អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ពលរដ្ឋប៉ាឡេស្ទីន រាប់ពាន់នាក់ រត់គេចទៅភាគខាងត្បូងហ្កាហ្សាដោយថ្មើរជើង ខណៈអ៊ីស្រាអែលវាយសន្ធាប់លើក្រុងហ្កាហ្សា

2023/11/09 06:23:01 pm        379
ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់ បានរត់ភៀសខ្លួនចេញពីតំបន់ភាគខាងជើងហ្កាហ្សា ចូលទៅភាគខាងត្បូងវិញ កាលពីថ្ងៃពុធ ដោយថ្មើរជើង នៅទូទាំងតំបន់រងការឡោមព័ទ្ធមួយនេះ ជាការចាកចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយសារយុទ្ធនាការវាយប្រហារជើងគោក និងអាកាសកាន់តែខ្លាំងរបស់អ៊ីស្រាអែល។ដំណើរចាកចេញរបស់មនុស្សជាច្រើនទាំង ស្ត្រី កុមារ មនុស្សចាស់ និងជនពិការ បានធ្វើដំណើរនៅតាមផ្លូវ សាលា អ៊ីឌីន (Salah Eddin) ជាផ្លូវហាយវេមួយ ក្នុងចំណោមផ្លូវហាយវ៉េជាច្រើនក្នុងភាគខាងជើងទៅកាន់ភាគខាងត្បូងចំនួនពីរនៅក្នុងតំបន់ហ្កាហ្សា តាមបណ្តោយច្រករបៀងជម្លៀសដែលប្រកាសដោយកងកម្លាំងការពារអ៊ីស្រាអែល។ យុវតីម្នាក់បានប្រៀបធៀបចលនាដ៏ធំនេះទៅនឹង ណាកបា (Nakba) ឬមហន្តរាយ ជាភាសាអារ៉ាប់ សម្រាប់ការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងរបស់ពួកគេក្នុងអំឡុងពេលបង្កើតអ៊ីស្រាអែល។ នេះជាថ្ងៃទី៥ ជាប់គ្នាដែលកងកម្លាំងការពារអ៊ីស្រាអែល(IDF) បើកច្រកសម្រាប់ការជម្លៀស ហើយចំនួនមនុស្សភៀសខ្លួនទៅកាន់ភាគខាងត្បូងបានកើនឡើងជារៀងរាល់ថ្ងៃ។អង្គការសហប្រជាជាតិបាននិយាយថាមនុស្សប្រមាណ២.០០០នាក់ បានភៀសខ្លួនទៅកាន់ភាគខាងត្បូងកាលពីថ្ងៃអាទិត្យដោយកើនឡើងដល់ ១៥.០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។ រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថាប្រជាជន ហ្កាហ្សាប្រហែល ៥០.០០០ នាក់បានធ្វើដំណើរតាមច្រករបៀងជម្លៀសខ្លួនកាលពីថ្ងៃពុធ។ ចំនួននោះមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបានទេ ប៉ុន្តែអ្នកសារព័ត៌មាន CNN នៅទីនោះ បាននិយាយថាចំនួនដែលកំពុងចាកចេញគឺច្រើនជាងកាលពីថ្ងៃអង្គារ៕

កិច្ចព្រមព្រៀងជនអន្តោប្រវេសន៍របស់អ៊ីតាលី ជាមួយអាល់បានី ប្រឈមឧបសគ្គច្រើនខណៈរងការរិះគន់ខ្លាំង

2023/11/09 06:20:21 pm        380
រដ្ឋាភិបាលអ៊ីតាលីកំពុងសាទរផែនការជាប្រវត្តិសាស្ត្រ ក្នុងការបញ្ជូនក្រុមជនអន្តោប្រវេសន៍ តាមសមុទ្រទៅកាន់ប្រទេសអាល់បានី ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាសក្នុងសប្តាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យប្រទេសអ៊ីតាលី សាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ និងជំរំឃុំឃាំងមួយនៅក្នុងប្រទេសនេះ។ យោងតាមឯកសារផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រទេសអាល់បានីនឹងទទួលយកជនអន្តោប្រវេសន៍ អតិបរមាចំនួន ៣.០០០នាក់ ក្នុងពេលតែមួយ។នោះជាផ្នែកមួយនៃការជំរុញរបស់សហភាពអឺរ៉ុប ដើម្បីទប់ស្កាត់ ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ និងជាលើកដំបូង ដែលប្រទេស មិនមែនជាសមាជិកសហភាពអឺរ៉ុបមួយនេះ ទទួលយកជនអន្តោប្រវេសន៍ ជំនួសឱ្យបណ្ដាប្រជាជាតិប្លុកសហភាពអឺរ៉ុប ។ជនអន្តោប្រវេសន៍តាមសមុទ្រជាង ១៤៥.០០០ នាក់ បានទៅដល់ប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ។លោកស្រីនាយករដ្ឋមន្រ្តីអ៊ីតាលី ចចា ម៉េឡូនី(Giorgia Meloni) បាននិយាយថា ជនអន្តោប្រវេសន៍ ប្រមាណ ៣៦.០០០ នាក់អាចឆ្លងកាត់ជំរំរបស់ប្រទេសអាល់បានី ជារៀងរាល់ឆ្នាំ ប៉ុន្តែអាស្រ័យលើថាតើប្រទេសអ៊ីតាលី អាចដំណើរការករណីសុំសិទ្ធិជ្រកកោនបានលឿនប៉ុណ្ណា។ ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិកាលពីថ្ងៃពុធទី៨ខែវិច្ឆិកា បានរិះគន់កិច្ចព្រមព្រៀងដែលបានប្រកាសនៅសប្ដាហ៍នេះថា ជាការអនុញ្ញាតឲ្យអ៊ីតាលី សាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍ចំនួន២ និងជំរំឃុំឃ្លាំងជនអន្តោប្រវេសន៍ក្នុងប្រទេសអាល់បានី ដោយនិយាយថា ជាការរំលោភសិទ្ធិអន្តរជាតិ និងសិទ្ធិរបស់ជនអន្តោប្រវេសន៍៕

កងកម្លាំងអាមេរិក វាយប្រហារទីតាំងមួយចំនួន នៅស៊ីរី និងអ៊ីរ៉ាក់ សងសឹកការវាយប្រហារលើកងកម្លាំងរបស់ខ្លួន

2023/11/09 06:13:22 pm        229
យោងតាមវិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលស៊ីរី និងមន្ទីរបញ្ចកោណ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនានានៅក្នុងខេត្ត ឌៀ អាល់ហ្ស៊រ(Deir al-Zour) ភាគខាងកើតប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍នេះ។ របាយការណ៍បាននិយាយថា ពួកគេបានវាយប្រហារតំបន់ជុំវិញផ្លូវ បរសាអ៊ីដ(Bor Saeed) ភាគខាងកើតក្រុង ឌៀ អាល់ហ្ស៊រ ដោយកត់សម្គាល់ថា ការវាយប្រហារនេះបានបង្កឱ្យមានការផ្ទុះដ៏ខ្លាំងក្លា។ក្នុងពេលជាមួយគ្នានេះ ក្រុមឃ្លាំមើលសង្រ្គាម និងសិទ្ធិមនុស្សរបស់ប្រទេសស៊ីរី បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារទីតាំងយោធា និងឃ្លាំងអាវុធមួយកន្លែង នៅតំបន់ជុំវិញផ្លូវ Bor Saeed។វិទ្យុ Sham FM ក៏បានរាយការណ៍ផងដែរពីការផ្ទុះដ៏ខ្លាំងក្លានៅឯអណ្តូងប្រេងអាល់អូម៉ា (al-Omar )ដែលជាទីតាំងមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅតំបន់ជនបទភាគខាងកើតនៃទីក្រុង Deir al-Zour ។ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណបានបញ្ជាក់ថា នោះគឺជាការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Deir al-Zour ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសស្វ័យការពារ លើទីតាំងមួយនៅភាគខាងកើតប្រទេសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយសម្ព័ន្ធក្រុមកងកម្លាំង IRGC-Quds Force គាំទ្រដោយប្រទេសអ៊ីរ៉ង់។មិនទាន់មានព័ត៌មានអំពីការខូចខាតបង់នៅឡើយទេ។របាយការណ៍នានាបាននិយាយថាឧបទ្ទវហេតុនាពេលបច្ចុប្បន្ននេះទំនងជាផ្នែកមួយនៃការបាញ់ប្រហារតបតគ្នា ដែលកំពុងកើនឡើងនាពេលថ្មីៗនេះរវាងក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Deir al-Zour ៕

មនុស្សរាប់ម៉ឺននាក់ រងផលប៉ះពាល់ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ

2023/11/09 06:10:15 pm        270
ភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ បានបណ្ដាលឲ្យមនុស្សរាប់រយនាក់ជម្លៀសខ្លួនទៅកាន់ទីជម្រកបណ្ដោះអាសន្ននៅក្នុងទីក្រុង អាយ៉ូឡាស (Ayolas) ភាគខាងត្បូងប្រទេសប៉ារ៉ាហ្គាយ ដោយអ្នកស្រុកកំពុងទប់ទល់នឹងទឹកជំនន់បន្ថែមទៀតនៅតាមដងផ្លូវ។ យ៉ាងហោចណាស់សង្កាត់ចំនួន៥ នៅក្នុងទីក្រុង ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីរដ្ឋធានី អាសង់ស្យុង មួយនេះត្រូវបានជន់លិច បន្ទាប់ពីព្យុះកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេ ប៉ារ៉ាណា បាក់ច្រាំងបង្កជាទឹកជំនន់។យោងតាមការប៉ាន់ស្មានរបស់ក្រសួងសង្គ្រោះបន្ទាន់ជាតិ បានឲ្យដឹងថា ប្រជាជនប្រមាណ ៣៥.០០០នាក់ នៅទូទាំងប្រទេសបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់នេះ ខណៈក្រុមអាជ្ញាធរក្នុងតំបន់នៅទីក្រុង អាយ៉ូឡាស ជិតព្រំដែនជាមួយប្រទេសអាហ្សង់ទីន បាននិយាយថា មនុស្សប្រហែល ៣.៧០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ អ្នកស្រុកខ្លះធ្វើដំណើរតាមទូកតូចៗតាមដងផ្លូវដែលនៅតែលិចទឹកក្នុងក្រុងកាលពីថ្ងៃពុធ (0៨ វិច្ឆិកា)។ក្រុមអ្នកជំនាញអាកាសធាតុព្យាករណ៍ថា ខ្យល់ព្យុះបន្ថែមទៀតនឹងបន្តនៅចុងសប្តាហ៍នេះ ដោយសារឥទ្ធិពលអាកាសធាតុ អ៊ែល នីញ៉ូ ដែលបណ្តាលមកពីការឡើងកម្ដៅនៃមហាសមុទ្រប៉ាស៊ីហ្វិក និងជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុដ៏ធ្ងន់ធ្ងរនៅទូទាំងទ្វីបអាមេរិក៕

ក្រសួងការបរទេសអាមេរិក៖ ច្រកឆ្លងកាត់Rafahរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប ត្រូវបានបិទ ដោយសារស្ថានភាពសន្តិសុខ

2023/11/09 06:06:54 pm        234
អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយថា ច្រកឆ្លងកាត់ព្រំដែន Rafah ចូលទៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបិទ កាលពីថ្ងៃពុធ ដោយសារតែ «ស្ថានភាពសន្តិសុខ» ដែលមិនបានបញ្ជាក់ច្បាស់លាស់ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយអេហ្ស៊ីប និងអ៊ីស្រាអែល ដើម្បីបើកវាឡើងវិញ។ច្រកឆ្លងកាត់ព្រំដែនRafah ដែលត្រូវបានគ្រប់គ្រងដោយអេហ្ស៊ីប និងមិនជាប់ព្រំដែនអ៊ីស្រាអែល គឺជាចំណុចតែមួយគត់នៃការផ្តល់ជំនួយ ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយប្រហារដោយយោធា និងការឡោមព័ទ្ធតំបន់ហ្កាហ្សា ក្នុងការសងសឹកចំពោះការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាសពីឆ្នេរសមុទ្រ កាលពីថ្ងៃទី៧ ខែតុលា។ការជម្លៀសអ្នកកាន់លិខិតឆ្លងដែនបរទេសតាមច្រកឆ្លងកាត់នេះ ត្រូវបានផ្អាកកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តសង្គ្រោះបន្ទាន់ ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Rafah ប៉ុន្តែការឆ្លងកាត់ បានបើកម្តងទៀត នៅថ្ងៃចន្ទ និងថ្ងៃអង្គារ។លោក Patel បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយថា៖«ការយល់ដឹងរបស់យើងគឺដោយសារស្ថានភាពសន្តិសុខ ដូច្នេះច្រកឆ្លងកាត់ព្រំដែន Rafah នៅតែបិទ នៅថ្ងៃនេះ»។

ក្រុមអ្នកជំនាញ អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការសកល ដើម្បីដាក់សម្ពាធអាមេរិក និងអ៊ីស្រាអែល

2023/11/09 06:03:59 pm        279
អ្នកជំនាញចិន និងក្រុមអ្នកវិភាគស្ថានការណ៍នៅមជ្ឈិមបូព៌ាផ្សេងទៀត បានសង្កត់ធ្ងន់នូវការជំរុញជាចាំបាច់សម្រាប់បទឈប់បាញ់ភ្លាមៗ ក្នុងតំបន់ហ្កាហ្សា ខណៈចំនួនអ្នកស្លាប់កើនឡើង ក្រោយការវាយប្រយុទ្ធគ្នាកាន់តែខ្លាំងក្លារយៈពេលមួយខែ ក្នុងជម្លោះរវាងអ៊ីស្រាអែល ប៉ាឡេស្ទីន ។ លោក លីសាវ សៀន(Li Shaoxian)ប្រធានបណ្ឌិតសភាចិននៃការស្រាវជ្រាវភាសាអារ៉ាប់នៅសាកលវិទ្យាល័យ នីងសៀ(Ningxia) បានអំពាវនាវឱ្យមានបទឈប់បាញ់ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានប្រឆាំងនឹងវិធានការអនុវត្តបទឈប់បាញ់។ លោក លី និយាយថា ចំណុចអាទិភាពគឺ ត្រូវមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ត្រូវមានបទឈប់បាញ់ភ្លាមៗ ។ប៉ុន្តែសហរដ្ឋអាមេរិក ជាអ្នកជំទាស់ មិនឲ្យមានបទឈប់បាញ់។ ដូច្នេះលោកគិតថាអ្វីដែលយើងអាចធ្វើបាននៅពេលនេះ គឺរួមគ្នាដើម្បីដាក់សម្ពាធយ៉ាងខ្លាំងលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏កំពុងវិវឌ្ឍក្រោមសម្ពាធយ៉ាងសំខាន់ទាំងក្នុងតំបន់និងអន្តរជាតិផងដែរ។ ដូច្នេះតាមការយល់ឃើញរបស់លោក លោកគិតថា ចិន ទួរគី រដ្ឋអារ៉ាប់ រុស្ស៊ី និងប្រទេសជាច្រើនទៀត គួរតែប្រឹងប្រែងរួមគ្នាដើម្បីសម្របសម្រួល៕

កងទ័ពអ៊ីស្រាអែល បញ្ចេញវីដេអូ ជាអ្វីដែលខ្លួននិយាយថា ផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅហ្កាហ្សា ត្រូវបានបំផ្លាញ

2023/11/09 05:58:07 pm        392
កងទ័ពអ៊ីស្រាអែល បានបញ្ចេញវីដេអូមួយកាលពីថ្ងៃពុធ ជាអ្វីដែលខ្លួននិយាយថា គឺជាទីតាំងនៃការបំផ្លាញផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់។វីដេអូ ត្រូវបានបង្ហោះនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter បានបង្ហាញគ្រឿងចក្រជីកដី កំពុងជីកដើម្បីរកឲ្យឃើញរចនាសម្ព័ន្ធក្រោមដី។ ចំណងជើងនៅលើវីដេអូ មានអំណានថា « ការបង្ហាញ និងបំផ្លាញរចនាសម្ព័ន្ធក្រោមដីរបស់អង្គការភេរវកម្មក្រុមហាម៉ាស់»។ ការផ្ទុះជាច្រើន ត្រូវបានមើលឃើញពីចម្ងាយនៅក្នុងវីដេអូ។ ការបំផ្ទុះមួយនៅចន្លោះអគារ២កន្លែង ដែលនៅខាងក្នុងគឺជាអ្វីដែលត្រូវបានគេនិយាយថាជាផ្លូវរូងក្រោមដី ត្រូវបានបង្ហាញនៅក្នុងវីដេអូ។វីដេអូមួយផ្សេងទៀតបានបង្ហាញកងទ័ពកំពុងពិនិត្យផ្លូវរូងនៅក្នុងដី ដោយមានចំណងជើងថា« កំណត់ទីតាំងហេត្ថារចនាសម្ព័ន្ធក្រោមដី និងធនធាននៅក្នុងតំបន់ហ្កាហ្សា»។ អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃពុធថា វិស្វករប្រយុទ្ធ កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះ ដើម្បីកម្ទេចបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រនៅក្រោមតំបន់ហ្កាហ្សា។នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ យោធានិយាយថា ខ្លួនបានបំផ្លាញច្រកចូលផ្លូវរូងក្រោមដី១៣០កន្លែងរហូតមកដល់ពេលនេះ។ វិស្វករប្រយុទ្ធ ដែលប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា កំពុងកម្ទេចសព្វាវុធសត្រូវ និងកំពុងកំណត់ទីតាំង រកឲ្យឃើញ និងបំផ្ទុះច្រកចូលផ្លូវរូងក្រោមដី។

ឥណ្ឌាគ្រោងបង្កើតភ្លៀងសិប្បនិមិត្ត ដើម្បីទប់ទល់នឹងផ្សែងអ័ព្ទដ៏គ្រោះថ្នាក់

2023/11/09 05:54:52 pm        134
ទីក្រុងញ៉ូវ ដែលី របស់ប្រទេសឥណ្ឌា គ្រោងបង្កើតភ្លៀងសិប្បនិមិត្តជាលើកដំបូង ដើម្បីព្យាយាមកែលម្អគុណភាពខ្យល់នៅក្នុងទីក្រុង ដែលជារដ្ឋធានីមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក ហើយត្រូវបានគ្រប់គ្រងដោយផ្សែងអ័ព្ទអស់រយៈពេលមួយសប្តាហ៍។ ទីក្រុងនេះបានបិទសាលារៀនទាំងអស់ និងបញ្ឈប់សកម្មភាពសាងសង់ ហើយបាននិយាយថា ខ្លួននឹងដាក់កំហិតលើការប្រើប្រាស់យានយន្ត។ដោយអាស្រ័យលើការអនុម័តផ្លូវច្បាប់ និងលក្ខខណ្ឌអាកាសធាតុ រដ្ឋមន្ត្រីបរិស្ថានក្នុងតំបន់បាននិយាយថា ក្រុមអាជ្ញាធរនឹងព្យាយាមបង្កើតឲ្យភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។ គុណភាពខ្យល់តែងតែស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យ៉ឺនរៀងរាល់ឆ្នាំមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់បានហ៊ុមព័ទ្ធខ្យល់បំពុលពីប្រភពនានា រួមមានយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និង ការដុតសំណល់កសិកម្មជាដើម។នាយកដ្ឋានបរិស្ថានរបស់ទីក្រុង ដេលី បាននិយាយថា ខ្លួនគ្រោងនឹងបង្កើតពពក ដែលជាបច្ចេកទេសមួយ ដែលប្រើប្រាស់សារធាតុដូចជា អ៊ីយ៉ូតប្រាក់ ដើម្បីជំរុញឱ្យមានភ្លៀងធ្លាក់។ ដោយសារគុណភាពខ្យល់កាន់តែអាក្រក់នៅក្នុងសប្តាហ៍មុន តុលាការកំពូលឥណ្ឌា បានបញ្ជាឱ្យរដ្ឋនានាជុំវិញទីក្រុងញ៉ូវ ដេលី កាលពីថ្ងៃអង្គារ ដើម្បីបញ្ឈប់កសិករមិនឲ្យដុតសំណល់ដំណាំ ដែលបង្កជាផ្សែងបំពុលដ៏អាក្រក់នៅក្នុងប្រទេស៕

មេបញ្ជាការក្រុមហេសបូឡា ព្រមានពីសង្គ្រាមតំបន់ បើការទម្លាក់គ្រាប់បែកលើហ្កាហ្សានៅតែបន្ត

2023/11/09 05:51:09 pm        114
ទីបញ្ជាការទីពីររបស់ក្រុមហេសបូឡា(Hezbollah)ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលនៅក្នុងប្រទេសលីបង់ បាននិយាយថា ការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្កឲ្យមានសង្រ្គាមរីកកាន់តែធំនៅតំបន់មជ្ឈិមបូព៌ា។ លោក សេក ណាំ កាសេម (Sheikh Naim Qassem) បានប្រាប់សារព័ត៌មាន BBC ថា ការវិវឌ្ឍន៍ដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ខ្លាំង អាចកើតឡើងក្នុងតំបន់នេះ ហើយគ្មាននរណាម្នាក់អាចបញ្ឈប់មិនឲ្យប៉ះពាល់បានឡើយ ។ មេដឹកនាំទី២របស់ក្រុមហេសបូឡា បាននិយាយនៅក្នុងបទសម្ភាសន៍មួយក្នុងទីក្រុងបេរូត(Beirut) ខណៈក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សាបាននិយាយថា មនុស្សជាង ១០.០០០នាក់ បានស្លាប់ ក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។ លោកបាននិយាយថា គ្រោះថ្នាក់គឺពិតប្រាកដមែន ដោយសារតែអ៊ីស្រាអែលកំពុងបង្កើនការឈ្លានពានប្រឆាំងនឹងជនស៊ីវិល និងការសម្លាប់ស្ត្រី ព្រមទាំងកុមារកាន់តែច្រើន។ តើវាអាចទៅរួចទេដែលថារឿងនេះនឹងនៅតែបន្ត និងកើនឡើងដោយពុំនាំមកនូវគ្រោះថ្នាក់ពិតប្រាកដដល់តំបន់នេះ ? ខ្ញុំគិតថាមិនមែនទេ។លោកបានទទូចថា ការកើនឡើងណាមួយនឹងត្រូវបានភ្ជាប់ទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល។ លោកបានបន្តថាគ្រប់លទ្ធភាពទាំងអស់មានការឆ្លើយតប។ ក្រុមអ៊ីស្លាមនិកាយ ស៊ីអ៊ីត(Shia)ដែលត្រូវបានចាត់ទុក ជាអង្គការភេរវករដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធអារ៉ាប់ គឺជាកម្លាំងនយោបាយ និងយោធាដ៏ធំបំផុតនៅក្នុងប្រទេសលីបង់។រហូតមកដល់ពេលនេះ ការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមនៅហ្កាហ្សាបានជាប់ពាក់ព័ន្ធនឹងការ ព្រមានកាន់តែខ្លាំងរបស់ខ្លួន ប៉ុន្តែបានកំណត់សកម្មភាពរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន។នៅពេលការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ស្ត្រីម្នាក់និងកុមារបីនាក់នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ក្រុមហេសបូឡា បានបាញ់រ៉ូកែត ក្រែដ(Grad) ជាលើកដំបូងនៅក្នុងជម្លោះដោយបានសម្លាប់ជនស៊ីវិលអ៊ីស្រាអែលម្នាក់៕

ជនអន្តោប្រវេសន៍ តវ៉ានៅភាគខាងត្បូងប្រទេសម៉ិកស៊ិក ខណៈពួកគេប៉ុនប៉ង ដើម្បីបានទៅដល់សហរដ្ឋអាមេរិក

2023/11/09 05:47:53 pm        97
ជនអន្តោប្រវេសន៍រាប់រយនាក់ បានបិទផ្លូវធំមួយកន្លែង នៅក្នុងទីក្រុង Chiapas ដោយទាមទារឲ្យមានការអនុញ្ញាតឆ្លងកាត់ដោយសេរីតាមប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ។នៅពេលព្រឹក ក្បួនដំណើរមួយមានមនុស្សរាប់រយនាក់ បានចាកចេញពីទីក្រុង Huixtla ប៉ុន្តែនៅពេលទៅដល់ចំណុចត្រួតពិនិត្យគយតំបន់ Cerro Gordo ពួកគេបានសម្រេចបិទផ្លូវធំមួយកន្លែងដើម្បីទាមទារឲ្យ អាជ្ញាធរអន្តោប្រវេសន៍ ផ្តល់ការអនុញ្ញាតដល់ពួកគេសម្រាប់ការឆ្លងកាត់ដោយសេរីតាមប្រទេសម៉ិកស៊ិក។ ជនអន្តោប្រវេសន៍ បានអង្គុយនៅលើផ្លូវក្នុងការតវ៉ា និងបានស្រែកពាក្យផ្សេងៗទាមទារការរៀបចំឯកសារដែលនឹងអនុញ្ញាតឲ្យពួកគេបានទៅដល់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក។ជនអន្តោប្រវេសន៍មួយចំនួន បានអះអាងថា ប្រទេសម៉ិកស៊ិក បាននិរទេសជនអន្តោប្រវេសន៍ផ្សេងទៀត ឬបញ្ជូនពួកគេត្រឡប់ទៅព្រំដែនភាគខាងត្បូងវិញ។ យោងតាមសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ជនអន្តោប្រវេសន៍ភាគច្រើន កំពុងភៀសខ្លួនចេញពី ភាពក្រីក្រ និងអស្ថិរភាពនយោបាយ នៅក្នុងប្រទេសកំណើតរបស់ពួកគេ។ នៅឆ្នាំនេះចំនួនប្រជាជនខ្ពស់បំផុត បានឆ្លងកាត់តំបន់ Darien Gap ភ្ជាប់ប្រទេសប៉ាណាម៉ា និងប្រទេសកូឡំប៊ី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM