ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស​ សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កំណាត់​ផ្លូវ​ជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គ.ម ចាប់ពីរង្វង់មូលស្គង់ដល់រង្វង់​មូល​គល់​ស្ពាន​គីហ្សូណា ក្រុងកំពង់ចាម
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យតម្កល់ស្មារតីរក្សាក្រមសីលធម៌វិជ្ជាជីវៈ មាន​មេត្តា​ចំពោះ​អ្នកជំងឺ
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីយាងនិវត្តន៍មកដល់មាតុភូមិវិញដោយសុវត្ថិភាពបន្ទាប់ពីពិនិត្យ និងព្យាបាលព្រះរោគនៅរដ្ឋធានីប៉េកាំង

ព័ត៌មានសំខាន់ៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរការប្រារព្ធ “ខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស

2021/04/27 02:59:58 am        155
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ចូលរួមអបអរសាទរ ក្នុង "ពិធីប្រារព្ធខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស" និង"ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០"។សុន្ទរកថា បានបង្ហាញថា ថ្ងៃនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ “ខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០” តាមប្រព័ន្ធវីដេអូ បើទោះបីជាសម្តេចមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ។  ក្នុងឱកាសនេះ, សម្តេច បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានសម្ដែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត, លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកប ដោយសុខភាពមាំមួន, សុភមង្គល និងវិបុលភាព ។សម្តេចក៏បានសម្ដែងនូវការសាទរ និងកោត សរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត និង លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា, ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់, វឌ្ឍនភាពសង្គម និងជីវភាព រស់នៅ របស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះ បានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១ នេះ ។ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ ជិតស្និទ្ធ និងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុង សន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៩៧៣ ។ កម្ពុជា និងបង់ក្លាដែស បាន បង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង ។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ។ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្តេចផ្ទាល់នៅបង់ក្លាដែស ក្នុងខែ មិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការ របស់ លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែ ធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ ។ ទន្ទឹមនេះ, យើងទាំងពីរក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់ មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ ។   ជាចុងបញ្ចប់ សម្តេចបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេសជម្នះនូវវិបត្តិសុខភាពសកល បច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ៕

អង្គការ​សុខភាព​ពិភព​លោក​រាយ​ការណ៍​ពី​ករណី​ឆ្លង​ថ្មី​កើន​ឡើង​ខ្ពស់ ​ក្រោយ​ស្រុត​ចុះ​ប៉ុន្មាន​សប្ដាហ៍​

2021/04/27 02:59:58 am        132
​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ពុធ​បាន​រាយការណ៍​ពី​ការ​វិវឌ្ឍន៍​ថ្មី​ ប្រចាំ​សប្ដាហ៍​របស់​ខ្លួនពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19 កើន​ឡើង​ខ្ពស់ ស្រប​ពេល​ប្រទេស​កាន់​តែ​ច្រើន​ថែមទៀត​ កំពុង​ប្រកាស​ពី​វត្តមាន​នៃ​វីរុស​កូ​រ៉ូ​ណាប​ម្លែ​ង​ខ្លួន​ថ្មី នៅ​តាម​ព្រំដែន​ប្រទេស​របស់​ខ្លួន​។​​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា នៅ​ក្នុង​សប្ដាហ៍​ចុងក្រោយ​នៃ​ថ្ងៃ​ទី​១៤ ​មីនា មាន​ករណី​ឆ្លង​ថ្មី​ជាង ​៣​លាន​នាក់​ត្រូវ​បាន​រាយការណ៍ ជា​ការកើន​ឡើង​ ១០% រយៈពេល​ជាង​ ១​សប្ដាហ៍​មុន​ដែល​បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​បាន​ថយ​ចុះ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ២០២១ កន្លងទៅ​ថ្មីៗ​នេះ​។ អង្គការ​ពិភព​លោក​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស មួយ​នេះ​នោះ​បាន​គូស​បញ្ជាក់​ថា បន្ទាប់​ពី​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​ ដល់​កម្រិត​កំពូលកាលពីដើម​ខែ​មករា​ ២០២១ នៅ​ពេល​នោះ​ករណី​ឆ្លង​ថ្មី​មាន​ក្រោម​ ៥​លាន​នាក់ បន្ទាប់មក​បាន​ធ្លាក់​ចុះមក​នៅ​ប្រមាណ ២​លាន​ ៥​សែន​នាក់នៅ​ក្នុង​សប្ដាហ៍​ដំបូង​នៃ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ប៉ុន្តែ​ករណី​ឆ្លង​ថ្មី​បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី ​នៅ​ក្នុង​រយៈពេល ​៤​សប្ដាហ៍​កន្លងទៅ​។​​យោង​តាម​អង្គការ​សុខភាព​ពិភពលោកឲ្យដឹងថា ទី្វ​ប​អាមេរិក និងសហភាព​អឺរ៉ុប​នៅតែ​បន្ត​មាន​ករណី​ឆ្លង​ថ្មី និង​ស្លាប់​ថ្មី​ជាង ​៨០% អំឡុង​ពេលនោះ​។ ប្រទេស​ប្រេ​ស៊ី​ល សហរដ្ឋអាមេរិក និង​បារាំង​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​។ ជាង​នេះ​ទៅទៀត​ មាន​ប្រទេស​ជាច្រើន​បន្ថែម​ទៀត​បាន​រាយការណ៍ពី​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី ជា​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ផ្ទុះឡើង​ដំបូង​នៅ​ចក្រភព​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង​។ ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រទេស​ B117 ដែល​បាន​រក​ឃើញ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​១១៨ ខណៈ​ជំងឺ​ប​ម្លែ​ង​ខ្លួន​ថ្មីដែល​បាន​ផ្ទុះ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៦៤៕អត្ថបទ៖ សុខមាន

សេវា​ផ្ដល់​ការថែទាំ​សុខភាព​របស់​ប្រទេស​ប្រេ​ស៊ី​ល​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

2021/04/27 02:59:58 am        217
​ប្រេស៊ីល៖ វិទ្យាស្ថាន​សុខភាព​ឈានមុខ​គេ​ឈ្មោះ​ Fiocruz ​បាន​ព្រមាន​ថា ​ប្រទេស​ប្រេ​ស៊ី​ល​កំពុង​ជួប​ប្រទះ​ការ​ដួល​រលំ​ជា​ប្រវត្តិសាស្ត្រ ​នៃ​សេវា​សុខាភិបាល​របស់​ខ្លួន ​ខណៈ​ដែល​បន្ទប់សង្គ្រោះបន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​នានា ដាក់​អ្នកជំងឺ​លើស​ចំនួន​កំណត់​។​​យោង​តាម​វិទ្យាស្ថាន​ Fiocruz ​បាន​ឲ្យ​ដឹង​ថា​ អង្គភាព​សង្គ្រោះ​បន្ទាន់​ជំងឺ Covid-19 នៅ​ក្នុង​រដ្ឋ​ទាំង​អស់​លើក​លែងតែ​រដ្ឋ​ចំនួន ២ ក្នុងចំណោម​រដ្ឋ​ទាំង ​២៧ របស់​ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នកជំងឺ​ជាង ​៨០%​។​ ​នៅ​ក្នុង​រដ្ឋ ​Grande do Sul​ មិន​មាន​គ្រែ​សម្រាប់​អ្នកជំងឺ​ ដែល​ត្រូវ​ចូល​ព្យា​បាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ទេ​។​ ការ​ព្រមាន​នេះ​មាន​ឡើង ​ស្រប​ពេល​ដែល​ប្រទេស​នេះ​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត ​ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន ២.៨៤១​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​។​តួលេខ​នេះ​គឺជា​ការ​ហក់​ឡើង​ខ្ពស់​លើស​កម្រិត​នា​ពេល​កន្លងទៅ​ ដែល​មាន​ត្រឹម ២.២៨៦​នាក់​កាលពី​ថ្ងៃ​ទី១០ ខែ​មីនា​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 សរុប​ចំនួន ១១,៧០០,៤៣១​នាក់ និង​ស្លាប់​ចំនួន ២៨៥,១៣៦​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​២ ​បន្ទាប់ពី​សហរដ្ឋអាមេរិក​៕អត្ថបទ៖ សុខមាន

អឺរ៉ុប​បែកបាក់​គ្នា​ជុំវិញ​ការ​ផ្អាក​ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ខណៈ​ការស៊ើបអង្កេត​នៅតែ​បន្ត​

2021/04/27 02:59:58 am        270
​អឺរ៉ុប៖ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ​១៧​ បាន​បែកបាក់​គ្នា​ក្នុង​ប្លុក​ដែល​មាន​សមាជិក​សរុប​ចំនួន​ ២៧ ដោយសារ​វ៉ាក់សាំង​បង្ការ​ជំងឺ​ COVID-19 ​របស់​ក្រុមហ៊ុន Astra​Zeneca របស់​អង់គ្លេស​។ ព្រោះតែ​ការ​បារម្ភ​ពី​ការ​កកឈាម​នៅ​ក្នុង​សរសៃ​ឈាម​ ក្រោយ​ចាក់​វ៉ាក់សាំង​រួច ប្រទេស​ធំ​ៗ​នៅ​អឺរ៉ុប​បាន​ផ្អាក​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​។ ប្រទេស​អាល្លឺម៉ង់ ​បារាំង ​អ៊ីតាលី ​និង​អេ​ស្ប៉ា​ញ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រមាណ​ ២០ ​ដែល​បាន​ផ្អាក​ចាក់​វ៉ាក់សាំង​នេះ​។​​នៅ​ទូទាំង​ពិភពលោក​យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ២០​ ហើយ​ដែល​បាន​ផ្អាក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​។ ពួកគេ​ចង់បាន​ភាព​ច្បាស់​លាស់​បន្ថែម​ទៀត ​អំពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​។ វា​ជា​ផល​ប៉ះពាល់​ដ៏​ធំធេង​ ចំពោះ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​សកល​។ បច្ចុប្បន្ន​ក្រុមហ៊ុន ​AstraZeneca នៅតែ​ត្រូវ​ផ្អាក ជីវិត​មនុស្ស​នៅតែ​បាត់បង់​។ យោបល់​របស់​អ្នក​ជំ​នាញ​បាន​បង្ហាញ​ច្បាស់​ហើយ​ថា ​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម ​មិន​ទាក់ទង​នឹង​វ៉ាក់សាំង​នេះ​ទេ​។ អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​ខ្ពស់​ជាង​ហានិភ័យ​។​លោកស្រី ​Emer Cooke នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​លើក​ឡើង​ថា ខណៈ​ពេល​ដែល​ការ​ស៊ើប​អង្កេត​កំពុង​បន្តនៅឡើយ យើង​នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា ​អត្ថប្រយោជន៍​នៃ​វ៉ាក់សាំង Astra​Zeneca ក្នុង​ការ​បង្ការ​ការ​ឆ្លង​វីរុស ​Covid-19 ទន្ទឹម​នឹង​មាន​ហានិភ័យ​ជាប់​ទាក់​ទង​ ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​និង​ការ​ស្លាប់​មាន​ច្រើនជាង​ហានិភ័យ​ នៃ​ផល​ប៉ះពាល់​ទាំងនេះ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា និង​ឃី​ត​ ជូនទៅ​កាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/04/27 02:59:58 am        169
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ផ្គត់ផ្គង់​នូវ​ថវិកា ​ឃី​ត និង​ទឹកបរិសុទ្ធ​បន្ថែម ​ជូន​ទៅ​បណ្តា​ខេត្ត​នានា​ សរុប​ចំនួន​ជិត​២០​ខេត្ត​ ដើម្បី​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ​និង​ពលករ​ខែ្មរ​យើង ​ត្រឡប់​ពី​ប្រទេស​ថៃ ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។បើ​តាម​ការបញ្ជា​ក់​រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​BTV ព័ត៌មាន​ នា​រសៀល​នេះ​ថា ​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ឲ្យ​រៀបចំ ថវិកា បន្ថែម​ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា ​សរុប​ចំនួន​ជិត​២០​ខេត្ត សម្រាប់​ត្រៀម​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​។ ​ហើយ​បើ​យើង​និយាយ​ពី​ខេត្ត​ទាំង​២៤​នោះ​វិញ ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​២២,៧៦៥​នាក់​។ លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត បានបញ្ជាក់​ទៀតថា​ ខេត្ត​ទាំង​១៦ ដែល​ទទួល​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ រួមមាន ​៖ ខេត្តបាត់ដំបង ទទួល​បាន​ថវិកា ៣០០​លាន​រៀល ​និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្តបន្ទាយមានជ័យ ​ទទួល​បាន​ថវិកា ៤៥០​លាន​រៀល និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​ថវិកា ២០០​លាន​រៀល និង​ឃី​ត​៣០០ ទឹកបរិសុទ្ធ​៥០០, ខេត្ត​ប៉ៃលិន ​ទទួល​បាន​ថវិកា ១០០​លាន​រៀល និង​ទឹកបរិសុទ្ធ​៥០០, ​ខេត្តកោះកុង ទទួល​បាន​ឃី​ត​ចំនួន​២០០, ខេត្តពោធិ៍សាត់ ​ទទួល​បាន​ថវិកា ៨០​លាន​រៀល ​និង​ឃី​ត​ចំនួន​៥០០ ទឹកបរិសុទ្ធ​៨០០, ខេត្តព្រះវិហារ​ ទទួល​បាន​ថវិកា​ ៣០​លាន​រៀល និង​ទឹកបរិសុទ្ធ​២០០, ខេត្តកណ្តាល​ ទទួល​បាន​ថវិកា ២០០​លាន​រៀល​ និង​ឃី​ត​ចំនួន​១០០០, ខេត្តស្វាយរៀង ទទួល​បាន​ថវិកា ២០​លាន​រៀល​, ខេត្តព្រៃវែង ​ទទួល​បាន​ថវិកា ៣៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ថវិកា ១៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្តក្រចេះ​ ទទួលបាន​ថវិកា ២០​លាន​រៀល​, ខេត្តតាកែវ ​ទទួលបាន​ថវិកា ៨០​លាន​រៀល​, ខេត្តកំពង់ចាម ​ទទួលបាន​ថវិកា ៤០​លាន​រៀល​, ខេត្តកំពង់ឆ្នាំង ​ទទួលបាន​ថវិកា​៥០​លាន​រៀល​, ខេត្តកំពង់ស្ពឺ ​ទទួលបាន​ថវិកា ៨០​លាន​រៀល និង​ខេត្តសៀមរាប ​ទទួលបាន​ថវិកា ៣០០​លាន​រៀល​។ ថវិកា ឃី​ត និង​ទឹកបរិសុទ្ធ ​ដែល​ផ្តល់​ជូន​បណ្តា​ខេត្ត​ទាំងអស់ ​មាន​ចំនួន​សរុប ២,៤៥០,០០០,០០០​រៀល​ (​ពីរពាន់​បួន​រយ​ហាសិប​លាន​រៀល​)​សម្ភារៈ​ឃី​ត ​ចំនួន​៤៦០០ និង​ទឹកបរិសុទ្ធ​៤០០០​កេស​៕អត្ថបទ រដ្ឋា ​

មនុស្ស ​៨​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ ៣​កន្លែង​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ទីក្រុង​អា​ត្ល​ង់​តា

2021/04/27 02:59:58 am        101
​អាមេរិក៖ ក្រុម​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុងអា​ត្ល​ង់​តា រដ្ឋ​ច​ច​ជា សហរដ្ឋអាមេរិក កំពុង​បើក​ការស៊ើបអង្កេត​ក្នុង​ករណី​បាញ់​ប្រហារ​ដ៏​សាហាវ​ នៅ​ហាង​ស្ប៉ាក្នុងស្រុក​ចំនួន ​៣​កន្លែង​ដាច់ដោយ​ឡែក​​ពី​គ្នាដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៨​នាក់​ស្លាប់ និង​ម្នាក់​រង​របួស​។​ ​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង​កំពុង​ឃុំខ្លួន​។​នៅ​ពេល​នេះ​គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ​ថា ​តើ​ការ​បាញ់​ប្រហារ​ទាំង​ ៣​កន្លែង​នោះមាន​ជាប់​ពាក់ព័ន្ធ​គ្នា ឬ​មាន​មូលហេតុ​អ្វី​ពិតប្រាកដ ដែលនាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ​កើតឡើង​។ ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន ​CNN ជនរងគ្រោះ​យ៉ាងហោចណាស់ ​៤​នាក់ទំនងជា​ស្ត្រី​ជនជាតិ​អាស៊ី​។​ ​សារព័ត៌មាន​ CNN បាន​រាយការណ៍​ថា ការ​បាញ់​ប្រហារ​ចំនួន​២​ករណីបាន​ធ្វើ​ឡើង​នៅ​ហាង​ស្ប៉ា ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​នៅ​ក្នុង​ភាគ​ឦសាន​ ទីក្រុង​អា​ត្ល​ង់​តា ចំណែក​មួយ​ករណី​ទៀតនៅ​តំបន់​ឆេ​រ៉ូ​កេ ភាគ​ខាងលិច​ទីក្រុង​នេះ​។​​ភ្លាមៗ​បន្ទាប់ពី​កើតឡើង​មនុស្ស​ចំនួន ​៤​នាក់​ត្រូវ​បាន​សម្លាប់ ​នៅ​ហាង​ម៉ាស្សា​ក្នុង​សង្កាត់​វ៉ូដ​ស្តុក មនុស្ស​ ៣​នាក់​ត្រូវ​បាន​បាញ់សម្លាប់​ នៅ​ហាង​ស្ប៉ា​ក្នុង​ភាគ​ឦសាន​ទីក្រុងអា​ត្ល​ង់​តា ចំណែក​ជនរងគ្រោះ​ទី​៤​ ត្រូវ​បាន​សម្លាប់​នៅ​ហាង​ស្ប៉ា​មួយ​ផ្សេងទៀត​ នៅ​ទល់នឹង​ផ្លូវ​នោះ​៕អត្ថបទ៖ សុខមាន

សម្តេច​តេ​ជោ សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រង​ខណ្ឌ​ទូទាំង ប្រទេស​ចំនួន​៤៧​នាក់

2021/04/27 02:59:58 am        241
ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​សម្រេច​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ចំនួន​៤៧​នាក់ ​ដោយ​ក្នុងនោះ​ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ​សុខាភិបាល​ជា​ប្រធាន​។ នេះ​បើ​តាម​សេចក្តីសម្រេច​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ​ នា​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ​។ការ​ស្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​នេះ ខណៈ​កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ចំនួន​មួយ​លាន​ប្រាំ​សែន​ដូ​ស​ទៀត​ នាពេល​ឆាប់ៗ​ខាងមុខនេះ ហើយ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​និង​អា​ស្រា​ហ្ស៊ី​នី​ការ ក៏​មក​ជា​បន្តបន្ទាប់ ​ហើយ​និង​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង របស់​អាមេរិក​ ផងដែរ​។សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​ការ​ចាក់​វ៉ាក់សាំង​នេះ គឺជា​មន្ត្រី​មកពី​គ្រប់​ស្ថាប័ន​ទាំងអស់​ ហើយ​ពួកគេ​មាន​តួនាទី​ចាត់ចែង​ទូទៅ​នៃ​ការរៀបចំ​ចាក់​វ៉ាក់សាំង​ គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ​ហើយក៏​អាច​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​ជាតិ អន្តរជាតិ ​និង​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា ​ដើម្បី​ផ្តល់​ប្រឹក្សា​យោបល់​ផងដែរ​។សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ​ ក្នុង​ប្រការ​២ ​បានផ្តល់​ភារកិច្ច​ឲ្យ​ក្រុមការងារ​នៃ​គណៈកម្មការ​នេះ​«​គ្រប់គ្រង​ដឹកនាំ ចាត់ចែង ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ពិនិត្យ​រៀបចំ​ផែន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ នៅ​ទូទាំង​ប្រទេស​, បណ្តុះ​បណ្តាល​ក្រុម​គ្រួ​ពេទ្យ សម្រាប់​បម្រើ​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ​បែងចែក​វ៉ាក់សាំង​កូ​វីដ​១៩ ​ទៅតាម​ទីកន្លែង​ចាក់​វ៉ាក់សាំង​នៅក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​, ផ្គត់ផ្គង់​ថវិកា សម្ភារៈ​ បរិក្ខារ​ចាំបាច់​សម្រាប់​បម្រើ​ការងា​រ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩, ត្រួតពិនិត្យ​តាមដាន ​និង​វាយតម្លៃ​ពី​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​,​សម្របសម្រួល​កិច្ច​ការ​ចាក់​វ៉ាក់សាំង និង​ការងារ​ពាក់ព័ន្ធ​, សម្របសម្រួល​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ ព្រមទាំង​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិ អង្គការ​ក្រៅ​រាជរដ្ឋាភិបាល និង​បណ្តា​ស្ថានទូត​នានា​ ប្រចាំ​នៅ​កម្ពុជា លើ​ការងារ ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ,​រៀបចំ​របាយការណ៍ និង​រាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ​និង​កិច្ចការ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​»​។នៅក្នុង​សេចក្តី​សម្រេច​របស់​សម្តេច​តេ​ជោ នៃ​ប្រការ​៣​បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​នេះ មាន​សិទ្ធិ​រៀបចំ​អនុ​គណៈកម្មការ​ចំពោះ​កិច្ច និង​លេខាធិការដ្ឋាន សម្រាប់​គាំទ្រ​ដំណើរការ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នេះ និង​អាច​ស្នើសុំ​បន្ថែម​នូវ​សមាជិក​-​សមាជិកា ​ទៅតាម​ការចាំបាច់ ​ហើយ​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នេះ ត្រូវ​ចូលរួម​ប្រជុំ​តាម​ការ​អញ្ជើញ របស់​ប្រធាន និង​អនុវត្ត​ភារកិច្ច​ទៅតាម​ការចាត់ចែង​របស់​ប្រធាន​ផងដែរ​។នៅក្នុង​ប្រការ​៤ នៃ​សេចក្កី​សម្រេច ​សម្តេច​តេ​ជោ បាន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​អាច​ប្រើប្រាស់​ត្រា​របស់​ក្រសួងសុខាភិបាល​បាន​ដោយ​សេរី​ផងដែរ ​ហើយ​នៅ​តាម​ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ដែល​ទទួលខុសត្រូវ​លើ​សម្រង់​ស្ថិតិ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ​និង​ការងារ​ប្រតិបត្តិ​ការ​ចាក់​វ៉ាក់សាំង នៅ​តាម​ក្រសួង ស្ថាប័ន​នានា​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

UN៖​ មនុស្ស ​១៤៩​នាក់​សា្លប់ និង​រាប់​រយ​នាក់​ទៀត​បាន​បាត់​ខ្លួន​នៅ​សហភាព​មី​យ៉ាន់​ម៉ា​

2021/04/27 02:59:58 am        1002
​មីយ៉ាន់ម៉ា៖ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ បាន​ថ្កោលទោស​ចំពោះ​ការ​ស្លាប់​យ៉ាង​ច្រើន ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ដោយ​ព្រមាន​ថា​ ក្រុម​អ្នក​តវ៉ា​ដែល​ត្រូវ​បាន​ឃុំខ្លួន​ កំពុង​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​ខ្លួន​។​​អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​ របស់អង្គការសហប្រជាជាតិ លោកស្រី Ravina Shamdasani​ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​ ក្នុង​រយៈពេល​ ១​សប្តាហ៍​កន្លង​មក​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ ជាទី​ដែល​កងកម្លាំង​សន្តិសុខ​កំពុង​ប្រើប្រាស់​កម្លាំង​ដ៏​សាហាវ​ ប្រឆាំង​នឹង​ក្រុម​បាតុករ​កំពុង​តវ៉ា​ស្ងៀមស្ងាត់​។ លោក​ស្រី​និយាយ​ថា បើ​សរុប​ទាំងអស់​ការិយាល័យ​បាន​បញ្ជាក់​ថា​ មនុស្ស​សរុប​ចំនួន ១៤៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ​ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា ​ចំនួន​ពិតប្រាកដ​គឺ​ពិត​ជា​ខ្ពស់​ជាង​នេះ​។​​បើ​យោង​តាម​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ (AAPP) មនុស្ស​ជាង ១៨០​នាក់​ត្រូវ​បាន​សម្លាប់ ​រួម​ទាំង ៧៤​នាក់​នៅ​ថ្ងៃអាទិត្យ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្នុង​នោះ​កាលពី​ថ្ងៃ​ច័ន្ទ​មាន​មនុស្ស​ស្លាប់​ចំនួន ​១១​នាក់, ថ្ងៃ​អាទិត្យ​មាន​ ៣៩​នាក់ និង​ថ្ងៃ​សៅរ៍​មាន ​១៨​នាក់​៕អត្ថបទ៖ សុខមាន

កូរ៉េខាងជើង​ព្រមាន​រដ្ឋបាល​ថ្មី​របស់​អាមេរិក​ថា​ ប្រសិន​បើ​ចង់​បាន​សន្តិភាព​ត្រូវ​តែ​ចៀសវាង​ការ​បង្ក​ជម្លោះ​

2021/04/27 02:59:58 am        155
​​កូរ៉េខាងជើង៖ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​ បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្អូនស្រី​របស់​មេដឹក​នាំ​កូរ៉េខាងជើង​គឺ ​លោកស្រី Kim Yo Jong បាន​រិះគន់​សម​យុទ្ធ​យោធា​ដែល​កំពុង​បន្ត​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​បាន​ព្រមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ ទល់នឹង​ការ​បង្ក​ជម្លោះប្រសិនបើ​ខ្លួន​ចង់បាន​សន្តិភាព​។​​សេចក្តី​ថ្លែងការណ៍​នេះ​ធ្វើឡើង ​មួយថ្ងៃ​មុន​ពេល​ដែល​ប្រមុខ​ការទូត និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​គ្រោង​នឹង​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​ សម្រាប់​កិច្ចពិភាក្សា​លើកដំបូង​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង​។ លោក​ស្រី Kim បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់​ងារសារព័ត៌មាន​រដ្ឋ ​KCNA ថា យើង​ឆ្លៀត​យក​ឱកាស​នេះ​ដើម្បី​ព្រមាន​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក ​ដែល​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​បាច​ពង្រាយ​ក្លិន​ម្សៅ ​នៅ​ក្នុង​ទឹកដី​របស់​យើង​។​ ប្រសិន​បើ​ខ្លួន​ចង់​រស់​នៅ​ក្នុង​សន្តិភាព​រយៈពេល ៤​ឆ្នាំ​ខាងមុខ​ ខ្លួន​គួរតែ​ចៀសវាង​ការ​បង្ក​ឲ្យមាន​ក្លិន​ស្អុយ​ នៅ​ជំហាន​ដំបូង​របស់​ខ្លួន​។ ​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​កូរ៉េខាងជើង​បាន​បដិសេធ​ការ​ទទូច​របស់​សហរ​ដ្ឋ​អាមេរិក​ឲ្យ​ចូលរួម​ការសន្ទនា​ ខណៈ​ដែល​ភាព​ប្រេះ​ស្រាំ​នៅ​ក្នុង​ទំនាក់ទំនង​ ដែល​បាន​ចាប់ផ្ដើម​នៅ​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ​Donald Trump បន្ត​មកដល់​ប្រធានាធិបតី​របស់​លោក Joe Biden៕ អត្ថបទ៖ សុខមាន

WHO ជំរុញ​ពិភព​លោក​កុំ​ឲ្យ​ផ្អាក​ចាក់​វ៉ាក់សាំង​បង្ការ​ COVID-19 ខណៈ​អឺរ៉ុប​បែក​បាក់​គ្នា​ក្នុង​ការ​ប្រើ​​វ៉ាក់សាំងក្រុមហ៊ុន​ AstraZeneca

2021/04/27 02:59:58 am        292
​ស្វីស៖ អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ ដល់​ប្រទេស​នានា​កាលពី​ថ្ងៃ​ច័ន្ទ កុំ​ឲ្យ​ផ្អាក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ បន្ទាប់ពី​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ និង​ប្រទេស​មួយ​នៅ​អាស៊ី​បាន​ចូល​រួម​ផ្អាក​ ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​វីរុស​ COVID-19 របស់​ក្រុមហ៊ុន AstraZeneca ​ក្នុង​ចំនួន​តិចតួច​ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។​​ប្រទេស​ថៃ​បាន​ប្រកាស​ពី​ផែនការ​នានា​កាលពី​ថ្ងៃ​ច័ន្ទ​ ដើម្បី​បន្ត​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ រួម​សហការ​ផលិត​រវាង​អង់គ្លេស និង​ស៊ុយ​អ៊ែត​ ប៉ុន្តែ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​ខ្លួន​នឹង​រង់​ចាំ​មើល​ស្ថានការណ៍​សិន​ បន្ទាប់ពី​ប្រទេស​អៀរ​ឡង់ ​និង​ហូ​ឡង់​បាន​ប្រកាស​ផ្អាក​កាលពី​ថ្ងៃអាទិត្យ​។ ​​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ច័ន្ទ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Astra​Zeneca តាម​ការណែនាំ​របស់​វិទ្យាស្ថាន Paul Ehrlich ដែល​ជា​អាជ្ញាធរ​ទទួល​បន្ទុក​ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​របស់​ខ្លួន​។ ប្រទេស​បារាំង​ និង​អ៊ីតាលី​ក៏បាន​សម្រេចចិត្ត​ ផ្អាក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នេះ​ផង​ដែរ​។ ប្រធានាធិបតី​បារាំង​ លោក Emmanuel Macron ​បាន​និយាយ​ថា ​​បារាំង​នឹង​ផ្អាក​ប្រើ​វ៉ាក់​សាំងដោយ​រង់ចាំ​ ការ​វាយ​តំ​លៃ​ពី​និយតករ​របស់​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​អង្គារ​នេះ​។នាយករដ្ឋមន្ត្រី​អ៊ីតាលី​ លោក Mario Draghi​ បាន​និយាយ​ថា​ លោក​បានសម្រេច​ផ្អាក​ការប្រើប្រាស់​វ៉ាក់សាំង​ បន្ទាប់ពី​មានការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខា​ភិបាល​របស់​លោក​។ ​ប្រទេស​ដា​ណឺ​ម៉ាក​ និង​ន័​រ​វែ​ស​បាន​រាយការណ៍​ករណី​ដាច់ដោយឡែក ​ពី​ការ​ហូរ​ឈាម​ ឈាមកក​ក្នុង​សរសៃឈាម និង​ចំនួន​ផ្លា​កែ​ត​ទាប​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca។ ប្រទេស​អ៊ី​ស្លង់​ និង​ប៊ុលហ្គារី​បាន​ផ្អាក​ការប្រើប្រាស់​របស់​ខ្លួន ខណៈ​ដែល​​អូទ្រីស​បាន​ឈប់​ប្រើ​វ៉ាក់សាំង​នេះ​ជាច្រើន​វគ្គ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ូហ្គង់ដា បញ្ជូនក្រុមវេជ្ជសាស្រ្តទៅជួយកុងហ្គោដោះស្រាយការរីករាលដាលឆ្លងជំងឺអេបូឡា
07/08/2026 09:07 PM
ពលរដ្ឋអ៊ីរ៉ង់អំពាវនាវឲ្យបិទច្រកសមុទ្រ Hormuzទាំងស្រុង ក្រោយការវាយប្រហាររបស់អាមេរិក
07/08/2026 08:07 PM
យន្តហោះដឹកទំនិញមានយានិក ៥នាក់នៅលើយន្តហោះ បាត់ការទាក់ទងនៅជិតទីក្រុង Karachi ប្រទេសប៉ាគីស្ថាន
07/08/2026 08:07 PM
លោក Trump៖ សហរដ្ឋអាមេរិកប្រហែលជានឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំង​ក្លា​​ម្ដង​ទៀត យប់ថ្ងៃពុធនេះ
07/08/2026 08:07 PM
ប្រភព៖ លោក Trump បានប្រាប់មេដឹកនាំណាតូថា លោកចង់បន្ត​វត្តមាន​អាមេរិក នៅក្នុងសម្ព័ន្ធភាព
07/08/2026 08:07 PM
មេដឹកនាំទួរគីជំរុញឱ្យសម្ព័ន្ធមិត្តណាតូលុប​ការរឹតបន្តឹងឧស្សាហកម្មការពារជាតិ នៅឯកិច្ចប្រជុំកំពូល
07/08/2026 08:07 PM
សហភាពអឺរ៉ុបជំរុញឱ្យគ្រប់ភាគីគោរពបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ក្នុង​ពេលមានអរិភាពថ្មី
07/08/2026 08:07 PM
រុស្ស៊ីព្យាយាមបង្អាក់ប្រព័ន្ធ Starlink របស់លោក Musk ដើម្បីទប់ទល់យានដ្រូនអ៊ុយក្រែន
07/08/2026 08:07 PM
លោកស្រីនាយករដ្ឋមន្រ្តី Frederiksen ៖ ដាណឺម៉ាកត្រៀមខ្លួនរួចរាល់ក្នុងការការពាររាល់មីលីម៉ែត្រនៃទឹកដីណាតូ
07/08/2026 08:07 PM
មេបញ្ជាការកងកម្លាំងយានដ្រូនអះអាងថា អ៊ុយក្រែនវាយប្រហារនាវាដឹកប្រេងស្រមោល ៩គ្រឿងរបស់រុស្ស៊ី
07/08/2026 07:07 PM