ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ

សន្តិសុខ និង សង្គម

សេវា​ដឹក​អ្នកដំណើរ​មួយ​ចំនួន​បន្ត​ផ្អាក ​ទោះបី​បាន​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ក៏ដោយ​

2021/05/10 02:05:28 pm        735
ភ្នំពេញ ​៖ គិត​មក​ត្រឹម​ពេលនេះ ទោះបី​មានការ​បើក​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​រាជធានី​-​ខេត្ត​យ៉ាងណាក្ដី ក៏​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន​មិនទាន់​បើក​ដំណើរ​ការ​ទទួល​ដឹក​ភ្ញៀវ​នោះទេ ​រីឯ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត​បាន​ចាប់ផ្ដើម​ដំណើរការ​ជាថ្មី តែ​មាន​ការប្រុងប្រយ័ត្ន​ដោយ​ដាក់​ចេញ​វិធានការ​ការពារ​ផ្សេង​។បន្ទាប់ពី​មានការ​បើក​ការធ្វើដំណើរ​ឆ្លង​រាជធានី​ខេត្ត ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​ចំនួន បានចាប់ផ្ដើម​ទទួល​ដឹក​ភ្ញៀវ​ជាថ្មី រីឯ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត​បន្ត​ផ្អាក ​ដោយ​ទទួល​ដឹក​តែ​ឥវ៉ាន់​តែប៉ុណ្ណោះ​។ ជាក់ស្ដែង​សម្រាប់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា តាម​ការ​ឱ្យដឹងពី​លោក មឿ​ន សម្បត្តិ ជា​អ្នកចាត់ការ​ទូទៅ​ បានបញ្ជាក់​ថា ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ទទួល​ដឹក​ភ្ញៀវ​ជាថ្មី​កាលពី​ថ្ងៃទី​៦ ខែឧសភា ​តែ​ពុំទាន់​ដំណើរការ​ការងារ​ពេញលេញ​នោះទេ ​ដោយ​ក្រុមហ៊ុន​ដំណើរការ​តែ​គោលដៅ ភ្នំពេញ​-​សៀមរាប​ ប៉ុណ្ណោះ រីឯ​គោលដៅ​ភ្នំពេញ​-​ព្រះសីហនុ គឺ​បន្ត​ផ្អាក​។លោក​ បន្តថា ចំពោះ​ការ​ដំណើរការ​ជាថ្មី​នេះ គឺ​ក្រុមហ៊ុន​នៅតែ​បន្ត​អនុវត្ត​វិធានការ​ការពារ ដើម្បី​សុវត្ថិភាព​។ វិធាន​ការដែល​ក្រុមហ៊ុន​ដាក់ចេញ ​គឺ​ការអនុវត្ត​វិធានការ​អនាម័យ ការ​បាញ់សម្លាប់​មេរោគ​លើ​រថយន្ត កន្លែង​រង់ចាំ ការ​វាស់​កម្ដៅ ​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស​ការពារ និង​ការកាត់បន្ថយ​ចំនួន​អ្នកដំណើរ​ពី ១៥​នាក់ ​មក​ត្រឹម​៩​នាក់​ក្នុង​មួយ​រថយន្ត​។ លើសពីនេះ​ ក្រុមហ៊ុន​ក៏មាន​ការសហការ​ជាមួយ​អាជ្ញាធរខេត្ត ​សៀមរាប​ ដោយ​ក្រុមហ៊ុន​បាន​ស្រង់​ទិន្នន័យ​ភ្ញៀវ​ទាំងអស់ ទាំង​គោលដៅ លេខ​អត្តសញ្ញាណ​ប័ណ្ណ និង​លេខ passport ដើម្បី​ប្រគល់​អាជ្ញាធរ​ជាប្រចាំ​។ក្នុងខណៈពេល​ដដែល​នេះ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ផ្សេងទៀត មិនទាន់​ទទួល​ដឹក​ភ្ញៀវ​នោះទេ​។ លោក ភូ កុក​វ៉ាន់ ជា​ជំនួយការ​អគ្គនាយក នៃ​ក្រុមហ៊ុន​ទេសចរណ៍ និង ដឹក​អ្នក​ដំណើរ​កា​ពី​តូ​ល លើកឡើងថា​ មកទល់ពេលនេះ ក្រុមហ៊ុន​ទទួល​តែ​ការ​ដឹកជញ្ជូន​ឥ​វ៉ាន់​តែប៉ុណ្ណោះ​។ លោក​ បន្តថា ចំពោះ​សេវាកម្ម​ដឹក​អ្នកដំណើរ គឺ​បន្ត​ផ្អាក​ដោយ​ពុំទាន់​មានការ​កំណត់​ពេលវេលា​ដំណើរការ​វិញ​នោះទេ ​ដោយ​ក្រុមហ៊ុន​បន្ត​រង់ចាំ​ពិនិត្យមើល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ ជាក់ស្ដែង ​រឺក៏​បន្ត​រង់ចាំ​រហូតដល់​ការ​បិទ​បញ្ចប់ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។ចំពោះ​ក្រុម​អ្នកបើកបរ​ឡាន​ឈ្នួល​នៅ​ជុំវិញ​ផ្សារ​ធំថ្មី​វិញ ​ក៏បាន​ចាប់ផ្ដើម​ដំណើរ​ការរត់​ឈ្នួល​ជាថ្មី​ផងដែរ ដោយ​ព្រឹក​នេះ​ មាន​រថយន្តឈ្នួល​ជាច្រើន បន្ត​ចត​រង់ចាំ​នៅ​ទីតាំង​ចំណតរថយន្ត​ឈ្នួល​។ តាម​ការសាកសួរ ពួកគាត់ ​បញ្ជាក់ថា ​ខណៈពេល​នេះ​គឺ​ពុំ​មាន​អ្នកដំណើរ​ជិះ​នោះទេ​ ភាគច្រើន​គឺ​មាន​តែ​ការដឹក​ឥ​វ៉ាន់ ពី​ខេត្ត​មក​ភ្នំពេញ ​និង​ការដឹក​ឥ​វ៉ាន់​ពី​ភ្នំពេញ ​ទៅ​ខេត្ត​វិញ​ប៉ុណ្ណោះ​។ ​ពួកគាត់​ថា​មនុស្ស​ភាគច្រើន​មានការ​បារម្ភ បើ​ពួកគាត់​ចង់​ចេញ​ទៅតាម​ខេត្ត ក៏​ប្រើប្រាស់​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​ផ្ទាល់ខ្លួន មិន​ធ្វើដំណើរ​តាម​ឡាន​ឈ្នួល​នោះទេ​៕​អត្ថបទ​៖​គឹម​ហុក

ខេត្ត​រតនគិរី រក​ឃើញ​​មនុស្ស​​​​០២នាក់ ​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពីម្សិល​មិញ​នេះ

2021/05/10 01:48:01 pm        134
​រតនគិរី​៖ ខេត្តរតនគិរី​ ប្រកាស​ថា បាន​រក​ឃើញ​ជន​ជាតិ​ខ្មែរ​ ០២នាក់ ​ឆ្លង​ជំងឺ​កូវីដ​១៩​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ​ហើយ​នេះ​ជា​ករណី​ដំបូង​បង្អស់​​នៅ​ក្នុងខេត្ត​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ​រដ្ឋបាល​ខេត្ត​រតនគិរី ​​បញ្ជាក់​ថា រក​ឃើញ​អ្នក​​ឆ្លងជំងឺ​កូវីដ​១៩ចំនួន​ ០២នាក់ ជា​ជនជាតិ​ខ្មែរ​​​នៅ​ត្រង់​ចំណុច​ស្ពានស្រែ​ពក ព្រំ​ប្រទល់​ខេត្ត​រតនគិរី​នឹង​​ខេត្ត​ស្ទឹង​ត្រែង​។ តាម​សេចក្ដី​ប្រកាស​ដដែល​នេះ​ អ្នក​ជំងឺ​ម្នាក់​ជា​អ្នក​រស់​នៅ​ស្រុក​សំរោង​ ខេត្ត​តាកែ​វ​ ដែល​មាន​មុខ​របរ​ដឹក​ជញ្ជូន​ទំនិញ និង​ម្នាក់​ទៀត​រស់​នៅ​ស្រុក​​កូន​មុំ​ ខេត្ត​រតន​គិរី មុខ​របរ​ជា​កម្ម​ករ​លើក​ឥវ៉ាន់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​J&T ទីតាំង​ទំនប់​កប់​ស្រូវ​ រាជ​ធានី​ភ្នំពេញ។ ​គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ​១៩ ៧៤៣​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក៕

ខេត្ត​កំពង់​ធំ រក​ឃើញ​​មនុស្ស​០៩​នាក់​ទៀត ​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ម្នាក់​មក​ពី​ថៃ

2021/05/10 01:24:21 pm        504
កំពង់​ធំ ​៖ ខេត្ត​កំពង់ធំ​ ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ០៩​នាក់​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​០៣​ក្នុង​ខេត្ត​នេះ​ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ម្នាក់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់​ធំ​​ បញ្ជាក់​ថា រក​ឃើញ​អ្នក​​ឆ្លងជំងឺ​កូវីដ​១៩ចំនួន​ ០៩នាក់​ ក្នុង​នោះអ្នក​ឆ្លង​ជំងឺ​កូវីដ១៩ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ​២០កុម្ភៈ​​ មាន​ចំនួន០៨នាក់ ​និង​ពល​ករ​មក​ពី​ប្រទេស​ថៃ​ ចំនួន​០១នាក់​។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ​អ្នក​ឆ្លង​មេរោគ​​កូវីដ​១៩ មាន​នៅ​ក្នុង​​ស្រុក​បារាយណ៍ចំនួន​០៦នាក់ ស្រុក​ស្ទោង​ចំនួន​០២នាក់ ​និង​ស្រុក​កំពង់​ស្វាយ​ចំនួន​០១នាក់។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ១៩ ៧៤៣​នាក់ ​គិត​ចាប់​តាំង​ពី​កម្ពុជា​​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា ឆ្នាំ​២០២០​មក៕

មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​ អាជ្ញាធរខេត្ត​បាត់ដំបង ​រក​ឃើញ​ពលករ​មកពី​ថៃ​១៣​នាក់ ​វិជ្ជមាន​កូ​វីដ​-១៩

2021/05/10 08:05:05 am        252
បាត់ដំបង ៖ ក្នុង​រយៈពេល​មួយ​សប្ដាហ៍ គឺ​គិត​ត្រឹម​ថ្ងៃទី​៣​ ដល់ទី​៩​ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរខេត្ត​បាត់ដំបង​ និង​មន្ទីរ​សុខាភិបាល​ខេត្ត ​បាន​រក​ឃើញ​ពលករ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ មាន​វិជ្ជមាន​កូ​វីដ​១៩ ​ចំនួន​១៣​នាក់ ​ក្នុងនោះ​ មាន​ទាំង​អ្នក​រស់​នៅក្នុង​ខេត្តបាត់ដំបង និង​អ្នករស់នៅ​ខេត្តបន្ទាយមានជ័យ​។នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ​កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ បាន​បង្ហាញ​ពី​ការ​រកឃើញ​ពលករ​ម្នាក់ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ​វិជ្ជមាន​កូ​វីដ​១៩ ​ហើយ​នៅ​ថ្ងៃទី​៤ អាជ្ញាធរខេត្ត ​បាន​ប្រកាស​ពី​ការ​រកឃើញ​បន្ថែម​នូវ​ពលករ​ចំនួន​៤​នាក់​ទៀត​។ ចំពោះ​មនុស្ស​ទាំង​៥​នាក់​នេះ ​បានមកពី​ប្រទេស​ថៃ​ជាមួយគ្នា និង​មាន​លំនៅឋាន​ក្នុងស្រុក​សង្កែ ​ហើយ​មាន​អ្នក​ពាក់ព័ន្ធ​នឹង​ពួកគេ​រហូតដល់​ជាង​៣០​នាក់​ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​ធ្វើ​សំណាក និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ចំណែក​នៅ​ថ្ងៃទី​៧ ខែឧសភា រដ្ឋបាលខេត្ត ក៏បាន​ប្រកាស​ពី​ការ​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់ទៀត រស់​នៅក្នុង​ស្រុក​សង្កែ ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​មនុស្ស​ទាំង​៥​នាក់​ខាងលើ ​ហើយ​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត ​បាន​នាំមក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ។ដោយឡែក​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយទៀត ​កាលពី​ថ្ងៃទី​៨ ខែឧសភា ​អាជ្ញាធរ​បាន ​រកឃើញ​ពលករ​២​នាក់​ទៀត រស់នៅ​ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ ​មុខរបរ​លក់​ផ្កា​នៅ​ប្រទេស​ថៃ ដោយ​ពួកគេ​ បានចេញ​ពី​ថៃ តាម​ច្រក​ទ្វារ​តំបន់​ព្រំដែន​អូរ​អន្លក់ ស្រុក​កំរៀង ​ហើយ​ត្រូវបាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ កម្រិត​១ ​នៅក្នុង​វិទ្យាល័យ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ។សម្រាប់​កាលពី​ថ្ងៃទី​៩ ខែឧសភា រដ្ឋបាលខេត្ត​បាត់ដំបង ​ក៏បាន​ប្រកាស​ពី​ការ​រក​ឃើញ​ពលករ​ចំនួន ៥​នាក់​ទៀត ដោយ​១​នាក់​ រស់នៅ​ឃុំ​គារ ស្រុក​មោងឫស្សី​, ១​នាក់​ទៀត​រស់​ឃុំ​តា​ក្រី ​ស្រុក​កំរៀង និង​៣​នាក់ រស់នៅ​ឃុំ​តាពូង​ ស្រុក​ថ្មគោល ខណៈ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ ក៏បាន​រកឃើញ​ជនជាតិ​នេ​បាល់​ម្នាក់ ​ទើប​ត្រឡប់​មកពី​ទីក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ មាន​វិជ្ជមាន​កូ​វីដ​១៩​ផងដែរ ។ចាប់តាំងពី​ការផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​ ខេត្តបាត់ដំបង មាន​អ្នកជំងឺ​នេះ ចំនួន​៤៨​នាក់ បាន​ព្យាបាល​ជាសះស្បើយ​២៩​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ខេត្ត ចំនួន​១៩​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អគ្គីភ័យ​ឆាបឆេះ​ផ្សារ​តាខ្មៅ​ចាស់ បង្ក​ការខូចខាត​តូប​ជួសជុល​គ្រឿង​ម៉ូតូ​ជាង​១០​តូប​

2021/05/10 12:06:54 pm        332
កណ្ដាល ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​នេះ ​មាន​អគ្គីភ័យ​មួយ​បាន​បង្ក​ការ​ឆាបឆេះ​ផ្សារ​តាខ្មៅ​ចាស់ ដែល​ផ្សារ​នេះ​ ពលរដ្ឋ​ក្រុង​តាខ្មៅ តែង​ហៅថា ផ្សា​ដឺ​លុច ​នៅ​ផ្នែក​ខាងក្រៅ ហើយ​ត្រូវ​បាន​ក្រុម​ពន្លត់​រថយន្ត​ពន្លត់​អគ្គីភ័យ​ខេត្តកណ្តាល ​បាន​ចុះ​ពន្លត់​ទាន់​ពេលវេលា​ តែ​បាន​បង្ក​អោយ​ខូចខាត​សម្ភារៈ​នៅ​ក្នុង​តូប​ជួសជុល​គ្រឿង​កង់​ម៉ូតូ​ នៅ​ចំហៀង​ខាងត្បូង​ផ្សារ​ ចំនួន​ជាង​១០​តូប​ ក្នុងនោះ​ ភាគច្រើន​រង​ការខូចខាត​ធ្ងន់ធ្ងរ​។បើ​តាម​ពលរដ្ឋ​ឃើញ​ហេតុការណ៍​ដំបូង​គេ ​បាន​ឲ្យ​ដឹងថា អគ្គីភ័យ​បង្ក​ការ​ឆាបឆេះ​តូប​លក់​គ្រឿង​កង់​ម៉ូតូ​នេះ​គឺ​បាន​ចាប់ផ្តើម​ឆេះ ​នៅក្នុង​អំឡុងពេល​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី​ព្រឹក ​ដោយសារ​មាន​ជាង​ផ្សារដែក មក​ផ្សារ​ជួសជុល​តូប​លក់​គ្រឿង​កង់​ម៉ូតូ​នៅ​តូប​លេខ​៣​ កែង​ខាងកើត​ផ្សារ ​ហើយ​បាន​ធ្លាក់​ផ្កាភ្លើង ​ឆាប់​ជ័រ​នៅ​ក្នុង​តូប​លេខ​៣​នោះ បង្ក​ការ​រាលដាល​ឆេះ​បន្តបន្ទាប់​។នៅ​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​ការឆាប​ឆេះ​នេះ ​គឺ​បាន​ពន្លត់​អស់​១០០%​ នៅពេល​វេលា​ម៉ោង​ប្រមាណ​ជាង​១០ និង​១១​នាទី​ព្រឹក​នេះ​វិញ​។​ តាម​ការ​អោយ​ដឹង​បន្ថែម​ពី​តំណាង​គណៈកម្មាការ​គ្រប់គ្រង​ផ្សារ​តាខ្មៅ​ បានឲ្យ​ដឹងថា​ ការ​ផ្សារ​ដែក​ជួសជុល​តូប​លក់ទំនិញ​នៅ​ផ្នែក​ខាងក្រៅ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​អនុញ្ញាត​ពី​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ​ម្ចាស់​តូប​នីមួយៗ​ត្រូវ​ធ្វើ​ការគ្រប់គ្រង​និង​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​។តំណាង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​តាខ្មៅ​ចាស់​ បានឲ្យ​ដឹង​បន្ថែមថា​ នៅក្នុង​អំឡុង​ពេល​ដែល​ផ្សារ​តាខ្មៅ​ចាស់ ​បាន​ធ្វើ​ការ​ផ្អាក​លក់​ដូ​រ​ជា​បណ្តោះ​អាសន្ន​នេះ គឺ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ បាន​អនុញ្ញាត​អោយ​បណ្តា​ម្ចាស់​តូប​លក់ទំនិញ​ទាំងអស់​ជុំវិញ​ផ្សារ​នេះ ​ត្រូវ​ធ្វើ​ការ​ជួសជុល​កែ​លំអរ​ផ្សារ​អោយ​មាន​សោភ័ណភាព​ឡើងវិញ ​នឹងត្រូវ​រៀបចំ​កន្លែង​លក់ដូរ​អោយ​បាន​ត្រឹមត្រូវ​ជាពិសេស​គឺ​ត្រូវ​រក្សា​គម្លាត​ និង​ការពារ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វីដ​១៩ ​នៅ​ពេលដែល​ផ្សារ​តាខ្មៅ​ចាស់​នេះ​ ប្រកាស​បើក​ដំណើរការ​ឡើងវិញ​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ថ្មី​៥០៦​នាក់​ បន្ថែម​ទៀត ​តួលេខ​ឆ្លង​សរុប​កើន​ដល់​ជិត​២​ម៉ឺន​នាក់

2021/05/10 05:12:01 am        487
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​ថា មនុស្ស​ដល់​ទៅ ៥០៦​នាក់​បន្ថែម​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ដែល​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើនឡើង​ជិត​ ២​ម៉ឺន​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​​ថ្មី​ដល់​ទៅ ៤៩៥​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​អ្នក​ឆ្លង​ថ្មី ១១​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​​កើន​ឡើង​ដល់ ១៩ ៧៤៣​នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា ​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០​មក។​ ទន្ទឹម​គ្នា​នេះ ក្រសួង​សុខាភិបាល​ប្រកាស​ថា ​អ្នក​ជំងឺ​កូវីដ-១៩​សរុប ៧ ៨២០​នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ផ្លូវ​ដង្ហើម​នេះ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ១៧៩​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ចំណែក​តួលេខ​អ្នក​ស្លាប់​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១២៦​នាក់​ហើយក្នុង​នោះ​មាន​មនុស្ស ៦​នាក់​ទៀត​បាន​ស្លាប់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ៕

អគ្គិភ័យ​ឆេះ​ផ្ទះមួយ​ខ្នង នៅ​ខេត្តកំពង់ឆ្នាំង​ បណ្ដាលឱ្យ​មនុស្ស​ចំនួន​០៥​នាក់ ស្លាប់

2021/05/10 11:14:14 am        104
កំពង់ឆ្នាំង ៖ ​អគ្គិភ័យ ឆេះ​ផ្ទះ​​ប្រជា​ពលរដ្ឋ​មួយ​ខ្នង នៅ​ខេត្តកំពង់ឆ្នាំង ​ដែល​បណ្ដាល​ឱ្យ​មនុស្ស​ចំនួន​០៥​នាក់ ​ត្រូវស្លាប់ ​ក្នុងនោះ​ ក៏​មាន​ស្ត្រី​ម្នាក់​មានផ្ទៃពោះ​ ត្រូវបាន​ស្លាប់​ផងដែរ​។​​កើតហេតុ​ការណ៍​​នេះ បាន​កើតឡើង ​កាលពី​យប់​ថ្ងៃទី​៩ ខែឧសភា ​ឆ្នាំ​២០២១ វេលា​ម៉ោង ៨ និង ៤០​នាទី​យប់ ​នៅ​ចំណុច​អ្នកតា​រាជ ស្ថិតក្នុង​ភូមិ​ដើម​ជ្រែ ​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ​ ខេត្តកំពង់ឆ្នាំង ហើយ អគ្គិភ័យ​នេះ​ បណ្ដាលឱ្យ​ឆេះ​ផ្ទះមួយ​ខ្នង​មាន​ទំហំ ៧ ម៉ែត្រ គុណ​ ១២​ម៉ែត្រ សង់​ពី​ដែក បាំង​និង​ប្រក់​ស័ង្កសី ​ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ន​ន់ សារ៉េត ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មិនបាន​ស្លាប់​ទេ​។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច ​ គឺ​បណ្ដាលមកពី​ការ​ឆ្លង​ចរន្តអគ្គិសនី ហើយ​ក្នុង​ហេតុការណ៍​នេះដែរ ​សមត្ថកិច្ច​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ០៣​រថយន្ត ទើប​រលត់​អស់ទាំង​ស្រុង​។គួរ​បញ្ជាក់ថា ​អ្នក​ស្លាប់​មាន​កូន​ចំនួន​៤​នាក់​ និង​ម្តាយ​កំពុង​មានផ្ទៃពោះ ​ក្នុង​ផ្ទៃ ក៏​បាន​ស្លាប់ ដែល​សរុប​ចំនួន​៦​នាក់​ បូករួម​ទាំង​ទារក​ក្នុង​ផ្ទៃ ​ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​បុរស​ជា​ប្តី​រង​គ្រោះថ្នាក់​ទេ ។ ព្រឹក​នេះ​ ក៏​មាន​មន្ត្រី​កាក​បាទក្រហមកម្ពុជា ​បាន​អញ្ជើញ​ចុះ​ដើម្បី​ផ្ដល់​អំណោយ និង​ចូលរួម​រំលែក​រំលែកមរណៈ​ទុក្ខ​ផងដែរ​៕​

ខ្យល់កន្ត្រាក់ប៉ះពាល់​ផ្ទះពលរដ្ឋនៅបាត់ដំបង ជិត២០០ខ្នង ​ក្នុង​រដូវ​វស្សា ដែល​បាន​ចាប់​ផ្ដើម​​ក្នុង​សប្ដាហ៍ទីមួយ នៃខែឧសភា

2021/05/08 01:19:43 pm        432
បាត់ដំបង ៖ បើកឆាក ដើមរដូវវស្សា ឆ្នាំ២០២១នេះ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បាន​ធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋ តាមបណ្ដាស្រុកមួយចំនួន​ នៅក្នុងខេត្តបាត់ដំបង ប្រមាណ​ជិត ២០០ខ្នង បានរងការប៉ះពាល់ ​និងដួលរលំ ហើយក៏មានបាតុភូត​រន្ទះបាញ់​ស្លាប់​មនុស្សផងដែរ ។បើតាមមន្ត្រីជំនាញខេត្តបាត់ដំបង ​បានឲ្យដឹងថា សម្រាប់រដូវវស្សា ដែលចាប់ផ្ដើម​នៅក្នុង​សប្ដាហ៍ទីមួយ​ នៃខែឧសភា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ហើយក៏មានលាយឡំ​នឹង​ខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះរបស់ពលរដ្ឋខ្លះប៉ើងដំបូល​ និងខ្លះទៀតបានដួលរលំ រួមទាំង​មាន​នូវបាតុភូតផ្គរ រន្ទះ ។មន្ត្រីបន្តថា សម្រាប់បញ្ហាគ្រោះធម្មជាតិនេះ មិនត្រឹមតែបំផ្លាញផ្ទះសម្បែង ដំណាំ​របស់​ពលរដ្ឋនោះទេ ថែមទាំងធ្វើឲ្យមានគ្រោះថ្នាក់​ដល់មនុស្សសត្វ ដោយសារនៅពេលភ្លៀងធ្លាក់​រន្ទះបានបាញ់មនុស្សស្លាប់ និងងាប់សត្វពាហនៈផងដែរ ។យោង​តាម​របាយការណ៍របស់រលេខាធិការដ្ឋានគ្រប់គ្រង ​គ្រោះមហន្តរាយខេត្តបាត់ដំបង បានឲ្យដឹងថា គ្រាន់តែនៅថ្ងៃ៥ និងទី៦. ខែឧសភា ឆ្នាំ២០២១ មានខ្យល់កន្រ្តាក់ចំនួន ៦លើក ប៉ះ ពាល់ទៅលើចំនួន៦ស្រុក ស្មើនឹងផ្ទះពលរដ្ឋសរុបចំនួន១៣៩ខ្នង ក្នុងនោះស្រុកមោងឫស្សី ចំនួន១៩ខ្នង, ស្រុកគាស់ក្រឡ ចំនួន១១ខ្នង, ស្រុករុក្ខគិរី ចំនួន៣០ខ្នង, ស្រុកសំពៅលូន ចំនួន៦០ខ្នង ស្រុកភ្នំព្រឹក ចំនួន១៨ខ្នង និងស្រុកថ្មគោល ចំនួន១ខ្នង ។នៅចំពោះមុខ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសាខាកាកបាទ​ខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋានស្រុកពាក់ព័ន្ធ ព្រមទាំងក្រុមការងារចុះជួយមូលដ្ឋាន សហការគ្នាចុះពិនិត្យលទ្ធភាពដោះស្រាយ ឆ្លើយបន្តបន្ទាប់ដល់ប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ខាងលើ ។គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២១ ​ចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា ដោយមាន​ភ្លៀងធ្លាក់​ពីមធ្យមទៅច្រើនបង្គួរ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ, នៅពាក់​កណ្ដាល​រដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញាភ្លៀង​ នឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃ​ប្រទេស ជាមួយបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងនៅចុងរដូវវស្សា អាចនឹងបញ្ចប់​នៅក្នុង​សប្ដាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង​ពីតិចទៅបង្គួរ ។ សម្រាប់កូនរដូវប្រាំងវិញ​ នៅឆ្នាំ២០២១នេះ​ អាចនឹងមិនកើតមាននោះទេ ប៉ុន្តែក្រសួង​ក៏បាន​អំពាវនាវ​ ដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្ទះរ រន្ទះ ​និងខ្យល់កន្ត្រាក់ ខណៈគ្រោះធម្មបែបនេះ ​តែងកើតឡើងជារៀងរាល់ឆ្នាំ ៕អត្ថបទ ៖ សុខរិទ្ធ 

ក្រសួងសុខាភិបាល រកឃើញ​អ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នក​ជំងឺ៤៥៦នាក់​ជាសះស្បើយ

2021/05/08 11:49:31 am        381
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា នេះ ក្រសួងសុខាភិបាល បានប្រកាស រកឃើញ​អ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកជំងឺ៤៥៦នាក់ជាសះស្បើយ។គិតត្រឹមព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨,៧១៧នាក់ ក្នុងនោះអ្នកជាសះស្បើយ ៧៣៤០នាក់ និងស្លាប់សរុបចំនួ១១៤នាក់។

ស្រ្តីម្នាក់ បានជិះម៉ូតូដួល ត្រូវរថយន្ត Lexus 570 កិនស្លាប់ភ្លាមៗនៅនឹងកន្លែង

2021/05/08 11:22:00 am        27
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយករណី នៅម៉ោងជាង១០ព្រឹក ថ្ងៃនេះ បណ្ដាលឱ្យស្ត្រីម្នាក់​ស្លាប់ ភ្លាមៗនៅនឹងកន្លែង ដោយសារស្ត្រីរូបនេះ បានជិះម៉ូតូដួល ហើយត្រូវបានរថយន្ត ដែលកំពុងបើកបរពី ក្រោយស្របទិសគ្នា កិនតែម្ដង។គ្រោះថ្នាក់ដ៏គួរឱ្យសង្វេគនេះ បានកើតឡើងត្រង់ចំណុចរង្វង់មូលគួចការណុង (គល់ស្ពានជ្រោយ ចង្វា) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលដែលស្ត្រីរូបនេះ បានជិះម៉ូតូចុះពីលើស្ពាន ក្នុងទិសដៅ ចូលរាជធានីភ្នំពេញ។ស្រ្តី ដែលត្រូវឡានកិនស្លាប់នេះ បានជិះម៉ូតូម៉ាក scpooy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HD -4083 ចំណែករថយន្ត ម៉ាក Lexus 570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7666 ដែលក្រោយ​ពេលកើតហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី អនុញ្ញាតឱ្យអាមេរិកប្រើមូលដ្ឋានទ័ពអង់គ្លេសខ្លះ​ សម្រាប់ការវាយប្រហារ លើ​អ៊ីរ៉ង់
07/22/2026 04:07 PM
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
07/22/2026 04:07 PM
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
07/22/2026 04:07 PM
លោក Rubio បញ្ជាក់​ថា អាមេរិកនៅតែមានឆន្ទៈរក​ដំណោះស្រាយ​ តាម​រយៈការ​ចរចា ជុំវិញ​វិបត្តិអ៊ីរ៉ង់
07/22/2026 04:07 PM
ក្រុមសកម្មជនប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងជំនួបរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងម៉ានីល
07/22/2026 04:07 PM
មេដឹកនាំថ្មីរបស់ក្រុម​ហាម៉ាស ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ និងស្មុក​ស្មាញ»
07/22/2026 03:07 PM
កម្ពុជា-ហ្វីលីពីន រៀបចំវេទិកា​ផ្គូផ្គង​ធុរកិច្ច​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ហ្វីលីពីន
07/22/2026 03:07 PM
ក្រសួងធម្មការ និងសាសនា បានបញ្ចប់ការធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង ដោយ​មាន​អ្នក​ចូល​រួម​ជាង ៩០០នាក់
07/22/2026 03:07 PM
កម្ពុជានឹងលើកយកភាពជោគជ័យនៃថ្នាល «verify.gov.kh» បង្ហាញក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ នៅខេត្តសៀមរាប
07/22/2026 03:07 PM
លោក TRUMP ស្នើឲ្យស៊ីរីដាក់ពង្រាយកងកម្លាំងទៅកាន់លីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហេសបូឡា
07/22/2026 03:07 PM