ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

សមត្ថកិច្ច​កោះហៅ​ ម្ចាស់​ហ្វេសបុក​ឈ្មោះ​ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​ មក​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន

2021/05/11 05:17:21 pm        1447
ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ​​ម្ចាស់​ហ្វេសបុក​ឈ្មោះ​«ឱស​ថស្ថានបុរាណ​ភ្នំទ្រទ្រង់​» ​​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​មក​វាស់កម្ពស់ ​និង​ធ្វើ​កិច្ច​សន្យា​ទទួល​កំហុស​របស់ខ្លួន ។​​យោងតាម​ប្រភព​ពី​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានឲ្យដឹង​ទៀតថា បុរស​ម្នាក់​ដែលបានប្រើប្រាស់គណនី ហ្វេសបុកឈ្មោះ «ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់» ត្រូវបាន​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ កោះហៅ​ឲ្យ​ចូលខ្លួន ​មក​បំភ្លឺ ធ្វើ​កិច្ចសន្យា ទទួល​កំហុស ​និង​បានថត​ជា​ វីដេអូ​សុំទោសជាសាធារណៈ នូវ​កំហុស​របស់ខ្លួន ដែល​បាន​ចោទប្រកាន់​ខុស​ពី​ការពិតមកលើ​លោកអធិការនគរបាលខណ្ឌមានជ័យ ។ ប្រភពដដែល បានបន្ដទៀតថា​ ខណៈនេះ​សមត្ថកិច្ចជំនាញ​កំពុង​តែ​ស្រាវជ្រាវ​រក​ម្ចាស់​លេខទូរស័ព្ទ​ម្នាក់​ទៀត​ ដែល​បន្លំខ្លួន​ជាអធិការខណ្ឌមានជ័យ ​ដើម្បីចូលខ្លួន​​មក​បក​ស្រាយ​បំភ្លឺលើ​ករណីបន្លំ​ខ្លួន​ជា​អធិការនេះផងដែរ ៕

អ្នក​ដំណើរ​៧​នាក់​សង្ស័យ​ និង​ម្នាក់ទៀត​ រក​ឃើញវិជ្ជមាន​​កូ​វីដ​១៩​ នៅ​ស្រុក​ស្រែអំបិល​

2021/05/11 03:34:32 pm        220
កោះកុង ​៖ ក្រុមការងារ​ចំពោះ​កិច្ច​ទប់ស្កាត់​កូ​វីដ​១៩​ នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព ​បាន​រក​ឃើញ​បុរសម្នា​ក់ ​វិជ្ជមាន​កូ​វីដ​១៩ និង​​មនុស្ស​៧​នាក់​ផ្សេងទៀត ​សង្ស័យ​ដោយ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ដែល​រៀបចំ​ទុក​ដោយ​រដ្ឋបាល​ស្រុកស្រែ​អំបិល​។បុរស​វ័យ​កណ្តាល​ម្នាក់ ​ត្រូវបាន​ធ្វើតេស្ត​រហ័ស​ហើយ​រក​ឃើញ​កើត​ជំងឺ​កូ​វីដ​១៩​ភ្លាមៗ ​ក្រោយ​ពិនិត្យ​រយៈពេល​១៥​នាទី​ ចំណែក​អ្នក​ពាក់ព័ន្ធ​លើ​រថយន្តក្រុង​ចំនួន​៧​នាក់ ​ផ្សេងទៀត​ ក្នុងនោះ​ស្ត្រី​២​នាក់​ឋិត​នៅក្នុង​ការសង្ស័យ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។លោក ហូ សុខ​ហួន ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១១ ​ខែឧសភា​នេះ​ថា ពិតជា​រកឃើញ​បុរស​ម្នាក់​ដែល​បាន​កើត​ជំងឺ​កូ​វីដ​១៩​ប៉ុស្តិ៍​ពិនិត្យ​សុខភាព តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ប្រាកដ​មែន ​ដោយ​បុរស​រូបនេះ​ បានធ្វើ​ដំណើរ​មកពី​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ​ ខេត្តកំពង់ចាម ​តាមរយៈ​រថយន្តក្រុង​ក្រុមហ៊ុន​អូ​ឡុង​ពេជ្រ ​ចូលមក​កាន់​ទឹកដី​ខេត្តកោះកុង ​កាលពី​ថ្ងៃទី​១០ ឧសភា ម្សិលមិញ​។លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល បន្ថែមទៀតថា បច្ចុប្បន្ន​បុរស​ឈ្មោះ​ ហៀក ហេង វ័យ​៤២​ឆ្នាំ​បញ្ជូន ​មក​បន្ទប់​ពិនិត្យ​ព្យាបាល​រួចរាល់​ហើយ។ ​ ដោយឡែក​អ្នក​រួម​ដំណើរ​ចំនួន​៧​នាក់ ​បូក​នឹង​​អ្នកបើក​ឡាន​ ធ្វើតេស្ត​អវិជ្ជមាន ប៉ុន្តែ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​នៅ​អតីត​អគារ​ការិយាល័យ​បរិស្ថាន​ស្រុក​។គួរ​កត់​សម្គាល់ថា​ ប៉ុន្មាន​ថ្ងៃនេះ មាន​មនុស្ស​៣​នាក់​ហើយ​ដែល​រក​ឃើញ​កើត​ជំងឺ​កូ​វីដ ក្រោយ​ធ្វើ​តេស្ត​រហ័ស​នៅ​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ផ្លូវជាតិ​លេខ​៤៨ ឃុំ​បឹង​ព្រាវ ​ហើយ​ពួកគេ​សុទ្ធតែ​ទទួល​បាន​ការព្យាបាល​យ៉ាង​ដិតដល់​ក្រុមគ្រូពេទ្យ​។​​ឯកឧត្តម ​វេជ្ជបណ្ឌិត ទៅ ម៉ឹង ទីប្រឹក្សា​ក្រសួង និង​ជាម​ន្ទីរ​សុខាភិបាល​ខេត្តកោះកុង​ ថ្លែងថា គោល​ដៅ​អ្នកដំណើរ​ខាងលើ​មក​កោះកុង ដើម្បី​រក​ការងារ​ធ្វើ និង​មកលេង​បងប្អូន​។ ឯកឧត្តម ​នៅតែ​ចាត់ទុកថា​រក្សា​ប៉ុស្តិ៍​ត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​តាម​ដង​ផ្លូវ​ជាតិ​ដើរតួនាទី​យ៉ាងសំខាន់​មិន​អាច​ខ្វះ​បាន​លើ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​។លោក ជា ច័ន្ទ​កញ្ញា អភិបាលស្រុក​ស្រែអំបិល ពន្យល់ថា ​តាម​ការសម្រេច​របស់​សម្តេច​តេ​ជោ អនុញ្ញាត​ឱ្យ​ធ្វើដំណើ​រឆ្ល​ង​ខេត្ត និង​បើក​ដំណើរការ​តំបន់​ទេសចរណ៍​កម្សាន្ត​ឡើងវិញ ​ការដាក់​ប៉ុស្តិ៍​ពិនិត្យ​សុខភាព​ចំពោះ​អ្នកដំណើរ​ដែល​បាន​ឆ្លងកាត់​ភូមិសាស្ត្រ​ស្រុក​ គឺ​មិន​ហាមឃាត់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ពលរដ្ឋ​ទេ​ តែ​ចាំបាច់​អនុវត្ត​វិធានការ​សុខាភិបាល​ដោយ​វាស់​កម្ដៅ លាងដៃ​នឹង​អាល់ ពាក់​ម៉ាស់​ឱ្យ​ត្រឹមត្រូវ ព្រមទាំង​សួរនាំ​ពី​ប្រ​វត្ថិ និង​គោលដៅ​ធ្វើដំណើរ​ចូល​មក​ខេត្តកោះកុង​។បច្ចុប្បន្ន ខេត្តកោះកុង មានតែ​អ្នកជំងឺ​កូ​វីដ​៧​នាក់​ ជា​ជនជាតិ​ចិន ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរពេទ្យ​ស្រុកស្រែ​អំបិល ​ក៏​តែ​មិន​យូរ​នោះទេ ​ពួកគេ​នឹង​ជាសះស្បើយ​ពី​ជំងឺ​ហើយ ​ក្រោម​ការ​យកចិត្តទុកដាក់​ពិនិត្យ​តាមដាន​ព្យាបាល​ និង​យក​សំណាក​ទៅ​តេស្ត​ជា​បន្តបន្ទាប់​គ្នា​៕អត្ថបទ ៖ ឈឹម មករា

តុលាការ​ខេត្តសៀមរាប ​ឃុំខ្លួន​មនុស្ស​ពីរ​នាក់​ ពី​បទ​នាំចេញ​ពលករ​ខុសច្បាប់

2021/05/11 02:30:03 pm        49
ភ្នំពេញ ៖ ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ​កាលពី​ម្សិលមិញ ​បានសម្រេច​ឃុំខ្លួន​មនុស្ស​ពីរ​នាក់ ​ដែល​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ​ដោយ​ខុសច្បាប់​។លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ មនុស្ស ខេត្តសៀមរាប ​បានឱ្យដឹងថា ​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ ​ដែល​មាន​ឈ្មោះ ឈឹង លី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​ប្ដី និង​ឈ្មោះ អាំ ទ្រោម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជា​ប្រពន្ធ​ មាន​ទីលំនៅ​ភូមិ​រវៀង​ថ្មី ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ​ត្រូវ​បាន​រកឃើញថា ​ជា​មេខ្យល់​នាំ​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ ខុសច្បាប់ ​កាល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ម្ដុំ​ច្រក​ចម្ការចេក ក្នុង​ខេត្តបន្ទាយមានជ័យ​។លោកស្រី​ បាន​បន្តថា មេខ្យល់​នេះ បាន​ដឹកនាំ​ពលករ​មួយ​ចំនួន ​មានបំណង​លួច​ឆ្លងដែន​ចូលក្នុង ទឹកដី​ថៃ ដើម្បី​រក​ការងារ​ធ្វើ ដូចជា​ការងារ​រើស​ពងមាន់ ដែល​បាន​រក​ចំណូលបាន​មួយថ្ងៃ​៣០០​បាត​។លោកស្រី​ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ​ចម្លើយ​ពី​ក្រុម​ពលករ ​និង​ចម្លើយ​របស់​ជនសង្ស័យ ទាំង ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​ពិរុទ្ធភាព​គ្រប់គ្រាន់ ​ក្នុង​បទល្មើស​ការនាំ​យកចេញ ​ដោយ​មិន​ស្របច្បាប់ ​ដោយមាន​គោលដៅ ​ ហើយ​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្តសៀមរាប ​បានរៀបចំ ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ​កាលពី​ថ្ងៃទី​០៤​ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់​។ ​ប៉ុន្តែ​ដោយសារ​អ្នក​ទាំងពីរ​នាក់​នេះ​ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច្នេះ​ត្រូវ​រង់ចាំ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចប់ ​នា​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០២១ ទើប​ធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។លោកស្រី យូ សុភាព បានឱ្យដឹងថា ក្រោម​កិច្ចសហការ​ល្អ រវាង​អាជ្ញាធរ​ខេត្តសៀមរាប ​និង​អាជ្ញាធរ ខេត្ត ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃ ទើប​សមត្ថកិច្ច​អាច​ទប់ស្កាត់ ​និង​បង្ក្រាប​ទាន់​ពេលវេលា នូវ​ការ​ឆ្លងដែន​ដោយ​ខុសច្បាប់​នេះ​។ ​ករណីនេះ ​សមត្ថកិច្ច​សម្រេច​បានជា​ច្រើន​ករណី ហើយ​នឹង​បាន បញ្ជូន​ជនជាប់សង្ស័យ​ជា​មេខ្យល់​ទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។ឋិត​ក្នុងដំណាក់កាល ដែល​ប្រទេស​ជាប់​ព្រំដែន​មាន​ការ​បិទ​ខ្ទប់ ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩​នេះ ​លោកស្រី​អភិបាលរង​ខេត្តសៀមរាប ​បាន​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បង្កើន​ការ​គ្រប់គ្រង ការស្រាវជ្រាវ និង​ការ​បង្ក្រាប​បទល្មើស នៃ​ការនាំចេញ ​នាំចូល​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ ​តាមរយៈ​មេ ខ្យល់ រួម​ទាំង​ការស្រាវជ្រាវ​រក​មេខ្យល់​ឲ្យ​ឃើញ ​ដើម្បី​នាំ​ខ្លួន​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់​៕​អត្ថបទ​៖ ឈិ​ត សា​វី ​

​សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់៣នាក់ ប្រុងនាំពលករ១៤នាក់ ​លួចឆ្លងដែនទៅថៃ

2021/05/11 12:35:02 pm        113
បាត់ដំបង ៖ កម្លាំងនគបាលការពារព្រំដែនគោកលេខ៨១៩ បាន​ចុះបង្ក្រាបបទល្មើស​​ប្រុងលួចនាំ​​ពលករ​ចំនួន ១៤នាក់​ ឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ចំនួន២ករណី នៅចំណុចភូមិសាស្ត្រ​ស្រុកកំរៀង​ ខេត្តបាត់ដំបង ​បានឃាត់ខ្លួនមេខ្យល់ចំនួន ៣នាក់ ។លោកវរសេនីយ៍ឯក ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានឲ្យដឹងថា ប្រតិបត្តិការ ​លួចនាំពលករឆ្លងដែនខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោងជាង១០ យប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ លោកស្រី រស់ ជីវី ស្នងការរងនគបាលខេត្តបាត់ដំបង ទទួល​បន្ទុកការងារជួញដូរមនុស្ស បានឲ្យដឹងថា ​ក្រោយទប់ស្កាត់បាន ​កម្លាំងការពារព្រំដែន បាន​បញ្ជូន​មកកាន់ស្នងការនគបាលខេត្ត ​ដើម្បី​រៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ ចាត់ការតាមច្បាប់ ៕អត្ថបទ ៖ សុខរិទ្ធ

មនុស្ស​៥​នាក់​ទៀត​ស្លាប់​ដោយសារ​កូវីដ-១៩ ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៤៨០​នាក់​ទៀត

2021/05/11 04:40:38 am        120
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៨០​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស ៤៨០​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​លើស ២​០ ២២៣​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃ​នេះ​ដល់​ទៅ ៤៧០​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ​ហើយ ១០​ករណី​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ៥​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ កើន​ដល់ ១៣១​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦០​ថ្ងៃ​ចុង​ក្រោយ​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប​ចំនួន ៨ ១៧០​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៣៥០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

រយៈពេល​ ០៩​ថ្ងៃ កងទ័ព​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​បាន​ជិត​ ៤០​ម៉ឺន​នាក់

2021/05/10 05:11:11 pm        95
​​ភ្នំពេញ៖ ក្នុង​រយៈពេល​ ៩​ថ្ងៃ​នៃ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ដែលជា​តំបន់​ប្រឈម​នឹង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ក្នុង​រាជធានី​ភ្នំពេញ ក្រុម​គ្រូពេទ្យ​យោធា​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ជិត​៤០​ម៉ឺន​នាក់​។ នេះ​បើ​តាម​របាយការណ៍​រប​ស់​ក្រសួងការពារជាតិ​។​​យោង​តាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​នៃ​ក្រសួងការពារជាតិ គិត​ត្រឹម​ថ្ងៃ​ទី​០៩ ខែឧសភា មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​ហើយ​បាន​ចាក់​វ៉ាក់សាំង​ចំនួន ៣៩៩,៦១៧​នាក់​។ ក្នុង​នោះ​ ខណ្ឌមានជ័យ ចាក់​បាន ៨៥,១១៧​នាក់ ខណ្ឌដង្កោ ចាក់​បាន ១០០,៩០៥​នាក់ ខណ្ឌ​កំបូល ចាក់​បាន ៧០,៨២៨​នាក់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ១៣២,៦៨០​នាក់ ខណ្ឌ​ឫស្សីកែវ ចាក់​បាន ៨,៩១៩​នាក់ និង​ខណ្ឌទួលគោក ចាក់​បាន ១,១៦៨​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​នៅ​សង្កាត់​បឹង​សាឡាង ក្នុង​ខណ្ឌ​ទួលគោក ជាទី​តាំង​មួយ​ក្នុងចំណោម​ទីតាំង​ទាំង​៦​ដែល​ចាក់​ដោយ​ក្រុម​គ្រូពេទ្យ​យោធា បាន​ប្រាប់​BTV​ថា ចំពោះ​បាន​អនុវត្ត​ទៅ​ដោយ​ប្រក្រតី ក្រោម​ការ​សហការ​យ៉ាង​ល្អប្រសើរ​ពី​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ទើប​ធ្វើឱ្យ​ទីតាំង​នៃ​សង្កាត់​បឹង​សាឡាង​អាច​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១​ពាន់​នាក់​ក្នុង​មួយថ្ងៃ​។​​បន្ថែម​ពីលើ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សែម រតនា បាន​អំណរគុណ​ដល់​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ឆ្លង​បន្ថែម​ទៀត​នូវ​ជំងឺ​កូ​វីដ​១៩ និង​ជា​ការ​ការពារ​សុវត្ថិភាព​បន្ថែម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ក៏​អំពាវនាវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​គ្នា​ឱ្យបាន​ល្អ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​ការងារ​ចាក់​វ៉ាក់សាំង​នេះ បាន​កាន់តែ​លឿន និង​មាន​ភាព​ល្អប្រសើរ​ថែមទៀត ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង តម្រូវ​ឱ្យ​បំពេញ​កម្រង​ព័ត៌មាន​អត្តសញ្ញាណ​នៅ​តាម​លំនៅឋាន​ជាមុន ហើយ​ពេល​ទៅ​ចាក់​ត្រូវ​យក​ភ្ជាប់​ទៅជា​មួយ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូចជា​អត្តសញ្ញាណប័ណ្ណ​ជាដើម ដើម្បី​ឱ្យ​កិច្ចការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម​

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រ​មួយចំនួនអំពីការទទួលរៀបចំធ្វើបណ្ណបើកបរគ្រប់ប្រភេទស្របច្បាប់ និងមានគល់បញ្ជីក្រសួង

2021/05/10 04:14:50 pm        76
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើក បរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ ដែលបង្ក ឱ្យមានការភ័ន្តច្រឡំដល់សាធារណជន ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយនៅលើគេហទំព័រទាំង ឡាយដែលមានខ្លឹមសារថា៖ អនុសាខាក្រសួងសម្រួលការងារតាមអនឡាញ ទទួលរៀបចំធ្វើបណ្ណបើក បរគ្រប់ប្រភេទស្របច្បាប់ មានគល់បញ្ជីក្រសួង ផុតកំណត់អាចបន្តសុពលភាពបានស្របច្បាប់ និងបានអះអាងថាជាអនុសាខារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាចផ្ដល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ។ក្រសួងសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា៖ ព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រទាំង ឡាយខាងលើនេះជាព័ត៌មានមិនពិត មានចរិតបង្កការភ័ន្តច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិ យស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ ក្រសួង ក៏សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនខិលខូចខាងលើដែលបានផលិតបណ្ណសម្គាល់យានយន្ត ផ្លាកលេខយានយន្ត និងប័ណ្ណបើកបរយានយន្តក្លែងក្លាយ និងការផ្សព្វផ្សាយលក់ផ្លាកលេខយានយន្តតាមបណ្ដាញសង្គមក្នុងគេហទំព័រនានា ជាពិសេស ចាត់វិធានការចំពោះអំពើបោកប្រាស់ និងការក្លែងឯកសារសាធារណៈទាំងនេះ ដែលបង្កជាការភ័ន្តច្រឡំដល់ សាធារណជន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ជាមួយគ្នានេះផងដែរ ក្រសួងសូមជំរុញលើកទឹកចិត្ត ក៏ដូចជាសូមអំពាវនាវដល់សាធារណជន និងបង ប្អូនប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលងាយធ្លាក់ចូលក្នុងអំពើ បោកប្រាស់របស់ជនខិលខូច នាំឱ្យខាតបង់ថវិកា និងងាកមកប្រើប្រាស់មណ្ឌលផ្តល់សេវាសាធារណៈ ទាំងឡាយនៅតាមទីតាំងនានាដែលទទួលស្គាល់ដោយក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។ ជាងនេះទៅទៀត ដើម្បីការពារការភ័ន្តច្រឡំដល់មហាជន ជាពិសេសដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌ មានមិនពិតរបស់ជនទុច្ចរិត និងក្រុមបុគ្គលខូចដែលបង្កឱ្យមានភាពអសន្តិសុខ និងចលាចលដល់សង្គម ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើសុំក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធាន ការឱ្យបានតឹងរ៉ឹងបំផុត ដើម្បីបង្ក្រាបនិងចាប់ជនខិលខូចដែលបានប្រព្រឹត្តខាងលើយក​មកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។បច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញ និងធ្វើឱ្យប្រសើរឡើងលើការធ្វើកំណែទម្រង់សេវាសាធារណៈឱ្យកាន់តែ មានប្រសិទ្ធភាព តម្លាភាព សុក្រឹត្យភាព គណនេយ្យភាព និងឆាប់រហ័ស ស្របតាមគោលនយោបាយដ៏ ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ ៖ វ់ាន់ដា

ខេត្តបន្ទាយ​មាន​ជ័យ ​ប្រកាស​ថា អ្នក​ជំងឺ​កូវីដ​១៩​ចំនួន​​៣៦នាក់ ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ

2021/05/10 03:03:08 pm        83
បន្ទាយ​មានជ័យ​​​ ៖ អាជ្ញាធរ​សុខាភិបាល​​ខេត្តបន្ទាយមាន​ជ័យ​ ​ប្រកាស​​នៅ​ថ្ងៃ​នេះថា ​មាន​ករណី​ជាសះស្បើយចំនួន ​៣៦នាក់​ ដែល​ភាគ​ច្រើន​ជា​​ជន​ជាតិ​ឥណ្ឌូនេស៊ី​ មាន​ចំនួន​រហូត​ដល់​ ៣១នាក់​។ ក្នុងរបាយការណ៍​នៅ​ថ្ងៃ​នេះ ​មន្ទីរសុខាភិបាល​​​ បញ្ជាក់​ថា ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ករណី​ព្យាបាលជា​សះស្បើយចំនួន​៣៦នាក់​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​០៤នាក់ ជនជាតិ​​ចិន ០១នាក់ និងជន​ជាតិ​ឥណ្ឌូនេស៊ី​ ចំនួន​ ៣១នាក់។​តាម​របាយការណ៍ដដែលនោះ ​ជនជាតិខ្មែ​រ​ និង​ជនជាតិ​ចិន​ខាង​លើសរុប​ចំនួន ​០៥នាក់​ បាន​ព្យាបាល​ជា​​សះស្បើយ​​នៅ​មន្ទីរ​ពេទ្យបង្អែក​​មង្គល​បូរី ​ជនជាតិ​ឥណ្ឌូនេស៊ីចំនួន ​២៧នាក់​​នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ និង​ជនជាតិ​ឥណ្ឌូនេស៊ីចំនួន​ ០៤នាក់​ផ្សេង​ទៀត​នៅ​មន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែត​។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​ព្យាបាល​ជា​សះស្បើយសរុប​ចំនួន​ ៧ ៨២០​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្តកំពង់ចាម​ សម្រេច​បិទខ្ទប់​ភូមិ​មួយ​នៃ​ស្រុក​បាធាយ​ចំនួន​១៤ថ្ងៃ

2021/05/10 02:40:24 pm        28
កំពង់​ចាម​​៖ ខេត្តកំពង់​ចាម​សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះ​នូវ​ភូមិ​​មួយ​នៅ​ក្នុង​ស្រុក​បាធាយ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​ ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដីសម្រេច​នៅថ្ងៃ​នេះ​ រដ្ឋបាល​ខេត្ត​កំពង់​ចាម បាន​​បញ្ជាក់​ថា អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​​រយៈពេល​​១៤ថ្ងៃ​​នូវ​ភូមិ​អក​ទៀង​ ស្ថិត​ក្នុង​ឃុំ​តាង​ក្រសាំង ដោយ​គិត​ចាប់​ពីថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី២៣​ ខែ​ឧសភា បន្ទាប់​ពី​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ​១៩ ។ក្នុង​សេចក្ដី​សម្រេច​នោះ អាជ្ញាធរ​ហាម​ឃាត់​ការ​ចូល​ចូល​ភូមិ​អកទៀង ហាម​ឃាត់​សកម្មភាព​អាជីវកម្ម​គ្រប់​ប្រភេទ និង​ហាម​ឃាត់​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស។ទោះជាយ៉ាងណា អាជ្ញាធរ​ក៏​ផ្ដល់​ការ​លើក​លែង​ផង​ដែរ​សម្រាប់​ករណី​បន្ទាន់ និង​ចាំ​បាច់​នានា ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ១៩ ៧៤៣​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ ​មក៕

ខេត្តកំពង់​ចាម​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​១៦នាក់​កាល​ម្សិល​មិញ

2021/05/10 02:25:57 pm        30
កំពង់​ចាម​​ ៖ ខេត្តកំពង់​ចាម​ ប្រកាស​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ​១៩​ចំនួន ​១៦នាក់ ​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈទាំង​អស់​។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់​ចាម​​​ បញ្ជាក់​ថា រក​ឃើញ​អ្នក​​ឆ្លងជំងឺ​កូវីដ​១៩ចំនួន​ ១៦នាក់ ដែល​ស្ថិត​នៅក្នុង​ស្រុក​ចំនួន​៥ ក្នុង​នោះស្រុក​បាធាយរក​ឃើញច្រើន​ជាង​គេ​ចំនួន ​០៧នាក់​ បន្ទាប់​មក​គឺ​ស្រុក​ចំការ​លើចំនួន​ ០៤នាក់ ​ស្រុក​ស្រី​សន្ធរ​ចំនួន​ ០២នាក់ ស្រុក​កង​មាស​ចំនួន ​០២នាក់ និង​ស្រុក​កំពង់​សៀម​ចំនួន ​០១នាក់។ តាម​សេចក្ដី​ប្រកាស​ដដែល​នេះ​ ពលរដ្ឋ​ឆ្លង​កូវីដ១៩​ទាំង ១៦​នាក់​ខាងលើ​​នេះ​ បច្ចុប្បន្ន ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យមេគង្គកំពង់ចាម​។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ១៩ ៧៤៣​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់
07/22/2026 04:07 PM
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
07/22/2026 04:07 PM
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
07/22/2026 04:07 PM
លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់
07/22/2026 04:07 PM
ក្រុមសកម្មជនប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងម៉ានីល
07/22/2026 04:07 PM
មេដឹកនាំថ្មីរបស់ក្រុម​ហាម៉ាស ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ និងស្មុក​ស្មាញ»
07/22/2026 03:07 PM
កម្ពុជា-ហ្វីលីពីន រៀបចំវេទិកា​ផ្គូផ្គង​ធុរកិច្ច​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វីលីពីន
07/22/2026 03:07 PM
ក្រសួងធម្មការ និងសាសនា បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ដោយ​មាន​អ្នក​ចូល​រួម​ជាង ៩០០នាក់
07/22/2026 03:07 PM
កម្ពុជានឹងលើកយកភាពជោគជ័យនៃថ្នាល «verify.gov.kh» បង្ហាញក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ នៅខេត្តសៀមរាប
07/22/2026 03:07 PM
លោក TRUMP ស្នើឲ្យស៊ីរីដាក់ពង្រាយកងកម្លាំងទៅកាន់លីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា
07/22/2026 03:07 PM