បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីននៅហ្កាហ្សា កើនឡើងលើស ១៣.០០០នាក់

2023/11/20 02:50:34 pm        130
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើស ១៣.000 នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។លោក Ismail al-Thawabta អគ្គនាយកនៃការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារចំនួន ៥.៥០០នាក់ និងស្ត្រីចំនួន ៣.៥០០នាក់ ខណៈដែលមនុស្សជាង ៣០.000 នាក់ផ្សេងទៀត បានរងរបួសផ្សេងៗគ្នា។លោក Al-Thawabta បាននិយាយថា ចំនួនអ្នកបាត់ខ្លួន បានកើនលើស ៦.០០០នាក់ ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.000 នាក់ នៅតែស្ថិតនៅក្រោមគំនរបាក់បែកនៃអគារ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារលើតំបន់ហ្កាហ្សាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីសងសឹកនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ក្នុងអំឡុងពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្លាប់មនុស្សប្រហែល១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់។

រថភ្លើងបុករថយន្តក្រុងខ្នាតតូចនៅខេត្តជ្វាខាងកើត បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់

2023/11/20 02:47:30 pm        162
ក្រុមអ្នកសង្គ្រោះនិយាយថា រថភ្លើង បានបុកជាមួយរថយន្តក្រុងខ្នាតតូចមួយគ្រឿង នៅទីក្រុង Lumajang ខេត្តជ្វាខាងកើតរបស់ប្រទេសឥណ្ឌានេស៊ី កាលពីល្ងាចថ្ងៃអាទិត្យបណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។លោក Muhammad Hariyadi ប្រធានាការិយាល័យសង្រ្គោះនិងស្វែងរកប្រចាំខេត្តបាននិយាយថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តក្រុងខ្នាតតូចមួយគ្រឿង បានបើកកាត់ផ្លូវរថភ្លើងដែលកំពុងមកដល់ដោយគ្មានរនាំងសម្រាប់រថភ្លើងឆ្លងកាត់នៅក្នុងភូមិ Ranupakis ម៉ោង៧:៥៣នាទីល្ងាច ម៉ោងក្នុងតំបន់ ដោយរថភ្លើងបានមកបុករថយន្តក្រុងខ្នាតតូចភ្លាមៗ។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា រថភ្លើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុងកំពង់ផែ Surabaya នៅពេលនោះបានបុកជាមួយរថយន្តក្រុងខ្នាតតូចដឹកអ្នកដំណើររាប់សិបនាក់ នៅចំណុចឆ្លងកាត់។មនុស្ស១០នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ស្លាប់នៅមជ្ឈមណ្ឌលសុខភាពសហគមន៍ បន្ទាប់ពីបញ្ជូនទៅព្យាបាល។ មនុស្ស៤នាក់រួមមានកុមារម្នាក់ កំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់ ហើយនៅពុំទាន់ច្បាស់នោះទេថាតើពួកគេមានជាប់ពាក់ព័ន្ធក្នុងករណីនេះ។ យោងតាមនគរបាលតំបន់ បាននិយាយថា ការស៊ើបអង្កេតមួយ ត្រូវបានធ្វើឡើងនៅកន្លែងកើតហេតុ។

មនុស្សជាង ១៤.៤០០នាក់ ត្រូវបានសម្លាប់ក្នុងជម្លោះរវាងប៉ាឡេស្ទីន- អ៊ីស្រាអែលដែលនៅតែបន្ត

2023/11/20 02:36:40 pm        116
យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងសងខាងបាននិយាយថា ចំនួនអ្នកស្លាប់ដោយជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលនៅតែបន្តបានកើនឡើងលើសពី ១៤.៤០០នាក់ ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សា បានប្រកាសកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាថា ចំនួនអ្នកស្លាប់នៅខាងភាគីប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានកើនឡើងលើសពី ១៣.០០០នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។លោក Ismail al-Thawabta អគ្គនាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្នុងចំណោមអ្នកស្លាប់មានកុមារ ៥.៥០០នាក់ និងស្ត្រីចំនួន ៣.៥០០នាក់ ខណៈ ជាង ៣០.០០០នាក់ ផ្សេងទៀតបានរងរបួសក្នុងស្ថានភាពផ្សេងៗគ្នា។ លោកនិយាយថា មានមនុស្សជាង ៦.០០០នាក់ បានបាត់ខ្លួន ក្នុងនោះមានកុមារ និងស្ត្រីចំនួន ៤.០០០នាក់ នៅតែស្ថិតនៅក្រោមកម្ទេចកម្ទីបាក់បែកនៃអគារដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា ជម្លោះនៅបន្តនេះបានសម្លាប់មនុស្ស ២១៥នាក់ និងរបួសជាង ២.៨០០នាក់ នៅតំបន់ West Bank។ នៅថ្ងៃដដែលនេះដែរ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ពីការស្លាប់របស់ទាហាន ៥៧នាក់ និងរងរបួសជាច្រើននាក់ ចាប់តាំងពីខ្លួនចាប់ផ្តើមប្រតិបត្តិការតាមដីគោកនៅតំបន់ហ្កាហ្សា។ ផ្អែកលើទិន្នន័យកាលពីពេលមុនរបស់អ៊ីស្រាអែល វាត្រូវបានគេប៉ាន់ប្រមាណថា ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ បានបាត់បង់ជីវិតនៅក្នុងជម្លោះនេះ។ យោងតាមសារព័ត៌មាន The Times of Israel នាយសេនាធិការការពារជាតិអ៊ីស្រាអែល ឧត្តមសេនីយ៍ឯក Herzi Halevi បានអនុម័តផែនការដើម្បីបន្តការវាយលុកតាមដីគោកនៅតំបន់ហ្កាហ្សា ហើយកងទ័ពអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅភាគខាងត្បូងតំបន់ហ្កាហ្សាផងដែរ។

អ៊ុយក្រែននិយាយថា កងទ័ពរបស់ខ្លួនបានវាយរុញច្រានរុស្ស៊ី នៅច្រាំងខាងកើតទន្លេ Dnipro

2023/11/20 02:33:27 pm        111
យោធាអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានកងទ័ពរុស្ស៊ីនៅច្រាំងភាគខាងកើតទន្លេ Dnipro ភាគខាងត្បូងតំបន់ Kherson។ ច្រាំងខាងកើតទន្លេ Dnipro គឺជាសមរភូមិមុខមួយ ក្នុងចំណោមសមរភូមិចំនួនបី ដែលការប្រយុទ្ធគ្នាតាមដីគោកខ្លាំងក្លា ត្រូវបានគេជឿថានឹងបន្តរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី។ តំបន់ពីរផ្សេងទៀតគឺតំបន់ Kupiansk នៅភាគខាងកើតទីក្រុង Kharkiv និងតំបន់ Avdiivka នៅ Donetsk ។ទន្ទឹមនឹងនេះ អភិបាលក្រុង Kherson បាននិយាយនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យោធារុស្ស៊ី បានដាក់គោលដៅទៅលើលំនៅឋានពលរដ្ឋនៅក្នុងតំបន់នេះ។ អភិបាលក្រុង បាននិយាយថា ពលរដ្ឋ៥នាក់ រួមទាំងកុមារអាយុ ៣ ឆ្នាំម្នាក់ បានរងរបួសនៅក្នុងការវាយប្រហារ។នៅក្នុងការវិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងការពារជាតិចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី ទំនងជាកំពុងពិចារណានាំយកយន្តហោះឈ្លបយកការណ៍សម័យសូវៀត ចូលមកប្រើប្រាស់វិញ។ តាមសេចក្តីរាយការណ៍ យន្តហោះនេះអាចហោះឡើងដល់រយៈកម្ពស់ជាង ២០.០០០ម៉ែត្រ។ក្រសួងនិយាយថា យន្តហោះនេះត្រូវបានគេប្រើប្រាស់កាលពីពេលថ្មីៗនេះ ជាវេទិកាក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រផែនដី។ ប៉ុន្តែវាត្រូវបានគេសង្កេតឃើញមានផ្ទុកនូវឧបករណ៍ឈ្លបយកការណ៍យោធា។ ក្រសួងនិយាយថា ខណៈយោធារុស្ស៊ី ពុំបានបង្កើតការស៊ើបការណ៍សម្ងាត់ ការតាមដាន លទ្ធភាពទទួលបានគោលដៅ និងសមត្ថភាពឈ្លបយកការណ៍ ប្រទេសនេះកំពុងព្យាយាមពង្រឹងសមត្ថភាពបែបនេះដោយប្រើប្រាស់យន្តហោះឈ្លបយកការណ៍។

អ៊ីស្រាអែល បដិសេធការធ្វើទារុណកម្មលើយុទ្ធជនហាម៉ាស ដែលមានស្នាមជាំ និងប្រឡាក់ឈាម

2023/11/20 02:30:23 pm        180
ទីភ្នាក់ងារ Shin Bet ដែលជាទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បដិសេធការធ្វើទារុណកម្មលើជនសង្ស័យក្រុមហាម៉ាស ខណៈដែលពួកគេធ្វើកម្មវិធីសួរចម្លើយដ៏តឹងតែងបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការសាធារណៈប្រឆាំងនឹងការធ្វើទារុណកម្មក្នុងប្រទេសអ៊ីស្រាអែល បានចោទប្រកាន់ថា អ៊ីស្រាអែលប្រើយុទ្ធសាស្ត្រដូចជា ការធ្វើមិនឲ្យដេកលក់ ការឲ្យឈរដោយប្រើទម្ងន់ជើង និងសីតុណ្ហភាពក្តៅខ្លាំង ដើម្បីទទួលបានព័ត៌មានពីជនសង្ស័យ។ទីភ្នាក់ងារនេះ កំពុងសួរចម្លើយជនសង្ស័យក្រុមហាម៉ាសដែលចាប់បាន ក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ ខែតុលា ដើម្បីដកស្រង់ចម្លើយសារភាព ទទួលបានព័ត៌មានសម្រាប់ពេលអនាគត និងផលិតវីដេអូសម្រាប់អ៊ីស្រាអែល ដើម្បីផ្សព្វផ្សាយទៅកាន់លោកខាងលិច។ លោក Shalom Ben Hanan មន្ត្រីចារកម្មចូលនិវត្តន៍ដែលបានត្រឡប់មកធ្វើការវិញ ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ហើយបានឃើញការសួរចម្លើយនោះ បាននិយាយថា ការយកចិត្តទុកដាក់លើប្រព័ន្ធផ្សព្វផ្សាយ និង វីដេអូ គឺជាគោលដៅសំខាន់ណាស់ ក្នុងការសួរចម្លើយដ៏ជាក់លាក់នេះ។នៅពេលដែលសារព័ត៌មាន NBC បានសួរថាតើជនសង្ស័យហាម៉ាស ដែលត្រូវបានគេឃើញនៅក្នុងវីដេអូដែលមាន«ស្នាមជាំនៅលើមុខ និងស្នាមនៅលើកដៃរបស់ពួកគេ ត្រូវបានគេធ្វើទារុណកម្មទេ លោកHanan បានបញ្ជាក់ថា មិនមាន«ការធ្វើទារុណកម្ម នៅក្នុងការសួរចម្លើយរបស់ទីភ្នាក់ងារ Shin Bet ប៉ុន្តែបានបន្ថែមថា៖«ពួកគេត្រូវបានចាប់ខ្លួននៅក្នុងការប្រយុទ្ធគ្នា។ វាមិនមែនជាការចាប់ខ្លួនតាមសម្រួលទេ។

មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន

2023/11/20 02:07:44 pm        187
មនុស្សរាប់ពាន់នាក់កាលពីថ្ងៃអាទិត្យ ទី ១៩ ខែវិច្ឆិកា បានធ្វើបាតុកម្មគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា និងថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងពេលការប្រមូលផ្តុំគ្នានៅទីក្រុង Lahore ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសប៉ាគីស្ថាន។ ដោយក្រវីទង់ជាតិប៉ាឡេស្ទីន និងស្រែកពាក្យថា «មិត្តណាក៏ដោយរបស់អាមេរិកគឺជាជនក្បត់» ពួកគេបានស្តាប់សុន្ទរកថា របស់សមាជិកនៃគណបក្សអ៊ីស្លាមដ៏ធំមួយរបស់ប្រទេសគឺគណបក្ស Jamaat-e-Islami (JI) ដែលបានរិះគន់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ផងដែរ សម្រាប់ការធ្វើពុំបានគ្រប់គ្រាន់ក្នុងការការពារពលរដ្ឋប៉ាឡេស្ទីនមូស្លីម ប្រឆាំងការវាយលុករបស់អ៊ីស្រាអែល។ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុនបានរៀបចំកិច្ចប្រជុំកំពូលមួយស្តីពីតំបន់ហ្កាហ្សា។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ព្រះរាជាណាចក្រមួយនេះ បានរៀបចំផែនការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំវិសាមញ្ញចំនួនពីរ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម និងសម្ព័ន្ធអារ៉ាប់ ក្នុងរយៈពេលពីរថ្ងៃ ប៉ុន្តែបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលរួមគ្នា ដោយសារតែស្ថានភាពតំបន់ហ្កាហ្សា កាន់តែប្រែប្រួលខ្លាំង។ ក្នុងអំឡុងកិច្ចប្រជុំ ប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសមូស្លីមផ្សេងទៀត បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សា ដោយបដិសេធការបញ្ជាក់របស់អ៊ីស្រាអែលចំពោះសកម្មភាពរបស់ខ្លួនទៅលើប៉ាឡេស្ទីនថាជាការការពារខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយ បានឱ្យដឹងថា កិច្ចប្រជុំកំពូលអ៊ីស្លាម-អារ៉ាប់រួមគ្នាវិសាមញ្ញ នៅទីក្រុងរីយ៉ាដ បានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្ត នៅលើដែនដីប៉ាឡេស្ទីន។ នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក Joko Widodo ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនបំផុតនៅលើពិភពលោក បាននិយាយថា មធ្យោបាយមួយត្រូវតែរកឲ្យឃើញ ដើម្បីធ្វើឱ្យអ៊ីស្រាអែលបញ្ឈប់ការបាញ់ផ្លោងភ្លាមៗ មុនពេលលោកនិយាយបន្ថែមថា តុលាការព្រហ្មទណ្ឌអន្តរជាតិ OIC ត្រូវតែប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះអំពើឃោរឃៅមនុស្សធម៌ដែលប្រទេសនេះបានប្ដេជ្ញាចិត្ត។

រុស្ស៊ីវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងគីវដោយយានដ្រូន ក្នុងរាត្រីទីពីរ

2023/11/20 02:04:43 pm        204
«គោលដៅហេដ្ឋារចនាសម្ព័ន្ធ» ដែលមិនបានបញ្ជាក់ច្បាស់លាស់ នៅក្នុងតំបន់ទីក្រុងគីវ ត្រូវបានបំផ្លាញដោយយានដ្រូនរបស់រុស្ស៊ីក្នុងយប់ទីពីរនៃការវាយប្រហារតាមអាកាសដោយកងកម្លាំងវិមានក្រឹមឡាំង។ក្រសួងការពារដែនអាកាសរបស់អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន១៥ គ្រឿងក្នុងចំណោមយានដ្រូន Shaheedចំនួន២០គ្រឿង ដែលបានបាញ់បង្ហោះពីទីក្រុង Kursk នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ីមកលើតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេស រួមទាំងរដ្ឋធានីផងដែរ។ការជូនដំណឹងតាមអាកាស បានបន្លឺឡើងអស់រយៈពេលជាច្រើនម៉ោង។ ពុំមានអ្នករងរបួស ត្រូវបានគេរាយការណ៍ភ្លាមៗនោះទេ។ការវាយប្រហារចុងក្រោយបង្អស់ បានធ្វើឡើង បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងការបាញ់ផ្លោងដោយកាំភ្លើងធំ កាលពីយប់ថ្ងៃសុក្រ ដែលបានបំផ្លាញរោងចក្រថាមពលនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយមានការកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះរាប់ពាន់ខ្នង។ក្រុមហ៊ុនផលិតថាមពល DTEK បាននិយាយនៅលើ Telegram ថា អ្នកប្រើប្រាស់ប្រហែល ២.000 នាក់អត់មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីបណ្តាញអគ្គិសនី ត្រូវបានខូចខាតនៅក្នុងតំបន់Odesa។ ក្រសួងថាមពល បាននិយាយនៅលើហ្វេសប៊ុកថា ការវាយប្រហារដោយយានដ្រូន ក៏បានធ្វើឲ្យខូចខាតដល់ឃ្លាំងស្តុកប្រេង ក្នុងតំបន់នេះផងដែរ។

ក្រុមឧទ្ទាម Houthi នៅយ៉េម៉ែនអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម ប៉ុន្តែអ៊ីស្រាអែលបដិសេធ

2023/11/20 02:01:13 pm        145
ក្រុមឧទ្ទាម Houthi នៅប្រទេសយ៉េម៉ែនបានអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួននោះទេ និងបាននិយាយថា គ្មានជនជាតិអ៊ីស្រាអែលក្នុងចំណោមនាវិករបស់ខ្លួនឡើយ។ អ្នកនាំពាក្យយោធា ក្រុមឧទ្ទាម Houthi លោក Yahya Sarea បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹកក្រុម Houthi បានធ្វើប្រតិបត្តិការយោធានៅសមុទ្រក្រហម។ យើងបានរឹបអូសនាវារបស់អ៊ីស្រាអែល ហើយនាំយកនាវានោះទៅកាន់ឆ្នេរសមុទ្រយ៉េម៉ែន។ ដោយបន្តការគម្រាមកំហែងរបស់ក្រុមឧទ្ទាមក្នុងការដាក់គោលដៅទៅលើនាវាទាំងអស់ដែលជាកម្មសិទ្ធិ ឬជាប់ទាក់ទងជាមួយអ៊ីស្រាអែល លោក Sarea បានអំពាវនាវឱ្យ ប្រទេសទាំងអស់ដែលពលរដ្ឋធ្វើការនៅសមុទ្រក្រហម បញ្ឈប់សកម្មភាពណាមួយជាមួយនាវា ឬនាវាដែលត្រូវបានជួលដោយអ៊ីស្រាអែល។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានព្រមានថាការប្លន់បែបនេះគឺជា ឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតនៃផលវិបាកសាកល។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា នាវានេះត្រូវបានដំណើរការដោយក្រុមហ៊ុនជប៉ុន ជួលពីក្រុមហ៊ុនចក្រភពអង់គ្លេស។ ការិយាល័យនាយករដ្ឋមន្ត្រីបានអះអាងថា នាវាត្រូវបានចាប់ដោយក្រុមឧទ្ទាម Houthi គាំទ្រដោយប្រទេសអ៊ីរ៉ង់ តាមសំណើរបស់អ៊ីរ៉ង់។ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នៅមិនទាន់ឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នាវាដឹកទំនិញដែលត្រូវបានចាប់ ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុនចក្រភពអង់គ្លេសដោយមានកម្មសិទ្ធិមួយផ្នែកជាប់ពាក់ព័ន្ធទៅនឹងសហគ្រិនជនជាតិអ៊ីស្រាអែល ។ ចាប់តាំងពីមានការកើនឡើងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីដើមខែតុលា ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារជាច្រើនលើក ដាក់គោលដៅទៅលើអ៊ីស្រាអែលពីប្រទេសយ៉េម៉ែន ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

ប្រជាជនថៃរាប់រយនាក់ នឹងត្រូវជម្លៀសចេញពីមីយ៉ាន់ម៉ា ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង

2023/11/20 01:31:07 pm        97
ក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា ជនជាតិថៃជាងពីររយនាក់ ដែលជាប់នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងជើងនៃសហភាពមីយ៉ាន់ម៉ា រវាងទាហានរដ្ឋាភិបាលរបបសឹក និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ កំពុងត្រូវបានជម្លៀសទៅកាន់ប្រទេសថៃ តាមរយៈប្រទេសចិន។យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងត្រូវបានវាយលុកផ្នែកខ្លះនៃភាគខាងជើងរបស់ខ្លួន ខណៈពួកគេកំពុងទប់ទល់នឹងការវាយលុកសម្របសម្រួលដ៏ធំបំផុត ដែលបានចាប់ផ្តើមកាលពីខែមុនដោយសម្ព័ន្ធមិត្តនៃជនជាតិភាគតិចចំនួនបីក្រុម និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ។ក្រសួងការបរទេសថៃបាននិយាយថា ជនជាតិថៃមួយក្រុមមានគ្នា ២៦៦នាក់ និងចំនួនមិនជាក់លាក់នៃជនជាតិហ្វីលីពីន និងសិង្ហបុរី កំពុងត្រូវបានជម្លៀសចេញពីទីក្រុង Laukkaing ភាគខាងជើងរដ្ឋ សាន ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីក្រុមអាជ្ញាធរមីយ៉ាន់ម៉ា។ក្រសួងការបរទេសនេះបានបន្ថែមថា ក្រុមជម្លៀសនេះនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសចិន ហើយបន្ទាប់មកនឹងហោះហើរពីទីក្រុងគុនមីង របស់ប្រទេសចិន តាមជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងបាងកក ដែលពួកគេនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មផ្សេងៗ៕

ពលរដ្ឋអ៊ីស្រាអែល ទាមទារឲ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2023/11/20 01:24:57 pm        121
ក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់ រួមទាំងសមាជិកគ្រួសារនៃចំណាប់ថ្នូរដែលក្រុមហាម៉ាស ចាប់បានយកទៅ បានដើរដង្ហែក្បួនពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ក្រុមបាតុករបានសម្រុកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីចេញតវ៉ារយៈពេល៥ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុង Tel Aviv ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងស្លាកសញ្ញាផ្សេងៗមានរូបថតជនរងគ្រោះដែលត្រូវបានក្រុមហាម៉ាសចាប់ចូលតំបន់ហ្កាហ្សា។ ពួកគេបានប្រមូលផ្ដុំគ្នានៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu)អំពាវនាវឱ្យធ្វើការងារបន្ថែមទៀតដើម្បីដោះលែងអ្នកត្រូវចាប់ឃុំទាំងនោះ ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ដាក់គោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជននានាកាលពីថ្ងៃទី ៧ ខែតុលា មនុស្សយ៉ាងហោចណាស់១.៤០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ ហើយមនុស្សសរុបចំនួន ២៣៩ នាក់ ភាគច្រើនជាជនស៊ីវិលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងវាយប្រហាររបស់ក្រុមហាម៉ាស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM