អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

លោកបូរីស ចនសុន និយាយថា អ្នកដើរដង្ហែក្បូនគាំទ្រប៉ាឡេស្ទីន អត់ឱនចំពោះសកម្មភាពភេរវកម្មរបស់ក្រុមហាម៉ាស

2023/11/06 09:32:03 pm        122
លោកបូរីស ចនសុន (Boris Johnson) បាននិយាយថា ក្រុមបាតុករដែលដើរដង្ហែក្បួនគាំទ្រប៉ាឡេស្ទីន កំពុងអត់ឱនចំពោះ «អំពើឃោរឃៅ និងអំពើឃាតកម្ម» របស់ក្រុមហាម៉ាស។អតីតនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើអន្តរាគមន៍ក្នុងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្ររបស់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្សជាង ១.០០០នាក់ ស្លាប់។ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានដើរហែក្បួនពាសពេញផ្លូវនានា ក្នុងទីក្រុងឡុងដ៍ និងទីក្រុងធំៗផ្សេងទៀតខណៈដែលអ៊ីស្រាអែល បានឆ្លើយតបដោយការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាស្ទ្រីប។បាតុកម្មបន្ទាប់ គ្រោងធ្វើថ្ងៃឈប់សម្រាក នៅថ្ងៃសៅរ៍។លោក ចនសុន បាននិយាយថា៖«មនុស្សគ្រប់គ្នាដែលកំពុងដើរជុំវិញពិភពលោកនាពេលនេះ ដោយសន្មតថា គាំទ្រ(ប៉ាឡេស្ទីនសេរី) តាមពិតអ្វីដែលពួកគេកំពុងធ្វើ ទោះបីជាពួកគេមានបំណង ឬអត់ក៏ដោយ គឺការអត់ឱនចំពោះអំពើឃោរឃៅ និងការសម្លាប់ដែលធ្វើឡើងដោយក្រុមភេរវករហាម៉ាសទាំងនោះ»។

ប្រទេសកាតា៖ ការដោះលែងចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា ត្រូវការ«រយៈពេលស្ងប់ស្ងាត់»

2023/11/06 09:25:56 pm        221
ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើគ្មាន «រយៈពេលស្ងប់ស្ងាត់»នៅក្នុងតំបន់ហ្កាហ្សាទេ អ្នកសម្របសម្រួលរបស់ខ្លួន នឹងមិនអាចធានាបាននូវការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួន នៅទីនោះនោះទេ។លោក Majed Al Ansari អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសកាតា បានប្រាប់អ្នកយកព័ត៌មានថា៖«ការដោះលែងចំណាប់ថ្នូរណាម្នាក់ ត្រូវតែមានទំនាក់ទំនងជាមួយរយៈពេលស្ងប់ស្ងាត់ ដែលអនុញ្ញាតឲ្យ មានការដោះលែងចំណាប់ថ្នូរដំណើរការ ដែលជាអ្វីដែលយើងមិនបានឃើញមួយរយៈហើយនោះ។លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃសុក្រ បានច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យបញ្ឈប់ជាបណ្តោះអាសន្នចំពោះការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដើម្បីជួយសម្រួលការងារ ដើម្បីរំដោះចំណាប់ថ្នូរជាង ២៤០នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមឥស្លាមនិយមប៉ាឡេស្ទីន។លោក Netanyahu បាននិយាយថា អ៊ីស្រាអែល នឹងមិនផ្អាកការវាយប្រហាររបស់ខ្លួនទេ លុះត្រាតែចំណាប់ថ្នូរ ដែលចាប់ដោយក្រុមសកម្មប្រយុទ្ធ ត្រូវបានដោះលែង ជាមុនសិន។

មនុស្ស៤នាក់ស្លាប់ និងជាង២០នាក់រងរបួស ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគខាងជើងប្រទេសឥណ្ឌា

2023/11/06 09:23:11 pm        105
មន្ត្រីក្នុងតំបន់បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួ តាមទូរស័ព្ទថា មនុស្សយ៉ាងហោចណាស់៤ នាក់បានស្លាប់ និងជាង២០ នាក់ បានរងរបួស នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចេញពីលើស្ពានក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យប្រទេសឥណ្ឌា នៅព្រឹកថ្ងៃចន្ទ នេះ ។ គ្រោះថ្នាក់រថយន្តក្រុងនេះបានកើតឡើងនៅក្នុងសង្កាត់ Dausa នៃរដ្ឋ Rajasthan ។ រថយន្តក្រុងឯកជនដែលជួបឧបទ្ទវហេតុកំពុងធ្វើដំណើរពីតំបន់ Haridwar ក្នុងរដ្ឋ Uttar Pradesh ទៅកាន់រដ្ឋធានី Jaipur នៃរដ្ឋ Rajasthan ។ មន្ត្រីនិយាយថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយរថយន្តក្រុងបានធ្លាក់ចេញពីលើស្ពានទៅលើផ្លូវរថភ្លើង។យោងតាមមន្ត្រីបានឲ្យដឹងថា អ្នករងរបួសជាង ២០ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ពីកន្លែងដែលមនុស្សយ៉ាងហោចណាស់៥នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Jaipur ។ មន្ត្រីអយស្ម័យយានឥណ្ឌាបាននិយាយថា ជាលទ្ធផលនៃឧបទ្ទវហេតុនេះ សកម្មភាពរថភ្លើងដែលបម្រើសេវាកម្មរវាងទីក្រុង Jaipur និង Delhi ត្រូវបានរងផលប៉ះពាល់ខ្លាំង។ លោកបាននិយាយថា ការខិតខំប្រឹងប្រែងបានបន្តដើម្បីសម្អាតផ្លូវរថភ្លើង។

មនុស្ស៥នាក់ បានស្លាប់ក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្ស

2023/11/06 08:55:43 pm        111
ក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃច័ន្ទ (០៦ វិច្ឆិកា) នេះថា មនុស្ស៥នាក់ រួមទាំងកុមារពីរនាក់ បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងទីប្រជុំជនទេសចរណ៍ដ៏ពេញនិយមមួយក្នុងតំបន់ជនបទនៃប្រទេសអូស្ត្រាលី បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុកហ្វូងមនុស្សនៅសួនច្បារមុខហាងស្រាមួយកន្លែង។ស្នងការនគរបាល លោក Shane Patton បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា រថយន្ត SUV មួយគ្រឿងនោះ បានបើកលើឃឿនផ្លូវ ហើយបន្ទាប់មកបានបើកឆ្លងកាត់តំបន់ស្មៅនៅខាងក្រៅសណ្ឋាគារ រ៉ូយ៉ាល់ ដេឡេសហ្វដ (Royal Daylesford) ទៅបុកនឹងហ្វូងមនុស្សនៅទីនោះ។នគរបាលមិនបានបញ្ជាក់ថា តើជនរងគ្រោះជាសាច់ញាតិនឹងគ្នា ឬមិនមែននោះទេ ហើយក៏មិនបានបញ្ជាក់ថា ការបើកបរហួសល្បឿនកំណត់ ជាមូលហេតុពីក្រោយគ្រោះថ្នាក់នេះ ឬយ៉ាងណានោះដែរ ប៉ុន្តែបាននិយាយថា អ្នកស្លាប់មិនមែនជាអ្នកស្រុកនោះទេ។ ជនរងគ្រោះទាំងអស់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ ហើយនគរបាលបាននិយាយថា ស្ថានភាពពិតប្រាកដនៃគ្រោះថ្នាក់នេះក៏មិនទាន់ត្រូវបានកំណត់នៅឡើយដែរ។អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះមានឈ្មោះ ចន វ័យ ៦៦ឆ្នាំ បានរងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងអាយុជីវិតទេ។ អ្នកបើកបររូបនោះត្រូវបានធ្វើតេស្តគ្រឿងស្រវឹង ប៉ុន្តែមិនមានជាតិអាល់កុលនៅក្នុងខ្លួនឡើយ ហើយនគរបាលបាននិយាយថា ពួកគេគ្រោងនឹងធ្វើការសាកសួរបុរសរូបនោះនៅល្ងាចថ្ងៃច័ន្ទនេះ ពេលដែលលោកចេញពីមន្ទីរពេទ្យ៕

ជនអន្តោប្រវេសន៍ ដែលបានទៅដល់ប្រជុំកោះ កាណារី របស់អេស្ប៉ាញ មានជិត ៣២.០០០នាក់នៅឆ្នាំនេះ

2023/11/06 08:42:13 pm        106
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) ថា ជនអន្តោប្រវេសន៍ជិត ៣២.០០០នាក់ បានទៅដល់ប្រជុំកោះ កាណារី របស់អេស្ប៉ាញ តាមទូកតូចៗពីអាហ្វ្រិកខាងលិច ក្នុងឆ្នាំនេះ ដោយលើសពីកំណត់ត្រាមុនដែលបានបង្ហោះក្នុងឆ្នាំ២០០៦។ ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មកទល់ពេលនេះ មនុស្សចំនួន ៣១.៩៣៣នាក់ បានទៅដល់ប្រជុំកោះនេះ បើធៀបនឹងវិបត្តិទូកតូចៗកាលពីឆ្នាំ២០០៦ នៅពេលដែលមនុស្សចំនួន ៣១,៦៧៨នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញមួយនេះ។ឆ្មាំល្បាតឆ្នេរអេស្ប៉ាញ បាននិយាយថា ចាប់តាំងពីថ្ងៃសុក្រមក មនុស្សចំនួន ៧៣៩នាក់ ត្រូវបានជួយសង្គ្រោះនៅមហាសមុទ្រអាត្លង់ទិក ក្បែរកោះ អ៊ែល អៀរ៉ូ (El Hierro) ដែលជាកោះតូចបំផុត និងនៅចុងខាងលិចបំផុតនៅក្នុងប្រជុំកោះនេះ។ មនុស្សពីរនាក់ត្រូវបានគេរកឃើញស្លាប់នៅក្នុងចំណោមទូកចំនួនបួន ហើយបន្ទាប់មកមនុស្សពីរនាក់ផ្សេងទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើតាមឆ្មាំស៊ីវិលអេស្ប៉ាញ ដែលបានចូលរួមក្នុងការជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃសៅរ៍ ដោយក្នុងនោះមានស្ត្រីនិងកុមារជាច្រើនស្ថិតក្នុងចំណោមអ្នកដែលបានជួយសង្គ្រោះទាំងនោះ។ចំនួនជនអន្តោប្រវេសន៍ ដែលបានទៅដល់អេស្ប៉ាញ បានហក់ឡើងនាពេលថ្មីៗនេះ ខណៈអាកាសធាតុអំណោយផលជាងមុន និងសមុទ្រមានសភាពស្ងប់ស្ងាត់ចាប់តាំងពីខែកញ្ញា មក ដែលបានធ្វើឱ្យមនុស្សជាច្រើនកាន់តែមានលទ្ធភាពក្នុងការព្យាយាមធ្វើដំណើរដ៏គ្រោះថ្នាក់ឆ្លងកាត់ពីទ្វីបអាហ្វ្រិកទៅកាន់អឺរ៉ុប។ រដ្ឋាភិបាលអេស្ប៉ាញ បាននិយាយថា ខ្លួននឹងបង្កើតកន្លែងស្នាក់នៅបន្ទាន់បន្ថែមសម្រាប់ជនអន្តោប្រវេសន៍ប្រហែល ៣.០០០នាក់ នៅក្នុងបន្ទាយយោធា សណ្ឋាគារ និងផ្ទះសំណាក់ផ្សេងៗទៀតផងដែរ៕

កងកម្លាំងអ៊ុយក្រែន បើកការវាយប្រហារដោយមីស៊ីលលើទីតាំងផលិតនាវានៅតំបន់គ្រីម៉េ

2023/11/06 05:50:09 pm        194
យោធាអ៊ុយក្រែននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយមីស៊ីលទៅលើទីតាំងផលិតនាវាមួយកន្លែងនៅតំបន់គ្រីម៉េ ជាតំបន់នៅភាគខាងត្បូងប្រទេស ដែលត្រូវបានភ្ជាប់ឧបសម្ព័ន្ធជាឯកតោភាគី ដោយប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៤។ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅលើបណ្តាញសង្គមថា យន្តហោះចម្បាំងរបស់ខ្លួន បានបាញ់មីស៊ីលទៅលើទីតាំងផលិតនាវា Zaliv កាលពីថ្ងៃសៅរ៍។ លោកបាននិយាយបង្ហើបថា ពួកគេប្រើប្រាស់មីស៊ីលស៊ីបគោលដៅ SCALP ដែលផ្តល់ដោយប្រទេសបារាំង។ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យបានដកស្រង់សម្តីមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសនេះដែលបាននិយាយថា មីស៊ីលស៊ីបគោលដៅចំនួន១៥គ្រាប់ ត្រូវបានបាញ់ទៅលើទីតាំងផលិតនាវា ហើយ ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ ដែលបណ្តាលឱ្យនាវាមួយគ្រឿងប៉ុណ្ណោះរងការខូចខាត។ភាគីអ៊ុយក្រែន បាននិយាយថា នាវាទំនើបបំផុតរបស់រុស្ស៊ី ជានាវាផ្ទុកមីស៊ីលស៊ីបគោលដៅ Kalibr បានបោះយុថ្កានៅទីតាំងផលិតនាវា ប៉ុន្តែពុំបានប្រាប់ពីឈ្មោះនាវាដែលរងការខូចខាតនោះទេ។កាលពីពេលថ្មីៗនេះ កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារលើមូលដ្ឋានយោធារុស្ស៊ីនៅតំបន់គ្រីម៉េ។ ពួកគេបានវាយប្រហារលើទីស្នាក់ការកណ្តាលនៃកងនាវានៅសមុទ្រខ្មៅ ក្នុងទីក្រុងកំពង់ផែកងទ័ពជើងទឹក Sevastopol កាលពីខែកញ្ញា។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ផ្អាកតំណែងរដ្ឋមន្ត្រីម្នាក់ជុំវិញការអត្ថាធិប្បាយប្រើប្រាស់នុយក្លេអ៊ែរក្នុងសង្រ្គាមហ្កាហ្សា

2023/11/06 05:42:29 pm        177
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ (០៥ វិច្ឆិកា) បានដាក់វិន័យដល់សមាជិកជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលបង្ហាញពីការបើកចំហចំពោះគំនិតរបស់អ៊ីស្រាអែល ក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរលើតំបន់ហ្កាហ្សា ជាទីដែលសង្រ្គាមជាមួយក្រុមហាម៉ាស កំពុងធ្វើឱ្យចំនួនការស្លាប់នៃជនស៊ីវិលប៉ាឡេស្ទីន កើនឡើងយ៉ាងខ្លាំង។ការិយាល័យរបស់លោក Netanyahu បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា រដ្ឋមន្ត្រីពាក់ព័ន្ធ ដែលជារដ្ឋមន្ត្រីបេតិកភណ្ឌ លោក Amihay Eliyahu មកពីគណបក្សស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះ ត្រូវបានផ្អាកពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី «រហូតដល់មានការជូនដំណឹងបន្ថែម»។នៅពេលសួរនៅក្នុងបទសម្ភាសន៍តាមវិទ្យុអំពីជម្រើសនុយក្លេអ៊ែរសម្មតិកម្ម លោករដ្ឋមន្ត្រីបេតិកភណ្ឌ Eliyahu បានឆ្លើយតបថា «នោះជាវិធីមួយដែលអាចទៅរួច»។ សុន្ទរកថារបស់លោក បានទាក់ទាញការថ្កោលទោសយ៉ាងឆាប់រហ័សពីជុំវិញបណ្ដាប្រទេសអារ៉ាប់ ដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល កើតមានរឿងអាស្រូវ និងត្រូវបានចាត់ទុកថាជា «ការជំទាស់ដែលអាចទៅរួច» ដោយមន្ត្រីសហរដ្ឋអាមេរិក។ទាំងលោក Eliyahu និងមេដឹកនាំគណបក្សរបស់លោក មិនមានតួនាទីនៅក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីដែលដោះស្រាយបញ្ហាសង្រ្គាមតំបន់ហ្កាហ្សា នោះទេ។ ពួកគេក៏មិនមានចំណេះដឹងខាងក្នុងអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីស្រាអែល ដែលប្រទេសនេះមិនទទួលស្គាល់ជាសាធារណៈ ព្រមទាំងមិនមានសិទ្ធិអំណាចក្នុងការដាក់ឱ្យប្រើប្រាស់គ្រឿងសព្វាវុធទាំងនោះដែរ៕-

ក្រុមហេសបូឡា៖ អ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ បន្ទាប់ពីការវាយប្រហារសម្លាប់កុមារ ៣ នាក់នៅលីបង់

2023/11/06 05:39:13 pm        170
សមាជិកសភាក្រុមហេសបូឡា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរថយន្តមួយគ្រឿងនៅប្រទេសលីបង់ភាគខាងត្បូង បានបណ្តាលឲ្យកុមារបីនាក់ និងជីដូនរបស់ពួកគេ ស្លាប់ កាលពីថ្ងៃអាទិត្យ ដោយបានហៅការវាយប្រហារនេះថាជា «ការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់» ដែលអ៊ីស្រាអែលនឹងទទួលផលចំពោះទង្វើដែលខ្លួនធ្វើ។ សមាជិកសភា លោក Hassan Fadlallah បាននិយាយថា ម្តាយរបស់កូនបីនាក់ ជាក្មេងស្រីអាយុចន្លោះពី ៨ ទៅ ១៤ ឆ្នាំ បានរងរបួសនៅក្នុងការវាយប្រហារទៅលើរថយន្តមួយគ្រឿងខណៈរថយន្តកំពុងបើកបរនៅចន្លោះភូមិ Aynata និងភូមិ Aitaroun នៅជិតព្រំដែនប្រទេសអ៊ីស្រាអែល។លោក Fadlallah បានប្រាប់សារព័ត៌មានរ៉យទ័រ ក្នុងសេចក្តីថ្លែងការណ៍ថា «សត្រូវនឹងទទួលផលចំពោះទង្វើដែលខ្លួនបានធ្វើ សម្រាប់ឧក្រិដ្ឋកម្មមកលើជនស៊ីវិល» ។ដោយត្រូវបានសួរអំពីការរាយការណ៍មុនៗពីប្រភពសន្តិសុខក្នុងប្រទេសលីបង់ដែលការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សបីនាក់នៅក្នុងរថយន្តនៅជិតភូមិ Aynata អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងទ័ពបានចេញសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃអាទិត្យអំពីការវាយប្រហារនៅក្នុងប្រទេសលីបង់។អ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ប្រដាប់ដោយអាវុធធុនធ្ងន់ បាននិងកំពុងបាញ់តគ្នានៅព្រំដែន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែល បានធ្លាក់ចូលក្នុងសង្រ្គាមចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ វាបានកត់សម្គាល់អំពើហិង្សាដ៏ឃោឃៅបំផុតនៅទូទាំងព្រំដែនចាប់តាំងពីប្រទេសអ៊ីស្រាអែល និងហេសបូឡា ប្រយុទ្ធគ្នាក្នុងសង្រ្គាមនៅក្នុងឆ្នាំ ២០០៦មក។

ជនភៀសខ្លួននៅតំបន់ហ្កាហ្សា ស្ទ្រីប ជ្រកកោននៅមន្ទីរពេទ្យ ដោយបន្ថែមសម្ពាធដល់ប្រព័ន្ធវេជ្ជសាស្ត្រ

2023/11/06 05:33:51 pm        149
ជនភៀសខ្លួនរាប់ម៉ឺននាក់នៅតំបន់ហ្កាហ្សា ស្ទ្រីប បានទៅជ្រកកោននៅតាមមន្ទីរពេទ្យក្នុងស្រុកនានា ដោយបង្កើនសម្ពាធកាន់តែខ្លាំងឡើងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក ដែលស្ថិតនៅក្រោមបន្ទុកដ៏ធ្ងន់ធ្ងររួចទៅហើយនោះ ខណៈជម្លោះជុំថ្មីរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ១១,០០០នាក់ សម្រាប់ភាគីជម្លោះទាំងសងខាង គិតត្រឹមថ្ងៃសៅរ៍ (០៤ វិច្ឆិកា)។ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រជាជនជាង ១,៤លាននាក់ នៃប្រជាជនទាំងអស់នៅតំបន់ហ្កាហ្សា ដែលមានប្រហែល ២,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្កាហ្សា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជាងមួយភាគបីនៃជនភៀសខ្លួនទាំងនោះ កំពុងត្រូវបានគេដាក់ឲ្យស្នាក់នៅក្នុងបរិវេណទីតាំងរបស់អង្គការសហប្រជាជាតិ ដោយមនុស្សរាប់សែននាក់ទៀត ត្រូវបានបង្ខំឱ្យស្វែងរកជម្រកនៅក្នុងមន្ទីរពេទ្យ សាលារៀន និងវិហារអ៊ីស្លាមជាដើម។មន្ទីរពេទ្យ ណាសសឺ (Nasser) គឺជាមន្ទីរពេទ្យធំជាងគេនៅទីក្រុងខាន់ យ៉ូនីស (Khan Younis) ដែលជាទីក្រុងមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្រ្ទីប ដោយជនភៀសខ្លួនជាង ១.៥០០០នាក់ បានស្នាក់នៅបោះតង់បណ្តោះអាសន្ននៅក្នុងទីលាននៃមន្ទីរពេទ្យមួយនោះ ហើយនៅខាងក្នុងស្ថាប័នវេជ្ជសាស្ត្រមួយនេះ មានមនុស្សពេញវ័យ និងកុមារជាច្រើនស្នាក់នៅតាមច្រករបៀងនៃទីធ្លាមន្ទីរពេទ្យ។យោងតាមការប៉ាន់ប្រមាណរបស់នាយកដ្ឋានសុខាភិបាលក្នុងតំបន់ហ្កាហ្សា បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ស្ថាប័នវេជ្ជសាស្ត្រក្នុងតំបន់មួយនេះ បានផ្ទុកប្រជាជនភៀសខ្លួនយ៉ាងហោចណាស់ ១០០.០០០នាក់។ សម្រាប់ជនភៀសខ្លួនទាំងនោះ ពួកគេគ្រាន់តែចង់ស្វែងរកទីជម្រកដែលមានសុវត្ថិភាពប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះក៏ដាក់សម្ពាធយ៉ាងខ្លាំងទៅលើស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុកផងដែរ៕-

មនុស្សជាច្រើនជាប់នៅច្រកព្រំដែនរ៉ាហ្វា តំបន់ហ្កាហ្សា បន្ទាប់ពីការជម្លៀស ត្រូវបានផ្អាក

2023/11/06 05:28:13 pm        88
ជនបរទេសជាច្រើនបាននិយាយថា ពួកគេត្រូវបានជាប់នៅច្រកឆ្លងកាត់ព្រំដែន រ៉ាហ្វា (Rafah) របស់តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យទី៥វិឆ្ឆិកា បន្ទាប់ពីការជម្លៀសត្រូវបានផ្អាក។ ប្រភពនានាពីក្រុមមន្ត្រីអេហ្ស៊ីប បាននិយាយថា ការជម្លៀសចេញពីតំបន់ហ្កាហ្សា ត្រូវបានផ្អាកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ ទី៣វិច្ឆិកា បានប៉ះចំរថយន្តគិលានសង្រ្គោះ ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានប្រើដើម្បីដឹកជញ្ជូនអ្នករបួស។អេហ្ស៊ីប សហរដ្ឋអាមេរិក និងក្រុមមន្ត្រីកាតា បាននិយាយថា កិច្ចខិតខំប្រឹងប្រែង នៅតែបន្តក្នុងការជម្លៀសពលរដ្ឋហ្កាហ្សារងរបួស និងជនបរទេសជាច្រើន តាមច្រកព្រំដែនរ៉ាហ្វា ចូលទៅកាន់ប្រទេសអេហ្ស៊ីប ។ អ្នកកាន់លិខិតឆ្លងដែន អាល្លឺម៉ង់ លោក ម៉ាចេដ អាល់ ហ៊ូវៃហៃ(Majed al-Huwaihi) បាននិយាយថា មនុស្សជាច្រើន រួមទាំងជនជាតិអាល្លឺម៉ង់ និងអេហ្ស៊ីប បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេជួយនាំពួកគេ រួមទាំងក្រុមគ្រួសារចាកចេញពីទីនេះ ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរជារៀងរាល់ថ្ងៃនៅក្នុងតំបន់ហ្កាហ្សា។ ប្រភពពីមន្ត្រីអេហ្ស៊ីប ពីរូប បាននិយាយថា ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វា ចូលទៅកាន់ឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប គឺជាច្រកចេញតែមួយគត់ពីតំបន់ហ្កាហ្សា ដែលមិនត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល ។រថយន្តដឹកជំនួយនៅតែចូលទៅក្នុងតំបន់ហ្កាហ្សា ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM