អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស Online Scams ពីរទីតាំងបន្ថែមទៀត
បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

រុស្ស៊ីបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារប៉ុស្តិ៍ទីបញ្ជាការរបស់រុស្ស៊ី

2023/10/30 01:35:14 pm        158
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយកាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា រុស្ស៊ី និងអ៊ុយក្រែន បានបង្កើនប្រតិបត្តិការយោធារបស់ពួកគេកាលពីថ្ងៃអាទិត្យ ដោយការវាយលុកលើគោលដៅយោធាទៅវិញទៅមក រួមទាំងយានដ្រូន ប៉ុស្តិ៍ទីបញ្ជាការ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក។ កាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍មួយ និយាយថា កងទ័ពរុស្ស៊ី បានវាយរុញច្រានការវាយប្រហារជាច្រើនរបស់ទាហានអ៊ុយក្រែន ក្នុងគោលដៅនៅទីក្រុង Kherson, Kupiansk, និងទីក្រុង Lyman ដោយបានវាយប្រហារទីតាំងរបស់យោធានិងយុទ្ធោបករណ៍របស់អ៊ុយក្រែន និងបានបំផ្លាញប៉ុស្តិ៍ទីបញ្ជាការយានដ្រូន មជ្ឈមណ្ឌលស៊ើបអង្កេត ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងគោលដៅផ្សេងៗទៀតរបស់ប្រទេសនេះ។ នៅថ្ងៃតែមួយនោះដែរ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក៏បានចេញផ្សាយ ការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដោយបង្ហាញថាក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះកងទ័ពអ៊ុយក្រែន បានបន្តប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅក្នុងតំបន់ Melitopol, Bahmut, Marinka និងគោលដៅផ្សេងៗទៀត។ កងទ័ពអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសជាច្រើនលើកលើទីតាំងយុទ្ធោបករណ៍ និងយោធារុស្ស៊ី ដោយប្រើប្រាស់មីស៊ីលដើម្បីវាយលុកលើប៉ុស្តិ៍ទីបញ្ជាការ និងគោលដៅនានា និងបានស្ទាក់ចាប់យានដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿង។

តួសម្ដែង Matthew Perry ក្នុងកម្មវិធីទូរទស្សន៍ «Friends» របស់សហរដ្ឋអាមេរិក បានស្លាប់ដោយសារលង់ទឹកនៅវ័យ ៥៤ឆ្នាំ

2023/10/29 04:24:26 pm        374
តារាសម្ដែងដ៏មានប្រជាប្រិយភាពម្នាក់ លោក Matthew Perry ដែលជាតារាសំណព្វចិត្តរបស់កម្មវិធីទូរទស្សន៍ដ៏ល្បីបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ របស់សហរដ្ឋអាមេរិក គឺកម្មវិធី «Friends» ដែលបានសម្ដែងជាតួអង្គកំប្លុកកំប្លែងឈ្មោះ Chandler Bing បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ (២៨ តុលា) បន្ទាប់ពីបានលង់ទឹកក្នុងអាងទឹកក្តៅ នៅវ័យ ៥៤ឆ្នាំ។សារព័ត៌មាន LA Times និងសារព័ត៌មាន TMZ ដែលដកស្រង់ប្រភពពីសមត្ថកិច្ចបានរាយការណ៍ថា តារាសំដែងជនជាតិកាណាដា សញ្ជាតិអាមេរិក រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ នៅក្នុងអាងហែលទឹកមួយនៅក្នុងផ្ទះរបស់ខ្លួន ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ទូរទស្សន៍ NBC ដែលចាក់ផ្សាយកម្មវិធី «Friends» នេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ បានបញ្ជាក់ពីមរណភាពរបស់លោក Perry នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ។ដំណឹងនេះបាននាំមកនូវការសោកស្ដាយពីសំណាក់តារាល្បីៗ និងបុគ្គលល្បីៗផ្សេងទៀត។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលជាអតីតមិត្តរួមសាលារបស់លោក Perry នៅទីក្រុង Ottawa បានពណ៌នាការស្លាប់របស់លោកថា «ជារឿងគួរឱ្យតក់ស្លុត និងសោកសៅបំផុត»។លោក Perry ទទួលបានភាពល្បីល្បាញតសម្រាប់តួនាទីដ៏យូរអង្វែងរបស់ខ្លួនជាតួអង្គឈ្មោះ Chandler ក្នុងកម្មវិធី «Friends» ដែលទទួលបានជោគជ័យជាអន្តរជាតិ និងបានដំណើរការចំនួន ១០រដូវកាល ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០០៤។ កម្មវិធីនេះ គឺជាកម្មវិធីទូរទស្សន៍អាមេរិក ដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងគ្រានោះ ដោយតារាសម្តែងម្នាក់ៗទទួលបានប្រាក់ចំណូល ១លានដុល្លារក្នុងមួយភាគ នៅកម្រិតខ្ពស់នៃប្រជាប្រិយភាពរបស់កម្មវិធីនោះ៕

មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងការបំផ្ទុះនៅរដ្ឋភាគខាងត្បូងប្រទេសឥណ្ឌា

2023/10/29 03:38:06 pm        331
មនុស្សយ៉ាងហោចណាស់ម្នាក់ បានស្លាប់ និងជាច្រើននាក់ទៀត បានរងរបួសនៅក្នុងការផ្ទុះជាបន្តបន្ទាប់ នៅមជ្ឈមណ្ឌលសន្និបាតមួយកន្លែង ក្នុងរដ្ឋ កេរ៉ាឡា (Kerala) ភាគខាងត្បូងប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ ជាទីដែលក្រុមគ្រិស្តបរិស័ទ កំពុងជួបជុំគ្នាធ្វើការអធិស្ឋាន។ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលមហាសន្និបាតសាក្សីព្រះយេហូវ៉ា នៅឯមជ្ឈមណ្ឌលក្នុងទីក្រុង កាឡាម៉ាសឺរី (Kalamassery) ចម្ងាយប្រហែល ១០គីឡូម៉ែត្រ នៅភាគឦសាននៃទីក្រុង កូឈី (Kochi)។ លោក P. Rajeev រដ្ឋមន្ត្រីឧស្សាហកម្មនៃរដ្ឋ Kerala បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកមិនអាចកំណត់បានភ្លាមៗនោះទេ អំពីមូលហេតុនៃការផ្ទុះនេះ។សារព័ត៌មានក្នុងស្រុក ឈ្មោះ Mathrubhumi បាននិយាយថា យ៉ាងហោចណាស់មានការផ្ទុះចំនួនបីករណី បានកើតឡើងនៅខាងក្នុងសាលសន្និបាតនោះ ដោយមនុស្សជាង ២៣នាក់បានរងរបួស ហើយអ្នករបួសទាំងនោះ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

អ៊ីស្រាអែលធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ក្នុងដំណាក់កាលទីពីរ នៃសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/10/29 03:00:06 pm        417
កងកម្លាំងអ៊ីស្រាអែល បានធ្វើប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នៅថ្ងៃអាទិត្យ (២៩ តុលា) នេះ នៅក្នុងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅថា ជាដំណាក់កាលទីពីរនៃសង្រ្គាម ដែលមានរយៈពេលបីសប្តាហ៍ ក្នុងគោលបំណងកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មួយនេះឲ្យបាត់ពីផែនដី។អ្នកស្រុកដែលត្រូវបានឡោមព័ទ្ធនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងការកាត់ផ្ដាច់ទំនាក់ទំនង និងការដាច់អ៊ីនធឺណិតទាំងស្រុង ខណៈយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែក ហើយកងទ័ព និងរថពាសដែករបស់ខ្លួន បានសម្រុកចូលទៅក្នុងតំបន់ ដែលគ្រប់គ្រងដោយក្រុមហាម៉ាស មួយនេះ ខណៈប្រមុខយោធាអ៊ីស្រាអែល ផ្តល់សញ្ញាថា ពួកគេកំពុងត្រៀមលក្ខណៈសម្រាប់ការវាយលុកថ្មើរជើងបន្ថែមទៀត។ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្រ្តី Netanyahu បានព្រមានពលរដ្ឋអ៊ីស្រាអែល ឱ្យរំពឹងថា នឹងមានយុទ្ធនាការ «ដ៏វែង និងរឹងមាំ» ប៉ុន្តែបានបញ្ឈប់ការហៅការវាយប្រហារនាពេលបច្ចុប្បន្ននេះ ថាជាការឈ្លានពាន។ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ក្រុមជំនួយការរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មួយចំនួនបានណែនាំសមភាគីអ៊ីស្រាអែល ឱ្យបញ្ឈប់ការវាយលុកភ្លាមៗនេះ។បណ្តាប្រទេសលោកខាងលិច ជាទូទៅបានគាំទ្រនូវអ្វីដែលពួកគេនិយាយថា ជាសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែក៏មានការតវ៉ាជាអន្តរជាតិកាន់តែខ្លាំងឡើង ជុំវិញចំនួនអ្នកស្លាប់ដ៏លើសលប់ពីការទម្លាក់គ្រាប់បែក និងការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់ «ការផ្អាកសង្រ្គាមសម្រាប់មនុស្សធម៌» ដើម្បីអនុញ្ញាតឱ្យជំនួយទៅដល់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌នៅក្នុងតំបន់នោះផងដែរ៕

អ្នកស្រុកនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក ប្រមូលផ្តុំគ្នាកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍សម្លាប់រង្គាល

2023/10/29 02:05:15 pm        218
អ្នកស្រុកនៃសហគមន៍ ដែលរងផលប៉ះពាល់ដោយការបាញ់ប្រហារសម្លាប់រង្គាលដ៏ធំមួយ ដែលបានបណ្ដាលឲ្យមនុស្ស ១៨នាក់ ស្លាប់ក្នុងសប្តាហ៍នេះនៅរដ្ឋ Maine របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាដើម្បីចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ នៅក្នុងពីធីកាន់ទុក្ខមួយកាលពីយប់ថ្ងៃសៅរ៍ (២៨ តុលា)។ការប្រមូលផ្ដុំគ្នានេះ បានកើតឡើងនៅមាត់ទន្លេក្នុងសហគមន៍ Lisbon ភាគខាងត្បូងនៃទីក្រុង Lewiston ជាទីដែលអតីតទាហានបម្រុងនៃកងទ័ពអាមេរិក លោក Robert Card វ័យ ៤០ឆ្នាំ បានបាញ់បើកការបាញ់ប្រហារក្នុងទីលានវាយកូនបាល់ និងបារមួយកន្លែង កាលពីថ្ងៃពុធ (២៥ តុលា)។ នគរបាលបាននិយាយថា ឧក្រិដ្ឋជន Card រូបនេះ ត្រូវគេប្រទះឃើញថាបានស្លាប់ កាលពីល្ងាចថ្ងៃសុក្រ (២៧ តុលា) ដោយការបាញ់សម្លាប់ខ្លួនឯង។ប្រជាជនជាច្រើនមកពីទីក្រុងជុំវិញបានកាន់ទៀន និងបួងសួងដល់អ្នកស្លាប់ និងអ្នករបួស។ អ្នកចូលរួមជាច្រើនបាននិយាយថា សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនោះ ហើយពួកគេប្រើប្រាស់ការប្រមូលផ្ដុំនេះ ដើម្បីពន្យល់ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដល់កូនៗរបស់ពួកគេ។ការបាញ់ប្រហារ និងការតាមចាប់ខ្លួនឧក្រិដ្ឋជនដ៏អូសបន្លាយនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សហគមន៍ នៃទីក្រុង Lewiston មួយនេះ ដែលជាអតីតមជ្ឈមណ្ឌលវាយនភណ្ឌ និងជាតំបន់មានប្រជាជនច្រើនជាងគេទីពីរក្នុងរដ្ឋ Maine ដែលស្ថិតនៅលើច្រាំងទន្លេ Androscoggin របស់សហរដ្ឋអាមេរិក៕

ចំនួនអ្នកស្លាប់ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល កើនឡើងលើសពី ៩.០០០នាក់

2023/10/29 01:58:08 pm        231
ចំនួនអ្នកស្លាប់សរុបនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងលើសពី ៩.០០០នាក់ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលរបស់ភាគីទាំងសងខាង។ ជម្លោះនៅតែបន្តកើនឡើង ខណៈភាគីទាំងពីរបានអះអាងថា មានការប្រយុទ្ធគ្នាថ្មីៗនៅតំបន់ហ្កាហ្សា។ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសៅរ៍ (២៨ តុលា) ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់យោធាអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ស្ទ្រីប បានកើនឡើងដល់ ៧.៧០៣នាក់។ ជម្លោះនេះក៏បានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់នៅខាងអ៊ីស្រាអែល ផងដែរគិតត្រឹមថ្ងៃទី១៨ ខែតុលា នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សា ស្ទ្រីប ដែលហែកហួរដោយសង្រ្គាមកាលពីយប់ថ្ងៃសុក្រ ខណៈដែលស្លាបយោធានៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស បានអះអាងថា ខ្លួនបានចូលរួមក្នុងការប្រយុទ្ធដ៏ខ្លាំងក្លា ជាមួយនឹងការលុកលុយរបស់កងទ័ពអ៊ីស្រាអែល។អស់រយៈពេលពីរសប្តាហ៍មកហើយ ដែលតំបន់ហ្កាហ្សា ស្ទ្រីប បានស្ថិតនៅក្រោមការឡោមព័ទ្ធយ៉ាងសាហាវរបស់អ៊ីស្រាអែល និងការវាយប្រហារជាច្រើនដង ដោយនោះជាការសងសឹកចំពោះការវាយប្រហាររបស់ចលនាតស៊ូអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្កាហ្សា គឺក្រុមហាម៉ាស ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា៕

អ្នកស្រុកជួបការលំបាកក្នុងការស្វែងរកទឹក និងប្រេងឥន្ធនៈ បន្ទាប់ពីព្យុះសង្ឃរា Otis វាយប្រហារប្រទេសម៉ិកស៊ិក

2023/10/29 01:54:00 pm        197
អ្នករស់រានមានជីវិតពីព្យុះសង្ឃរា អូទីស (Otis) បានជួបការលំបាកក្នុងការទទួលបានប្រេងឥន្ធនៈ ទឹក និងស្បៀងអាហារ កាលពីថ្ងៃសៅរ៍ (២៨ តុលា) ខណៈអ្នកស្រុកកំពុងរង់ចាំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីព្យុះដ៏មហន្តរាយ ដែលបានវាយប្រហារទីក្រុងនៃប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធ (២៥ តុលា)។មនុស្សម្នាជាច្រើនតម្រង់ជួរក្រោមពន្លឺថ្ងៃដ៏ក្តៅគគុកក្បែរធុងទឹកក្រោមដី ដើម្បីទទួលបានទឹកមកងូត និងប្រើប្រាស់។ នៅក្នុងតំបន់លំនៅឋាន រ៉េណាស៊ីមីអេនតូ (Renacimiento) អ្នកស្រុកបានដើរតាមដងផ្លូវដែលជន់លិចដោយទឹកដ៏កខ្វក់ ហើយបានត្អូញត្អែរចំពោះកង្វះខាតជំនួយ។រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កាចសាហាវនៅសប្តាហ៍នេះ នៅក្នុងរមណីយដ្ឋានឆ្នេរម៉ិកស៊ិក អាកាពុលកូ (Acapulco) បានកើនឡើងដល់ ៣៩នាក់ហើយ ខណៈលោកប្រធានាធិបតី Andres Manuel Lopez Obrador បានចោទប្រកាន់គូប្រជែងរបស់ខ្លួនថា បានបំផ្លើសទំហំនៃការខូចខាតរបស់គ្រោះមហន្តរាយនេះ៕

នគរបាលបង់ក្លាដែស ប៉ះទង្គិចជាមួយក្រុមបាតុករអំឡុងការដង្ហែក្បួនប្រឆាំងរដ្ឋាភិបាលក្នុងទីក្រុង Dhaka

2023/10/29 10:25:28 am        167
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មន្រ្តីនគរបាលម្នាក់ បានស្លាប់ ហើយក្រុមបាតុកររាប់សិបនាក់ បានរងរបួស ពេលការប៉ះទង្គិចគ្នាបានផ្ទុះឡើង អំឡុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃសៅរ៍ ។ ក្រុមបាតុករគណបក្សប្រឆាំងរាប់ម៉ឺននាក់ បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងរដ្ឋធានីប្រទេសបង់ក្លាដែសមួយនេះ ដោយនាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Sheikh Hasina បើទោះបីជាមានការពង្រឹងសន្តិសុខយ៉ាងណាក្តី ហើយក្រុមសកម្មជនគណបក្សប្រឆាំងរាប់សិបនាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ គណបក្សប្រឆាំងជាតិនិយមបង់ក្លាសែត(BNP) បានរៀបចំការត៉វានេះ ដើម្បីអំពាវនាវឲ្យលោក Hasina លាលែងពីតំណែង មុនការបោះឆ្នោតសាកលនាខែមករាខាងមុខនេះ និងប្រគល់អំណាចដល់រដ្ឋាភិបាលស្តីទី ក៏ដូចជាដកចេញការចោទប្រកាន់ទាំងអស់លើប្រធានគណបក្ស BNP គឺលោកស្រី Khaleda Zia ដែលកំពុងធ្លាក់ខ្លួនឈឺ ដើម្បីឲ្យលោកស្រីអាចចាកចេញពីប្រទេសជាបន្ទាន់ ទៅរកការព្យាបាលជំងឺនៅបរទេស ។ ដោយឡែក គណបក្ស Jamaat-e-Islami ដែលជាអតីតដៃគូចម្រុះរបស់ BNP ចង់រៀបចំពិធីដង្ហែក្បួនខ្លួនឯងផងដែរ ប៉ុន្តែក្រុមនគរបាល ពុំបានអនុញ្ញាតឲ្យពួកគេជួបជុំគ្នានោះឡើយនៅទីតាំងក្បែរនោះ ៕

ព្យុះសង្ឃរា Otis បានសម្លាប់មនុស្ស ៣៩នាក់ ពេលបោកបក់ឆ្លងកាត់ប្រទេសម៉ិកស៊ិក

2023/10/29 10:21:56 am        173
ទាហាមកពីឆ្មាំជាតិម៉ិកស៊ិក បានចាប់ផ្តើមបោសសម្អាតកម្ទេចកម្ទីចេញពីផ្លូវនៅក្នុងទីក្រុង Acapulco កាលពីថ្ងៃសៅរ៍ ក្រោយព្យុះសង្ឃរា Otis បោកបក់លើទីក្រុងតំបន់ឆ្នេរប្រទេសម៉ិកស៊ិកមួយនេះ និងបានធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋ រាបដល់ដី ។ ព្យុះសង្ឃរានេះដែរ បានសម្លាប់មនុស្ស ៣៩នាក់ ។ ដោយប្រើរទេះរុញ ប៉ែល និងរណា ទាហានបានចាប់ផ្តើមបោសសម្អាតិគំនរបាក់បែកផ្ទះ ហាង និងអគារចេញពីដងផ្លូវនៅក្នុងទីក្រុង Acapulco ។ ខណៈពេលនោះដែរ គេបានមើលឃើញ ប្រជាពលរដ្ឋម៉ិកស៊ិក តម្រង់ជួរយ៉ាងវែង ដើម្បីចូលចាក់សាំងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុង Acapulco ។ ថ្លៃខូចខាតបណ្តាលមកពីព្យុះកម្រិតទី ៥ Otis ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលរាប់ពាន់លានដុល្លារ ហើយកងកម្លាំងប្រដាប់អាវុធជាង ៨ពាន់នាក់ ត្រូវបានបញ្ជូនទៅជួយស្តាឡើងវិញទីក្រុងកំពង់ផែមួយនេះ ៕

មនុស្ស២៨នាក់ស្លាប់ និង១៨នាក់ទៀត បាត់ខ្លួនក្នុងអគ្គិភ័យអណ្តូងរ៉ែ ArcelorMittal ប្រទេសកាហ្សាក់ស្ថាន

2023/10/29 10:18:52 am        211
ក្រសួងសង្រ្គោះបន្ទាន់ បាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោច ២៨នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយអគ្គិភ័យក្នុងអណ្តូងរ៉ែនៅប្រទេសកាហ្សាក់ស្ថាន ។ ប្រតិបត្តិករ ArcelorMittal Temirtau ដែលជាអង្គភាពក្នុងស្រុកនៃក្រុមហ៊ុនផលិតដែកថែបមានមូលដ្ឋាននៅប្រទេសលុចសំបួរ បាននិយាយថា មនុស្ស ២០៦នាក់ ក្នុងចំណោមមនុស្ស ២៥២នាក់ នៅអណ្តូងរ៉ែ Kostenko ត្រូវបានជម្លៀសចេញ ក្រោយផ្ទុះសារធាតុមេតាន ។ ពួកគេនិយាយថា មនុស្ស ១៨នាក់ ទទួលបានការព្យាបាល ។ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev ដែលបានសម្តែងមរណទុក្ខដល់គ្រួសារជនរងគ្រោះ និងបានប្រកាសថ្ងៃកាន់ទុក្ខជាតិនៅថ្ងៃទី ២៩ ខែតុលានេះ បានបញ្ជាគណៈរដ្ឋមន្រ្តីរបស់លោកឲ្យបញ្ឈប់ប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុន ArcelorMittal Temirtau ។ រដ្ឋាភិបាល និងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ពួកគេកំពុងធ្វើការជាមួយគ្នាបញ្ចប់កិច្ចព្រមព្រៀង ដើម្បីធ្វើជាតូបនីយកម្មក្រុមហ៊ុន ដែលប្រតិបត្តិការរោងចក្រដែកថែបធំបំផុតនៅក្នុងប្រទេសមួយនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM