ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams
នគរបាលរាជធានីឃាត់ខ្លួនបុរសម្នាក់ បែកធ្លាយសម្លេងតាមបណ្តាញសង្គម ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម
នគរបាលរាជធានីភ្នំពេញខិតខំបង្ក្រាប Online Scams បំបែកក្រុមតូច ខណៈក្រុមធំៗបង្រ្កាបរួចរាល់

សន្តិសុខ និង សង្គម

ក្រុមហួទីអះអាងថា ខ្លួនកំពុងពង្រឹងកម្លាំងយោធា ក្នុងការតស៊ូប្រឆាំងនឹងអាមេរិក

2024/01/19 06:54:47 pm        162
ក្រុមហួទីនៅប្រទេសយេម៉ែន បានប្តេជ្ញាថា ពួកគេនឹងបន្តវាយប្រហារលើនាវានៅក្នុងសមុទ្រក្រហម បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់មីស៊ីលជុំទី៤ប្រឆាំងនឹងពួកគេ។លោក អាប់ឌុល ម៉ាលីក អាល ហួទី (Abdul Malik al-Houthi) ប្រធានក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ថា៖«វាជាកិត្តិយសសម្រាប់ប្រជាជនរបស់យើងក្នុងការប្រឈមមុខនឹងកងកម្លាំងអាក្រក់ទាំងនេះ» ដោយបានលើកឡើងពីសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែល។ ឥឡូវនេះក្រុមហួទី កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយប្រទេសទាំងបី ហើយកំពុងចាត់វិធានការ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ក្រុមហួទី បានបង្កើនការវាយប្រហារលើនាវានៅក្នុង និងជុំវិញសមុទ្រក្រហមភាគខាងត្បូង ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ដោយធ្វើឲ្យទីផ្សារដឹកជញ្ជូនកើនឡើង និងថ្លៃដឹកជញ្ជូនទំនិញឡើងថ្លៃ។ ក្រុមនេះនិយាយថា យុទ្ធនាការរបស់ខ្លួន គឺដើម្បីគាំទ្រក្រុមហាម៉ាសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ក្រុមហួទី មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតពីលោកខាងលិច ឲ្យបញ្ឈប់នោះទេ។ កាលពីថ្ងៃទី ១២ ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានចាប់ផ្តើមការវាយប្រហារជាលើកដំបូងប្រឆាំងនឹងពួកគេ ដោយផ្តោតលើអាកាសយានដ្ឋានយោធា ការទីតាំងរ៉ាដា និងឃ្លាំងសម្ភារៈ និងទីតាំងបាញ់បង្ហោះយានដ្រូន និងមីស៊ីល។មន្ត្រីអាមេរិក បាននិយាយថា ខណៈពេលដែលពួកគេ មិនរំពឹងថា នឹងអាចរារាំងក្រុមហួទីបានទេ ពួកគេជឿថា ពួកគេកំពុងកាត់បន្ថយសមត្ថភាពរបស់ក្រុមនេះក្នុងការបាញ់មីស៊ីល និងយានដ្រូនទៅលើកនាវា។ ទោះជាយ៉ាងនេះក្តី នៅសប្តាហ៍នេះ ក្រុមឧទ្ទាមហួទី បានវាយប្រហារលើនាវាពាណិជ្ជករចំនួនបីគ្រឿងទៀត រួមទាំងក្រុមហ៊ុនដឹកជញ្ជូនទំនិញដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកមួយ នៅល្ងាចថ្ងៃពុធ។

វិបត្តិសមុទ្រក្រហមដាក់សម្ពាធលើក្រុមហ៊ុននាំចេញរបស់ចិន ខណៈការពន្យារពេលការដឹកជញ្ជូន និងឡើងថ្លៃ

2024/01/19 06:52:06 pm        98
សម្រាប់ពាណិជ្ជករចិន លោក ហាន ឆាងមីង (Han Changming) ការរំខានដល់ការដឹកជញ្ជូនទំនិញនៅសមុទ្រក្រហមកំពុងគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ក្រុមហ៊ុនពាណិជ្ជកម្មរបស់លោកនៅក្នុងខេត្តហ្វ៊ូជៀន(Fujian) ភាគខាងកើត។ លោក Han ដែលជាប្រធានក្រុមហ៊ុននាំចេញរថយន្ត ផលិតពីប្រទេសចិន ទៅកាន់ទ្វីបអាហ្រ្វិក និងនាំចូលរថយន្ត off-road ពីអឺរ៉ុប បានប្រាប់ សារព័ត៌មាន Reuters ថា តម្លៃនៃការដឹកជញ្ជូនតាមកុងតឺន័រទៅកាន់អឺរ៉ុបបានកើនឡើងដល់ប្រហែលពី៣.០០០ដុល្លារដល់៧.០០០ដុល្លារអាមេរិក កាលពីខែធ្នូ នៅពេលដែលក្រុមចលនាឧទ្ទាមហ៊ួទី (Houthi) គាំទ្រដោយប្រទេសអ៊ីរ៉ង់ក្នុងប្រទេសយ៉េមែន បង្កើនការវាយប្រហារលើការដឹកជញ្ជូន។ លោក Han បាននិយាយថា ការរំខាន បានធ្វើឲ្យបាត់បង់ប្រាក់ចំណេញដ៏តិចតួចរបស់យើង ដោយបន្ថែមថា ការធានារ៉ាប់រងលើការដឹកជញ្ជូនក្នុងតម្លៃខ្ពស់ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនហ្វ៊ូចូវ ហាន ឆាងមីង អ៊ីនធ័រណាហ្សិនណល ត្រេដ ខូ អិលធីឌី (Fuzhou Han Changming International Trade Co Ltd) ជាក្រុមហ៊ុនដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ។ ការកាត់ផ្ដាច់ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោកបានបង្ហាញពីភាពងាយរងគ្រោះនៃសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសចិនក្នុងការផ្គត់ផ្គង់ និងការប៉ះទង្គិចដល់តម្រូវការខាងក្រៅ។ នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី លីឈាង(Li Qiang) បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប្រកបដោយស្ថិរភាព និងរលូន ដោយមិនសំដៅជាពិសេសទៅលើសមុទ្រក្រហមនោះទេ៕

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស៖ អ៊ីស្រាអែលបំផ្លាញមជ្ឈមណ្ឌលរ៉ុក្កែតសម្ងាត់របស់ក្រុមហាម៉ាស

2024/01/19 06:44:50 pm        348
ទាហានអ៊ីស្រាអែល បានបំផ្លាញមជ្ឈមណ្ឌលអាវុធក្រោមដីដ៏ធំមួយដែលក្រុមហាម៉ាសប្រើដើម្បីផលិត និងចែកចាយគ្រាប់រ៉ុក្កែត។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា កងពលលេខ ៣៦ បានរកឃើញផ្លូវរូងក្រោមដីរាប់សិប ដែលបែងចែកជារោងជាង ដើម្បីបង្កើតមីស៊ីលនៅក្រោមផ្លូវ Salah a-Din នៅតំបន់ហ្កាហ្សាភាគ កណ្តាល។ រូបភាពវីដេអូដែលចេញផ្សាយដោយយោធាអ៊ីស្រាអែល បង្ហាញពីមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើកៅអី និងព្យួរជាជួរនៅតាមជញ្ជាំងនៃផ្លូវរូងក្រោមដី ដែលហ៊ុមព័ទ្ធដោយឧបករណ៍ផលិត និងរទេះរុញ។ក្រុមហាម៉ាស ត្រូវបានគេនិយាយថា បានប្រើប្រាស់មជ្ឈមណ្ឌលនេះ ដើម្បីចែកចាយអាវុធដល់យុទ្ធជននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ផ្លូវរូងក្រោមដីមួយក្នុងចំណោមផ្លូវរូងក្រោមដីដែលបានរកឃើញ បាននាំចូលទៅក្នុងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ដែលទទួលខុសត្រូវលើការផលិតអាវុធ។កងកម្លាំងការពារ បានបន្តថា បន្ថែមពីលើ «គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយរាប់រយគ្រាប់» ទាហាន បានរឹបអូសធុងគីមី ព័ត៌មានឃោសនារបស់ក្រុមហាម៉ាស និងឧបករណ៍ផ្សេងទៀតក្នុងអំឡុងពេលវាយឆ្មក់របស់ពួកគេលើបណ្តាញក្រោមដី ដែលត្រូវបានគេគិតថា មានប្រវែងរាប់រយម៉ាយ។

ប្រមុខ UN ជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមាពីអ៊ីរ៉ង់ និងប៉ាគីស្ថាន

2024/01/19 03:52:20 pm        169
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានជំរុញឱ្យអ៊ីរ៉ង់ និងប៉ាគីស្ថាន «អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនៃភាពតានតឹងបន្ថែមទៀត» បន្ទាប់ពីការវាយប្រហារយោធាតបតដ៏តានតឹងរវាងប្រទេសទាំងពីរ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ មករា)។អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូច្ហារីក (Stephane Dujarric) បាននិយាយថា «លោកអគ្គលេខាធិការគូសបញ្ជាក់ថា រាល់កង្វល់សន្តិសុខរវាងប្រទេសទាំងពីរ ត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របតាមគោលការណ៍អធិបតេយ្យភាព បូរណភាពទឹកដី និងទំនាក់ទំនងអ្នកជិតខាងល្អ»។ប៉ាគីស្ថានបានបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួននៅខាងក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារសងសឹករយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងតេអេរ៉ង់ បាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានរបស់ក្រុមមួយផ្សេងទៀតនៅក្នុងទឹកដីប៉ាគីស្ថាន៕

ជនស៊ីវិល១០នាក់ស្លាប់ក្នុងការវាយឆ្មក់តាមអាកាសដែលសង្ស័យថាជាស្នាដៃរបស់ហ្ស៊កដានី នៅស៊ីរី

2024/01/19 03:47:41 pm        129
វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ មករា បង្ហាញពីហេតុការណ៍ក្រោយការវាយប្រហារតាមអាកាសដែលសង្ស័យថាស្នាដៃរបស់ប្រទេសហ្ស៊កដានី ទៅលើភាគខាងត្បូងប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស ១០នាក់រួមទាំងកុមារកាលពីព្រឹកថ្ងៃពុធ១៧មករា ។សារព័ត៌មានReuters មិនអាចបញ្ជាក់ដោយឯករាជ្យអំពីទីតាំងដែលត្រូវបានថតនោះទេ ប៉ុន្តែវត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Suwayda 24 ដែលបង្ហោះវីដេអូ ត្រូវបានផ្ទៀងផ្ទាត់ពីតំបន់នោះជាប្រចាំ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុមអាជ្ញាធរហ្ស៊កដានីទេ។ សារព័ត៌ក្នុងស្រុក Sham F.M. បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់ហ្ស៊កដានីបានប៉ះចំផ្ទះពីរខ្នងនៅក្នុងទីប្រជុំជនអាម៉ាន់(Arman) ក្នុងខេត្ត ស្វេដា (Sweida) ភាគខាងត្បូង ដែលបណ្តាលឱ្យមានមនុស្សស្លាប់។ Suwayda24 ជាសារព័ត៌មានរបស់ប្រទេសស៊ីរីដែលតាមដានស្ថានភាពក្នុងខេត្តនេះ បាននិយាយថា ការវាយប្រហារតាមអាកាសក្នុងពេលដំណាលគ្នាទាំងយប់ បានចំតំបន់លំនៅដ្ឋានក្នុងទីប្រជុំជនអាម៉ាន់ នៅភាគអាគ្នេយ៍នៃខេត្តនេះ នៅជិតព្រំដែនជាមួយប្រទេសហ្ស៊កដានី។ ប្រភពដដែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់ជនស៊ីវិល១០ នាក់ ក្នុងនោះមានកុមារ ២នាក់ ស្ត្រី៥ នាក់ និងបុរស ៣ នាក់ ប៉ុន្តែពុំបានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់ប្រទេសហ្ស៊កដានីនោះទេ។ កងទ័ពរបស់ប្រទេសហ្ស៊កដានីបានបង្កើនយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីខែមុនជាមួយមនុស្សរាប់សិបនាក់ដែលសង្ស័យថាមានទំនាក់ទំនងជាមួយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលផ្ទុកគ្រឿងញៀនយ៉ាងច្រើនឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយស៊ីរី រួមជាមួយនឹងអាវុធ និងគ្រឿងផ្ទុះជាច្រើនទៀត៕

សម្ព័ន្ធណាតូនឹងចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅសប្ដាហ៍ក្រោយ ដែលមានកងទ័ពប្រហែល ៩ម៉ឺននាក់

2024/01/19 03:18:30 pm        175
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ថា NATO បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករាថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅសប្ដាហ៍ក្រោយ ដោយមានការចូលរួមពីកងទ័ពប្រមាណ ៩០.០០០នាក់ និងជាការសាកល្បងសមត្ថភាពរបស់សម្ព័ន្ធមិត្តក្នុងរយៈពេលជាច្រើនខែដើម្បីចូលរួមក្នុងជម្លោះជាមួយសត្រូវដូចជារុស្ស៊ី។ ឧត្តមសេនីយអាមេរិក គ្រីស្តូហ្វើ ខាវ៉ូលី (Christopher Cavoli) មេបញ្ជាការសម្ព័ន្ធមយោធាកំពូលរបស់អង្គការ NATO នៅអឺរ៉ុបបានប្រាប់អ្នកសារព័ត៌មានថា សមយុទ្ធដែលមានឈ្មោះថា Steadfast Defender 2024 នឹងដំណើរការរហូតដល់ចុងខែឧសភា ហើយមានការចូលរួមពីបណ្តាប្រទេសជាសមាជិកទាំង៣១ របស់សម្ព័ន្ធយោធាណាតូ រួមទាំងបេក្ខភាពសមាជិកស៊ុយអែតផងដែរ ។ ឧត្តមសេនីយ៍អាមេរិករូបនេះ បានប្រាប់ក្រុមអ្នកព័ត៌មាននៅទីក្រុងប្រ៊ុចសែល បន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ប្រមុខការពារជាតិថា សម្ព័ន្ធយោធានេះនឹងបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការពង្រឹងកម្លាំងនៅតំបន់អឺរ៉ូ-អាត្លង់ទិក ដោយចលនាឆ្លងកាត់អាត្លង់ទិកនៃកងកម្លាំងមកពីអាមេរិកខាងជើង ។ សមយុទ្ធដែលមានសមាសភាពនៃសមយុទ្ធមានទ្រង់ទ្រាយតូចៗជាបន្តបន្ទាប់នឹងលាតសន្ធឹងពីអាមេរិកខាងជើងទៅផ្នែកខាងកើតរបស់អង្គការណាតូជិតព្រំដែនរុស្ស៊ី។សមយុទ្ធនេះនឹងមានការរួមបញ្ចូលពីនាវាកងទ័ពជើងទឹកចំនួន៥០គ្រឿង យន្តហោះ ៨០ គ្រឿង និងរថយន្តប្រយុទ្ធជាង១.១០០គ្រឿង ។ សមយុទ្ធដែលជាការបង្ហាញសាច់ដុំយោធាដ៏ធំបំផុតចាប់តាំងពីសមយុទ្ធ Reforger ឆ្នាំ១៩៨៨ អំឡុងសង្គ្រាមត្រជាក់ បានកើតឡើង ខណៈសម្ព័ន្ធយោធា NATO ជួសជុលប្រព័ន្ធការពាររបស់ខ្លួននៅចំពោះមុខសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ហើយបានរៀបចំផែនការដ៏ធំបំផុត ចាប់តាំងពីការដួលរលំសហភាពសូវៀត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី៕

អង្គការសុខភាពពិភពលោក៖ មនុស្សជាង២សែននាក់ រស់នៅក្នុងតង់ រយៈពេល៣ខែ បន្ទាប់ពីការរញ្ជួយដីនៅអាហ្វហ្គានីស្ថាន

2024/01/18 09:34:58 pm        89
លោក Luo Dapeng អ្នកតំណាងរបស់អង្គការសុខភាពពិភពលោក(WHO) នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ NHK ក្នុងទីក្រុងតូក្យូកាលពីថ្ងៃពុធ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនថា មន្ត្រីអង្គការសុខភាពពិភពលោក និយាយថា លោកគិតថាមនុស្សប្រហែលពី ២០០.០០០នាក់ ទៅ ៣០០.០០០នាក់ នៅតែរស់នៅក្នុងតង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន រយៈពេលបីខែបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំង បានវាយប្រហារតំបន់ភាគខាងលិចប្រទេស។ អង្គការសុខភាពពិភពលោក(WHO) និយាយថា ការរញ្ជួយដីកាលពីខែតុលា បានសម្លាប់មនុស្សជាង ១.៤០០នាក់ របួសជាង ២.០០០នាក់ផ្សេងទៀត និងបំផ្លាញលំនៅឋានជាង ១០.០០០ខ្នង។ លោក Luo បាននិយាយថា អាហ្វហ្គានីស្ថានកំពុងស្ថិតនៅពាក់កណ្តាលនៃរដូវរងានៅពេលនេះ ហើយអាកាសធាតុនៅតំបន់ខ្ពង់រាបមានភាពត្រជាក់ខ្លាំង ហើយ ស្ថានភាពនៅតែ«មហន្តរាយខ្លាំង»។លោក Luo បាននិយាយថា ឱសថ និងបរិក្ខារពេទ្យ កំពុងមានការផ្គត់ផ្គង់ខ្វះខាត ហើយលោកបានអំពាវនាវឱ្យមានជំនួយជាបន្ទាន់។ លោកក៏បានពន្យល់ថា មនុស្សជិតកន្លះលាននាក់ បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថាន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ ខណៈរដ្ឋាភិបាលប៉ាគីស្ថាន បានបញ្ជាឱ្យជនអន្តោប្រវេសន៍ ដែលគ្មានលក្ខណៈស្របច្បាប់ ឱ្យចាកចេញពីប្រទេស បើមិនដូច្នេះទេប្រឈមមុខនឹងការនិរទេស។លោកបាននិយាយថា អ្នកទាំងអស់នោះភាគច្រើន ដែលត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញ បានរស់នៅក្នុងតង់ ដោយការផ្គត់ផ្គង់ទឹក និងអាហារ មានកម្រិត។ លោកបាននិយាយបន្ថែមថា បញ្ហានេះ បានបង្កើនហានិភ័យដល់ពួកគេពីការកើតជំងឺឆ្លងតាមផ្លូវដង្ហើម។

លោក Putin និងលោក Zelenskyy ប្តេជ្ញាបន្តប្រយុទ្ធ ខណៈខួប២ឆ្នាំនៃការវាយលុកជិតចូលមកដល់

2024/01/18 09:29:57 pm        124
មេដឹកនាំទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ពុំបានបង្ហាញសញ្ញាសុខចិត្តចុះចាញ់នោះទេ មុនខួបពីរឆ្នាំនៅខែក្រោយ នៃការចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា វាច្បាស់ណាស់ថា គំនិតផ្តួចផ្តើមនេះ គឺស្ថិតនៅក្នុងដៃរបស់កងកម្លាំងរុស្ស៊ីទាំងស្រុង។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ថា សង្រ្គាមត្រូវតែបញ្ចប់ «ដោយសន្តិភាព និងស្ថិរភាព»។ការវិភាគមួយធ្វើឡើងដោយក្រសួងការពារជាតិចក្រភពអង់គ្លេស កាលពីថ្ងៃពុធបាននិយាយសំដៅទៅលើការប្រកាសរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅលើសមុទ្រ Azov ។ក្រសួងបាននិយាយថា ការកំណត់គោលដៅយន្តហោះដោយជោគជ័យដែលអាចធ្វើទៅបាន ដោយអ៊ុយក្រែន គឺ ជារឿងសំខាន់ ហើយវាទំនងជាថា នាពេលនេះ រុស្ស៊ី នឹងត្រូវបង្ខំឱ្យពិចារណាឡើងវិញអំពីការកំណត់តំបន់ប្រតិបត្តិការយន្តហោះរបស់ខ្លួន។ទន្ទឹមនឹងនេះ ការប្រយុទ្ធគ្នាតាមជើងគោក ត្រូវបានគេជឿថាកំពុងជាប់គាំង។ យោធាអ៊ុយក្រែនកំពុងប្រឈមនឹងការខ្វះគ្រាប់រំសេវ ខណៈការគាំទ្រពីប្រទេសលោកខាងលិចត្រូវបានផ្អាក។ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីសមាជិកនៃអង្គភាពអ៊ុយក្រែន នៅជិតទីក្រុង Bakhmut ក្នុងខេត្ត Donetsk ភាគខាងកើត ថា ដើម្បីរុលទៅមុខ ដើម្បីផ្លាស់ទីសមរភូមិមុខ យើងត្រូវការគ្រាប់រំសេវ យើងត្រូវការកម្លាំងមនុស្សបន្ថែមទៀត ហើយយើងត្រូវការអាវុធ។

មនុស្សកាន់តែច្រើន ទំនងជាស្លាប់ដោយសារភាពអត់ឃ្លាន ច្រើនជាងសង្គ្រាមនៅហ្កាហ្សា

2024/01/18 09:26:56 pm        168
ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីនលោក Mohammed Mustafa បាននិយាយកាលពីថ្ងៃពុធ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា មនុស្សកាន់តែច្រើននៅក្នុងតំបន់ហ្កាហ្សា ទំនងជាស្លាប់ដោយសារភាពអត់ឃ្លាន និងទុរ្ភិក្ស ច្រើនជាងសង្គ្រាម។លោក Mustafa បាននិយាយថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវមានចំណាត់ការឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសសេណារីយ៉ូបែបនេះ ហើយលោកបានឃើញដំណោះស្រាយនយោបាយ ដែលមើលឃើញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព ជាភាពចាំបាច់ភ្លាមៗ។លោកបាននិយាយថា អ៊ីស្រាអែល ចាំបាច់ត្រូវជួយសម្រេចគោលដៅរបស់រដ្ឋប៉ាឡេស្ទីន ដើម្បីធានាបានស្ថិរភាព និងវិបុលភាពផ្ទាល់របស់ពួកគេ។សង្គ្រាមបានរុញច្រានប្រជាជនភាគច្រើននៅតំបន់ហ្កាហ្សាចំនួន ២,៣លាននាក់ ចេញពីលំនៅឋានរបស់ពួកគេ ដែលមួយចំនួនបានភៀសខ្លួនចេញជាច្រើនដង និងបណ្តាលឱ្យមានវិបត្តិមនុស្សធម៌ ដោយស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ធ្លាក់ចុះដល់កម្រិតទាប។មន្ត្រីសុខាភិបាលក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយលុករបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា បានប្រែក្លាយទឹកដី ប៉ាឡេស្ទីន ភាគច្រើនទៅជាដីវាលសំរាម បណ្តាលឲ្យមនុស្សជាង ២៤.០០០នាក់ស្លាប់ និងរបួសប្រមាណ ៦១.០០០នាក់។

មន្ត្រីប៉ាឡេស្ទីន៖ យ៉ាងហោចណាស់ប្រាក់១៥ពាន់លានដុល្លារ ត្រូវការសម្រាប់សាងសង់លំនៅឋាននៅហ្កាហ្សា

2024/01/18 08:39:52 pm        252
ប្រធានមូលនិធិវិនិយោគប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធថា ថវិកាយ៉ាងហោចណាស់១៥ពាន់លានដុល្លារ នឹងត្រូវការដើម្បីសាងសង់លំនៅឋានឡើងវិញនៅក្នុងតហ្កាហ្សា ដោយគូសបញ្ជាក់អំពីទំហំនៃការបំផ្លិចបំផ្លាញ បណ្តាលមកពីការវាយលុករបស់អ៊ីស្រាអែល។ ប្រធានមូលនិធិ លោក Mohammed Mustafa បាននិយាយថា របាយការណ៍អន្តរជាតិ បានបង្ហាញថា លំនៅឋានចំនួន ៣៥០.០០០ខ្នង បានរងការបំផ្លាញទាំងស្រុង ឬដោយផ្នែកនៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយថា ការសន្មត់ថាលំនៅឋាន ១៥០.០០០ខ្នង ក្នុងចំណោមលំនៅឋានទាំងនោះ នឹងចាំបាច់ត្រូវសាងសង់ឡើងវិញក្នុងតម្លៃជាមធ្យម ១០០.០០០ដុល្លារក្នុងមួយខ្នង ដែលថវិកា១៥ពាន់លានដុល្លារអាមេរិកគឺសម្រាប់លំនៅឋានខូចខាត។ លោកបាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា យើងនៅ មិនទាន់និយាយអំពីហេដ្ឋារចនាសម្ព័ន្ធ យើងមិនទាន់បាននិយាយអំពីមន្ទីរពេទ្យដែលរងការខូចខាត និងបណ្តាញអគ្គិសនីនៅឡើយទេ។ អ៊ីស្រាអែល បានកម្ទេចឲ្យទៅជាផេះផង់នៅក្នុងទឹកដីភាគច្រើន ជាយុទ្ធនាការមួយដែលអាជ្ញាធរសុខាភិបាល តំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាបានសម្លាប់មនុស្ស ២៤.៤៤៨នាក់ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមប៉ាឡេស្ទីន បានបញ្ឆេះសង្រ្គាមដោយការវាយសម្រុកចូលប្រទេសអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងបានចាប់មនុស្ស ២៤០ នាក់ធ្វើជាចំណាប់ថ្នូរ។តួលេខ ដែលបានចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បង្ហាញថា លំនៅឋានជាង ៣៦០.០០០ខ្នង បានរងការខូចខាតធ្ងន់ធ្ងរ ឬដោយផ្នែក ហើយជាង ៧០.០០០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង។លោក Mustafa បាននិយាយថា មេដឹកនាំប៉ាឡេស្ទីន នឹងបន្តផ្តោតលើជំនួយមនុស្សធម៌ រួមមានអាហារ និងទឹក ប៉ុន្តែនៅទីបំផុតក៏ផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរទៅការកសាងឡើងវិញផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក XI JINPING ៖ ទំនាក់ទំនងចិន-អាមេរិកឈានចូលដំណាក់កាលថ្មី ក្នុងប្រវត្តិសាស្ត្រ
09/25/2026 05:09 PM
ទីភ្នាក់ងារ EU៖ អឺរ៉ុបត្រូវការផ្លាស់ប្តូរដាច់ណាត់​ ក្នុង​កិច្ចប្រឹងប្រែងការពារជាតិ ដើម្បីទប់​ការគំរាមកំហែងរបស់​រុស្ស៊ី
09/25/2026 05:09 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក ចៀសវាងចំណាកស្រុកខុសច្បាប់ប្រឈមគ្រោះថ្នាក់ និងការរើសអើង
09/25/2026 05:09 PM
នគរបាល​ចាប់ខ្លួនតារាសម្តែង និងអ្នកនយោបាយដែលតវ៉ាប្រឆាំងលោក Netanyahu នៅខាង​ក្រៅ UN
09/25/2026 05:09 PM
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនឹងក្លាយជាគោលដៅ បើក្លាយជាមជ្ឈមណ្ឌលការពាររួមរបស់សហរដ្ឋ​អាមេរិក
09/25/2026 05:09 PM
ទឹកជំនន់នៅបន្តប៉ះពាល់ខេត្តចំនួន ៤ និងប្រជាពលរដ្ឋប៉ះពាល់ ៧,១៣៩ គ្រួសារ
09/25/2026 05:09 PM
CNN, MS NOW និង Politico មាន​សិទ្ធិ​ចូលសេតវិមានវិញ ក្រោយចៅក្រមចេញ​​សេចក្ដី​សម្រេច
09/25/2026 04:09 PM
បេសកជន UN៖ ការអប់រំមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អនាគតរបស់ប្រជាជនប៉ាឡេស្ទីន
09/25/2026 04:09 PM
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងការដាច់សេវាអ៊ីនធឺណិត កើតឡើង ខណៈជម្លោះនៅអេត្យូពីកំពុងផ្ទុះឡើងយ៉ាងខ្លាំង
09/25/2026 04:09 PM
កងទ័ពអ៊ីស្រាអែលនិយាយថា ទាហានពីរនាក់ត្រូវបានសម្លាប់ នៅតំបន់ហ្កាហ្សា
09/25/2026 04:09 PM