TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

អនុប្រធាន ICRC៖ បទពិសោធន៍ជោគជ័យរបស់កម្ពុជាក្នុងការបោសសម្អាតមីន គឺជាគុណតម្លៃរបស់កម្ពុជាសម្រាប់សកលលោក

2024/11/25 05:18:57 pm        73
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាឱកាសនេះ។ លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកាកបាទក្រហមអន្តរជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសនៅក្នុងវិស័យសុខាភិបាល និងសង្គមកិច្ច។ លោកអនុប្រធានក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។ លោកអនុប្រធានបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ គឺជាគុណតម្លៃរបស់ប្រទេសកម្ពុជា សម្រាប់សកលលោក។  ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះលោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែកនៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង ទៅតាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជាមានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានានៅលើសកលលោក។ សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូសបញ្ជាក់ថា នៅពេលប្រទេសមួយអវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការអភិវឌ្ឍ និងរីកចម្រើនឡើយ។ ក្នុងន័យនេះ យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សានូវសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕

គណៈប្រតិភូអូស្ត្រាលីជម្រាបសម្ដេចធិបតីថាអូស្ត្រាលីបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន

2024/11/25 05:15:57 pm        68
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ ឯកឧត្តម Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។​ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ។ ឯកឧត្តមប្រធានគណៈប្រតិភូបានគូសរំលេចអំពីទំនាក់ទំនង និងកិច្ចសហប្រតិការដ៏ល្អ និងដ៏យូរអង្វែង រវាងអូស្ត្រាលី-កម្ពុជាលើវិស័យជាច្រើន។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសម្អាតមីន ឯកឧត្តមបានគូសបញ្ជាក់ថា អូស្ត្រាលីនឹងគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ ហើយវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ឆ្លុះបញ្ចាំងអំពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់អូស្រ្តាលី ក្នុងការចូលរួមលុបបំបាត់មីនប្រឆាំងមនុស្ស។ សម្ដេចបវរធិបតីបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគី កម្ពុជា-អូស្ត្រាលី នៅលើវិស័យច្រើន ហើយសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រកម្ពុជា និងបានចូលរួមក្នុងដំណើរការនៃការស្វែងរកសន្ដិភាព និងការស្ដារប្រទេសឡើងវិញ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ៕

តំណាងអគ្គលេខាធិការ UN កោតសរសើរកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប​-​អង្គរ​ ស្តីពី​«ពិភពលោកមួយដែលគ្មានមីន»

2024/11/25 05:10:17 pm        84
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ក្នុងឱកាសនៃជំនួប លោកជំទាវប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ លោកជំទាវប្រធានគណៈប្រតិភូបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួម​​ក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន នៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ០០០ គីឡូម៉ែត្រការ៉េ ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជិត១៧០០គីឡូម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។ កម្ពុជាពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានានៅលើពិភពលោក។

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣

2024/11/25 05:05:07 pm        78
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ៖ ០៧១/១១២៤/លគ.គក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង១៥:៣០នាទីរសៀល ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២-បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥៕

សម្ដេចធិបតី៖ ទោះបីកម្ពុជាទទួលបានសន្ដិភាពពេញលេញ តែប្រជាជននៅប្រឈម ជាមួយស្រមោលគ្រាប់មីន

2024/11/25 12:16:54 pm        193
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោក​មួយ​ដែល​គ្មានមីន​ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ បញ្ជាក់ថា ទោះបី​ជា​កម្ពុជា​ទទួល​បានសន្ដិភាពពេញលេញតាំងពីឆ្នាំ ១៩៩៨ ប៉ុន្ដែប្រជាជនកម្ពុជា​នៅ​ប្រឈម​ជាមួយ​ស្រមោល​គ្រាប់​មីននៅឡើយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ទោះបីកម្ពុជាទទួលបានសន្ដិភាព​ពេញ​លេញ​នៅ​ឆ្នាំ១៩៩៨​ ក៏ដោយ ក៏ស្រមោលនូវ​គ្រាប់មីន​នៅ​បង្ក​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​មនុស្ស និងដល់ដំណើការស្ដារឡើងវិញក្រោយសង្គ្រាមរបស់កម្ពុជា។ ប្រជាជន​កម្ពុជា​មិន​អាច​រស់​នៅ និងប្រកប​ជីវភាព​ដូចប្រក្រតី​បាន​ទេ​ដោយ​សារ​តែ​ទឹកដី​នៅ​តែ​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​គ្រាប់​មីន ហើយការកសាងប្រទេសឡើងវិញក៏ត្រូវប្រឈមផងដែរ ខណៈគ្រា​ប់​មីន​នៅតែជាបញ្ហា​រារាំង​ដល់​ការ​អភិវឌ្ឍ និងសមាហរណកម្មជាតិរបស់កម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ទាំងអ្នកទេសចរ និងអ្នកវិនិយោគនឹង​មិន​មក​ប្រទេស​ដែល​មាន​សញ្ញា​ក្រហម​ថា ប្រយ័ត្នគ្រាប់មីននោះទេ។ ក្រៅពីនេះផលប៉ះពាល់នៃសង្គ្រាមបានបង្កផលប៉ះពាល់ដល់សតិអាម្មណ៍ និងស្មារតីធ្ងន់​ធ្ងរ​ដល់​ប្រជាជន​ផង​ដែរ។ គ្រាប់មីនបានធ្វើ​ឱ្យប្រជាជន​កម្ពុជា​ជា​ច្រើន​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​យក​ការពិត​នៃ​សន្ដិភាព និងនឹកស្រមៃដល់អនាគត់ដ៏ភ្លឺស្វាង។ ស្លាកស្នាមដែល​គ្រាប់មីន​បាន​បន្សល់​ទុក​ទាំង​ផ្លូវកាយ និងផ្លូវចិត្ត បានរម្លឹកជាប្រចាំអំពីការរន្ធត់ពីអតីតកាលនេះ។ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា វឌ្ឍនភាព​ដ៏​ថ្លៃថ្លា​របស់ក​ម្ពុជា​ក្នុង​សកម្មភាព​ដោះមីន​នឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការជួយ​គាំទ្រ​ពី​សហគម​ន៍​អន្តរជាតិ តាមរយៈភាពជាដៃគូជាមួយប្រទេស និងអង្គការម្ចាស់ជំនួយនានា ដែលបាន​ផ្ដល់​នូវ​កិច្ច​ការ​គាំទ្រ​ទាំងហិរញ្ញវត្ថុ បច្ចេកទេស និងការលើកទឹកចិត្តដល់កម្ពុជា ក្នុងការសម្រេចគោលដៅ​បោស​សម្អាត​មីន។ ខណៈមកទល់បច្ចុប្បន្ននេះ កម្ពុជាបានបំផ្លាញ មីនប្រឆាំងមនុស្សជាង ១ លាន​គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ៣ លានគ្រាប់ និងបានបោសសម្អាតមីនលើផ្ទៃដីជាង ៣ ពាន់​គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី ខេត្តចំនួន ១៥ ក្នុងចំណោម ២៥ ជារាជធានី ខេត្តអស់មីន៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចធិបតី៖ កម្ពុជាបានប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្ម​ជាមេរៀនដ៏មាន​អានុភាពមួយ​សម្រាប់ពិភពលោក

2024/11/25 12:02:27 pm        138
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី​ពិភ​ព​លោក​មួយ​ដែល​គ្មានមីន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេស​កម្ពុជាបា​នប្រែក្លាយប្រវត្តិសាស្រ្ដសោកនាដកម្មរបស់ខ្លួនទៅជាមេរៀន​ដ៏​មាន​អានុភាព​មួយ​សម្រាប់​ពិភពលោក ដោយបានតស៊ូមតិប្រឆាំងនឹងការប្រើប្រាស់មីនប្រឆាំងមនុស្ស និងបង្ហាញពីផលវិបាករយៈពេលវែងរបស់មីន។សម្ដេចធិបតី មានប្រសាសន៍ថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ពីភ្លើងសង្គ្រាម មក​សុខ​សន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជាប្រទេសមួយមានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពី​ប្រទេសដីមីន ទៅជាដីមាសនៅទូទាំងប្រទេស។ បទ​ពិសោធន៍​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ទទួល​បាន​ពី​នយោបាយឈ្នះ ឈ្នះ ពីមគ្គទេសក៍ដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្ដី​បាន​នាំមក​ជូនជាតិ។ សម្ដេចធិបតីបញ្ជាក់ថា សកម្មភាពបោសម្អាតមីនរបស់កម្ពុជា បានបន្តចែករំលែកឧត្តម​មានុវត្ត​របស់​ខ្លួន និងផ្ទេរជំនាញដែលទទួលបានដោយលំបាកនេះឱ្យទៅប្រទេសដទៃទៀតដែល ប្រឈម​មុខ​នឹង​បញ្ហា​ស្រដៀងគ្នានឹងកម្ពុជានេះ ក្នុងនោះមាន ប្រទេស អ៊ុយគ្រែន, អាហ្កានីស្ថាន, អាមេនី និង​រដ្ឋសមាជិកអាស៊ានជាដើម។ សម្ដេចធិបតីបញ្ជាក់ថា ទោះជាយ៉ាងណាក្ដីដំណើររបស់កម្ពុជានៅវែងឆ្ងាយទៀត កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​មាន​គ្រាប់​មីនជាង ១៦០០ គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាជន​ប្រមាណ ១ លាននាក់ នេះជាមូលហេតុដែលការ​បញ្ចប់​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​គ្រាប់​មីន​ និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងលើកកម្ពស់​ជំនួយ​ដល់​ជន​រង​គ្រោះ​ពិត​ជា​មូលដ្ឋាន​គ្រឹះ​នៃ​របៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា ហើយកម្ពុជា​ក៏​បាន​បញ្ចូល​ជា​គោល​ដៅ​អភិវឌ្ឍជាតិផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា 

សម្ដេចតេជោ រម្លឹកអំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់កម្ពុជា​ដល់ប្រតិភូ​មក​ពីបណ្ដា​ប្រទេសនានា នៃ​សភាអន្តរជាតិ IPTP

2024/11/25 11:44:03 am        123
កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធាន​គណៈ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​នានា ​ចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោក​ជំទាវ ទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗរួមមាន អារ៉ាប់ អាមេរិក​ឡាទីន អាហ្វ្រិក និងអឺរ៉ុប មកចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃ​សភា​អន្តរជាតិ​ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជានាពេលនេះ ដើម្បីរួមគ្នា​អនុម័ត​ទៅ​លើ​ធម្មនុញ្ញ​សន្តិភាព ដែលបានរៀបចំតាក់តែង និងចុះហត្ថលេខានៅទីក្រុងភ្នំពេញនាពេលនេះ ។ សម្ដេចតេជោ ក៏បានរំលឹកអំពីអនុស្សាវរីយ៍នានា ដែលសម្ដេច​ធ្លាប់​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​បណ្តា​ប្រទេស​ជាមិត្តរួមមានដូចជា ប្រទេសអាហ្វ្រិក តំបន់អឺរ៉ុប អារ៉ាប់ ប្រទេសអេត្យូពី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​នា​ពេលកន្លងទៅ ដែលជាដៃគូក្នុងការរៀបចំ​ឱ្យ​មាន​ធម្មនុញ្ញ​សន្តិភាព​​នា​ពេល​នេះ​។ សម្ដេចតេជោ បានបញ្ជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេស​ទាំងអស់​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ត្រូវបញ្ចេញសំឡេង ដោយសារសភាព​ការណ៍ពិ​ភព​លោក​កាន់​តែ​មាន​ភាព​ស្មុគ​ស្មាញ និងពិបាកប៉ាន់ស្មាន ប្រកបដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការ​អនុវត្ត​នយោបាយគាំពារនិយម ដាក់ទណ្ឌកម្ម ដែលទាមទារឱ្យសកលលោកត្រូវតែធានាថា សំឡេង​របស់ក្រុមប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេយកចិត្តទុកដាក់ ដូច្នេះ ការចូលរួម​របស់​គណៈ​ប្រតិភូ​ទាំង​អស់ គឺជាវិភាគទានដ៏សំខាន់ ដើម្បីឱ្យធម្មនុញ្ញសន្តិភាពនេះឈានឆ្ពោះទៅមុខ។ ឆ្លៀត​នៅ​ក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធាន​រដ្ឋសភា​វៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សំខាន់​ៗ ​នៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានថ្ងៃនេះ។ សម្ដេចតេជោ បានសម្ដែង​នូវ​ក្តី​សង្ឃឹ​ម​ថា ​ឯកឧត្តម និង លោកជំទាវទាំងអស់ នឹងទទួលបាន​នូវ​ភាព​រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ នាឱកាសនៃកិច្ចប្រជុំទាំងអស់នេះ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍រៀបរាប់អំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់ប្រទេសកម្ពុជា ចាប់​តាំង​ពី​កម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីមុននោះ ទីក្រុងភ្នំពេញ​មិន​មាន​មនុស្សរស់នៅនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានមនុស្សរស់នៅយ៉ាងច្រើនកុះករ និងមានសំណង់អគារខ្ពស់ៗរីកដុះដាលជាច្រើន។សម្ដេចតេជោ ក៏បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយមិនធ្លាក់ចូកក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីការរៀបចំរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលបានដំណើរការទៅមុខយ៉ាងរលូន ហើយនៅក្នុងអាណត្តិថ្មីនេះ ជាលើកទីមួយហើយដែលយើងមានស្ត្រីជាប្រធានរដ្ឋសភា។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅពេលនេះ។ ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នា នឹងចុះហត្ថលេខាលើ «ធម្មនុញ្ញសន្តិភាព» ហើយ ឯកឧត្តម ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ ។ ឯកឧត្តមមើលឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយប្រកបដោយវប្បធម៌ដ៏ផូរផង់។ ឯកឧត្តម បានបញ្ជាក់ថា បណ្ដាប្រទេសយើងកំពុងអភិវឌ្ឍនេះ គឺស័ក្តិសមនឹងរស់នៅក្នុងសុខសន្តិភាពនៅលើភពផែនដីដ៏ស្រស់ត្រកាលនេះ។ ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវទាំងអស់ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ក្នុងការមកគាំទ្រដល់ធម្មនុញ្ញសន្តិភាពនាពេលនេះ៕

ប្រធានរដ្ឋសភានេប៉ាល់៖ វីរភាព និងការលះបង់របស់សម្តេចតេជោ​ក្នុងបុព្វហេតុកសាងសន្តិភាព​ជាគំរូ​សម្រាប់ពិភពលោក

2024/11/25 11:24:52 am        61
នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឱ្យប្រ​តិភូ​ក្រុម​ប្រធាន​សភា​នៃ​ប្រទេស​ជា​មិត្ត​ដឹក​នាំដោយ ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេប៉ាល់ ចូលជួប​សម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មី បន្ទាប់ពីជំនួបជាមួយ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត នៅពេលព្រឹក និងក្នុងពេលបាឋកថាពិសេសរបស់ សម្តេច ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព»។ សម្តេចតេជោ បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រធានសភានៃប្រទេសជាមិត្ត នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីសាមគ្គីភាពអាស៊ី-អាហ្រ្វិក ដែលមានប្រវត្តិជាយូរមកហើយ និងខិតខំប្រឹងប្រែងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនេះប្រកបដោយស្មារតីយោគយល់។ក្នុងឱកាសជំនួបនេះ ឯកឧត្តម Dev Raj Ghimire បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងកម្ពុជា ដែលបានទទួលរៀបចំកម្មវិធីប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនាពេលនេះ និងបានគូសបញ្ជាក់ថា «សន្តិភាព» កាន់តែមានសារៈសំខាន់ជាទីបំផុតសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។ ឯកឧត្តម Dev Raj Ghimire ក៏បានសង្កត់ធ្ងន់លើស្ថានការណ៍សង្រ្គាមដែលកំពុងរីករាលដាលទូទាំងពិភពលោក និងអាស្រ័យហេតុនេះ យើងគួរធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកយូរអង្វែង។ ឯកឧត្តម ក៏បានសម្តែងនូវការចងចាំមិនអាចបំភ្លេចបាននូវគំរូវីរភាព និងការលះបង់របស់ សម្តេចតេជោ ក្នុងបុព្វហេតុកសាង ថែរក្សា និងធានាបាននូវសន្តិភាពជូនកម្ពុជាក្នុងរយៈពេលយូរអង្វែង និងជឿជាក់ថា តួនាទី និងសមិទ្ធផលដែល សម្តេចតេជោ សម្រេចបាន គឺជាឧទាហរណ៍ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ពិភពលោក និងជាពិសេសប្រទេសតូចៗ។  ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏មានតម្លៃរបស់ ឯកឧត្តម Dev Raj Ghimire និងការលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី។ សម្តេចតេជោ ក៏បានកោតសរសើរចំពោះ ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ដែលបានធ្វើដំណើរដ៏វែងឆ្ងាយមកចូលរួមប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិនៅកម្ពុជា ដែលនេះ សបង្ហាញឱ្យឃើញពីសំឡេងរួបរួមគ្នានៃបណ្តាប្រទេសកំពុងអភិវឌ្ឍផងដែរ។ សម្តេចតេជោ ក៏បានរំឭកផងដែរអំពីអតីតកាលដែលកម្ពុជាក៏ដូចជាប្រទេសនានានៅក្នុងតំបន់ ដែលទទួលរងការដាក់អាណានិគម ប៉ុន្តែ ដោយការតស៊ូ កម្ពុជា ទទួលបានឯករាជ្យ និងរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់ ក៏ដូចជាអក្សរ និងភាសាខ្មែរ។ ជាថ្មីម្តងទៀត ឯកឧត្តម Dev Raj Ghimire បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអរគុណ សម្តេចតេជោ ដែលបានអនុញ្ញាតដល់ប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្ត ចូលជួបសម្តែងការគួរសម និងបានអញ្ជើញ សម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសនេប៉ាល់ នាពេលវេលាសមស្របណាមួយ នៅពេលខាងមុខ។ ជាចុងបញ្ចប់ សម្តេចតេជោ បានទទួលយកការអញ្ជើញរបស់ ឯកឧត្តម Dev Raj Ghimire និងជូនពរប្រតិភូក្រុមប្រធានសភានៃប្រទេសជាមិត្តទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕

ប្រធាន GCTP ស្ញប់ស្ញែងសម្តេចតេជោ​ចំពោះការកសាងប្រទេសចេញពីបាតដៃទទេឱ្យ​មានការអភិវឌ្ឍដូចបច្ចុប្បន្ន

2024/11/25 11:11:14 am        84
កាលពីរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំនៃក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដឹកនាំដោយឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការសេចក្តីរីករាយ ស្វាគមន៍ និងយ៉ាងកក់ក្តៅជូនដល់ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធាន GCTP និងប្រតិភូថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំ IPTP លើកទី១១ ក្នុងពេលនេះ ។ សម្តេចតេជោ ចាត់ទុកកិច្ចប្រជុំនេះ ជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសមកពីច្រើនតំបន់ មកជួបប្រជុំគ្នា និងជាសម្លេងរបស់ប្រទេសកំពុងអភិវឌ្ឍ ដែលជាសម្លេងមានសារៈសំខាន់ដល់ការកសាងសន្តិភាព និងភាពអត់ឱននៅលើពិភពលោក។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យខិតខំបន្តរៀបចំថែមទៀតនូវវេទិកាដ៏មានសារៈសំខាន់នេះ។ ពេលនេះ កម្ពុជា ក៏ដូចជាប្រទេសរបស់គណៈប្រតិភូទាំងអស់ បានក្លាយជាគ្រួសារតែមួយ គឺគ្រួសារ IPTP។នៅក្នុងឱកាសនោះ ឯកឧត្តម ប្រធាន GCTP បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ដែលបានផ្តល់កិត្តិយស និងពេលវេលាមានតម្លៃ អនុញ្ញាតជូនដល់ឯកឧត្តម និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមប្រធាន GCTP បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងចំពោះសម្តេចតេជោជាទីបំផុត តាមរយៈប្រសាសន៍សម្តេចនៅក្នុងពិធីបើក IPTP លើកទី១១ ពីការកសាងប្រទេសចេញពីបាតដៃទទេ និងដឹកនាំប្រទេសចេញឆ្ងាយពីសង្រ្គាមបែកបាក់ និងសោកនាដកម្មអំពើប្រល័យពូជសាសន៍ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ឯកឧត្តមប្រធាន GCTP បានជម្រាបជូនសម្តេចតេជោថា ឯកឧត្តមបានត្រងត្រាប់ស្តាប់ ការអត្ថាធិប្បាយរបស់សម្តេច ដោយការយកចិត្តទុកដាក់ខ្ពស់ ហើយឯកឧត្តមបានរៀនសូត្រច្រើនណាស់ពីសម្តេចតេជោ និងពីប្រទេសកម្ពុជា។ ឯកឧត្តមនឹងចងក្រងចំណេះដឹងទាំងអស់នោះ ជាឯកសារគ្រឹះដើម្បីបន្តសិក្សាទៅថ្ងៃខាងមុខ។ ឯកឧត្តម បានបន្តថា ប្រសាសន៍របស់សម្តេចតេជោ ពីតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការចូលរួមកសាង និងថែរក្សាសន្តិភាព គួរត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក។ ឯកឧត្តមប្រធាន មានប្រសាសន៍ថា គណៈប្រតិភូដែលមកចូលរួមកិច្ចប្រជុំ IPTPលើកទី១១ នៅពេលនេះ មានទាំងប្រទេសមកពីតំបន់អាស៊ីកណ្តាល តំបន់អារ៉ាប់ តំបន់អាហ្រ្វិក តំបន់អាមេរិកឡាទីន អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ ហើយពេលនេះប្រទេសកម្ពុជាគឺជាចំណុចកណ្តាល នៃតំបន់ទាំងអស់នេះ។ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានស្គាល់ប្រទេសកម្ពុជា ដ៏សែនស្រស់ស្អាតនេះ ទោះបីធ្លាប់ឆ្លងកាត់ការលំបាកដ៏សែនវេទនា និងសូមថ្លែងអំណរគុណប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រ ធម្មនុញ្ញសន្តិភាពសកល ផងដែរ។នៅក្នុងឱកាសនៃជំនួបនោះផងដែរ សមាជិកគណៈប្រតិភូដែលជាថ្នាក់ដឹកនាំសភាប្រពីប្រទេស ប៉េរូ ប្រធានសភាអាស៊ីដើម្បីទឹក និងបេក្ខជនប្រធានាធិបតីប្រទេសអង់ហ្គោឡា បានសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងអបអរសាទរ សម្តេចតេជោ ដែលបានទទួលនូវ “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី”។ ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នេះ ពិតជាស័ក្តិសមជាទីបំផុតសម្រាប់បទពិសោធន៍ក្នុងការកសាងសន្តិភាព និងថែរក្សាសន្តិភាពរបស់សម្តេច។គណៈប្រតិភូទាំងអស់ បានយល់ស្របជាឯកច្ឆ័ន្ធថា វេទិកាសភា IPTP លើកទី១១ នេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីបណ្តាប្រទេស ដែលបានមកចូលរួម អាចឡើងបញ្ចេញមតិ និងបញ្ចេញសម្លេងរបស់ខ្លួន មិនថាជាប្រទេសតូច ឬធំ ប្រទេសអ្នកមាន ឬប្រទេសក្រីក្រនោះទេ។ ឯកឧត្តម លោកជំទាវ សមាជិកគណៈប្រតិភូ ក៏បានសំណូមពរឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសប៉េរូ កូរ៉េ និងអង់ហ្គោឡា ទាំងក្នុងក្របខណ្ឌពហុភាគី និងទ្វេភាគី នៅក្នុងវិស័យធនធានទឹក ការទូត ពាណិជ្ជកម្ម និងវិនិយោគ។ ឯកឧត្តមប្រធាន GCPT បានលើកឡើងពីការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាអន្តរជាតិ ជាពិសេសនៅពេលខាងមុខនៅពេលដែលមានការធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ (អ.ស.ប.) និងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ។ ឯកឧត្តមប្រធាន បានលើកឡើងថាកន្លងមកមានការជជែកវែកញែក ពីការបញ្ចូលតំណាងប្រទេសកំពុងអភិវឌ្ឍទៅក្នុងក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដែលតំណាងឱ្យប្រទេសត្បូង-ត្បូង (South-South Cooperation) ជាដើម។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.នេះ សឹងតែមិនអាចដោះស្រាយអ្វីបានដោយសារតែការ VETO ពីប្រទេសមហាអំណាចទាំង៥។ឯកឧត្តមប្រធាន ក៏បានជម្រាបជូនសម្តេចពីគម្រោងបង្កើតវេទិកាអ្នកធុរកិច្ចដើម្បីសន្តិភាព និងការអត់ឱន ដើម្បីប្រមូលយកក្រុមហ៊ុន និងសម្ព័ន្ធសាជីវកម្មធំៗមកចូលរួមក្នុងវេទិកាតែមួយជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងឱ្យក្រុមធុរកិច្ចខ្នាតធំទាំងនោះ អាចចែករំលែកពីគោលដៅវិនិយោគ និងការផ្គូផ្គង ពាណិជ្ជកម្មជាដើម។ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ច នាំមកនូវសន្តិភាពដូចគ្នា។ ឯកឧត្តមប្រធាន ក៏សូមអញ្ជើញសម្តេច និងគណៈប្រតិភូកម្ពុជា ចូលរួមនូវវេទិកាអ្នកធុរកិច្ចនោះ។ ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ល្អៗអបអរសាទរសម្តេច ក្នុងឱកាសបានទទួលពានរង្វាន់ “សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី” ពីក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន។ សម្តេចតេជោ មានប្រសាសន៍ថា ឯកឧត្តមប្រធាន និងគណៈប្រតិភូ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជា អាចនឹងមើលឃើញថាជាប្រទេសកំពុងអភិវឌ្ឍធម្មតាមួយ ក៏ប៉ុន្តែប្រទេសកម្ពុជា បានឆ្លងកាត់នូវការឈឺចាប់ ជាច្រើនណាស់។ សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពូជា ដែលធ្លាប់ជាចក្រភពដ៏រុងរឿងមួយ និងជាប្រទេសធំ បែរក្លាយមកជាប្រទេសតូច នឹងសឹងតែបាត់បង់ ដោយសារតែជម្លោះផ្ទៃក្នុង ការដណ្តើមអំណាច និងបែកបាក់ផ្ទៃក្នុង។ សម្តេចតេជោ ក៏បានរំលឹកពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយទទួលបានសន្តិភាព ឯកភាពទឹកដី ពិតប្រាកដនៅក្នុងឆ្នាំ១៩៩៨ ដោយសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ជាងពីរទស្សវត្សរ៍ និងមានអត្រាភាពក្រីក្រ ក្រោម ១០% នៅមុនជំងឺកូវីដ១៩។ កម្ពុជា បានប្រែក្លាយពីប្រទេសដែលនាំចូលសព្វគ្រប់បែបយ៉ាង ទៅជាប្រទេសផលិតដើម្បីនាំចេញ និងផ្គត់ផ្គង់ទីផ្សារខាងក្រៅ ជាពិសេស ការនាំចេញស្រូវអង្ករ គ្រាប់ស្វាយចន្ទី ទៅប្រទេសក្នុងតំបន់ និងប្រទេសដៃគូ ។ សម្តេចតេជោ បានបន្តថា ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអេមីរ៉េតអារ៉ាប់រួម ចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងកម្រិតតំបន់ដូចជា អាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ RCEP ជាដើម ដែលបានអនុញ្ញាតឱ្យការនាំចេញរបស់កម្ពុជា កើនឡើងជាលំដាប់។ កម្ពុជានឹងសម្រេចគោលដៅចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩, ក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០។ សម្តេចតេជោ បញ្ជាក់ថា រយៈពេល និងគោលដៅនេះ មិនមែនជាគោលដៅដែលហួសប្រមាណ មិនអាចសម្រេចនោះទេ។សម្តេចតេជោ បានមានប្រសាសន៍ថា ការកែទម្រង់អង្គការសហប្រជាជាតិមិនមែនជារឿងងាយស្រួលនោះទេ សម្តេច បានឮអំពីកំណែទម្រង់នេះជាង២០ឆ្នាំមកហើយ។ សម្តេចតេជោ យល់ឃើញថា IPTP គួរដាក់ចេញនូវវិធានការខ្លះ ដើម្បីធ្វើឱ្យបំណងមានតំណាងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអសប ក្លាយជាការពិត។សម្តេចតេជោ បានលើកទឹកចិត្តឱ្យបន្តរៀបចំកិច្ចប្រជុំ ឬជំនួបបែបនេះ ដែលអាចជាការជួបដោយផ្ទាល់ និងតាមប្រព័ន្ធនិមិត្ត ដោយយកគម្រូតាម ICAPP ឬG7 G20 តាមក្របខណ្ឌ និងយន្តការដែលយើងមានស្រាប់ដូចជា CDI, IPTP និងតាមរយៈធម្មនុញ្ញសន្តិភាពរបស់យើង។ ជាចុងក្រោយ សម្តេចតេជោ បានជូនពរឯកឧត្តមប្រធាន GCPT និងគណៈប្រតិភូទាំងអស់ទទួលបានជោគជ័យជាផ្លែផ្កា ក្នុងដំណើរការនៃកិច្ចប្រជុំ IPTP លើកទី១១ នៅកម្ពុជា និងសូមទទួលបានសុខសប្បាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា៕

ប្រធានក្រុមប្រឹក្សា GCTP៖ កម្ពុជាជាប្រទេសមានសុខសុវត្ថិភាពជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

2024/11/24 07:55:58 pm        220
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP​ ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ​ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ​ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ​ និងជួយគ្នាទៅវិញទៅមក។ សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។​ ក្នុងន័យនេះ​ ការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់​ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម​ និង​ការតភ្ជាប់ពិភពលោក​ រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

NATO៖ រុស្ស៊ីនឹងប្រឈម «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើវាយប្រហារអ៊ុយក្រែនម្តងទៀត
12/19/2025 11:12 AM
លោក Trump ចេញក្រឹត្យកំណត់គោលដៅឱ្យអវកាសយានិកចុះចតលើឋានព្រះចន្ទ នៅឆ្នាំ២០២៨
12/19/2025 11:12 AM
មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅប៊ុលហ្គារីប្រឆាំងអំពើពុករលួយ និងអំពាវនាវឱ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ
12/19/2025 11:12 AM
លោកTrump៖ «គ្មានបញ្ហាទេ» ក្នុងការប្រាប់សភាអំពីការវាយប្រហារណាមួយដែលអាចកើតមាននៅវ៉េណេស៊ុយអេឡា
12/19/2025 11:12 AM
ប្រជាជនបូលីវី ប្រឈមការហក់ឡើងតម្លៃប្រេងក្រោយការកាត់ការឧបត្ថម្ភធន បង្កឱ្យមានការខកចិត្តជាសាធារណៈ
12/19/2025 11:12 AM
សម្ដេចធិបតីប្រកាសជំហរជាថ្មីម្តងទៀត ដោយឥតងាករេកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់
12/19/2025 11:12 AM
សម្តេចធិបតីអំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តជាតិរក្សាក្រមសីលធម៌ ខណៈប្រទេសជាតិស្ថិតក្នុងជម្លោះព្រំដែន
12/19/2025 11:12 AM
កុមារភៀសសឹក បានចូលរៀននៅជំរុំ នៅតែ​ទទូច​ចង់​ទៅ​ផ្ទះវិញ និង​ស្នើ​ឲ្យ​ថៃ​បញ្ចប់​សង្រ្គាម​ឈ្លាន​ពាន​កម្ពុជា
12/19/2025 11:12 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅ UN បញ្ជាក់សាជាថ្មី អំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញ UN
12/19/2025 10:12 AM
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយ​យោធាថៃនៅតែ​បន្ត​បាញ់​ប្រហារ​ និ​ងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥ ដែល គិត​មក​ដល់ថ្ងៃទី១៩ធ្នូនេះ មានរយៈពេល១៣ថ្ងៃហើយ
12/19/2025 10:12 AM