ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

បេសកជនUN៖ ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅប្រទេសយ៉េម៉ែន រារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព

2023/08/17 11:26:00 am        126
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែនជាថ្មី កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ខណៈដែលប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់ ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។លោក Hans Grundberg តំណាងពិសេសរបស់UNប្រចាំប្រទេសយ៉េម៉ែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អរិភាពរវាងពួកឧទ្ទាមហ៊ូធី (Houthi) និងកងកម្លាំងរដ្ឋាភិបាល មិនបានវិលមករកកម្រិត នៅមុនពេលបទឈប់បាញ់រយៈពេល៦ខែ ដែលបានបញ្ចប់ក្នុងខែតុលា ប៉ុន្តែលោកបាននិយាយថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការបាញ់តគ្នានៅវិញទៅមក បានបន្ត។ លោកបានលើកឡើងនូវតំបន់ជួរមុខចំនួន៦។ ពួកគេរាប់បញ្ចូលទាំងទីក្រុងធំបំផុតទី៣ របស់យ៉េម៉ែនគឺ ទីក្រុងតៃ (Taiz) ដែលស្ថិតនៅក្រោមការឡោមព័ទ្ធដោយពួកហ៊ូធី ចាប់តាំងពីឆ្នាំ ២០១៦។ ទីក្រុងហូដេដា ( Hodeida) ជាកន្លែងដែលកំពង់ផែសំខាន់របស់យ៉េម៉ែនស្ថិតនៅ និងខេត្តម៉ារីប ( Marib) ភាគខាងកើតសម្បូរប្រេង ដែលពួកហ៊ូឌី ប៉ុនប៉ងដណ្តើមយកក្នុងឆ្នាំ២០២១។សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលពួកហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារចេញពីតំបន់ការពាររឹងមាំភាគខាងជើងរបស់ពួកគេ ហើយបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ក្នុងនាមរដ្ឋាភិបាល ហើយនៅពេលនោះជម្លោះ បានប្រែក្លាយទៅជាសង្រ្គាមមហាអំណាចរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់៕

មនុស្សរាប់ពាន់នាក់រត់គេចពីអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេល២៤ម៉ោងក្នុងរដ្ឋធានីប្រទេសហៃទី

2023/08/17 11:06:30 am        112
ហៃទី៖ អ្នកតាមដានស្ថានការណ៍ម្នាក់មកពីសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃអង្គារប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចចេញពីស្រុកមួយគ្រប់គ្រងដោយក្រុមជនអន្ធពាលក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ។  ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក កាហ្វ័រ ហ្វឺយ (Carrefour-Feuilles) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince) បាននិយាយថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង បំផុត ។  លោក បានប្រាប់សារព័ត៌មាន AFP ថា លោកមិនដឹងថាត្រូវទៅទីណាទេ  តែលោកត្រូវតែគេចចេញពីផ្ទះសម្បែងរបស់លោក។   យោងតាមការប៉ាន់ប្រមាណពីក្រសួងការពារជនស៊ីវិលហៃទី និងក្រុមមន្ត្រី មនុស្សយ៉ាងហោចណាស់៣.១២០នាក់ បានរត់ភៀសខ្លួនចេញពីស្រុកនេះ ។ស្រុកមួយនេះ តែងរងការវាយប្រហារជាទៀងទាត់ដោយក្រុមជនអន្ធពាល ដឹកនាំដោយ លោក រីណេល ដេស្ទីណា( Renel Destina) ត្រូវគេស្គាល់ថា Ti Lapli ដែល ត្រូវបានក្រុមអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ដោយសារការចាប់ជម្រិតពលរដ្ឋអាមេរិក។ ក្រុមអាជ្ញាធរហៃទី ក៏បាននិយាយផងដែរថា លំនៅឋានជាច្រើននៅក្នុងតំបន់នេះ ត្រូវបានដុតបំផ្លាញនិងមានមនុស្សបាត់បង់ជីវិតទៀតផង ប៉ុន្តែ ពួកគេពុំបានផ្ដល់ព័ត៌មានលម្អិតទេ។ គេបានមើលឃើញភាពរំជើបរំជួលបានកើតឡើងនៅតាមដងផ្លូវនានាក្នុងស្រុកនេះ កាលពីថ្ងៃអង្គារ ។ ប្រជាពលរដ្ឋខ្លះ ទូលវ៉ាស៊ីសម្លៀកបំពាក់នៅលើក្បាល ចំណែកអ្នកខ្លះទៀត ដឹកពូក និងគ្រឿងសង្ហារឹម តាមរថយន្តរបស់ពួកគេ៕

រុស្សីស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

2023/08/17 10:33:36 am        173
រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួន បានវាយបកជាច្រើនលើកទៅលើអ៊ុយក្រែនក្នុងទិសដៅនៃតំបន់ហ្សាប៉ូរ៉ូហ្ស៊ី ( Zaporozhy) លូហានស្ក៍ ( Luhansk) និង ដូណិតស្ក៍ (Donetsk) ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសពីវឌ្ឍនភាពក្នុងទិសដៅនៃ   តំបន់មេលីតូប៉ូល (Melitopol) និង ប៊ឺដ្យានស្ក៍ ( Berdiansk) នៅថ្ងៃតែមួយ។កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន នៅទីក្រុងដូណិតស្ក៍ និងស្ទាក់ចាប់មីស៊ីល HIMARS ចំនួន ៤ គ្រាប់ មីស៊ីល BM-30 ចំនួន ២ គ្រាប់ និងយានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន២៦គ្រឿង នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយនៅព្រឹកថ្ងៃពុធ ដោយនិយាយថា ប្រតិបត្តិការវាយលុក នៅតែកំពុងដំណើរការក្នុងទិសដៅនៃទីក្រុងមេលីតូប៉ូល និងប៊ឺដ្យានស្ក៍ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។របាយការណ៍នោះ បាននិយាយថា កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារចំនួន៧លើកទៅលើទាហាននិងយុទ្ធោបករណ៍របស់រុស្ស៊ី។ យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រាប់រ៉ុក្កែត និងកាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ក៏បានវាយប្រហារកាំភ្លើងធំរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅសំខាន់ៗផ្សេងទៀតផងដែរ៕

ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ ដុតព្រះវិហារ និងលំនៅឋាន ជុំវិញការជេរប្រមាថនៅប៉ាគីស្ថាន

2023/08/17 10:29:59 am        152
ប៉ាគីស្ថាន៖ នគរបាលបាននិយាយថា ក្រុមជនមូស្លីមរាប់ពាន់នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសប៉ាគីស្ថានបានដុតព្រះវិហារ និងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទជុំវិញការអះអាងដែលថាបុរសពីរនាក់បានប្រមាថគម្ពីរ គូរ៉ាន(Quran)។  នគរបាលបាននិយាយថា ព្រះវិហារយ៉ាងហោចណាស់៤កន្លែង ត្រូវបានដុតបំផ្លាញ ស្របពេលក្រុមអ្នកស្រុកបាននិយាយថា អគារជាច្រើនដែលនៅជាប់នឹងព្រះវិហាទាំងនោះ ក៏រត្រូវបានខូចខាត។ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង ចារ៉ានវ៉ាឡា (Jaranwala) ក្នុងខេត្ត ពុនចាប (Punjab) ខាងកើត ។ការប្រមាថ ត្រូវបានផ្តន្ទាទោសទោសប្រហារជីវិតនៅប៉ាគីស្ថាន។គ្មាននរណាម្នាក់ត្រូវបានគេប្រហារជីវិតទេពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។  សហគមន៍មូស្លីមត្រូវបានគេជឿថាមានជាង ៩៦% នៃចំនួនប្រជាជនរបស់ប៉ាគីស្ថាន។សារព័ត៌មាន Reuters បានរាយការណ៍ថា នគរបាលទទួលបន្ទុករឿងក្តីប្រឆាំងនឹងបុរសគ្រិស្តសាសនិកទាំងពីរនាក់បាននិយាយថា ពួកគេបានរកឃើញគម្ពីគូរ៉ានជាច្រើនទំព័រ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាឥស្លាម អមដោយការនិយាយប្រមាថដែលសរសេរជាពណ៌ក្រហម។លោក អាមៀ មៀ (Amir Mir) រដ្ឋមន្ត្រីមន្ទីរព័ត៌មានប្រចាំខេត្ត Punjab បានថ្កោលទោសចំពោះការប្រមាថដែលត្រូវបានចោទប្រកាន់ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន៕

អភិបាលរដ្ឋហាវ៉ៃ៖ ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនដល់១១០នាក់ហើយ

2023/08/17 10:11:24 am        206
អាមេរិក៖ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងចំហេះព្រៃកោះម៉ូអ៊ី ឥឡូវនេះមានចំនួន១១០នាក់ហើយ ខណៈដែលទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ ប្រឈមមុខនឹងសំណួរជាច្រើនពីការមិនបិទបណ្តាញអគ្គិសនី នៅពេលដែលខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់នេះ។កាលពីព្រឹកថ្ងៃពុធ ក្រុមហ៊ុនដែលដំណើរការបណ្តាញឧបករណ៍ចាប់សញ្ញានៅលើកោះម៉ូអ៊ី នេះ បាននិយាយថា ខ្លួនបានរកឃើញកំហុសបណ្តាញឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនម៉ោង មុនពេលចំហេះចាប់ផ្តើម។ កំហុសមួយក្នុងចំណោមនោះគឺជា "សៀគ្វីខ្លី ឬសៀគ្វីខ្លីមួយផ្នែក" ដែលបណ្តាលឱ្យមានចរន្តលើសលប់ហូរតាមប្រព័ន្ធអគ្គិសនី នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក។ក្រុមមន្ត្រីជំនាញកំពុងបន្តពន្លត់ភ្លើង ហើយមូលហេតុផ្លូវការនៃចំហេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ បាននិយាយថា ការផ្តោតការយកចិត្តទុកជាបន្ទាន់របស់ខ្លួន គឺទៅលើការស្តារថាមពលឡើងវិញដល់អតិថិជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រាអាសន្ន ព្រមទាំងការបង្កើតផែនការស្តារឡើងវិញរយៈពេលវែងផងដែរ។ចំហេះនៅទីក្រុងឡាហេណា នៅរដ្ឋហាវ៉ៃ ឥឡូវនេះ គឺជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ នេះបើយោងតាមការវិភាគរបស់រដ្ឋបាលអគ្គិភ័យរបស់សហរដ្ឋអាមេរិក និងអ្នកវិភាគរបស់សារព័ត៌មានCNN។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា សំណង់ប្រហែល២.២០០ទីតាំងត្រូវបានបំផ្លាញ ឬខូចខាតនៅលើកោះម៉ូអ៊ី ដែលចំនួន៨៦% នៃការខូចខាតទាំងនោះជាលំនៅឋានប្រជាជន៕

សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ

2023/08/17 10:07:07 am        199
ថៃ៖ ប្រធានសភាថៃបាននិយាយកាលពីថ្ងៃពុធថា សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីតុលាការបានច្រានចោលសំណើររបស់គណបក្សបោះជំហានទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកល ក្នុងការជំទាស់នឹងសមាជិកសភាពីការរារាំងបេក្ខជនរបស់ខ្លួនមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី។តុលាការធម្មនុញ្ញបានច្រានចោលញត្តិពីសម្ព័ន្ធមិត្តនៃគណបក្សនេះ លើលក្ខណៈបច្ចេកទេស ដោយលើកហេតុផលថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ ដែលត្រូវបានរដ្ឋសភារារាំងចំនួនពីរដងនោះ មិនស្ថិតក្នុងចំណោមអ្នកបណ្ដឹងជំទាស់ទាំងនោះទេ។ប្រទេសថៃ បានស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលចាំផ្ទះចាប់តាំងពីខែមីនាមក ហើយសភាបានជាប់គាំងអស់ជាច្រើនសប្តាហ៍ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីចលនាប្រឆាំងការបង្កើតរបស់គណបក្សបោះជំហានទៅមុខ បានជួបការជំទាស់យ៉ាងខ្លាំងក្លាពីសមាជិកសភាអភិរក្សនិយម ដែលចងសម្ព័ន្ធភាពជាមួយបក្សយោធារាជានិយម។គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ នៅក្នុងការបោះឆ្នោតសកល បានដកការគាំទ្ររបស់ខ្លួនសម្រាប់គណបក្សបោះជំហានទៅមុខ បន្ទាប់ពីការតែងតាំងលោក ភីថាជាថ្មី ត្រូវបានច្រានចោល។ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក សេដ្ឋា នឹងទទួលបានតំណែងបេក្ខជននាយករដ្ឋមន្រ្តី ទោះបីជាគ្មានការគាំទ្រពីបក្សបោះជំហានទៅមុខ ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសភាក៏ដោយ៕

[BREAKING NEWS]ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច

2023/08/17 08:38:05 am        218
UN៖ ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច  អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ កាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍៦៣នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងចេញពីប្រទេសសេណាហ្គាល់ ត្រូវបានគេប្រទះឃើញនៅក្បែរប្រជុំកោះខេបបវើដ(Cape Verde)របស់អាហ្វ្រិកខាងលិច។ អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោកស្រីសាហ្វាសេលី( Safa Msehli ) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែលមនុស្សប្រហែល៣៨នាក់ បានរួចជីវិត ពីសោកនាដកម្មនេះ រួមទាំងកុមារ៤នាក់ ដែលមានអាយុចន្លោះពី១២ និង១៦ឆ្នាំ។ នគរបាលនិយាយថា ទូកឈើនេសាទដ៏វែងមួយ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទនៅក្នុងសមុទ្រអាត្លង់ទិក (Atlantic Ocean) ចម្ងាយ២៧៧គីឡូម៉ែត្រពី តំបន់ទេសចរណ៍សាល(Sal) លើប្រជុំកោះខេបវើដ ។  ប្រជុំកោះខេប វើដ នេះ ស្ថិតនៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រក្បែរឆ្នេរនៅលើផ្លូវទឹកសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះខាណារី (Canary Islands) របស់ប្រទេសអេស្ប៉ាញ ដែលជាផ្លូវដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប។ លោកស្រី សេលី បានប្រាប់សារព័ត៌មាន AFP ថា អង្គភាពសេវាសង្រ្គោះបន្ទាន់បានរកឃើញសាកសពមនុស្សចំនួន៧នាក់ខណៈដែល៥៦នាក់ទៀត ត្រូវគេជឿថាកំពុងបាត់ខ្លួន។  យោងតាមទិន្នន័យពីអង្គការទេសន្តររប្រវេសន៍អន្តរជាតិ មនុស្សយ៉ាងហោចណាស់៥៥៩នាក់ បានស្លាប់ ពេលកំពុងព្យាយាមទៅឲ្យដល់ប្រជុំកោះកាណារី កាលពីឆ្នាំ២០២២ ខណៈដែលមនុស្ស១២៦នាក់ផ្សេងទៀត បានស្លាប់ ឬបាត់ខ្លួន នៅលើផ្លូវតែមួយក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ដោយមានបំណែកទូកចំនួន១៥ ត្រូវបានកត់ត្រា៕

អាជ្ញាធរខេត្តកំពង់ធំ៖ បញ្ហាទឹកល្អក់នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពពលរដ្ឋទេ

2023/08/17 06:42:40 am        594
កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹកនៅតប់អូរផ្អាវ និងតំបន់ស្រែព្រីង ដែលកាលពីពេលថ្មីៗនេះ មានការលើកឡើងថា ទឹកល្អក់ ដោយពលរដ្ឋសង្ស័យថា មានសាធាតុគីមី។នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣, លោក ងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង។ ក្នុងប្រតិបត្តិការនេះដែរ លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អកខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមី ហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែ មាសនៅតំបន់ភ្នំជី។ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែង ជាលទ្ធផលឃើញថា បញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាងក្រោម ព្រោះប៉ុន្មាន ថ្ងៃមុននេះ ភ្លៀងធ្លាក់ខ្លាំងជួនពេលដែលក្រុមជីកប្រឡាយក្រវ៉ាត់សម្រាប់ស្តុកយកទឹកប្រើប្រាស់នៅរដូវប្រាំង ជីកមិនទាន់រួចរាល់ ភ្លៀងធ្លាក់ខ្លាំងប៉ះលើដីដែលជីកថ្មីហូរនាំទៅតាមទឹកចូលក្នុងអូរផ្នែកទំនាប ធ្វើឲ្យទឹកនេះ ល្អក់ដោយមានលំអងដីនៅជាមួយ។លោកបញ្ជាក់ថា ទឹកនេះមិនមានធាតុណាមួយធ្វើ ឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងតំបន់នោះទេ ហើយបច្ចុប្បន្ន ទឹកចាប់ផ្តើមថ្លាឡើងវិញហើយ ចំពោះអាចម៍ដីដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទៀតដែរ។ បើទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលរខេត្តកំពង់ធំ នៅតែបន្តតាមដាន និងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។ លោក អគុណដល់ប្រជាពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរ និងបន្តសហការជាមួយប្រជាពលរដ្ឋបន្តទៀត៕

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និយាយសម្រាលពីផលប៉ះពាល់អាវុធលោកខាងលិចនៅអ៊ុយក្រែន

2023/08/16 02:08:40 pm        304
រុស្ស៊ី៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា កងកម្លាំងអ៊ុយក្រែន កំពុងបរាជ័យនៅលើសមរភូមិ ទោះបីជាជំនួយទាំងអស់ ពួកគេបានទទួលពីប្រទេសលោកខាងលិចក៏ដោយ។លោក Shoigu បានថ្លែងដូច្នេះ កាលពីថ្ងៃអង្គារនៅក្នុងជំនួបជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត នៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិ នៅជិតទីក្រុងមូស្គូ។រុស្ស៊ី បានទាញយកដៃគូជាច្រើនរបស់ខ្លួនខិតមកកាន់តែកៀក ចាប់តាំងពីមើលឃើញខ្លួនឯងថា នៅឯកោនៅឆាកពិភពលោក បន្ទាប់ពីបើកការវាយលុកទៅលើអ៊ុយក្រែន។ លោក Shoigu បានលើកឡើងពីយោបល់របស់លោកលើការវាយលុកប្រឆាំងអ៊ុយក្រែន ដោយនិយាយថា ការរុញច្រានបានបង្ហាញថា អាវុធរបស់លោកខាងលិចមិនអាចការពារបាន។ លោក Shoigu និយាយថា លទ្ធផលបឋមនៃសកម្មភាពប្រយុទ្ធបង្ហាញថា ធនធានយោធារបស់អ៊ុយក្រែន ចុះខ្សោយខ្លាំងបំផុត។ រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានចូលរួមនៅក្នុងវេទិកានេះ។ លោកបានចោទប្រកាន់មេដឹកនាំប្រទេសលោកខាលិចពីការបង្កហេតុលើគូប្រជែងរបស់ពួកគេ។ លោក Li និយាយថា សម្រាប់ភាពរង្គោះរង្គើរនៃពិភពលោកទាំងមូល យើងចំបាច់ត្រូវធ្វើការរួមគ្នា ដើម្បីទប់ទល់មធ្យោបាយណាមួយនៃការដាក់គំនាប។រុស្ស៊ី បានព្យាយាមនិយាយសម្រាលពីផលប៉ះពាល់នៃទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ចាប់តាំងពីការវាយលុកបានចាប់ផ្តើម៕

ក្រុមហ៊ុនGoogle នឹងបណ្តុះបណ្តាលជនជាតិនីហ្សេរីយ៉ាចំនួន២០.000នាក់ ក្នុងជំនាញឌីជីថល

2023/08/16 02:03:24 pm        156
អាហ្វ្រិក៖ ក្រុមអ្នកប្រតិបត្តិនៅអាហ្វ្រិករបស់ខ្លួន បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Google គ្រោងនឹងបណ្តុះបណ្តាលស្ត្រី និងយុវជននីហ្សេរីយ៉ាចំនួន ២០.០០០ នាក់ក្នុងជំនាញឌីជីថល និងផ្តល់ជំនួយចំនួន ១,២ពាន់លាន ណៃរ៉ា (១,៦ លានដុល្លារ) ដើម្បីជួយរដ្ឋាភិបាលក្នុងការបង្កើតការងារឌីជីថលមួយលានកន្លែង នៅក្នុងប្រទេសនេះ។ អនុប្រធានាធិបតី លោក កាស៊ីម សេតទីម៉ា ( Kashim Shettima) បានថ្លៃងប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Google Africa ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅទីក្រុងអាប៊ូចា ( Abuja)ថា ប្រទេសនីហ្សេរីយ៉ា គ្រោងបង្កើតការងារឌីជីថលសម្រាប់យុវជនដ៏ច្រើនរបស់ខ្លួន ។ លោកសេតទីម៉ា មិនបានផ្តល់ពេលវេលាសម្រាប់ការបង្កើតការងារនោះទេ។ក្រុមអ្នកប្រតិបត្តិក្រុមហ៊ុន Google Africa បាននិយាយថា ជំនួយពីអង្គការសប្បុរសធម៌របស់ខ្លួនក្នុងភាពជាដៃគូជាមួយបណ្តាញទិន្នន័យវិទ្យាសាស្ត្រនីហ្សេរីយ៉ា ( Data Science Nigeria) និងកម្មវិធីគំនិតផ្តួចផ្តើមឧស្សាហកម្មច្នៃប្រឌិតសម្រាប់ អាហ្វ្រិក (Creative Industry Initiative for Africa) នឹងជួយសម្រួលដល់គម្រោងនេះ។លោក សេតទីម៉ា បាននិយាយថា គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Google ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរួមរបស់យុវជននៅក្នុងសេដ្ឋកិច្ចឌីជីថល។ លោកបន្ថែមថា រដ្ឋាភិបាល ក៏កំពុងធ្វើការជាមួយធនាគាររបស់ប្រទេសនេះ លើគម្រោងនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM
លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump
07/05/2026 12:07 PM
កម្ពុជានឹងប្រជុំពិនិត្យលើបេក្ខជនចំនួន ៣រូបដើម្បីជ្រើសរើសយកមួយរូបធ្វើជាប្រធានក្រុមអ្នកផ្សះផ្សា
07/05/2026 11:07 AM
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាថ្មីចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងទឹកដីកម្ពុជា
07/05/2026 11:07 AM
ភ្លើងឆេះព្រៃរាលដាលយ៉ាងលឿននៅជិតទីក្រុង Thessaloniki ប្រទេសក្រិក បង្កឱ្យមានការជម្លៀសប្រជាជន
07/05/2026 11:07 AM
គ្រួសារកងទ័ព៥០គ្រួសារនៅស្រុកវ៉ារិនទទួលបានអំណោយស្បៀង និងថវិកាពីតំណាងរាស្ត្រសៀមរាប
07/05/2026 11:07 AM
មេដឹកនាំអ៊ុយក្រែន៖លោកបាននិយាយជាមួយលោកTrump ដោយអំពាវនាវឱ្យមានដំណោះស្រាយជួយបញ្ចប់សង្គ្រាម
07/05/2026 11:07 AM
ពលរដ្ឋខេត្តកំពង់ចាមទទួលបានការពិនិត្យភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃពីគ្រូពេទ្យនៃវិទ្យាស្ថានភ្នែកនេប៉ាល់
07/05/2026 11:07 AM