TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

2024/11/24 07:39:33 pm        235
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ដឹកនាំដោយ ឯកឧត្តម Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍​ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា​ ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ​ កម្ពុជា​បានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា​ គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ​ នោះប្រទេសនឹងមានការរីកចម្រេីន​ និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មីដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ​សម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ

2024/11/24 05:32:39 pm        200
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់។សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើបាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចតេជោថ្លែងថា ចាប់ពីអាណត្តិទី ៣ ដល់អាណត្តិទី ៦, រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត និងអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដើម្បីប្រែក្លាយជំរុញតួនាទីជា «រាជរដ្ឋាភិបាលសេដ្ឋកិច្ច» ក្រោមបាវចនា «រាជរដ្ឋាភិបាលនៃកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព» ដោយអនុវត្តរបៀបវារៈសកម្មភាពសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ សំដៅកែលម្អ និងកសាងសមត្ថភាពស្ថាប័នសាធារណៈ, ពង្រឹងអភិបាលកិច្ចល្អ និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ, ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងការ តភ្ជាប់ផ្លូវអាកាស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច, បង្កើតការងារសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ធានាសមធម៌សង្គម និងលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ។ចំណែក រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណ ដែលជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បី កំណើនសេដ្ឋកិច្ច, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» និងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍមូលធន មនុស្ស។ យុទ្ធសាស្ត្រនេះ សម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាល ជាបន្តបន្ទាប់ ព្រមទាំងត្រូវបានតម្រង់ និងកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែងនៅក្នុងប្រទេស, តំបន់ និង សកល និងបទពិសោធនៃការអនុវត្តពីដំណាក់កាលមុនៗ សំដៅសម្លឹងទៅមុខឆ្ពោះទៅដល់ការសម្រេចបានគោលដៅនៃការកសាងជាតិ ដែលជាប្រាថ្នារបស់ប្រជាជនកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ បន្ទាប់ពីបញ្ចប់បាឋកថាពិសេស សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទទួលបានពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គរបស់ IPTP លើកទី១១ នៅរាជធានីភ្នំពេញប្រកបដោយក្តីរីករាយ និងមោទនភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ដោយជោគជ័យ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់

2024/11/24 05:25:00 pm        137
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មាន​ប្រសាសន៍បញ្ជាក់ថា នយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយ​ជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីពិធីបើកសម័យ​ប្រជុំពេញ​អង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និង​ធ្វើ​បាឋកថាពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការ​កសាង​សន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រេចតេជោបានបន្តទៀតថា នយោបាយឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ ដោយជោគជ័យ, ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់, ប៉ុន្តែ ជំនួសវិញដោយការធ្វើសមាហរណកម្មដោយសន្តិវិធី និងការរំលាយ​ចោលនូវអង្គការ​ចាត់តាំង​នយោបាយ​របស់ខ្មែរក្រហម តាមរយៈ យុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Develop) ។ សម្ដេចបានដាក់ចេញនូវ «ការធានា បីយ៉ាង» ដែលសម្ដេច​ជឿយ៉ាង​មុតមាំថា ជារូបមន្តដ៏ស័ក្តិសិទ្ធ ដើម្បីឱ្យក្រុមខ្មែរ​ក្រហមដែលលែងចង់​ឃើញការបង្ហូរ​ឈាមរវាង ខ្មែរ និង ខ្មែរ, សុខចិត្តចុះចូលមករួមរស់ជាមួយនឹងសង្គមជាតិ ដោយគ្មានអ្នកឈ្នះ, គ្មាន​អ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ ដោយទទួលបាននូវសន្តិភាពដែលពួក​យើង​បាន​ទន្ទឹងរង់ចាំជាយូរមកហើយ។ សម្ដេចបានដាក់អាយុជីវិតរបស់សម្ដេចធ្វើជាដើមទុនលើកទី ២ នៅក្នុងការចរចា និងជំរុញការអនុវត្ត នយោបាយឈ្នះ-ឈ្នះ ទម្រាំតែយើងទទួលបានជោគជ័យ​ទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលអង្គការចាត់តាំងនយោបាយ និង​យោធា​របស់ខ្មែរក្រហម ត្រូវបានរំលាយ ។ សម្ដេចតេជោបន្តថា សមិទ្ធផលដ៏ធំធេងរបស់សាលាក្តីនេះ ត្រូវបានបញ្ចប់ និង ប្រកាសរួមគ្នា​ដោយ​ព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងខែ ធ្នូ ឆ្នាំ២០២២ ដែលជា​សំណុំរឿងដ៏ជោគជ័យបំផុតរបស់តុលាការអន្តរជាតិប្រភេទនេះ ដែលមិនត្រឹមតែបាន ផ្សះផ្សា​សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងបានទប់ស្កាត់ការសងសឹក និងការស្អប់ខ្ពើមក្នុងប្រទេស ជាតិផងដែរ (បច្ចុប្បន្ន, គំរូនៃយុត្តិធម៌អន្តរកាលនៅលើឆាកអន្តរជាតិ មិនមានច្រើនទេ សូម្បីតែប្រទេសរ៉ាវ៉ាន់ដា ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៩៤ ដល់ថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ ១៩៩៤ ក៏មិនបានកសាងតុលាការកូនកាត់ដូចកម្ពុជាដែរ ៕

សម្ដេចតេជោ ហ៊ុន សែន ទទួលបាន«មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភពផែនដី» ពីសភា IPTP

2024/11/24 05:16:41 pm        118
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅ​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែល​តំណាងឱ្យសភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និង​សន្តិភាព (GCTP) បានជូន «មេដាយសន្តិភាព៖សម្រាប់មនុស្សជាតិ និងភព ផែនដី» ដល់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ប្រជាពលរដ្ឋ បានថ្លែងថា អបអរសាទរ និង​គោរព​ជូន​ពរ​ដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយស​ដ៏​ឧត្តុង្គ​ឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាន «មេដាយសន្តិភាព៖ សម្រាប់មនុស្សជាតិ និងភព ផែនដី» នាឱកាសនៃសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) លើកទី១១ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី ២៣-២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ។ សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការមេដាយសន្តិភាព ដែលតំណាងឱ្យ សភាចំនួន ១០៥ ជាសមាជិកនៃ IPTP និងក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) មកពីអាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា ទទួលស្គាល់ជាពិសេស និ​ង​កោត​សរសើរ វាយតម្លៃយ៉ាងខ្លាំង ចំពោះការរួមចំណែកដ៏ធំធេងរបស់ សម្តេចតេជោ ប្រកបដោយ​ពលិកម្ម​គ្រប់​បែបយ៉ាង សូម្បីជីវិតសម្តេចផ្ទាល់ ក្នុងបុព្វហេតុ សុខសន្តិភាព ស្ថិរភាព និងការ​អភិវឌ្ឍ​របស់កម្ពុជា ធ្វើឱ្យប្រជាជន ទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ រួម​រស់​ជា​មួយ​គ្នា​ដោយ​សន្តិភាព និងភាពអត់ឱន ជាមួយនឹង ភាពសុខដុមរមនាផ្នែកសង្គម និងសាសនា និង​ការ​​អភិវឌ្ឍ ប្រកបដោយសមធម៌ បរិយាបន្ន និងចីរភាព។ គុណតម្លៃ​ដ៏វិសេសវិសាលរបស់ សម្តេចតេជោ ក្នុងដំណើរកសាង និងស្តារឡើងវិញក្រោយ សង្គ្រាម​ស៊ីវិល​នៅកម្ពុជា រួមមានការអភិវឌ្ឍជនបទ ការអភិវឌ្ឍធនធានមនុស្ស កំណែទម្រង់ច្បាប់ និងស្ថាប័ន អភិបាលកិច្ច និងកិច្ចការងារជាច្រើនផ្សេងទៀតរាប់ពុំអស់ ប្រកបដោយប្រសិទ្ធភាព។ យើង​ក៏មិនអាចភ្លេចបានថា សមិទ្ធផលអស់ទាំងនេះអាចសម្រេចទៅបានដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        169
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមអន្តរសភា និង​អង្គការអន្តរជាតិ នៃកិច្ចប្រជុំ IPTP

2024/11/24 04:53:47 pm        161
នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃ កិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱននិងសន្តិភាព (GCTP) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។សូមជម្រាបថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ សម័យប្រជុំពេញអង្គនេះ មានគណៈប្រតិភូតំណាង៥៣ប្រទេស ស្មើនឹង២៧២រូប ដើម្បីត្រៀមចូលរួមសម័យប្រជុំពេញអង្គ នាពេលខាងមុខនេះ។ ក្នុងចំណោមគណៈប្រតិភូមកពី ៥៣ប្រទេសនេះ រួមមាន ប្រធានសភា ៦ រូប អនុប្រធានសភា ៦រូប សមាជិកសភា ៩៨រូប និងអង្គការអន្តរជាតិចំនួន ១២អង្គការ។ពិធីបើកសម័យប្រជុំជាផ្លូវការ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ ឥស្សរជនជាប្រធានស្ថាប័នសភាអន្តរជាតិមួយចំនួនទៀត៕

សម្ដេចតេជោ ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី

2024/11/24 02:16:36 pm        129
សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជូនពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ពិធីបើកជាផ្លូវការ នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ការផ្តល់ជូន «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជាការទទួលស្គាល់ចំពោះការដឹកនាំដ៏ពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលសម្តេចបានបញ្ចប់សង្គ្រាម ហើយកសាងសន្តិភាពនៅប្រទេស រហូតមកដល់សព្វថ្ងៃ។សូមជម្រាបថាសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace-IPTP គឺជាស្ថាប័ននីតិប្បញ្ញត្តិនៃក្រុមប្រឹក្សាសកលសម្រាប់ការអត់ឱន និងសន្តិភាព (GCTP) ដែលជាអង្គការអន្តរជាតិមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧។ IPTP គឺជាវេទិកាសម្រាប់សមាជិកសភា ពិភាក្សាលើបញ្ហានៃសន្តិភាពពិភពលោក។ សម័យប្រជុំនីតិវិធីដំបូងរបស់ IPTP ត្រូវបានប្រារព្ធឡើងនៅក្នុងសភានៃប្រទេសម៉ាល់តា នៅក្នុងឆ្នាំ២០១៨។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ប្រគល់ជូននូវពានរង្វាន់ «សន្ដិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

សម្ដេចធិបតី៖ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះបានឆ្លងកាត់​បទ​ពិសោធន៍​ដោយ​ផ្ទាល់​រងគ្រោះដោយសារសង្គ្រាម

2024/11/24 02:10:13 pm        106
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសម័យប្រជុំពេញអង្គសភា​អន្តរជាតិ ដើម្បី​ភាព​អត់​ឱន និងសន្តិភាពលើកទី១១ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពីព្រោះ​បាន​ឆ្លង​កាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ទើប​រយៈ​ពល​ជិត ២៧ឆ្នាំចុងក្រោយនេះ អាចស្វែងរកសន្ដិភាពបានតាមរយៈការដឹកនាំ និង​នយោបាយ​ឈ្នះ ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធាន​ព្រឹទ្ធសភា​នាពេល​បច្ចុប្ប​ន្ន​នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៦ថា កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្ដិភាព ពី​ព្រោះ​បាន​​ឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់រងគ្រោះដោយសារសង្គ្រាម ទម្រាំទទួល​បាន​នូវ​សន្ដិភាព ដូច្នេះទើបកម្ពុជា បានឱ្យតម្លៃខ្លាំងណាស់ចំពោះសន្ដិភាពសម្រាប់មនុស្សជាតិ និង​ភព​ផែនដី​។សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា សន្ដិភាពគឺជាគន្លឹះលើអ្វីៗគ្រប់បែបយ៉ាង ពីព្រោះបើគ្មាន​សន្ដិភាព ​គឺគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន និងគ្មាន អនាគតបានឡើយ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា​បាន​បើក​ជា​ផ្លូវការ​នៃ​សម័យ​ប្រជុំ​ពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕ អត្ថបទ៖ វ៉ន ដារ៉ា

ព្រះមហាក្សត្រ៖ សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ និងអាស៊ាន

2024/11/24 02:02:21 pm        228
តាមរយៈព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បី​ភាព​អត់ឱន និងសន្តិភាព ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះអង្គ​ទ្រង់មាន​ព្រះរាជ​បន្ទូលថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានា​បាន​នូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍។ក្នុងឱកាសនោះព្រះករុណាព្រះមហាក្សត្រ មានព្រះហឫទ័យសោមនស្សរីករាយជាអនេក អបអរសាទរពិធីបើកសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ព្រះករុណាមានព្រះរាជបន្ទូលថា សភាអន្តរជាតិ IPTP សម្រាប់កម្ពុជា គឺជាការអនុវត្តគោលនយោបាយការទូតសភាកម្ពុជា ដែលមានស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបង្កើតនូវគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ហើយបានបញ្ចប់សង្គ្រាមទាំងស្រុងជាស្ថាពរ សម្រេចបាននូវសន្តិភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ ឯកភាពទឹកដី ការពារបាននូវ សាមគ្គីភាពជាតិ ឯករាជជាតិ បូរណភាពទឹកដី និងវឌ្ឍភាពសង្គម ដែលរួមគ្នាជាធ្លុងមួយ ក្នុងដំណើរស្វែងរកសន្តិភាព និង ការផ្សះផ្សាជាតិ ជាមួយព្រះវររាជបិតារបស់ខ្ញុំ គឺ សម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះវរ រាជបិតាឯករាជជាតិ ព្រមទាំង ព្រមទាំងវីរជនជាតិដ៏ឆ្នើមៗមួយចំនួន ក្រោមអគ្គមគ្គុទ្ទេសក៍ឯក បញ្ញាញាណ គតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ និងមហាវិសេសវិសាលឥតកាត់ ថ្លៃបាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ព្រះករុណាមានព្រះរាជបន្ទូលបន្ថែមថា សុខសន្តិភាពរបស់កម្ពុជា បាននាំមកនូវសន្តិភាពនៅតំបន់ទន្លេមេគង្គ ធានាបាននូវការកសាងសហគមន៍អាស៊ានដ៏ស្រស់បំព្រង និងជំរុញការធ្វើសមាហរណកម្មដ៏សកម្មរបស់កម្ពុជា ទៅក្នុងតំបន់និងសកលលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម នយោបាយ សាសនា វប្បធម៌ ទេសចរណ៍ ព្រមទាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាល កម្ពុជា បានពុះពារ លះបង់ និងប្តេជ្ញា យ៉ាងមុតមាំនិងខ្លាំងក្លាបំផុត ចាប់តាំងពីអាណត្តិទី១ នៃ រដ្ឋសភា មកដល់អាណត្តិទី៧ នេះ ។ ព្រះរាជាណាចក្រកម្ពុជា ក៏ទទួលជោគជ័យដ៏ឧត្តុង្គឧត្តមមួយទៀត ក្នុងការស្វែងរក និងផ្តល់យុត្តិធម៌អន្តរកាល ក្នុងស្មារតីធានាយុត្តិធម៌ដល់ជនរងគ្រោះដែលបានរងទារុណកម្ម និងការកាប់សម្លាប់ ទន្ទឹមពេលធានាសន្តិភាពដល់អ្នករស់រានមានជីវិត ពីរបបប្រល័យពូជ សាសន៍ដ៏ឃោរឃៅនិងយង់ឃ្នងរបស់ខ្មែរក្រហម ១៩៧៥-១៩៧៩។ តាមរយៈបទពិសោធន៍ នៃសន្តិភាពរបស់កម្ពុជា កម្ពុជាបានប្រែក្លាយពីប្រទេសទទួលកងកម្លាំងរក្សាសន្តិភាព ទៅជាប្រទេសនាំមុខមួយនៅក្នុងតំបន់ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការ សហប្រជាជាតិ ហើយបាននិងកំពុងចូលរួមក្នុងបេសកកម្មស្វែងរកសន្តិភាព និងកិច្ចការ មនុស្សធម៌ដទៃៗទៀតជុំវិញពិភពលោក៕

សម្តេចតេជោហ៊ុន សែន៖ ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នឹងក្លាយជា​ទំនិញសាធារណៈ

2024/11/24 01:50:50 pm        124
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា ធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ និង​ភពផែនដី នឹងក្លាយជាទំនិញ​សាធារណៈមួយ​ដែល​ជាតិ​សាសន៍​ណា​ក៏​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន ចូលរួមបាន ស្របទៅតាមទស្សនវិស័យ និងគោលបំណងទាំងឡាយដែលចែងនៅក្នុង «វេទិកាកិ​ច្ចប្រជុំកំពូលសម្រាប់អនាគត» របស់អង្គការសហប្រជាជាតិឆ្នាំ២០២៤។ ថ្លែងក្នុង​ពិធី​បើក និងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី នាព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ធម្មនុញ្ញសន្តិភាព ដើម្បី​មនុស្សជាតិ និងភពផែនដី ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់កម្ពុជា ក៏​ដូច​ជាកូនចៅជំនាន់ ក្រោយដើម្បីថែរក្សានូវប្រវត្តិសាស្រ្ត អត្តសញ្ញាណ និង​ការ​ខិតខំ​ការពារ​មរតក​សន្តិភាព ដែលកម្ពុជារកបាន ដោយការលំបាក។ សម្តេចបានបន្ថែមទៀតថា គ្រប់ដំណាក់កាលនីមួយៗដែលបានផ្លាស់ប្តូររបបនយោបាយ ការ​ផ្លាស់​ប្តូរមេដឹកនាំការប្រកួតប្រជែងមនោគមន៍វិជ្ជា សង្រ្គាមដណ្តើមអំណាចជាតិសាសន៍ឯង ប្រល័យ​ពូជ​សាសន៍ សុទ្ធសឹងតែជាមេរៀនពិតប្រាកដ ដែលកើតឡើង​ចំពោះ​ប្រទេស​ដ៏​កម្សត់​របស់​យើង ខណៈបទពិសោធន៍ទាំងនេះហើយ ដែលធ្វើឲ្យយើង​(កម្ពុជា) កសាង​បាន​នូវ​ភាព​ធន​ក្នុង​ការ​ឆ្លើយ​តបទៅ នឹងវិបត្តិនានាក្នុងប្រវត្តិសាស្រ្ត, ក្នុងការកសាងសន្តិភាព, ការផ្សះផ្សារ, ការ​អត់​ឱន, ការបង្រួបបង្រួមដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃសង្គមជាតិរបស់កម្ពុជា និងដើម្បី​កសាង​បាន​នូវគ្រឹះមូលដ្ឋាននៃប្រជាជាតិ ក្នុងដំ ណាក់កាលនៃអន្តរកាល ការធ្វើ​សមាហរណ​កម្ម​នៅ​ក្នុ​ងសម័យបច្ចេកវិទ្យាទំនើប ប្រកបដោយបរិយាប័ន្ន និងការតភ្ជាប់អរិយធម៌ថ្មីរុងរឿង និង​យូរ​អង្វែង​ជាដើម។ក្នុងពិធីបើកនិងប្រកាសពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន រំពឹងផងដែរថា សសរស្តម្ភសំខាន់ៗទាំងប្រាំ រួមមាន ១ការទប់ស្កាត់ជម្លោះ, ២ ដំណើរ​ការ​កសាងសន្តិភាព និង ការសម្របសម្រួលល្អ, ៣យុត្តិធម៌អន្តរកាល, ៤ការក​សាង​ឡើង​វិ​ញ​ក្រោយ​ជម្លោះ និងការឆ្លើយតបទៅកាន់បញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ, និង៥​សន្តិសុខ​ស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នឹង​ក្លាយ​ទៅ​ជា​ទ្រព្យសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់ការអនុវត្តជាក់ស្តែង លើក​កម្ពស់​ការ​គោរព​ច្បាប់អន្តរជាតិ និងអាចយកប្រើប្រាស់បានគ្រប់ភូមិសាស្ត្រ និងស្របតាម​លក្ខណៈ​ពិសេស​របស់​ប្រទេសនីមួយៗ ដោយយកផលប្រយោជន៍ប្រជាជនជាស្នូលផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់ ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែករវាងរដ្ឋមន្រ្តីការបរទេសប្រទេសទាំង២ ជាមួយប្រមុខការបរទេសចិន
12/18/2025 10:12 PM
កម្ពុជា និងបណ្តាប្រទេសលើពិភពលោកបាន និងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងជាងធំៗចំនួន៣០ ស្ថិតក្នុងនីតិវិធីតុលាការ
12/18/2025 10:12 PM
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”
12/18/2025 09:12 PM
កាណាដា គាំទ្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំបើកកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នាឆ្នាំ២០២៦ខាងមុខនេះ
12/18/2025 09:12 PM
ការកាត់ផ្តាច់ជំនួយអាមេរិកបង្ខំឲ្យក្មេងស្រីរ៉ូហ៊ីងយ៉ាឆាប់រៀបការ ហើយក្មេងៗធ្វើការងារធ្ងន់
12/18/2025 08:12 PM
កម្ពុជា បង្ហាញការវាយប្រហាររបស់ថៃ ជូនប្រធានគណៈប្រតិភូថ្នាក់តំបន់នៃកាកបាទក្រហមអន្តរជាតិ
12/18/2025 08:12 PM
ក្រុមអ្នកវិទ្យាសាស្រ្តអេហ្ស៊ីប រកឃើញហ្វូស៊ីលក្រពើបុរាណនៅវាលខ្សាច់ Western Desert
12/18/2025 08:12 PM
ទារកត្រជាក់រហូតដល់ស្លាប់ ពេលតំបន់ហ្កាហ្សាស៊ូទ្រាំនឹងរដូវរងា និងការផ្លាស់ទីលំនៅ
12/18/2025 08:12 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងរៀបចំធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន
12/18/2025 08:12 PM
រុស្ស៊ីសង្ឃឹមថា លោក Trump មិនធ្វើកំហុសធ្ងន់ធ្ងរ នៅវ៉េណេស៊ុយអេឡា
12/18/2025 08:12 PM