ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីការពារជាតិចិន ព្រមានកោះតៃវ៉ាន់ ពីការលេងជាមួយភ្លើង អំឡុងពេលកិច្ចប្រជុំក្នុងប្រទេសរុស្ស៊ី

2023/08/16 01:58:32 pm        166
ចិន៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វ៊ូ បានព្រមានទល់នឹងការលេងជាមួយភ្លើង នៅពេលដែលកោះតៃវ៉ាន់ ស្ថិតនៅក្នុងរបាំងមុខរបស់សហរដ្ឋអាមេរិក ខណៈលោកបានថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខនៅក្នុងប្រទេសរុស្ស៊ី។ដោយថ្លែងនៅក្នុងសន្និសិទទីក្រុងមូស្គូ ស្តីពីសន្តិសុខអន្តរជាតិ លោក លី បាននិយាយថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ទល់នឹងប្រទេសចិន នឹងប្រាកដជាបញ្ចប់ដោយការបរាជ័យ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងមួយនេះ ហើយបានប្តេជ្ញាថា នឹងក្រសោបដីកោះនេះ ដោយប្រើប្រាស់កម្លាំងប្រសិនបើចាំបាច់។ ចិនបានរិះគន់ម្តងហើយម្តងទៀតនូវអន្តរកម្មរបស់អាមេរិក ជាមួយកោះនេះ ដែលទីក្រុងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតជាផ្លូវការ រួមទាំងការលក់អាវុធរបស់អាមេរិកទៅទីក្រុងតៃប៉ិ ផងដែរ។ដំណើរទស្សនកិច្ចនេះ ជាដំណើរលើកទីពីររបស់លោក លី សម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពីទទួលតួនាទីជាប្រមុខការពារជាតិកាលពីដើមឆ្នាំនេះមក។ ដំណើរទស្សនកិច្ចនេះធ្វើឡើងខណៈទីក្រុងប៉េកាំង បានបន្តពង្រឹងទំនាក់ទំនងសន្តិសុខរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាការវាយលុកដោយឥតឈប់ឈររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ជាមួយនឹងផលប៉ះពាល់ជាសកលក៏ដោយ៕

អត្រាអត់ការងារធ្វើរបស់ចក្រភពអង់គ្លេសកើនឡើង ខណៈប្រាក់ឈ្នួលកើនឡើងក្នុងល្បឿនលឿនបំផុតក្នុងកំណត់ត្រា

2023/08/16 01:54:34 pm        210
អង់គ្លេស៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា អត្រាអត់ការងារធ្វើរបស់ចក្រភពអង់គ្លេស បានកើនឡើងក្នុងរយៈពេលបីខែដល់ចុងខែមិថុនា ខណៈដែលប្រាក់ឈ្នួលបានកើនឡើងក្នុងល្បឿនលឿនបំផុតប្រចាំឆ្នាំ ពេលដែលសេដ្ឋកិច្ចកំពុងជួបផលលំបាកជាមួយនឹងអតិផរណាខ្ពស់។ ការិយាល័យស្ថិតិជាតិ (ONS) បាននិយាយថា ចំនួនមនុស្សដែលអត់ការងារបានកើនឡើងដល់៤,២ភាគរយបើធៀបនឹងតួលេខ ៤ភាគរយក្នុងរយៈពេលបីខែដល់ចុងខែឧសភា។ លោក Darren Morgan នាយកស្ថិតិសេដ្ឋកិច្ចនៅការិយាល័យ ONS បាននិយាយថា កំណើននោះគឺជាចម្បងដោយសារតែមនុស្សចំណាយរយៈពេលយូរក្នុងការស្វែងរកការងារ ជាងអ្នកដែលបានចាប់ផ្តើមស្វែងរកការងារនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសបានកត់សម្គាល់ថា អត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេស គឺទាបជាងប្រទេសកាណាដា បារាំង អ៊ីតាលី អេស្ប៉ាញ និងតំបន់ចាយប្រាក់អឺរ៉ូ។ខណៈដែលអត្រាគ្មានការងារធ្វើ គឺខ្ពស់បំផុតចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១មក ក្រសួងបានបន្ថែមថា តួលេខនោះនៅតែទាបតាមស្តង់ដារប្រវត្តិសាស្ត្រ។ តួលេខការិយាល័យ ONS ក៏បានបង្ហាញផងដែរថា ប្រាក់ឈ្នួលទៀងទាត់មិនរាប់បញ្ចូលប្រាក់រង្វាន់ គឺខ្ពស់ជាង៧,៨ភាគរយក្នុងរយៈពេលបីខែដល់ចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រទេសអ៊ុយក្រែនបានប្រើយានដ្រូនពិសោធន៍វាយប្រហារលើស្ពានរបស់រុស្ស៊ី

2023/08/16 12:19:01 pm        155
អ៊ុយក្រែន៖ សេវាកម្មសន្តិសុខអ៊ុយក្រែន (SBU) បានចេញផ្សាយវីដេអូផ្តាច់មុខដល់សារព័ត៌មានCNN ដែលបង្ហាញពីពេលវេលា នៅក្នុងខែកក្កដា នៅពេលដែលពួកគេ បានប្រើយានដ្រូនសមុទ្រពិសោធន៍ ដើម្បីវាយប្រហារស្ពានរបស់រុស្ស៊ី ទៅកាន់តំបន់គ្រីម៉េដែលបានដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ក្រុងមូស្គូ ដោយផ្តល់ព័ត៌មានលម្អិតថ្មីអំពីការវាយប្រហារ និងការព្រមានថានឹងមានការវាយប្រហារបន្ថែមទៀត។នេះគឺជាលើកទីមួយហើយដែលSBUបានប្រកាសទទួលខុសត្រូវដោយបើកចំហចំពោះប្រតិបត្តិការនេះ។ការវាយប្រហារកាលពីថ្ងៃទី១៧ ខែកក្កដា បានបណ្តាលឲ្យខូចខាតដល់គន្លងផ្លូវនៃស្ពាននោះ ហើយយោងទៅតាមក្រុមមន្រ្តីរុស្ស៊ី បានបណ្តាលឲ្យជនស៊ីវិលពីរនាក់ស្លាប់។ វាគឺជាការវាយប្រហារលើកទីពីរលើផ្លូវឆ្លងកាត់ដ៏សំខាន់ ហើយបានបង្ហាញពីការលំបាកក្នុងការការពារបណ្តាញតភ្ជាប់ឯករាជ្យតែមួយគត់របស់រុស្ស៊ីទៅកាន់ឧបទ្វីបនេះ។ស្ពាននេះ ត្រូវបានបើកដោយមានពិធីដ៏អធឹកអធមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ ២០១៨ ហើយជានិមិត្តរូបនៃបំណងប្រាថ្នារបស់លោកក្នុងការកាន់កាប់អ៊ុយក្រែន និងភ្ជាប់វាជាមួយប្រទេសរុស្ស៊ីជារៀងរហូត។ វាក៏ជាបណ្តាញផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅគ្រីម៉េផងដែរ៕

ប្រទេសចិនចង់ពង្រឹងទំនាក់ទំនងការពារជាតិជាមួយអ៊ីរ៉ង់ និងបេឡារុស

2023/08/16 12:16:39 pm        229
ចិន៖ រដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វី (Li Shangfu) បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការការពារជាតិរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ និងបេឡារុស ជាសម្ព័ន្ធមិត្តរុស្ស៊ីទាំងពីរ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។ការអធិប្បាយនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលសន្និសីទក្រុងមូស្គូស្តីពីសន្តិសុខអន្តរជាតិ ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មាន Semafor បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ កំពុងរៀបចំសាងសង់រោងចក្រផលិតយានដ្រូនៅក្នុងប្រទេសបេឡារុស ដែលជាការសម្រេចមួយ ដែលអាចបង្កើនសមត្ថភាពរបស់រុស្ស៊ីក្នុងការវាយប្រហារអ៊ុយក្រែន។ប្រទេសចិន កំពុងប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការពង្រីកភាពជាដៃគូយោធារបស់ខ្លួនជាសកល ដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ហើយភាគច្រើននៃការផ្តោតអារម្មណ៍នេះ គឺផ្តោតលើអាស៊ី អឺរ៉ាស៊ី និងចុងប៉ាស៊ីហ្វិក។អង្គការសហប្រតិបត្តិការសៀងហៃដែលដឹកនាំដោយប្រទេសចិន ដែលប្រទេសអ៊ីរ៉ង់ថ្មីៗនេះ បានក្លាយជាសមាជិក គឺជាយានមួយក្នុងចំណោមយានសំខាន់ៗរបស់ទីក្រុងប៉េកាំង ដើម្បីពង្រីកលទ្ធភាពរបស់ខ្លួន។ នៅក្នុងសុន្ទរកថារបស់គាត់ លោក លី បានពណ៌នាបេឡារុសថា នឹងក្លាយជា«សមាជិកនៅពេលឆាប់ៗរបស់អង្គការនេះ៕

ប្រទេសប៉ូឡូញ បង្ហាញសាច់ដុំយោធាក្នុងក្បួនព្យុហយាត្រាដ៏ធំ ផ្ញើសារទៅរុស្ស៊ី ខណៈសង្រ្គាមកាន់តែខ្លាំងនៅអ៊ុយក្រែន

2023/08/16 12:13:45 pm        100
ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានប្រារព្ធក្បួនព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្រ្គាមត្រជាក់ បានកើតឡើង នៅទីក្រុងវ៉ាសូវី (Warsaw) កាលពីថ្ងៃអង្គារទី១៥សីហា ស្របពេលប្រទេសសមាជិកសម្ព័ន្ធយោធាណាតូមួយនេះ បានបង្ហាញសាច់ដុំយោធារបស់ខ្លួន ជាអ្វីដែលរដ្ឋាភិបាលនេះសង្ឃឹមថា នឹងជាសារមួយទាំងទៅកាន់ទីក្រុងមូស្គូ ទាំងអ្នកបោះឆ្នោតមុនការបោះឆ្នោតនៅខែតុលាឆ្នាំនេះ ។  ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យការពង្រឹងកងកម្លាំងប្រដាប់អាវុធ ក្លាយជាអាទិភាពមួយសម្រាប់គណបក្សច្បាប់និងយុត្តិធម៌ក្រុមជាតិនិយម(PiS) ដែលកំពុងកាន់អំណាចរបស់ប្រទេសប៉ូឡូញ ទន្ទឹមនឹងយុទ្ធនាការបោះឆ្នោតដ៏ពេញទំហឹង ជាការបង្ហាញនូវអាវុធធុនធ្ងន់ដ៏សម្បើមនេះ បានហុចឱកាសមួយក្នុងការបំផ្លាញអត្តសញ្ញាណសន្តិសុខរបស់ខ្លួន។ក្បួនដង្ហែនៃទិវាព្យុហយាត្រាកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃខួបជ័យជម្នះរបស់ប្រទេសប៉ូឡូញលើកងទ័ពក្រហម ក្នុងសមរភូមិនៃរដ្ឋធានីវ៉ាសូវី កាលពីឆ្នាំ១៩២០ មានទាហានចំនួន២ពាន់នាក់ មកពីប្រទេសប៉ូឡូញ និងបណ្ដាប្រទេសផ្សេងទៀតនៃសមាជិកសម្ព័ន្ធយោធាណាតូ អមដោយគ្រឿងយុទ្ធោបករណ៍ចំនួន២០០ ប្រភេទ និងយន្តហោះចំនួន៩២គ្រឿង។ គ្រឿងយុទ្ធោបរករណ៍ដែលបានដាក់បង្ហាញ នោះ រាប់បញ្ចូលទាំង រថក្រោះអាប្រាហាំ M1A1 ទិញពីសហរដ្ឋអាមេរិក រថក្រោះ K2 និងកាំភ្លើងធំK9 ទិញពីកូរ៉េខាងត្បូង ក៏ដូចជាជើងទម្របាញ់គ្រាប់រ៉ូកែតចល័តទីរហ័សឬ HIMARS ប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ( Patriot) និងយានប្រយុទ្ធថ្មើរជើងបូស៊ុក (Borsuk ) ផលិតនៅប្រទេសប៉ូឡូញ៕

ប្រទេសឥណ្ឌនេស៊ី ចាប់ខ្លួនជនសកម្មប្រយុទ្ធជុំវិញផែនការវាយប្រហារទីបញ្ជាការនគរបាល

2023/08/16 12:11:00 pm        105
ឥណ្ឌនេស៊ី៖ អង្គភាពប្រឆាំងភេរវកម្មរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃអង្គារ បានប្រកាសពីការចាប់ខ្លួនជនភក្តីភាពរដ្ឋឥស្លាម (IS) ដែលត្រូវបានសង្ស័យថា បានរៀបចំផែនការវាយប្រហារលើទីបញ្ជាការនៃកងសន្តិសុខរបស់នគរបាល។បុរសនេះ ត្រូវបានគេឃុំខ្លួននៅក្នុងការវាយឆ្មក់លើផ្ទះរបស់ខ្លួននៅខាងក្រៅរដ្ឋធានីហ្សាការតា កាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលនោះ ទង់IS គ្រាប់រំសេវ និងអាវុធចំនួន១៦ដើម ត្រូវបានរកឃើញ ដែលភាគច្រើនជាកាំភ្លើងខ្លី និងកាំភ្លើងខ្យល់ឆ្នៃ នេះបើយោងតាមលោក Aswin Siregar អ្នកនាំពាក្យនៃកងកម្លាំងប្រឆាំងភេរវកម្ម Densus 88 របស់ប្រទេសឥណ្ឌូនេស៊ី។ លោកAswinបាននិយាយថា ជនសង្ស័យដែលជាបុគ្គលិកក្រុមហ៊ុនផ្លូវដែករបស់រដ្ឋមួយ បានប្រាប់អាជ្ញាធរអំពីផែនការរបស់គាត់ក្នុងការវាយលុកស្នាក់ការនគរបាល ប៉ុន្តែមិនបានផ្តល់ពេលវេលា ឬហេតុផលអ្វីនោះទេ។លោកបានបន្ថែមថា ជនសង្ស័យដែលធ្លាប់ជាសមាជិកនៃអង្គការសកម្មប្រយុទ្ធដែលលែងដំណើរការ បានបង្ហោះខ្លឹមសារគាំទ្រក្រុមរដ្ឋឥស្លាម (IS) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានស្វែងរកការរៃអង្គាសមូលនិធិសម្រាប់អំពើជ្រុលនិយមតាមរយៈកម្មវិធីផ្ញើសារTelegram៕

នាយករដ្ឋមន្ត្រីនីហ្សេនៅក្នុងប្រទេសឆាដខណៈអាមេរិកនិងរុស្ស៊ីជំរុញឱ្យមានជម្រើសការទូតក្នុងវិបត្តិនេះ

2023/08/16 12:08:01 pm        105
នីហ្សេ៖ នាយករដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ បានធ្វើទស្សនកិច្ចដោយមិនប្រកាសទៅកាន់ប្រទេសឆាដជិតខាងកាលពីថ្ងៃអង្គារ ខណៈបណ្តារដ្ឋនៅអាហ្វ្រិកខាងលិចរៀបចំកិច្ចពិភាក្សាដើម្បីពិចារណាលើលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធាក្នុងបំណងផ្លាស់ប្តូររដ្ឋប្រហាររបស់ប្រទេសនេះ ហើយសហរដ្ឋអាមេរិក និងរុស្ស៊ី បានជំរុញឱ្យមានដំណោះស្រាយផ្នែកការទូតចំពោះវិបត្តិ។ រដ្ឋាភិបាលឆាដ បាននិយាយនៅលើបណ្តាញសង្គម Facebook ថា លោក Ali Mahaman Lamine Zeine ជាជនស៊ីវិល ត្រូវបានតែងតាំងដោយមេដឹកនាំយោធាដែលបានបណ្តេញប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ចេញពីតំណែងកាលពីថ្ងៃទី ២៦ ខែកក្កដា បានមកដល់ប្រទេសឆាដ សម្រាប់ដំណើរទស្សនកិច្ចការងារ។ ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីប្រទេសឆាដ លោក Mahamat Idriss Deby Itno លោក Zeine បាននិយាយថា លោកបាននាំយកសារនិយាយអំពី «អ្នកជិតខាងល្អ និងភាតរភាពល្អ» ពីប្រមុខរបបប្រទេសនីហ្សេ។លោកបាននិយាយថា «យើងកំពុងស្ថិតក្នុងដំណើរការនៃការផ្លាស់ប្តូរ យើងបានពិភាក្សាពីបញ្ហាផ្ទៃក្នុង និងខាងក្រៅ ហើយបាននិយាយឡើងវិញនូវលទ្ធភាពរបស់យើងដើម្បីរក្សាការបើកចំហរ និងពិភាក្សាជាមួយគ្រប់ភាគីទាំងអស់ ប៉ុន្តែបានទទូចទាមទារឯករាជ្យភាពរបស់ប្រទេសយើង។ លោក Deby ជាអ្នកមានតួនាទីសំខាន់នៅក្នុងតំបន់ Sahel ដែលមានអស្ថិរភាព បានជិះយន្តហោះទៅកាន់រដ្ឋធានី Niamey ប្រទេសនីហ្សេ រយៈពេលបួនថ្ងៃបន្ទាប់ពីរដ្ឋប្រហារ។ រូបថតជាច្រើន ក្រោយមកបានបង្ហាញរូបលោកនៅជិតលោក Bazoum ដែលត្រូវបានឃុំឃាំង ហើយដាច់ដោយឡែកជាមួយមេដឹកនាំម្នាក់នៃរបបនេះគឺឧត្តមសេនីយ Salifou Mody៕

ការស្វែងរកអ្នករស់រានមានជីវិតក្រោយទឹកជំនន់នៅឥណ្ឌា ខណៈបំណាក់ដីសម្លាប់មនុស្ស ៦៥នាក់

2023/08/16 12:04:28 pm        117
ឥណ្ឌា៖ កាលពីថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរក សម្រាប់អ្នកដែលត្រូវបានគេព្រួយបារម្ភថានៅបាត់ខ្លួននៅក្នុងទឹកជំនន់ និងបំណាក់ដី ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦៥ នាក់ស្លាប់នៅក្នុងប្រទេសឥណ្ឌា រួមទាំង ១១ នាក់បានស្លាប់នៅក្នុងការបាក់រលំព្រះវិហារដ៏ពេញនិយមមួយកន្លែង។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានវាយបក់នាំយកយានយន្ត បំផ្លាញអគារ និងបំផ្លាញស្ពានជាច្រើនកន្លែងនៅតំបន់ភ្នំហិម៉ាឡៃ។ ទឹកជំនន់ និងបំណាក់ដី ជារឿងធម្មតា ហើយបណ្តាលឱ្យមានការបំផ្លាញយ៉ាងច្រើនក្នុងអំឡុងរដូវភ្លៀងមូសុងរបស់ប្រទេសឥណ្ឌា ប៉ុន្តែអ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុកំពុងបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរ។យ៉ាងហោចណាស់មនុស្ស ៥២ នាក់បានស្លាប់នៅក្នុងរដ្ឋ Himachal Pradesh ចាប់តាំងពីថ្ងៃអាទិត្យ ដោយមនុស្សរាប់ពាន់នាក់ទៀតជាប់គាំងខ្លួនបន្ទាប់ពីការកាត់ផ្តាច់ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងបណ្តាញទំនាក់ទំនង។ រដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Sukhvinder Singh Sukhu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃចន្ទថា បុគ្គលិកជាច្រើនត្រូវបានដាក់ពង្រាយតាមដែលអាចធ្វើទៅបានក្នុងការងារសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់។ ការងារនឹងបន្តដើម្បីព្យាយាមផ្តល់ជំនួយដល់ប្រជាជន។ លោក Sukhu បាននិយាយកាលពីពេលមុនថា រហូតមនុស្សរហូតដល់២០ នាក់ផ្សេងទៀតត្រូវបានគេព្រួយបារម្ភថាជាប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីបំណាក់ដី ហើយបានអំពាវនាវដល់ពលរដ្ឋឱ្យស្នាក់នៅក្នុងលំនៅឋាន និងជៀសវាងការធ្វើដំនើរទៅជិតទន្លេ។ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតំបន់លោក Aditya Negi បានប្រាប់សារព័ត៌មាន AFP ថា ការងារជួយសង្គ្រោះកំពុងបន្ត ហើយរដ្ឋបានកាត់បន្ថយការប្រារព្ធពិធីប្រចាំឆ្នាំកាលពីថ្ងៃអង្គារនូវទិវាឯករាជ្យ ជាការប្រារព្ធការបញ្ចប់នៃសម័យកាលអាណានិគមចក្រភពអង់គ្លេស ដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ៕

មេបញ្ជាការទីពីររបស់កងទ័ពស៊ូដង់ និយាយថាសង្គ្រាមនឹងបញ្ចប់ដោយការចរចា

2023/08/16 12:00:06 pm        140
ស៊ូដង់៖ មន្ត្រីជាន់ខ្ពស់ស៊ូដង់ម្នាក់បាននិយាយថា ផែនការមួយគួរតែត្រូវបានដាក់ចេញដើម្បីបញ្ចប់ជម្លោះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ស្របពេលអំពើហិង្សានៅតែបន្តកើតមាននៅក្នុងប្រទេសនេះ។ អនុប្រធានក្រុមប្រឹក្សាអធិបតេយ្យរបស់ប្រទេសស៊ូដង់ លោក Malik Agar បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចាំផ្ទះមួយត្រូវតែបង្កើតឡើង ខណៈដែលការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានឈានចូលដល់ខែទីប្រាំរបស់ខ្លួន។លោក Agar បាននិយាយនៅក្នុងការបន្ទន់ជំហររបស់កងទ័ពស៊ូដង់ ដោយលើកឡើងពីផលលំបាកដែលប្រជាពលរដ្ឋបានស៊ូទ្រាំថា «នៅចុងបញ្ចប់ សង្រ្គាមនេះនឹងត្រូវបញ្ចប់នៅតុចរចា»។ លោក Agar បាននិយាយថា ការផ្តោតសំខាន់របស់រដ្ឋាភិបាលបច្ចុប្បន្ន គឺដើម្បីបញ្ចប់សង្រ្គាម ហើយសម័យក្រោយសង្រ្គាមនឹងផ្តោតលើការស្ដារប្រទេសឡើងវិញ និងការកសាងឡើងវិញនូវស្ថាប័នរដ្ឋ។លោកបានអំពាវនាវឲ្យមានការពិភាក្សាគ្រប់ជ្រុងជ្រោយ ពីសកម្មជននយោបាយស៊ីវិលទាំងអស់ក្នុងប្រទេសដោយមិនមានការលើកលែង។ លោក Agar ក៏បាននិយាយដែរថា អំពើហិង្សាគួរតែបញ្ចប់ដោយកងទ័ពរួបរួមតែមួយក្នុងប្រទេស។ កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ដើម្បីចរចាបទឈប់បាញ់ត្រូវបានជាប់គាំង ហើយភ្នាក់ងារមនុស្សធម៌បានជួបការលំបាកក្នុងការផ្តល់ជំនួយដោយសារតែអសន្តិសុខ ការលួចប្លន់ និងឧបសគ្គខាងការិយាធិបតេយ្យផងដែរ៕

ជម្លោះរវាងគូបដិបក្ខ នៅប្រទេសលីប៊ី បានផ្អាកការប្រយុទ្ធនៅរដ្ឋធានីទ្រីប៉ូលី ដោយមានអ្នកស្លាប់២៧នាក់

2023/08/16 11:56:48 am        139
លីប៊ី៖ គូបដិបក្ខប្រដាប់អាវុធដ៏មានឥទ្ធិពលចំនួនពីរក្រុម បានប្រយុទ្ធគ្នាក្នុងរដ្ឋធានីនៃប្រទេសលីប៊ី កាលពីថ្ងៃអង្គារ ក្នុងអំពើហិង្សាដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងឆ្នាំនេះ ប៉ុន្តែការប៉ះទង្គិចគ្នាយ៉ាងសាហាវបានស្ងប់ស្ងាត់ បន្ទាប់ពីភាគីម្ខាង បានដោះលែងមេបញ្ជាការម្នាក់ ដែលការឃុំខ្លួនរបស់មេបញ្ជាការនោះ បានបង្កឱ្យមានការប្រយុទ្ធគ្នានេះ។ទីភ្នាក់ងារសុខភាពរដ្ឋធានីទ្រីប៉ូលី បាននិយាយថា មនុស្ស២៧នាក់ បានស្លាប់ និងជាង១០០នាក់ បានរងរបួស ក្នុងអំពើហឹង្សានេះ ដោយមិនបាននិយាយថាតួលេខនេះរួមមានទាំងអ្នកប្រយុទ្ធ និងជនស៊ីវិលឡើយ។ កងកម្លាំងការពារពិសេស និងកងពលតូចលេខ៤៤៤ គឺជាកងកម្លាំងយោធាដ៏ខ្លាំងក្លាបំផុតចំនួនពីរក្រុម នៅក្នុងរដ្ឋធានីទ្រីប៉ូលី ហើយការប្រយុទ្ធរបស់ពួកគេចាប់តាំងពីល្ងាចថ្ងៃចន្ទ បានធ្វើឱ្យរង្គោះរង្គើទូទាំងរដ្ឋធានី។ផ្សែងខ្មៅបានហុយពាសពេញផ្នែកខ្លះនៃទីក្រុងនេះ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃអង្គារ ហើយសំឡេងនៃផ្ទុះអាវុធធុនធ្ងន់ បានលាន់ឡើងពាសពេញផ្លូវ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើងនៅតំបន់ជាយក្រុងផ្សេងៗគ្នា។ គូបដិបក្ខប្រយុទ្ធទាំងពីរក្រុមនេះ បានគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៃការរួបរួមជាតិ (GNU) ក្នុងអំឡុងពេលការប្រយុទ្ធគ្នារយៈពេលខ្លីកាលពីឆ្នាំមុន ហើយការប្រយុទ្ធគ្នាភ្លាមៗរបស់ពួកគេ បានបំផ្លាញភាពស្ងប់ស្ងាត់ជាច្រើនខែនៅទីក្រុងទ្រីប៉ូលី នេះ ដោយសង្កត់ធ្ងន់លើហានិភ័យនៅក្នុងជម្លោះដែលនៅតែមិនទាន់ដោះស្រាយបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM
លោក Trump អបអរសាទរទិវាឯករាជ្យជាតិលើកទី២៥០ អមដោយការបាញ់កាំជ្រួចភ្ញី និងក្បួនយន្តហោះ
07/05/2026 01:07 PM
KCNA៖លោក Xi ត្រៀមខ្លួនធ្វើការជាមួយលោក Kim សម្រាប់ចំណងមិត្តភាពចិន-កូរ៉េខាងជើងប្រកបដោយស្ថិរភាព
07/05/2026 01:07 PM
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន
07/05/2026 01:07 PM
លោក Putin និង លោក Zelenskyy មានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Trump
07/05/2026 12:07 PM
កម្ពុជានឹងប្រជុំពិនិត្យលើបេក្ខជនចំនួន ៣រូបដើម្បីជ្រើសរើសយកមួយរូបធ្វើជាប្រធានក្រុមអ្នកផ្សះផ្សា
07/05/2026 11:07 AM
កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាថ្មីចំពោះការបន្តរំលោភបំពានរបស់ថៃលើអធិបតេយ្យ និងទឹកដីកម្ពុជា
07/05/2026 11:07 AM
ភ្លើងឆេះព្រៃរាលដាលយ៉ាងលឿននៅជិតទីក្រុង Thessaloniki ប្រទេសក្រិក បង្កឱ្យមានការជម្លៀសប្រជាជន
07/05/2026 11:07 AM
គ្រួសារកងទ័ព៥០គ្រួសារនៅស្រុកវ៉ារិនទទួលបានអំណោយស្បៀង និងថវិកាពីតំណាងរាស្ត្រសៀមរាប
07/05/2026 11:07 AM