ពលរដ្ឋបន្តសាទរកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលបោសសម្អាត Online Scams ដើម្បីស្ដារ​មុខមាត់​កម្ពុជា
សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

សន្តិសុខ និង សង្គម

ភាពតានតឹងកើនឡើងនៅសកលវិទ្យាល័យអាមេរិក ជុំវិញសង្គ្រាមក្រុមហាម៉ាស-អ៊ីស្រាអែល

2024/04/25 10:58:22 am        287
ភាពតានតឹងបានកើនឡើងខ្ពស់នៅសាកលវិទ្យាល័យរដ្ឋតិចសាស់ នៅទីក្រុង Austin កាលពីថ្ងៃពុធ ខណៈវត្តមាននគរបាលយ៉ាងច្រើន បានប្រឈមមុខជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ ក្រុមអ្នកតវ៉ា បានស្រែកដាក់នគរបាលដែលមកដល់កន្លែងតវ៉ាដោយថ្មើរជើង ម៉ូតូ និងដោយជិះលើខ្នងសេះ។ មនុស្សមួយចំនួន ត្រូវបានគេឃើញ នគរបាលចាប់ខ្លួន។ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសាមគ្គីប៉ាឡេស្ទីន ដែលបាននិយាយថា ដើមឡើយខ្លួនមានផែនការដើរចេញពីថ្នាក់រៀន ហើយចូលកាន់កាប់សាកលវិទ្យាល័យ South Mall ។ ទោះយ៉ាងណា សាកលវិទ្យាល័យរដ្ឋតិចសាស់ បាននិយាយថាការតវ៉ាមិនត្រូវបានអនុញ្ញាតឡើយ។ លិខិតមួយច្បាប់ ផ្ញើទៅកាន់គណៈកម្មាធិការសាមគ្គីភាពប៉ាឡេស្ទីនកាលពីថ្ងៃអង្គារដោយការិយាល័យព្រឹទ្ធបុរសនិស្សិត បាននិយាយថាព្រឹត្តិការណ៍នេះនឹងមិនត្រូវបានអនុញ្ញាតឱ្យដំណើរការដូចដែលបានគ្រោងទុកឡើយ។នៅសប្តាហ៍នេះ ការតវ៉ាគាំទ្រប៉ាឡេស្ទីន បានធ្វើឡើងនៅបរិវេណមហាវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក រួមទាំងសាកលវិទ្យាល័យ Columbia នៅទីក្រុងញូវយ៉ក ជាកន្លែងដែលនិស្សិតរាប់សិបនាក់ត្រូវបានចាប់ខ្លួន។ទន្ទឹមនឹងនេះ នគរបាល បានចាប់ខ្លួនក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យកាលីហ្វរនីញ៉ាខាងត្បូង កាលពីល្ងាចថ្ងៃពុធ ខណៈធ្វើបាតុកម្មនៅបរវេណសាកវិទ្យាក្នុងការគាំទ្រពលរដ្ឋតំបន់ហ្កាហ្សា ដែលបានបន្តរាលដាលជុំវិញសហរដ្ឋអាមេរិច។ក្រុមអ្នកតវ៉ា ដែលប្រគល់ខ្លួនឲ្យនគរបាលចាប់ខ្លួនដោយសន្តិវិធី បានចូលរួមជាមួយនិស្សិតជាច្រើន នៅសាកលវិទ្យានានា រួមមានទាំងសាកលវិទ្យាល័យ Columbia សាកលវិទ្យាល័យ Yale និងសាកលវិទ្យាល័យ New York។

ដោយត្រូវបានរំខានដោយអំពើហិង្សា ការបោះឆ្នោតនៅឥណ្ឌានឹងចាប់ផ្តើមដំណាក់កាលទីពីរនៅថ្ងៃសុក្រ

2024/04/25 10:51:48 am        307
ប្រទេសឥណ្ឌា នឹងចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទី២ នៅថ្ងៃសុក្រ ទី២៦ ខែមេសា បន្ទាប់ពីបានបញ្ចប់ដំណាក់កាលទី១ នៅក្នុងការអនុវត្តន៍ដែលត្រូវបានរំខានដោយអំពើហិង្សា។ មនុស្សជិត ៩៧០ លាននាក់ មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតរយៈពេល៦សប្តាហ៍ ជាការបោះឆ្នោតធំបំផុតរបស់ពិភពលោក ដែលដំណើរការពេញរដូវក្តៅរហូតដល់ថ្ងៃទី ១ ខែមិថុនា ដោយលទ្ធផលនឹងត្រូវប្រកាសនៅថ្ងៃទី ៤ ខែមិថុនា។ ដំណាក់កាលដំបូង បានចាប់ផ្តើមកាលពីថ្ងៃទី ១៩ ខែមេសា និងមានអ្នកបោះឆ្នោតចំនួន ១៦៦ លាននាក់ នៅក្នុងមណ្ឌលបោះឆ្នោតចំនួន១០២កន្លែង នៅទូទាំងរដ្ឋ និងដែនដីចំនួន២១ ចាប់ពីរដ្ឋ Tamil Nadu នៅភាគខាងត្បូង រហូតដល់រដ្ឋ អារុនណាចាល់ ប្រាដេស(Arunachal Pradesh) នៅព្រំដែនតំបន់ភ្នំហិម៉ាឡៃ ជាមួយប្រទេសចិន។ ដំណាក់កាលទី២ នៃការបោះឆ្នោតចាប់ផ្តើមនៅថ្ងៃសុក្រទី២៦ ដែលគ្របដណ្តប់នៅមណ្ឌលបោះឆ្នោតចំនួន៨៩កន្លែង ក្នុងរដ្ឋ និងដែនដីចំនួន១៣ រួមមានទាំងរដ្ឋ Assam និងរដ្ឋ Kerala ។ដំណាក់កាលទី៣ នឹងធ្វើឡើងនៅថ្ងៃទី៧ ឧសភា ដំណាក់កាលទី៤ នៅថ្ងៃទី១៣ ឧសភា ដំណាក់កាលទី៥ នៅថ្ងៃទី២០ ឧសភា ដំណាក់កាលទី៦ នៅថ្ងៃទី២៥ ឧសភា ដំណាក់កាលទី៧ និងដំណាក់កាលចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែមិថុនា។ការបោះឆ្នោតជាតិនៅឆ្នាំនេះ ដាក់ឱ្យគណបក្ស Bharatiya Janata Party (BJP) របស់នាយករដ្ឋមន្ត្រី លោក Narendra Modi ប្រជែងជាមួយសម្ព័ន្ធនៃគណបក្សប្រឆាំងជាង២០គណបក្ស ដែលសន្យាថានឹងមានសកម្មភាពកាន់តែខ្លាំង ខណៈដែលបញ្ជាក់លើអ្វីដែលពួកគេចាត់ទុកថាជាតម្រូវការដើម្បីជួយសង្គ្រោះស្ថាប័នលទ្ធិប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិក បានបញ្ជូនមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយដោយស្ងាត់ៗឱ្យអ៊ុយក្រែន

2024/04/25 10:46:23 am        386
មន្ត្រីអាមេរិក មួយរូបបាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ដោយស្ងាត់ៗ សម្រាប់ប្រើប្រាស់ក្នុងសមរភូមិរបស់ខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយមកទល់ពេលនេះអ៊ុយក្រែន បានប្រើប្រាស់វាពីរដងរួចមកហើយ។មន្ត្រីអាមេរិករូបនោះបន្ថែមថា ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព (ATACMS) ត្រូវបានផ្ទុកនៅក្នុងកញ្ចប់ជំនួយយោធាចំនួន ៣០០ លានដុល្លារសម្រាប់អ៊ុយក្រែន ដែលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានអនុម័តកាលពីថ្ងៃទី១២ ខែមីនា ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីលប៉ុន្មានគ្រាប់ត្រូវបានបញ្ជូនទៅនោះទេ។ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បានបញ្ជាក់ថា «ចំនួនដ៏ច្រើន» នៃមីស៊ីលបែបនោះត្រូវបានបញ្ជូនទៅអ៊ុយក្រែន ហើយថា «អាមេរិកនឹងបញ្ជូនបន្ថែមទៀត»។ លោកបន្ថែមថា អ៊ុយក្រែនបានប្តេជ្ញាថានឹងប្រើអាវុធនេះតែនៅក្នុងអ៊ុយក្រែនប៉ុណ្ណោះ មិនប្រើនៅក្នុងប្រទេសរុស្ស៊ីទេ។ គោលគំនិតដែលថា តើត្រូវបញ្ជូនប្រព័ន្ធមីស៊ីលតាកទិច ATACMS ដែលមានរយៈចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រនេះឱ្យអ៊ុយក្រែន ឬអត់នោះ គឺជាប្រធានបទនៃការជជែកដេញដោលនៅក្នុងរដ្ឋបាលលោក បៃដិន អស់រយៈពេលជាច្រើនខែ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានជំទាស់នឹងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ដោយបារម្ភថាការបាត់បង់មីស៊ីលពីឃ្លាំងស្តុករបស់អាមេរិក នឹងប៉ះពាល់ដល់ការត្រៀមលក្ខណៈយោធារបស់ខ្លួន ហើយក៏មានការព្រួយបារម្ភផងដែរថា អ៊ុយក្រែននឹងប្រើប្រាស់មីស៊ីលទាំងនោះដើម្បីវាយប្រហារគោលដៅជ្រៅចូលក្នុងប្រទេសរុស្ស៊ី៕

មនុស្ស ៦ នាក់ស្លាប់នៅហ្វីលីពីន ដោយសារអាកាសធាតុក្ដៅខ្លាំង

2024/04/25 10:43:42 am        284
ក្រសួងសុខាភិបាលហ្វីលីពីន (DOH) កាលពីថ្ងៃពុធ (២៣ មេសា) បាននិយាយថា ខ្លួនបានទទួលយ៉ាងហោចណាស់ ៣៤ ករណីនៃជំងឺទាក់ទងនឹងកម្ដៅ រួមទាំងការស្លាប់ចំនួន ៦ នាក់ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំនេះ។ ឧបការីរងក្រសួងសុខាភិបាល DOH លោក អាល់ប៊ឺត ដូមីនហ្គោ (Albert Domingo) បាននិយាយថា «មូលហេតុនៃការស្លាប់ទាំងនោះនៅតែស្ថិតក្នុងការផ្ទៀងផ្ទាត់នៅឡើយ»។ផ្នែកតូចៗចំនួន ១១ នៅក្នុងតំបន់ចំនួន ៥ រួមទាំងទីក្រុងរណប ម៉ានីល បានផ្អាកថ្នាក់រៀនផ្ទាល់កាលពីថ្ងៃពុធ បន្ទាប់ពីការព្រមានរបស់ការិយាល័យអាកាសធាតុរដ្ឋអំពីសន្ទស្សន៍កម្ដៅឈានដល់កម្រិត «គ្រោះថ្នាក់» លើសពី ៤២ អង្សាសេ។ការិយាល័យនោះព្រមានថា ការប៉ះពាល់នឹងអាកាសធាតុដ៏ក្តៅនេះអាចបង្កឱ្យមានការរមួលក្រពើ (រមួលសាច់ដុំ) អស់កម្លាំងខ្លាំង និងអាចថប់ដង្ហើមសន្លប់ដោយសារកម្ដៅ ឬហៅថាជំងឺសុរិយរោគ។ កាលពីដើមខែ ការិយាល័យបានព្រមានអំពីសន្ទស្សន៍កម្ដៅខ្លាំងរហូតដល់ ៥១ អង្សាសេ នៅក្នុងតំបន់មួយចំនួននៅទូទាំងប្រជុំកោះនេះ ហើយបាននិយាយថាកម្ដៅដ៏ខ្លាំងក្លានឹងនៅតែបន្តកើនឡើងដល់ខែក្រោយ។អាកាសធាតុដ៏ក្តៅគគុកបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសរៀនតាមអនឡាញ ដើម្បីការពារសិស្សជាពិសេសកុមារពីសន្ទស្សន៍កម្ដៅដ៏ខ្ពស់ដែលកំពុងវាយលុកប្រទេស។ ដើម្បីជៀសវាងផលវិបាកដែលអាចកើតមានពីកម្ដៅខ្លាំង ការិយាល័យបានណែនាំសាធារណៈជនឱ្យកាត់បន្ថយសកម្មភាពក្រៅផ្ទះ និងផឹកទឹកឱ្យបានច្រើន៕

ពលរដ្ឋជប៉ុន រួមគ្នាដាក់ញត្តិប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា

2024/04/25 09:59:41 am        296
អ្នកតំណាងមកពីក្រុមពលរដ្ឋជប៉ុន កាលពីថ្ងៃពុធ (២៤ មេសា) បានដាក់ញត្តិដែលមានជាង ១៨០.០០០ ហត្ថលេខាពីប្រជាពលរដ្ឋក្នុងតំបន់ទៅរដ្ឋាភិបាលជប៉ុន ដោយជំរុញឱ្យរដ្ឋាភិបាលនិងក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បញ្ឈប់ជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ចូលទៅលក្នុងមហាសមុទ្រ។លោក ហៃជិមី ម៉ាត់ស៊ូគុបុ (Hajime Matsukubo) អគ្គលេខាធិការនៃមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែររបស់ប្រជាពលរដ្ឋ ដែលជាអង្គការមិនរកប្រាក់ចំណេញរបស់ប្រទេសជប៉ុន បានបញ្ជូនហត្ថលេខាពលរដ្ឋចំនួន ១៨៤.៧១២ នាក់ជូនតំណាងមកពីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៅក្នុងទីក្រុង តូក្យូ។ដោយសង្កត់ធ្ងន់ថា វិធានការត្រឹមត្រូវគឺបញ្ឈប់ការបង្ហូរទឹកសំណល់នោះភ្លាមៗ លោក ម៉ាសាស៊ិ ថានិ (Masashi Tani) អគ្គលេខាធិការសភាជប៉ុនប្រឆាំងគ្រាប់បែកអាតូមិក និងគ្រាប់បែកអ៊ីដ្រូសែន បានគូសបញ្ជាក់អំពីភាពពាក់ព័ន្ធជាសកលនៃបញ្ហានេះ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការពិភាក្សាយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។ទោះបីជាមានការប្រឆាំងខឹងសម្បារទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រ បានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយទឹកសរុបប្រហែល ៣១.២០០ តោនត្រូវបានបញ្ចេញរួចមកហើយជាបួនដំណាក់កាលក្នុងឆ្នាំសារពើពន្ធ ២០២៣ រហូតដល់ខែមីនា ឆ្នាំនេះ៕

របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា បានជួបក្រុមយុទ្ធជនរបស់ខ្លួន និងត្រួតពិនិត្យទីតាំងប្រយុទ្ធ

2024/04/25 09:55:19 am        344
មន្ត្រីជាន់ខ្ពស់នៃចលនានេះ បានប្រាប់សារព័ត៌មាន Al-Araby Al-Jadeed របស់ប្រទេសកាតាថា មេដឹកនាំនៃចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប លោក យ៉េយ៉ា អាល់ស៊ីនវ៉ា (Yehya al-Sinwar) កាលពីពេលថ្មីៗនេះ បានត្រួតពិនិត្យតំបន់មួយចំនួន ដែលបានឃើញមានការប៉ះទង្គិចគ្នារវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល។ មន្ត្រីរូបនេះ បានអះអាងថា លោក អាល់ស៊ីនវ៉ា បាននិងកំពុងដឹកនាំចលនានេះនៅក្នុងសមរភូមិ ហើយរបាយការណ៍អំពីខ្លួនគាត់ស្ថិតនៅក្នុងភាពឯកោ នៅក្នុងផ្លូវរូងក្រោមដី គឺគ្រាន់តែជាការអះអាងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) និងភ្នាក់ងាររបស់ខ្លួន ដើម្បីបិទបាំងការបរាជ័យរបស់ពួកគេ ក្នុងការសម្រេចបាននូវគោលដៅ ដែលបានប្រកាសទៅកាន់ក្រុមមេដឹកនាំអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ប្រភពនោះ បានបន្ថែមថា កាលពីពេលថ្មីៗនេះ លោក អាល់ស៊ីនវ៉ា បានជួបយុទ្ធជនមួយចំនួននៃចលនានេះ នៅលើដី គឺមិនមែននៅក្នុងផ្លូវរូងក្រោមដីនោះទេ ហើយថែមទាំង បានរាយការណ៍ប្រាប់មេដឹកនាំក្រុមហាម៉ាសនៅក្រៅប្រទេស និងផ្តល់ឲ្យពួកគេនូវ«ចំនួនត្រឹមត្រូវ និងរបាយការណ៍សមរភូមិស្តីពីកម្លាំង និងសមត្ថភាពរបស់កម្លាំងតស៊ូ ដើម្បីប្រឈមមុខនឹងកងកម្លាំងរបស់អ៊ីស្រាអែល។អ៊ីស្រាអែល និយាយថា ខ្លួនជឿជាក់ថា មេដឹកនាំក្រុមហាម៉ាស រួមទាំងលោក អាល់ស៊ីនវ៉ា កំពុងលាក់ខ្លួននៅក្នុងផ្លូវរូងក្រោមដី នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

មន្ត្រី WFP៖ ស្ថានភាពតំបន់ហ្កាហ្សា អាចលើសពីកម្រិតទុរ្ភិក្សក្នុងពេលប្រាំមួយសប្តាហ៍

2024/04/25 08:27:14 am        395
មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃពុធ (២៤ មេសា) ថាតំបន់ហ្កាហ្សាស្ទ្រីប អាចឡើងហួសលើសពីកម្រិតទុរ្ភិក្សនៃអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ ក្នុងរយៈពេលប្រាំមួយសប្តាហ៍។លោក ហ្គាន ខារ៉ូ ខើរី (Gian Caro Cirri) នាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅទីក្រុងហ្សឺណែវ បាននិយាយថា «ហ្កាហ្សាកាន់តែខិតទៅជិតស្ថានភាពទុរ្ភិក្សហើយ។ មានភ័ស្តុតាងសមហេតុផលដែលថាកម្រិតទុរ្ភិក្សទាំងបីគឺអសន្តិសុខស្បៀង កង្វះអាហារូបត្ថម្ភ និងការស្លាប់ នឹងត្រូវឡើងហួសបន្ទាត់កំណត់ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ»។របាយការណ៍គាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា ទុរ្ភិក្សនៅហ្កាហ្សាជិតមកដល់ ហើយទំនងជានឹងកើតឡើងនៅខែឧសភា នៅភាគខាងជើង ហើយអាចរីករាលដាលពាសពេញតំបន់នៅខែកក្កដា។ កាលពីថ្ងៃអង្គារ មន្ត្រីអាមេរិកម្នាក់បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ជាពិសេសនៅភាគខាងជើងគឺខ្ពស់ខ្លាំងណាស់។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងបញ្ជូនជំនួយចូលក្នុង និងចែកចាយនៅទូទាំងតំបន់ហ្កាហ្សា ក្នុងរយៈពេលប្រាំមួយខែ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារនៅតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាមិនបានរារាំងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទេ ហើយបានស្ដីបន្ទោសទីភ្នាក់ងារជំនួយចំពោះភាពគ្មានប្រសិទ្ធភាពរបស់ខ្លួនក្នុងការចែកចាយ៕

អ៊ីស្រាអែល និយាយថា ការវាយលុកក្រុង រ៉ាហ្វា ជិតមកដល់ ខណៈអ្នកស្រុករត់ភៀសខ្លួនជាថ្មី

2024/04/25 08:23:48 am        365
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើតំបន់ហ្កាហ្សា ភាគខាងជើងអស់រយៈពេលពីរថ្ងៃកាលពីថ្ងៃពុធ (២៤ មេសា) នៅក្នុងការវាយលុកដ៏ខ្លាំងក្លាមួយ ដែលបានធ្វើឱ្យមានភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ត្រូវបាត់បង់ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការសម្រាប់ការវាយលុកជើងគោកយ៉ាងខ្លាំងក្លាលើក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូង។បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែល ភ្លាមៗនៅដើមខែនេះ ប្រជាជនប៉ាឡេស្ទីន នៅចុងទាំងពីរនៃតំបន់ហ្កាហ្សាស្ទ្រីប ត្រូវរត់ភៀសខ្លួនជាថ្មីម្តងទៀតដើម្បីរួចរស់ជីវិតពីការទម្លាក់គ្រាប់បែក ដែលពួកគេបានពិពណ៌នាថាជាផ្នែកដ៏អាក្រក់បំផុតមួយចំនួននៃសង្គ្រាម។ អ្នកនាំពាក្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា អ៊ីស្រាអែលកំពុង «ឆ្ពោះទៅមុខ» ជាមួយនឹងផែនការរបស់ខ្លួនសម្រាប់ប្រតិបត្តិការជើងគោកលើក្រុង រ៉ាហ្វា ប៉ុន្តែមិនបានផ្តល់ពេលវេលាកំណត់ទេ។បណ្តាប្រទេសលោកខាងលិច រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានទទូចកុំឱ្យវាយប្រហារទីក្រុងនៅចុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលជាជម្រកជាងពាក់កណ្តាលនៃប្រជាជនចំនួន ២,៣ លាននាក់មួយនេះ។មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បាននិយាយថា អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការជម្លៀសជនស៊ីវិលមុនពេលការវាយប្រហាររបស់ខ្លួន ហើយបានទិញតង់ចំនួន ៤០.០០០ តង់ដែលអាចស្នាក់នៅបានពីមនុស្ស ១០ ទៅ ១២ នាក់ក្នុងមួយតង់។ គ្រប់យ៉ាងត្រៀមអស់ហើយ នៅចាំតែបញ្ជារបស់លោក ណេតាន់យ៉ាហ៊ូ ប៉ុណ្ណោះ៕

សហគមន៍រងគ្រោះរញ្ជួយដីនៅឧបទ្វីប Noto ប្រឈមការគំរាមកំហែងប្រជាជនរស់នៅតិច

2024/04/24 02:04:04 pm        259
សហគមន៍មួយនៅឧបទ្វីប Noto ក្នុងខេត្ត Ishikawa ភាគកណ្តាលប្រទេសជប៉ុន បច្ចុប្បន្ននេះកំពុងប្រឈមមុខការគម្រាមកំហែងប្រជាជនថយចុះ ខណៈឧបទ្វីបនេះព្យាយាមដើម្បីទទួលបានទឹកស្អាត បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី ១ ខែមករា។ ប្រជាជននៅស្រុក Kawachi ក្នុងទីក្រុង Nanao ធ្លាប់ពឹងផ្អែកលើទឹកធម្មជាតិ មានប្រភពមកពីភ្នំក្បែរនោះសម្រាប់ទទួលទាន។ ប៉ុន្តែអគារសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹក ត្រូវបានបំផ្លាញក្នុងគ្រោះរញ្ជួយដី ដោយបានកាត់ផ្តាច់ការផ្គត់ផ្គង់ប្រហែលបីខែកន្លងទៅនេះ។ការផ្គត់ផ្គង់ទឹក បានដំណើរការឡើងវិញកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីអគារធ្វើប្រព្រឹត្តិកម្មទឹកត្រូវបានជួសជុលឡើងវិញ ប៉ុន្តែអាជ្ញាធរនិយាយថាពួកគេកំពុងរង់ចាំលទ្ធផលតេស្តដើម្បីធានាបានថាវាសមស្របសម្រាប់ការទទួលទាន។ ទន្ទឹមនឹងនេះ ប្រជាជននៅតែពឹងផ្អែកលើឧបករណ៍ចម្រោះទឹក ដែលបានតម្លើងបន្ទាប់ពីរញ្ជួយដី ឬទឹកដប។ មានគ្រួសារចំនួន៤១គ្រួសារ មុនពេលរញ្ជួយដី ប៉ុន្តែប្រហែល ៣០គ្រួសារ ក្នុងចំណោមពួកគេ ឬច្រើនជាង៧០ ភាគរយ បានចាកចេញពីលំនៅឋានរបស់ពួកគេ។ អ្នកជម្លៀស បានផ្លាស់ទៅកន្លែងស្នាក់នៅបណ្តោះអាសន្ន ឬរស់នៅជាមួយសាច់ញាតិរបស់ពួកគេនៅក្រៅស្រុក។ អ្នកមួយចំនួន បានសម្រេចចិត្តចាកចេញពី ស្រុក Kawachi ដើម្បីសុវត្ថិភាព។ស្ត្រី វ័យ៨០ឆ្នាំម្នាក់ ដែលត្រឡប់ពីកន្លែងស្នាក់នៅបណ្ដោះអាសន្នដើម្បីរៀបចំលំនៅឋានឱ្យបានស្អាតបាននិយាយថា អ្នកជិតខាងរបស់គាត់ទាំងអស់បានចាកចេញពីផ្ទះបន្ទាប់ពីរញ្ជួយដី។ គាត់បាននិយាយថា ខណៈគាត់នឹកផ្ទះ ពុំមានជម្រើសអ្វីក្រៅពីចាកចេញនោះទេ។ ប្រធានសហគមន៍តំបន់ បាននិយាយថា សហគមន៍ទាំងមូលបានផ្លាស់ប្តូរយ៉ាងខ្លាំង។ លោកនិយាយថា ការចាកចេញពីស្រុកគឺជាជម្រើសតែមួយគត់សម្រាប់ប្រជាជនបន្ទាប់ពីគ្រោះរញ្ជួយដី។ ទោះជាយ៉ាងណា លោកសង្ឃឹមថាពួកគេជាច្រើន នឹងត្រលប់មកលំនៅឋានវិញនៅពេលនេះ ដែលការផ្គត់ផ្គង់ទឹកត្រូវបានស្ដារឡើងវិញ ទោះបីជាបានត្រឹមតែផ្នែកខ្លះក៏ដោយ។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និយាយថា ខ្លួនដកថយបណ្ដោះអាសន្នពីភូមិសំខាន់នៅព្រំដែនថៃ

2024/04/24 02:00:59 pm        254
មន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា ក្រុមឧទ្ទាមមីយ៉ាន់ម៉ា មួយក្រុមបានដកកងទ័ពរបស់ខ្លួនចេញពីភូមិមួយនៅតាមបណ្តោយព្រំដែនប្រទេសថៃ បន្ទាប់ពីការវាយបកពីទាហាននៃរបបសឹកដែលកំពុងកាន់អំណាច ក្រោយពីក្រុមឧទ្ទាមបានដណ្ដើមកាន់កាប់ភូមិ និងដណ្តើមបានប៉ុស្តិ៍ពាណិជ្ជកម្មសំខាន់ផ្សេងទៀតក្នុងខែនេះ។អ្នកនាំពាក្យនៃក្រុមសហភាពជាតិការ៉ែន (KNU) បាននិយាយថា «ការដកថយបណ្តោះអាសន្ន» ពីភូមិ មីយ៉ាវ៉ាឌី (Myawaddy) នេះបានកើតឡើងបន្ទាប់ពីការវិលត្រឡប់របស់ទាហានរបបយោធាទៅកាន់តំបន់យុទ្ធសាស្ត្រដ៏សំខាន់ ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មបរទេសប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ។លោក ស ថនី (Saw Taw Nee) បានប្រាប់សារព័ត៌មានរ៉យទ័រ ថា «កងទ័ពក្រុមសហភាពជាតិ ការ៉ែន នឹងបំផ្លាញកងទ័ពរបបយោធា និងកងទ័ពបម្រុងរបស់ពួកគេ ដែលបានសម្រុកទៅកាន់ មីយ៉ាវ៉ាឌី» ដោយសំដៅទៅលើក្រុមប្រដាប់អាវុធរបស់ខ្លួន គឺកងទ័ពរំដោះជាតិ ការ៉ែន ដែលជាកងកម្លាំងប្រយុទ្ធជនជាតិភាគតិចដ៏ចំណាស់បំផុតមួយរបស់សហភាពមីយ៉ាន់ម៉ា។ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនក្នុងភូមិ មីយ៉ាវ៉ាឌី ដោយបង្ខំឱ្យជនស៊ីវិលចំនួន ៣.០០០ នាក់ត្រូវភៀសខ្លួន ខណៈដែលក្រុមឧទ្ទាមបានប្រយុទ្ធដើម្បីបណ្តេញកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃនៅឯស្ពានឆ្លងកាត់ព្រំដែនមួយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំឈូសមុទ្រធ្វើដំណើរទៅដល់អារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាពីការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់
04/28/2026 08:04 PM
ប្រធានាធិបតីអេស្តូនី៖ «អឺរ៉ុបត្រូវតែត្រៀមខ្លួន» សម្រាប់គ្រាប់សេណារីយ៉ូ នៅក្នុងសង្គ្រាមអ៊ុយក្រែន
04/28/2026 08:04 PM
យោធាអ៊ីស្រាអែលចេញការព្រមានជម្លៀស សម្រាប់តំបន់ភាគខាងត្បូងលីបង់
04/28/2026 08:04 PM
ស៊ុយអែតព្រមានអំពីលទ្ធភាពដែលអាចខ្វះខាតប្រេងឥន្ធនៈយន្តហោះ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា
04/28/2026 08:04 PM
រសៀលនេះក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍​ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់
04/28/2026 08:04 PM
អារ៉ាប់រួម ចាកចេញពី OPEC និង OPEC+ ជាផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមផលិតប្រេងសកល
04/28/2026 08:04 PM
ក្រុមហ៊ុននីហ្សេរីយ៉ាផលិតយានបើកដោយខ្លួនឯង ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធអាហ្វ្រិក
04/28/2026 07:04 PM
មន្ត្រីការពារជាតិជាន់ខ្ពស់៖ ហ្វីលីពីនមិនបារម្ភថា សង្គ្រាមអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិកងាកចេញពីតំបន់នោះទេ
04/28/2026 07:04 PM
មនុស្សជាច្រើននាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះការដ្ឋានសំណង់អគារកំពុងសាងសង់នៅទីក្រុងមូស្គូ
04/28/2026 07:04 PM
អ៊ីរ៉ង់៖ អាមេរិកលែងមានឥទ្ធិពល «កំណត់» គោលនយោបាយដល់ប្រទេសដទៃទៀតហើយ
04/28/2026 07:04 PM