TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋនៅសាធាណរដ្ឋសង្គមនិយមវៀតណាម

2024/11/28 09:43:16 am        260
នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ គឺពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

ព្រះករុណាព្រះមហាក្សត្រ យាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល១ថ្ងៃ នៅប្រទេសវៀតណាម

2024/11/28 09:08:45 am        292
ព្រឹកថ្ងៃទី២៨វិច្ឆិកានេះ ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាណាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ស្តេចយាង​ចាក​ចេញ​ពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​១​ថ្ងៃ​នៅ​សាធារណ​​រ​ដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ខែវិច្ឆិកា ។ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម លឿង គឿង ប្រធា​នាធិបតី​នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះរាជសាររបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងផ្ញើជូនជនរួមជាតិ ដែលឡាយ​ព្រះហស្ត​លេខា​កាល​ពី​ថ្ងៃ​ទី២៥ វិច្ឆិកា ឆ្នាំ២០២៤ បានក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់,សម្តេច ឯកឧត្តម លោកជំទាវ លោក លោក​ស្រី លោកតា លោក យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ ជាទីនឹករលឹក និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅបំផុតដោយព្រះអង្គបានមានព្រះរាជបន្ទូលសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេច​ព្រះមហាសង្ឃរាជ ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត​មាន​ពីមាតុប្រទេស ចាប់ពី ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ដើម្បី​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ។ព្រះករុណា​បានមានព្រះរាជបន្ទូលបញ្ជាក់ថា៖នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ខាងលើនេះ សម្តេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹង​ទទួល​ជួយ​ព្រះ​អង្គ​ក្នុង​ព្រះ​បរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា បានសូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូម​ប្រគេន​ពរ​ព្រះថេ​រានុ​ត្ថេរៈ​គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោក​យាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមព្រះប្រកបតែនឹង ព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។យាង​និង​អញ្ជើញ​ថ្វាយ​ព្រះរាជវន្ទន​កិច្ចព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កេតឃើញវត្តមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម លោកជំទាវ រាជវង្សានុវង្ស ឥស្សរជន​ជាន់​ខ្ពស់ មន្ត្រីអ្នកមុខអ្នកការសំខាន់ៗផងដែរ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា អញ្ជើញអមព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​នាយក​ព្រះរាជ ខុទ្ទកាល័យព្រះមហាក្សត្រ ព្រមទាំងតំណាងជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និង​រដ្ឋសភា។ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នឹងមាន ព្រះរាជ​សវនាការ​ជាមួយថ្នាក់ដឹកនាំវៀតណាម អំពីទំនាក់ទំនងទ្វេភាគីដ៏ល្អ ដែលស្របទៅនឹង ស្មារតី ភាព​ជា​អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ យូរ​អង្វែង រវាងប្រទេសទាំងពីរ។ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់សាធារណរដ្ឋ សង្គម​និយម​វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ព្រមទាំងនឹង​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​ដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រវាងប្រទេសទាំងពីរ៕ អត្ថបទ៖ មុត សុទ្ធ

សំណើបទឈប់បាញ់ហេសបូឡា-អ៊ីស្រាអែល កំណត់ថា មានតែកងកម្លាំងផ្លូវការទេ ទើបអាចកាន់អាវុធ នៅលីបង់

2024/11/27 06:02:08 pm        6
សំណើបទឈប់បាញ់ដែលមានការយល់ព្រមពីប្រទេសលីបង់ និងអ៊ីស្រាអែល កំណត់ថា មានតែ «កងកម្លាំងយោធា និងសន្តិសុខ» ផ្លូវការ ក្នុងប្រទេសលីបង់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យកាន់អាវុធ នៅក្នុងប្រទេសនេះ។ នេះបើយោងតាមច្បាប់ចម្លងនៃកិច្ចព្រមព្រៀង ដែលចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ (ទី២៦ ខែវិច្ឆិកា) និងដែលសារព័ត៌មាន Reuters បានឃើញ នៅថ្ងៃពុធ (ទី២៧ ខែវិច្ឆិកា) នេះ។ជាពិសេស កិច្ចព្រមព្រៀងនោះ ដាក់ឈ្មោះកងកម្លាំងទាំងនោះថា ជាកងកម្លាំងប្រដាប់អាវុធលីបង់ កងកម្លាំងសន្តិសុខផ្ទៃក្នុង សន្តិសុខទូទៅ សន្តិសុខរដ្ឋ គយលីបង់ និងនគរបាលក្រុង។ក្រុមមន្ត្រីទាំងនៅក្នុងជួររដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយសំដៅជាយូរមកហើយ ចំពោះសេចក្តីថ្លែងការណ៍គណៈរដ្ឋមន្ត្រី គិតចាប់តាំងពីឆ្នាំ២០០៨ មក ដែលការពារសិទ្ធិ ក្នុងការ «តស៊ូ» ថា ជាការផ្តល់នូវការយល់ព្រមផ្លូវការ ដើម្បីឲ្យក្រុមហេសបូឡាមានឃ្លាំងអាវុធ។សំណើបទឈប់បាញ់នេះ សំដៅលើការប្តេជ្ញាចិត្តរបស់ភាគីទាំង២ ក្នុងការអនុវត្តយ៉ាងពេញលេញនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ 1701 ដោយក្នុងនោះរួមបញ្ចូលទាំងបទប្បញ្ញត្តិដែលសំដៅទៅលើ «ការដកហូតអាវុធពីក្រុមប្រដាប់អាវុធទាំងអស់ នៅប្រទេសលីបង់» ផងដែរ។ក្រុមហេសបូឡាមិនបានអត្ថាធិប្បាយជាផ្លូវការលើបទឈប់បាញ់នេះនោះទេ ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ មន្ត្រីជាន់ខ្ពស់ លោក Hassan Fadlallah បានប្រាប់ទូរទស្សន៍ Al Jadeed របស់លីបង់ថា ទោះបីជាក្រុមនេះ គាំទ្រដល់ការពង្រីកសិទ្ធិអំណាចរបស់រដ្ឋលីបង់ក៏ដោយ ក៏ក្រុមនេះនឹងលេចមុខឡើងពីសង្រ្គាមកាន់តែខ្លាំងជាងមុន៕

គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាល​ជាមួយ​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2024/11/27 12:19:29 pm        346
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅ​អធិការ​វត្ត​ពោធិ​គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្ត​ជួប​សំណេះ​សំណាល​ជាមួយ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះ​របស់​សម្ដេច​នៅ​ក្រុង​តាខ្មៅ។ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃ​ការ​ជួប​សំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរ​គុណ​ដោយ​ផ្ទាល់ចំពោះ​សម្តេច​ទាំង​ទ្វេ​ដែល​បានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់​វត្តពោធិ​គិរី​វង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះ​សម្ដេច​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែល​បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្ត​ស្វាយ​សៀម​ថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងបានប្រគេន បច្ច័យ​ដល់​វត្ត​ទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុង ក៏ដូចជាការ​ប្រើប្រាស់សម្រាប់​ការ​កសាង​នូវ​សាសនា​វត្ថុ​​ផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន តាំងនៅស្ថិតស្ថេរ។អង្គ​កឋិនទាននេះក៏ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមាន ការដឹកនាំរៀបចំពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះមន្រ្តីសង្ឃ គ្រប់ជាន់ថ្នាក់ផងដែរ ទើបធ្វើឱ្យការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មី សម្រេចបានជោគជ័យតាម បំណងប្រាថ្នាថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ព្រះអង្គក៏បានស្នើសុំសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការផ្ដល់នូវព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជា និងការជួយកសាងទូកង សម្រាប់ការចូលរួមការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ក្នុងឱកាសនោះ សម្ដេចទាំងទ្វេ មានទឹកចិត្តរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដោយបានទទួល ប្រតិភូព្រះសង្ឃខ្មែរក្រោមនាពេលនេះដោយផ្ទាល់។សម្ដេចតេជោ ក៏បានយល់ព្រមប្រគេនតាមសំណើររបស់ព្រះអង្គនូវទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។ជាទីបញ្ចប់ សម្ដេចទាំងទ្វេ បានប្រគេនទេយ្យទាន និងបវរណាបច្ច័យ ព្រមទាំងបានប្រគេនពរចំពោះព្រះមន្រ្តីសង្ឃ ខ្មែរក្រោម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

2024/11/26 04:29:43 pm        200
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះក្នុងឱកាសកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤(GCET Summit 2024)។វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI) មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។ ខណៈការសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចមហាបវរធិបតី។វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសាកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសមិទ្ធផលនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំឱ្យមានការពេញចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថាននេះ បានប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត

2024/11/26 11:33:08 am        142
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី​ មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពី​ដំណើរ​ការ​នៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅ​កម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រ​ភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និង​វិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និង​សក្ដានុពល នៃ​ការ​វិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏​មាន​បំណង​វិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោក​ប្រធា​នវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​របស់​សម្ដេច​បវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀតជា​ការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែល​បាន​រៀប​ចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដើម្បី​កំណើន​ ការងារ សមធម៌​ប្រសិទ្ធភាព​ និងចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យ​ឯកជន​បាន​ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​បង្កើតការងារ​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អប្រ​សើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រាជ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលើក​ទឹកចិត្ត​ដើម្បី​ធានា​បរិយាកាស​វិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង​ពិភព​លោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានា​នូវ​ភាព​ជោគ​ជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាព​ជា​អ្នក​ដឹក​នាំ​ឆ្នើម​ពិភព​លោក​” ជូនសម្ដេចបវរធិបតី ផងដែរ៕

លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីប្រទេសជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

2024/11/25 07:29:13 pm        66
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។ លោកជំទាវអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង​ និងស្ដារប្រទេសកម្ពុជាឡើងវិញ​ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ ដូចសព្វថ្ងៃនេះ។​ សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្ដេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម៕

អនុរដ្ឋមន្ត្រីការបរទេសន័រវែសប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

2024/11/25 07:06:42 pm        68
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសន័រវែសបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេសលើពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត​ ជាពិសេស​ ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចបវរធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងសកលលោក ផងដែរ។

ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ

2024/11/25 05:50:06 pm        114
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ( Tan Sri Michael Yeoh ) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។​ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មីចំពោះ លោក Tan Sri Michael Yeoh ដែលបានអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង KSI និងកម្ពុជា ជាពិសេសការស្រាវជ្រាវ ដែលមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន។ សម្តេចតេជោ បានកត់សម្គាល់អំពីការប្រែប្រួលអាកាសធាតុ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ និងបានជំរុញ ឱ្យមានការស្រាវជ្រាវ ថ្មីៗបន្ថែមទៀតលើប្រធានបទនៃការប្រែប្រួលអាកាសធាតុនេះ។នាឱកាសជំនួបនេះ លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក និងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Tan Sri Michael Yeoh បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ក្នុងឱកាសនោះផងដែរ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយដោយបានចូលរួមក្នុងជំនួបនាពេលនេះ និងបានគោរពអញ្ជើញ សម្តេចតេជោធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍របស់សម្តេច នៅប្រទេសម៉ាឡេស៊ីនៅពេលវេលាសមស្របណាមួយ។ចំណែកលោក ដាតុ ស្រ៊ី វី កា ស៊ីអុង ប្រធានសមាគមចិនម៉ាឡេស៊ី និងជាអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសហព័ន្ធម៉ាឡេស៊ី ដែលបានធ្វើកិច្ចការជាច្រើនជាមួយកម្ពុជា បានកោតសរសើរចំពោះ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានដឹកនាំកម្ពុជាឈានឆ្ពោះទៅមុខជានិច្ច និងដែលការអភិវឌ្ឍនេះ បានផ្តល់ផលជាវិជ្ជមានដល់អាស៊ានផងដែរ។ លោកក៏សង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត។ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានថ្លែងអបអរសាទរចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានជម្រាបជូន សម្តេចតេជោ ថាក្រុមការងាររបស់លោកបាននិងកំពុងពិភាក្សាពិនិត្យលទ្ធភាពផ្តួចផ្តើមគម្រោងមួយសម្រាប់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។ លោក ហ្គាង ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តការណ៍នានាដែលកម្ពុជាបានរៀបចំ ជាពិសេសការទទួលរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងប្រទេសចិន។ តំណាងវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងជឿជាក់ថាវេទិកានេះ នឹងនាំមកនូវស្ថាបនិក និងធុរជននៅអាស៊ាន និងតាមបណ្តាប្រទេសលើពិភពលោកមកកម្ពុជា ។ ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក Tan Sri Michael Yeoh និងប្រតិភូ ដែលបានអញ្ជើញមកកម្ពុជានាពេលនេះ។ ក្នុងនាមកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណ លោក លោកស្រី សមាជិកគណៈប្រតិភូ ដែលបានតាមដាន និងកត់សម្គាល់អំពីការវិវត្ត និងរីកចម្រើនរបស់កម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងលឿននេះ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច មិនដែលគិតថាកម្ពុជាអាចអភិវឌ្ឍ និងឈានឆ្ពោះទៅមុខបានយ៉ាងលឿនដូច្នេះនោះទេ ។ ជាក់ស្តែង ការរីកចម្រើនរបស់កម្ពុជា នេះ គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ បាន រំឭក និងចែករំលែកពីបទពិសោធអំពីភាពជោគជ័យនៃយុទ្ធសាស្រ្តពីរមុខព្រួញ គឺ កំណែទម្រង់នយោបាយ ដោយមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម នោះទេ និងការកែប្រែនៃសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។ សម្តេចតេជោ ក៏បានពន្យល់ពីការអនុវត្តប្រកបដោយវិចារវិទ្យា នូវយុទ្ធសាស្ត្រធានាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជា «ចុងខ្សែពីរនៃចំណងមួយ» ផងដែរ។ជាចុងក្រោយ សម្តេចតេជោ បានជូនពរ លោក Tan Sri Michael Yeoh និងប្រតិភូ ទទួលបានជោគជ័យនូវបេសកកម្មវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល និងកិច្ចសហប្រតិបត្តិការវិនិយោគ៕

បេសកជនពិសេសរដ្ឋាភិបាលជប៉ុន៖សម្តេចតេជោជាអ្នកឈ្នះនៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ

2024/11/25 05:38:54 pm        88
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ដែលបានជួបឯកឧត្តម សារជាថ្មីនៅក្នុងឱកាសនេះ និងសូមស្វាគមន៍យ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Masaharu KOHNO បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា ក្នុងពេលនេះ ។ឯកឧត្តម Masaharu KOHNO បានសម្តែងសេចក្តីរីករាយជាទីបំផុត និងថ្លែងអំណរគុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យឯកឧត្តម បានចូលជួបសម្តែងការគួរសមដោយផ្ទាល់នាឱកាសនេះ។ ឯកឧត្តម បានរំលឹកជូន សម្តេចថា លើកចុងក្រោយដែលឯកឧត្តម បានមកកម្ពុជា គឺកាលពី២៥ឆ្នាំមុន។ នៅក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ឯកឧត្តមពិតជាសប្បាយចិត្តណាស់ ដែលបានស្តាប់បាឋកថារបស់ សម្តេចតេជោ ដោយផ្ទាល់ និងបានរៀនសូត្រពីសម្តេចអំពីបទពិសោធន៍កសាងសន្តិភាពនៅកម្ពុជា និងការដឹកនាំប្រទេសក្រោយទទួលបានសន្តិភាពពេញលេញ។ឯកឧត្តម បេសកជនពិសេសរដ្ឋាភិបាលជប៉ុន មានប្រសាសន៍ថា ឯកឧត្តមពិតជាកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ចាប់តាំងពីពេលដែលឯកឧត្តមបានជួប សម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ ឯកឧត្តម តែងតែគោរពសម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អរបស់ប្រទេសជប៉ុន។ឯកឧត្តម KOHNO បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធនឹងការបញ្ជូនប្រតិបត្តិការរក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។ ឯកឧត្តម បានបញ្ជាក់ថា ករណី PKO នេះ បានធ្វើប្រទេសជប៉ុនផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់ខ្លួននៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១ទៅកម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តាប្រទេសដទៃទៀតជាបន្តបន្ទាប់។ឯកឧត្តមបានបន្តថា ឯកឧត្តម ក៏បានសម្តែងនូវក្តីរំភើបចិត្ត និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសៀវភៅ “In Search of Proactive Diplomacy: Increasing Japan’s International Role in the 1990s” ដែលឯកឧត្តម បានចងក្រង នៅក្នុងឆ្នាំ១៩៩៩ ត្រូវបានកំពុងបកប្រែជាភាសាខ្មែរ។ ឯកឧត្តមសង្ឃឹមថា ក្រោយការបកប្រែបានបញ្ចប់ សៀវភៅនេះ នឹងត្រូវបានផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយឱ្យបានយល់ពីការរួមចំណែករបស់ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា រហូតទទួលបានជោគជ័យ ។ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុននូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។ ឯកឧត្តម បានបន្តថា ឯកឧត្តមបានកត់សម្គាល់យ៉ាងច្បាស់ថាប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ និងការនេសាទត្រីបាឡែនជាដើម។ ឯកឧត្តម បានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និងជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុន ក៏មានជំនឿ និងទំនុកចិត្តយ៉ាងខ្លាំងលើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេជន៍កោតសរសើរ និងសកម្មភាពដែលឯកឧត្តម Masaharu KOHNO បានធ្វើជូនកម្ពុជា។ សម្តេច បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសដែលនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេកទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់នឹងពេលបច្ចុប្បន្ន។ សម្តេច បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុលដែលកម្ពុជាជំពាក់ជប៉ុន ក៏ប៉ុន្តែ ជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែទឹកជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។សម្តេចតេជោ បានបញ្ជាក់ជូនឯកឧត្តមបេសកកជន ថាកម្ពុជាបន្តគាំទ្រចំពោះមិត្តជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាមគោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។ សម្តេច បានសង្កត់ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ប្រយោជន៍រួមនិងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈភាពអាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើមចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុនក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។ សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរក្នុងការរៀបចំកីឡាអូឡាំពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម។ជាច្រុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តម Masaharu KOHNO ទទួលបានជោគជ័យក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសេចក្តីសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិននឹងបង្កើនការហ្វឹកហ្វឺន ហើយគំរាមចាត់វិធានការតឹងរ៉ឹង ជុំវិញកញ្ចប់លក់អាវុធរបស់អាមេរិកទៅកោះតៃវ៉ាន់
12/20/2025 11:12 AM
ថ្នាក់ដឹកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តមីយ៉ាហ្គិ និងស្នើឱ្យរដ្ឋាភិបាលជប៉ុន ជំរុញភាគីថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
12/20/2025 11:12 AM
ការវាយប្រហាររបស់អ៊ីស្រាអែល លើជម្រកសាលារៀន នៅហ្កាហ្សា សម្លាប់ជនជាតិប៉ាឡេស្ទីន ៥នាក់
12/20/2025 10:12 AM
ខ្មាន់កាំបិត សម្លាប់មនុស្ស ៣នាក់ នៅទីក្រុងតៃប៉ិ ហើយស្លាប់ពេលនគរបាលដេញតាមចាប់
12/20/2025 10:12 AM
ក្រុមមន្ត្រី៖ អាមេរិកអនុវត្តការវាយប្រហារសងសឹកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុម ISIS នៅស៊ីរី
12/20/2025 09:12 AM
ទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា
12/20/2025 09:12 AM
លោក Trump មិនច្រានចោលលទ្ធភាពមានសង្គ្រាមជាមួយវ៉េណេស៊ុយអេឡា
12/20/2025 09:12 AM
រដ្ឋាភិបាលឥណ្ឌូនេស៊ី មានផែនការផ្តល់ប្រាក់ឧបត្ថម្ភរស់នៅប្រចាំថ្ងៃដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នៅកោះស៊ូម៉ាត្រា
12/19/2025 09:12 PM
ឪពុកម្តាយនៅឥណ្ឌា ខកចិត្តពេលដែលកូនៗរបស់ពួកគេមានជំងឺគ្រាប់ឈាមក្រហមធ្វើតេស្តមានវីរុសហ៊ីវ
12/19/2025 09:12 PM
ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM