ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

សហភាព​អឺរ៉ុប​៖ ​ក្រុមហ៊ុន AstraZeneca ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ការ​ចែក​ចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19

2021/04/27 02:59:58 am        118
​​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី យូ​ស៊ូ​ឡា វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស AstraZeneca ​ត្រូវតែ​ធ្វើ​ឲ្យ​បានការ​ចែកចាយ​វ៉ាក់សាំង ​តាម​ការសន្យា​របស់​ខ្លួន​ដល់​សហភាព​អឺរ៉ុប មុន​ពេល​នាំចេញ​ដូ​ស​ទៅកាន់​កន្លែង​ផ្សេងទៀត។​ លោក​ស្រី​បាន​និយាយ​ថា ក្រុមហ៊ុន​មួយ​នេះ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​ពួកគេ​មាន​ជាមួយ​រដ្ឋ​ជា​សមាជិកសហភាព​អឺរ៉ុប។​​លោកស្រី​ វ៉ុ​នដឺ ឡេ​យ៉េន បាន​ថ្លែង​បែបនេះ ក្រោយ​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ ចូលរួម​កិច្ចប្រជុំ​កំពូល​តាម Video Conference ដើម្បី​ពិភាក្សា​លើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19។​ ខណៈ​ពេល​នោះ​ដែរ ប្រធានាធិបតី​បារាំង លោក​ អេ​ម៉ា​នូ​អែល ម៉ា​ក្រុង បាន​និយាយ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា វា​ជា​ការ​បញ្ចប់​សេចក្តី​ឆោតល្ងង់​របស់​សហភាព​អឺរ៉ុប។ ​គួរ​ឲ្យ​ដឹង​ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​នៅ​តាម​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប ​បាន​ចាប់ផ្ដើម​យឺតយ៉ាវ ហើយ​ប្លុក​មួយ​នេះ​បាន​បន្ទោស​ក្រុមហ៊ុន​ឱសថ ពិសេស​គឺ​ក្រុមហ៊ុន Astra​Zeneca ថា ​មិនបាន​ចែកចាយ​ដូ​ស​វ៉ាក់សាំង តាម​ការសន្យា​របស់​ខ្លួន។​ទោះបីជា​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន AstraZeneca បាន​ច្រាន​ចោលថា ​ពួកគេ​មិនបាន​មិន​គោរព​កិច្ចសន្យា​របស់​ខ្លួន​នោះ​ទេ។​ លោកស្រី វ៉ុ​នដឺ ឡេ​យ៉េន បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ ក្រោយ​ជំនួយ​កំពូល​ក្រុម​មេដឹកនាំ​អឺរ៉ុប​តាម​អន​ឡាញ​ថា លោកស្រី​គិត​ថា ច្បាស់​ណាស់​ថា ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​ធ្វើ​ឲ្យ​បាន ការ​ចែកចាយ​វ៉ាក់សាំង​របស់​ពួកគេ។​ លោកស្រី​បន្ត​ថា ពួកគេ​ត្រូវតែ​គោរព​កិច្ចសន្យា​ ដែល​មាន​ជាមួយ​រដ្ឋ​ជា​សមាជិក​អឺរ៉ុប មុន​ពេល​ពួកគេ​នាំចេញ​វ៉ាក់សាំង​ទៅ​កន្លែង​ផ្សេង។ ពួក​យើង​ចង់​ពន្យល់​ដល់​ប្រជាពលរដ្ឋ​អឺរ៉ុប​ថា ពួកគេ​អាច​ទទួល​បាន​ការចែក​រំលែក​វ៉ាក់សាំង ​របស់​ពួកគេ​ដោយ​ត្រឹមត្រូវ។​ សូម​បញ្ជាក់​ថា សហភាព​អឺរ៉ុបរង​ការរិះគន់​យ៉ាង​ខ្លាំង ពិសេស​ដោយ​ចក្រភព​អង់គ្លេស និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ សម្រាប់​វ៉ាក់សាំង​ជាតិនិយម បន្ទាប់ពី​ពួកគេ​ណែនាំ​ឲ្យ​គ្រប់គ្រង​ ការ​នាំចេញ​វ៉ាក់សាំង​ដែល​ផលិត​បាន​នៅ​ក្នុង​ប្លុក​មួយ​នេះ៕អត្ថបទ៖ សារ៉ាត់

UNICEF៖ ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ក្នុង​គម្រោង COVAX​ សម្រាប់​ខែ​មីនា និង​ខែ​មេសា

2021/04/27 02:59:58 am        241
​ឥណ្ឌា៖ មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ UNICEF ដែល​ជា​ដៃគូ​ចែកចាយ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ឥណ្ឌា​ទំនងជា​ពន្យារពេល​ការ​ចែកចាយ​វ៉ាក់សាំង​របស់​ហ៊ុន AstraZeneca ទៅកាន់​គម្រោង COVAX​ ដែល​គាំទ្រ​ដោយ​ក្រុម​សម្ព័ន្ធ​វ៉ាក់សាំង GAVI​ និង​អង្គការ​សុខភាព​ពិភពលោក (WHO)។​UNICEF បាន​និយាយ​នៅ​ក្នុង​អ៊ី​ម៉ែ​ល​ថា ពួក​យើង​ដឹង​ច្បាស់​ថា ការ​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ក្នុង​គម្រោង COVAX ​ទៅកាន់​ប្រទេស​មាន​ប្រាក់ចំណូល​ទាប នឹង​ប្រឈម​ជាមួយ​នឹង​ការ​ពន្យារពេល បន្ទាប់ពី​ដំណើរ​ថយក្រោយ​នៃ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ នាំចេញ​ដូ​ស​បន្ថែម​ទៀត​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ​ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ា​ម​ឥណ្ឌា ​(SII) ដែល​គេ​រំពឹង​ថា​នឹង​ដឹក​ជញ្ជូន​នៅ​ក្នុង​ខែ​មីនា និង​ខែ​មេសា​ខាងមុខនេះ។​ គម្រោង COVAX​កំពុង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ធានា​ឲ្យ​បានការ​ចែកចាយ​ដំណើរការ​ ទៅ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​​ខណៈ​ពេល​នោះ​ដែរ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ឥណ្ឌា​នឹង​ផ្អាក​​បណ្ដោះអាសន្ន​ការនាំចេញ​សំខាន់ៗ​ទាំងអស់ ​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន AstraZeneca ផលិត​បានដោយ SII ​ដែល​ជា​កន្លែងផលិត​វ៉ាក់សាំង​ធំ​ជាង​គេ​បំផុត ​នៅ​លើ​ពិភពលោក។ UNICEF ​បាន​និយាយ​ផង​ដែរ​ថា បណ្ដា​ប្រទេស​ដែល​មាន​នៅ​ក្នុង​គម្រោង COVAX ត្រូវ​បាន​គេ​និយាយ​ប្រាប់​ពី​ការ​ផ្គត់ផ្គង់​យឺត​ជាង​ការ​រំពឹង​ទុក ​នៃ​ដូ​ស​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ផលិត​បាន​នៅ​កូរ៉េខាងត្បូង៕អត្ថបទ៖ សារ៉ាត់

អារ៉ាប៊ីសាអ៊ូឌីត​គំរាម​សម្លាប់​អ្នក​រាយ​ការណ៍​ពិសេស UN ​ដែល​ស៊ើប​អង្កេត​ករណី​សម្លាប់​អ្នក​កាសែត Khashoggi​

2021/04/27 02:59:58 am        85
​អារ៉ាប៊ីសាអ៊ូឌីត៖ យោង​តាម​សេចក្ដីរាយការណ៍​ពី​ការិយាល័យ​សិទ្ធិមនុស្ស ​អង្គការសហប្រជាជាតិ​ (UN) បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​គំរាម​សម្លាប់​លោកស្រី Agnes Callamard ជា​អ្នករាយការណ៍​ពិសេស​របស់ UN​ ដែល​បាន​បើក​ការស៊ើបអង្កេត​លើ​ករណី​សម្លាប់​អ្នកកាសែត​ Jamal Khashoggi។​​គួរ​ឲ្យ​ដឹង​ថា លោក​ Khashoggi ដែល​ជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ បម្រើការ​ឲ្យ​កាសែត ​Washin​g​ton Post ​នោះត្រូវ​បាន​សម្លាប់​ដោយ​ភ្នាក់ងារ​ទីក្រុង​រី​យ៉ា​ដ នៅ​ស្ថាន​កុងស៊ុល​របស់​ពួកគេ ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល ប្រទេស​ទួរគីកាលពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៨​ កន្លងទៅ​។​ លោក ​Khashoggi បាន​សរសេរ​អត្ថបទ​ជាច្រើនរិះគន់ ​របប​របស់​រាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត។​ ​លោក​ស្រី​ Callamard បាន​និយាយ​ប្រាប់​កាសែត​ Guardian នៅ​ក្នុង​បទសម្ភាសន៍​ចុះផ្សាយ​កាលពី​ថ្ងៃ​អង្គា​រថា លោកស្រី​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​សហការី UN ​កាលពី​ខែ​មករា ឆ្នាំ​២០២០ ​ថា មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​គំរាម​សម្លាប់​លោកស្រី។​ ​មន្ត្រី​​សារព័ត៌មាន​ប្រចាំ​ការិយាល័យ​លោកស្រី​ Callamard ដែល​ជា​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ UN​ទ្រ​ទ្រង់​សិទ្ធិមនុស្សបាន​បញ្ជាក់​អះអាង​អនុសាសន៍​ របស់​លោក​ស្រីដល់ CNN​ កាលពី​ថ្ងៃ​អង្គារ។​​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីតមិនបាន​ឆ្លើយតប​ភ្លាមៗ​នោះ​ទេ នឹង​សំណើ​របស់ CNN​ សុំ​ធ្វើ​សេចក្ដី​អធិប្បាយ​ជុំវិញ​ការ​លើក​ឡើង​បែបនេះ។​ ​នៅ​ក្នុង​របាយការ​ណ៍​ជិត ១០០​ទំព័រ​របស់​លោកស្រី​ Callamard ដែល​បាន​ចុះផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ ២០១៩ បាន​សន្និដ្ឋាន​ថា មាន​ភស្តុតាង​ច្បាស់លាស់​ថា ព្រះអង្គម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេងទៀត ឈរ​នៅ​ពីក្រោយ​ឃាតកម្ម​មក​លើ​លោក ​Khashoggi។​ ​លោក​ស្រី​ Callamard បាន​និយាយ​ថា សហការី​របស់​លោក​ស្រី​និយាយ​ថា ពួកគេ​បាន​មើល​ឃើញ​ការ​គំរាម​សម្លាប់​ពិតប្រាកដ​មួយ អំឡុង​ជំនួប​កម្រិត​ខ្ពស់​កាលពី​ខែ​មករា ឆ្នាំ​២០២០ ជា​មួយ​មន្ត្រី​ការទូត​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស៕អត្ថបទ៖ សារ៉ាត់

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ ២​លើក​ក្នុង​រយៈពេល​មិន​ដល់​ ១​សប្ដាហ៍​ជា​ការ​ផ្គើន​នឹង​អាមេរិក​

2021/04/27 02:59:58 am        115
​អាមេរិក៖ ​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក បាន​និយាយ​ប្រាប់ CNN ​ថា យោង​តាម​ការវាយតម្លៃ​ចារកិច្ច​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ​២​គ្រាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ការ​ផ្គើន​នឹង​ទីក្រុង​វ៉ា​ស៊ី​ង​តោន​។​ ​​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា ​តើ​វា​ជា​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងា​យ​​ជិត មធ្យម ឬ​រយៈ​ចម្ងាយ​ឆ្ងាយ ដូចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប ICBM​ នោះ​ទេ។​​​ក្រុម​ចារកិច្ច និង​យោធា​សហរដ្ឋអាមេរិក កំពុង​វិភាគ​ទិន្នន័យ​ពី​ការ​បាញ់​សាកល្បង ដើម្បី​កំណត់​ថា ​តើ​វា​ជា​ប្រភេទ​មី​ស៊ី​ល​អ្វី និង​ហោះ​បាន​ចម្ងាយ​ប៉ុន្មាន​គីឡូម៉ែត្រ។​ ​​គួរ​ឲ្យ​ដឹងថា មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិតអាច​ហោះ​បាន​ចម្ងាយ​តិច​ជាង ១​ពាន់​គីឡូម៉ែត្រ ខណៈ​ដែល​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម អាច​ហោះ​បាន​ចម្ងាយ​ចន្លោះ​ពី ១​ពាន់គីឡូម៉ែត្រទៅ ៣​ពាន់គីឡូម៉ែត្រ។​ សហរដ្ឋ​អាមេរិកតាមដាន​ការ​បាញ់​សាកល្បង​អាវុធ ​របស់​កូរ៉េខាងជើងតាមរយៈ​រ៉ា​ដា និង​ផ្កាយ​រណ​ប ដែល​អាច​ចាប់​ជាប់​សញ្ញា​កម្ដៅ​មី​ស៊ី​ល ពេល​បាញ់​ចេញ​ភ្លាមៗ។​​​នៅ​ព្រឹក​ថ្ងៃនេះ​ផង​ដែរ នាយសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​គ្មាន​អត្តសញ្ញាណ ​ចូល​ទៅ​ក្នុង​សមុទ្រ​ចន្លោះ​តំបន់​ឧបទ្វីប​កូរ៉េ និង​ប្រទេស​ជប៉ុន។​ ​យោង​តាម​សេចក្ដីរាយការណ៍​ ពី​ក្រសួងការពារជាតិ​ជប៉ុន​បាន​ឲ្យ​ដឹង​ថា មី​ស៊ី​ល​នេះ​ទំនងជា​បាន​ធ្លាក់​នៅ​ក្រៅ​ដែនដី​ជប៉ុន និង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ក្រុម​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ក្រើន​រំឭក​នាវា​ ពី​ការ​ឃ្លាំ​មើល​បំណែក​ធ្លាក់​របស់​មី​ស៊ី​ល​។​ កាលពី​សប្ដាហ៍​មុន កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ ២​គ្រាប់​ផង​ដែរ ដែល​ជា​ការ​បាញ់​សាកល្បង​ជា​លើកដំបូង ចាប់​តាំង​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ​ចូ បៃ​ដិ​ន ឡើង​កាន់​តំណែង​៕អត្ថបទ៖ សារ៉ាត់

ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ COVID-19 ​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ជាង ​៣​ពាន់​នាក់​ជា​លើក​ដំបូង​

2021/04/27 02:59:58 am        95
​ប្រេស៊ីល៖ ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19​ នៅ​ប្រទេស​ប្រេ​ស៊ី​លបាន​កើន​ឡើង​ជាង ៣​ពាន់​នាក់​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ​ ស្រប​ពេល​ដែល​ប្រទេស​រង​ផល​ប៉ះពាល់​ខ្លាំង​មួយ​នេះ ពិបាក​ក្នុង​ការ​ទប់ស្កាត់​ការ​ហក់​ឡើង​ខ្ពស់​ករណី​ឆ្លង ដែល​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​ជាច្រើន ធ្លាក់​ក្នុង​ស្ថាន​ការ​ណ៍មិន​អាច​ស្រោចស្រង់​បាន។​​ក្រសួងសុខាភិបាលបាន​រាយការណ៍​ ករណី​ស្លាប់​ខ្ពស់​បំផុត​ចំនួន ៣.២៥១​នាក់ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ ធ្វើ​ឲ្យ​ករណី​ស្លាប់​នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ជិត ២៩៩.០០០​នាក់ ដែល​ជា​ករណី​ស្លាប់​ខ្ពស់​ជាងគេ​បំផុតបន្ទាប់ពី​សហរដ្ឋអាមេរិក។​ ​ករណី​ស្លាប់​ច្រើន​បំផុត​នេះ​ដែរ បាន​កើតមានឡើង​នៅ​ថ្ងៃ​តែមួយ ដែល​លោក​ប្រធានាធិបតី ជែ បូល​សូ​ណា​រ៉ូ លើក​បន្តុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ទី​៤ ​របស់​លោក និង​ប្រឈម​សំពាធ​ខ្លាំង​ឲ្យ​ផ្លាស់ប្ដូរ ​គោល​នយោបាយ​រប​ស់​លោក ក្រោយពេល​រូបលោក​និយាយ​សម្រាល​ការ​ឆ្លង​ជំងឺ COVID-19 និង​មិន​ព្រម​ស្តាប់​សេចក្តី​ណែនាំ​ របស់​ក្រុម​អ្នក​ជំនាញ​ឲ្យ​ទប់ស្កាត់​វីរុស ​ដ៏​កាច​សាហាវ​មួយ​នេះ។​ ​លោក ម៉ា​សេ​លូ ក្វេ​រ៉ូ​ហ្គាស័​យ អ្នកឯកទេស​ខាង​ជំងឺ​បេះដូងបាន​បន្តវេន​ពី​លោក អេ​ឌូ​អា​ដូ ប៉ា​ហ្ស៊ូ​ឡូ ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល។​​លោក ប៉ា​ហ្ស៊ូ​ឡូ នាយ​ឧត្ដមសេនីយ៍​កងទ័ព​ ដែល​គ្មាន​បទពិសោធន៍​ក្នុង​វិស័យ​សុខាភិបាល​នោះ​ទេ ហើយ​ការ​ដោះ​ស្រាយ​បញ្ហា​ជំងឺ COVID-19​ របស់​លោក​រង​ការរិះគន់​ខ្លាំង​។ បច្ចុប្បន្ន​លោក​កំពុង​ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​ ករណី​មិន​ធានា​ឲ្យ​បានការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន ដល់​ទី​ក្រុង​ភាគ​ខាងជើង ម៉ា​ណូ​ស ជា​កន្លែង​ដែល​មាន​អ្នកជំងឺ COVID-19​ ថប់ដង្ហើម​ស្លាប់​យ៉ាង​ច្រើន​កាលពី​អំឡុង​ខែ​មករា។​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ២​រូប​ដំបូង​របស់​លោក​ បូល​សូ​ណា​រ៉ូ គឺ​លោក​វេជ្ជបណ្ឌិត ល្វី​ស ហេន​រីក និង​លោក​វេជ្ជបណ្ឌិត ណេ​ល​សុន ថេ​ក។ ពួកគេ​ទាំង​ ២​នាក់​បាន​បែកបាក់​ជាមួយ​ប្រធានាធិបតី​រូប​នេះ ពាក់ព័ន្ធ​នឹង​ភាព​រឹងរូស​របស់​លោក​មិន​ស្ដាប់​សេចក្តី​ណែនាំ​ របស់​ក្រុម​អ្នក​ជំនាញ​ឲ្យ​ទប់ស្កាត់​ជំងឺ COVID-19៕អត្ថបទ៖ សារ៉ាត់

មនុស្ស ១៥​នាក់​ស្លាប់ និង ​៤០០​នាក់​កំពុង​បាត់​ខ្លួន​ក្រោយ​អគ្គិភ័យ​នៅ​ជំរំ​ជន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 02:59:58 am        296
​បង់​ក្លា​ដែ​ស៖ អង្គការសហប្រជាជាតិ ​(UN) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្ស ១៥​នាក់​បាន​ស្លាប់ និង​មនុស្ស ៤០០​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន ក្រោយ​អគ្គិភ័យ​ដ៏​ធំ​មួយបាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ារាប់​ម៉ឺន​នាក់​ ក្នុង​ជំរំ​ស្នាក់នៅ​ធំ​បំផុត​លើ​ពិភពលោក ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស។​​ជន​មូស្លីម​ភាគតិច​ជិត​ ១​លាន​នាក់ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​រត់គេច​ចេញ ពី​ការ​បោសសំអាត​យ៉ាង​ចាស់ដៃ​ពី​យោធា​សហភាព​មី​យ៉ាន់​ម៉ា ​នៅ​រដ្ឋ​រ៉ា​ឃី​ន​កាលពី​ឆ្នាំ​២០១៧​ នោះ រស់​នៅ​ក្នុង​ស្ថានភាព​ក្រលំបាក​រួច​ទៅ​ហើយ​ក្នុង​ជំរំ​ទីក្រុង​ខុ​កស៍​បា​សា ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​បង់​ក្លា​ដែ​ស។​ ​អគ្គិភ័យ​នេះ​ដែរ​បាន​ឆាបឆេះ​ឡើង​ឡើង​កាលពី​ថ្ងៃ​ចន្ទ បណ្ដាល​ឲ្យ​ជនភៀសខ្លួន​ប្រហែល ៥​ម៉ឺន​នាក់គ្មាន​ផ្ទះសម្បែង​រស់នៅ។ ​នេះ​គឺជា​អគ្គិភ័យ​ចុងក្រោយ​គេ ​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​កន្លងមក​នេះ និង​ជា​អគ្គិភ័យ​ធំ​បំផុតចាប់​តាំង​ពី​ឆ្នាំ២០១៧។ បច្ចុប្បន្ន​បង់​ក្លា​ដែ​ស​បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ លើ​មូលហេតុ​នាំ​ឲ្យ​អគ្គិភ័យ​នេះ​កើតឡើង។​​លោក​ អា​មី​នុ​ល ហាក់ ជាជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មួយ​រូប​បាន​និយាយ​ថា អ្នក​រាល់គ្នា​រត់​រក​តែ​ប្រាស់​អាយុ​រៀង​ៗ​ខ្លួន ពេល​ដែល​ភ្លើង​ឆេះ​រាល​យ៉ាង​ឆាប់រហ័ស។ មនុស្ស​ជាច្រើន​រង​របួស ហើយ​លោក​បាន​មើល​ឃើញសាកសព​មនុស្ស​យ៉ាង​ហោច​ ៤​នាក់​ដែរ​នៅ​លើ​គំនរ​ភ្លើង។​ លោក​ ចូ​ហា​ណេ​ស វ៉ាន់ដឺ ក្លា​អូវ អ្នកតំណាង​ទីភ្នាក់ងារ​ជនភៀសខ្លួន​ របស់អង្គការសហប្រជាជាតិប្រចាំ​នៅ​បង់​ក្លា​ដែ​សបាន​និយាយ​ថា មក​ទល់​នឹង​ពេលនេះមនុស្ស ១៥​នាក់​បាន​ស្លាប់ និង​មនុស្ស ៤០០​នាក់កំពុង​បាត់​ខ្លួន ខណៈមនុស្ស ៥៦០​នាក់​រង​របួស និង​ទីជម្រក​យ៉ាង​ហោច ១​ម៉ឺន​ខ្នង​រង​ការ​បំផ្លិច​បំផ្លាញ​គ្មាន​សេសសល់។​ ​សូម​បញ្ជាក់​ថា បង់​ក្លា​ដែ​ស​បាន​ផ្តល់​ទីជម្រក ​ដល់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ​១​លាន​នាក់ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​បាន​រត់​ភៀសខ្លួន​ ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ អំឡុង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​យោធា។​ ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការ​ចាត់​វិធានការ​បោស​សំអាត​នេះ មាន​បំណង​ប្រល័យពូជសាសន៍គឺជា​ការចោទប្រកាន់​មួយ​ ដែល​សហភាព​មី​យ៉ាន់​ម៉ាបដិសេធន៍​ចោល​ទាំង​ស្រុង៕អត្ថបទ៖ សារ៉ាត់

ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​

2021/04/27 02:59:58 am        317
​​មី​យ៉ាន់​ម៉ា៖ ក្រុម​អ្នកស្រុក​អះ​អាង​ថា ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​នេះ​ក្លាយ​ជា​ជនរងគ្រោះ​ក្មេង​ជាងគេ​បំផុត អំឡុង​ការ​បង្ក្រាប​​យ៉ាង​ចាស់ដៃ​មក​លើ​ក្រុម​បាតុករ បន្ទាប់ពី​រដ្ឋប្រហារ​យោធា​សហភាព​មី​យ៉ាន់​ម៉ា​កាលពី​ខែ​មុន។​ សមាជិក​គ្រួសារ​ក្មេង​រង​គ្រោះ​បាន​និយាយ​ថា ក្មេង​ស្រី​ម្នាក់​នេះ​ត្រូវ​បាន​បាញ់សម្លាប់ ​នៅផ្ទះ​របស់​នាង​ក្នុងទីក្រុង​ម៉ាន់​ដា​ឡេ។​​សារព័ត៌មាន​ក្នុងស្រុក Myanmar Now បាន​រាយការណ៍​ថា ទាហាន​បាន​បាញ់​ឪពុក​របស់​នាង ប៉ុន្តែ​បែរជា​ត្រូវ​ចំ​ក្មេង​ស្រី​ទៅវិញ ពេល​ដែល​នាង​កំពុង​អង្គុយ​នៅ​លើ​ភ្លៅ​ឪពុក​ក្នុង​ផ្ទះ​របស់​ពួក​គេ។​ ​ក្មេង​ស្រី​រងគ្រោះ​ម្នាក់​នេះមានឈ្មោះ ឃី​ន ម្យ៉ូ ឈី​ត។ ក្រុម​ជំនួយ​អះ​អាង​ថា ក្រុម​ជួយ​សង្គ្រោះប្រញាប់​ប្រញាល់​យក​នាង​ទៅ​ព្យាបាល ប៉ុន្តែ​នៅ​មិន​អាច​សង្គ្រោះ​អាយុជីវិត​នាង​បាន​ដដែល។​ ​ដោយឡែកបងប្រុស​របស់​នាង​អាយុ ១៩​ឆ្នាំត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។​ ​ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់​ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​នេះ​ដែរ យោធា​សហភាព​មី​យ៉ាន់​ម៉ាមិន​បាន​ធ្វើ​សេចក្តី​អធិប្បាយ​ណាមួយ​នោះ​ទេ​។​ គួរ​ឲ្យ​ដឹង​ថា សហភាព​មី​យ៉ាន់​ម៉ាបាន​ញាំញី​ដោយ​បាតុកម្ម​មិន​លោះ​ថ្ងៃ ចាប់​តាំងពី​យោធារឹបអូស​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​កន្លងទៅ។​​ក្រុម​សង្គ្រោះ​កុមារ​បាន​និយាយ​ថា ក្មេងៗ​ជាង ២០​នាក់ស្ថិតនៅ​ក្នុងចំណោម​ជនរងគ្រោះ​ ដែល​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​​មី​យ៉ាន់​ម៉ាបាញ់សម្លាប់។​ ​យោធា​អះ​អាង​ថា មនុស្ស ១៦៤​នាក់បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម ខណៈ​ដែល​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ ដែល​ជា​ក្រុម​សកម្មជន​នៅ​សហភាព​មី​យ៉ាន់​ម៉ា​និយាយ​ថា មនុស្ស​សរុប ២៦១​នាក់​បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​មួយ​នេះ។​ ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ យោធាបាន​បង្ហាញ​ពី​ក្តី​ក្រៀមក្រំ​ ចំពោះ​ការ​ស្លាប់​របស់​ក្រុម​បាតុករ ប៉ុន្តែ​បាន​ថ្កោលទោស​ពួកគេ​ ធ្វើ​ឲ្យ​មាន​ភាព​អានាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​។ អ្នកនាំពាក្យ​យោធាបាន​និយាយ​ថា ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​អំពើ​ហិង្សា និង​ការ​ដុត​បំផ្លាញ៕អត្ថបទ៖ សារ៉ាត់

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្ដេច​តេ​ជោ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន

2021/04/27 02:59:58 am        949
ស្ទឹងត្រង់​-​ក្រូចឆ្មារ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ប្រវែង ១១៣១​ម៉ែត្រ ដែល​ត​ភ្ជាប់​ទឹក​ដី​នៃ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​​ក្រូចឆ្មារ​ ​ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋចាប់ពី​ថ្ងៃទី​២៣ ខែមីនា ​ឆ្នាំ​២០២១ តទៅ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ដឹកនាំ​គណៈប្រតិភូ និង​អ្នក​ជំនាញ​បច្ចេកទេស​ក្រសួង នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ​ខែមីនា ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​លទ្ធភាព​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តំណាង​ក្រុមហ៊ុន​សាងសង់ ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។ស្ពាន​នេះ ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​រវាង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ និង​ស្រុក​ស្ទឹងត្រង់​ខេត្ត កំពង់ចាម​ សាងសង់​ឡើង​ ដោយ​ក្រុមហ៊ុន​សាងសង់​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន​អាន មាន​ប្រវែង​សរុប​ចំនួន ១១៣១​ម៉ែត្រ​ ទទឹង ១៣,៥ ម៉ែត្រ (​ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត ៣,៥​ម​x២ គន្លង​ទោចក្រយានយន្ត ១,៩​ម​x២ ​គន្លង​ផ្លូវ​ថ្មើរជើង​១,១​ម​x២+០,២៥​ម​x២ (​បង្កាន់ដៃ​) ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ​ឬ​ បេតុង​អា​មេ មាន​បំពាក់​ផ្លាក សញ្ញា ​ចរាចរណ៍ គំនូស​ចរាចរណ៍ និង​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​ មាន​សាងសង់​រង្វង់​មូល​មួយកន្លែង​នៅ​ត្រើយ​ខាងលិច​ផងដែរ​។គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​ដែលជា​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ទី​៨ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៨,៤២​លាន​ដុល្លារ​អាមេរិក រយៈពេល​សាងសង់​ចំនួន​៤២​ខែ ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ និង​ថវិកា​បដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា គិត​រហូត​មក​ទល់ពេលនេះ​ការសាងសង់​សម្រេច​បាន​១០០%​ហើយ​។​គួរកត់​សម្គាល់​ផងដែរ​ថា ស្ពាន​នេះ ​នឹង​ជួយ​ទាញ​ភូមិសាស្ត្រ​រវាង​ខេត្តកំពង់ចាម ​និង​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​កាន់តែ​កៀក​ចូល​ជិតគ្នា ​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ​បម្រើ​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​កសិផល​ទៅកាន់​ទីផ្សារ ទាក់ទាញ​ការវិនិយោគ ​លើកកម្ពស់​ជីវភាពរស់​នៅ​របស់​ប្រជាជន ជាពិសេស​ចូល​រួមចំណែក​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​មួយ​កម្រិត​ថែមទៀត​។នាឱកាស​ចុះ​ពិនិត្យ​ស្ពាន​នេះ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា ​តាម​គម្រោង​ស្ពាន​នេះ​នឹង​ត្រូវ​បើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​២៤ ខែមីនា ​ឆ្នាំ​២០២១ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារ​ព្រឹត្តិការណ៍​២០ ​កុម្ភៈ ទើប​មាន​ការ​លើក​ពេលវេលា​នៃ​ការសម្ពោធ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​។ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គោរព​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី សុំ​បើក​ស្ពាន​នេះ​ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ​។ ជាការ​ឆ្លើយតប ​សម្តេច នាយក​រដ្ឋមន្ត្រី​ បាន​ឯកភាព​បើក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​នេះ ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​ទៅ ​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ៕​អត្ថបទ ៖ តារា​វុទ្ធី​​

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​សម្បែង​រាប់​ពាន់​ខ្នងនៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស​

2021/04/27 02:59:58 am        162
​បង់ក្លាដែស៖ ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​ (UNHCR) ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា អគ្គិភ័យ​ដ៏​ធំ​មួយ​បាន​ឆាបឆេះ​ផ្ទះសម្បែង​រាប់ពាន់​ខ្នង ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ទីក្រុង​ខុ​ក​បា​ហ្សា ប្រទេស​បង់​ក្លា​ដែ​ស ដោយ​បាន​បំផ្លិចបំផ្លាញ​ជម្រក​ស្នាក់នៅ​របស់​ពួកគេ​ទាំងស្រុង និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការរស់នៅ​របស់​ជនភៀសខ្លួន​រាប់​ម៉ឺន​នាក់។​​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គីភ័យ ស្នងការ​ជំនួយ​ជនភៀសខ្លួន និង​មាតុភូមិនិវត្តន៍​បង់​ក្លា​ដែ​ស ក្រុម​ជួយ​សង្គ្រោះ និង​ក្រុម​ឆ្លើយតប​រហ័ស​ បន្ត​នៅ​កន្លែង​កើត​ហេតុ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ជា​កន្លែង​ដែល​ពួកគេព្យា​យាម​គ្រប់គ្រង​អគ្គិភ័យ​ មិន​ឲ្យ​រីក​រាលដាល​បន្ថែម​ទៀត។​ ​លោក​ អាន់​តូ​នី​ញ៉ូ វី​តូ​រី​ណូ ​អគ្គនាយក​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ ​(IOM) ​បាន​និយាយ​ថា ជន​ភៀស​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់​ម៉ឺន​នាក់បាន​រង​ផល​ប៉ះ​ពាល់ ​ដោយសារ​អគ្គិភ័យ​មួយ​នេះ។​ ​លោក ​វី​តូ​នី​ណូ និយាយ​ថា លោក​ពិត​ជា​មាន​ក្តី​កង្វល់​ខ្លាំង​ណាស់​ ចំពោះ​ផល​ប៉ះ​ពាល់​ដោយសារ​អគ្គិភ័យ​នៅ​ថ្ងៃ​នេះ ​នៅ​ជំរំ​ខុ​ក​បា​ហ្សា ប្រទេស​បង់​ក្លា​ដែ​ស។ លោក​បន្ត​ថា ក្រុមការងារ​របស់ IOM និង​ដៃ​គូរ​ជា​ច្រើន​ទៀតកំពុង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ និង​ធានា​ឲ្យ​បាន​សុវត្ថិភាព និង​សុខុមាលភាព​របស់​ជន​ភៀសខ្លួន​ទាំងអស់។​​នៅ​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​នោះ​ទេពី​គ្រោះថ្នាក់ ប៉ុន្តែ​ក្តី​កង្វល់​កើត​មាន​ចំពោះ​អ្នក​ស្លាប់ និង​រង​របួស ហើយ​មូលហេតុ​នាំ​ឲ្យ​អគ្គិភ័យ​នេះឆាប​ឆេះ​ឡើង​ ក៏​គេ​មិនទាន់​ដឹង​នោះ​ដែរ។​ សូម​បញ្ជាក់​ថា បង់​ក្លា​ដែ​ស​បាន​ផ្តល់​ទីជម្រក​ដល់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង ​១​លាន​នាក់ ​ដែល​ភាគ​ច្រើន​នៃ​ពួកគេ​បាន​រត់​ភៀសខ្លួន​ ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំ​២០១៧ អំឡុង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​យោធា។​ អង្គការសហប្រជាជាតិ​បាន​និយាយ​ថា ការ​ចាត់​វិធានការ​បោស​សំអាត​នេះមាន​បំណង​ប្រល័យពូជសាសន៍ គឺជា​ការចោទប្រកាន់​មួយ​ដែល​សហភាព​មី​យ៉ាន់​ម៉ា បដិសេធន៍​ចោល​ទាំង​ស្រុង៕អត្ថបទ៖ សារ៉ាត់

ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​មនុស្ស ១០​នាក់​នៅ​ផ្សារ​ទំនើប​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​

2021/04/27 02:59:58 am        143
​អាមេរិក៖ ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ១០​នាក់ដែល​រួម​ទាំង​មន្ត្រី​នគរបាល​ម្នាក់​ផង​ដែរនៅ​ផ្សារ​ទំនើប ​King Soopers ​ស្ថិត​នៅ​ក្នុង​រដ្ឋ​កូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ។ ​ក្រុម​អាជ្ញាធរ​អះ​អាង​ថា បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន និង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង។​​អធិការ​នគរបាល​ស្រុក​ប៊ូល​ដឺ លោក​ ម៉ា​រី​ស ហេ​រ៉ូ​ល បាន​ប្រកាស​ដោយ​អួល​ដើម​ក​​ពី​ចំនួន​មនុស្ស​ស្លាប់​សរុប ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​យប់​ថ្ងៃ​ចន្ទ​។​ ​ក្រុម​អាជ្ញាធរ​បាន​បញ្ជាក់​ថា ជន​សង្ស័យ​កំពុង​ទទួល​ការ​ព្យាបាល ហើយ​គ្មាន​ការ​គំរាម​កំហែង​បន្ថែម​ទៀត​នោះ​ទេ ដល់​សាធារណជន។​ ក្រុម​មន្ត្រី​នគរបាល​បាន​នាំ​បុរស​អត់​ពាក់អាវ​ម្នាក់ ​ដែល​មាន​ឈាម​ហូរ​តាម​ជើង​របស់​គាត់ចេញពី​ហាង​ទាំង​ដៃ​ជាប់​ខ្នោះ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​មិនបាន​និយាយ​ថា ​តើ​គាត់​គឺ​ជា​​ជន​សង្ស័យ​នោះ​ទេ។​​មន្ត្រី​នគរបាល​ដែល​បាន​ស្លាប់​មានឈ្មោះ អេ​រីក តា​លី អាយុ ៥១​ឆ្នាំ។ លោក​បាន​ធ្វើ​ការ​នៅ​ស្នងការ​នគរបាល​ក្រុង​ប៊ូល​ដឺ ចាប់​តាំង​ពី​ឆ្នាំ​២០១០ ​រហូត​មក។​ ​លោក ​ម៉ៃ​ឃើ​ល ឌូ​ហ្គេ​ធី មេធា​វី​​ស្រុក​ប៊ូល​ដឺបាន​និយាយ​ថា នេះ​គឺជា​សោកនាដកម្ម និង​ហេតុការណ៍​អាក្រក់​បំផុត​មួយ​សម្រាប់​ស្រុក​​របស់​លោក ហើយ​ជា​ការ​ឆ្លើយតប​នឹង​ការ​បាញ់​សម្លាប់​នេះ ពួក​យើង​មាន​នូវ​កិច្ច​សហប្រតិបត្តិការ និង​ជំនួយ​ពី​ក្រុម​អាជ្ញាធរ​ក្នុង​ស្រុក រដ្ឋ និង​សហព័ន្ធ។​ បច្ចុប្បន្ន​ក្រុម​នគរ​បា​ល​​កំពុង​បើ​ការស៊ើបអង្កេត ​លើ​ករណី​បាញ់​ប្រហារ​ដ៏​ឃោរឃៅ​មួយ​នេះ៕អត្ថបទ៖ សារ៉ាត់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM