TOP STORY | សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់
គិតត្រឹមថ្ងៃនេះ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់អំណោយចំនួន ២២៦០០កញ្ចប់ របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភៀសសឹកចំនួន២២៦០០គ្រួសារ តាមបណ្ដាជំរំភៀសសឹកនានា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បំផុសចលនា«យើងរួមគ្នាដើម្បីជាតិ» នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖«យើងមិនមានយោធាបរទេសលើទឹកដីកម្ពុជា កើតមានតាំងពីអ៊ុនតាក់ដកចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ»

ព័ត៌មានសំខាន់ៗ

សម្ដេចតេជោ៖ ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយទើបអង្គកឋិនទានដង្ហែ ទៅវត្តខ្មែរក្រោមដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»

2024/10/07 09:50:27 am        226
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤នេះ បានបង្ហោះសរតាមបណ្ដាញសង្គមហ្វេសប៊ុក បញ្ជាក់​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ដង្ហែ​កឋិនទានទៅវត្តខ្មែរក្រោមដោយដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»។ សម្ដេចតេជោមានប្រសាសន៍ថា ភរិយារបស់សម្ដេចបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គ​កឋិន​ទាន​ទៅ​វត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្ដែជាអកុសល​ឪពុក​របស់​សម្ដេច​បាន​ទទួលម​រណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារសម្ដេចសម្រេចផ្អាក ការធ្វើបុណ្យ​កឋិន​រយៈ​ពេល​៥​ឆ្នាំ។ សម្ដេចតេជោបានបញ្ជាក់ថា រឿងថ្មីបានកើតឡើងគឺម្តាយក្មេកសម្ដេចមានជំងឺ និង​បាន​ទទួលមរណភាពនៅឆ្នាំ២០២០ ដូច្នេះសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។សម្ដេច​តេជោបានបញ្ជាក់ថា៖«ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើង​បាន​ឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយ​ការ​ខិត​ខំរ​បស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែ​អង្គ​កឋិន​មហា​សាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាង​មុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ផ្សេ​ង​ទៀត​ដង្ហែ​ទៅ​ដោយផ្ទាល់»។សូមបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ បើតា​មប្រសាសន៍​សម្ដេចតេជោ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការ​គណប​ក្ស​ប្រជាជន​កម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្ដេចតេជោ និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ចូល​រួម​ដោយផ្ទាល់។សម្ដេចតេជោបញ្ជាក់បន្ថែមថា៖«ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់​ឈ្មោះ​អង្គ​កឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូន​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បង​ប្អូន​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញ​ទៅ​លេង​បុណ្យ​កឋិន​ទាន​នេះ​បាន​ដោយ​បំពេញ​បែប​បទ​ឆ្លង​ប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេច​ឆ្នាំ​២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ

2024/10/05 08:40:48 am        641
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទី​ក្រុង​វៀងចន្ទន៍ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ ដំណើរទស្សនកិច្ចនេះគឺបាន ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ការអញ្ជើញអមដំណើរសម្ដេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋ​មន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រម​ទាំង​តំណាងវិស័យឯកជន នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។តាមក្រសួង​ការបរទេស បានឱ្យដឹងទៀតថា កិច្ចប្រជុំកំពូលអាស៊ាន នឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅ លើការជំរុញ​បន្ថែម​ទៀត​នូវ​វឌ្ឍនភាព នៃ​ការ​កសាង​សហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការ​សម្រេច​បាន​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ាន តាមរយៈ​យន្តការ​នានា​ដែលដឹកនាំដោយអាស៊ាន ក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និង​ក្រៅតំបន់ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើត មានប្រកប​ដោយ​ប្រសិទ្ធភាព។សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលខាងលើ សម្តេច​មហា​បវរធិបតី នឹងអញ្ជើញ​ចូលរួម​ក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​អាស៊ានជាមួយតំណាងនៃមហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) ជំនួបថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ជំនួបថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងនៃយុវជនអាស៊ាន និងកិច្ចប្រជុំ​កម្រិត​ថ្នាក់​ដឹកនាំប្រទេសនៃសហគមន៍បំភាយឧស្ម័នសូន្យ អាស៊ី (AZEC) លើកទី២។ ក្រៅពីកិច្ច​ជំនួបខាងលើនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏គ្រោងមានជំនួប​ទ្វេភាគី​ជា​មួយ​ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោកមួយចំនួនទៀត ដើម្បីពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​បន្ថែម​ទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាចង់ឃើញបងប្អូនកូរ៉េមានទំនាក់ទំនងជាមួយគ្នាល្អឡើងវិញ

2024/10/04 04:07:33 pm        935
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា កម្ពុជាចង់ឃើញបងប្អូនកូរ៉េ មាន​ទំនាក់​ទំនង​ល្អ​នឹងគ្នាឡើងវិញ ហើយកម្ពុជាពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ដល់​ប្រទេស​កូរ៉េទាំងពីរផងដែរ។ក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយលោក Jang Yun Gon ឯកអគ្គរដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជាមា​និត​ប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា(កូរ៉េខាងជើង) នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤​ នៅ​វិមា​ន​ព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណា​ចក្រ​កម្ពុជាបានលើកឡើងថា កម្ពុជាពិតជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបង​ប្អូន​នឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ នៅ​ចំពោះមុខឯកអគ្គរដ្ឋទូត សម្តេចតេជោក៏បានលើកឡើងផងដែរថា កម្ពុជា​ពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ។ ជាមួយគ្នានោះដែរ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានស្នើសុំការយោគយល់ពីឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ផង​ដែរ ចំពោះការដែលកម្ពុជាត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយ​ព្រះរា​ជា​ណាចក្រកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះកម្ពុជា​ត្រូវ​តែ​បង្ខំ​ចិត្ត​អនុវត្ត​សេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សម្ដេចតេជោ​បាន​មាន​ប្រសាសន៍ថា ទណ្ឌកម្មនោះមិន​ត្រឹមតែ​ប៉ះពា​ល់​ដល់​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិប​តេយ្យ​ប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។ ចំពោះទំនាក់​ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាង​ជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និង​ការ​ផ្សា​ភ្ជាប់​កូរ៉េ​ខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថាកម្ពុជា យល់អំពី​ភាព​ចាំ​បាច់​នៃ​ការ​ការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់​វិធានការ​ដែល​ដើរ​ហួស​ពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន។ថ្លែង​នៅ​ក្នុងកិច្ចជំនួបនោះដែរ លោក Jang Yun Gon ក៏បានថ្លែងអំណរគុណដល់សម្តេចប្រមុខ រដ្ឋស្តីទី ចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ប្រជាធិ​បតេយ្យ​កូរ៉េ កាលពីថ្ងៃទី១ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងកា​រទូ​តរ​វា​ង​ប្រទេស​យើង​ទាំង២ផងដែរ។ លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថាទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​កម្ពុជា និងកូរ៉េខាងជើងអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនង​ប្រវត្តិសាស្រ្ត​ដែល​បាន​កសាង​ឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសយើងទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និង​ព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ។ជាមួយ​គ្នានោះដែរលោកឯកអគ្គរដ្ឋទូតក៏បានគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបាន​បំពេញ​ភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល៣៨ឆ្នាំ និងបានសម្រេច​នូវ​សមិទ្ធផល​ដ៏​មាន​តម្លៃ​ជា​ច្រើន​ដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ លោកទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្រ្តី និងមានគណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។ នៅចំពោះមុខសម្តេចប្រមុខរដ្ឋស្តីទី លោកទូតក៏បានជម្រាបជូនសម្តេចផងដែរថា អស់រយៈពេល ១ឆ្នាំកន្លងមកនេះ តាមការតាមដានយ៉ាងយកចិត្តទុកដាក់របស់លោកផ្ទាល់ លោក​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយចិត្ត ដាក់ចេញនូវវិធានការ យុទ្ធសាស្រ្ត គម្រោងអភិវឌ្ឍន៍ និង​គោលនយោបាយជាច្រើនដែលទទួលបានលទ្ធផលជាផ្លែផ្កា និងជាពិសេស​គឺ​ធានា​បាន​នូវ​សន្តិភាព សុវត្ថិភាព ស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា៕ អត្ថបទ៖ បាន ចក់

ព្រះករុណាមហាក្សត្រនឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅថ្ងៃទី ៤-៥ ខែតុលានៅប្រទេសបារាំង

2024/09/30 03:59:18 pm        74
ភ្នំពេញ៖ តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះ។ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ គោលបំណងមួយនៃ កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើង វិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹង ឯកឧត្តមប្រធានាធិបតី Macron និងលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅក្នុងអំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសូត្រមន្តកាន់បិណ្ឌទី១៣នៅវត្តបទុមវតី

2024/09/29 08:23:15 pm        106
ភ្នំពេញ ÷ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងចូលរួមពិធីសូត្រមន្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀង  មក។បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ សម្តេច និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន លោកយាយ លោកតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះសូមឧទ្ទិសជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេចគឺ មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗទាំងអស់៕ អត្ថបទៈ សំ ងីម

សម្ដេចមហាបវរធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន

2024/09/27 08:40:59 pm        73
ភ្នំពេញ ÷ នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅវិមានសន្ដិភាពក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដេីម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន។ ទន្ទឹមនេះ សម្ដេចធិបតីក៏បានអរគុណចំពោះវិស័យឯកជន ក៏ដូចជា ​សមាគមសម្ព័ន្ធ​ខ្មែរ-ចិននៅកម្ពុជា​ ដែលតែងមាន​ភាពជឿជាក់​ និង​ទំនុកចិត្ត​ ក្នុង​ការបោះទុនវិនិយោគនៅកម្ពុជា ​ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្តេច​ធិបតី​ក៏បានគូសបញ្ជាក់ថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និង ការបង្កើតការងារ​។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលនឹងបន្តរក្សានូវសន្ដិភាព, ស្ថិរភាពនយោបាយ និងការបង្កើតនូវបរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ និងអំណោយផល សម្រាប់វិនិយោគិន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀតដើម្បីបណ្ដាក់ទុនវិនិយោគនៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន។

សម្តេចធិបតីណែនាំឱ្យផ្តល់រថយន្តក្រុងជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះ

2024/09/27 06:34:25 pm        110
ភ្នំពេញ ៖ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុតង ជូនពលរដ្ឋទៅស្រុកកំណើតចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី៤ ខែតុលានេះតទៅ។​ក្នុងឱកាសនោះ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារនូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងទេសចរក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។ សម្តេចថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញដែលបានរៀបចំរថយន្តក្រុង ចំនួន៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា និងរថយន្តក្រុងចំនួន៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ។សម្តេចធិបតី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើក្នុងទ្រង់ទ្រាយធំ។ ដើម្បីប្រារព្ធព្រះរាជពិធីនេះដោយជោគជ័យ សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធជាពិសេស ក្រសួងទេសចរណ៍ និងវិស័យឯកជន សហការរៀបចំឱ្យបានល្អដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។  ក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានលើកទឹកចិត្តដល់បណ្តាខេត្ត ក្រុង ដែលនៅជាប់គ្នាឱ្យរៀបចំព្រឹត្តិការណ៍ប្តូរវេនគ្នា ដើម្បីបង្កើតផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីក្រុមហ៊ុនទេសចរណ៍អាចលក់កញ្ចប់ទេសចរណ៍ក្នុងស្រុកបាន។ សម្តេច ក៏បានណែនាំឱ្យរៀបចំអង្គរសង្រ្កាន្ត និងសង្រ្កាន្តតាមបណ្តាខេត្តនានា សម្រាប់ឆ្នាំ២០២៥ ដោយមានកិច្ចសហការរវាង ក្រសួងទេសចរណ៍សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ជាដើម។សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចក្នុងការតាមដានឱ្យជាប់ជាប្រចាំ និងការដោះស្រាយឱ្យបានទាន់ពេល ក្នុងករណីដែលមានគ្រោះទឹកជំនន់ប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យភាគីពាក់ព័ន្ធមានដូចជា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារចាំបាច់នានា ដើម្បីធ្វើការអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ សម្តេចធិបតី បានណែនាំឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យជាប់ជាមួយអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត និងត្រូវកំណត់ជាស្រេចនូវទីទួលសុវត្ថិភាព ក៏ដូចជាការចាត់វិធានការសមស្រប ជាមួយនឹងការត្រៀមកម្លាំង និងមធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវត្រៀមស្បៀង និងបរិក្ខារចាំបាច់ក្នុងការអន្តរាគមន៍ជួយសង្គ្រោះ។ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដានឱ្យជាប់ជាប្រចាំអំពីការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្រូវ ពូជ និងសម្ភារចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ និងដែលចាំបាច់ត្រូវជួយស្ដារឡើងវិញ៕

ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ

2024/09/24 10:08:48 am        406
ប្រទេសកម្ពុជាបានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងឆ្នាំ១៩៤៧ ហើយត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមរបបនយោបាយចំនួន៥លើក។ រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជជាតិនរោត្តមសីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញជាច្បាប់កំពូលសម្រាប់ប្រទេសកម្ពុជា ដែលប្រកាន់នូវរបបប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញគ្រប់គ្រង អធិបតេយ្យភាព តួនាទី និង ឋានៈរបស់ព្រះមហាក្សត្រ សិទ្ធិ ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ និងកិច្ចការសង្គម ការប្រព្រឹត្តទៅ នៃរដ្ឋសភា ព្រឹទ្ធសភា សមាជ និងរាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ នៃស្ថាប័នតុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល និង សភាជាតិ។រដ្ឋធម្មនុញ្ញគឺជាបន្ទាត់ក្រឹត្យមួយសម្រាប់តម្រង់ទិសឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅទៅតាមច្បាប់។ មិនតែប៉ុណ្ណោះរាល់ច្បាប់ និង ឯកសារគតិយុត្តទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវអនុលោមទៅតាមរដ្ឋធម្មនុញ្ញបើពុំនោះសោតច្បាប់ និងឯកសារគតិយុត្តទាំងនោះ នឹងអធមនុញ្ញភាព។រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះ មាន១៦ជំពូក និង១៥៨មាត្រា។ នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថាសង្រ្គាមបាននាំកម្ពុជាឲ្យអន្តរាយខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញ។រដ្ឋធម្មនុញ្ញ ដែលមានវត្តមានក្រោយការបញ្ចប់សង្រ្គាមនេះ មកពេលបច្ចុប្បន្នមានអាយុកាល ៣១ឆ្នាំហើយ គិតត្រឹមថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋធម្មនុញ្ញនេះ បានធ្វើវិសោធនកម្ម០៨ លើកហើយ។ លើកទី១ ធ្វើឡើងនៅខែកក្កដា ឆ្នាំ១៩៩៤, លើកទី២ ខែ មីនា ឆ្នាំ ១៩៩៩, លើកទី៣ ខែ កក្កដា ឆ្នាំ ២០០១, លើកទី៤ ខែមិថុនា ឆ្នាំ ២០០៥, លើកទី៥ ខែ មីនា ឆ្នាំ ២០០៦, លើកទី៦ ខែ កុម្ភៈ ឆ្នាំ ២០០៨ និងលើកទី៧ ខែតុលា ឆ្នាំ២០១៤ គឺធ្វើវិសោធនកម្មមាត្រា៧៦ ដាក់បញ្ចូលច្បាប់បោះឆ្នោតទៅច្បាប់កំពូលរបស់ជាតិ និងលើកទី៨ នៅខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានកែប្រែមាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៥៣ និងមាត្រា១១៨ ស្តីពីការកំណត់សមាសភាពសមាជិកគណៈរដ្ឋមន្ត្រី។ខាងក្រោមនេះគឺជាប្រវត្តិ នៃការបង្កើតរដ្ឋធម្មនុញ្ញនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៤៧៖ * រដ្ឋធម្មនុញ្ញលើកទី១៖ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។* រដ្ឋធម្មនុញ្ញលើកទី២៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមានការផ្លាសប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។* រដ្ឋធម្មនុញ្ញលើកទី៣៖ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតែ ២១មាត្រា ចែកចេញជា ១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុនីសផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។* រដ្ឋធម្មនុញ្ញលើកទី៤៖ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។* រដ្ឋធម្មនុញ្ញលើកទី៥៖ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ដោយកែឈ្មោះប្រទេសកម្ពុជាពី សាធា រណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះ ចែងថា រដ្ឋកម្ពុជាអនុវត្តិរបបនយោបាយពហុបក្ស។ រដ្ឋធម្មនុញនេះ មាន៩៣ មាត្រា និង១០ ជំពូក។ * រដ្ឋធម្មនុញ្ញលើកទី៦៖ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាង ឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ និងគណបក្សមូលីណាការទទួលបាន០១ អាសនៈ៕ អត្ថបទ៖ សូដាវណ្ណ

BREAKING NEWS ÷ សម្តេចតេជោ៖កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

2024/09/20 10:30:21 pm        354
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត

2024/09/19 07:06:40 pm        62
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត្ដិឱ្យគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កញ្ញា ២០២៤។ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ ក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកប្រធានសភាពាណិជ្ជកម្មបានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពការងារសំខាន់ៗរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងបានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កន្លងមក។ លោកប្រធានសភាពាណិជ្ជកម្មក៏បានថ្លែងកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ លោកប្រធានសភាពាណិជ្ជកម្មបានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងសហភាពអឺរ៉ុប ព្រមទាំងអរគុណសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានរួមចំណែកក្នុងការជំរុញការវិនិយោគ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតីបានចែករំលែកបន្ថែមជូនគណៈប្រតិភូអំពីយន្តការ និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងការយកចិត្តទុកដាក់លើការធ្វើឌីជីថលូបនីយកម្ម នៅតាមក្រសួង-ស្ថាប័នរបស់កម្ពុជា សំដៅបង្កើនទំនាក់ទំនង និងប្រសិទ្ធភាពក្នុងការផ្តល់សេវាឱ្យកាន់តែល្អប្រសើរថែមទៀត ដល់វិស័យឯកជន។ សម្ដេចធិបតី និងតំណាងគណៈប្រតិភូបានផ្លាស់ប្ដូរយោបល់អំពីការបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងវិស័យសក្តានុពលមួយចំនួន នៅកម្ពុជា មានជាអាទិ៍៖ ការដឹកជញ្ជូន និងឡូជីស្ទីក ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល និងទេសចរណ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋស៊ីរីមានសង្ឃឹមឡើងវិញ ក្រោយសហរដ្ឋអាមេរិកលុបចោលទណ្ឌកម្មច្បាប់ Caesar
12/19/2025 08:12 PM
លោក Macron៖ អឺរ៉ុបនឹងត្រូវមានទំនាក់ទំនងជាមួយលោក Putin បើការចរចាសន្តិភាពរបស់អាមេរិកបរាជ័យ
12/19/2025 08:12 PM
ចក្រភពអង់គ្លេសស្វាគមន៍កិច្ចព្រមព្រៀងផ្តល់មូលនិធិរបស់ EU សម្រាប់អ៊ុយក្រែន
12/19/2025 08:12 PM
យានដ្រូនរកឃើញវីរុសដែលអាចបណ្តាលឲ្យត្រីងាប់នៅក្នុងដង្ហើមរបស់ត្រីបាឡែនអាក់ទិក
12/19/2025 08:12 PM
BREAKING NEWS | ក្រសួងការពារជាតិប្រកាសថានៅម៉ោង៦កន្លះល្ងាចថ្ងៃនេះទាហានឈ្លានពានថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងរបស់ខ្លួនចូលក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
12/19/2025 08:12 PM
ចិនគំរាមចាត់វិធានការខ្លាំងក្លា ពាក់ព័ន្ធនឹងកញ្ចប់លក់អាវុធរបស់អាមេរិកទៅឲ្យកោះតៃវ៉ាន់
12/19/2025 08:12 PM
ឆ្មាំល្បាតឆ្នេរក្រិកសង្រ្គោះជនអន្តោប្រវេសន៍ ៥៤៥នាក់ នៅជិតកោះ Crete
12/19/2025 08:12 PM
អាមេរិកដាក់ពង្រាយយន្តហោះយោធាទំនើបទៅកាន់ព័រតូរីកូ ខណៈភាពតានតឹងជាមួយវេណេស៊ុយអេឡាកើនឡើង
12/19/2025 07:12 PM
លោក Putin ព្រមាន អំពីហានិភ័យ សម្រាប់ទុនបម្រុងរបស់ប្រទេសផលិតប្រេងធំៗ នៅ EU
12/19/2025 07:12 PM
ក្រសួងប្រៃសណីយ៍ នាំយកនូវគ្រឿងឧបភោគ គាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក
12/19/2025 07:12 PM