TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះ ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែបានអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តបង្កើតបានសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញនៅកម្ពុជា

2024/12/29 09:57:14 pm        136
ភ្នំពញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា នយោបាយ ឈ្នះ ឈ្នះ ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយទេ ប៉ុន្តែបានអនុវត្តជាក់ស្តែងដោយការជឿទុកចិត្តបង្កើតបានសន្តិភាព ការបង្រួបបង្រួមជាតិពេញលេញនៅកម្ពុជា។សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមនៅយប់ថ្ងៃទី២៩ ធ្នូ ២០២៤ នេះថា ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍នយោយ ឈ្នះ ឈ្នះ។សម្ដេចមានប្រសាសន៍ថា តាមពិតដូចពួកគាត់និយាយគឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេគឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិង អនុវត្តជាក់ស្តែងដោយការជឿទុកចិត្តដែលបង្កើតបានសន្តិភាពការបង្រួបបង្រួមជាតិ និងឯកភាពទឹករយៈពេល ២៦ ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។សម្ដេចតេជោថ្លែងថា ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។សម្ដេចបញ្ជាក់ថា បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយតែបែរជាចេញពីជំនឿទុកចិត្តទៅវិញ៕

អបអរសាទរខួប២៦ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន និងអបអរសាទរទិវាសន្តិភាពនៅកម្ពុជាលើកទី១ ឆ្នាំ២០២៤

2024/12/29 07:04:26 am        179
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួប ២៦ឆ្នាំហើយ សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ពេញផ្ទៃប្រទេស និងអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជាលើកទី១» ដែលរាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃទី​២៩ ខែធ្នូ ជា​រៀងរាល់ឆ្នាំ​ ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ជាការ​ឆ្លើយតបទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​កម្ពុជា គឺ​ការស្រឡាញ់​សន្តិភាព ហើយ​ស្អប់ខ្ពើម​សង្គ្រាម៕

ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ គឺដើម្បីចូលរួមអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»

2024/12/28 08:30:45 am        199
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញ​ជា​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​វាយ​កូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ខណៈការប្រកួត​នេះ​ក៏​ដើម្បីចូលរួមអបអរសាទរខួប លើកទី២៦ឆ្នាំនៃ«ទិវាសន្តិភាព»នៅកម្ពុជាផង និង​លើក​ស្ទួយ​វិស័យ​កីឡា​វាយកូនគោលផងដែរ។ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ រៀបចំ​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​គោល​នេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវ​ការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។ នេះ​ក៏​ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាង​បាន​នូវ​សន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាល​ពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេសជាការរម្លឹកដឹងគុណ និងចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារី​ស្នេហា​ជាតិ​រប​ស់​កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំង​សមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេច​បាន​នូវ​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រា​ម​នៅ​កម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និង​ប្រជាជន​កម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។ទិវា​សន្តិភាពនេះជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំង​ក្នុងពេល អនាគត ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខ​លំបាក​យ៉ាង​វេទនា​របស់​ប្រជាជនកម្ពុជា ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយសង្គ្រាម និងការ​បែក​បាក់​ជាតិ ព្រមទាំងបំផុស ស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យស្អប់ខ្ពើមនូវសង្គ្រាម។ ជា​ការ​បំផុស​ស្មារតី​ដល់​ប្រជាជនកម្ពុជាគ្រប់ជំនាន់ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុង​ពេល​អនាគត​ឱ្យ​យល់​ដឹង​ច្បាស់​អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា ពិសេសការចូលរួមការពារ និងថែរក្សាឱ្យបានដាច់ខាតនូវ “សុខសន្តិភាព” ដែលជា​អាយុ​ជីវិត​របស់​ជាតិ​ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ ប្រជា​ជន​កម្ពុជាប្រកបដោយចីរភាព និងភិយ្យោភាព។ទន្ទឹមជា​មួយគ្នានេះ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ ក៏ជាការ​ចូលរួម​ចំណែក​បំផុស​នូវ​យុទ្ធនាការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រជា​ពលរដ្ឋ​ម្នាក់​ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុស​លើក​កម្ពស់​បំផុស​វិស័យ​កីឡា​វាយ​កូន​គោល​នៅ​កម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ គឺ​បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រកម្ពុជាអញ្ជើញបើកការប្រកួត និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី។គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើក​ទី​៨​នេះ ដឹកនាំរៀបចំដោយឯកឧត្តម សន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្រ្តី ប្រធាន​គណៈ​កម្មការ​ដឹកនាំ សហការដោយ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សហព័ន្ធកីឡាវាយ​កូន​គោល​កម្ពុជា​ និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វរីស៊ត៕

នាយកប្រតិបត្តិក្រុមហ៊ុនប្លុកឆេនកំពុងស្វែងរកឱកាសវិនិយោគវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា និងនាំចេញបន្ទះសូឡាផលិតនៅកម្ពុជាទៅអាមេរិក

2024/12/27 03:36:14 pm        238
នៅព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយក​ប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយា​របស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំង​ក្រុម​គ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​ចំពោះ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។ សម្តេច​តេជោ បានបញ្ជាក់ថា ជំនួបនេះគឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយារបស់លោក គឺ​លោក​ស្រី Lyna Lam មានដើមកំណើតខ្មែរ និងកាន់ព្រះពុទ្ធសាសនាដូចសម្តេចដែរ។ ជាមួយ​នេះ​ដែរសម្តេច បានកោតសរសើរចំពោះ លោកស្រី ដែលបាន​ពុះពារ​តស៊ូ​ជំនះ​ឧបសគ្គ​ជា​ច្រើន​រហូត​បាន​ទៅ​រស់នៅសហរដ្ឋអាមេរិក (ស.រ.អា) ក្នុងកាលៈទេសៈ​ដែល​កម្ពុជា​ទើប​ចេញ​ពី​រប​ប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។នាឱកាសជំនួបនេះ លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទីបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ទទួល​ជួប​រូប​លោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអ​ភិវឌ្ឍ​យ៉ាងឆា​ប់​រហ័ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់។ លោក Chris Larsen បញ្ជាក់បន្ថែមថា លោក និង​ក្រុម​គ្រួសារ​នឹង​ខិតខំ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រួម​ចំណែក​ពង្រឹង និងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសក្នុងសករាជ​នៃ​រដ្ឋបាល​ថ្មី​របស់​ប្រធានា​ធិបតី Donald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។ លោកបន្តថា លោក​កំពុង​ស្វែង​រក​នូ​វ​កាលា​នុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីក​ការ​នាំ​ចេញ​នូវ​បន្ទះ​សូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវ​ឧស្ម័ន​ធម្មជាតិ​តម្លៃទាប​មក​កម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ថែម​ទាំង​រួមជាវិភាគទានដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងគ្នា​នេះដែរ លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ ថា ក្នុងនាមជាជនជាតិ​ខ្មែរ លោកស្រី និងក្រុមគ្រសារ បានមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយ​លោក​ស្រី​បាន​និង​កំពុង​ជំរុញការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​មរតក​ដូនតា​ខ្មែរ​ដ៏​ល្អ​ផូរ​ផង់​សម្បូរ​បែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែររបស់លោកស្រីនៅសហរដ្ឋអាមេរិក។ លោកស្រី បាន​ជម្រាបជូន សម្តេចតេជោ អំពីគំនិតផ្តួចផ្តើមរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការ​ចូលរួម​លើក​កម្ពស់​វិស័យព្រះពុទ្ធសាសនា តាមរយៈការកសាងវត្តធំជាងគេមួយកន្លែងនៅស.រ.អា នៅ​ទី​ក្រុង​សាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា។ គោលបំណងសំខាន់នៃការសាងសង់វត្តនេះ គឺ​សម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា, សម្រាប់​ជា​កន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ, សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះ​សង្ឃ​និមន្តមកពីកម្ពុជា និងសម្រាប់​ដាក់​តម្កល់ និង​ថែ​រក្សា​ឯកសារ​ពាក់ព័ន្ធ​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ​។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Chris Larsen ចំពោះការក​ត់​សម្គាល់​ជា​វិជ្ជមាន​នៃ​ការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា សម្តេច បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បាន​ជួប​ប្រាស្រ័យ​ផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុង​រដ្ឋបាល​ទី​១​របស់​លោក។ សម្តេចបន្តថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ ស.រ.អា ជាពិសេស ការជំរុញ​សហ​ប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។ សម្តេច​តេជោ បានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះ​ការ​ស្វែង​រក​នូវ​កាលានុវត្តភាពថ្មីៗក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយ​បាន​បញ្ជាក់​ថា កម្ពុជាមិនមានគោលនយោបាយស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់​ការ​ផលិត​នំា​ចេញ​នោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។សម្តេច បានសម្តែងការគាំទ្រផងដែរដល់ លោក Chris Larsen ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុង​ការ​ចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ស.រ.អា តាមរយៈវិស័យធុរកិច្ច ដោយ​បាន​គូស​បញ្ជាក់​ថា កម្ពុជាតែងតែត្រូវការ និងស្វាគមន៍ជានិច្ច វិនិយោគិនពី ស.រ.អា។ ជាមួយគ្នា​នេះ​ដែរ​សម្តេច​តេជោ បានថ្លែងអំណរគុណ និងគាំទ្រចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​របស់​លោក​ស្រី Lyna Lam ទោះបីរស់នៅសហរដ្ឋអាមេរិកយូរយ៉ាងណាក្តី។ សម្តេចតេជោ បានបន្ថែមថា សម្តេច​ពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និង​ក្រុម​គ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី​ដើម​ដ៏​ចំណាស់របស់យើង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរយើង ទោះបីយើង​រស់​នៅ​ទីណា​កន្លែង​ណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ៕

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធដែលនឹងមកដល់កម្ពុជានាពេលខាងមុខ

2024/12/25 04:52:23 pm        154
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយទទួលជួបលោកជំទាវឯកអគ្គរដ្ឋទូត ឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា និងសហការី មុនពេលដែលលោកជំទាវចាកចេញពីកម្ពុជា។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ និងជោគជ័យនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅឥណ្ឌា ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតកម្ពុជា-ឥណ្ឌា។ នាឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ ដែលទទួលជួប លោកជំទាវ និងសហការី ទោះបីសម្តេចមានកិច្ចការដ៏មមាញឹកក៏ដោយ។ លោកជំទាវ បានសម្តែងនូវការដឹងគុណសម្តេចតេជោ ចំពោះការណែនាំ ភាពជាអ្នកដឹកនាំ និងមិត្តភាព ដែលនាំឱ្យលោកជំទាវសម្រេចបាននូវបេសកកម្មការទូតរយៈពេល៤ឆ្នាំនៅកម្ពុជា ជាមួយនឹងសមិទ្ធផលប្រកបដោយក្តីពេញចិត្ត។ លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតរបស់សម្តេច, ជ័យជម្នះនៃការបោះឆ្នោតចុងក្រោយនៅកម្ពុជា និងការផ្ទេរអំណាចដោយរលូនទៅអ្នកដឹកនាំជំនាន់ក្រោយ វ័យក្មេង និងប្រកបដោយថាមពល។ លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តរំឭកអំពីចក្ខុវិស័យនិងភារកិច្ចធំចំនួនបួនដែលសម្តេចតេជោ បានណែនាំដល់លោកជំទាវនាដើមអាណត្តិការទូត ដែលរួមមាន ការបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា សន្ធិសញ្ញាវិនិយោគទ្វេភាគី ការតភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីញូវដែលី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ទៅកម្រិតកំពូល។ ក្នុងចំណោមនោះលោកជំទាវ ឯកអគ្គរដ្ឋទូត សម្រេចបានជោគជ័យក្នុងការភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅរដ្ឋធានីញូវដែលីនៅឆ្នាំនេះ ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់អនឡាញ។ លោកជំទាវ ក៏បានបញ្ជាក់ផងដែរ អំពីគម្រោងផ្សេងៗដែលឥណ្ឌាបាន ហើយនឹងជួយដល់កម្ពុជា មានគម្រោងអភិរក្សប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ការកសាងសមត្ថភាព និងទំនាក់ទំនងផ្នែកពុទ្ធសាសនា ការបញ្ជូនសត្វខ្លា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។ នៅក្នុងសកម្មភាពមីន លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលកម្ពុជាសម្រេចបាន ជាពិសេសការរៀបចំយ៉ាងជោគជ័យនូវ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះដែរ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចតេជោ មានបទពិសោធន៏យ៉ាងទូលំទូលាយ ខាងនយោបាយសកលលោក។ សំឡេងគាំទ្ររបស់សម្តេចតេជោ និងបុរេសកម្មរបស់កម្ពុជា នៅក្នុងក្រុមប្រទេស Global South មានសារៈសំខាន់ណាស់។ លោកជំទាវ បានអរគុណ សម្តេចតេជោ ដែលបានគាំទ្រ ប្រទេសឥណ្ឌា ជាតួអង្គលេចធ្លោនៃ Global South និង ជាម្ចាស់ផ្ទះនៃ 3rd Voice of Global South Summit ដែលបានផ្តោតកិច្ចពិភាក្សាលើ បញ្ហាសកលនានា ដូចជា ជម្លោះ វិបត្តិសន្តិសុខស្បៀង និង ថាមពល ការប្រែប្រួលអាកាសធាតុ។ លោកជំទាវឯកអគ្គរដ្ឋទូត វាយតម្លៃខ្ពស់ចំពោះ តួនាទីដ៏សំខាន់ផងដែររបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ និងកិច្ចចរចាពហុភាគី។ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ខ្ពស់ចំពោះមិត្តភាព និងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-កម្ពុជា។ លោកជំទាវ បានបន្តជម្រាប សម្តេចតេជោ អំពីបំណងរបស់ឯកឧត្តម ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា មកទស្សនកិច្ចនៅកម្ពុជា និងសង្ឃឹមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងសម្តេចតេជោ នឹងបំពេញទស្សនកិច្ចនៅឥណ្ឌានាពេលវេលាសមស្របខាងមុខ ដើម្បីជាកម្លាំងចលករក្នុងការធ្វើឱ្យស៊ីជម្រៅនៃទំនាក់ទំនងប្រទេសយើងទាំងពីរ។ជាកិច្ចឆ្លើយតបសម្តេចតេជោ បានថ្លែងអរគុណលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះការវាយតម្លៃខ្ពស់របស់លោកជំទាវ ចំពោះការដឹកនាំ និងរៀបចំអ្នកបន្តវេនរបស់សម្តេច ដែលស្ទើរគ្មាននៅលើពិភពលោក ដើម្បីចៀសវាងភាពច្រំដែលនៃប្រវត្តិសាស្រ្ត និងរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង។ សម្តេចតេជោបានកោតសរសើរចំពោះមិត្តភាពកម្ពុជា-ឥណ្ឌា ដែលប្រទេសយើងទាំងពីរមានទំនាក់ទំនងជាប្រវត្តិសាស្រ្ត ការទទួលស្គាល់ គាំទ្រនិងជួយគ្នាទៅវិញទៅមកនាពេលកន្លងមក។ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយចំពោះការសម្រេចចក្ខុវិស័យនិងភារកិច្ចធំៗមួយចំនួន និងមួយចំនួនកំពុងត្រូវបានជំរុញបន្ថែម ជាតួយ៉ាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សម្តេចបានគូសបញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់របស់ប្រទេសយើងទាំងពីរ មិនត្រឹមតែជំរុញទេសចរណ៍វប្បធម៌ ធម្មជាតិប៉ុណ្ណោះទេ ថែមទាំងទេសចរណ៍សាសនាផងដែរ។ សម្តេចតេជោ បានស្វាគមន៍ចំពោះសត្វខ្លាឥណ្ឌា និងព្រះបរមសារីរិកធាតុរបស់គោតមពុទ្ធ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខ។ សម្តេចបាន គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី មានការកើនឡើង ក៏ប៉ុន្តែ មិនទាន់ស័ក្តិសមនឹងសក្តានុពលដែលប្រទេសទាំងពីរមាននៅឡើយទេ និងបានស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ឥណ្ឌា។ សម្តេច បានលើកឡើងថា កម្ពុជា បានសម្របសម្រួលគោលនយោបានការបរទេសជាមួយនឹងបណ្តាប្រទេស Global South ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោក ក៏ដូចជា កិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាផងដែរ។

​ សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំនាក់ទំនងល្អការទូតកម្ពុជា-វៀតណាមបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ

2024/12/25 03:47:13 pm        147
ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ​ជាកិច្ចចាប់ផ្តើម បន្ទាប់ពីបានបំពាក់គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ក្នុងនាមព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងសហការីមុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតចាកចេញពីកម្ពុជា។នាឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានឆ្លៀតពេលដ៏មមាញឹក អនុញ្ញាតឱ្យឯកឧត្តមនិងសហការី បានជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងនូវសេចក្តីដឹងគុណផងដែរចំពោះ សម្តេចតេជោ ដែលបានគាំទ្រដល់ឯកឧត្តមផ្ទាល់ ក្នុងរយៈពេល៤៤ឆ្នាំ កន្លងមកនេះ និងជាពិសេសក្នុងរយៈពេលដែលឯកឧត្តមជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ទទួលបានជោគជ័យ  និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជាទាំងអស់ ដែលបានផ្តល់គ្រឿងឥស្សរិយយសជូនឯកឧត្តម ដែលនេះគឺជារង្វាន់ដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបានសម្រាប់រូបឯកឧត្តម ក៏ដូចជាស្ថានទូតវៀតណាម។ ឯកឧត្តម បានលើកឡើងថាក្នុងនាមជាជនជាតិវៀតណាមម្នាក់ ឯកឧត្តមឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយជាអតិបរមាដែលបានចូលរួមចំណែកផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវទំនាក់ទំនងវៀតណាម-កម្ពុជា ក្នុងរយៈពេល ៤៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជបូជនីយកិច្ច ប្រកបដោយសុភវិនិច្ឆ័យរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនជាស្នូល ដែលបាននាំមកនូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសន្តិសុខ ព្រមទាំងបានពង្រឹង និងពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើនខ្លាំងក្លា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីការរីកចម្រើននៃការទូតរបស់កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដែលបាននំាមកនូវកិត្យានុភាព និងតួនាទីយ៉ាងសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ និងកាន់តែត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តជម្រាបជូន សម្តេចតេជោ ថាឯកឧត្តម មានសេចក្តីសប្បាយរីករាយ ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥៧ឆ្នាំ គិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្នមានការរីកចម្រើនយ៉ាងល្អប្រសើរឥតឈប់ឈរលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការទូត យោធា សន្តិសុខ អប់រំ ស្ថាប័ន ទំនាក់ទំនងសភា អាជ្ញាធរតាមបណ្តាខេត្ត និងការងារការទូតទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍប្រទេសយើងទាំងពីរ។ ឯកឧត្តម មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងគណបក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម ជាប្រធាន ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ ជាកិច្ចឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេស កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវៀតណាម ដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូ ឡឹម នៅកម្ពុជា គណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលនៅវៀតណាម និងចូលរួមបុណ្យសពថ្នាក់ដឹកនាំវៀតណាម ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំវៀតណាមចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ។  សម្តេចតេជោ ពិតជាមានសេចក្តីរីករាយដោយបានឃើញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរមានការកើនឡើង ដែលជាកត្តាសត្យានុម័ត។ ប្រសិនបើគ្មានមានការគាំទ្រពីទំនាក់ទំនងសេដ្ឋកិច្ចទេ ទំនាក់ទំនយោបាយក៏មិនអាចរឹងមាំដែរ ដូច្នេះទំនាក់ទំនងសេដ្ឋកិច្ចគាំទ្រដល់ទំនាក់ទំនងនយោបាយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា-វៀតណាមគួរបន្តខិតខំប្រឹងប្រែងពង្រឹងពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរប្រជាជន និងប្រជាជនតាមរយៈវិស័យទេសចរណ៍ជាពិសេស ការធ្វើដំណើរតាមផ្លូវគោក។សម្តេចតេជោបានបន្ថែមថា ក្នុងរយៈពេល៥៧ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអស់៤៥ឆ្នាំ និងបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។ ជាចុងបញ្ចប់ សម្តេចតេជោ បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងភារកិច្ច និងនាឱកាសចូលឆ្នាំថ្មីឆ្នាំសកល និងចូលឆ្នាំប្រពៃណីវៀតណាមនាពេលដ៏ខ្លីខាងមុខនេះ ទទួលបានពរជ័យសិរីសួស្តី និងសុភមង្គល ជូនចំពោះ ឯកឧត្តម ក្រុមគ្រួសារ សហការី និងថ្នាក់ដឹកនាំវៀតណាមទាំងអស់៕

សម្ដេចធិបតីលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងក្លឹបកីឡាបន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុស លើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ

2024/12/25 03:38:11 pm        85
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្ដែងការគួរសម នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡាដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក និងបានចូលរួមផ្សព្វផ្សាយអំពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍តន្ត្រី និងកីឡានានា។ សម្ដេចបវរធិបតីបានលើកទឹកចិត្តសមាគមសិល្បករខ្មែរ និងបណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដចូលរួមផ្សព្វផ្សាយឱ្យកាន់តែផុលផុសថែមទៀត តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ ព្រមទាំងចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិតរបស់ប្រទេសជាតិយើង ក្នុងចំណោមសាធារណជនទូទៅ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមលើសនោះ, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវក្រវាត់ព្រំដែន មិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។សម្ដេចបវរធិបតីបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែន ប្រកបដោយសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម និងដាក់ចេញនូវ"កម្មវិធីផ្តល់ដី ការពារព្រៃ ដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព" ដើម្បីផ្តល់ដីសម្បាទានសង្គមកិច្ចដល់ប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ សម្រាប់កសាងលំនៅដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារកសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលបានពុះពាររាល់ឧបសគ្គ និងការលំបាកនានា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកស្វែងរកឱកាស​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀត

2024/12/25 02:11:33 pm        215
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យសមាគមឧកញ៉ាកម្ពុជា និងសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​ចូលជួ​បសម្ដែងការគួរសម នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ​ចំពោះ​សមាគម​ឧកញ៉ាក​​ម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបាន​ចូល​រួម​បរិច្ចា​គ​ថវិកា​ក្នុង​មូល​និធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើកា​រ​កសាង​ផ្លូវ​ក្រវា​ត់​ព្រំដែន​នា​ពេលកន្លង​មក។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​បណ្ដោយ​ព្រំ​ដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រ​មួយ​ដែលមិ​ន​ត្រឹម​តែ​ជា​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញ​ការ​អភិវឌ្ឍ​តំបន់ភូមិភាគឦសាន, និងអនុញ្ញាត​ឱ្យកូនខ្មែរ​គ្រប់​ជំនាន់​បាន​ធ្វើ​ដំណើរ​ដល់​ព្រំដែន​ដែល​មិន​ធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។ សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាល​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ក្នុង​ការពារ​បូរណ​ភាព​ទឹកដី និងអធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដា​ក់​ទិស​ដៅ​ដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និង​តំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយ​ផ្តោតលើវិស័យកសិ-ឧស្សាហកម្ម។ សម្ដេច​បវរធិបតីបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និង​លទ្ធភាព​បណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះ។ សម្ដេចបវរធិបតី​បាន​សង្កត់​ធ្ងន់​ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។ ឆ្លៀត​ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតីបានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់ដ​ល់​ក្រុម​ការងារ​កសាង និងអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនដែលបានពុះពាររាល់ឧបសគ្គ និង​ការ​លំបាក​នានា ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន តាមផែនការដែលបានគ្រោងទុក៕

សម្តេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសប្បុរសជនមកពីសមាគមឧកញ៉ា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា

2024/12/25 11:38:50 am        93
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើកការកសាងផ្លូវ ក្រោមស្មារតីវប្បធម៌ចែករំលែក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា តាមរយ:ការអភិវឌ្ឍផង និងប្រជាជនផង៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាជួបសម្តែងការគួរសម និងជម្រាបលា

2024/12/25 11:30:02 am        158
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។សូមជម្រាបថា ក្នុងឱកាសបេសកកម្មទូតនៅកម្ពុជា លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អចំពោះលោកជំទាវ និងស្ថានទូតឥណ្ឌានៅកម្ពុជា ដែលបានធ្វើឱ្យបេសកកម្មការទូតរបស់លោកជំទាវទទួលបានជោគជ័យ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ តាមរយៈភាពរីកចម្រើននៃទំនាក់ទំនងល្អប្រសើរនេះ លោកជំទាវបណ្ឌិតបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា នឹងឈានឡើងដល់កម្រិតកាន់តែខ្ពស់ទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM