អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន

សន្តិសុខ និង សង្គម

អង្គការសប្បុរសធម៌៖ ទឹកជំនន់បណ្ដាលឱ្យកុមារ ៤ម៉ឺននាក់ គ្មានផ្ទះសម្បែងនៅអាហ្វហ្គានីស្ថាន

2024/05/15 04:49:42 pm        145
អង្គការសប្បុរសធម៌ពិភពលោក Save the Children បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កុមារប្រហែល ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្តបាឡាន (Baghlan) ភាគខាងជើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយប្រហារខេត្ត នេះ និងតំបន់ផ្សេងទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក អាសាដ ម៉ាលីគ (Arshad Malik)នាយកអង្គការសប្បុរសធម៌ប្រចាំតំបន់នេះ បាននិយាយថា កុមារមានការភ័យខ្លាច។ មនុស្សជាច្រើនបានបាត់បង់អ្វីៗគ្រប់គ្រង មិនត្រឹមតែផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំង សាលារៀន និងកន្លែងដែលពួកគេលេងរាល់ថ្ងៃផងដែរ។ ពួកគេបានបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់មាន។ពួកគេបានបាត់បង់ទម្លាប់ទាំងអស់នៅអាហ្វហ្គានីស្ថាន។ យោងតាមការិយាល័យកម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសអាហ្វានីស្ថាន និងមន្ត្រីអាហ្វហ្គានីស្ថានក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣៣០ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសក្រីក្រមួយនេះ ដែលភាគច្រើននៅក្នុងខេត្តបាឡាននិងមួយចំនួននៅក្នុងខេត្ត តាកា(Takhar)ខេត្ត បាដាកសាន (Badakhshan) និងខេត្តហ្គ័រ (Ghor ) ។ អង្គការពិភពលោកនានា និងក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានព្រមានពីការកើនឡើងចំនួនអ្នកស្លាប់ និង ជំងឺឆ្លង ជាពិសេសក្នុងចំណោមកុមារ បន្ទាប់ពីទឹកជំនន់។ឮអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនក្រុមឆ្លើយតបបន្ទាន់ចំនួន៨ក្រុមទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដើម្បីតាមដានហានិភ័យនៃការឆ្លងជំងឺ ដង្កាត់ផ្សេងៗ៕

អ៊ីស្រាអែលបញ្ចេញចំនួនជនស៊ីវិលស្លាប់ថ្មីនៅហ្កាហ្សា ហើយថាចំនួនរបស់ក្រុមហាម៉ាស ក្លែងក្លាយនិងប្រឌិត

2024/05/15 04:40:16 pm        197
អ៊ីស្រាអែល បានចេញផ្សាយចំនួនជនស៊ីវិលស្លាប់តាមការប៉ាន់ប្រមាណរបស់ខ្លួន ជាលើកដំបូងនៅក្នុងដែនដីហ្កាហ្សា ដោយនិយាយថាមានប្រហែល១៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ជំនួសឱ្យចំនួនប្រហែល៣៥.០០០នាក់ ដែលក្រសួងសុខាភិបាលប៉ាឡេស្ទីនរបស់ក្រុមហាម៉ាសកំពុងអះអាង។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោកអាវី ហ៊ីមែន (Avi Hyman)បានប្រាប់ទូរទស្សន៍ Fox News ថាអស់រយៈពេល២២១ថ្ងៃ ប្រទេសរបស់លោកត្រូវបានរងការថ្កោលទោសជាសកល ដោយសារតែចំនួនជនស៊ីវិលស្លាប់ក្លែងក្លាយ និងប្រឌិត ដែលត្រូវបានបង្កើត និងផ្សព្វផ្សាយដោយក្រុមហាម៉ាស។លោកបាននិយាយថា អង្គការសហប្រជាជាតិ បានបោះត្រាលើចំនួនបញ្ចេញដោយក្រុមហាម៉ាសទាំងនេះ ហើយក្លាយជាអ្នកសារព័ត៌មានរបស់ក្រុមហាម៉ាស សម្រាប់ពិភពលោក។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ីមែន បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយនិយាយនៅក្នុងវីដេអូមួយថា យើងជឿថាយើងបានសម្លាប់ភេរវករជាង១៤.០០០នាក់ ហើយគួរឱ្យស្តាយ ដែលជនស៊ីវិលប្រហែល ១៦.០០០នាក់ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានស្លាប់។ លោកបាននិយាយថា ការខាតបង់ផ្ទាល់ខ្លួនរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងជម្លោះបានកើនឡើងដល់ ៦២០នាក់៕

សមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនយុវជន ៧១នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

2024/05/15 04:39:46 pm        173
ព្រះសីហនុ៖​​ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តព្រះសីហនុ បានប្រាប់នៅថ្ងៃទី១៤ឧសភាម្សិលមិញថា កម្លាំ​ង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន ​បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន (មួយភូមិ) ឃាត់ខ្លួនមនុស្ស ៧១នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅចំណុចក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បន្ដថា បន្ទាប់ពីទទួលបានព័ត៌មានករណីចែកចាយ និង​ប្រើ​ប្រាស់​គ្រឿង​ញៀននៅក្នុងភូមិខាងលើដូចផ្សារលក់ត្រីរួចមក លោកបានដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនមនុស្សបានចំនួន ៧១នាក់ ដក​ហូតគ្រឿងញៀន ដូចជាម្សៅក្រាមពណ៌សថ្លាចំនួន ៤៤កញ្ចប់ ទម្ងន់ ៣៤.៣៤ក្រាម ខ្សែជក់ ០៣ ទូរសព្ទ ៣១គ្រឿង ម៉ូតូ ២០គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង ៧១នាក់ និង​វត្ថុ​តាង​កំពុង​បន្ត​នីតិ​វិធី​នៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបញ្ជួនទៅសាលាដំបូងខេត្ដ ចាត់ការ​តាម​ផ្លូវ​ច្បាប់។ ក្នុងប្រតិបត្ដិការនេះ កម្លាំងសមត្ថកិច្ចម្នាក់បានរងរបួសស្រាល (របួសដៃ)។

ការការពារដែនអាកាសរបស់អ៊ុយក្រែន បានព្យាយាមបាញ់ទម្លាក់មីស៊ីលរុស្ស៊ីត្រឹមតែ ៣០ភាគរយ កាលពីខែមុន

2024/05/14 09:00:46 pm        158
សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ការការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីត្រឹមតែ ៣០ភាគរយ កាលពីខែមុន បើធៀបនឹង ៤៦ភាគរយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ ដែលបង្ហាញពីនិន្នាការគួរឲ្យព្រួយបារម្ភសម្រាប់អ៊ុយក្រែន។សារព័ត៌មាន Journal បានបន្តទៀតថា អត្រាជោគជ័យរបស់អ៊ុយក្រែន គឺខ្ពស់រហូតដល់ ៧៣ភាគរយ ក្នុងរយៈពេល ៦ខែមុននោះ។សារព័ត៌មាននេះ បាននិយាយថា ខ្លួនបានទាញយកការវិភាគពីទិន្នន័យប្រចាំថ្ងៃ ដែលចែករំលែកដោយបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន។អ៊ុយក្រែន បានព្យាយាមស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ខណៈដែលខ្លួនមានប្រព័ន្ធការពារអាកាស និងគ្រាប់រំសេវនៅកម្រិតទាបប្រកបដោយគ្រោះថ្នាក់នោះ។យោងតាមទិន្នន័យដែលដកស្រង់ដោយសារព័ត៌មាន Journal អ៊ុយក្រែន បានបាញ់ទម្លាក់មីស៊ីលបាលិ ស្ទិករបស់រុស្ស៊ីត្រឹមតែ ១០ភាគរយ ហើយបានបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីល S-300 និង S-400 ដែលរុស្ស៊ី បានបាញ់ចូលអ៊ុយក្រែន ក្នុងឆ្នាំនេះ។សារព័ត៌មាននេះ បានរាយការណ៍ដោយដកស្រង់ទិន្នន័យនោះថា ទន្ទឹមនឹងនោះ រុស្ស៊ីបានបង្កើនការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ខ្លួនប្រហែល ៤៥ភាគរយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

ប្រធានាធិបតីម៉ិកស៊ីក៖ លំហូរជនអន្តោប្រវេសន៍ទៅអាមេរិក ធ្លាក់ចុះ ៥០ ភាគរយ

2024/05/14 08:53:26 pm        99
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទថា លំហូរជនអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះចំនួន៥០ភាគរយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជាថ្មីម្តងទៀត បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ជួយផ្តល់មូលនិធិដល់កម្មវិធីអភិវឌ្ឍន៍ ដែលត្រូវបានរៀបចំដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍។នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Lopez Obrador បាននិយាយថា តួលេខថ្មីៗ បង្ហាញពីការធ្លាក់ចុះនៃលំហូរជនអន្តោប្រវេសន៍ បន្ទាប់ពី វិបត្តិការធ្វើអន្តោប្រវេសន៍ កាលពីខែធ្នូ ដែលបានមើលឃើញជនអន្តោប្រវេសនន៍រាប់ម៉ឺននាក់ ឆ្លងកាត់ប្រទេសម៉ិកស៊ិក ដើម្បីបានទៅដល់ព្រំដែនសហរដ្ឋអាមេរិក។ លោក បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅវិមានជាតិក្នុងទីក្រុង Mexico City ថា យើងមានវិបត្តិនៅព្រំដែនភាគខាងជើងកាលពីខែធ្នូ ដែលមានជនអន្តោប្រវេសន៍ ១២.០០០នាក់ ក្នុងមួយថ្ងៃ ហើយយើងមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងបានកាត់បន្ថយជាមធ្យម រហូតធ្លាក់ចុះមកនៅត្រឹម តែ៦.០០០នាក់។លោកប្រធានាធិបតី បាននិយាយថា រដ្ឋបាលរបស់លោក បន្ត ដាក់សម្ពាធ សម្រាប់ជំនួយអភិវឌ្ឍន៍ដែលត្រូវការពីសហរដ្ឋអាមេរិក ដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍ដ៏ច្រើននៅក្នុងឫសគល់ ដោយការវិនិយោគនៅក្នុងបណ្តាប្រទេសនៅអាមេរិកកណ្តាល ដើម្បីបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។ លោកនិយាយថា «នោះជាអ្វីដែលយើងកំពុងធ្វើ នោះគឺជាសំណើដើមរបស់យើង ដែលបានដោះស្រាយពីមូលហេតុ»។ប្រធានាធិបតីម៉ិកស៊ិក បានជំរុញដដែលៗឲ្យសមភាគីសហរដ្ឋអាមេរិករបស់លោក គឺលោក Joe Biden ឱ្យលៃលកធនធានដើម្បីកាត់បន្ថយការធ្វើអន្តោប្រវេសន៍ តាមរយៈការអភិវឌ្ឍន៍។

ជនស៊ីវិល ៣០ ម៉ឺននាក់ ភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា បន្ទាប់ពីបញ្ជាជម្លៀសថ្មីរបស់អ៊ីស្រាអែល

2024/05/14 08:45:26 pm        90
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយថា បញ្ជាជម្លៀសដោយកងទ័ពអ៊ីស្រាអែល បានបង្ខំមនុស្សប្រហែល ៣០០.០០០ នាក់ឱ្យភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា កាលពីសប្តាហ៍មុន។ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នេះ បានបង្ហោះនៅលើបណ្ដាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា «ពុំមានកន្លែងណាមានសុវត្ថិភាព ដែលអាចឱ្យប្រជាជនហ្កាហ្សា ជ្រកកោននោះទេ»។កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ (១១ ឧសភា) សប្ដាហ៍មុន បានបញ្ជាឱ្យជម្លៀសប្រជាជនប៉ាឡេស្ទីនបន្ថែមទៀតនៅភាគខាងកើតក្រុងរ៉ាហ្វា។ ក្រោមការគំរាមកំហែងពីយោធា ប្រជាជនក្នុងតំបន់បានចាកចេញពីភាគខាងកើតនៃទីក្រុងដោយរថយន្ត និងម៉ូតូដែលផ្ទុកដោយវ៉ាលីរបស់ពួកគេ។ មិនមែនជាលើកដំបូងនោះទេ ដែលប្រជាជនរងផលប៉ះពាល់ទាំងនេះបានឆ្លងកាត់ការផ្លាស់ទីលំនៅ ដោយអ្នកខ្លះបានភៀសខ្លួនម្ដងហើយម្ដងទៀតចេញពីតំបន់តាំងទីលំនៅ ជាមធ្យមយ៉ាងហោចណាស់ម្តងក្នុងមួយខែ។នៅក្នុងការបង្ហោះដាច់ដោយឡែកមួយនៅលើបណ្ដាញសង្គម X នៅថ្ងៃដដែលនោះ លោក ហ្វីលីប ឡាហ្ស៊ារីនី (Philippe Lazzarini) អគ្គស្នងការទីភ្នាក់ងារ UNRWA បាននិយាយថា «តំបន់សុវត្ថិភាព» ដែលអះអាងដោយកងទ័ពអ៊ីស្រាអែលនោះគឺ «មិនពិត និងបំភាន់» ដោយបន្ថែមថា «ពុំមានកន្លែងណាមានសុវត្ថិភាពឡើយនៅក្នុងតំបន់ហ្កាហ្សា»៕

ក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់អាមេរិក ប្តឹងរដ្ឋបាលលោក Biden ជុំវិញច្បាប់បង្ហាញ តម្លៃ

2024/05/14 07:53:35 pm        69
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនរបស់សហរដ្ឋអាមេរិក កំពុងប្តឹងនាយកដ្ឋានដឹកជញ្ជូនរបស់ប្រទេសនេះ ជុំវិញច្បាប់ថ្មីដែលទាមទារឱ្យមានការលាតត្រដាងជាមុនអំពីតម្លៃសេវាអាកាសចរណ៍ ដែលជាការប៉ះទង្គិចចុងក្រោយរវាងក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ក្រុមហ៊ុន ឡបប៊ីអ៊ីង គ្រុប អ៊ែរឡាញស៍ (Lobbying Group Airlines) រួមជាមួយនឹង អាមេរិកខេន អ៊ែរឡាញស៍ (American Airlines), ឌែលតា អ៊ែរឡាញស៍ (Delta Air Lines), យូណាធីត អ៊ែរឡាញស៍ (United Airlines), អាឡាស្កា អ៊ែរឡាញស៍ (Alaska Airlines) និងក្រុមហ៊ុនជាច្រើនទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក (USDOT) នៅក្នុងតុលាការឧទ្ធរណ៍ប្រចាំតំបន់ទីប្រាំរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋ លូអ៊ីស៊ីអាណា (Louisiana) កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន នេះបើតាមច្បាប់ចម្លងដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ។នាយកដ្ឋានដឹកជញ្ជូន បានចេញច្បាប់ចុងក្រោយកាលពីខែមុន ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ និងភ្នាក់ងារលក់សំបុត្របង្ហាញតម្លៃសេវាកម្មរួមជាមួយនឹងតម្លៃសំបុត្រយន្តហោះ ដោយនិយាយថានោះនឹងជួយអ្នកប្រើប្រាស់ជៀសវាងថ្លៃសេវាដែលមិនចាំបាច់ ឬមិនបានរំពឹងទុក។ក្រុមក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ច្បាប់របស់នាយកដ្ឋាននេះនឹងធ្វើឱ្យអ្នកប្រើប្រាស់មានការភ័ន្តច្រឡំ ហើយថា «ការប៉ុនប៉ងគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឯកជននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន គឺហួសពីសិទ្ធិអំណាចរបស់ខ្លួន»៕

មនុស្ស ១៤ នាក់ស្លាប់ បន្ទាប់ពីផ្ទាំងប៉ាណូបាក់រលំនៅឥណ្ឌា អំឡុងពេលមានព្យុះផ្គររន្ទះ

2024/05/14 07:49:53 pm        99
អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារ (១៤ ឧសភា) នេះថា មនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួស បន្ទាប់ពីផ្ទាំងប៉ាណូដ៏ធំមួយបានធ្លាក់លើពួកគេ អំឡុងពេលមានព្យុះផ្គររន្ទះនៅក្នុងរដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា គឺទីក្រុងម៉ុមបៃ (Mumbai)។ ផ្ទាំងប៉ាណូនោះបានដួលរលំលើលំនៅឋានមួយចំនួន និងស្ថានីយ៍ប្រេងឥន្ធនៈមួយនៅជាប់ផ្លូវដ៏មមាញឹកនៅជាយក្រុងភាគខាងកើតនៃទីក្រុង ហ្កាតកូផា (Ghatkopar) បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងកាលពីល្ងាចថ្ងៃចន្ទ។វីដេអូបានបង្ហាញពីប្រតិបត្តិការជួយសង្គ្រោះនៅកន្លែងបាក់ស្រុត ខណៈមនុស្សជាច្រើនបានជាប់ខ្លួនក្រោយឧប្បត្តិហេតុ។ កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៨៨ នាក់ត្រូវបានសង្គ្រោះបន្ទាប់ពីឧបទ្ទវហេតុនេះ ដែលក្នុងនោះ ១៤ នាក់ត្រូវបានប្រកាសថាបានស្លាប់ និងជាង ៧០ នាក់របួស។ព្យុះផ្គររន្ទះបានធ្វើឱ្យចរាចរណ៍ជាប់គាំងនៅផ្នែកខ្លះនៃទីក្រុង និងរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានរបស់ខ្លួន ដែលជាកន្លែងមមាញឹកបំផុតមួយរបស់ប្រទេស។ សេវារថភ្លើង និងរថភ្លើងក្រោមដីក៏រងផលប៉ះពាល់ផងដែរ ដោយសារភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់កន្រ្តាក់៕

និស្សិតសាកលវិទ្យាល័យប្រទេសក្រិក ធ្វើបាតុកម្មពេញមួយយប់ ដើម្បីគាំទ្រប៉ាឡេស្ទីន

2024/05/14 07:42:38 pm        134
និស្សិតសាកលវិទ្យាល័យប្រទេសក្រិក បានធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នាកាលពីល្ងាចថ្ងៃច័ន្ទនៅខាងក្រៅច្រកចូលអគារនៃសាកលវិទ្យាល័យជាតិ និងសាកលវិទ្យាល័យ កាប៉ូឌីស្ទ្រៀន(Kapodistrian) ទីក្រុង Athens ជាកន្លែងដែលពួកគេបានលាតផ្ទាំងបដាដ៏ធំដែលមានអំណានថា «អំពើប្រល័យពូជសាសន៍ ជាការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប-អ៊ីស្រាអែល» «ទេ ចំពោះការចូលរួមរបស់ប្រទេសក្រិក និងពាក្យថា »សេរីភាពប៉ាឡេស្ទីន»។ក្រុមអ្នកតវ៉ា បានស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម និងគ្រវីទង់ជាតិប៉ាឡេស្ទីន ខណៈក្រុមមួយ បានដំឡើងតង់ សម្រាប់អ្នកទាំងឡាយដែលចង់ចំណាយពេលយប់នៅមុខសាកលវិទ្យាល័យ។សេចក្តីប្រកាសព័ត៌មាន ដោយអ្នករៀបចំមកពីសហភាពនិស្សិតទីក្រុង Athens ដែលបានរៀបចំការតវ៉ានិយាយថា «យើងមើលឃើញយ៉ាងរន្ធត់ចំពោះការវាយប្រហារដ៏ឃោឃៅថ្មីៗទៅលើប្រជាជនប៉ាឡេស្ទីន ខណៈមានការតវ៉ារបស់និស្សិតមិនធ្លាប់មានពីមុនមក នៅតាមសាកលវិទ្យាល័យនានានៅទូទាំងពិភពលោក គឺជាការឆ្លើយតបរបស់យើងចំពោះឧក្រិដ្ឋកម្ម។ ក្រុមនិស្សិត ក៏បានលើកឡើងពីសាមគ្គីភាពរបស់ពួកគេជាមួយនឹងចលនាតវ៉ាស្រដៀងៗគ្នា នៅសហរដ្ឋអាមេរិក និងប្រទេសបារាំង ដោយបញ្ជាក់ថា ពួកគេកំពុងឈរនៅលើផ្នែកនៃប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ និងទាមទារថា «ការប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីន ត្រូវបានបញ្ឈប់ និងនៅពេលនេះ។ការតវ៉ាពេញមួយយប់ស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងដោយសហជីពនិស្សិតនៅទីក្រុងកំពង់ផែ ថេសាឡុននីគី(Thessaloniki) នៅភាគខាងជើងប្រទេសក្រិក កាលពីថ្ងៃចន្ទ។ សហជីពនិស្សិតប្រទេសក្រិកនិយាយថា យើងកំពុងចូលរួមក្នុងសំឡេងរបស់យើងជាមួយនិស្សិតនៅជុំវិញពិភពលោក យើងក្លាយជាផ្នែកពាក់ព័ន្ធមួយផ្សេងទៀត នៅក្នុងខ្សែច្រវ៉ាក់ធំនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន ដែលប្រឈមមុខទៅនឹងសង្រ្គាមរាលដាល បណ្តាលឲ្យមានមនុស្សស្លាប់ច្រើន។ក្នុងរយៈពេលមួយខែកន្លងទៅនេះ និស្សិតប្រទេសក្រិក បានអង្គុយជានិមិត្ដរូបនៅតាមសាកលវិទ្យាល័យនានា និងបានចូលរួមការប្រមូលផ្តុំប្រឆាំងសង្គ្រាម បន្ទាប់ពីមានការប្រមូលផ្តុំគាំទ្រប៉ាឡេស្ទីននៅ បរិវេណសាកលវិទ្យាល័យនានា នៅបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត។

ការតវ៉ា បានកាត់បន្ថយការប្រារព្ធទិវាឯករាជ្យរបស់ប្រទេសអ៊ីស្រាអែល

2024/05/14 06:22:48 pm        76
ប្រទេសអ៊ីស្រាអែល បានប្រារព្ធទិវាឯករាជ្យកាលពីថ្ងៃច័ន្ទ ខណៈមានបាតុកម្មដោយក្រុមអ្នកតវ៉ា ទាមទារឱ្យនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu និងរដ្ឋាភិបាលរបស់លោក បង្កើតកិច្ចព្រមព្រៀងដែលនឹងនាំយកចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ត្រឡប់មកវិញ។ ទិវាបុណ្យឯករាជ្យជាតិ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានគេសង្កេតឃើញចាប់តាំងពីថ្ងៃលិចនៅថ្ងៃទី១៣ រហូតដល់ថ្ងៃលិច ថ្ងៃទី១៤ ខែឧសភា បន្ទាប់ពីទិវារំលឹកដ៏ស្ងប់ស្ងាត់ ដែលប្រជាជនអ៊ីស្រាអែល គោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ ក្នុងសង្គ្រាមរបស់ប្រទេស ព្រមទាំងអ្នកទាំងឡាយដែលបានទទួលរងគ្រោះដោយសារការវាយប្រហារភេរវកម្ម។ខណៈប្រទេសនេះ ប្រារព្ធខួបលើកទី៧៦របស់ខ្លួន ការបាញ់កាំជ្រួចត្រូវបានលុបចោល ហើយពិធីដុតបំភ្លឺភ្លើងតាមប្រពៃណីនៅទីបញ្ចុះសពជាតិទីក្រុងហ្សេរុយសាឡឹម ត្រូវបានថតទុកសម្រាប់ទស្សនិកជនមើលតាមទូរទស្សន៍ ជំនួសឱ្យការផ្សាយបន្តផ្ទាល់។សង្រ្គាម បានចាប់ផ្តើមនៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន មានមូលដ្ឋាននៅតំបន់ហ្កាហ្សា បានសម្រុកចូលទៅក្នុងសហគមន៍ព្រំដែននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ នេះបើយោងតាមតួលេខសរុបរបស់ប្រទេសអ៊ីស្រាអែល។ចាប់តាំងពីពេលនោះមក ទាហានអ៊ីស្រាអែល ២៧៣ នាក់ទៀត បានស្លាប់ ភាគច្រើននៅក្នុងការវាយលុកលើតំបន់ហ្កាហ្សា ដែលក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា បានសម្លាប់មនុស្សជាង ៣៥.០០០នាក់។ កំហឹងជាសាធារណៈនៅក្នុងប្រទេសអ៊ីស្រាអែល បានផ្តោតលើរដ្ឋាភិបាលរបស់លោក Netanyahu ជាអ្នកអភិរក្សជើងចាស់ ដែលបន្តលើកកម្ពស់ខ្លួនឯងថាជា អ្នកធានាបានសន្តិសុខជាតិ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការនាំចេញកៅស៊ូរបស់កម្ពុជាកើន ៤៥% រកចំណូលបានជាង ៥៦០លានដុល្លារ ក្នុង៧ខែឆ្នាំ២០២៦
09/16/2026 01:09 PM
អ.ដ.ក ៖ ជាង២ឆ្នាំ មានគ្រប់មជ្ឈដ្ឋាន​ទាំងអស់​ដែល​មក​ទទួល​យក​សេវា​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ
09/16/2026 01:09 PM
ប្រធានសភាអាមេរិកបដិសេធការផ្អាកការអភិវឌ្ឍ AI ដោយព្រមានពីហានិភ័យនៃការបាត់បង់ឧត្តមភាពទៅឱ្យចិន
09/16/2026 01:09 PM
គ្រូពេទ្យ ប្ដេជ្ញាបន្តខិតខំបម្រើសេវាជូនពលរដ្ឋឱ្យកាន់តែល្អ ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាល
09/16/2026 01:09 PM
សម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
09/16/2026 01:09 PM
សម្ដេចធិបតី ជំរុញឱ្យក្រសួងសុខាភិបាល បន្តខិតខំបណ្ដុះបណ្ដាលធនធានគ្រូពេទ្យឯកទេសបន្ថែមទៀត
09/16/2026 01:09 PM
កិច្ចប្រជុំបិទទ្វាររវាងគណៈកម្មការផ្សះផ្សា ជាមួយកម្ពុជា និងថៃ នៅថ្ងៃទី៣ បានបិទបញ្ចប់
09/16/2026 12:09 PM
សម្ដេចធិបតី៖ «មន្ទីរពេទ្យហ្លួងម៉ែ»ជាចក្ខុវិស័យរបស់សម្ដេចតេជោសម្រាប់ព្យាបាលជំងឺមហារីកជូនពលរដ្ឋ
09/16/2026 12:09 PM
ក្រុមហ៊ុន OpenAI Anthropic និង Google កំពុងសហការគ្នាបង្កើតស្ថាប័នកំណត់ស្តង់ដាសម្រាប់បច្ចេកវិទ្យា AI
09/16/2026 12:09 PM
នគរបាលកុងហ្គោ បំបែកការតវ៉ាប្រឆាំងនឹងការកែប្រែរដ្ឋធម្មនុញ្ញដែលត្រូវបានស្នើឡើង
09/16/2026 12:09 PM