សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

សន្តិសុខ និង សង្គម

ករណីជំងឺគ្រុនចាញ់នៅអាមេរិកលើកដំបូង ត្រូវបានពិនិត្យរោគវិនិច្ឆ័យក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះនៅរដ្ឋ Florida និង Texas

2023/06/27 12:22:58 pm        192
អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងបាននិយាយកាលពីថ្ងៃចន្ទថា ករណីជំងឺគ្រុនចាញ់ចំនួន៥ករណី ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋ Florida និងរដ្ឋ Texas ជាលើកដំបូងដែលជំងឺចម្លងដោយសត្វមូសអាចបណ្តាលឱ្យស្លាប់ត្រូវបានគេរកឃើញក្នុងតំបន់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល ២០ឆ្នាំមកនេះ។ ទីភ្នាក់ងារនេះ បាននិយាយថា ករណីចំនួនបួនករណីនៅក្នុងរដ្ឋ Florida រួមជាមួយនឹង១ករណីទៀតនៅរដ្ឋតិចសាស់ ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យឃើញក្នុងរយៈពេលពីរខែ។រដ្ឋ Florida បាននិយាយថា ករណីលើកដំបូងរបស់ខ្លួនត្រូវបានពិនិត្យរោគវិនិច្ឆ័យកាលពីថ្ងៃទី ២៦ ខែឧសភានៅតំបន់ Sarasota ខណៈក្រុមមន្រ្តីនៅរដ្ឋតិចសាស់ បាននិយាយនៅថ្ងៃទី ២៣ ខែមិថុនាថាពលរដ្ឋនៅរដ្ឋតិចសាស់ម្នាក់ដែលធ្វើការនៅខាងក្រៅនៅតំបន់ Cameron ត្រូវបានគេពិនិត្យរោគវិនិច្ឆ័យថាមានជំងឺនេះ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បាននិយាយនៅក្នុងការព្រមានមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទថា ជំងឺគ្រុនចាញ់ត្រូវបានចាត់ទុកថាជាគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត ហើយអ្នកដែលមានរោគសញ្ញាគួរតែត្រូវបានវាយតម្លៃជាបន្ទាន់។ទោះជាយ៉ាងណា មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លង (CDC) បាននិយាយថា ហានិភ័យនៃជំងឺគ្រុនចាញ់ នៅតែមានកម្រិតទាបនៅក្នុងសហរដ្ឋអាមេរិក ហើយករណីភាគច្រើនត្រូវបានកើតឡើងនៅពេលដែលមនុស្សធ្វើដំណើរទៅក្រៅប្រទេស។ ទីភ្នាក់ងារសុខាភិបាលបាននិយាយថា ៩៥ ភាគរយនៃករណីឆ្លងមេរោគគ្រុនចាញ់ត្រូវបានឆ្លងនៅក្នុងទ្វីបអាហ្រ្វិក៕

រលកកម្តៅនៅអេស្ប៉ាញធ្វើឲ្យក្មេងៗលេងសប្បាយក្រោមទឹកបាញ់ ខណៈដែលកម្មករកាត់បន្ថយម៉ោងធ្វើការ

2023/06/27 12:14:19 pm        136
អេស្ប៉ាញ៖ រលកកម្តៅដំបូងក្នុងឆ្នាំនេះនៅប្រទេសអេស្ប៉ាញ បង្ខំឲ្យអ្នកថែសួននៅទីក្រុង Madridឈប់ធ្វើការមុនម៉ោងធម្មតាកាលពីថ្ងៃចន្ទម្សិលមិញ ហើយក្មេងៗ ព្យាយាមគេចចេញពីកម្តៅព្រះអាទិត្យដ៏ក្តៅនេះ ដោយនាំគ្នានៅខាងក្រោមកន្លែងទឹកបាញ់ ។  រលកកម្តៅនេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតមានរហូតដល់ថ្ងៃពុធ មិនត្រឹមតែនៅក្នុងតំបន់សហគមន៍ Andalusia មួយប៉ុណ្ណោះទេ ប៉ុន្តែនៅទីក្រុង Madrid តំបន់សហគមន៍ Extremadura និងតំបន់សហគមន៍ Castilla-La Mancha ផងដែរ ជាទីដែលសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេ ឬ ៤២អស្សាសេរ ។ វាពិតជាក្តៅខ្លាំងណាស់ ។  អ្នកស្រី Elvira Martinez គឺជាពលរដ្ឋមួយរូបវ័យ ២៧ឆ្នាំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ខណៈពេលដែលកូនៗរបស់គាត់លេងសប្បាយលើឆ្នេរទីក្រុង Madrid ដែលមានទឹកបាញ់ជាច្រើននៅតាមដងទន្លេ Manzanares ថា ក្មេងៗមកទីនេះ ដើម្បីឲ្យត្រជាក់ខ្លួន ដោយសារនៅផ្ទះ ពួកគេមិនអាចទ្រាំបាននោះទេ ។  គួរឲ្យដឹងថា រលកកម្តៅនៅក្នុងខែមិថុនា បានកើតឡើងញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយនៃការឡើងសីតុណ្ហភាព ដែលក្រុមអ្នកវិទ្យាសាស្រ្ត និងអ្នកជំនាញអាកាសធាតុ សន្និដ្ឋានថាបណ្តាលមកពីសកម្មភាពរបស់មនុស្ស ។  លោក Ruben del Campo គឺជាអ្នកនាំពាក្យទីភ្នាក់ងារឧតុនិយមជាតិ (AEMET)បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងព្រឹត្តការណ៍ជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក Teresa Ribera ថា កាលពីរយៈពេលជាង ១០ឆ្នាំមុន រលកកម្តៅពុំដែលកើតមានញឹកញាប់បែបនេះទាល់តែសោះ ប៉ុន្តែនៅក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ ភាពញឹកញាប់នៃរលកកម្តៅក្នុងខែមិថុនា បានកើនឡើងបីដង ៕

ព្យុះភ្លៀងបោកបក់មកលើតំបន់ជាច្រើនរបស់ចិន បណ្តាលឲ្យមានទឹកជំនន់ទ្រង់ទ្រាយធំ

2023/06/27 12:07:25 pm        158
ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទៅលើតំបន់ជាច្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឲ្យកើតមានទឹកជំនន់ជន់លិចដីកសិកម្ម បង្អាក់ដល់ការធ្វើចរាចរណ៍ និងធ្វើឲ្យអ្នកស្រុកជាប់ខ្លួន ។  ទីក្រុង Qiyang (ឈីយ៉ាង)ស្ថិតនៅខេត្តភាគកណ្តាល Hunan(ហ៊ូណាន)របស់ចិន បានកើតមានទឹកជំនន់ខ្ពស់បំផុតកាលពីរសៀលថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា និងការរំដោះទឹកជន់ពីផ្នែកខាងលើនៃទន្លេ Xiangjiang (ហ៊្សាំងជាំង)។  នៅក្នុងភូមិ Dongchuan(ទុងឈ័ន) ទឹកជន់បានហូរប្រៀបច្រាំងទន្លេហៀរដល់ផ្លូវថ្នល់ និងផ្ទះកញ្ចក់ ហើយវាលស្រែសងខាងផ្លូវ ត្រូវបានជន់លិចអស់ ។  ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក បានរៀបចំឲ្យអ្នកភូមិជម្លៀសខ្លួនចេញ និងផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ។ មកទល់នឹងពេលនេះ មនុស្ស ៨៩៤នាក់ ត្រូវបានជម្លៀសចេញ ។  ភ្លៀងធ្លាក់ឥតឈប់ឈរ បានបោកបក់លើទីក្រុង Hezhou (ហ៊ើចូវ)តំបន់ស្វយ័តភាគខាងត្បូង Guangxi Zhuang (ក្វាងហ្ស៊ី ជ័ង)អស់រយៈពេលជាច្រើនថ្ងៃមកហើយ ធ្វើឲ្យជន់លិចផ្លូវជនបទ និងបង្កឲ្យកើតមានបំណាក់ដីនៅទីនោះផងដែរ ។  ផ្លូវសំខាន់ៗជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះ ត្រូវបានជន់លិចជម្រៅទឹក ២០សង់ទីម៉ែត្រ កាលពីថ្ងៃអាទិត្យ ។  ក្រុមអាជ្ញាធរក្នុងស្រុក បានដាក់ពង្រាយរថយន្តបូមភក់ និងក្រុមការងារសង្រ្គោះបន្ទាន់ទៅកាន់តំបន់ជនបទផ្សេងៗជាច្រើន ដើម្បីធានាដល់ការធ្វើចរាចរណ៍ធម្មតា ។ ខណៈពេលនោះដែរ មនុស្ស ៧នាក់ ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន ក្រោយហេតុការណ៍បំណាក់ដី ២លើកបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅស្រុក Wenchuan (វិនឈ័ន) ខេត្ត Sichuan (ស៊ីឈ័ន) ភាគនិរតីប្រទេសចិន នាព្រឹកថ្ងៃអង្គារនេះ ៕

ភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យផ្លូវថ្មើរជើង នៅក្រុងប៊ែរឡាំង ជន់លិច

2023/06/27 11:23:15 am        90
អាល្លឺម៉ង់៖ ភ្លៀងធ្លាក់រយៈពេលខ្លី ប៉ុន្តែមានសភាពខ្លាំងក្លា នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ (ទី២៦ ខែមិថុនា) ដោយបានធ្វើឲ្យអ្នកជិះកង់ និងអ្នកថ្មើរជើងត្រូវទទឹក ដោយសារពួកគេត្រូវដើរលុយទឹកដែលលិចដល់ស្មងជើង នៅគ្រប់កន្លែង។ភ្លៀងបានធ្លាក់បន្ទាប់ពីមានអាកាសធាតុក្ដៅហើយសើម ដែលឃើញថា សីតុណ្ហភាពឡើងខ្ពស់ដល់ ៣០អង្សាសេ។ ការិយាល័យអាកាសធាតុអាល្លឺម៉ង់ បានចេញសេចក្ដីព្រមានអំពីព្យុះ និងការធ្លាក់ព្រិល នៅផ្នែកខ្លះនៃទីក្រុងប៊ែរឡាំង និងទីក្រុងប៊្រេនដែនប៊ើក (Brandenburg) ខណៈដែលការិយាល័យអគ្គិភ័យ បានប្រកាសអំពី «ស្ថានភាពមិនប្រក្រតី» នៅលើទំព័របណ្ដាញសង្គម Twitter របស់ខ្លួន។គេឃើញថា ការធ្វើចរាចរណ៍មិនសូវជាមមាញឹក ដោយសារភ្លៀងនេះ ហើយសេវាដឹកជញ្ជូនសាធារណៈ S-Bahn នៅទីក្រុងប៊ែរឡាំង បានប្រកាសផ្ដល់ដំណឹងថា នឹងមានការលុបចោល និងការពន្យារពេលទាំងស្រុងនូវបណ្តាញដឹកជញ្ជូនរបស់ខ្លួន៕

ខ្មាន់កាំភ្លើងដែលបាញ់ប្រហារសម្លាប់មនុស្ស៥នាក់ នៅក្លឹបរាត្រីភេទទី៣នៅរដ្ឋខូឡូរ៉ាដូ ផ្ដល់ចម្លើយពីភាពមានទោស ត្រូវជាប់ពន្ធនគារអស់មួយជីវិត

2023/06/27 10:55:00 am        119
អាមេរិក៖ ជនសង្ស័យក្នុងការបាញ់ប្រហារដ៏រង្គាល ដែលបានស្លាប់មនុស្ស៥នាក់ នៅក្លឹបកម្សាន្តរាត្រីភេទទី៣ Colorado Springs កាលពីឆ្នាំ២០២២ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីផ្ដល់ចម្លើយពីភាពមានទោសចំពោះឃាតកម្ម និងបទចោទប្រកាន់ផ្សេងទៀត ក្នុងការវាយប្រហារនេះ។ ការកាត់ទោសជនល្មើស Anderson Lee Aldrich កើតឡើងត្រឹមតែ៧ខែ បន្ទាប់ពីការបាញ់ប្រហារ និងទុកឲ្យជីវិតគ្រួសាររបស់ក្រុមជនរងគ្រោះ និងអ្នកនៅរស់រានមានជីវិត រង់ចាំការកាត់ក្តីដ៏យូរ និងពោពេញដោយការឈឺចាប់។ ជនល្មើស Aldrich ដែលបានបដិសេធមិននិយាយទៅកាន់តុលាការមុនការកាត់ទោស បានផ្ដល់ចម្លើយពីភាពមានទោសនៃអំពើឃាតកម្មចំនួន៥ករណី និង៤៦ករណីពីបទប៉ុនប៉ងនុស្សឃាត។លោក Aldrich ក៏បានអង្វរកុំឲ្យបែងចែកគ្នាចំពោះឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួនពីរ មួយបទឧក្រិដ្ឋ និងមួយទៀតជាបទមជ្ឈិម។គួររម្លឹកថា កាលពីថ្ងៃទី ១៩ខែវិច្ឆិកា ឆ្នាំ ២០២២ ជនជាប់ចោទ Aldrich ដែលបានពាក់អាវក្រោះ បានបើកការបាញ់ប្រហារនៅក្លឹប Q ដែលជាក្លឹបរាត្រីសម្រាប់ភេទទី៣ LGBTQ នៅសហរដ្ឋអាមេរិក ។ ក្រៅពីអ្នកដែលត្រូវបានសម្លាប់ មនុស្សជិត២០នាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើង ឬរបួសដោយសារវត្ថុផ្សេងទៀត មុនពេលត្រូវបានបញ្ឈប់ ។ Aldrich ដែលមានអាយុ២២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣២៣ ករណី ៕

ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្ដាលឲ្យមានទឹកជំនន់ នៅភាគកណ្ដាលឈីលី

2023/06/27 10:40:10 am        95
ឈីលី៖ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានធ្វើឲ្យទឹកទន្លេនៃប្រទេសឈីលីឡើងខ្ពស់ រហូតបង្កទៅជាទឹកជំនន់បិទផ្លូវ និងបង្ខំឲ្យមានការជម្លៀសចេញនៅតំបន់ភាគកណ្តាលប្រទេស ដែលនេះជាអ្វីដែលត្រូវបានគេចាត់ទុកថា ជាការប្រឈមនឹងអាកាសធាតុដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍។រូបភាព ដែលថតពីលើអាកាស បានបង្ហាញឲ្យឃើញពីភូមិ លំនៅឋាន និងដំណាំផ្សេងៗ នៅភាគកណ្តាលនៃប្រទេសឈីលី បានលិចបាត់ក្នុងទឹកជំនន់ ដោយអ្នកស្រុក និងលំនៅឋានជាច្រើនខ្នង ត្រូវជាប់នៅក្នុងផលវិបាកដែលបំផ្លាញខ្ទេចខ្ទី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ដំណាក់ដំបូងនេះ មានការរាយការណ៍ថា មនុស្សពីរនាក់ បានស្លាប់ ក្នុងគ្រោះទឹកជំនន់នេះ ខណៈ ៣នាក់ទៀត បាត់ខ្លួន ហើយអ្នកស្រុកជាង ៤០០នាក់ បានបាត់បង់លំនៅឋានរបស់ពួកគេ។ ការបិទផ្លូវ និងទឹកជំនន់ដ៏ធំនេះ បានជំរុញឲ្យអាជ្ញាធរជួយសង្គ្រោះជនរងគ្រោះ ដោយប្រើឧទ្ធម្ភាគចក្រ និងទូកជាច្រើនគ្រឿង ហើយជាមួយគ្នានេះ រដ្ឋាភិបាលបានសម្រេចប្រកាសតំបន់គ្រោះមហន្តរាយពីតំបន់ Valparaiso ទៅតំបន់ BioBio។បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យអាកាសធាតុមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយភ្លៀងធ្លាក់ នៅប្រទេសឈីលីនេះ កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីមានចំហេះព្រៃ ចំពេលមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានបំផ្លាញលំនៅឋានរាប់រយខ្នង និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ បាត់បង់ជីវិត៕

មនុស្ស៣នាក់ស្លាប់ និងលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញបន្ទាប់ពីព្យុះបោកបក់នៅតំបន់Midwest សហរដ្ឋអាមេរិក

2023/06/27 10:32:41 am        87
អាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ព្យុះកួចនិងព្យុះភ្លៀង បានបោកបក់នៅតំបន់Midwest និងភាគខាងត្បូងសហរដ្ឋអាមេរិក បានបណ្តាលឱ្យលំនៅឋានរាប់សិបខ្នងត្រូវបានបំផ្លាញ និងយ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់នៅក្នុងរដ្ឋ Indiana និង Arkansas ។អង្គភាពសេវាអាកាសធាតុជាតិបាននិយាយថា ខ្យល់កួចជាច្រើន និងខ្យល់ព្យុះខ្លាំង ត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យនៅភាគកណ្តាលរដ្ឋ Indiana និងរដ្ឋ Arkansas ។មន្ត្រីសង្គ្រោះបន្ទាន់ មកពីតំបន់ Martin រដ្ឋ Indiana បានបញ្ជាក់ថា មានអ្នកស្លាប់ម្នាក់នៅក្នុងតំបន់នេះ។ នាយកគ្រប់គ្រងគ្រោះអាសន្ន លោក Cameron Wolf បាននិយាយថា ដៃគូដែលរងរបួសរបស់ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ពួកគេរស់នៅក្នុងលំនៅឋានសង់ពីឈើពីរជាន់ ដែលត្រូវបានបំផ្លាញដោយព្យុះ។ ការិយាល័យតម្រួតតំបន់ Lonoke បានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីដើមឈើមួយដើមបានបាក់រលំលើលំនៅឋានមួយខ្នងក្នុងទីក្រុង Carlisle រដ្ឋ Arkansas ដោយសារតែខ្យល់ព្យុះខ្លាំងកាលពីថ្ងៃអាទិត្យ។ យោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃចន្ទ អតិថិជនប្រើប្រាស់អគ្គិសនីប្រហែល៥សែននាក់បានប្រឈមការដាច់ចរន្តអគ្គិសនីដោយសារតែអាកាសធាតុនៅតំបន់ Midwest និងនៅភាគខាងត្បូង សហរដ្ឋអាមេរិក៕

ឧតុនិយមឥណ្ឌាព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ពីខ្លាំងដល់កម្រិតធ្ងន់ធ្ងរ ក្នុងរដ្ឋចំនួន៨ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា

2023/06/27 10:29:37 am        96
ឥណ្ឌា៖ មន្ទីរឧតុនិយមឥណ្ឌា (IMD) កាលពីថ្ងៃចន្ទបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងក្លាបំផុត នៅក្នុងរដ្ឋមួយចំនួនរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។ មន្ទីរអាកាសធាតុក៏បានចេញសេចក្ដីជូនដំណឹងផងដែរអំពីភ្លៀងធ្លាក់ខ្លាំងសម្រាប់ស្រុកមួយចំនួននៃរដ្ឋ រាជស្ថាន (Rajasthan) រដ្ឋ ម៉ាត់យ៉ាប្រទេស (Madhya Pradesh)រដ្ឋ ឆាទីសហ្គា(Chhattisgarh) រដ្ឋ ឧត្តារខណ្ឌ (Uttarakhand) រដ្ឋ ហិម៉ាឆាលប្រទេស(Himachal Pradesh)រដ្ឋអាសាំ (Assam) និងរដ្ឋ ម៉េហ្គាឡាយ៉ា ( Meghalaya) ។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ខ្លួន មន្ទីរអាកាសធាតុបាននិយាយថា ស្ថានភាពខ្យល់មូសុងសកម្មទំនងជាបន្តធ្លាក់លើភាគខាងកើត ភាគពាយ័ព្យ និងភាគខាងលិចប្រទេសឥណ្ឌាក្នុងរយៈពេល ៥ទៅ៥ ថ្ងៃបន្ទាប់។ មន្ទីរឧតុនិយមខាងលើនេះបាននិយាយថា សម្រាប់តំបន់ភាគឦសាន មន្ទីរឧតុនិយម បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំង នៅរដ្ឋ អាសាំ រដ្ឋម៉េហ្គាឡាយ៉ា និង រដ្ឋ អារុណាចាល់ ប្រទេស (Arunachal Pradesh) នៅថ្ងៃទី២៩ និង៣០ ខែមិថុនា។ "ភ្លៀងធ្លាក់ខ្លាំងនៅដាច់តំបន់ស្រយាលក៏ទំនងជានៅលើផ្នែកខ្លះនៃប្រទេសឥណ្ឌាខាងកើតក្នុងអំឡុងពេលពីរថ្ងៃបន្ទាប់ និងលើភាគឦសាននៃប្រទេសឥណ្ឌាក្នុងអំឡុងពេល ៥ ថ្ងៃបន្ទាប់។  នៅភាគពាយព្យ រដ្ឋ រាជស្ថាន ត្រូវបានគេរំពឹងថានឹងមើលឃើញពីភ្លៀងធ្លាក់ខ្លាំង ដល់ខ្លាំងបំផុតនៅថ្ងៃទី ២៩ ខែមិថុនា និង ភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃទី ២៧ និង ២៨ ខែមិថុនា។ រដ្ឋ អុត្តារខណ្ឌ និង រដ្ឋ ហិម៉ាចាលប្រទេស ត្រូវបានគេរំពឹងថានឹងវាយប្រហារដោយ ភ្លៀងធ្លាក់ខ្លាំងដល់ខ្លាំងបំផុត រហូតដល់ថ្ងៃទី២៨ ខែមិថុនា។ ការិយាល័យអាកាសធាតុបានចេញសេចក្ដីជូនដំណឹង 'ពណ៌លឿងទុំ' សម្រាប់រដ្ឋឧត្តារខណ្ឌ ទាំងមូលសម្រាប់ថ្ងៃអង្គារនេះ និងការជូនដំណឹង 'ពណ៌លឿង' រហូតដល់ថ្ងៃទី ៣០ ខែមិថុនានេះ៕

មនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស ក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅស៊ុយអែត

2023/06/26 01:41:47 pm        114
ស៊ុយអែត៖ ទីភ្នាក់ងារសារព័ត៌មាន TT បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់សួនកម្សាន្ត Grona Lund របស់ប្រទេសស៊ុយអែត ថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងឧបទ្ទវហេតុធ្លាក់រថភ្លើងហោះលើអាកាស នៅសួនកម្សាន្តក្នុងរដ្ឋធានីនៃប្រទេសនេះ កាលពីថ្ងៃអាទិត្យ (ទី២៥ មិថុនា)។ទូរទស្សន៍រដ្ឋ SVT ដោយដកស្រង់សម្ដីរបស់សាក្សីដែលឃើញផ្ទាល់ភ្នែក បានផ្សាយថា រថភ្លើងហោះ Jetline របស់សួនកម្សាន្តនេះ បានរត់ខុសផ្លូវមួយផ្នែក អំឡុងពេលជិះលេងនោះ។ គេឃើញថា រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្របានមកដល់ឧទ្យាន ហើយនគរបាលបានប្រាប់ថា កំពុងស៊ើបអង្កេត ចំពោះហេតុការណ៍នេះ។សួនកម្សាន្ត Grona Lund បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្យានដែលមានអាយុកាល ១៤០ឆ្នាំនេះ ត្រូវបានបិទជាបណ្ដោះអាសន្នសិន រហូតដល់មានការជូនដំណឹងបន្ថែម។ អ្នកនាំពាក្យមិនអាចទាក់ទងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយបានទេ។តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន សួនកម្សាន្តបានឲ្យដឹងថា រថភ្លើងហោះ Jetline មានផ្លូវរត់ក្នុងល្បឿនរហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ ៣០ម៉ែត្រ ដោយមានអ្នកមកជិះលេងជាង ១លាននាក់ ក្នុងមួយឆ្នាំៗ៕

ព្យុះកួចដ៏ខ្លាំងក្លាបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក

2023/06/26 01:37:45 pm        116
  អាមេរិក៖ យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ព្យុះកួចដ៏ខ្លាំងក្លា បានបោកបក់កម្ទេចអគារជាច្រើនខ្នងនៅរដ្ឋ Indiana សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ស្របពេលដែលព្យុះភ្លៀង បំផ្លិចបំផ្លាញស្រុកជាច្រើននៅតំបន់ភាគខាងត្បូងនៃទីក្រុង Indianapolis បណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងមនុស្សម្នាក់ផ្សេងទៀត រងរបួស  រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គមថតបានរូបភាពដ៏គួររន្ធត់ ពេលដែលព្យុះកួច បោកបក់ឆ្លងកាត់ទីក្រុង Greenwoodស្ថិតក្នុងស្រុក Johnson ដោយកួចកម្ទេចកម្ទីឡើងលើអាកាស ។  លោក Duane E. Burgess គឺជាតម្រួតស្រុក Johnson បញ្ជាប់ពីការខូចខាតទ្រង់ទ្រាយធំនៅតំបន់ជិតខាង និងផ្ទះសម្បែងប្រជាពលរដ្ឋ ។ លោកបានអំពាវនាវដល់សាធារណជន ពុំត្រូវធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់នោះទេ ស្របពេលដែលការបិទផ្លូវជាច្រើនខ្សែ បានចូលជាធរមានរួចទៅហើយ ។  ពុំទាន់មានការវាយតម្លៃពេញលេញការខូចខាត និងគ្រោះថ្នាក់នៅឡើយទេនៅស្រុក Johnson ប៉ុន្តែក្រុមមន្រ្តីបានបញ្ជាក់ថា មនុស្សម្នាក់ បានស្លាប់ នៅស្រុក Martin ដោយសារព្យុះនេះ ខណៈដែលសេវាកម្មឧតុនិយមជាតិ បន្តឃ្លាំមើលព្យុះកួច នៅក្នុងរដ្ឋរហូតដល់ល្ងាចថ្ងៃអាទិត្យ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក កើនជាង ២០% ក្នុង​ឆមាសទី១ ឆ្នាំនេះ
07/10/2026 01:07 PM
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ
07/10/2026 01:07 PM
ក្រសួងបរិស្ថានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦
07/10/2026 01:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត
07/10/2026 01:07 PM
រដ្ឋសភានឹងបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥
07/10/2026 01:07 PM
ការប្រកួតហែលទឹកកុមារ លើកទី៣ វិលត្រឡប់មកវិញ សហព័ន្ធគ្រោងនឹងរៀបចំនៅដើមខែក្រោយ
07/10/2026 01:07 PM
អ្នកនាំពាក្យរដ្ឋាភិបាល ណែនាំឱ្យនិស្សិតខិតខំសម្រួចខ្លួនក្លាយជាមនុស្សពូកែ និងមានសមត្ថភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ
07/10/2026 12:07 PM
សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសចំនួន ៩៤នាក់
07/10/2026 12:07 PM
រុស្ស៊ី ថា ខ្លួនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេស រួមទាំងពីប្រព័ន្ធ Patriot របស់អាមេរិកដែរ
07/10/2026 12:07 PM
ក្រុមអ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ រំខានដល់សង្កាត់ Alexandra របស់ប្រទេសអាហ្វ្រិកខាងត្បូង
07/10/2026 12:07 PM