សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

នគរបាលរាជធានីភ្នំពេញ ឃាត់ជនជាតិចិន៤នាក់ ដកហូតកាំភ្លើងខ្លី២ដើម និងថ្នាំញៀនមួយចំនួននៅខណ្ឌសែនសុខ

2026/04/01 03:42:36 pm        140
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនៅផ្ទះលេខ២១ និងផ្ទះលេខ២៣ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ បានឃាត់ខ្លួនជនជាតិចិនចំនួន០៤នាក់ ជាបន្តបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនរួមទាំងកាំភ្លើងផងដែរ។ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ៣៥ឆ្នាំ និងបានរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន៖ ម្សៅម៉ដ្ឋពណ៌ស ចំនួន១កញ្ចប់,ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ចំនួន១កញ្ចប់,សារធាតុរាវ ក្នុងដបមានអក្សរ Ketmaine ចំនួន៥ដប,ជញ្ជីង ចំនួន៣,ស៊ីឡៅ ចំនួន២,បំពង់កែវ ចំនួន១,ថង់ប្លាស្ទិចមួយចំនួន។ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២និង៥នាទី កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់បានបក្ខពួក៣នាក់បន្ថែមទៀតនៅចំណុចផ្ទះលេខ២១ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ដោយដកហូតបានអាវុធខ្លី២ដើម។នគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១៖ ឈ្មោះ LI GANG អាយុ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ។ ទី២៖ ឈ្មោះ ZHANG CHENXIANG អាយុ៣៦ឆ្នាំ ជនជាតិចិន និងទី៣៖ ឈ្មោះ WANG XIAOBING អាយុ៤៥ឆ្នាំ ជនជាតិចិន។ និងដកហូត បាន អាវុធខ្លី ចំនួន ២ដើម ,បង់ ចំនួន២, លិខិតឆ្លងដែន ចំនួន ៣ក្បាល ,ទូរស័ព្ទដៃ ចំនួន ២គ្រឿង,បណ្ណជនបរទេស ចំនួន ៣សន្លឹក, អត្តសញ្ញណប័ណ្ណចំនួន ១សន្លឹក។ នគរបាលបានឲ្យដឹងថា ជនសង្ស័យ LUO TIAN ZHU បានឆ្លើយថា ខ្លួនចេញពីប្រទេសចិនមកកាន់ប្រទេសឡាវអំឡុងខែកុម្ភៈ ដើម្បីមកធ្វើការជាមួយមិត្តភក្តិនៅខារ៉ាអូខេ តែពេលមកដល់មិនបានជួបមិត្តភក្តិទេ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំងមួយកន្លែង អស់រយះពេលប្រហែល១អាទិត្យ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ បន្ទាប់មកមានតៃកុងឡានឡាវម្នាក់ បានដឹកខ្លួនឆ្លងដែនចូលមកកម្ពុជា តែខ្លួនមិនដឹងចូលតាមច្រកណាទេ ដោយជិះកាត់ព្រៃ ហើយក៏មានតៃកុងឡានខ្មែរដឹកខ្លួនបន្តមកទីតាំងផ្ទះខាងលើ។ចំណែកជនសង្ស័យឈ្មោះ លី កាំង Li Gang មិនទាន់សារភាពទេ ដោយឆ្លើយដោះសារថា អាវុធខ្លីទាំង២ដើមខាងលើ គឺឆ្លើយម្តងថា ទិញពីជនជាតិចិន ម្តងថា ទិញពីខ្មែរ ក្នុងតំលៃ៥០០ដុល្លារ ហើយម្តងថា រើសបាននៅក្នុងធុងសំរាម។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាល បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវបន្ត តាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ

2026/04/01 02:09:28 am        352
ភ្នំពេញ៖ ចៅក្រមស៊ើសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ចំនួន ០៥នាក់ នឹងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ “បើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ(បើកបរងងុយដេក)”។អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីបើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) ដែលមានជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៦/២០២៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ។បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច(ក) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ បានបើកបររថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2070 ដឹកគ្រាប់ចន្ទីរ ចេញពីខេត្តព្រះវិហារ ជាមួយអ្នកដំណើរម្នាក់ឈ្មោះ សោម រដ្ឋា (ម្ចាស់រថយន្ត) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តព្រះវិហារ ក្នុងសភាព ងងុយដេក និងបានដេកលក់ពេលកំពុងបើកបរ រហូតដល់កន្លែងកើតហេតុខាងលើ រថយន្តបានរ៉េចង្កូតទៅខាងឆ្វេងលើ ជាយផ្លូវជ្រុលទៅបុកបង្គោលភ្លើងសូឡាបាក់ ១ដើម ព្រមទាំងបុកជាន់ពីលើអ្នកថ្មើរជើងដែលកំពុងដើរនៅជាយផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៤នាក់ និងរបួសធ្ងន់ចំនួន០១នាក់ (ស្លាប់ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ)។ បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសន្ទុក បានចុះទៅដល់ទីកន្លែង កើតហេតុ ហើយបានធ្វើការត្រួតពិនិត្យ វាស់វែង និងប្រមូលវត្ថុតាង មានរថយន្ត០១គ្រឿង យកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចងក្រងជាសំណុំរឿង រួចបញ្ជូនមកកាន់តុលាការ។បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣៤៥ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។ ចំពោះបទល្មើសខាងលើនេះ បានបង្កឱ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលតុលាការត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕ អត្ថបទ៖ វង្ស សុភាព

អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាង ១៣០០គ្រឿង ក្នុងខណ្ឌមានជ័យ!

2026/04/01 02:02:46 am        219
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង លួចលក់​ឧបករណ៍​អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង នៅចំណុចហាងលក់ខោអាវជជុះក្បាលគីបនារី ផ្លូវប៉េតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានចាប់យកវត្ថុតាងចម្រុះ ប្រមាណជាង ១៣០០គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង ០១នាក់ នាំយកទៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការបង្ក្រាបនេះ ដោយមានការសហការណ៍ផ្ដល់​ព័ត៌មានពីប្រជាពលរដ្ឋ​តាមរយៈផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ចំពោះការ នាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់ដាច់ខាត ហើយករណីទាំងនេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការបង្ក្រាបជាបន្តបន្ទាប់ជាច្រើនទីតាំងមកហើយ ដូច្នេះដើម្បីចូលរួមបង្ការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលា សូមមហាជនចូលរួមសហការណ៍ផ្តល់ព័ត៌មាន ដល់អាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ឬ ទាក់ទងតាមបណ្តាញ Telegram, WhatsApp, CoolApp ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie គ្រប់ពេលវេលា៕

អ្នកនាំពាក្យក្រសួងមហាផ្ទៃថា មកទល់ពេលនេះមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ ៦នាក់ ចូលមកបង្ហាញខ្លួននៅឡើយទេ

2026/03/31 11:35:29 pm        312
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ចំនួន ៦នាក់ ចូលមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយទេ។ករណីនេះគឺ មិនអនុញ្ញាតឲ្យម្ចាស់រថយន្តរួចផុតពីការអនុវត្តច្បាប់ទេ ដើម្បីផ្តល់យុត្តិធម៌ជូនដល់ក្រុមគ្រួសារសព។លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី៣១ ខែមីននេះថា ៖ មកដល់ពេលនេះ មិនទាន់ឃើញមានការបង្ហាញឆន្ទៈដោយស្ម័គ្រចិត្តអំពីការចូលខ្លួនមុនការបរិច្ឆេទ។ ហើយក៏មិនទាន់ឃើញមានការចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយដែរ។ គ្រាន់តែមានឪពុករបស់ម្ចាស់រថយន្ត គឺបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជាក់អំពីសាវតាកូន និងដំណើរអង្គហេតុផ្សេងៗ ដែលឈានទៅដល់មានគ្រោះថ្នាក់ចរាចរណ៍លេចឡើងបែបនេះ។អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តជំនាញនិតីវិធី អង្កេត ស្រាវជ្រាវ ប្រមូលនៅភស្តុតាងនានាតាមគ្រប់រូបភាពទាំងអស់ និងវិភាគកន្លែងកើតហេតុ សាកសួរសាក្សីឆេកមើលកាម៉ារ៉ាសុវត្ថិភាពតាមគោលដៅសំខាន់ៗ រហូតមកដល់រាជធានីភ្នំពេញ។ ហើយខាងអគ្គស្នងការនគរបាលជាតិ កំពុងតែដឹកនាំបញ្ជាយ៉ាងដុតដៃដុតជើងពាក់ព័ន្ធបញ្ហាទាំងអស់នេះ។ សមត្ថកិច្ចរង់ចាំកាលបរិច្ឆេទនៃការចូលខ្លួន (ថ្ងៃទី១ ខែមេសា ២០២៦) តាមលិខិតកោះរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ តើម្ចាស់រថយន្តចូលខ្លួនតាមការបរិច្ឆេទ ឬក៏មិនចូល? បើចូលគឺជារឿងល្អមួយសម្រាប់អនុវត្តនីតិវិធីបន្ត។ បើចូលមុនកាន់តែល្អ តែបើមិនចូល គឺមាននីតិវិធីបន្តជាមួយនឹងអយ្យការបន្តបន្ទាប់ទៀត។អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីនេះ មិនអនុញ្ញាតឲ្យរួចផុតពីការអនុវត្តច្បាប់ទេ តែរកឲ្យឃើញអំពីការទទួលខុសត្រូវជាក់លាក់ពិតប្រាកដ នៃការបង្កហានិភ័យកើតឡើង និងផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារសព។ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺដាក់ឈ្មោះម្ចាស់រថយន្តក្នុងបញ្ជីខ្មៅហាមប្រាមនៅក្នុងការចេញទៅក្រៅប្រទេស និងមានវិធនការផ្សេងៗទៀត និងមានវិធានការផ្សេងៗជាច្រើនទៀតពាក់ព័ន្ធទៅនឹងចំណាត់ការលើម្ចាស់រថយន្តដែលមិនព្រមចូលខ្លួនដោយស្ម័គ្រចិត្ត ឬតាមដីកាកោះរបស់នគរបាលជំនាញ។យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលម៉ែត្រលេខ 246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាកមេកសុីដេស (MERCEDES BENZ AMG GT53) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) ដែលម្ចាស់កម្មសិទ្ធឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ១៧ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ម៉ូតូចំនួន ០២គ្រឿងបណ្តាឲ្យមនុស្សចំនួន ៥នាក់ស្លាប់ (ស្រី ០៣នាក់) និងរងរបួសធ្ងន់ចំនួន ០១នាក់។សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង)ពេលមកដល់ចំណុចកេីតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕ អត្ថបទ៖ វង្ស សុភាព

សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់

2026/03/27 09:50:11 pm        293
ព្រះសីហនុ៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ សង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង, ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។ ក្នុងការចុះត្រួតពិនិត្យជុំទី៣នៅ កាស៊ីណូ ជីន យូ មេន តាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធ នឹងការធ្វើ សកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ សមត្ថកិច្ចចម្រុះនៃរដ្ឋបាល ខេត្តព្រះស៊ីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យ សរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃ ការអនុវត្តអនុក្រឹត្យលេខ ០៣។លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធី ផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ច្បាប់ប្រឆាំង Online Scam នឹងរួមចំណែក​ធានាមិនឱ្យបទល្មើសនេះ​ត្រឡប់វិញ

2026/03/27 08:41:43 pm        333
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំង​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ចូលរួមលើកម្ពស់ប្រសិទ្ធភាពនៅក្នុងការបោសសម្អាត Online Scam និង​ធានា​ថា​បទល្មើស​នេះ​នឹង​មិន​វិលត្រឡប់មកចូលកម្ពុជាទៀតទេ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ BTV ថា ច្បាប់​ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនគិតត្រឹមតែកម្រិតជាបទល្មើស និង​សន្តិសុខ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែច្បាប់នេះបានផ្តល់អត្ថប្រយោជន៍សំខាន់សម្រាប់ប្រទេសជាតិ ខណៈ​ក្នុង​ច្បាប់​​នេះ​នឹង​បានកំណត់​ទោស​ទណ្ឌ​បទ​ល្មើស​ចំនួន​ប្រាំ​បន្ថែម​ទៀត​មាន​ កម្រិត​ទម្ងន់​ទោស​ធ្ងន់​ជាង​មុន​ផងដែរ។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ដាក់​ចេញ​វិធានការពីរក្នុងពេលព្រមជាមួយគ្នា ទី១. ត្រូវប្រតិបត្តិការក្នុងការបោសសម្អាត Online Scam ក្នុង​ទ្រង់ទ្រាយយុទ្ធនាការនៅទូទាំងប្រទេស ហើយធ្វើ​មក​ដល់​ពេល​នេះ​ទទួល​បាន​លទ្ធផល​ល្អជា​វិជ្ជាមាន និងទី២. តាមរយៈច្បាប់នេះ នឹងលើកម្ពស់ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការ​បោស​សម្អាត​ Online Scam។រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការធ្វើច្បាប់​នេះ​បាន​បង្ហាញ​នូវ​ឆ​ន្ទៈ​ដ៏​មោះ​មុត​របស់​រាជ​រដ្ឋាភិបាល​ និងមិនដកថយទេ ក្នុងការប្រឆាំង Scam ហើយត្រូវធ្វើ​យ៉ាង​ណា​លុប​បំបាត់​បទ​ល្មើស​នេះ​ចេញឲ្យអស់ពីកម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

សមត្ថកិច្ចឃាត់ខ្លួនជនបរទេស ១៧នាក់ ពាក់ព័ន្ធករណី Online Scam ក្នុងភូមិសាស្ត្រ​សង្កាត់​វាលស្បូវ

2026/03/26 05:02:13 pm        360
ភ្នំពេញ៖ កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ​ចំនួន​០៤ទីតាំង សរុប២២ខ្នងផ្ទះ ក្នុងភូមិសាស្ត្រសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មាន​ជន​បរទេស​ស្នាក់នៅ ៥៧នាក់ (ស្រី្ត១៤នាក់) មាន០៦សញ្ជាតិ (ចិន វៀតណាម រុស្ស៊ី មីយ៉ាន់ម៉ា កូរ៉េ និងប៉ាគីស្ថាន)។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ និងការសម្របសម្រួលនីតិវិធីពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជាលទ្ធផល នៅក្នុងចំណោម២២ខ្នងផ្ទះនោះ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែងស្ថិនៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ដោយឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ (ប្រុស) ក្នុងនោះរួមមានជនជាតិចិន ចំនួន ១៦នាក់ ( ១៣នាក់ គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាមចំនួន១នាក់ ហើយបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពឆបោក រួមមានៈទូរសព្ទដៃចំនួន ២៧គ្រឿង, កុំព្យូទ័រ Laptop ០២គ្រឿង , ឧបករណ៍បញ្ជា (CPU) ០១គ្រឿង និង Monitor ០១គ្រឿង។ យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ការចុះបង្ក្រាបនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការស្នាក់នៅខុសច្បាប់ ដែលផ្ទុយនឹង អនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១៧នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក៕សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់ទៀត ជាប់ពាក់ព័ន្ធ Online Scam នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ

2026/03/25 11:46:23 pm        389
ភ្នំពេញ៖ ក្នុងយុទ្ធនាការពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams មួយកន្លែង ស្ថិតនៅនៅផ្ទះលេខ១៦០ ផ្លូវលេខ៣៦៩ ភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បន្ទាប់ពីមានការសង្ស័យលើសកម្មភាពស្នាក់នៅរបស់ជនបរទេស។ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយកម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីអាជ្ញាធរខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ជាលទ្ធផល អាជ្ញាធរបានរកឃើញ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ (ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៩ក្បាល)។ ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឱ្យសកម្មភាពបទល្មើសរួមមានៈ កុំព្យូទ័រប្រភេទ All-in-one ៩គ្រឿង, ម៉ាស៊ីន CPU ៤គ្រឿង,អេក្រង់ Monitor ៣គ្រឿង និងទូរសព្ទដៃ ១០គ្រឿង។ផ្អែកតាមការពិនិត្យជាក់ស្តែង ទីតាំងខាងលើត្រូវបានរកឃើញថាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស "កម្ចីប្រាក់ខុសច្បាប់"។ បច្ចុប្បន្ន អាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនោះជាបណ្ដោះអាសន្ន ចំណែកមនុស្សទាំង ១០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។‎លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបថា ការបោសសម្អាតOnline Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។‎តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ តាមការកត់សម្គាល់របស់អាជ្ញាធរ ក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកនេះ ចំនួនប្រមាណ ជាង ២២ម៉ឺនាក់ បានគេចខ្លួនចេញពីប្រទេសកម្ពុជា ខ្លះចេញតាមផ្លូវអាកាស ខ្លះតាមផ្លូវគោក។‎សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕

លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក

2026/03/24 02:10:17 am        242
ភ្នំពេញ៖ សពមនុស្ស០៣នាក់ត្រូវបានស្រង់ចេញពីទឹក និង០៥នាក់ទៀតកំពុងបន្តបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកស្មាច់កណ្តាលទន្លេ ស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ១៤ នាក់បានឡើងជិះទូកស្មាច់មួយគ្រឿង ចេញដំណើរពីមូលដ្ឋានខេត្តកណ្ដាល តាមទន្លេ មកភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈមកដល់កណ្ដាលទន្លេស្រាប់តែលិចទូកតែម្ដង បណ្ដាលឲ្យ បាត់មនុស្សចំនួន០៨នាក់ និង០៦នាក់បន្ថែមទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ភ្លាមៗក្រោយទទួលបានដំណឹង កម្លាំងអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌជ្រោយចង្វារ បានចេញអូប័រ ដើម្បីជួយអន្តរាគមន៍សង្គ្រោះ និងស្វែងរកមនុស្សដែលបានបាត់ខ្លួន។ រហូតមកដល់រសៀលថ្ងៃខែដដែល កម្លាំងអាជ្ញាធរបានជួយអន្តរាគមន៍ ស្វែងរកឃើញ សពចំនួន៣នាក់ និងនៅបាត់ខ្លួនចំនួន០៥នាក់បន្ថែមទៀត។តាមប្រភពអ្នកភូមិ បានលើកឡើងថា ទំហំទូកដែលបានលិច នោះគឺអាចផ្ទុកអ្នកជិះបានតែ៥នាក់ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានឡើងជិះទូករហូតដល់១៤នាក់ ធ្វើឲ្យលើសចំណុះ ទើបបណ្ដាលឲ្យលិច។បច្ចុប្បន្នឃើញវត្តមាន លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបន្តដឹកនាំកម្លាំងជំនាញស្វែងរកមនុស្សដែលបានបាត់ខ្លួនបន្តទៀត នៅកន្លែងហេតុ៕អត្ថបទ៖ កុម្ភៈ

កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់

2026/03/23 05:31:44 pm        248
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើក​ប្រតិបត្តិកា​រ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ  ផ្លូវ​១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។លេខាធិការដ្ឋាន​គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)​បានឱ្យដឹងថា ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយ​មាន​ការបញ្ជាពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយឯកឧត្តម ជួន ណារិន្ទ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ។លទ្ធផលនៃការ​បង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅ​ជាន់​ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រី​វៀតណាម​១​នាក់​។ នៅជាន់ទី ២និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះ​មាន​ជន​ជាតិ​​ចិ​ន​២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន​១៦​នាក់ ក្នុងនោះជនជាតិចិន ១២នាក់ ម៉ាឡេស៊ី០២នាក់ ស្ត្រីមីយ៉ាន់ម៉ា០១នាក់ និងស្ត្រី​ខ្មែរ​ចំនួ​ន១នាក់។ ចំណែក វត្ថុតាង មានដូចជាៈ កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧ គ្រឿង និងស៊ីមកាត ម៉ាឡេស៊ី ចំនួន៤៦ ស៊ីម។តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បី​ធ្វើ​សកម្ម​ភាព​ឆបោកក្នុងរូបភាព "វិនិយោគក្លែងក្លាយ" ដោយមានគោលដៅ​អូស​ទាញ​ជន​រ​ង​គ្រោះ​នៅ​​ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។ គួរបញ្ជាក់ថា ក្រុមនេះ​ទើប​តែ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ។បច្ចុប្បន្នចំពោះជន​សង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថ​កិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅ​កំណត់​មុខ​សញ្ញា​មេ​ខ្លោង​ពាក់ព័ន្ធជាបន្តទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យ​មាន​ការ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើសបច្ចេកវិទ្យា។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោស​សម្អាត​ឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ​២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើ​ប្រាស់​ក្នុង​ការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬ​អង្គ​ភាព​ទាំ​ង​ឡាយ​ណា​ដែល​នៅ​ពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខ​នឹង​ទោស​ទណ្ឌ​ខ្ពស់​បំផុត​ដោយ​ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
09/13/2026 12:09 PM
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
09/13/2026 12:09 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ
09/13/2026 12:09 PM
មន្ត្រីឧទ្យានុរក្ស បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ
09/13/2026 11:09 AM
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM