សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»
TOP STORY | សម្ដេចតេជោជូនយោបល់ទៅកាន់នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាពិចារណាលើការផ្អាករាល់ការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងប្រជាជនថៃឆ្លងកាត់ព្រំដែន

ព័ត៌មានសំខាន់ៗ

សម្ដេចធិបតី Video Call ជួបសំណេះសំណាលផ្ទាល់ជាមួយពលរដ្ឋ ដែលទើបបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃ​ជាង​២០ឆ្នាំ ​នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ជាង១,៧០០គ្រួសារ ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត

2025/02/18 11:15:26 am        165
ប៉ោយប៉ែត៖ កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥ ជាប្រវត្តិសាស្ត្រថ្មី​ដ៏​មាន​តម្លៃ​បំផុត​លើ​ទឹក​ដី​ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់​ពី​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ចាត់​ឱ្យ​ឯកឧត្តម​បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចុះដោះស្រាយ​សម្រប​សម្រួល​បញ្ចប់​វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំ ជូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារ នៅចំណុចភូមិ​ទំនប់ក​៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋជាង១,៧០០គ្រួសារនៅក្នុងបរិវេណវត្ត​ទំនប់ក៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង ជា​ក់​ស្តែង​បង​ប្អូន​ប្រជាពលរដ្ឋនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត បានទទួលលទ្ធផលជាទីពេញចិត្ត ដោយ​បាន​បញ្ចប់​វិវាទដីធ្លីរ៉ាំរ៉ៃជាង២០ឆ្នាំកន្លងមកនេះទាំងស្រុង តាមការផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ​ឯក​ឧត្តម​បណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំសម្រប​សម្រួល​ដោះស្រាយ​បញ្ច​ប់​វិវាទ​រ៉ាំរ៉ៃ​ជាង​២០​ឆ្នាំជូ​នប​ងប្អូ​ន​ប្រជាពលរដ្ឋ តាមបែបឈ្នះឈ្នះ ។ នៅក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតពេល​ដ៏​មាន​តម្លៃ​យ៉ាង​មមាញឹក បានហៅ ទូរសព្ទ Video Call មកជួបសំណេះសំណាល​ផ្ទាល់​ជាមួយ​លោក​យាយ​លោក​តា ពូមីង បងប្អូន ប្រជាពលរដ្ឋ ដែលទើបបញ្ចប់​វិវាទ​រ៉ាំរ៉ៃ​ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល​បំផុត​ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែរំភើបសប្បាយបំផុត។ ឆ្លើយ​តបនឹងមនោសញ្ចេតនានៃទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បងប្អូនប្រជាពលរដ្ឋដែលទើបបញ្ចប់វិវាទរ៉ាំរ៉ៃនៅភូមិទំនប់ក៥ បាន​សម្តែង​អារម្មណ៍​រី​ក​រាយ​ត្រេក​អរ​រហូត​ស្រក់​ទឹកភ្នែក​រលីង​រលោង​លាយ​ឡំ​នឹង​ស្នាម​ញញឹម​ប្រកប​ដោយ​ក្តី​រំភើបសប្បាយយ៉ាងក្រៃលែង។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បាននាំយកទាំងមាន់ទា បន្លែ ផ្លៃឈើ ដូង ចេក ល្ហុង ខ្នុរ ជាដើម ដែលជាភោគផលពួកគាត់បាន ចិញ្ចឹម ដាំដុះ មើលថែតាមផ្ទះ មកគោរព​ផ្ញើ​ជូន​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន ទុកជាវត្ថុភ្ជាប់និស្ស័យកំដរដៃ បញ្ជាក់​អំពី​ចំណង​ទឹក​ចិ​ត្ត​គោរព​ស្រលាញ់ ដ៏ស្ម័គ្រស្មោះ និងការដឹងគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានផ្ញើសារ​អបអរសា​ទរ​ជា​មួយប្រជាពលរដ្ឋ ដែលរស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតចំនួន ១៧១៧ គ្រួសារ ចំពោះការដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជិត ២៥ ឆ្នាំ តាមរូបភាពឈ្នះ ឈ្នះ​ក្រៅ​ប្រពន្ធ័តុលាការ។ សម្ដេចធិបតី បាន កោតសរសើរ និង​អរគុណ​ចំពោះ​ក្រុម​ការងារ​ដឹក​នាំ​ដោយ​ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋាបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និង​គ្រប់​បណ្តា​ភាគី​ពាក់​ព័ន្ធ​ទាំងអស់ដែលបានខិតខំស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕

ក្រុមហ៊ុន ICAP បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា

2025/02/17 07:16:49 pm        93
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Infinite Capital Holding Company (ICAP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ដោយក្នុងនោះ, ក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យយានយន្ដប្រេីប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ គឺដោយសារកម្ពុជា​ មានសុខសន្តិភាពពេញលេញ និងស្ថិរភាព​ ជាពិសេស ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់​ និងប្រកបដោយភាពភាពធន់ក្នុងរង្វង់៦% បើទោះបីជាកម្ពុជាទទួលរងនូវផលប៉ះពាល់ដោយសារការរីករាត្បាតពីជំងឺកូវីដ-១៩ ក៏ដូចជាភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងនូវសេចក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត ក៏ដូចជាបន្តផ្សារភ្ជាប់ទំនាក់ទំនង​ និងពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា​ដើម្បីទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ក៏ដូចជាការស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឱ្យអនុវត្ត សំដៅដល់ការគាំទ្រ ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិននានានៅក្នុងប្រទេសកម្ពុជា ៕

គណៈប្រតិភូសភាសហរដ្ឋអាមេរិកគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិកដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ

2025/02/17 07:09:14 pm        83
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដែលរួមមាន​ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Salud Carbajal​ សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា​ មកពីគណបក្សប្រជាធិបតេយ្យ,​ ឯកឧត្តម​ Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ​​ មកពីគណបក្សសាធារណរដ្ឋ និង​សហការី​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប, គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានសម្ដែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានកត់សម្គាល់អំពីទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិកផងដែរ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ បន្ថែមពីនេះ, គណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់អំពីការបន្តធ្វេីការជាមួយរដ្ឋាភិបាល​សហរដ្ឋអាមេរិកឱ្យកាន់តែយល់ដឹងច្បាស់អំពីកម្ពុជា​ ដេីម្បីជំរុញការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសហរដ្ឋអាមេរិក-កម្ពុជា ឱ្យកាន់តែរឹងមាំ​។ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-សហរដ្ឋអាមេរិក​ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក​ ដែលបានចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាសហរដ្ឋអាមេរិក​ នាឱកាសនេះ ក៏ដូចជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញ៉ាប់រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលកន្លងមក នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងលេីកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ​ ឈានដល់កម្រិតខ្ពស់បន្ថែមទៀត។សម្ដេចបវរធិបតី និងគណៈប្រតិភូសភាសហរដ្ឋអាមេរិកក៏បានពិភាក្សាពីការពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត លើវិស័យជាច្រើនរួមមាន ជាអាទិ៍៖ វិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, សុខាភិបាល, ការពារជាតិនិងសន្តិសុខ និង​ការបោសសម្អាតមីន​ ជាដើម៕

ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតី​ដ៏ខ្ពង់ខ្ពស់​បំផុត​សម្ពោធ​សមិទ្ធផល​នានា​នៅ​វត្តឧណ្ណាលោម

2025/02/17 12:42:14 pm        217
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរា​ជ​ហឫទ័យ ​បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់​ខ្ពស់បំផុតក្នុង​ព្រះរា​ជ​ពិធី​សម្ពោធ​មហា​កុដិ​សម្តេច​ព្រះសង្ឃរាជ ជួន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និង អភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រម​ទាំង សមិទ្ធិនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ​ត្រូវបានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ សម្តេច​មហា​រដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងឥស្សរជន​សំខាន់​ៗ​ជា​ច្រើន​ទៀត​បាន​អញ្ជើញ​ដង្ហែ​អង្គ​ព្រះមហាក្សត្រ​ចូល​រួម​នៅ​ក្នុង​ព្រះរាជពិធីនេះផងដែរ។សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត សម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បាន​ទូលថ្វាយ និងជំរាបជូនថា វត្តឧណ្ណាលោម គឺជាវត្ត​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​វត្ត​ទាំង​៦​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែលត្រូវបាន សាងសង់ឡើងក្នុងរាជ្ជកាលព្រះបាទចៅពញាយ៉ាត ក្នុងឆ្នាំ១៤៣៧ ហើយ​អ្វី​ដែលជាកត្តាប្រវត្តិសាស្ត្រនោះ គឺមានតែវត្ត ឧណ្ណាលោមមួយគត់ ដែលមានប្រាសាទ​សម័យ​អង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះ សាងសង់ ឡើងក្នុងចន្លោះ​សវត្ស​ទី១១ ទី១២ មានចរនាបថកោះកេរ ធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត និងបាន​ប្រែ​ក្លាយ​ជា​ចេតិយ​នៅសម័យក្រោយអង្គរសម្រាប់ការគោរពបូជាក្នុងព្រះពុទ្ធសាសនា។វត្តនេះ មានមហាកុដិ​មួយ​ដែល​បាន ស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៤៩ក្រោមព្រះរាជូបត្ថម្ភ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុង​កម្ពុជា​ធិបតី និង​រួម​ដោយ​សទ្ធា​ជ្រះថ្លាពី​សំណាក់​ពុទ្ធ​បរិស័ទ​ក្រុង​ភ្នំពេញនិងខេត្តផ្សេងៗទៀត។មហាកុដិនេះទៀតសោត បានក្លាយជា​ព្រះរាជ​ដំណាក់​សម្តេច​ព្រះម​ហាសង្ឃរាជរហូតដល់៣ព្រះអង្គ មានសម្តេចព្រះសង្ឃរាជ ជួន ណាត សម្តេច​ព្រះ​សង្ឃ​រាជ ហួត តាត និងសម្តេចព្រះសង្ឃរាជ ទេព វង្ស។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅ ប្រគេន​សម្តេច​ព្រះ​មហា​អរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការ​វត្ត​ឧណ្ណា​លោម​ដែល​បាន​ធ្វើ​របាយការណ៍​រម្លឹក​អំពី​ប្រវត្តិសាស្ត្រនិងគូសបញ្ជាក់អំពីការជួសជុលសមិទ្ធផលនានា និងតួនាទីដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃបាន របស់វត្តឧណ្ណាលោមប្រកប​ដោយលក្ខណៈវិសេសដ៏គួរឱ្យចាប់អារ​ម្មណ៍​ទាំងទិដ្ឋភាព​ព្រះពុទ្ធ​សាសនា វប្បធម៌ និងប្រពៃណី។ ព្រះអង្គមានមានព្រះរាជបន្ទូលថា អារាម​នេះ​គឺ​​ជា​ទី​បណ្តុះ​នូវ​ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយ​ក៏ជាកន្លែង ដែលបានផ្តល់​កំណើត​ដល់​វចនានុ​ក្រម​ខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គផងដែរ ។ក្នុង​បរិការណ៍នេះព្រះអង្គបានលើកឡើងថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បាន​ក្លាយទៅជាចលករមួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរ​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រចាំ​ថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។ លើស​ពី​នេះ​ទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំង​តែ​ពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖ ទី១៖ វត្តអារាមខ្មែរ បាន​ដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើ​ឱ្យស​ង្គម​ខ្មែរ​ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម ។ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យ​មានចំណេះដឹងគ្រប់បែបយ៉ាង ។ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ និង ទី៤៖ វត្តអារាមខ្មែរ គឺជា​ទី​កន្លែងដ៏ទូលាយក្នុងការបញ្ជ្រាបនិងថែរក្សាអត្តសញ្ញាណ ព្រលឹង ជាតិ ដ៏សំ​ខាន់​តាំង​តែ​ពី​បរម​បុរាណដរាបរៀងមក ។ព្រះអង្គបានគូសបញ្ជាក់ថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយ​ផ្តល់​កន្លែង​ស្នាក់​នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត ។ ក្នុង​ចំណោម​នោះ​មាន​មួយចំនួនបានក្លាយ ទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ ។ ឆ្លៀត​នៅ​ក្នុង​ឱកាស​ដ៏​ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ បានអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏ អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការ​ធ្វើ​ឱ្យ​ព្រះពុ​ទ្ធ​សាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើង វិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ក្នុងពេលបច្ចុប្បន្ននេះ រាជ​រដ្ឋាភិ​បាល​កម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មាន​គោល​នយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ ។ អាស្រ័យ​ហេតុ​នេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុង​សម័យ​កាល​សន្តិភាពនេះបានឡើយ ។ព្រះអង្គបានយកនូវឱកាសនេះកោតសរសើរចំពោះសប្បុរសជននានារួម ទាំងពុទ្ធបរិស័ទ ដែល​បាន​ជួយ​កសាង និងជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជូន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និង​អភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធ​ផល​នានា​ក្នុង​វ​ត្ត​ឧណ្ណា​លោម​តាំង​ពី​ដំណាក់​កាលដំ​បូង រហូតមកទល់នឹងថ្ងៃសម្ពោធនេះ បានល្អប្រពៃ៕ អត្ថបទ មុត សុទ្ធ

ព្រះករុណាព្រះមហាក្សត្រ៖ «មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ​ព្រះពុទ្ធសាសនានៅក្នុងសម័យកាលសន្ដិភាពនេះបានឡើយ»

2025/02/17 10:27:16 am        282
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា មានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយ​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានភាពឆ្លាសវៃ មានគោលនយោបាយ សម​ស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យហេតុនេះមិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សម័យ​កាល​សន្ដិភាពនេះបានឡើយ។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះររាជបន្ទូលបែបនេះ ក្នុងឱកាសថ្លែង​ព្រះរាជ​សុន្ទរកថា​ក្នុង​ព្រះ​រាជ​ពិធី​សម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្ស​សាស្ត្រា​ស្លឹក​រឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ។ ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ជាតឹកតាងប្រវត្តិសាស្រ្ដ និងតួនាទី​ដ៏​សំខាន់​មិន​អាច​កាត់​ថ្លៃ​បានរបស់វត្តឧណ្ណាលោម ទាំងទិដ្ឋភាពព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណី គឺជា​ទី​បណ្ដុះ​នូវ​ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយ​ជា​ទីកន្លែង​ដែល​បាន​ផ្ដល់​កំណើត​ដល់​វចនានុក្រម​ខ្មែរ​តាមរយៈការលះបង់ដ៏ធំធេងរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពេញ​មួយ​ព្រះជន្ន​របស់​ព្រះអង្គផងដែរ។ព្រះករុណាមានព្រះបន្ទូលបន្តថា ក្នុងបរិការណ៍នេះ តួនាទីដ៏លេចធ្លោរបស់វត្តអារាម ព្រះពុទ្ធ​សាសនា បានក្លាយទៅ​ជាចលករ​មួយ​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ​បាន​រវាង​ដំណើរ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រចាំថ្ងៃ និងការអភិឌ្ឍសង្គមជាតិ ដែលមានន័យថា «វត្តអារាម និងសង្គមគឺតែមួយ»។ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិ​ទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មាន​ភាព​ឆ្លាស​វៃ មានគោលនយោបាយ សមស្របទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អ ប្រសើរ។ អាស្រ័យ​ហេតុនេះ មិនអាចមានបុគ្គលណាមួយ ប្រមាថ ឬប្រទូសរ៉ាយ ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សម័យ​កាល​សន្ដិភាពនេះបានឡើយ»។ ក្នុងឱកាសនេះដែរព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរ ដល់​សប្បុរស​ជន​នានា និងពុទ្ធបរិស័ទ ដែលបានជួយកសាង ជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិ​នានា​ក្នុង​វត្ត​ឧណ្ណា​លោម​តាំង​ពី​ដំណាក់កាលដំបូងរហូតថ្ងៃសម្ពោធនេះបានល្អប្រពៃ៕

ព្រះករុណាព្រះមហាក្សត្រ ថ្លែងអំណរគុណសម្តេចតេជោដែល​បានខិតខំធ្វើ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​មានព្រលឹងឡើងវិញ

2025/02/17 10:03:22 am        314
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល​បាន​ខិតខំ​ធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹង និងរស់ឡើងវិញដូចសព្វថ្ងៃនេះ។ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី​សម្ពោធ​មហា​កុដិ​សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិ​នានា​ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៥នេះព្រះ ករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកដ៏ អស្ចារ្យប៉ិនប្រសប និងឈ្លាសវៃក្នុងការធ្វើឲ្យព្រះពុទ្ធសាសនា និង​វត្ត​អារាម​មាន​ភាពរីកចម្រើនជាបន្តបន្ទាប់ ដែលនាំឲ្យមានស្ថិរភាពសង្គម និងសុខសន្តិភាព​ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងកោតសរសើរចំពោះការដឹកនាំ របស់​រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ មាន​គោល នយោបាយច្បាស់លាស់ និងសមស្របទទួលបានការរីកចម្រើន និងស្ថិរភាព​សង្គម​ល្អ​ប្រសើរ ខណៈអាស្រ័យហេតុនេះគ្មានបុគ្គលណាមួយប្រមាថ ឬប្រទូសរាយចំពោះ​ព្រះពុទ្ធ​សាសនា​នៅ​សម័យកាលនៃសុខ សន្តិភាពនេះបាននោះឡើយ។ព្រះករុណាព្រះមហាក្សត្រព្រះអង្គក៏បានថ្លែងអំណរអរគុណ និងកោតសរសើរដល់សប្បុរសជននា នា​រួមទាំងពុទ្ធបរិស័ទ ដែលបានករសាង និងជុះជុលមហាកុដ្ឋសម្តេចព្រះសង្ឈរាជ ជូន ណាត​ និង​វិទ្យា​ស្ថាន​ស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិនានាក្នុងវត្តឧណ្ណាលោម តាំង​ពី​ដំណាក់​កាលដំបូងរហូតដល់បានរួចជាស្ថាពរបានយ៉ាងល្អប្រពៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ៖ វត្តអារាមបានដើរតួនាទីជំរុញបណ្តុះសីលធម៌ គុណធម៌ដល់សង្គមខ្មែរទាំងមូល

2025/02/17 09:30:09 am        434
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា វត្តអារាម នៃព្រះពុទ្ធសាសនា បានរួមវិភាគ​ទាន​ដល់​សង្គម​ខ្មែរ​តាំង​តែ​ពីបុរាណ កាលរហូតដល់សព្វថ្ងៃនេះ ខណៈវត្តអារាម​នេះ​គឺ​ជា​ទីកន្លែង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការបណ្តុះសីលធម៌ និងគុណធម៌សង្គមខ្មែរ និងជាទីកន្លែង​បណ្តុះ​បណ្តាល​អប់រំ​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្ត និងកសាងធនធាន មនុស្សឲ្យមានចំណេះដឹងជាដើម។ក្នុងឱកាស​ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី​សម្ពោធ​មហា​កុដិ​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង​សមិទ្ធិ​នានា​ក្នុង​វត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២៥នេះព្រះ ករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលថា ក្នុង​បរិកា​រ​នេះ​តួនាទី​លេច​ធ្លោរ​របស់វត្តអារាមព្រះ ពុទ្ធសាសនា បានក្លាយទៅជាជលករមួយ ដែលមិនអាច​កាត់​ផ្តាច់​ចេញ​បាន​ទាំងដំណើរជីវិតពលរដ្ឋខ្មែរប្រ ចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមាន​ន័យ​ថា​«វត្តអារាម និងសង្គមគឺតែមួយ»។ព្រះករុណាព្រះមហាក្សត្រព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា តាំងពីអតីត​កាល​រហូត​ដល់​បច្ចុបន្ន​កាល វត្តអារាមបានជួយផ្តល់កន្លែងស្នាក់នៅ បួស រៀនសូត្រ ចំណេះដឹ​ង​ទូទៅ​ដល់​អ្នក​ដែល​មាន ការខ្វះខាត ដោយក្នុងចំណោម​នោះ​មាន​មួយ​ចំនួនបា​ន​ក្លាយ​ទៅ​ជា​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​ក្នុងការបម្រើរដ្ឋផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន

2025/02/16 03:20:02 pm        337
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចជូនស្រ្តីនិងកុមារីជានិច្ច នៅក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិញបានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីជាអ្នកសម្រេចចិត្តកាន់តែច្រើននោះ។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។នៅក្នុងឱកាសដ៏មហោឡារិកនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ក៏ដូចជានៅទូទំាងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើគម្រោងស្មោកគ្រោក ដែលជាសកម្មភាពភេរវកម្មរបស់ក្រុមជ្រុលនិយមក្នុងការប្រើប្រាស់ដ្រូនប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ សកម្មភាពដ៏ថោកទាប ខ្មៅកខ្វក់ គ្មានសាសនានេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើអាយុជីវិតឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិមិនអាចអត់ឱនបានឡើយ។ សកម្មភាពឆ្កួតលីលានេះ នឹងឈានដល់ការបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសនឹងទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី។ បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ ក៏ដូចជាការអានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកពញឮ និងការបេ្តជ្ញាចិត្តរបស់ ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយបានលើកពីទិសដៅការងារដែលត្រូវអនុវត្តបន្ត ព្រមទំាងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនជូនក្រុមការងារដើម្បីយកទៅអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលល្អ ស្របតាមគោលនយោបាយនិងផែនការរបស់គណបក្ស។នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកអង្គពិធីទំាងមូលផងដែរ។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាស្រុកពញាឮទំាងមូល សម្រេចបាននាពេលកន្លងមក។ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ថ្មីៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន។សម្តេចប្រធានរដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលផងនោះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តជ្រោងទង់ បង្កើតសមិទ្ធផលថ្មីៗ ជូនសង្គមជាតិ ដូចជាការការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ធានាបាននូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិងភាពអនុគ្រោះសម្រាប់សម្មភាពអាជីវកម្មនិងការរស់នៅរបស់ប្រជាជន។ បានទាក់ទាញការវិនិយោគនិងការជំរុញលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងប្រទេស ការបន្តផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលនូវផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធឌីជីថល។ ការកែទម្រង់អភិបាលកិច្ចនិងស្ថាប័នសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈជាដើម។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេន កំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀតក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។សូមជម្រាបថាក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដែលមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្រ្តីគណបក្សខេត្តក្នុងការសម្របសម្រួលនិងជំរុញការអនុវត្ត ភារកិច្ចរបស់ក្រុមការងារចលនាស្រ្តី បណ្តាញស្រ្តីគ្រប់ថ្នាក់ដើម្បីធានាបាននូវសុខដុមនីយកម្មការងារចលនាស្រ្តីក្រោមការដឹកនាំរបស់គណបក្ស។ បន្ទាប់ពីបានលើកឡើងពីការងារសំខាន់ៗដែលក្រុមការងារចលនាស្រ្តីគណបក្សស្រុកត្រូវអនុវត្តហើយ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍ចំនួន៦ចំនុចដល់ក្រុមការងារមានដូចជា៖១- បន្តសហការជាមួយគណបក្សនិងក្រុមការងារគណបក្សមូលដ្ឋានស្រុកពញាឮ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខុមាលភាពស្រ្តី និងសុខភាពមាតានិងទារក។ ២- កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្សនិងក្រុមការងារគណបក្សនិងស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត។៣- បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម ។ ៤- រៀបចំបែងចែកភារកិច្ចក្នុងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកឱ្យទទួលបន្ទុកតាមឃុំ ភូមិច្បាស់លាស់។ សហការចូលរួមជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ៥- ខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹកនិងជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ បន្តខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។ ៦- ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំនិងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនាដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផល​ការងារ​ចុះមូលដ្ឋាន​ប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

2025/02/14 10:37:33 am        171
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព។រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន៕

ថវិកា៥លានដុល្លារអាមេរិកត្រូវបានកាកបាទក្រហមកម្ពុជាប្រគល់ជូនមន្ទីរពេទ្យហ្លួងម៉ែ

2025/02/13 05:49:31 pm        103
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម។ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានមានក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃមន្ទីរពេទ្យហ្លូងម៉ែ ដែលបានយកចិត្តទុកដាក់ខិតខំ រៀបចំឱ្យមន្ទីរពេទ្យហ្លួងម៉ែជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ដូចជា៖ ម៉ាស៊ីនបាញ់កាំរស្មី ម៉ាស៊ីន CT Scan,ម៉ាស៊ីន RF Ablation System, ម៉ាស៊ីន C-Arm, ម៉ាស៊ីន Endoscope Ultrasound System ។ល។ ដែលបានដាក់ដំណើរការ តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រៀងមក។លោកជំទាវបណ្ឌិតបន្តថា ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យ ចាប់ពីខែមីនាខាងមុខនេះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ជូនថវិកាចំនួន៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀត នូវសម្ភារៈបរិក្ខារដែលមានដូចជាម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លួងម៉ែ សូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់បំផុតចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៍មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ចំនួន៥លានដុល្លាអាមេរិក ជូនដល់មន្ទីរពេទ្យហ្លួងម៉ែ។ លោកសាស្ត្រាចារ្យឱ្យដឹងថា គុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់គ្នា ដើម្បីខិតខំបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងនាមគណៈគ្រប់គ្រងនៃ មន្ទីរពេទ្យ សាស្ត្រាចារ្យ ប្តេជ្ញា និងសន្យាថា នឹងប្រើប្រាស់ថវិកាដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអភិវឌ្ឍន៍មន្ទីរពេទ្យនេះ ស្របតាមឆន្ទៈរបស់ថ្នាក់ដឹកនាំ ឱ្យកាន់តែល្អប្រសើរថែមទៀត។សូមជម្រាបថាមន្ទីរពេទ្យហ្វូងម៉ែ គឺជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។ អតីតមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិតផ្ទាល់ បានលើកយោបល់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ​អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តអំពាវនាវសហគមន៍អន្តរជាតិថ្កោលទោសថៃ ខណៈបាញ់ជនស៊ីវិលកម្ពុជា ស្លាប់ដល់១៥នាក់
12/16/2025 10:12 AM
កូរ៉េខាងត្បូង នឹងចេញសាលក្រម ជុំវិញសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon នៅដើមឆ្នាំក្រោយ
12/16/2025 10:12 AM
ស្ថានទូតចិនប្រចាំអង់គ្លេស ថ្កោលទោសការជ្រៀតជ្រែករបស់អង់គ្លេសលើកិច្ចការផ្ទៃក្នុងចិនពាក់ព័ន្ធលោក Jimmy Lai
12/16/2025 10:12 AM
មន្រ្តីអាមេរិក៖ អ៊ុយក្រែន អាចនឹងទទួលបានការធានាសន្តិសុខដូចអង្គការណាតូ ក្នុងកិច្ចព្រមព្រៀងសន្តិភាព
12/16/2025 10:12 AM
បេឡារុស នឹងស្វាគមន៍មេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro ប្រសិនបើលោកចុះពីតំណែង
12/16/2025 10:12 AM
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
12/16/2025 09:12 AM
អ៊ីស្រាអែល ស្តីបន្ទោសរដ្ឋាភិបាលអូស្ត្រាលីចំពោះការវាយប្រហារសម្លាប់មនុស្ស១៥នាក់អំឡុងបុណ្យសាសនា
12/16/2025 09:12 AM
ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បន្តទទួលអំណោយពីសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និង​ជួយដល់ជនភៀសសឹក
12/16/2025 09:12 AM
ថ្ងៃនេះ ទាហានឈ្លានពានថៃបាញ់កំាំភ្លើងធំចេញពីនាវាចម្បាំងខ្លួន ចូលតំបន់អូរភ្លុកដំរី និងបន្តផ្លោងចូលកម្ពុជាជាច្រើនកន្លែងទៀត
12/16/2025 09:12 AM
ប្រធានាធិបតី ដូណាល់ ត្រាំ បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយសង្រ្គាមកម្ពុជា និងថៃ ខណៈ​បច្ចុប្បន្ន​កំពុងមានមនុស្សស្លាប់ ដែលជារឿងមិនគួរកើតឡើងទេ ហើយលោកបញ្ជាក់ថា​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ
12/16/2025 09:12 AM