អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

មនុស្ស២៩នាក់ស្លាប់ និងរាប់សែននាក់ត្រូវជម្លៀសខ្លួន បន្ទាប់ពីទឹកជំនន់ដ៏ធ្ងន់ធ្ងរវាយប្រហារប្រទេសសូម៉ាលី

2023/11/09 05:44:56 pm        156
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយកាលពីថ្ងៃពុធ (០៨ វិច្ឆិកា) ថា ទឹកជំនន់ដ៏អាក្រក់បំផុតដែលបានវាយប្រហារប្រទេសសូម៉ាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ បានសម្លាប់មនុស្ស ២៩នាក់ និងបង្ខំឱ្យមនុស្សជាង ៣សែននាក់ត្រូវភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏ខ្លាំងបានជន់លិចទីក្រុងនានានៅទូទាំងអាហ្វ្រិកខាងកើត។ក្រុមអាជ្ញាធរបានព្យាយាមជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលជាប់គាំងដោយសារទឹកជំនន់ដែលកើតឡើងដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងតំបន់ក្នុងរយៈពេល ៤០ឆ្នាំ។ លោក ហាសាន អ៊ីសេ (Hassan Isse) នាយកគ្រប់គ្រងនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសូម៉ាលី (SOMDA) បាននិយាយថា ចំនួនអ្នកស្លាប់ និងចំនួនអ្នកផ្លាស់ទីលំនៅទំនងជាកើនឡើងបន្ថែមទៀត ពីព្រោះមនុស្សជាច្រើនបានជាប់ខ្លួននៅក្នុងទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។អ្នកវិភាគអាកាសធាតុម្នាក់ឈ្មោះ ណាហ្សាណាញ ម៉ូស៊ីរី (Nazanine Moshiri) នៅទីភ្នាក់ងារវិបត្តិអន្តរជាតិ បាននិយាយថា ទឹកជំនន់ដ៏មហន្តរាយក្នុងតំបន់នេះ គឺបណ្តាលមកពីឥទ្ធិពលរួមគ្នានៃបាតុភូតអាកាសធាតុពីរគឺបាតុភូត អ៊ែល នីញ៉ូ និងបាតុភូត ឌីប៉ូល នៃមហាសមុទ្រឥណ្ឌា៕

ប្រមុខអង្គការសហប្រជាជាតិ៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បង្ហាញថា យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល ពិតជាខុសយ៉ាងច្បាស់

2023/11/09 05:40:24 pm        96
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ស្របពេលមានសង្គ្រាមរបស់អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស បង្ហាញពីអ្វីមួយ ជាកំហុសឆ្គងជាមួយនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល។  លោកបាននិយាយនៅក្នុងសន្និសីទរបស់សារព័ត៌មាន Reuters NEXT ថា មានការបំពានដោយក្រុមហាម៉ាស នៅពេលដែលពួកគេមានមនុស្សជាខែល។ ប៉ុន្តែនៅពេលដែលនរណាម្នាក់ពិនិត្យមើលចំនួនជនស៊ីវិលដែលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធា វាមានអ្វីមួយដែលខុសយ៉ាងច្បាស់។លោក Guterres បានធ្វើអត្ថាធិប្បាយទាំងនោះ នៅពេលអ៊ីស្រាអែលបន្តវាយប្រហារតំបន់លើតំបន់ហ្កាហ្សាតាមអាកាស ពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន និងឡោមព័ទ្ធទាំងស្រុងលើប្រជាជន ២,២លាននាក់នៅក្នុងតំបន់ហ្កាហ្សា ដោយព្រងើយកន្តើយនឹងការអំពាវនាវអន្តរជាតិឱ្យមានបទឈប់បាញ់ និងការផ្អាកការប្រយុទ្ធនៅក្នុងសង្គ្រាមនេះ។យោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង ១០.០០០ នាក់ រួមទាំងកុមាររាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល ឥឡូវនេះសង្រ្គាមបានឈានចូលដល់ខែទីពីរហើយ។ យោងតាមក្រុមមន្ត្រីអ៊ីស្រាអែល ក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០ នាក់ និងចាប់មនុស្សជាចំណាប់ថ្នូររាប់រយនាក់។  លោកបានបន្ថែមថា នេះជាការប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីស្រាអែលក្នុងការមើលឃើញរូបភាពដ៏គួរឱ្យភ័យខ្លាចជារៀងរាល់ថ្ងៃ នៃតម្រូវការមនុស្សធម៌ដ៏ធំធេងរបស់ប្រជាជនប៉ាឡេស្ទីន ដោយបន្ថែមថា នោះពុំបានជួយអ៊ីស្រាអែលទាក់ទងនឹងមតិសាធារណៈជាសកលទេ៕

WHO៖ កុមារចំនួន ១៦០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ជារៀងរាល់ថ្ងៃ

2023/11/08 08:57:24 pm        120
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក (WHO) លោក Christian Lindmeier បាននិយាយកាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) ថា មនុស្សជាង ១.១០០០នាក់ ពោលគឺប្រហែល០,៥% នៃចំនួនប្រជាជនសរុបរបស់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ហើយជាមធ្យម កុមារចំនួន ១៦០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ។លោក Lindmeier បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា រហូតមកដល់ពេលនេះ បុគ្គលិកសុខាភិបាលចំនួន ១៦នាក់ ត្រូវបានសម្លាប់ពេលកំពុងបម្រើការ ហើយអង្គការសុខភាពពិភពលោក កំពុងធ្វើការដើម្បីគាំទ្របុគ្គលិកសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សា និងជាថ្មីម្តងទៀត កំពុងតស៊ូមតិដើម្បីសុវត្ថិភាពរបស់ពួកគេ។អ្នកនាំពាក្យរូបនេះបានបន្ថែមថា កម្រិតនៃការស្លាប់ និងការរងទុក្ខវេទនារបស់ជនស៊ីវិលនៅហ្កាហ្សា គឺមិនអាចវាស់វែងបានឡើយ ដោយសារពួកគេកំពុងត្រូវការទឹក ស្បៀងអាហារ និងការថែទាំសុខភាពជាចាំបាច់។ លោកស្រី Alessandra Vellucci នាយកសេវាព័ត៌មានរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រាប់សន្និសីទសារព័ត៌មាននោះថា មនុស្សជាង១,៥លាននាក់ នៅតំបន់ហ្កាហ្សា ត្រូវបានផ្លាស់ទីលំនៅ ហើយជិតពាក់កណ្តាលនៃអ្នកទាំងនោះបានភៀសខ្លួនទៅស្នាក់នៅក្នុងមូលដ្ឋាននានារបស់អង្គការសហប្រជាជាតិ៕

រុស្ស៊ី៖ ការលើកឡើងពីនុយក្លេអ៊ែររបស់អ៊ីស្រាអែល ក្នុងសង្រ្គាមហ្កាហ្សា បង្កជាសំណួរជាច្រើន

2023/11/08 08:51:58 pm        93
ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (០៧ វិចិ្ឆកា) ថា ការលើកឡើងរបស់រដ្ឋមន្ត្រីវ័យក្មេងអ៊ីស្រាអែល ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់ប្រទេសនេះ ក្នុងការវាយប្រហារនុយក្លេអ៊ែរលើតំបន់ហ្កាហ្សា បានធ្វើឱ្យមានការចោទសួរជាច្រើន។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានផ្អាកតំណែងរដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu ពីគណបក្សស្តាំនិយមនៅក្នុងរដ្ឋាភិបាលចម្រុះ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រហូតដល់មានការជូនដំណឹងបន្ថែម ជុំវិញការបញ្ចេញមតិអំពីលទ្ធភាពនៃការប្រើប្រាស់នុយក្លេអ៊ែររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា។ទីភ្នាក់ងារសារព័ត៌មាន RIA របស់រដ្ឋ បានដកស្រង់សម្ដីរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី ដែលបាននិយាយថា «ការលើកឡើងរបស់មន្រ្តីអ៊ីស្រាអែល ជុំវិញការប្រើប្រាស់នុយក្លេអ៊ែរនោះ បានលើកឡើងនូវសំណួរ និងការងឿងឆ្ងល់ជាច្រើន»។ លោកស្រីបន្ថែមថា បញ្ហាចម្បងគឺថា អ៊ីស្រាអែលហាក់ដូចជាបានសារភាពថាខ្លួនមានអាវុធនុយក្លេអ៊ែរ។អ៊ីស្រាអែល មិនទទួលស្គាល់ជាសាធារណៈថាខ្លួនមានអាវុធនុយក្លេអ៊ែរនោះទេ ទោះបីជាសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក ប៉ាន់ស្មានថាអ៊ីស្រាអែល មានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០គ្រាប់ក៏ដោយ៕

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យមានការរួបរួមគ្នា បន្ទាប់ពីការប៉ះទង្កិចជាមួយប្រមុខមេទ័ពរបស់ខ្លួន

2023/11/08 08:48:51 pm        143
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែនរក្សាការរួបរួមគ្នា រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការប៉ះទង្កិចគ្នាបានកើតឡើងរវាងការិយាល័យប្រធានាធិបតី និងអគ្គមេបញ្ជាការរបស់ប្រទេស ខណៈសង្រ្គាមជាមួយរុស្ស៊ី កំពុងបន្ត។មេដឹកនាំអ៊ុយក្រែន ដែលបាននិយាយថានេះមិនមែនជាពេលវេលាល្អសម្រាប់ការបោះឆ្នោតក្នុងសម័យសង្រ្គាមនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃច័ន្ទ រូបនេះ បានស្នើពលរដ្ឋអ៊ុយក្រែន ឱ្យពង្រឹងប្រទេសនិងមិនត្រូវបានទាញចូលទៅក្នុងជម្លោះដ៏គ្រោះថ្នាក់ ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាម។ការអំពាវនាវរបស់លោក Zelenskiy បានធ្វើឡើងបន្ទាប់ពីភាពតានតឹងបានផ្ទុះឡើងកាលពីចុងសប្តាហ៍រវាងការិយាល័យប្រធានាធិបតី និងឧត្តមសេនីយជាន់ខ្ពស់របស់ខ្លួន គឺលោក Valery Zaluzhnyi ដែលបានប្រដូចស្ថានភាពនៃសមរភូមិជាមួយរុស្ស៊ី ទៅនឹងភាពជាប់គាំងពីសង្គ្រាមលោកលើកទីមួយ។គំនិតនៃការជាប់គាំងក្នុងសមរភូមិ គឺមានភាពរសើបខ្លាំងនៅក្នុងទីក្រុងគីវ ដូចដែលប្រទេសនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងការចរចាណាមួយជាមួយមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ហើយកងទ័ពរបស់ប្រទេសនេះត្រូវតែដកខ្លួនចេញពីទឹកដីរបស់អ៊ុយក្រែន៕

មន្ត្រីនៃប្រទេសកោះស៊ីប៖ សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស អាចផ្តល់កម្លាំងជំរុញដល់គម្រោងថាមពលក្នុងតំបន់

2023/11/08 08:06:21 pm        138
រដ្ឋមន្ត្រីថាមពលរបស់ប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើត បាននិយាយកាលពីថ្ងៃអង្គារថា ផលប៉ះពាល់ផ្នែកនយោបាយ និងសេដ្ឋកិច្ចពីសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចផ្តល់នូវកម្លាំងរុញច្រានដល់ផែនការសម្រាប់បំពង់បង្ហូរឧស្ម័នធម្មជាតិពីឆ្នេរសមុទ្រទៅកាន់ប្រទេសកោះ ស៊ីបសម្រាប់ដំណើរការ និងដឹកជញ្ជូន ទៅកាន់ទីផ្សារបរទេស។រដ្ឋមន្ត្រីថាមពលកោះស៊ីប លោក George Papanastasiou បាននិយាយថា ការប្រយុទ្ធគ្នានៅតំបន់ហ្កា ហ្សាស្ទ្រីប និងបំណងប្រាថ្នារបស់អ៊ីស្រាអែល ក្នុងការបង្កើនសន្តិសុខថាមពលរបស់ខ្លួនក៏ផ្តល់ទម្ងន់ដល់ខ្សែអគ្គិសនីក្រោមសមុទ្រ ២.000មេហ្គាវ៉ាត់ ដែលបានស្នើឡើង ដែលនឹងតភ្ជាប់បណ្តាញអគ្គិសនីរបស់អ៊ីស្រាអែល និងប្រទេសកោះស៊ីប ទៅដីគោកអឺរ៉ុប តាមរយៈប្រទេសក្រិក។ លោក Papanastasiou បាននិយាយថា ទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយទួរគីសម្រាប់កិច្ចសហប្រតិបត្តិការថាមពល ដែលអាចធ្វើទៅបាន ជាផ្នែកមួយ និងផ្នែកនៃបំណងប្រាថ្នារបស់រដ្ឋាភិបាលអ៊ីស្រា អែលក្នុងការរក្សាជម្រើស ដែលមានទាំងអស់បើកចំហ ប្រហែលជាបានធ្លាក់ចុះ ដោយសារការរិះគន់យ៉ាងខ្លាំងរបស់ទួរគីចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា។បន្ទាប់ពីប្រធានាធិបតីទួរគី រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) បានថ្លែងប្រាប់អ្នកចូលរួមរាប់សែននាក់ នៅឯការជួបជុំគាំទ្រប៉ាឡេស្ទីន កាលពីខែមុនថា ប្រទេសរបស់ខ្លួន គ្រោងនឹងចោទប្រកាន់អ៊ីស្រាអែលជាផ្លូវការពីបទឧក្រិដ្ឋកម្មសង្គ្រាម រដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងវាយតម្លៃឡើងវិញនូវទំនាក់ទំនងការទូតជាមួយទីក្រុងអង់ការ៉ា។

អង្គការអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ រងការវាយប្រហារនៅហ្កាហ្សា

2023/11/08 08:00:16 pm        125
អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា ក្បួនរថយន្តដឹកគ្រឿងផ្គត់ផ្គង់បរិក្ខារពេទ្យ បានរងការវាយប្រហារនៅតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ ខណៈអ៊ីស្រាអែល បានបង្កើនការវាយលុកតាមដីគោករបស់ខ្លួន។អង្គការនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយបានរាយការណ៍ថា ក្បួនរថយន្តដឹកទំនិញចំនួន៥ គ្រឿង និងរថយន្តរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមចំនួនពីរគ្រឿង បានរងការឆេះបំផ្លាញ។ អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា រថយន្តដឹកទំនិញ និងយានយន្ត បានដឹកសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រសង្គ្រោះជីវិតទៅកាន់មណ្ឌលសុខភាព រួមទាំងមន្ទីរពេទ្យ Al Quds របស់អង្គការសង្គមនេះផងដែរ។សេចក្តីរាយការណ៍និយាយថា រថយន្តដឹកទំនិញ២គ្រឿងត្រូវបានបំផ្លាញ ហើយអ្នកបើកបររថយន្តម្នាក់រងរបួសស្រាល។អង្គការ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយបាននិយាយថា អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន សុំអំពាវនាវបន្ទាន់ដល់អង្គការសុខភាពនិងអង្គការផ្តល់ជំនួយសង្គ្រោះអន្តរជាតិ ឱ្យផ្តល់ជំនួយនិងការផ្គត់ផ្គង់សំខាន់ៗដល់តំបន់ហ្កាហ្សា និងតំបន់ភាគខាងជើង។

ទិន្នន័យថ្មី៖ឆ្នាំ២០២៣នេះ នឹងក្លាយជាឆ្នាំក្តៅបំផុតបន្ទាប់ពីកំណត់ត្រាកម្ដៅខែតុលា

2023/11/08 07:51:07 pm        115
ទិន្នន័យថ្មីបានបង្ហាញថា ឥឡូវនេះគេប្រាកដណាស់ថាឆ្នាំ២០២៣ ដែលជាឆ្នាំនៃរលកកម្ដៅដ៏ធ្ងន់ធ្ងរ គ្រោះទឹកជំនន់ និងអគ្គិភ័យជាច្រើនករណីនោះ នឹងក្លាយជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។ ការទស្សន៍ទាយនេះធ្វើឡើងបន្ទាប់សីតុណ្ហភាពដ៏ក្ដៅខុសប្លែកធម្មតា បានកើតឡើងកាលពីខែតុលា ហើយសីតុណ្ហភាពដ៏ខ្ពស់នោះ បានបន្ថែមទៅក្នុងបញ្ជីនៃកំណត់ត្រាកម្ដៅខ្ពស់បំផុតសកល ដែលបានកើតឡើងក្នុងឆ្នាំនេះ។សីតុណ្ហភាពខែតុលា មិនក្តៅខ្លាំងខុសពីខែកញ្ញា និងខែកក្កដា ទេ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតបំបែកកំណត់ត្រាសម្រាប់ខែនេះដោយលក្ខខណ្ឌពិសេស នេះបើយោងតាមទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ ខនភឺនីកឺស (Copernicus)។សីតុណ្ហភាពខ្យល់ជាមធ្យមរបស់ពិភពលោក គឺស្ថិតក្នុងកម្រិត ០,៤អង្សាសេ ដោយក្តៅជាងកម្រិតខ្ពស់បំផុតកាលពីខែតុលា ឆ្នាំ២០១៩ នេះបើយោងតាមសេវាបម្រែបម្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប។ បញ្ហាអាកាសធាតុទាំងនេះ ត្រូវបានជំរុញដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត និងព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ ដែលបណ្ដាលឲ្យនោះគឺជាខែទី៥ ជាប់ៗគ្នានៃសីតុណ្ហភាពក្តៅ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សីតុណ្ហភាពសកលលោក អាចនឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៤ ខាងមុខនេះ។ការទស្សន៍ទាយ ដែលថាឆ្នាំ ២០២៣នេះ នឹងក្លាយជាឆ្នាំក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រា ឥឡូវនេះគឺពិតជាជៀសមិនរួចនោះទេ ព្រោះរយៈពេលពីរខែចុងក្រោយនៃឆ្នាំ២០២៣នេះ ទំនងជាមិនផ្លាស់ប្តូរនិន្នាការនេះឡើយ ហើយសីតុណ្ហភាពខ្ពស់នៅជុំវិញពិភពលោកក៏បានបន្តកើនឡើងរហូតដល់ខែវិច្ឆិកា នេះផងដែរ៕

ការដាច់បណ្តាញរបស់ក្រុមហ៊ុនទូរគមនាគមន៍ Optus ប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីរាប់លាននាក់

2023/11/08 07:32:43 pm        88
ប្រជាជនអូស្ត្រាលីរាប់លាននាក់ ពុំមានសេវាទូរស័ព្ទ ឬអ៊ីនធឺណិតប្រើប្រាស់នោះទេនៅថ្ងៃពុធ (៨ វិច្ឆិកា) នេះ បន្ទាប់ពីក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ធំទីពីររបស់ប្រទេសនេះ បានជួបប្រទះនឹងការដាច់បណ្ដាញចរន្តដែលមិនអាចពន្យល់បានទូទាំងប្រទេស។ការដាច់បណ្ដាញនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធទូទាត់ និងប្រតិបត្តិការអនឡាញ ហើយបាននាំឱ្យមានភាពវឹកវរដល់ម៉ោងមម៉ាញឹកបំផុតនៅពេលព្រឹក ខណៈបណ្តាញរថភ្លើង និងសេវាដឹកជញ្ជូននានាត្រូវបានកាត់ផ្ដាច់ក្នុងរយៈពេលខ្លីនៅក្នុងទីក្រុងមួយចំនួន។ មន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់នានានៅទូទាំងប្រទេស ក៏រងផលប៉ះពាល់ដោយការដាច់ចរន្តនេះផងដែរ។ក្រុមហ៊ុន អប់ទុស (Optus) បាននិយាយថា សេវាកម្មមួយចំនួននៅទូទាំងបណ្តាញថេរ និងបណ្តាញទូរស័ព្ទចល័តកំពុងត្រូវបានស្ដារឡើងវិញជាបណ្តើរៗ ប៉ុន្តែមិនបានផ្តល់ពេលវេលាប៉ាន់ស្មានសម្រាប់ការស្ដារឡើងវិញពេញលេញនៃសេវាកម្មរបស់ខ្លួននោះទេ៕

អ៊ីស្រាអែល ដាក់គោលដៅនៅផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ក្នុងដំណាក់កាលថ្មីនៃសង្រ្គាមនៅហ្កាហ្សា

2023/11/08 07:28:44 pm        173
ប្រភពព័ត៌មានសន្តិសុខ បាននិយាយថា យោធាអ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ ដោយដាក់គោលដៅនៅផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធ និងរចនាសម្ព័ន្ធទីបញ្ជាការនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការដែលអាចចំណាយពេលច្រើនខែដើម្បីបញ្ចប់។ កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ហ្កាហ្សាពីលើអាកាស និងបានប្រើប្រាស់កងទ័ពជើងគោក ដើម្បីបែងចែកតំបន់ហ៊ុមព័ទ្ធឆ្នេរជាពីរ នៅក្នុងការវាយលុកមួយដែលបានធ្វើឡើងបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានហ៊ុមព័ទ្ធតំបន់ហ្កាហ្សា និងបានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស ខណៈពួកគេបានវាយរុញច្រានចូលកាន់តែជ្រៅទៅក្នុងផ្លូវរបស់ក្រុមនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអនុម័តកាលពីថ្ងៃចន្ទនូវផែនការប្រតិបត្តិការបន្ថែមទៀតសម្រាប់សកម្មភាពយោធានៅក្នុងទីក្រុងតំបន់ហ្កាហ្សា និងនៅភាគខាងជើងតំបន់ហ្កាហ្សា។ ប្រភពព័ត៌មានសន្តិសុខអ៊ីស្រាអែលចំនួន៥បានប្រាប់សារព័ត៌មាន Reuters ថា ការកំណត់ទីតាំង និងការបិទបណ្តាញផ្លូវរូងក្រោមដីដ៏ធំដែលដំណើរការនៅក្រោមតំបន់ភាគខាងជើងតំបន់ហ្កាហ្សានឹងក្លាយជាផ្នែកមូលដ្ឋាននៃដំណាក់កាលបន្ទាប់ក្នុងការវាយលុកដែលនឹងត្រូវការពេលវេលា។ ប្រភពព័ត៌មានចំនួនពីរដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថា ដោយរថក្រោះរបស់អ៊ីស្រាអែល កំពុងឆ្ពោះទៅកាន់បេះដូងតំបន់ហ្កាហ្សា ពួកគេបានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមអ្នកប្រយុទ្ធហាម៉ាស់ ដោយប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដីដើម្បីធ្វើការវាយឆ្មក់។ អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយកាលពីថ្ងៃអង្គារថា កងវិស្វកម្មប្រយុទ្ធរបស់អ៊ីស្រាអែល កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះដើម្បីបំផ្លាញផ្លូវរូងក្រោមដី ហើយប្រតិបត្តិការបានបំផ្លាញរបាំងជាង១០០ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM