TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលរងរបួសក្នុងសមរភូមិ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ​ក្នុងរាជធានីភ្នំពេញ
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
TOP STORY|សម្ដេចធិបតី៖«ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំង​ដ៏រឹង​មាំ​នៃ​មហា​សាមគ្គី​ជាតិ​ខ្មែរ​ក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេស​ជាតិ​យើង​កំពុ​ង​ជួប​ប្រទះនឹ​ងកា​រលំ​បាក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពីប្រទេសជិតខាង»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣

2024/11/16 09:25:46 pm        86
ភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។ ព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយនេះ នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត យ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។ សម្រាប់ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី តាមទីកន្លែងសំខាន់ៗផងដែរ។ ជូនពរកីឡាករប្រណាំងទូកទាំងអស់ ធ្វើដំណើរត្រឡប់ទៅខេត្តវិញប្រកបដោយ សេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូនជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរក៏ដូចជាភ្ញៀវបរទេស

2024/11/16 01:18:42 pm        153
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី៣ ឬថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរ ដល់បងប្អូនប្រជាពលរដ្ឋបន្តរីករាយសប្បាយជាមួយបុណ្យជាតិដ៏ធំនេះ ខណៈរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូនជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍តាមរយៈបណ្ដាញសង្គមថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស ។ សម្ដេចធិបតីបានជូនពរដល់ លោកតាលោកយាយ អ៊ំពូមីង បងប្អូនព្រមទាំងក្មួយៗទាំងអស់ សូមរីករាយជាមួយការដើរលេងកម្សាន្តនៅថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយអនុស្សាវរីយ៍ល្អៗក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់នៃសុខសន្តិភាព៕

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ព្រះរាជពិធី បុណ្យអុំទូកថ្ងៃទី៣ ខណៈការប្រារព្ធពិធីបុណ្យជាតិដ៏ធំ​ អាចធ្វើទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ

2024/11/16 12:35:44 pm        130
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤ ខណៈការប្រារព្ធពិធីបុណ្យជាតិដ៏ធំ អាចអាចធ្វើទៅបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។សម្ដេចតេជោ ហ៊ុន សែន បានសរសេរ តាមរយៈបណ្ដាញសង្គមថា នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ គឺជាថ្ងៃទី៣ ហើយជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤។ សម្ដេចតេជោមានប្រសាសន៍ថា រយៈពេល២ថ្ងៃនៃព្រះរាជពិធីនេះ យើងឃើញថា កីឡាករអំទូក បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ មកលេងកម្សាន្តការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំង ការដើរទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យ នៅតាមសួនសាធារណៈផងដែរ ប្រកបដោយភាពសប្បាយរីករាយ។ សម្ដេចតេជោបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យជាតិដ៏ធំប្រចាំឆ្នាំបែបនេះអាចអាចធ្វើទៅបាន គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។ សម្ដេចតេជោ បានជូនពរបងប្អូន កីឡាករអុំទូក ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ទទួលបានភាពសប្បាយរីករាយ និង សុខសុវត្ថិភាព ក្នុងការត្រត្រឡប់ទៅកាន់ភូមិកំណើតវិញ៕

កិច្ចប្រជុំព្រឹទ្ធសភាព្រឹកនេះ បានសម្រេចឯកភាព និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣

2024/11/13 03:53:42 pm        313
នៅថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បាន​បន្ត​សម័យ​ប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ អង្គ​ប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ រួមមាន៖របៀបវារៈទី១៖ ពិនិត្យ ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និង​សម្រួល​ពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ឆ្លងតាមការពិនិត្យសិក្សាទៅលើទិដ្ឋភាពជារួមនៃសេចក្តីព្រាងច្បាប់នេះ និងការពិចារណាគ្រប់ ជ្រុងជ្រោយ ទាក់ទងនឹងតម្រូវការ និងគោលបំណងដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដែល​បាន​ដក​ខ្លួន​ចេញ​ពីអនុស្សរណៈ ក៏ដូចជាការធ្វើឱ្យបាត់បង់​សុពលភាព នៃ​កិច្ច​ព្រម​ព្រៀងស្តី​ពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ព្រឹទ្ធ​សភា​បាន​ស្ទើរដ្ឋសភា កែសម្រួល ចំណងជើង និងខ្លឹមសារមាត្រា១ មាត្រា២ និងមាត្រា៣ នៃសេចក្តី​ព្រាង​ច្បាប់​នេះ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៤មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជា​ណា​ចក្រ​កម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៩ សំឡេង នៃចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោយ​ពីសមាជិកព្រឹទ្ធសភាចំនួន២រូបបានឡើងមានយោបល់រួចមកលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់ដែលស្នើកែសម្រួលខាងលើនេះ អង្គប្រជុំព្រឹទ្ធសភា​បាន​អនុម័ត​ដោយ​មាន​សំឡេង​គាំទ្រ​ចំនួន ៥៦សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ដោយចាត់ទុកជាការ​ប្រញាប់​។របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យ​ព្រះរាជា​ណា​ចក្រកម្ពុជា ចូលជាភាគី នៃកិច្ចព្រមព្រៀង ស្តីពីការទទួល យកបទប្បញ្ញត្តិ​បច្ចេក​ទេស​រួម នៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ដែលអាចបំពាក់ និង/ឬ​ប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ​ការ​ផ្តល់​អនុលោម- ភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។សេចក្តី​ព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា​អនុម័ត​យល់​ព្រមជាលើកដំបូងចំនួន ៩៩ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាល​ពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោយ​ពី​សមាជិក​ព្រឹទ្ធសភា​ចំនួន ៣រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយបំភ្លឺជូនអង្គប្រជុំ ព្រឹទ្ធសភា។ អង្គ​ប្រជុំ​ព្រឹទ្ធ​សភា​បាន​ពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល​ដោយ​ឥត​កែ​ប្រែ​ចំនួន ៥៦ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់ ។ សេចក្តី​ព្រាង​ច្បាប់​នេះ រៀបចំឡើងក្នុងគោលបំណងគ្រប់គ្រងការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការ​ថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់ ដើម្បីធានាប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធទឹកកខ្វក់និងការការពារបរិស្ថាន រួមចំណែកធ្វើឱ្យ ប្រសើរ​ឡើង​នូវ​សុខមាលភាពសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សេចក្តី​ព្រាងច្បាប់នេះតាក់តែងឡើងមាន ១៦ជំពូក និង១១៣មាត្រា ត្រូវបានរដ្ឋសភា នៃ ព្រះ​រា​ជា​ណា​ចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧។ ក្រោ​យ​ពីសមាជិកព្រឹទ្ធសភាចំនួន២រូប បានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លើយ​បំភ្លឺ​ជូន​អង្គ​ប្រជុំ​ព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូល​ដោយ​ឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង​ក្នុងការលើកកម្ពស់​អនាម័យ​តាមជនបទ

2024/11/13 09:24:28 am        145
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា រាជ​រដ្ឋាភិបាល​បាន​កំពុង​យកចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់អនាម័យតាមជនបទ ពោល​គឺ​ខិតខំ​ធ្វើ​យ៉ាង​ណា​បន្ត​ជំរុញ និងអនុវត្ត ផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ​ជន​បទ​ឲ្យ​សម្រេច​បាន​មួយរយភាគរយនៅក្នុងឆ្នំា២០៣០ខាងមុខនេះ។តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ នា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់ថា «យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ បានបញ្ជាក់យ៉ាងច្បាស់នូវការបន្តជំរុញការអភិវឌ្ឍជនបទ តាម​រយៈ​ការ​បន្ត​កែលម្អលក្ខ ខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយផ្តោត​លើ​ការ​ពង្រីក​វិសា​ល​ភាព​នៃការផ្តល់សេវាផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ។ បន្ថែម​ពី​នេះក​ម្មវិ​ធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានដាក់ចេញនូវគោលដៅក្នុងការ​បន្តជំ​រុ​ញ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ផ្គត់ផ្គ​ង់​ទឹក​ស្អាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្រប ដណ្តប់មួយរយភាគរយនៅឆ្នាំ២០៣០»។បើតាមការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យដឹងផងដែរថា អត្រាកំណើន នៃ​ការ​ទទួលបានសេវាអនាម័យតាមជនបទ នៅក្នុងប្រទេសកម្ពុជា មានការកើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ និង​ប្រកប​ដោយ​មោទនភាព ជាក់ស្តែងនាពេលបច្ចុប្បន្ន​នេះ​អត្រា​គ្រប​ដណ្តប់​អនាម័យ​នៅ​ក្នុង​សហគមន៍ ជនបទនៅកម្ពុជា បានកើនឡើងដល់ប្រមាណ៩០ភាគរយ ដែលក្នុងនោះ​មាន​ភូមិ​ចំនួន​៩៦៧៥ ឃុំចំនួន៧៩៥ ស្រុកចំនួន៧៩ ក្រុងចំនួន១៥ ខណ្ឌចំនួន១៤ និងខេត្តចំនួន​១០​រួម​មានខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប សីហនុ កំពង់ចាម រតនគិរី និង​ខេត្តសៀមរាប ដែលបានបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល។ ទន្ទឹមនេះ ក្នុង​ចំណោម​ខេត្ត​ខាង​លើ មានខេត្តមួយចំនួនបាននិងកំពុងវាយ តម្លៃ ដើម្បីឈានទៅសម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ផងដែរ។យ៉ាងណាក៏ដោយដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យ ឲ្យ​បានមួយរយភាគរយនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក៏​ដូចជា ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអនុវត្តលើកិច្ចការខាងលើនេះ ហើយ​ត្រូវគាំទ្រ តាមគ្រប់រូបភាពទាំងអស់ដល់ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិដែល​មាន​អត្រា​អនាម័យទាប ឲ្យ ទទួលបានអត្រាអនាម័យកាន់តែប្រសើរ និងឈានទៅ​សម្រេច​បាន​ជា​ភូមិ​ ស្រុក ក្រុង និងខេត្តបញ្ចប់ការ បន្ទោបងពាសវាលពាសកាល និងត្រូវបន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​ខ្លាំងក្លាបន្ថែមទៀត ចំពោះក្រុមងាយ រងគ្រោះ ជនក្រីក្រ ជនជាតិដើមភាគតិច ស្រ្តីមេម៉ាយ ជនពិការ និងអ្នកដែលរស់នៅក្នុងតំបន់ប្រឈម ដើម្បី ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​បាន​សេវា​អនាម័យ​ជនកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត

2024/11/12 12:55:14 pm        118
នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។ សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា​។ សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ​មួយចំនួនផងដែរ៕

ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថាវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាស្របនឹងរដ្ឋធម្មនុញ្ញ

2024/11/11 11:40:03 am        262
ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញា ផ្ទៃក្នុងនៃរដ្ឋសភាធ្វើឡើង ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សា​ធម្មនុញ្ញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​សម្តេច​រដ្ឋសភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពាក់ព័ន្ធនឹងការស្នើ​សុំ​ពិនិត្យ​ធម្មនុញ្ញ​ភាព​បទ​បញ្ជា​ផ្ទៃ​ក្នុងនៃរដ្ឋសភា នៅវិមានរដ្ឋធម្មនុញ្ញ។ ពាក់ព័ន្ធនឹងសំណើវិសោធនកម្មខាងលើ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជា​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា សំណើនៃបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ពាក់ព័ន្ធ​នឹង​២៣​ប្រការ ដោយខ្លឹមសារជាការធ្វើបច្ចុប្បន្នលើពាក្យពេចន៍ និងការបំពេញ​បន្ថែម​ដើម្បី​ឱ្យកា​រ​អនុវត្ត​លើ​នីតិវិធី​របស់រដ្ឋសភាប្រព្រឹត្តទៅកាន់តែរលូន។សូមជម្រាបថា ក្រោយពីបានពិនិត្យ និងពិភាក្សា សមាជិក-សមាជិកាទាំង​៩រូប​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ញាផ្ទៃក្នុងនៃរដ្ឋសភា ដែលបាន​អនុម័ត​នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ស្រប​នឹង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ សេក ឧត្តម

លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាដឹកនាំដោយ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា

2024/11/11 10:01:38 am        211
នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បាន​រៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចដូចខាងក្រោម៖១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈ- កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជា ភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហ ប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់ អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ទៅគណៈ កម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃ ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។៣- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ទៅគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/11/11 09:04:55 am        312
នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ ដែលមាន​របៀប​វារៈ​ដូច​ខាងក្រោម៖១- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​លុប​ចោល​កិច្ច​ព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។២- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់​ព្រម​ឱ្យ​ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយក​បទ​ប្បញ្ញត្តិ​បច្ចេកទេ​ស​រួម នៃ​អង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាច​បំពាក់ ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃ​ការ​ផ្តល់​អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។៣- ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធ​ទឹកកខ្វក់។ ៤- ផ្សេងៗ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​

2024/11/09 09:48:15 am        143
ភ្នំពេញ ÷ នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជំរឿនជាក់ស្តែងតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ ពិធីបើកយុទ្ធនាការ
12/16/2025 06:12 PM
វិមានក្រឹមឡាំង៖ បទឈប់បាញ់បុណ្យណូអែលស្នើឡើងដោយអ៊ុយក្រែន អាស្រ័យលើការឈានដល់កិច្ចព្រមព្រៀងសន្តិភាព
12/16/2025 06:12 PM
ពលរដ្ឋរស់នៅក្នុងក្រុងញូវដែលី ពិបាកដកដង្ហើម ស្របពេលគុណភាពខ្យល់អន់ខ្លាំង
12/16/2025 06:12 PM
កុមារម្នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហារដោយកាំបិត ក្នុងសាលារៀន នៅរុស្ស៊ី
12/16/2025 06:12 PM
វិទ្យាស្ថានស្រាវជ្រាវ៖ ការបង្រ្កាបលើកាំភ្លើង នៅអូស្ត្រាលី ត្រូវការចាំបាច់ ដោយសារបទល្មើសលួចអាវុធកើនឡើង
12/16/2025 06:12 PM
លោក LAVROV៖ លោក ASSAD មិនបានសម្របសម្រួលមធ្យោបាយរបស់លោកជាមួយរុស្ស៊ី មុនពេលលាលែងពីតំណែងទេ
12/16/2025 05:12 PM
ប្រធានាធិបតីវ៉េណេស៊ុយអេឡា៖ទីក្រុងការ៉ាកាស និងមូស្គូ នឹងបន្តជំរុញទំនាក់ទំនងយុទ្ធសាស្ត្រ នៅឆ្នាំ ២០២៦
12/16/2025 05:12 PM
បណ្ដាញសង្គមធំៗ ត្រូវស្ថិតនៅក្រោមច្បាប់ម៉ាឡេស៊ី ចាប់ពីឆ្នាំ២០២៦
12/16/2025 05:12 PM
ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តបុកគ្នាលើផ្លូវល្បឿនលឿនឥណ្ឌាកើនឡើងដល់ ១៣នាក់
12/16/2025 05:12 PM
មនុស្ស ៦នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនៅភាគកណ្តាលម៉ិកស៊ិក
12/16/2025 05:12 PM