បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

មន្ត្រីតំបន់ហ្កាហ្សា ព្រមានពីការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើមន្ទីរពេទ្យអាល់ស៊ីហ្វា

2023/11/15 09:06:28 am        159
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បានព្រមាននៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះអំពីលទ្ធភាពនៃការវាយឆ្មក់របស់អ៊ីស្រាអែល លើអគារមន្ទីរពេទ្យ អាល់ស៊ីហ្វា (Al Shifa) នៃតំបន់នេះ ដោយនិយាយថាអ៊ីស្រាអែល បានជូនដំណឹងដល់មន្ត្រីសុខាភិបាលហ្កាហ្សា ថាកងកម្លាំងរបស់ខ្លួននឹងវាយឆ្មក់ទីតាំងនោះ។ យោធាអ៊ីស្រាអែល ដែលត្រូវបានស្នើសុំការអត្ថាធិប្បាយបាននិយាយថា ខ្លួនកំពុងពិនិត្យមើលបញ្ហានេះ។អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា លោក Ashraf al-Qidra បានប្រាប់សារព័ត៌មាន Al Jazeera ថា អ៊ីស្រាអែល «បានជូនដំណឹងយើងថា ខ្លួននឹងវាយឆ្មក់អគារមន្ទីរពេទ្យ អាល់ស៊ីហ្វា នៅប៉ុន្មាននាទីខាងមុខនេះ»។ប៉ុន្តែលោកបានបន្ថែមថា៖ «អ៊ីស្រាអែលមិនបានបញ្ជាក់ថា តើកងកម្លាំងរបស់ខ្លួននឹងចូលទៅក្នុងបរិវេណមន្ទីរពេទ្យនោះឬយ៉ាងណាទេ ប៉ុន្តែបាននិយាយថា ក្នុងរយៈពេលប៉ុន្មាននាទី ទាហាននឹងវាយឆ្មក់នៅបរិវេណនោះ។ យើងក៏មិនដឹងពីចេតនារបស់អ៊ីស្រាអែល ជាមួយនឹងការវាយឆ្មក់នោះដែរ»។កងកម្លាំងអ៊ីស្រាអែលបានឡោមព័ទ្ធមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីបានធ្វើការប្រយុទ្ធគ្នាតាមដងផ្លូវយ៉ាងស្វិតស្វាញជាមួយនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលពួកគេបានចោទប្រកាន់ថា មានប៉ុស្តិ៍បញ្ជាការនៅក្រោមអគារនោះ។ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានលើកឡើងពីការស៊ើបអង្កេត ដែលគាំទ្រការអះអាងរបស់អ៊ីស្រាអែល ជុំវិញទីបញ្ជាការសម្ងាត់នោះ ប៉ុន្តែក្រុមហាម៉ាស បានបដិសេធ៕

កូរ៉េខាងជើង ធ្វើតេស្តលើដីនៃម៉ាស៊ីនប្រភេទថ្មីសម្រាប់មីស៊ីលដោយជោគជ័យ

2023/11/15 09:01:38 am        133
កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើតេស្តលើដីជាលើកដំបូងដោយជោគជ័យនូវម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មីសម្រាប់មីស៊ីលបាលិស្ទិកកម្រិតមធ្យម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសនេះបានរាយការណ៍នៅថ្ងៃពុធ (១៥ វិច្ឆិកា) នេះថា ការធ្វើតេស្តនៃម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ និងថ្ងៃអង្គារ រៀងគ្នា។ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងម្តងហើយម្តងទៀតនូវមីស៊ីលបាលិស្ទិកកម្រិតមធ្យមប្រភេទឥន្ធនៈរាវ ដោយមីស៊ីលខ្លះបានហោះរំលងប្រទេសជប៉ុន។ បណ្ដាប្រទេសដែលពាក់ព័ន្ធ កំពុងស្ថិតក្នុងការប្រកាសអាសន្នមុនថ្ងៃសៅរ៍ នៅពេលដែលកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងប្រារព្ធ «ទិវាឧស្សាហកម្មមីស៊ីល» ដែលខ្លួនទើបតែបានបង្កើតឡើង៕

គុយបា ស្តីបន្ទោសទណ្ឌកម្មអាមេរិក ដែលបង្កឱ្យមានការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ចំពេលមនុស្សសម្រុកចាកចេញ

2023/11/15 08:58:18 am        131
ក្រុមមន្ត្រីគុយបា និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ១៤ វិច្ឆិកា នៅទីក្រុង ឡាហាវ៉ាន់ ដើម្បីពិភាក្សាអំពីការធ្វើអន្តោប្រវេសន៍ ដែលជាកិច្ចប្រជុំលើកទី ២ នៅឆ្នាំនេះ ខណៈ ប្រទេសទាំងពីរកំពុងពិភាក្សាអំពីមធ្យោបាយល្អបំផុតដើម្បីបន្ថយលំហូរបំបែកកំណត់ត្រានៃប្រជាជនគុយបា ភាគខាងជើងសម្រុកទៅកាន់សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក ដែលជាគោលដៅធំបំផុតសម្រាប់ការធ្វើអន្តោប្រវេសន៍គុយបា កាលពីឆ្នាំ២០២២ បានពិភាក្សាជាថ្មីជាមួយគុយបា ហើយចាប់តាំងពីពេលនោះមក បានបង្កើនផ្លូវច្បាប់លើការធ្វើអន្តោប្រវេសន៍សម្រាប់គុយបា រួមទាំងការទទួលបានទិដ្ឋាការនៅទីក្រុងឡាហាវ៉ាន់ ការជួបជុំគ្រួសារ និងកម្មវិធីលើកលែងទោសមនុស្សធម៌ ក្នុងបំណងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ អនុរដ្ឋមន្ត្រីការបរទេសគុយបាលោក ខាឡូស ហ្វឺណាដេស ដឺកូស៊ីសូ (Carlos Fernandez de Cossio)បាននិយាយថា ប៉ុន្តែបញ្ហានឹងមិនរលាយបាត់ឡើយ រហូតដល់សហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្មលើកោះនេះ ដែលគុយបា បានស្តីបន្ទោសចំពោះការបំផ្លិចបំផ្លាញសេដ្ឋកិច្ចគ្រប់គ្រងដោយរដ្ឋដែលកំពុងរងគ្រោះស្រាប់។អាមេរិកនិយាយថា ទណ្ឌកម្ម គឺចាំបាច់ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅគុយបា និងធ្វើឱ្យមានការលើកលែងសម្រាប់គោលបំណងមនុស្សធម៌។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារគឺ ស្របតាមចំណាប់អារម្មណ៍របស់យើងក្នុងការជំរុញការជួបជុំគ្រួសារឡើងវិញ និងលើកកម្ពស់ការគោរពកាន់តែច្រើនឡើងសម្រាប់សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសគុយបា ។គួររម្លឹកថា ពលរដ្ឋគុយបាស្ថិតក្នុងចំណោមមនុស្សរាប់ម៉ឺននាក់មកពីប្រទេសមួយចំនួននៅអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអីប ដែលបានឆ្លងចូលសហរដ្ឋអាមេរិកពីម៉ិកស៊ិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបានបង្កក្ដីបារម្ភដល់មន្ត្រីនៅក្នុងទីក្រុងជាប់ព្រំដែនសហរដ្ឋអាមេរិក និងជំរុញឱ្យមានការពន្យារពេលការធ្វើពាណិជ្ជកម្ម៕

អាមេរិក៖ ក្រុមហាម៉ាស មានមជ្ឈមណ្ឌលទីបញ្ជាការនៅក្រោមមន្ទីរពេទ្យអាល់ស៊ីហ្វាក្នុងតំបន់ហ្កាហ្សា

2023/11/15 08:54:49 am        163
សហរដ្ឋអាមេរិកនិយាយថា ខ្លួនមានរបាយការណ៍ចារកម្មថា ក្រុមហាម៉ាស មានមជ្ឈមណ្ឌលទីបញ្ជាការមួយស្ថិតនៅក្រោមមន្ទីរពេទ្យ អាល់ស៊ីហ្វ(Al-Shifa) ក្នុងទីក្រុង ហ្កាហ្សា។អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby បាននិយាយថា ក្រុមនេះបានរក្សាទុកអាវុធនៅទីនោះ ហើយត្រូវបានត្រៀមសម្រាប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែល។នេះជាលើកទីមួយហើយដែលអាមេរិកបានគាំទ្រដោយឯករាជ្យលើការអះអាងរបស់សម្ព័ន្ធមិត្តជិតស្និទ្ធ អ៊ីស្រាអែល ដែលថាក្រុមហាម៉ាស ប្រើប្រាស់មន្ទីរពេទ្យដើម្បីលាក់មូលដ្ឋានរបស់ខ្លួនតែ ក្រុមហាម៉ាសបដិសេធរឿងនេះ។សេចក្តីថ្លែងការណ៍នេះបានកើតឡើង ស្របពេលអ៊ីស្រាអែលប្រឈមនឹងសម្ពាធពិភពលោកកាន់តែខ្លាំងឡើងឲ្យការពារជនស៊ីវិល ដែលជាប់នៅក្នុងមន្ទីរពេទ្យនោះ។លោកប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវតែទទួលបានការគាំពារ ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញបរិវេណនោះ ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា អ៊ីស្រាអែលត្រូវតែចាត់វិធានការស្របតាមច្បាប់អន្តរជាតិ។ នៅតំបន់ជុំវិញ មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យដ៏ធំបំផុតរបស់ តំបន់ហ្កាហ្សា បានក្លាយជាចំណុចសំខាន់នៃការប្រយុទ្ធគ្នាក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេជឿថាកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យនោះ។ លោក Kirby បាននិយាយថា សហរដ្ឋអាមេរិកមានព័ត៌មានចារកម្មខ្លួនឯង ដែលប្រមូលបានពីប្រភពផ្សេងៗ ដោយលើកឡើងថា ក្រុមហាម៉ាស និងក្រុមអ៊ីស្លាមជីហាដ បានប្រើប្រាស់មន្ទីរពេទ្យនានាក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងរូងក្រោមដី នៅពីក្រោមមន្ទីរពេទ្យ ដើម្បីធ្វើប្រតិបត្តិការយោធា និងឃុំខ្លួនចំណាប់ថ្នូរ៕

ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ហ្កាហ្សា នាំមកនូវបញ្ហា និងការភ័យខ្លាចថ្មីសម្រាប់ពលរដ្ឋប៉ាឡេស្ទីន

2023/11/15 08:44:58 am        131
ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (១៤ វិច្ឆិកា) បាននាំមកនូវក្តីបារម្ភ និងបញ្ហាប្រឈមថ្មីសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលភាគច្រើនគ្មានផ្ទះសម្បែង និងរស់នៅក្នុងតង់បណ្តោះអាសន្ន បន្ទាប់ពីការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល។ ការចាប់ផ្តើមនៃរដូវវស្សា និងលទ្ធភាពនៃការជន់លិច បានបង្កើនការភ័យខ្លាចថា ប្រព័ន្ធលូរបស់តំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនយ៉ាងច្រើននោះ នឹងលិចលង់ ហើយជំងឺនឹងរីករាលដាលកាន់តែខ្លាំង។អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីសប្តាហ៍មុនថា តំបន់ហ្កាហ្សា ប្រឈមមុខនឹងកំណើនហានិភ័យនៃការរីករាលដាលនៃជំងឺ ដោយសារការទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ីស្រាអែល បានរំខានដល់ប្រព័ន្ធសុខាភិបាល លទ្ធភាពប្រើប្រាស់ទឹកស្អាតនៅមានកម្រិត និងបណ្តាលឱ្យមានមនុស្សម្នាប្រមូលផ្ដុំគ្នាយ៉ាងកកកុញនៅក្នុងជម្រកបណ្ដោះអាសន្ន។ទីភ្នាក់ងារនេះ បានបង្ហាញពីការព្រួយបារម្ភកាលពីថ្ងៃអង្គារ អំពីលទ្ធភាពនៃភ្លៀងដែលបណ្តាលឱ្យមានទឹកជំនន់ ព្រមទាំងជន់លិចលូ និងប្រព័ន្ធលូដែលបានខូចខាត។ លោក Ahmed Bayram អ្នកនាំពាក្យក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បាននិយាយថា ការចាប់ផ្តើមនៃរដូវវស្សាអាចក្លាយជា «រយៈពេលដ៏លំបាកបំផុតនៅតំបន់ហ្កាហ្សា ចាប់តាំងពីកំណើននៃសកម្មភាពយោធាបានចាប់ផ្តើមមក»៕

ចៅក្រមសម្រេចឃុំខ្លួនលោកផ្កាយ២ វ៉ាន់ កុសល និងបក្ខពួកបណ្ដោះអាសន្ន

2023/11/14 03:44:55 pm        990
ភ្នំពេញ ៖ សំណុំរឿងអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក ទាក់ទិនករណីជំរិតយកប្រាក់ពីជនជាតិចិនក្នុងរឿងចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ហើយដោះលែងជាថ្នូរនឹងប្រាក់រាប់ម៉ីនដុល្លារ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួជាបណ្ដោះអាសន្នហើយ។បន្ទាប់ពីបានទទួលសំណុំរឿងពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក៤នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ឬហៅថា ជំរិតយកប្រាក់។ ការសម្រេចរបស់ចៅក្រមស៊ើបសួរបានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញ។ជនជាប់ចោទទាំង៥នាក់ដែលត្រូវបានស្ថាប័នតុលាការសម្រេចដាក់ពន្ធនាគារជាបណ្ដោះអាសន្នមាន ១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ទី២-ឈ្មោះ ជួន លឹមហេង ភេទប្រុស ទី៣-ឈ្មោះ អុន សំអូន ភេទប្រុស ទី៤-ឈ្មោះ នេត សុខុម ភេទប្រុស និងទី៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស។លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្ដាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន៣ករណី ដោយយកជនរងគ្រោះទៅបង្ខាំង និងជំរិតយកប្រាក់ជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ចូនរឿងឲ្យស៊ើបសួរ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើមនុស្សចំនួន៧នាក់ មានឈ្មោះ ១. វ៉ាន់ កុសល ២. ជួន លឹមហេង ៣. អ្នក សំអូន ៤. នេត សុខុម ៥. ឈាវ ស៉ីដេត ដែលអ្នកទាំង៥ត្រូវបានឃាត់ខ្លួន រីឯមនុស្ស២នាក់ទៀតកំពុងគេចខ្លួន និងស្វែងរកមានឈ្មោះ ១. កែវ ខេន និង២. គង់ វីរៈជាតិ និងបក្ខពួក ដោយចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ឬហៅថា ជំរិតយកប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

របបសឹកមីយ៉ាន់ម៉ា រងការវាយប្រហារលើសមរភូមិមុខថ្មី ខណៈមនុស្សរាប់ពាន់នាក់ ភៀសខ្លួនទៅឥណ្ឌា

2023/11/14 01:49:43 pm        449
ក្រុមបះបោរជនជាតិភាគតិច បានវាយប្រហារលើប៉ុស្តិ៍សន្តិសុខក្នុងសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) នេះបើយោតាមអ្នកស្រុក ក្រុមឧទ្ទាម និងមន្ត្រីម្នាក់បាននិយាយ ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅលើសមរភូមិមុខថ្មីចំនួនពីរទីតាំង ដោយការវាយប្រហារថ្មីៗជាច្រើនបានកើតឡើងនៅរដ្ឋភាគខាងលិច Rakhine បង្កឲ្យមានបញ្ហាប្រឈមថ្មីដល់របបសឹក ខណៈមនុស្សរាប់ពាន់នាក់បានភៀសខ្លួនឆ្លងចូលទៅក្នុងប្រទេសជិតខាងឥណ្ឌា ដើម្បីសុវត្ថិភាព។ប្រធានាធិបតីដែលត្រូវបានតែងតាំងដោយយោធាកាលពីសប្តាហ៍មុនបាននិយាយថា សហភាពមីយ៉ាន់ម៉ា ដែលជាប្រទេសមានទំហំប៉ុនប្រទេសបារាំង កំពុងមានហានិភ័យនៃការបែកបាក់គ្នា ដោយសារតែការឆ្លើយតបមិនមានប្រសិទ្ធភាពចំពោះការបះបោរ ខណៈក្រុមឧត្តមសេនីយ៍និយាយថា ពួកគេកំពុងប្រយុទ្ធជាមួយ «ភេរវករ»។ការប្រយុទ្ធគ្នា ក៏បានផ្ទុះឡើងនៅក្នុងរដ្ឋ ជីន ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ខណៈពួកបះបោរបានវាយប្រហារជំរំយោធាចំនួនពីរកន្លែង នេះបើយោងតាមក្រុមមន្ត្រីឥណ្ឌា និងប្រភពពីរដែលដឹងពីការវាយប្រហារនេះ។ លោក James Lalrinchana ស្នងការរងនៃស្រុកមួយនៅព្រំដែនមីយ៉ាន់ម៉ា បាននិយាយថា មនុស្សប្រហែល ៥.០០០នាក់ មកពីសហភាពមីយ៉ាន់ម៉ា បានឆ្លងចូលទៅក្នុងរដ្ឋ មីហ្សូរ៉ាម (Mizoram) របស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកទីជម្រកសុវត្ថិភាពពីជម្លោះនេះ។ការប្រយុទ្ធថ្មីនេះ នឹងក្លាយជាការវាយប្រហារមួយទៀតសម្រាប់របបយោធា ដែលកាន់តែបែកបាក់នៅពេលដែលការប្រឆាំងប្រដាប់អាវុធចំពោះការគ្រប់គ្រងរបស់ខ្លួន បានកើនឡើងក្នុងទ្រង់ទ្រាយ និងកម្លាំងដ៏ធំ ដែលជំរុញដោយកំហឹងជុំវិញរដ្ឋប្រហារ និងការបង្ក្រាបនានា ដែលបានបញ្ចប់ការកែទម្រង់លទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍នៅក្នុងប្រទេសមួយនេះ៕

ប្រទេសន័រវែសជំរុញឲ្យអ៊ីស្រាអែលធ្វើការការផ្ទេរពន្ធប៉ាឡេស្ទីនឲ្យពេញលេញ

2023/11/14 01:46:34 pm        406
នាយករដ្ឋមន្រ្តីន័រវែស លោក Jonas Gahr Stoere កាលពីថ្ងៃចន្ទ បានជំរុញឲ្យអ៊ីស្រាអែល ធ្វើការផ្ទេរពន្ធឲ្យពេញលេញ ដែលខ្លួនត្រូវបានកាត់ទុកពីអាជ្ញាធរប៉ាឡេស្ទីន(PA) ដោយនិយាយថា ការទូទាត់គឺពិតជា «សំខាន់»សម្រាប់សុខុមាលភាពប្រជាជនប៉ាឡេស្ទីន។ប្រទេសន័រវែស គឺជាប្រធាននៃក្រុមអ្នកផ្តល់ជំនួយអន្តរជាតិដល់ទឹកដីប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការទំនាក់ទំនងអាដហុក(AdHoc)។ ប្រទេសនេះ គឺជាអ្នកសម្របសម្រួលនៅក្នុងកិច្ចចរចាឆ្នាំ១៩៩២-៩៣ រវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន ដែលនាំទៅដល់កិច្ចព្រមព្រៀង Oslo ដែលផ្តល់សម្រាប់ស្វ័យគ្រប់គ្រងរបស់ប៉ាឡេស្ទីនមានកម្រិត។កាលពីថ្ងៃទី២ ខែវិច្ឆិកា អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបន្តការផ្ទេរចំណូលពន្ធទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន(PA) នៅតំបន់ វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែនឹងរក្សាទុកមូលនិធិសម្រាប់តំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ជាកន្លែងដែលអាជ្ញាធរប៉ាឡេស្ទីន(PA) ជួយចំណាយលើប្រាក់ឈ្នួលផ្នែកសាធារណៈ និងបង់ថ្លៃអគ្គិសនី។ការសម្រេចចិត្តរបស់អ៊ីស្រាអែល បានកើតឡើង បន្ទាប់ពីការជជែកដេញដោលរបស់គណៈរដ្ឋមន្ត្រីផ្ទៃក្នុងលើថាតើត្រូវធ្វើការផ្ទេរនេះ នៅពេលដែលអ៊ីស្រាអែលប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប។កាលពីថ្ងៃទី៦ ខែវិច្ឆិកា អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ខ្លួននឹងមិនទទួលយកការផ្ទេរមួយផ្នែកពីអ៊ី ស្រាអែលទេ។ វាត្រូវបានគេប៉ាន់ប្រមាណថានឹងចំណាយប្រហែល ៣០ភាគរយ នៃថវិការបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលខ្លួនក៏ចំណាយសម្រាប់ថ្នាំពេទ្យ និងកម្មវិធីជំនួយសង្គមផងដែរ។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យហ្កាហ្សា បដិសេធបទបញ្ជាជម្លៀសខ្លួនរបស់កងទ័ពអ៊ីស្រាអែល

2023/11/14 01:40:02 pm        384
យោងតាមប្រធានក្រុមវេជ្ជបណ្ឌិត នៃក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា លោក វេជ្ជបណ្ឌិត មូនៀអាល់ប្រាស់( Munir Al-Brush) ប្រធានក្រុមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ អាល់ស៊ីហ្វា(Al-Shifa) ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា បានបដិសេធមិនព្រមទទួលយកបញ្ជាជម្លៀសជាកាតព្វកិច្ចពីកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)ទេ ដោយបារម្ភថា អ្នកជំងឺប្រមាណ៧០០នាក់ ប្រឈមនឹងការស្លាប់ ប្រសិនបើមិនបានព្យាបាល ។ លោក Al-Bursh បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃចន្ទដែលត្រូវបានរាយការណ៍នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះថា បញ្ហាមិនមែនគ្រូពេទ្យទេ តែអ្នកជំងឺ។ ហើយប្រសិនបើត្រូវទុកចោល ពួកគេនឹងស្លាប់។ ប្រសិនបើត្រូវគេផ្ទេរ ពួកគេនឹងស្លាប់តាមផ្លូវ នេះជាបញ្ហា យើងកំពុងនិយាយអំពីអ្នកជំងឺ ប្រមាណ៧០០នាក់។លោកបានមានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីក្រុមគ្រូពេទ្យនៅឡើយទេ ប៉ុន្តែជនភៀសខ្លួនមួយចំនួន និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញពីផ្ទះរបស់ខ្លួនរួចទៅហើយ។យោងតាមលោកវេជ្ជបណ្ឌិត Al-Bursh បទបញ្ជាជម្លៀសមិនត្រូវបានសម្របសម្រួលជាមួយភ្នាក់ងារមនុស្សធម៌អន្តរជាតិណាមួយ ដូចជាកាកបាទក្រហមអន្តរជាតិនោះទេ។ លោកបាននិយាយថា កង្វះការសម្របសម្រួលនាំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព និងលទ្ធភាពនៃការផ្ទេរអ្នកជំងឺមួយចំនួនធំ ដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយអាចនឹងស្លាប់តាមផ្លូវ។ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានហៅស្ថានភាពនេះថាជាសោកនាដកម្ម ដែលបានរារាំងអ្នកជំងឺមិនឱ្យទទួលបានការព្យាបាលត្រឹមត្រូវ ខណៈ អ្នកជំងឺថ្មីមិនអាចទទួលយកបានដោយសារតែគ្មានកន្លែងទំនេរ គ្មានប្រេងឥន្ធនៈ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តមានកំណត់៕

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Borrell លើកសំណើសម្រាប់តំបន់ហ្កាហ្សាក្រោយសង្គ្រាម

2023/11/14 01:35:23 pm        395
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានដាក់ចេញនូវសំណើកាលពីថ្ងៃចន្ទសម្រាប់របៀបដែលតំបន់ហ្កាហ្សា គួរតែដំណើរការ បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយអំពាវនាវឲ្យបណ្តាប្រទេសអារ៉ាប់ដើរតួនាទីកាន់តែធំ នៅក្នុងរដ្ឋបាលប៉ាឡេស្ទីន នាពេលអនាគត។លោកបូរ៉ែល ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ទឹកដីប៉ាឡេស្ទីន និងប្រទេសជិតខាង នៅចុងសប្តាហ៍នេះ បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការគិតអំពីអ្វីដែលកើតឡើង បន្ទាប់ពីសង្គ្រាម ទោះបីជាមានការប្រយុទ្ធគ្នាយ៉ាង ខ្លាំងក្លាក្តី។លោកបាននិយាយថា សហគមន៍អន្តរជាតិ បានបរាជ័យ«ខាងនយោបាយ និងសីលធម៌» ដើម្បីបង្កើតដំណោះស្រាយយូរអង្វែងចំពោះជម្លោះដ៏រ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយឥឡូវនេះ វាដល់ពេលដែលត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីស្វែងរកដំណោះស្រាយរដ្ឋពីរ។ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល លោក បានបង្ហាញសំណើរបស់លោកថា «ទេ”»ចំពោះរឿងបី និង «បាទ» ចំពោះរឿងបីផ្សេងទៀត។លោកបាននិយាយថា ទេចំពោះការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយបង្ខំចេញពីតំបន់ហ្កាហ្សា ការកាន់កាប់អចិន្ត្រៃយ៍ដោយយោធាអ៊ីស្រាអែល ឬការផ្លាស់ប្តូរណាមួយចំពោះទំហំរបស់តំបន់ហ្កាហ្សា និងការវិលត្រឡប់របស់ក្រុមហាម៉ាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
06/21/2026 12:06 PM
អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែងមន្ត្រីរូបណាពាក់ព័ន្ធនឹងបទល្មើសនេសាទ
06/21/2026 12:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២០នាក់ទៀតនៅលីបង់ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់
06/21/2026 11:06 AM
ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អញ្ជើញបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញានៅខេត្តបាត់ដំបង
06/21/2026 11:06 AM
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
06/21/2026 11:06 AM
សារព័ត៌មាន Observer៖ នាយករដ្ឋមន្ត្រីអង់គ្លេស Starmer ត្រូវគេរំពឹងថានឹងលាលែង​ពីតំណែង​នៅថ្ងៃចន្ទស្អែកនេះ
06/21/2026 10:06 AM
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការបម្រើសេវា នៅមណ្ឌលសុខភាពក្បាលត្រាច ខេត្តក្រចេះ
06/21/2026 10:06 AM
កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមនៅស្វីស ខណៈទីក្រុងតេអេរ៉ង់ថា ខ្លួនបានបិទច្រកសមុទ្រហ័រមូស
06/21/2026 10:06 AM
ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ
06/21/2026 10:06 AM
ក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មានខេត្តព្រះវិហារឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារតាមដានសភាពការណ៍ព្រំដែន និងសាធារណមតិ
06/21/2026 09:06 AM