ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យការដ្ឋានសាងសង់ អគារខុនដូរមួយកន្លែង មានយីហោ W

2022/07/13 07:31:11 pm        1703
ភ្នំពេញ៖ ក្រោយមានការសំណូមពរ និង​ត្អូញត្អែរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ដែលបានលើកឡើងថា ការដ្ឋាន​មួយកន្លែងនៅជាប់សាលាខណ្ឌទួលគោក កំពុងសាងសង់​ រំលោភលើចិញ្ចើមផ្លូវ បង្កការ​កកស្ទះ និងខ្វះលក្ខណៈបច្ចេកទេស ​គ្មាន​ស្តង់ដារ​ អាច​បង្ក​ហានិភ័យ និងគ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នក​ធ្វើដំណើរ។ទីតាំងការដ្ឋានកំពុង​សាងសង់​ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៦ ​កែងផ្លូវលេខ៣២៩ ភូមិ៣ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ។ជាក់ស្ដែង​នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួល​គោក ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​រដ្ឋបាលខណ្ឌ​ចុះត្រួតពិនិត្យ និងធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់គម្រោង​សាងសង់​ការដ្ឋាន ​ដើម្បីធ្វើ​យ៉ាង​ឲ្យ​មាន​សុវត្ថិភាព ​សណ្ដាប់ធ្នាប់ ​អនាម័យ​ល្អ និង​មិន​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់សាធារណៈ។ក្នុងការចុះត្រួតពិនិត្យនេះដែរ​លោក ទៀវ សំអឿន ​អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ចំពោះទីតាំង​ការដ្ឋាននេះ​ មាន​ច្បាប់​អនុញ្ញាត​សាងសង់​ត្រឹម​ការ​សាងសង់​ក្នុង​ទំហំដីក្នុងប្លង់​ត្រឹមត្រូវ​ពុំបាន​រំលោភ​ចិញ្ជើម​ផ្លូវសាធារណៈឡើយ ​មាន​ព័ទ្ធ​សំណាញ់​និង​របាំង​ដែក​ ការពារ​ធ្លាក់​របស់​របប គ្រប់ជាន់​ ជៀសវាង​បង្កហានិភ័យ​ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរជាដើម។លោក អភិបាលរងខណ្ឌ បានបន្ថែមទៀតថា ចំពោះដែលថា ការដ្ឋានបង្កការកក់​ស្ទះនោះ គឺមាន​បន្តិចបន្តួច ប៉ុន្តែពេលចាក់បេតុងម្ដងៗ ​គឺអាជ្ញាធរអ​នុញ្ញាត​ឲ្យបិទផ្លូវតែមួយចំហៀងប៉ុណ្ណោះ ពុំដែល​អនុញ្ញាត​បិទផ្លូវទាំងស្រុងឡើយ៕ អត្ថបទ៖ កុម្ភៈ 

នគរបាលបញ្ជូនខ្លួនជនជាតិចិន ១១នាក់ទៅតុលាការ ពាក់ព័ន្ធករណកែច្នៃផលិតគ្រឿងញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន

2022/07/13 06:32:41 pm        2203
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិចិន ១១នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបានរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។គួរបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី ០៤-០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោក វរសេនីយ៍ឯក តោ ដារិទ្ធ. លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា. លោក វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួលដោយ លោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ហោ លីណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល.លោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំដូងខេត្តស្វាយរៀង និងលោក ចាន់ វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ។  សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង។បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕(ដោយ៖ កុម្ភៈ )

អាជ្ញាធរស្រុកបូទុមសាគរចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះរងផលប៉ះពាល់លិចផ្ទះ និងបាត់បង់សត្វពាហនៈ

2022/07/13 06:18:53 pm        577
កោះកុង៖ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ ដោយមានអាជ្ញាធរភូមិឃុំ ព្រឹកថ្ងៃទី១៣ ខែកក្កដានេះ បានចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយ:ពេល២ថ្ងៃកន្លងមកនេះ។លោកអភិបាលស្រុក ក៏បានណែនាំដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នមើលថែកូនចៅ និងរៀបចំទុកដាក់សម្ភារៈអោយនៅលើទីទួល កុំឱ្យមានការខូច ឬបាត់បង់បន្តទៀត។ ករណីស្ថានភាពជន់លិចកាន់តែខ្លាំង អាជ្ញាធរត្រៀមជួយសង្រ្គោះ។ ការរងផលប៉ះពាល់ដោយព្យុះភ្លៀងនេះពុំបង្កឱ្យពលរដ្ឋបាត់បង់ជីវិតនោះឡើយ ដោយខូចខាតផ្ទះសម្បែង គោក្របី បច្ចុប្បន្ន អាជ្ញាធរកំពុងចុះស្រង់ស្ថិតិពលរដ្ឋរងគ្រោះបន្ត៕ (ដោយ៖ឈឹម មករា)

អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១​ មានជាងបីពាន់នាក់

2022/07/07 08:03:16 pm        1962
ភ្នំពេញ៖ មនុស្សយ៉ាងតិចចំនួន ៩៤២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ២.២៣៥នាក់ នៅក្នុងរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២២នេះ បើ​ប្រៀបធៀប​និងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១កន្លងទៅ កើនឡើងរហូតដល់៣៤៨លើក ស្មើ២៨%។ មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ច្រើនជាងគេគឺដោយសារតែល្មើសល្បឿន និងមិនគោរពសិទ្ធិជាដើម។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។របាយការណ៍ បានបង្ហាញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ​២០២២​នេះ បានកើតឡើងសរុប ១.៦០៩លើក ក្នុងនោះពេលយប់ ៥៧ភាគរយ បានបណ្តាល​ឲ្យស្លាប់៩៤២នាក់ ​និងរបួស២.២៣៥នាក់(ធ្ងន់១.៤២៩នាក់)។របាយការណ៍ បានបញ្ជាក់ថា មូលហេតុបង្កគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣៨% បើកបរ​មិនគោរព​សិទ្ធិ២៤% មិនប្រកាន់ស្តាំ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយាន២% និងងងុយ១% ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% (៧៥៩/៩៤២នាក់) មានអ្នកមិន​ពាក់មួក​សុវត្ថិភាព​ចំនួន៧៤%(៥៥៨/៧៥៩នាក់)។របាយការណ៍ដដែល បានបន្ថែមទៀតថា ​គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៤៥៨លើក ខេត្តកណ្ដាល ១១៧លើក និង ខេត្តព្រះសីហនុ ៩៧លើក។ ១.បើគិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើន ៣៤៨លើក ស្មើ២៨% (១.៦០៩/១.២៦១) ​ចំនួន​អ្នកស្លាប់កើន ២៣៣នាក់ ស្មើ៣៣% (៩៤២/៧០៩ន) និង​ចំនួនអ្នក​របួស​កើន ៤៤៣នាក់ ស្មើ២៥% (២.២៣៥/១.៧៩២ន)៕ អត្ថបទ៖ បាន ចក់

ផ្ទុះអាវុធចំនួន១០គ្រាប់ ក្នុងផ្ទះវីឡាមួយកន្លែងនៅសង្កាត់បឹងកេងកងទី១ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ

2022/07/05 11:10:06 pm        1283
ភ្នំពេញ៖ ផ្ទុះអាវុធចំនួន១០គ្រាប់ ក្នុងផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ នៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឱ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ មូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ចំណែកខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថា ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយនៅតូបយាមជាប់ទ្វារផ្ទះ ខណៈនោះខ្មាន់កាំភ្លើង​បាន​ជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់ យកតែម្ដងបណ្ដាល​ឲ្យ​ជនរងគ្រោះស្លាប់ភ្លាមៗនៅតូបយាម អង្គុយលើកៅអី។ ភ្លាមៗនោះបុរសដៃដល់ ធ្វើ​សកម្មភាពរួចជិះម៉ូតូគេចខ្លួនចេញតែម្ដង។ប្រភពពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា គាត់លឺសូរសំលេងផ្ទុះអាវុធចំនួន៧គ្រាប់ មួយ​សន្ទុះក្រោយមក​លឺសូរផ្ទុះអាវុធចំនួន៣គ្រាប់​បន្ទាប់ទៀត ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ​និង​សមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ ​កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំង​ការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់រាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ចុះមកដល់ទីតាំងកន្លែងកើតហេតុ ​ធ្វើការពិនិត្យ​នឹង​កោសល្យវិច្ឆ័យ រួចបានប្រគល់សពជូន​គ្រួសារ​ធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ៖ កុម្ភៈ

កម្លាំងសមត្ថកិច្ចប្រតិបត្តិការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សជាង៣០នាក់

2022/06/30 02:40:05 am        638
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន។ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច៕

ទីតាំងចាក់បាល់អនឡាយមួយកន្លែង នៅក្រុងខេមរភូមិន្ទ បើកយូរឆ្នាំហើយ សមត្ថកិច្ចទើបបង្រ្កាប

2022/06/28 10:53:03 pm        1247
កោះកុង៖ ទីតាំងលេងល្បែងស៊ីសងចាក់បាល់តាមអនឡាយមួយកន្លែងស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានបើកឱ្យពលរដ្ឋញៀនល្បែងចូលលេងយ៉ាងស៊េរីយូរឆ្នាំមកហើយ លុះបែកការណ៍សមត្ថកិច្ច ទើបថាមានចំណាត់ការបង្រ្កាប។ក្រុមប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងល្បែងស៊ីសងចាក់បាល់អនឡាយ១កន្លែងនោះ នៅម្តុំរង្វង់​មូលលោយាយរែកផ្លែឈើ ជាកម្មសិទ្ធអ្នកមានអំណាចម្នាក់ដែលពុំត្រូវបានគេស្គាល់ឈ្មោះ។ពលរដ្ឋ បានបន្ថែមទៀតថា រាល់សកម្មភាពលេងល្បែងស៊ីសងគ្រប់ប្រភេទជាទង្វើខុសច្បាប់ និងបង្កឱ្យអសន្តិសុខសណ្តាប់ធ្នាប់ អំពើហឹង្សា ព្រមទាំងកកើតមានបទល្មើសផ្សេងៗក្នុងមូលដ្ឋាន ទោះយ៉ាងណាគេនៅពុំឃើញមានអាជ្ញាធរសមត្ថកិច្ចណាមួយហ៊ានមកចុះបង្រ្កាបនោះទេ ដោយបណ្តែលបណ្តោយដំណើរលួចយ៉ាងរំភើយ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី២៨ ខែមិថុនា នេះ បានដាក់បញ្ជាឱ្យលោក យស់ ចាន់វិចិត្រ អធិការនគរបាល​ក្រុងខេមរភូមិន្ទ និងលោក សាង ហ៊ី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ ចុះពិនិត្យស្រាវជ្រាវសហការជាមួយអាជ្ញាធររដ្ឋបាលតាមដានបង្រ្កាបទប់ស្កាត់ជាបន្ទាន់។លោកស្នងការនគរបាលខេត្តកោះកុង ថ្លែងអំណអរគុណចំពោះព័ត៌មាន​ដែលរាយការណ៍​ដោយ​អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ជុំវិញករណីបង្កើតទីតាំងលេងល្បែងស៊ីសងខុសច្បាប់​ដែលផ្ទុយ​នឹងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បង្កឱ្យកើតមានអំពើបទល្មើសផ្សេងៗ។លោកស្នងការនគរបាលខេត្ត អះអាងដែរថា កន្លងទៅបានដាក់វិធានការយ៉ាង​ម៉ឺងម៉ាត់​ជាច្រើន​ដល់គ្រប់​អធិការនគរបាលក្រុងស្រុក​ ប៉ុស្តិ៍​នគរបាលរដ្ឋបាលឃុំសង្កាត់ ទប់ស្កាត់បង្រ្កាប​រាល់​សកម្មភាព​លួចលេងល្បែងស៊ីសងខុសច្បាប់ទាំងឡាយនៅក្នុងមូលដ្ឋាន។ទាក់ទិន​បញ្ហា​ល្បែងស៊ីសងនេះ​លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បាន​លើកឡើងថា ក្នុងនាម​លោកជាគណៈបញ្ជាការអង្គភាព ​លោកកំពុងរង់ចាំ​បទ​បញ្ជា​ពីថ្នាក់ដឹកនាំខេត្ត មុន​នឹង​បង្រ្កាបទីតាំងល្បែងស៊ីសងអនឡាយខាងលើ។ ចំណុចត្រង់ថា មានអ្នកអំណាច មានលុយ លួចបើកអាជីវកម្មល្បែងចាក់បាល់ខុសច្បាប់ មិនដឹងថាពិតប្រាកដកម្រិតយ៉ាងណានោះទេ។ ឥឡូវលោកកំពុងធ្វើការលោកអធិការនគរបាលក្រុងខេមរភូមិន្ទ ពិនិត្យស្រាវជ្រាវជាមុនសិន។អ្នកព័ត៌មានយើង កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា បានទាក់ទងទៅ លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ដើម្បីបំភ្លឺព័ត៌មាននេះ​ ប៉ុន្តែលោកនិយាយថា ខ្លួនមិនទាន់​ដឹង​ព័ត៌មាននេះនៅឡើយទេ។ ព័ត៌មានវិវត្តន៍ថ្មីយ៉ាង​ណា​នឹងផ្តល់​ព័ត៌មាន​តប​មក​អ្នកសារព័ត៌មានវិញ៕អត្ថបទ៖ មករា

សមត្ថកិច្ចបញ្ជូនជនសង្ស័យជាង ១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង​វត្ថុតាង​ទៅតុលាការ

2022/06/28 05:04:28 pm        1055
ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពី​បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ដោយបានធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ និងវត្ថុតាង ព្រមទាំងបានបន្ដនិតិវិធីកសាងសំណុំរឿងរួចមក នៅរសៀលថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ១២នាក់ និង​វត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

កងរាជអាវុធហត្ថខេត្តតាកែវ កាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ជិត ១ម៉ឺន​ដើមនៅតាមជួរភ្នំស្រុកគីរីវង់

2022/06/24 10:46:19 pm        2219
តាកែវ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ បានបើកយុទ្ធនាការចុះកាប់បំផ្លាញដំណាំកញ្ឆា ដែលក្រុមជនខិលខូចលួចដាំនៅតាមជួភ្នំ នៅក្នុងស្រុកគីរីវង់ រយៈពេលពេញមួយថ្ងៃម្សិលមិញនេះ ដោយធ្វើការកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់ បានជិត១ម៉ឺនដើម។ប្រតិបត្តិការចុះកាប់បំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ ដឹកនាំដោយលោក ខាន់ សុខា អភិបាលរងខេត្តនិងលោក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងខេត្តតាកែវ ញ៉ាន បូរី។លោកវរៈសេនីយ៍ឯក ង៉ែត ចន្ធី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវ បានថ្លែងឲ្យដឹងថា កំលាំងរបស់លោកបានចុះរុករកឃើញទីតាំងដាំកញ្ឆាខុសច្បាប់ចំនួន២កន្លែង ​កន្លែងទី០១ នៅត្រង់​ចំណុចខាងកាប់ថ្មជ្រោះទួងទូង ស្ថិតនៅភូមិស្លា ​ឃុំតាអូរស្រុកគីរីវង់ខេត្តតាកែវ។ ទីតាំអនេះយើងបានកាប់បំផ្លាញកញ្ឆាស្រស់ចោលចំនួន៥៣៦០ដើម ផ្ទៃដី២៥៩ម៉ែត្រការេ ស្មើចំនួន០៦ទីតាំង,អាងស្តុបទឹកចំនួន០៤ ។ កន្លែងទី០២ ត្រង់ចំណុចភ្នំថ្មត្រួត ស្ថិតនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។លទ្ធផលកាប់បំផ្លាញកព្ឆាស្រស់ចោលចំនួន២៩៨៩ដើម ស្មើ០៦ទីតាំងផ្ទៃដី១១០០ ម៉ែត្រការេអាង​ស្តុក​ទឹកចំនួន០៣ ក្រោយពីកាប់បំផ្លាញរួចកម្លាំងយើងបានដុតបំផ្លាញ​ចោលនៅនឹងកន្លែងទីតាំង​ផ្ទាល់តែម្ដង។លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងបន្តថា កំលាំងកងរាជអាវុធហត្ថ​ខេត្តតាកែវ កំពុងតែធ្វើការស្រាវជ្រាវមុខ​សញ្ញាជន​ល្មើស​ដែលនៅពីក្រោយ​ជាអ្នកផ្ដល់​ពូជ​កញ្ឆា​និងផ្ដល់លុយឲ្យប្រជាជនឡើងមកដាំ និងអ្នកពាក់ព័ន្ធនានា ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោស​ទៅតាមច្បាប់ ។ការងារនេះ​ សមត្ថកិច្ចកងរាជអាវុធហត្ថ និងបន្តធ្វើដូចភ្លៀងរលឹម ជាពិសេស​ដោយមានគោលការណ៍ណែនាំពីព្រះរាជអាជ្ញា​អោយ​ស្រាវជ្រាវម្ចាស់ចំការ ​អ្នកកាន់កាប់ដី​អាស្រ័យផល ​យើងសង្ឃឹមថា និងចាប់បានមុខសញ្ញាក្នុងពេលឆាប់ៗខាងមុខនេះ៕អត្ថបទ៖ គុជ វិភាគ

សារធាតុញៀនសារធាតុគីមីផ្សំ និងសារធាតុគីមីចំនួនជាង៩០តោន នឹងត្រូវកម្ទេចចោលនៅឆ្នាំនេះ

2022/06/24 10:25:10 pm        1290
ភ្នំពេញ៖ សារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើស ចំនួនជាង៩០តោន នឹងត្រូវកម្ទេចចោលនៅឆ្នាំនេះ ទៅតាមវគ្គៗ ដាច់ដោយឡែកពីគ្នាដោយការដុតកម្ទេច និងបន្សាប។របាយការណ៍របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលBTVទទួល បាននៅថ្ងៃនេះ បានបង្ហាញថា នៅឆ្នាំនេះ សាលារាជធានីភ្នំពេញ បានសម្រេចឱ្យបំផ្លាញចោល​នូវសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនជាង៩០តោន ៨០គីឡូក្រាម ក្នុងនោះ សារធាតុញៀន ចំនួនជាង៩តោន ៩០០គីឡូក្រាម។របាយការណ៍ បានបញ្ជាក់ថា សារធាតុញៀន និងសារធាតុគីមី ដែលត្រូវកម្ទេចដោយវិធីដុត មាន ចំនួនជាង ៦តោន៨០០គីឡូក្រាម និងសារធាតុញៀន ​សារធាតុគីមីផ្សំ​ និងសារធាតុគីមី ដែលត្រូវ​កម្ទេច ដោយវិធីបន្សាបមានចំនួនជាង៨៣តោន ៨០០គីឡូក្រាម។របាយបាយការណ៍ បានបញ្ជាក់ទៀតថា​ សារធាតុញៀន ដែលត្រូវបានរឹបអូស ​និងត្រូវកម្ទេចចោល មានដូចជាប្រភេទ ហេរ៉ូអ៊ីន កូកាអ៊ីន ថ្នាំគ្រវី កាទីណូន​ មេតំហ្វេតាមីន កេតាមីន​ នីមេតាហ្សេប៉ាម និង កញ្ឆា ខណៈថ្ងៃទី២៦ ខែមិថុនានេះ ​គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕អត្ថបទ៖ យន់ វ៉ាន់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
10/17/2026 10:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
10/17/2026 10:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
10/17/2026 06:10 PM
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
10/17/2026 06:10 PM
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​ប្រធាន​ផលិតករ​ក្រុមហ៊ុន Daubay Production ចូល​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ
10/17/2026 06:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន
10/17/2026 05:10 PM
អាជីករវៀតណាមបានបង្ហាញមោទនភាព និងថ្លែងអំណគុណដល់ពលរដ្ឋកម្ពុជា ដែលគាំទ្រផលិតផលរបស់ខ្លូន
10/17/2026 05:10 PM
ឯកឧត្តម ណាំ ទុំ សង្ឃឹមថាអ្នកជំនាន់ក្រោយនឹងរួមគ្នាបំពេញបេសកកម្មជាតិ គឺការពារសន្តិភាព មាន​ជីវភាពរស់នៅសមរម្យ និងយុត្តិធម៌សង្គម
10/17/2026 05:10 PM
កម្ពុជា-កាហ្សាក់ស្ថាន ផ្លាស់ប្តូរឯកសារចំនួន៧ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
10/17/2026 05:10 PM