បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

មនុស្ស៦នាក់បានស្លាប់ដោយសារទឹកជំនន់ នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/11/21 11:44:30 am        132
ខ្យល់ព្យុះដ៏ខ្លាំងក្លានៅភាគខាងត្បូងប្រទេសប្រេស៊ីល បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ កាលពីចុងសប្តាហ៍។ ទឹកជំនន់ទន្លេបានធ្វើឱ្យភូមិជាច្រើនត្រូវបានលិចលង់ ហើយយ៉ាងហោចណាស់មនុស្ស ៣១.០០០ នាក់ បានរងផលប៉ះពាល់ដោយភ្លៀងនៅក្នុងរដ្ឋ រីអូ ក្រានដេ ដូសុល (Rio Grande do Sul) ហើយជាង ១.៦០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ។វីដេអូពីសារព័ត៌មានរ៉យទ័រ បានបង្ហាញពីមនុស្សដើរកាត់ផ្លូវលិចទឹក និងប្រើប្រាស់ទូកដើម្បីផ្លាស់ទី។ ភាគខាងត្បូងប្រទេសប្រេស៊ីល បានប្រឈមមុខនឹងព្រឹត្តិការណ៍អាកាសធាតុយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងភ្លៀងធ្លាក់ខ្លាំង និងព្យុះស៊ីក្លូនដ៏បំផ្លិចបំផ្លាញនៅក្នុងខែកញ្ញា ដែលបានបណ្តាលឱ្យមនុស្សជាង ៥០ នាក់ស្លាប់។នៅក្នុងរដ្ឋ សាន់តា ខាតារីណា (Santa Catarina) អ្នកស្លាប់ជាច្រើនក៏ត្រូវបានរាយការណ៍ដោយសារភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយអភិបាលខេត្តបានប្រកាសភាពអាសន្ននៅក្នុងទីក្រុងចំនួន ៦៤ នៅរដ្ឋនេះ។ នៅក្នុងទីក្រុងចំនួនបួនដែលរងគ្រោះខ្លាំងជាងគេនៅរដ្ឋនេះ ភ្លៀងដែលបានធ្លាក់ក្នុងរយៈពេលបីថ្ងៃ គឺមានកម្រិតច្រើនជាងទ្វេដងនៃអ្វីដែលបានរំពឹងទុកសម្រាប់ខែវិច្ឆិកា ទាំងមូល៕

ប្រមុខការទូតចិន៖ ពិភពលោកត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់វិបត្តិមនុស្សធម៌នៅហ្កាហ្សា

2023/11/21 11:40:49 am        98
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ក្រុមអ្នកការទូតមកពីបណ្ដាប្រទេសអារ៉ាប់ និង មូស្លីមភាគច្រើនកាលពីថ្ងៃចន្ទ ថា សហគមន៍អន្តរជាតិត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេសនៃអាជ្ញាធរប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ុឌីត និងហ្ស៊កដានី កំពុងមានវត្តមានក្នុងទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ សម្រាប់កិច្ចពិភាក្សាក្នុងបំណង កាត់បន្ថយការរីកកាន់តែធំនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលបច្ចុប្បន្ន។លោក Wang បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសនៅក្នុងសុន្ទរកថាបើកនៅទីក្រុងប៉េកាំងថា សូមឱ្យយើងទាំងអស់គ្នាធ្វើការរួមគ្នាដើម្បីធ្វើឱ្យស្ថានការណ៍នៅតំបន់ហ្កាហ្សាឆាប់បានធូរស្រាលនិងស្ដារសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោក Wang បានប្រាប់ក្រុមប្រតិភូ រួមទាំងអគ្គលេខាធិការអង្គការសហប្រតិបត្តិការអ៊ីស្លាមថា គ្រោះមហន្តរាយមនុស្សធម៌ កំពុងរាលដាលនៅក្នុងតំបន់ហ្កាហ្សា។ លោកបាននិយាយថា ស្ថានភាពនៅតំបន់ហ្កាហ្សាប៉ះពាល់ដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោកដោយចោទសួរពីអារម្មណ៍របស់មនុស្សអំពីភាពត្រឹមត្រូវ និងខុស និងចំណុចសំខាន់របស់មនុស្សជាតិ។បណ្ដារដ្ឋមន្ត្រីមកពីប្រទេសអារ៉ាប់ និងមូស្លីម បានជំរុញប្រទេសចិន ដាក់សម្ពាធលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា៕

ពលរដ្ឋប្រេស៊ីលសម្រុក ទៅមើលការប្រគុំតន្ត្រី Taylor Swift ទោះរលកកម្ដៅវាយប្រហារខ្លាំងលើទីក្រុង រីយ៉ូ ឌើ ជេណឺរ៉ូក្ដី

2023/11/21 11:36:42 am        123
ក្រុមអ្នកគាំទ្រតារាចម្រៀងស្រី Taylor Swift បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ ទី២០ខែវិច្ឆិកា នៅកីឡដ្ឋាន នីលតុនសាន់តូស (Nilton Santos) ក្នុងទីក្រុង រីយ៉ូ ឌើ ជេណឺរ៉ូ (Rio de Janeiro) ដើម្បីចូលរួមការប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិករូបនេះ បើទោះបីជាទីក្រុងនេះត្រូវបានរងការវាយប្រហារដោយរលកកម្ដៅខ្លាំងក៏ដោយ។ កាលពីថ្ងៃសៅរ៍ គេបានផ្អាកព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងរូបនេះ ដោយសារតែការបំបែកកំណត់ត្រាក្ដៅបំផុតបន្ទាប់ពីអ្នកគាំទ្រម្នាក់បានស្លាប់ក្នុងស្ថានភាពដ៏ក្ដៅមួយថ្ងៃមុននេះ។ សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីកម្ដៅដែលបំបែកកំណត់ត្រារយៈពេលពីរថ្ងៃក្នុងទីក្រុងធំបំផុតទីពីររបស់ប្រេស៊ីល។នៅយប់ដំបូងនៃកម្មវិធី "The Eras Tour" របស់តារាចម្រៀង Taylor Swift នៅទីក្រុង Rio កាលពីថ្ងៃសុក្រ អ្នកចូលរួមទស្សនា ម្នាក់ ឈ្មោះ Clara Benevides វ័យ ២៣ ឆ្នាំបានធ្លាក់ខ្លួនឈឺ ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។ សោកនាដកម្មនេះបាននាំឱ្យរដ្ឋាភិបាលសហព័ន្ធបញ្ជាឱ្យអ្នករៀបចំព្រឹត្តិការណ៍ T4F SHOW3.SA ធានាឱ្យមានការប្រើប្រាស់ទឹកនៅក្នុងការប្រគុំតន្ត្រីនេះគ្រប់កន្លែងទាំងអស់នៅក្នុងប្រទេសប្រេស៊ីល និងចេញសេចក្តីណែនាំដែលអនុញ្ញាតឱ្យយកដបទឹកចូលទៅក្នុងការប្រគុំតន្ត្រីទាំងអស់ចាប់ពីពេលនេះតទៅ៕

ឆ្មាំល្បាតឆ្នេរអាមេរិកនិយាយថា ប្រេងមួយលានហ្គាឡុង លេចធ្លាយនៅឈូងសមុទ្រម៉ិកស៊ិក

2023/11/21 11:33:36 am        125
ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួននៅតែស្វែងរកប្រភពនៃការលេចធ្លាយពីបំពង់បង្ហូរប្រេងក្រោមទឹក ចេញពីឆ្នេរសមុទ្ររដ្ឋ Louisiana ក្នុងឈូងសមុទ្រម៉ិកស៊ិក ដែលវាត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ចេញប្រេងឆៅជាងមួយលានហ្គាឡុង។ បំពង់បង្ហូរប្រេងដែលមានប្រវែង ១០៨ គីឡូម៉ែត្រ ត្រូវបានបិទដោយក្រុមហ៊ុន Main Pass Oil Gathering Co (MPOG) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រេងឆៅត្រូវបានគេប្រទះឃើញនៅជុំវិញឆ្នេរសមុទ្រប្រវែង៣១គីឡូម៉ែត្រ នៅតំបន់ដីសណ្តទន្លេ Mississippi។ក្រុមឆ្មាំល្បាតឆ្នេរ បាននិយាយថាក្រុមស្វែងរកនៅលើអាកាស បានប្រទះឃើញប្រេងដែលអាចមើលឃើញកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ហូរទៅភាគនិរតីចេញពីឆ្នេររដ្ឋ Louisiana ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រេងនៅតែបន្ត ហើយឧបករណ៍នៅក្រោមទឹក បានវាស់ស្ទង់បំពង់បង្ហូរប្រេងដើម្បីស្វែងរកប្រភពនៃការលេចធ្លាយ។ខណៈបរិមាណពិតប្រាកដនៃប្រេងដែលបានបញ្ចេញមិនត្រូវបានគេដឹងនោះ ឆ្មាំល្បាតឆ្នេរដឹកនាំការសម្អាតបាននិយាយថា ការគណនាផ្នែកវិស្វកម្មដំបូង បានដាក់បរិមាណនៃការលេចធ្លាយប្រេងនៅចំនួន ១,១ លានហ្គាឡុង ឬ ២៦.១៩០ បារ៉ែល។ឆ្មាំល្បាតឆ្នេរនិយាយថា រហូតមកដល់ពេលនេះពុំមានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ ឬផលប៉ះពាល់នៅឆ្នេរសមុទ្រនោះទេ ហើយមូលហេតុនៃការលេចធ្លាយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ឆ្មាំល្បាតឆ្នេរ បានចាប់ផ្តើមបង្កើតក្រុមឆ្លើយតបជាតិ ដែលរួមមានអង្គភាពសហព័ន្ធចំនួន១៥អង្គភាព ទទួលខុសត្រូវក្នុងការសម្របសម្រួលការឆ្លើយតបចំពោះឧបទ្ទវហេតុការបំពុលដោយកង្វក់ប្រេង។

ក្រុមហេបូឡាអះអាងថា ខ្លួនបានវាយប្រហារលើទាហានអ៊ីស្រាអែល ដោយយានដ្រូនកាំភ្លើងធំ និងមីស៊ីល

2023/11/21 11:29:14 am        144
ចលនាហេបូឡារបស់ប្រទេសលីបង់ បាននិយាយថា ខ្លួនបានកំណត់គោលដៅលើកងទ័ពនៅប្រទេសអ៊ីស្រាអែលនៅភាគខាងជើងដោយយានដ្រូន កាំភ្លើងធំ និងមីស៊ីល កាលពីថ្ងៃចន្ទ ដោយអះអាងពីការវាយប្រហារថ្មីៗ ជាបន្តបន្ទាប់។ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ បានបាញ់ប្រហារគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធហេបូឡា បានកំណត់គោលដៅលើទាហាននៅភាគខាងលិចនៃទីក្រុង Kiryat Shmona នៅប្រទេសអ៊ីស្រាអែលភាគខាងជើងជាមួយនឹងយានដ្រូនចំនួនបីគ្រឿង ដោយបន្ថែមថា ភ្លាមៗនោះ ខ្លួនក៏បានកំណត់គោលដៅលើកងទ័ពនៅក្នុងតំបន់នេះ ជាមួយនឹងការបាញ់កាំភ្លើងធំផងដែរ។សេចក្តីថ្លែងការណ៍ទាំងពីរ បានអះអាងថា ការវាយប្រហារនេះ គឺជាការវាយប្រហារដោយផ្ទាល់។កាលពីព្រឹកថ្ងៃចន្ទ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានបាញ់មីស៊ីល Burkan ទៅកាន់បន្ទាយអ៊ីស្រាអែល ហើយថែមទាំង បានអះអាងពីការវាយប្រហារមួយចំនួនទៀតលើទីតាំងរបស់អ៊ីស្រាអែល។កងទ័ពអ៊ីស្រាអែល បាននិយាយថា យានអាកាសគ្មានមនុស្សបើក (UAVs) ចំនួនបីគ្រឿង ត្រូវបានកំណត់ថា បានវាយប្រហារនៅជិតប៉ុស្តិ៍កងទ័ព ដោយមិនបានបញ្ជាក់កន្លែងណានោះទេ។ កងទ័ព បានបន្ថែមថា៖«មិនមានអ្នករងរបួស ត្រូវបានរាយការណ៍ទេ»។

តុលាការឧទ្ធរណ៍អាមេរិក រិះគន់លើច្បាប់សិទ្ធិបោះឆ្នោតជាមូលដ្ឋានដ៏សំខាន់

2023/11/21 11:25:57 am        50
តុលាការឧទ្ធរណ៍សហព័ន្ធ បានរិះគន់យ៉ាងខ្លាំងដល់ក្រុមការពារសិទ្ធិបោះឆ្នោត ដែលព្យាយាមរុញច្រានប្រឆាំងនូវអ្វីដែលពួកគេចាត់ទុកថាជា ច្បាប់បោះឆ្នោតរើសអើង និងជាការបង្ហាញភាពអយុត្តិធម៌។តុលាការឧទ្ធរណ៍សហព័ន្ធប្រចាំតំបន់ទី៨ បានចេញសេចក្តីសម្រេចថា ក្រោមច្បាប់សិទ្ធិបោះឆ្នោត ជាច្បាប់សិទ្ធិជនស៊ីវិលដ៏សំខាន់ កំពុងរារាំងការរើសអើងជាតិសាសន៍ក្នុងការបោះឆ្នោត ដែលមានតែរដ្ឋាភិបាលសហរដ្ឋអាមេរិកប៉ុណ្ណោះ អាចប្តឹងដើម្បីជំទាស់ទៅនឹងដំណើរការច្បាប់បោះឆ្នោត និងការបែងចែកតំបន់ឡើងវិញ។ប៉ុន្តែភាគច្រើននៃសំណុំរឿងច្បាប់ស្តីពីសិទ្ធិបោះឆ្នោត ត្រូវបានប្តឹងដោយភាគីឯកជន ដែលតុលាការកំពូលបានទទួលស្គាល់នៅក្នុងសេចក្តីសម្រេចមុនៗ។ជាឧទាហរណ៍ កាលពីដើមឆ្នាំនេះ ក្រុមចៅក្រមតុលាការ បានលុបចោលផែនទីសង្កាត់ Alabama ដែលបានស្នើឡើង បន្ទាប់ពីមានបណ្តឹង ដែលធ្វើឡើងដោយក្រុមចម្រុះនៃក្រុមសិទ្ធិមនុស្សការពារជនស៊ីវិល។ សេចក្តីសម្រេច កាលពីថ្ងៃច័ន្ទ បានគាំទ្រសេចក្តីសម្រេចឆ្នាំ ២០២២ ពីចៅក្រមសហព័ន្ធរដ្ឋ Arkansas ដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump ដែលថាមានតែអគ្គមេធាវីសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានអំណាចក្នុងការដាក់ពាក្យបណ្តឹង។សេចក្តីសម្រេច ដែលទំនងជានឹងត្រូវប្តឹងឧទ្ធរណ៍ អាចបង្កើតការប្រជែងសិទ្ធិបោះឆ្នោតលើកក្រោយនៅតុលាការកំពូលអាមេរិក។

កងទ័ពអ៊ីស្រាអែលនិយាយថា កងកម្លាំងបានរកឃើញមន្ទីរពិសោធន៍អាវុធនៅក្រោមវិហារឥស្លាមនៅតំបន់ហ្កាហ្សា

2023/11/21 10:46:31 am        82
អ្នកនាំពាក្យកងទ័ព លោក Daniel Hagari បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល បានរកឃើញរោងចក្រផលិតអាវុធនិងយានដ្រូន(UAVs) នៅក្រោមវិហារអ៊ីស្លាមមួយកន្លែងក្នុងតំបន់ហ្កាហ្សា ។ លោក Hagari និយាយថា ទាហានក៏បានរកឃើញច្រកផ្លូវរូងក្រោមដីមួយផងដែរ បន្ទាប់ពីបានស្វែងរកវិហារឥស្លាមនៅក្នុងសង្កាត់ជិតខាង Zaytun។ កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូកាលពីថ្ងៃចន្ទ អំពីអ្វីដែលពួកគេនិយាយថាជាមន្ទីរពិសោធន៍អាវុធមួយកន្លែងនៅក្រោមវិហារឥស្លាមក្នុងសង្កាត់ជិតខាង Zaytun នៅតំបន់ហ្កាហ្សា។ ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានចេញផ្សាយវីដេអូ កាលពីថ្ងៃចន្ទ បង្ហាញពីការវាយប្រហារទៅលើអគារនានាក្នុងប្រទេសលីបង់ ដែលខ្លួនជឿថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡា (Hezbollah)។ កងទ័ពអ៊ីស្រាអែល និយាយនៅក្នុងការបង្ហោះនៅលើគណនីតេឡេក្រាមផ្លូវការ របស់ពួកគេថា កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់តាមយន្តហោះចម្បាំង រថក្រោះយោធា និងឧទ្ធម្ភាគចក្រ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដែលគេជឿថាធ្វើប្រតិបត្តិការដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយប្រទេសអ៊ីរ៉ង់។

ទារកកើតមិនគ្រប់ខែនៅហ្កាហ្សា ជម្លៀសទៅអេហ្ស៊ីប ខណៈរថក្រោះអ៊ីស្រាអែល ឡោមព័ទ្ធមន្ទីរពេទ្យទីពីរ

2023/11/21 08:25:58 am        269
ទារកកើតមិនគ្រប់ខែចំនួន ២៨ នាក់ ដែលត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ត្រូវបានគេនាំយកទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីព្យាបាលជាបន្ទាន់កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ខណៈក្រុមអាជ្ញាធរប៉ាឡេស្ទីន និងអង្គការសុខភាពពិភពលោក បាននិយាយថាមនុស្ស ១២នាក់ ត្រូវបានសម្លាប់នៅមន្ទីរពេទ្យហ្កាហ្សា មួយផ្សេងទៀតដែលឡោមព័ទ្ធដោយរថក្រោះអ៊ីស្រាអែល។ទារកទើបនឹងកើតទាំងនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) ភាគខាងជើងនៃតំបន់ហ្កាហ្សា ជាទីដែលទារកមួយចំនួនទៀតបានស្លាប់ បន្ទាប់ពីឧបករណ៍កម្ដៅខ្លួនរបស់ពួកគេត្រូវបានកាត់ផ្ដាច់ថាមពល ស្របពេលមានការដួលរលំនៃសេវាវេជ្ជសាស្រ្ត អំឡុងពេលការវាយលុកយោធារបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា។កងកម្លាំងអ៊ីស្រាអែល បានឡោមព័ទ្ធមន្ទីរពេទ្យស៊ីហ្វា កាលពីសប្តាហ៍មុន ដើម្បីស្វែងរកអ្វីដែលពួកគេបាននិយាយថាជាបណ្តាញផ្លូវរូងក្រោមដី ដែលជាកម្មសិទ្ធិរបស់ក្រុមអ៊ីស្លាមនិយមហាម៉ាស បានសាងសង់នៅខាងក្រោមនោះ។ អ្នកជំងឺរាប់រយនាក់ បុគ្គលិកពេទ្យ និងជនភៀសខ្លួនបានចាកចេញពីមន្ទីរពេទ្យស៊ីហ្វា កាលពីចុងសប្តាហ៍ ដោយក្រុមគ្រូពេទ្យនិយាយថា ពួកគេត្រូវបានបណ្តេញចេញដោយកងទ័ព ប៉ុន្តែអ៊ីស្រាអែលនិយាយថា ការចាកចេញនោះគឺជាការស្ម័គ្រចិត្តប៉ុណ្ណោះ៕

សមាជិកក្រុមជនអន្ធពាលជាង២០០ នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២.១០០ ឆ្នាំក្រោយជម្រះក្តីដ៏ធំនៅអ៊ីតាលី

2023/11/21 08:21:00 am        193
សមាជិកក្រុមជនអន្ធពាលជាង ២០០ នាក់ត្រូវបានកាត់ទោស ឱ្យជាប់ពន្ធនាគារសរុបចំនួន ២.១០០ ឆ្នាំបន្ទាប់ពីការកាត់ទោសក្រុមម៉ាហ្វ្យា (mafia) ដ៏ធំបំផុតមួយរបស់ប្រទេសអ៊ីតាលី។ មនុស្សសរុបចំនួន៣៨៨ នាក់ត្រូវបានចោទប្រកាន់ថាជាផ្នែកមួយនៃក្រុមជនអន្ធពាល ដ្រាងហេតា( 'Ndrangheta)របស់ប្រទេសអ៊ីតាលី ខណៈការកាត់ក្តីនៅតែបន្តចាប់តាំងពីខែមករា ឆ្នាំ២០២១មក ។ជនជាប់ចោទចំនួន៦៧ នាក់ត្រូវបានគេរកឃើញថាមានទោសរួចហើយបន្ទាប់ពីជ្រើសរើសការកាត់ក្តីដ៏លឿន ហើយមនុស្ស ១៣១ នាក់ត្រូវបានរួចទោស។ ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ គឺជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពល និងអ្នកមានទ្រព្យសម្បត្តិបំផុតមួយរបស់ពិភពលោក។ សារព័ត៌មាន Sky News រាយការណ៍ថា នេះគឺជាក្រុមម៉ាហ្វ្យា តែមួយគត់ដែលសកម្មនៅគ្រប់ទ្វីបទាំងអស់ ត្រូវគេនិយាយថាគ្រប់គ្រង ៨០ ភាគរយនៃពាណិជ្ជកម្មគ្រឿងញៀនកូកាអ៊ីនរបស់អឺរ៉ុប និងទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រហែល ៥២ ពាន់លានផោន។ ការជំនុំជម្រះក្ដីនេះមានគោលបំណងធានាការផ្ដន្ទាទោស និងការកាត់ទោសដោយផ្អែកលើការចោទប្រកាន់ថា មានការឃុបឃិតគ្នាក្នុងចំណោមក្រុមឧក្រិដ្ឋកម្ម និងក្រុមអ្នកនយោបាយក្នុងស្រុក មន្ត្រីសាធារណៈនិងធុរកិច្ចជន ដើម្បីបង្ហាញថាតើក្រុមនេះមានឫសគល់ជ្រៅប៉ុណ្ណានៅក្នុងតំបន់ភ្នំកាឡាប្រីយ៉ា (Calabria)របស់ប្រទេសអ៊ីតាលី ។ ជនល្មើសបានប្រឈមទៅនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធ ក៏ដូចជាការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងសមាគមម៉ាហ្វៀ ជាពាក្យដែលប្រើនៅក្នុងប្រទេសអ៊ីតាលី សម្រាប់សមាជិកនៃក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាសម្ព័ន្ធ៕

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់រយនាក់ បានទៅដល់ឥណ្ឌូណេស៊ី បន្ទាប់ពីឆ្លងកាត់សមុទ្រ

2023/11/20 02:53:00 pm        132
មន្ត្រីម្នាក់មកពីស្នងការជាន់ខ្ពស់របស់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ក្នុងតំបន់បាននិយាយថា ជនភៀសខ្លួនម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង ៥០០នាក់ ដែលមានដើមកំណើតមកពីសហភាពមីយ៉ាន់ម៉ា បានចូលចតនៅច្រាំងសមុទ្រខេត្ត អាចចេ (Aceh) របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ដែលនោះជារលកទីបួន នៃការមកដល់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងសប្តាហ៍នេះ។ លោកស្រី ម៉ុណាវ៉ារ៉ាទុល ម៉ាកយ៉ា (Munawaratul Makhya) មន្ត្រីរបស់ទីភ្នាក់ងារ UNHCR បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនភៀសខ្លួនដែលបានមកដល់ផ្នែកផ្សេងៗនៃខេត្តនេះ រួមមានតំបន់ ប៊ីរ៉េអេន (Bireuen) តំបន់ ពីឌី (Pidie) និងតំបន់ អាចចេ ភាគខាងកើត (East Aceh) បានធ្វើឲ្យទីតាំងស្នាក់នៅនានាក្នុងស្រុកពោរពេញដោយមនុស្សយ៉ាងច្រើន។លោកស្រី ម៉ាកយ៉ា បាននិយាយថា ទីតាំងដែលពួកគេកំពុងស្នាក់នៅក្នុងតំបន់ ពីឌី គឺពោរពេញដោយអ្នកមកដល់ថ្មីៗ ហើយទីភ្នាក់ងារ UNHCR កំពុងរង់ចាំរដ្ឋាភិបាលផ្តល់ជម្រកបណ្ដោះអាសន្នធំជាងនេះដើម្បីឲ្យពួកគេស្នាក់នៅ។ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា រាប់រយនាក់បានទៅដល់ខេត្ត Aceh ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានធ្វើឱ្យចំនួនជនភៀសខ្លួនសរុបនៅទីនោះកើនឡើងដល់ជាងមួយពាន់នាក់ ដោយបន្តការធ្វើអន្តោប្រវេសន៍ដែលមានរយៈពេលជាច្រើនឆ្នាំ ដែលមើលឃើញជនជាតិរ៉ូហ៊ីងយ៉ា បានរត់គេចពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដែស ភាគច្រើនកាន់សាសនាឥស្លាម ឬធ្វើដំណើរដោយទូកឈើដ៏ចាស់ទៅកាន់ប្រទេសម៉ាឡេស៊ី និង ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាប្រទេសថៃផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM