួរតែ​ផ្លាស់ប្ដូរ​អគារ​របស់​ពួកគេមក​ជា​ទីតាំង​ព្យាបាល​អ្នកជំងឺ COVID-19 បំពាក់​ដោយ​បន្ទប់​ថែទាំ​សុខ​ភាព គ្រែ​មាន​អុក​ហ្ស៊ី​សែន ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម មន្ទីរ​ពិសោធន៍ និង​បុគ្គលិក​ថែទាំ​សុខភាព។​ពួក​គេ​បាន​បន្ត​ថា វា​នឹង​ក្លាយ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ ក្នុង​ការ​លើកឡើង​ពី​កង្វះខាត​គ្រែ​មន្ទីរពេទ្យ​នៅ​តាម​រដ្ឋ​មួយ​ចំនួន បើសិនជា​ពួក​យើង​ធ្វើ​ដូច្នេះ​។ រថភ្លើង​ពិសេសនឹង​ដឹកជញ្ជូន​បំពង់​អុក​ហ្ស៊ី​សែនទៅកាន់​រដ្ឋ​ត្រូវការ ខណៈ​ដែល​រដ្ឋាភិបាល​និយាយ​ថា ការប្រើប្រាស់​អុក​ហ្ស៊ី​សែន​ក្នុង​គោលដៅ​ឧស្សាហកម្មត្រូវ​មាន​កំហិត។​ នៅ​ក្នុង​ទីក្រុង​ញូវដែល្លី ដែល​ជា​រដ្ឋធានី​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ជំងឺ COVID-19​ ចំនួន​ ២៥.៥០០​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ៕អត្ថបទ៖ សារ៉ាត់

បុរស​ជន​ជាតិ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​ថ្ងៃ​នេះ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៤៥​នាក់

2021/04/27 02:59:58 am        27
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​យប់​ថ្ងៃ​នេះ​​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ​១៩នៅ​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ដល់ ៤៥​នាក់​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ខ្លួន ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​អូរឫស្សី ខណ្ឌ​៧មក​រា បាន​ស្លាប់​នៅ​ម៉ោង​ជិត ១​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ។បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​បុរី ១០០​ខ្នង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​បន្ទាប់​មក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​នៅ​ថ្ងៃ​នេះ។ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​នៅ​ម៉ោង​ជិត ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ។បើ​តាម​ក្រសួង​សុខាភិបាល​ បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។ក្រសួង​​បញ្ជាក់​ថា បុរស​ទាំង​ ២​នាក់​នេះ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​​ពី​សួត​របស់ពួកគេ​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ពី​មេរោគ​កូវីដ ខណៈ​ពួកគាត់​សុទ្ធ​តែ​មាន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ។តួលេខផ្លូវការ​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​សរុប​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​កើន​ឡើង​ដល់ ៤៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៣៧​ថ្ងៃ​ចុង​ក្រោយ​នេះ៕

សម្ដេច​តេជោ ហ៊ុន សែន សម្រេច​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត និង​ទីតាំង​ទេសចរណ៍​រយៈ​ពេល​៨​ថ្ងៃ​ទៀត

2021/04/27 02:59:58 am        30
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឱ្យ​បន្ត​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​មរណីយដ្ឋាន​ទេសចរណ៍​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​រយៈ​ពេល ៨​ថ្ងៃ​បន្ថែម​ទៀត។វិធានការ​បន្ត​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​ទេសចរណ៍​ទាំង​អស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សេចក្ដី​សម្រេច​​ដែល​ចេញ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ។ក្នុង​​សេចក្ដី​សម្រេច​នេះ ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តំបន់​ទេសចរណ៍​ទាំង​អស់ ត្រូវ​បិទ​បន្ត​ទៀត​រយៈ​ពេល ៨​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ រហូត​ទៅ​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា។ប្រមុខ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បាន​សម្រេច​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត និង​តំបន់​ទេសចរណ៍​រយៈ​ពេល ២​សប្ដាហ៍​ម្ដង​រួច​មក​ហើយ​ចាប​់​ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​វិធានការ​ទាំង​ពីរ​នេះ បន្ទាប់​ពី​មើល​ឃើញ​កំណើន​នៃ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស ដែល​បាន​កើន​ឡើង​រហូត​ដល់ ៥ ៧៧១​ករណី​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​សម្រេច​កែ​សម្រួល​វិធានការ​បិទ​ខ្ទប់​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩

2021/04/27 02:59:58 am        35
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​របស់​ពួកគេ​នោះ​ឡើយ ដោយ​តម្រូវ​ឱ្យ​មាន​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់។សម្ដេច​តេជ ហ៊ុន សែន បាន​សម្រេច​ដាក់​ចេញ​វិធាការ​បែប​នេះ​បន្ថែម​ទៀត នៅ​ក្នុង​សេចក្ដី​​សម្រេច​​​កែ​សម្រួល​វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​ ដែល​ចេញ​នៅ​យប់​នេះ។ក្នុង​សេចក្ដី​សម្រេច​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​ហាម​ឃាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ចាក​ចេញ​ពី​លំនៅឋាន ឬ​ទីស្នាក់​អាស្រ័យ​បច្ចុប្បន្ន​នោះ​ឡើយ។ប្រមុខ​រាជ​រដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ក្នុង​រួម​បញ្ចូល​ទាំង​ការ​ឃាត់​ទុក​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។ក្រៅ​ពី​ហាម​ឃាត់​មនុស្ស​មិន​ឱ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ហើយ​នោះ ប្រមុខ​រាជ​រដ្ឋាភិបាល​ក៏​បាន​សម្រេច​បិទ​រាល់​សកម្មភាព​ការងារ មុខ​របរ ឬ​អាជីវកម្ម​ទាំង​អស់ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មិន​មែន​ជា​តម្រូវការ​ចាំ​បាច់​ប្រចាំ​ថ្ងៃ។សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​សម្រេច​កាល​យប់​ថ្ងៃ​ទី​១៤ ខែ​មេសា ឱ្យ​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ដែល​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ភូមិសាស្ត្រ​តែ​មួយ​ជាមួយ​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃទី​២៨ ខែ​មេសា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ទៅ ៥ ៧៧១​នាក់​ ក្នុង​នោះ​ករណី​ឆ្លង​ដល់​ទៅ ៥ ២២៨​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​ហាម​ដាច់​ខាត​រថយន្ត​អាទិភាព​លួច​លាក់​ដឹក​មនុស្ស​ឆ្លង​ខេត្ត និង​ចេញ​-​ចូល​តំបន់​បិទ​ខ្ទប់​

2021/04/27 02:59:58 am        239
​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែ​នាំទៅ​រថយន្ត​មាន​អាទិភាព​ក្នុង​ការ​ធ្វើដំណើរ​ អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នេះ កុំ​ឱ្យ​លួច​ដឹក​មនុស្ស​ចេញ​ចូល​តាម​មធ្យោបាយ​របស់​ពួកគេ​។​​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​សារ​ជា​សំឡេង ដែល​ត្រូវ​បាន​ផ្ញើ​ចេញ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​បញ្ជូន​ទៅ​មហាជន​នៅ​ល្ងាច​ថ្ងៃនេះ​។​ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖ «​ហើយ​ខ្ញុំ​បាន​ទទួល​ដំណឹង​មិន​ផ្លូវការ​ថា មានការ​រត់ពន្ធ​មនុស្ស​នៅ​តាម​ការ​ធ្វើ​ដំណើរ​មួយ​ចំនួន ក្នុង​ហ្នឹង​មានការ​ប្រើប្រាស់​ឡានពេទ្យ តែ​ខ្ញុំ​មិន​ជឿ​នោះ​ទេ​»​។​ ​ក្រៅពី​ឡានពេទ្យ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​បញ្ជាក់​ប្រាប់​ទៅ ​អ្នកបើកបរ​រថយន្ត​អាទិភាព​មួយ​ចំនួន​ទៀត​ដូចជា​ឡាន​យោធា នគរបាល និង​មន្ត្រី​ជាន់ខ្ពស់​ផង​ដែរ​។​​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា​៖ «​តែ​ខ្ញុំ​ត្រូវតែ​ពន្យល់​ប្រាប់​ទៅ​រថយន្ត​ពេទ្យ​ទាំង​ឡាយ​ដែល​ត្រូវ​ធ្វើដំណើរ មិន​អាច​ដាក់​អ្នកដំណើរ​ដោយ​លួចលាក់​តាម​រថយន្ត​ពេទ្យ ឬក៏​រថយន្ត​យោធា ឬក៏​រថយន្ត​នគរបាល​នោះ ឬ​រថយន្ត​របស់​អ្នកធំ​ណា​ម្នាក់​ដែល​ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​នោះ​ទេ​។ សូម​បញ្ជាក់​ជូន​អំពី​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់​»​។​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កាលពី​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មេសា​នេះ ឱ្យ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជ​ធា​នី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទាំងមូល​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ ដែល​បាន​កើន​ឡើង​ដល់​ចំនួន ៥.៤៨០​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃនេះ​៕​អត្ថបទ៖ សុខធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង៖ លីទុយអានី នឹងគ្មានសុវត្ថិភាពនោះទេ បើសិនជាពួកគេដកចេញពំរាមលើការទទួលអាវុធនុយក្លេអ៊ែរ
07/08/2026 06:07 PM
កងទ័ពអ៊ុយក្រែនបានបោះបង់ចោលអាវុធ គ្រាប់រំសេវដែលផលិតនៅប៉ូឡូញ បារាំង និងអ៊ីតាលី នៅតំបន់Vasilyevka
07/08/2026 06:07 PM
ប្រធានាធិបតីស៊ីរី ទៅ​ដល់ប្រទេស​ទួរគីហើយ​ ដើម្បីពិភាក្សាជាមួយលោក Trump
07/08/2026 06:07 PM
គុយបាប្រមូលការគាំទ្រប្រឆាំងនឹងការបិទខ្ទប់​ដ៏ឃោរឃៅរបស់អាមេរិក នៅ UN
07/08/2026 06:07 PM
រដ្ឋមន្រ្តីសុខាភិបាលអេស្ប៉ាញប្រតិកម្មនឹងការគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់អាមេរិក
07/08/2026 06:07 PM
មន្ត្រី៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក TRUMP កំពុងរៀបចំផែនការសាកល្បង«តំបន់មនុស្សធម៌» នៅភាគខាងត្បូងហ្កាហ្សា
07/08/2026 06:07 PM
ប្រភព៖ លោក Hegseth នឹងជួបជាមួយលោក Netanyahu ជុំវិញលទ្ធភាពលក់យន្តហោះចម្បាំង F-35 ទៅឲ្យទួរគី
07/08/2026 06:07 PM
តម្លៃប្រេងហក់ឡើងខ្ពស់ ភាគហ៊ុនធ្លាក់ចុះ ពេលលោក Trump ប្រកាសថា MOU ជាមួយអ៊ីរ៉ង់ចប់ហើយ
07/08/2026 06:07 PM
ស៊ីរីនិយាយថា ការផ្ទុះគ្រាប់បែកនៅទីក្រុងដាម៉ាស បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៣៦នាក់ រងរបួស
07/08/2026 06:07 PM
វិមានក្រឹមឡាំង៖ ទួរគីនឹងអាចឲ្យអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរឧស្ម័ន
07/08/2026 06:07 PM