ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

បាតុករ​ថៃ​រាប់​សិប​នាក់​រង​របួស ក្រោយ​ដង្ហែ​ក្បួន​តវ៉ា​នៅ​ជិត​ព្រះ​បរមរាជវាំង​

2021/04/27 02:59:58 am        76
​ថៃ៖ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​បន្ទាន់ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ជន​ស៊ីវិល និង​មន្ត្រី​នគរ​បាល​ជាង ៣០​នាក់បាន​រង​របួសអំឡុង​បាតុកម្ម​នៅ​ទីក្រុង​បាងកក ក្រោយ​ពេល​ដែល​ក្រុម​នគរ​បាលប្រើប្រាស់​កាណុង​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​បំបែក​ក្បួន​តវ៉ា​កាល​ពី​យប់​ថ្ងៃ​សៅរ៍។​​វីដេអូដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព័ត៌មាន ឃើញ​ក្រុម​នគរបាល​វាយប្រហារ​មក​លើ​ក្រុម​បាតុករ ដែល​ព្យាយាម​រត់ចោល​ទោចក្រយានយន្ត​របស់​ពួកគេ។ វីដេអូ​មួយ​ផ្សេងទៀត ឃើញ​ក្រុម​បាត​ករ ព្យាយាម​រត់គេច​ចេញពី​ឧស្ម័ន​បង្ហូរទឹកភ្នែក នៅ​ជិត​ភោជនីយដ្ឋានម៉ាក់​ដូ​ណា​ល់។​ ​ក្រុម​នគរបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​របស់​ពួកគេអនុវត្តន៍​តាម​ស្តង់ដារ​អន្តរជាតិ ហើយ​ក្រុម​បាតុករ ២០​នាក់​ត្រូវ​បាន​ចាប់ខ្លួន សម្រាប់​ការបំពាន​លើ​ច្បាប់​ជួបជុំគ្នា​តាម​ទី​សាធារណៈ និង​ប្រមាថ​ដល់​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ។​ ​លោក ភី​យ៉ា តា​វី​ឆៃ ស្នងការ​រង​នគរបាល​ក្រុង​បាងកក បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អំពើ​ហិង្សាផ្តើម​ចេញពី​ភាគី​ក្រុម​បាតុករ ហើយ​ក្រុម​នគរបាលត្រូវតែ​ការពារ​ច្បាប់ និង​ការពារ​ទ្រព្យសម្បត្តិ​ជាតិ។​​ដោយឡែក​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn រង​ការ​បំផ្លិច​បំផ្លាញ​ផង​ដែរអំឡុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ ដែល​មាន​មនុស្ស​ប្រហែល​ជាង ១​ពាន់​នាក់​ចូលរួម។​ ​គួរ​ឲ្យ​ដឹង​ថា បាតុកម្ម​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ ​កន្លងទៅ គេ​បាន​ឃើញ​ក្រុម​បាតុករ និង​ក្រុម​នគរបាល​ជាច្រើន​នាក់​រង​របួស​ដូចគ្នា​។​ ​ចលនា​បាតុកម្ម​យុវជន​នៅ​ប្រទេស​ថៃបាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន ហើយ​វា​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​មួយ ស​ម្រាប់​រដ្ឋាភិបាល​រប​ស់​លោក​នាយករដ្ឋមន្ត្រី Prayut Chan-o-cha ដែល​ជា​ឧ​ត្ត​ម​សេនីយ៍​កងទ័ព​ចូលនិវត្តន៍ រឹបអូស​អំណាច​ពី​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៤៕អត្ថបទ៖ សារ៉ាត់

មនុស្ស​ជាង ១​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញពី​គ្រោះ​ទឹក​ជំនន់​នៅ​ទីក្រុង​ស៊ីដនី

2021/04/27 02:59:58 am        128
​​អូស្ត្រាលី៖ នៅ​ថ្ងៃ​ចន្ទ​នេះ ប្រជាពលរដ្ឋ​​ ១៨.០០០​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ ស្រប​ពេល​ដែល​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី កាន់តែ​ធ្ងន់ធ្ងរ​ទៅ។​ ​ភ្លៀង​ធ្លាក់​ខ្លាំង​ឥត​ឈប់ឈរ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ នៅ​តាម​តំបន់​ជាច្រើន​ក្នុង​រដ្ឋ​ញូ​វសោត​វែ​លស៍ បណ្ដាល​ឲ្យ​ទឹកទន្លេ និង​អាង​ស្តុ​ប​ទឹកប្រៀប​ច្រាំង ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង។​​អភិបាល​រដ្ឋ​ញូ​វ​សោត​វែ​លស៍​បាន​និយាយ​ថា ប្រព័ន្ធ​អាកាសធាតុ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ នៅ​មិនទាន់​ទៅណា​ឆ្ងាយ​នោះទេ ហើយ​ប្រជាពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់។​ ​ខណៈពេល​នោះដែរ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ​ស្កុ​ត ម៉ូ​រី​សុន បានផ្តល់​ថវិកា​ដល់​ប្រជាពលរដ្ឋ​ណា​ ដែល​ត្រូវ​បង្ខំ​ជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់​ផងដែរ។​ ​មន្ទីរ​ឧតុនិយម​អូស្ត្រាលីបាន​ព្យាករណ៍​ថា ទឹកទន្លេ​ហាវ​កេស​ប៊ូ​រី ស្ថិតនៅ​ភាគ​ពាយព្យ​ទីក្រុង​ស៊ីដនី នឹង​ឡើង​ខ្ពស់បំផុត​មិន​ធ្លាប់​មាននៅ​ថ្ងៃ​ចន្ទ​នេះ ចាប់តាំងពី​មាន​គ្រោះទឹកជំនន់​ដ៏​អាក្រក់​បំផុត​មួយកាលពី​ឆ្នាំ១៩៦១។​ ​ដោយឡែកអាង​ស្តុ​ប​ទឹក​វ៉ា​រ៉ា​ហ្គា​ម​បា ដែលជា​ប្រភព​ផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​ដល់ទី​ក្រុង​ស៊ីដនី បាន​ប្រៀប​ច្រាំង​ជា​លើកដំបូង​ក្នុង​រយៈពេល ​ជាច្រើន​ឆ្នាំ​កន្លងមកនេះ។​​លោក ​ដេវីដ លី​តថល​ប្រោ​ដ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​អូស្ត្រាលីបាន​និយាយថា ស្ថានភាព​ទឹកជំនន់​ពិតជា​អាក្រក់​ខ្លាំងណាស់។​ ​លោក ​លី​តថល​ប្រោ​ដ បាន​និយាយប្រាប់​ទូរ​សទស្ស​ន៍​អូស្ត្រាលី​ថា ស្ថានភាព​បែបនេះ​ពិតជា​គ្រោះថ្នាក់​មែន​។ អ្នក​រាល់គ្នា​ត្រូវតែ​យល់​ពី​ទំហំ​នៃ​គ្រោះថ្នាក់ក្នុង​រយៈពេល​ ២៤​ម៉ោង ឬ​ ៤៨​ម៉ោង​ខាងមុខ។​ ​លោក​បាន​បន្តថា ប្រជាពលរដ្ឋ​ប្រហែល ៥៤.០០០​នាក់អាច​នឹងរង​ផលប៉ះពាល់ ​នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង​ស៊ីដនី បើសិនជា​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​តំបន់​ដែល​រង​ផលប៉ះពាល​ស្រាប់៕អត្ថបទ៖ សារ៉ាត់

រាជ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​៣​ថ្ងៃ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ តែ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        44
ភ្នំពេញ ៖ ​​រដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​ឲ្យ​មន្ដ្រីរាជការ ​កម្មករនិយោជិត ​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​ថ្ងៃទី​១៤​ ដល់​ថ្ងៃទី​១៦ ​ខែមេសា ឆ្នាំ​២០២១​ ខាងមុខនេះ តែ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ ដើម្បី​ការពារ ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ បើតាម​សារាចរ​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​កម្ពុជា ​ចេញផ្សាយ​នៅ​រសៀលថ្ងៃទី​២១ ​ខែមីនានេះ ​បាន​ថ្លែងថា ​ក្នុង​បរិការណ៍​នៃ «​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ២០២១» ​ដែល​ប្រទេសជាតិ​បាន ​និង​កំពុង​បន្ត​ជួប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ក្នុង​គោលបំណង​ធានា​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ​សុខភាព​សាធារណៈ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា នូវ​ផល​ប៉ះពាល់ នៃ​ការឆ្លង​រាលដាល​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​កម្ពុជា រាជរដ្ឋាភិបាល​សូម​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការឈប់​សម្រាក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ពីថ្ងៃ​ពុធ ៣​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ទោស័ក ព​.​ស ២៥៦៤ ដល់​ថ្ងៃ​សុក្រ ៥​កើត ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២១ អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន ​៖ ទី​១៖ អនុញ្ញាត​ឲ្យ​មន្ដ្រី ​បុគ្គលិក នៃ​ស្ថាប័នរដ្ឋ​ទាំងអស់​ឈប់សម្រាក​រយៈពេល​៣​ថ្ងៃ ​តាម​កាលបរិច្ឆេទ​ដូច​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ​១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្ដីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ដ្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១​។​ ទី​២៖ ចំពោះ​បុគ្គលិក កម្មករ និយោជិត នៃ​វិស័យ​ឯកជន ការ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ អាច​ត្រូវធ្វើឡើង​តាម​ជម្រើស​២​យ៉ាង អាស្រ័យ​ទៅតាម​ការស្រុះស្រួល​គ្នា​រវាង​និយោជក និង​បុគ្គលិក កម្មករ និយោជិត នៃ​រោងចក្រ សហគ្រាស​នីមួយៗ គឺ​៖ ឈប់សម្រាក​ពី​ការងារ​រយៈពេល​៣​ថ្ងៃ ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ​តាម​កាលបរិច្ឆេទ​ដូច​បាន​បញ្ជាក់​ខាងលើ ស្របតាម​អនុក្រឹត្យ​លេខ ១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១។ និយោជក​ត្រូវ​ពិភាក្សា​ជាមួយ​កម្មករ និយោជិត​បន្ត​ធ្វើការ​ជាធម្មតា ហើយ​លើក​ការឈប់​សម្រាក​រយៈពេល​៣​ថ្ងៃនេះ ទៅ​អនុវត្ត​រួមជាមួយ​ការឈប់​សម្រាក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ​ឬ​ថ្ងៃ​ឈប់សម្រាក​ណាមួយ​នាពេល​ខាងមុខ​វិញ តាម​ការ​ព្រមព្រៀងគ្នា​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​ចេញ​សេចក្តីណែនាំ​បន្ថែម​លើ​ការអនុវត្ត​នេះ​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។​ ទី​៣៖ ក្រសួង​-​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញា​ធន​ដែនដី​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​សំដៅ​គ្រប់គ្រង និង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ ព្រមទាំង​ធានា​នូវ​ការគោរព និង​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ​ដោយ​ម៉ត់ចត់ និង​ខ្ជាប់​ខ្លួន​នៅ​តាម​ទីតាំង​សាធារណៈ​នានា ពិសេស​នៅតាម​វត្ត​អារាម រមណីយដ្ឋាន និង​ទីតាំង​ផ្សេងទៀត ដែល​អាចមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ជួបជុំគ្នា​ក្នុង​ចំនួន​ច្រើន​។​ ទី​៤៖ នៅក្នុង​រយៈពេល​ឈប់សម្រាក​៣​ថ្ងៃ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់ ចូលរួម​អនុវត្ត​នូវ​វិធានការ​ ដូចខាងក្រោម​ ៖ ​ត្រូវ​ចៀសវាង​នូវ​ការ​ធ្វើដំណើរ​មិនចាំបាច់​ទៅកាន់ ​ឬ​ចេញ​-​ចូល តំបន់ ឬ​ទីកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់​ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ កំណត់ដោយ​ក្រសួងសុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ។​ ត្រូវចៀសវាង​នូវ​ការរៀបចំ​ពិធី​ផ្សេងៗ រួម​ទាំង​ពិធី​សាសនា​ផង ​ឬ ការជួប​ជុំគ្នា​ទាំងឡាយណា​ដែលមាន​សភាព​អ៊ូអរ និង​មាន​មនុស្ស​ចូលរួម​ច្រើន និង​ អនុវត្ត​វិធានការ «៣​ការពារ​» និង «៣​កុំ​» ព្រម​ជាមួយនឹង​វិធានការ​សុខាភិបាល​ចាំបាច់​ផ្សេងទៀត​ឲ្យ​បាន​ខ្ជាប់​ខ្លួន និង​គ្រប់ៗ​គ្នា​។​​បន្ថែម​ពីនេះ ​សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ​បាន​ សូម​អំពាវនាវ​ដល់ ក្រុមហ៊ុន ​និង​អាជីវករ​ដឹកជញ្ជូន​អ្នកដំណើរ​គ្រប់​ប្រភេទ​មិន​ត្រូវ​ដំឡើង​​ថ្លៃ​សេវា​ដឹកជញ្ជូន​អ្នកដំណើរ​ឡើយ ​និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​សុខាភិបាល​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ម៉ត់​ចង់ និង​ខ្ជាប់ខ្ជួន​ចំពោះ​អ្នកដំណើរ​លើ​យាន​យន្ដ​របស់ខ្លួន​៕

អាមេរិក​រក​ឃើញ​ករណី​ឆ្លង​ថ្មី ៥៥,៩០៨​នាក់ និង​ស្លាប់​ថ្មី​ ៧៩២​នាក់​ដោយ​សារ​ COVID-19​ ក្នុងរយៈពេល ២៤​ម៉ោង

2021/04/27 02:59:58 am        248
​អាមេរិក៖ នៅ​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ មនុស្ស​សរុប ៥៥,៩០៨​នាក់​ទៀត​បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ ៧៩២​នាក់​បាន​ស្លាប់​នៅ​ក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាង​លើ​នេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើន​ឡើង​ដល់ ៣០,៤៨២,១២៧​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៥៥៤,៨៧១​នាក់ និង​ជាសះស្បើយ​​សរុប ២២,៦៨៣,៦១៧​នាក់​។​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នេះ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ចូ បៃ​ដិ​ន បាន​អះ​អាង​ថា រដ្ឋបាល​របស់​លោក​បាន​សម្រេចគោលដៅ​របស់​ខ្លួន​មុន​កាលកំណត់ នោះ​គឺ​ការ​ចាក់​វ៉ាក់សាំង​បង្ការ COVI​D​-​19 ដល់​ប្រជាជន​អាមេរិក​ឲ្យ​បាន ១០០​លាន​នាក់​​ក្នុង​រយៈពេល ១០០​ថ្ងៃ​ដំបូង​នៃ​ការ​កាន់​អំណាច ហើយ​គិត​មក​ទល់​ពេល​នេះប្រជាជន​អាមេរិក​ជាង ១០០​លាន​នាក់​ទៅ​ហើយបាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​៕អត្ថបទ៖ សារ៉ាត់

ចិន និង​អាមេរិក​រួមគ្នា​បង្កើត​ក្រុមការងារ និង​សហប្រតិបត្តិការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​

2021/04/27 02:59:58 am        184
អាមេរិក៖ ​បន្ទាប់ពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់ ដែល​មាន​ភាព​ចម្រូងចម្រាស​ខុសធម្មតា នៅ​រដ្ឋ​អា​ឡា​ស្កា​ ​សហរដ្ឋ​អាមេរិក ទីក្រុង​ប៉េកាំង​បាន​ចេញមុខ​អះ​អាង​ថា ចិន​ និង​អាមេរិក​បាន​សម្រេច​នឹង​បង្កើត​ក្រុមការងារ​រួម​មួយ ដើម្បី​សហការ​គ្នា​ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។​ក្រុម​មន្ត្រី​ការទូត​កំពូល​ៗ​ចិន ​និង​សហរដ្ឋអាមេរិក​ក្នុង​ជំនួប​លើកដំបូង​ នា​សម័យ​រដ្ឋបាល​ប្រធា​នាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​-​សុក្រ​នា​សប្ដាហ៍​នេះបាន​ផ្លោង​សម្ដី​ចោទប្រកាន់ និង​រិះគន់​លើ​គោលនយោបាយ​គ្នា​ទៅវិញទៅមក ដោយ​ចំហ​តែ​ម្តង​។ ក៏ប៉ុន្តែ​នៅ​ក្រោយ​ជំនួប​នេះ ខាង​ប្រតិភូ​ចិន​បាន​អះ​អាង​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដោយ​បន្ត​ប្ដេជ្ញាពង្រឹង​ការទាក់ទង ​និង​កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​បញ្ហា​បម្រែបម្រួល​អា​កាស​ធាតុ​។​​សូម​បញ្ជាក់​ថា កិច្ចប្រជុំ​កម្រិត​ខ្ពស់​ខាងលើត្រូវ​បាន​ដឹកនាំ ​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អាន់​ថូ​នី ប្លី​ង​គែន និង​មន្ត្រី​ការទូត​កំពូល​របស់​ចិន គឺ​លោក យ៉ាង ជា​ឈី។ ​ទោះជា​យ៉ាង​ណា ខាង​ប្រតិភូ​ចិន​បាន​បង្ហាញ​ក្តី​សង្ឃឹម ចង់​ឲ្យ​បន្ត​មាន​ការ​ធ្វើ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្ រ​កម្រិត​ខ្ពស់​បែបនេះ​ទៀត បើ​ទោះ​បី​ជា​ប្រទេស​ទាំងពីរ​នៅ​មាន​ ការ​ខ្វែង​គំនិត​គ្នា​ច្រើន​ក៏​ដោយ​៕អត្ថបទ៖ សារ៉ាត់

វ៉ាក់សាំង​១.៥​លាន​ដូ​ស ​នឹង​មកដល់​កម្ពុ​ជា នា​ថ្ងៃ​២៦​ខាងមុខ ​នឹង​ផ្តល់​អាទិភាព​ចាក់​ដល់​មនុស្ស​អាយុ​៦០​ឆ្នាំ​ឡើង

2021/04/27 02:59:58 am        831
ភ្នំពេញ ៖ ​ប្រសិនបើ​មិនមាន​ការប្រែប្រួល​ទេនោះ វ៉ាក់សាំង​ប្រភេទ Sinovac ​ចំនួន​១,៥​លាន​ដូ​ស ដែល​កម្ពុជា​ កុម្ម៉ង់​ទិញ​ពី​ប្រទេស​ចិន​ នឹង​មកដល់​ នៅថ្ងៃទី​២៦ ខែមីនា​ ខាងមុខនេះ​ ហើយ​វ៉ាក់សាំង​នេះ ​នឹង​ផ្តល់​អាទិភាព​ចាក់​ដល់​មនុ​ស្ស​វ័យ​៦០​ឆ្នាំ​ឡើង​ ខណៈ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ដែលជា​ជំនួយ​របស់​ចិន​ដែរនោះ ​នឹង​មកដល់​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ ផងដែរ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។តាមរយៈ​សារ​សំឡេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា «​នៅពេល​ខាងមុខនេះ បើ​គ្មាន​ការ​ផ្លាស់ប្តូរ​ទេ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​នឹង​មកដល់​កម្ពុជា​ នៅ​ថ្ងៃទី​២៦ ខែមីនា​។ នេះ​បើ​យោង​តាម​ការជូន​ដំណឹង​របស់​ភាគី​មិត្ត​ចិន ​ដែល​យើង​បាន​ទិញ Sinovac ចំនួន​១,៥​លាន​ដូ​ស​នោះ​»​។សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ក្រៅពី​វ៉ាក់សាំង​នេះ ក៏​សល់​ជំនួយ​វ៉ាក់សាំង Sinopharm ​របស់​មិត្ត​ចិន​ចំនួន​៤០​ម៉ឺន​ដូ​ស​ទៀត ​ដែល​សង្ឃឹមថា នឹង​បាន​ទទួល​មុន​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។ បន្ទាប់ពី​ថ្នាំ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ​មកដល់​កម្ពុជា ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​ក៏​ស្នើ​ដល់​លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង និង ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ពិភាក្សាគ្នា​អំពី​ការបើក​យុទ្ធនាការ​១៥​ថ្ងៃ ដើម្បី​ចាក់​វ៉ាក់សាំង Astra Zeneca ​ដល់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នៅក្នុង​បណ្តា​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់​ផ្អាក​ការ​ចាក់​វ៉ាក់សាំង Astra Zeneca នេះ​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ជា​បណ្តោះអាសន្ន​សិន​ផងដែរ ​ដើម្បី​ទុក​លទ្ធភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់ ​ចាប់ពី​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។​ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទាំងនោះ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១​ហើយ ត្រូវ​បន្ត​អនុញ្ញាត​ឱ្យ​គាត់​ទទួល​បាន​ដូ​ស​ទី​២ ​បន្តទៀត​ផងដែរ ​ដោយសារ​វ៉ាក់សាំង​មិនអាច​ចាក់​តែ​១​លើក​បាន​នោះ​។បើតាម​ការ​អះអាង​រប​ស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងផង​ដែរ​ថា រហូតមកដល់​ពេលនេះ កម្ពុជា ​បានទទួល​វ៉ាក់សាំង​ចំនួន​២​ប្រភេទ នោះ​គឺ Sinopharm ដែលជា​ជំ​នួន​របស់​ភាគី​ចិន​ជំហាន​ដំបូង​ចំនួន​៦០​ម៉ឺន​ដូ​ស ​និង Astra Zeneca ជាង​៣២​ម៉ឺន ​ដែលជា​ជំនួយ​តាមរយៈ​យន្តការ​កូ​វ៉ា​ក់​។ ក្រោយ​វ៉ាក់សាំង​នេះ ​បាន​មកដល់​កម្ពុជា​នោះ​ មកដល់​ថ្ងៃទី​១៩ ​ខែមីនា​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ដល់​កងទ័ព​ និង​មន្ត្រី ​និង​ជន​ស៊ីវិល បាន​ជាង​៣០​ម៉ឺន​នាក់​ ដែល​ក្នុងនោះ​ ក្រសួងសុខាភិបាល ​ចាក់​បាន ១៩៨ ៤៤៧ ​នាក់ ដោយ​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​ទាំង​ស៊ី​ណូ​ហ្វា​ម ​និង​អា​ស្ត្រា​សេ​នេ​ហ្កា ​។ ដោយឡែក​កងទ័ព​គឺ​ចាក់​បាន​ចំនួន ១០៩ ៧៥៦​នាក់ ​ហើយ​ចាក់​ដូ​ស​ទី​២​ បាន​៨១ ៣៧១​នាក់​៕​អត្ថបទ ៖ ​បាន ចក់​​

កូរ៉េខាងជើង​កាត់ផ្ដាច់​ទំនាក់​ទំនង​ការទូត​ជាមួយ​ម៉ាឡេស៊ី ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បត្យាប័ន​ទៅកាន់​អាមេរិក​

2021/04/27 02:59:58 am        246
​កូរ៉េខាងជើង​៖ កូរ៉េខាងជើង​បាន​និយាយនៅ​ថ្ងៃ​សុក្រ​នេះ​​ថា ខ្លួន​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ម៉ាឡេស៊ី ជា​ការ​តវ៉ា​នឹង​ការ​សម្រេច​របស់​តុលា​ការ​ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​កូរ៉េខាងជើងធ្វើ​បត្យាប័ន​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ករណី​លាង​លុយ​កខ្វក់​។​ក្រសួងការបរទេស​កូរ៉េខាងជើងបាន​ចាត់​ទុក​ការចោទប្រកាន់​នេះ​ថា ​ជា​ការ​ប្រឌិត​មិន​សម​ហេតុ​ផលរៀបចំឡើង​ដោយ​សហរដ្ឋអាមេរិក​។ ពួកគេ​បាន​អះអាង​ផង​ដែរ​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​តប​ស្នង​ការ​ខូច​ខាត​មួយ​នេះ។​ គួរ​ឲ្យ​ដឹង​ថា កាលពី​ដើមខែ​នេះ តុលាការ​កំពូល​ម៉ាឡេ​ស៊ី​បាន​ច្រាន​ចោល​ការ​អះអាង​ របស់​ជនជាតិ​កូរ៉េខាងជើង លោក មុន ឆុ​លម្យុ​ង ថា ​ការ​ចោទ​ប្រកាន់​របស់​ស​ហ​រដ្ឋ​អាមេរិក​ផ្តើម​ចេញពី​រឿង​នយោបាយ និង​បាន​ចេញ​សេចក្តី​សម្រេច​ថា រូបលោកអាច​នឹង​ធ្វើ​បត្យាប័ន​ទៅកាន់​អាមេរិក។​ ​គួរ​ឲ្យ​ដឹង​ថា លោក មុន បាន​រស់​នៅ​លើទឹក​ដី​ម៉ាឡេស៊ីអស់​រយៈពេល​ ១​ទសវត្សរ៍ និង​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោយ​ក្រុម​អាជ្ញាធរ​សហរដ្ឋអាមេរិក ស្នើសុំ​ឲ្យ​មានការ​ធ្វើ​បត្យាប័ន​របស់​គាត់។​​រដ្ឋាភិបាល​ម៉ាឡេស៊ីបាន​ឯកភាព​លើ​សំណើ​មួយ​នេះ ប៉ុន្តែ​លោក ​មុន បាន​តតាំង​ជាមួយ​វា។​ ​នៅ​ក្នុង​លិខិតបញ្ជាក់​ភស្តុតាង​មួយ​ច្បាប់ លោក មុន បាន​បដិសេធន៍​ចោល​រាល់​ការចោទប្រកាន់​របស់​​អាមេរិក​ថា លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រណីត​ ហាមប្រាម​ពី​សិង្ហ​បុរី ទៅកាន់​កូរ៉េខាងជើង ជា​ការ​បំពាន​លើ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​លោក​បម្រើ​ការងារ​នៅ​រដ្ឋ​ឯ​ការ​មួយ​នេះ មុន​ពេល​លោក​ផ្លាស់​ទៅ​រស់នៅ​ប្រទេស​ម៉ាឡេស៊ីកាលពី​ឆ្នាំ ២០០៨៕អត្ថបទ៖ សារ៉ាត់

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី

2021/04/27 02:59:58 am        5258
ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា​ បាន​ថ្លែង​ថា ​រហូតមកដល់​ថ្ងៃនេះ​ យោធិន​ចំនួន​៥នាក់​ហើយ​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​បើទោះបី​ ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​លើក​ហើយ​ក្តី ​ប៉ុន្តែ​ការ​អាការៈ ​ជំងឺ​របស់​ពួកគេ​ពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ ​នោះទេ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​អម​ដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ​ កន្លែង​មាន​ឈ្មោះថា មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត​ សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ​ខណៈពេល​នេះ​ កងទ័ព​នៃ​ក្រសួងការពារជាតិ​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ ចំពោះ​វិធានការ​សុខាភិបាល ​ជាពិសេស​«៣​ការពារ និង​៣​កុំ​» ​ក្រោយ​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ចំពោះ​យោធា​តាម​អង្គភាព​តាម​អង្គភាព​មួយ​ចំនួន​នៃ​អគ្គបញ្ជាការដ្ឋាន​នោះ​។ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ជូរ​កងទ័ព អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ កង​ទ័ព​ជំនាញ ​និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​ត្រូវ ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​៣​ការពារ ​៣​កុំ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ បើទោះបីបាន​ចាក់​​វ៉ាក់សាំង​ការពារ​កូ​វីដ​នេះ ​រួចរាល់​ហើយ​នោះ​។ជាមួយគ្នា​នោះដែរ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ប្រកាស​ផងដែរ​ថា ពេទ្យ​កងទ័ព​នៃ​ក្រសួង​ការពារជាតិ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ផងដែរ ​ក្នុងការ​ចូលរួម​អន្តរាគមន៍​ជួយ​ដល់​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួប​បញ្ហា​កូ​វីដ​​១៩​នេះ ខណៈ​កម្លាំង​ពេទ្យ​កងទ័ព​ទាំងនោះ ​ក៏បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​វេជ្ជសាស្ត្រ​រួចរាល់​ផងដែរ​នោះ​៕​អត្ថបទ ៖ ​បាន ចក់​

សម្តេច​តេ​ជោ​ អញ្ជើញ​ពិនិត្យមើល​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​ ដែល​កំពុង​ជួសជុល​ បាន​ប្រមាណ​៩៥%

2021/04/27 02:59:58 am        310
ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​ជួសជុល​កែលម្អ ​ស្តូប​ព្រះ​បរម​រតនៈ​កោដ្ឋ ដែល ស្ថិត​នៅលើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ស្ថិតក្នុង​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ ​ដែល​កំពុងតែ​ដំណើរ​ការជួសជុល ​កែលម្អ​។ក្នុងឱកាស ចុះ ពិនិត្យ នោះ សម្តេច​ បាន កត់សម្គាល់​ចំពោះ​ស្នាដៃ​ដ៏​ល្អ​និង​លើកទឹកចិត្ត​អោយ​ក្រុម​ជំនាញ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ ដើម្បី​អោយ​សំណង់​ដ៏​ថ្លៃថ្លា​នេះ​ សម្រេច​បាន​គួរ​ជាទី​មោទនៈ ​និង​គោរព​ប្រតិបត្តិ​សម្រាប់​ប្រជាជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ​។ នេះ​ជា​ទីឋាន​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​និង​ជាទី​កន្លែង​ដែល​តែង​ប្រារព្ធ​ពិធី​ថ្វាយ​កុសល​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណា​ព្រះបាទ ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​ ជា​រៀងរាល់ឆ្នាំ ។បើតាម ឯកឧត្តម​អភិបាល រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា​ ការជួសជុល ​កែលម្អ​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ជា​ដំណាក់កាល ​គឺមាន ជួសជុល ​ដំបូល ពិ​ដាន​, លាប​ក្បាច់​ពណ៌​ទឹកមាស ​ផ្នែក​ខាងលើ​បរម​រូប , ជួសជុល ជើង ទម្រ ថ្ម ម៉ាប​ និង ថ្មភ្នំ រួមទាំង ​ការថែទាំ សួនច្បារ , រៀបចំ ប្រព័ន្ធ បាញ់ ទឹក ជាថ្មី ឡើងវិញ​ រួមទាំង​ ការកាប់ ដើម ក្ងោក​ចាស់ៗ​ដែល​ពុកផុយ​ រួច​ដាំ​ជាថ្មី​ឡើងវិញ ​ហើយ​សាលា​រាជធានី​ភ្នំពេញ ​ក៏បាន​រៀបចំ​បែងចែក​អោយ​មាន​គណៈកម្មការ​ទទួល​ខុសត្រូវ​លើ​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​ទាំង​ចំពោះ​ស្តូប​ព្រះ​បរម​រូប​ ក៏ដូចជា​សួន​ផងដែរ​។ការជួសជុល​កែលម្អ​ឡើងវិញ​ស្តូប​ព្រះ​បរម​រូប បើ​គិត​រហូត​មក​ដល់ពេលនេះ​ គឺ​សម្រេច​បាន​ប្រមាណ ៩៥% ហើយៗ ​គ្រោង​នឹងធ្វើ​ឱ្យ រួចរាល់​នៅ​ចុងខែ​មីនា​នេះ ។ ទីតាំង ស្តូប ព្រះ​បរម​រតនៈ​កោដ្ឋ រួមទាំង​ សួនច្បារ ជុំវិញ​ផង បាន​ក្លាយ​ជាទី​រមណីយដ្ឋាន​ដ៏​ស្រស់បំព្រង ​ប្រកបដោយ ​ខ្យល់អាកាស បរិសុទ្ធ និង ពេញនិយម ​សំរាប់ ភ្ញៀវទេសចរ ទៅ លំហែ កម្សាន្ត និង ជាទី ​ពេញនិយម សំរាប់ ប្រជាពលរដ្ឋ ទូទៅ ហាត់ប្រាណ ដើម្បី សុខភាព ផងដែរ ។គួរ​បញ្ជាក់ថា ព្រះករុណា សម្តេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ​បាន​ស្តេច យាង សោយ ព្រះ ទិវង្គត នៅ ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ ឯ មន្ទីរពេទ្យ ធំ ក្នុង​ ទីក្រុង ប៉េកាំង នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុង ព្រះជន្ម ៩០ ព្រះវស្សា ដោយ ព្រះ រោគាពាធ ដែល ជាការ បាត់បង់ ដ៏ ធំធេង របស់ កម្ពុជា​ហើយ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​គឺ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ ២០១៣ មាន រចនា តាម​ទម្រង់​បុស្បុក មាន​កម្ពស់​សរុប ២៧ ម៉ែត្រ​ គិតពី​បាត​ក្រោម ដល់ កំពូល​។ រីឯ តួ​ព្រះ​បរម​រូប ធ្វើ អំពី​ស្ពាន់​មាន​កម្ពស់​៤,៥ ម៉ែត្រ ទ្រង់​ឈរ លើ​ព្រះ​ទែន​មាន​កម្ពស់ ២,៧ ម៉ែត្រ គឺ សង់​នៅ​លើ​ខឿន​រាង​ចតុកោណ​ កែង មាន​បណ្តោយ​៥៤ ម៉ែត្រ ទទឹង​២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ​។ ការ​រចនាសម្ព័ន្ធ​បុស្បុក និង​ព្រះ​បរម​រូប គឺ ត្រូវ បាន​កំណត់​យក​ខ្នាត​ទូទៅ​មួយ​សុទ្ធ ​តែ​មាន​លេខ អាច​បូក​ផ្គុំ​បញ្ចូល​គ្នា​បានជា​លេខ​៩​ទាំងអស់ ហើយ​ស្តូប​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃទី​១១​ខែ ​ តុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្តេចព្រះ​បរមនាថ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ ​និង​សុភមង្គល នរោត្តម មុនីនាថ ​សីហនុ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ​មន្ត្រីរាជការ និង​សិស្សានុសិស្ស​មួយចំនួន​ផងដែរ​៕​អត្ថបទ​៖ មុត សុទ្ធ​

សម្តេច​តេ​ជោ អញ្ជើញ​ពិនិត្យមើល​មន្ទីរពេទ្យ​នគរ​ទេព​ ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        142
ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ​ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ ​កន្លែង​មាន​ឈ្មោះថា ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។មន្ទីរពេទ្យ​នេះ ជា​មន្ទីរពេទ្យ​ថ្មី​មួយ​ទើប​ត្រូវ​បាន​បង្កើតឡើង​ក្រោម​ការ​គាំទ្រ​ពី​លោកជំទាវ​រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី ​ដើម្បី​ផ្តល់​សេវា ព្យាបាល​ផ្នែក​រោគ​ស្ត្រី និង​ជំងឺ​មហារីក​របស់​ស្ត្រី ជាពិសេស​សម្រាប់​ផ្តល់​សេវា​ជូន​ដល់​ស្ត្រី​ ដែលមាន​ជីវភាព​ខ្វះខាត ​ ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ជាបន្ទាន់​ចំពោះ​មុខ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គួរ​ឱ្យ​ព្រួយបារម្ភ​មន្ទីរពេទ្យ​មួយ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ​ណែនាំ​ឱ្យ​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ព្រម​គ្នា​ជាមួយ​នឹង​ការយក​អតីត​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ដាក់​ពិនិត្យ​និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ​ដូចគ្នា​ដែរនោះ​។សម្តេច​ បាន​អញ្ជើញ​ពិនិត្យមើល​ដោយ​យកចិត្តទុកដាក់​នៅ​គ្រប់​ទីកន្លែង នៃ​ទីតាំង​បន្ទប់​នីមួយៗ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ការរៀបចំ​មន្ទីរពេទ្យ​មួយកន្លែង​នេះ ប្រព្រឹត្តិ​ទៅបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ បច្ចេកទេស​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការពិនិត្យ​ និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​ជោគជ័យ​។ការរៀបចំ​មន្ទីរពេទ្យ​នគរ​ទេព​ឱ្យទៅជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ ជា​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ នៅ​លើ​ផ្ទៃដី​១​ហ​.​ត កន្លះ , ដោយ​មន្ទីរពេទ្យ​នេះ​មាន​ទំហំ​អគារ ២៥.០០០​ម៉ែត្រក្រឡា​, កម្ពស់​៥​ជាន់ ,​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ បំពាក់​ប្រព័ន្ធ​សឡា ​និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​៣៥០KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្តូរ​ដោយ​ស្វ័យប្រវត្តិ​។​មន្ទីរពេទ្យ​នេះ​ មាន​ចំណុះ​៥០០​គ្រែ​ដោយ​អាច​រៀបចំ​ជា​ផ្នែក​សង្គ្រោះ​បន្ទាន់​៨០​គ្រែ ​និង​ផ្នែក​ជំងឺ​ធម្មតា​៤២០​គ្រែ​។​ មន្ទីរពេទ្យ​មាន​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ ស្របតាម​ស្តង់ដារ ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួងសុខាភិបាល​។សូមបញ្ជាក់ថា នេះ​ជា​មន្ទីរពេទ្យ​ទី​៥​ហើយ សម្រាប់​ដាក់​ការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​,​មណ្ឌល​សុខភាព​ចាក់អង្រែ​, មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ហង់​សិន ,​សណ្ឋាគារ​ឌឹ​ក្រេ​ក​ឌូ​ក (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​)​។ ​ទាក់ទង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើតាម​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​នៅ​ថ្ងៃនេះ​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី សម្រាប់​ថ្ងៃទី​១៨​ ខែមីនា​មាន ចំនួន​៣៧​នាក់ ​ក្នុងនោះ​គឺជា​ករណី​ឆ្លង​ដោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ទាំងអស់ ខណៈ​ថ្ងៃនេះ ​មាន​អ្នកជា​សះស្បើយ​១៩​នាក់​និង​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​។ ​ចំពោះ​ករណី​រក​ឃើញ​ថ្មី​៣៧​នាក់​នេះ​គឺ ​មាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​៣៣​នាក់​ , ខេត្ត​ព្រះសីហនុ​៣​នាក់​,​និង​ខេត្តកណ្តាល​ ១​នាក់​។ របាយការណ៍​ បានបង្ហាញ​ដែរ​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ កម្ពុជា​ បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន​១.៥៨៧​នាក់​ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៩១៧​នាក់​ ,​និង​អ្នក​កំពុង​សំរាក​ព្យាបាល​ចំនួន​៦៥៨​នាក់ និង​មាន​អ្នក​ស្លាប់​១​នាក់​ ដោយសារ​ជំងឺ​កូ​វីដ​-១៩៕​អត្ថបទ ​៖ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM