ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

វប្បធម៌ និងទេសចរណ៍

គិតមកដល់ពេលនេះ ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋាន ទូទាំងប្រទេស បានចំនួន​១០៦៣៤បុរាណដ្ឋាន

2023/07/31 11:59:49 am        265
ការធ្វើបច្ចុប្បន្នភាពបុរាណដ្ឋានទូទាំងប្រទេស និងការចុះផ្ទៀងផ្ទាត់បុរាណដ្ឋាន រយៈពេល៥ឆ្នាំ (២០១៧-២០២២) និងគិតមកដល់ថ្ងៃនេះ ទាំង២៥រាជធានី-ខេត្ត បាន​ចំនួន​១០៦៣៤​បុរាណដ្ឋាន។នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ការ​ធ្វើ​បច្ចុប្បន្ន​ភាពបុរាណដ្ឋាន នៅទូទាំងប្រទេស បានចំនួន១០៦៣៤បុរាណដ្ឋាន ក្នុង​នោះ​ប្រាសាទ និងគ្រឹះប្រាសាទ ចំនួន៣០០៦ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៤៩៥៩ស្ថានីយ, ទួល​កប់​សព ចំនួន៦៦៨ស្ថានីយ និងប្រព័ន្ធធារាសាស្រ្ត ចំនួន២០០១ស្ថានីយ។ ការ​គ្រប់​គ្រង​ទួល ១០៦៣៤ស្ថានីយ ក្នុងនោះស្ថានីយទទួលស្គាល់ ចំនួន៤៨៣៤ស្ថានីយ, មិន​ទាន់​ទទួល​ស្គាល់ ​ចំនួន៥៨០០ស្ថានីយ, ស្ថានីយបោះបង្គោលរួច ចំនួន២៨៨ស្ថានីយ, មិនទាន់បោះបង្គោល ១០៣៤៦​ស្ថានីយ និងស្ថានីយរកឃើញថ្មី ចំនួន១០៧៣ស្ថានីយ។ដោយឡែកកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្តកណ្តាល សហការជាមួយលោកអនុប្រធាននាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវតិ្ត​វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ក្នុង​ស្រុក​មុខ​កំពូល បានចុះពិនិត្យស្ថានភាពជាក់ស្តែងស្ថានីយបុរាណ ដែលស្ថិតក្នុងឃុំសំបួរមាស ដោយ​រក​ឃើញ​នូវ​សមុច្ច័យ​បុរាណ​វិទ្យា​មួយចំនួននៅលើទីតាំងនោះផងដែរ។ និយាយ​ជា​រួម​មក​ដល់​សព្វ​ថ្ងៃ​នេះ ​ខេត្ត​កណ្តាល មានស្ថានីយសរុប ចំនួន៦៤៥ស្ថានីយបុរាណ ប្រាសាទ និងគ្រឹះប្រាសាទ មាន​ចំនួន​២៤៦ស្ថានីយ, ទួលកប់សព ចំនួន៣១ស្ថានីយ, ទួលមនុស្សរស់នៅ ចំនួន៣៦៤ស្ថានីយ, និង​ប្រព័ន្ធ​ធារាស្រ្ត ចំនួន៤ស្ថានីយ។ ក្នុងនោះស្ថានីយចុះបញ្ជីធ្វើសាលកបត្រ ទទួលស្គាល់ ចំនួន១៩៩ស្ថានីយ, មិនទាន់ទទួលស្គាល់ ចំនួន៤៤៦ស្ថានីយ និងស្ថានីយបោះបង្គោលរួច ចំនួន​៥៥​ស្ថានីយ, មិនទាន់បោះបង្គោល៤៩៤ស្ថានីយ។បើតាមឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ជម្រាប​ជូន​ថា ​តាំងពីឆ្នាំ២០០៧ ដែលបានបង្កើតនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យារួចមក នាយកដ្ឋាន​បាន​ធ្វើប្រតិបតិ្តការដោយផ្ទាល់ខ្លួនឯង និងធ្វើការសហប្រតិបតិ្តការជាមួយដៃគូរជាតិ និង​ដៃ​គូរអន្តរជាតិមួយចំនួនធំ ក្នុងនោះមានការចូលរួមពីបណ្តាល៩ប្រទេស ស្មើនឹង​២១​ស្ថាប័ន​ស្រាវ​ជ្រាវ​។ ការគ្រប់គ្រង និងការស្រាវជ្រាវទាំងនេះផ្តោតលើ សម័យបុរេប្រវតិ្តសាស្រ្ត និង​សម័យ​ប្រវតិ្ត​សាស្រ្ត រហូតដល់សម័យមុន-ក្រោយអង្គរ៕ អត្ថបទ៖ រដ្ឋា 

ទិន្នន័យជំរឿនសត្វក្រៀលមានការកើនឡើង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ

2023/07/31 10:17:20 am        456
សត្វក្រៀលជាប្រភេទបក្សីដែលមានទំងន់ធ្ងន់ និង​ខ្ពស់ជាង​គេ​ហើយ​អាច​ហើរ​បាន​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ ដែល​បច្ចុប្បន្ន​កំពុង​តែ​ទទួល​រង​ការ​គម្រាម​កំហែង​ឈាន​ទៅ​ជិត​ផុត​ពូជ​អាស្រ័យ​ដោយ​ចំនួន​ប្រជាសាស្រ្ត​មាន​ការថយចុះ។ តាមទិន្នន័យជំរឿនចំនួនកត់ត្រាបានខ្ពស់បំផុតនៅកម្ពុជា និង​វៀតណាម​មាន​ ៨៧៨ក្បាល ក្នុង២០០២ ​ធ្លាក់មកដល់ ១៥៦ក្បាលក្នុងឆ្នាំ២០២២។ក្រសួងបរិស្ថាន​ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC), អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS), អង្គការមូលនិធិសត្វក្រៀល (ICF) បានធ្វើជំរឿន​សត្វ​ក្រៀល​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៣​នៅ​តាម​ទីតាំង​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម​ដូច​ជា​តំបន់​ដី​សណ្តរ​ទន្លេមេគង្គ​ តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើង និងឥសាន្ត។​កាល​បរិច្ឆេទ នៃការធ្វើជំរឿងសត្វក្រៀលនៅប្រទេសកម្ពុជា គឺធ្វើឡើងនៅខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។ លទ្ធ​ផល​ជំរឿន​ចុង​ក្រោយ​នេះក​ត់​ត្រា​បាន​ក្រៀល​ចំនួន​ខ្ពស់​បំផុត​ក្នុង​ខែកុម្ភៈ​គឺ១៨០ក្បាល តួលេខថ្មីនេះ​បង្ហាញ​សញ្ញា​វិជ្ជមាន​បើ​ប្រៀបធៀប​ទៅ​ និង​លទ្ធផល​ឆ្នាំ​២០២២​ដែល​រាប់​បានតែ១៥៦ក្បាល និងឆ្នាំ២០២១រាប់បានតែ១៦១ក្បាល។​ សត្វ​ក្រៀល​២​ក្បាល​បាន​កត់​ត្រាបានក្នុងប្រទេសវៀតណាមក្នុងកំឡុងពេលជំរឿននេះ។សំបុករបស់សត្វក្រៀលដែលជាសត្វកំពុងរងការគំរាមកំហែងជាសាកលមួយសំបុករួមទាំងសត្វក្រៀលពេញវ័យមួយគូ ត្រូវបាន់រគេប្រទះឃើញរស់នៅក្នុងទីជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ក្នុង​ដែន​ជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ នេះជារបកគំហើញថ្មីបំផុតផ្អែកតាមសេចក្តីរាយការណ៍ នាព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពីក្រុមអ្នក​វិទ្យាសាស្ត្រ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ​ នៃ​ក្រសួង​បរិស្ថាន និងអង្គការ WWF កម្ពុជា។ កាលពីម្សិលមិញ ក្រុមអ្នកស្រាវជ្រាវ​បាន​បញ្ជាក់​អំពី​វត្តមាន​របស់​សត្វក្រៀលមួយសំបុកនេះនៅក្នុងតំបន់នៃដែនជម្រក បន្ទាប់ពីពួកគេ​បា​ន​ទទួល​ព័ត៌មាន​អំពី​វត្តមានសត្វនេះពីប្រជាជនសហគមន៍ហើយបានចុះពិនិត្យ និងបានកត់ត្រា​ដល់​ទីតាំង​ក្នុង​តំបន់​ទីជម្រកនោះ។ ដោយក្តីរំភើបចិត្តជាខ្លាំង លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បាន​គូសបញ្ជាក់ពីសារៈសំខាន់នៃការរកឃើញនេះ ដោយបាន​បញ្ជាក់​ថា​វា​គឺ​ជា​កំណត់​ត្រា​វិទ្យាសាស្ត្រ​ដំបូងប​ង្អស់នៃ​សំបុក​សត្វ​ក្រៀល​រួម​ជាមួយ​នឹង​សត្វ​ពេញ​វ័យ​បន្តពូជ​មួយ​គូផង​ដែរ​នៅក្នុង​តំបន់​ព្រៃលិចទឹកទន្លេមេគង្គសម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ លោកបាននិយាយទៀតថា៖ របកគំហើញ​ដ៏​អស្ចារ្យ​នេះ​ពិត​ជា​ជំរុញ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹងប្រែ​ង​អភិរក្ស​បន្ថែមទៀតការពារក្នុងតំបន់ទីជម្រកពីសំណាក់ដៃគូរដ្ឋាភិបាលរបស់យើង សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។ សត្វក្រៀល​គឺជា​សត្វ​ស្លាប​មាន​មាឌ​ធំមួយ​ប្រភេទ​ដែល​អាច​ធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបាន​ចាត់​ថ្នាក់​ជា​ប្រភេទ​សត្វ​ងាយរង​គ្រោះក្នុ​ង​បញ្ជី​ក្រហម​ IUCN។ ក្នុងខែកក្កដា ឆ្នាំ២០២៣ នេះដែរ ក្រុមអ្នក​ស្រាវ​ជ្រាវ​ក៏​បាន​កត់​ត្រាទុ​កនូ​វ​សត្វ​ក្រៀល​ ចំនួន ៤ ក្បាលផ្សេងទៀត ដែលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ដែល​ជា​តំបន់​ការពារធម្មជាតិមួយទៀតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងគាំទ្រ​ដោយ​អង្គការ​ WWF ។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន​​បានមានប្រសាសន៍ថា« វាជា​ដំណឹង​ដ៏​រីក​រាយ​ដែល​លទ្ធផល​ជំរឿ​ន​ឆ្នាំ២​០២៣​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ព្រោះ​ថា​ ទិន្នន័យ​ជំរឿន​សត្វ​ក្រៀល​ក្នុង​រយៈ​ពេល ១០ឆ្នាំចុងក្រោយបានបង្ហាញនិន្នាការថយចុះរហូត។ ក្រសួងបរិស្ថាន​សូមវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរួម ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដែល​លទ្ធផល​ពេល​នេះ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ នៃ​ការ​អនុវត្ត​ផែន​ការ​សកម្មភាព​នានា​របស់​ក្រសួ​ង​បរិស្ថាន និងអង្គការដៃគូ និងបង្ហាញពីភាពប្រសើរឡើងនៃការអភិរក្សធនធានធម្មជាតិនៅកម្ពុជា ការ​យល់ដឹងរបស់ប្រជាពលរដ្ឋ ការផ្លាស់ប្តូរឥរិយាបថ​សាធារណ​ជន​ចំពោះ​សត្វ​ព្រៃ​។ ចំពោះ​សត្វ​ក្រៀល​នេះ ​ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់ជាក់ស្តែងនាថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៣​ បាន​ចេញ​សេចក្តី​សំរេច​បង្កើត​ក្រុម​ការងា​រ​អភិរក្ស​ក្រៀល​ដើម្បី​បន្ត​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នាប​ន្ថែម​ទៀត​ ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់​​ ការស្រាវជ្រាវ ការប​ង្កើត​សេ​ដ្ឋកិច្ចមូលដ្ឋាន និងការអបរ់ផ្សព្វផ្សាយ»៕

មនុស្ស ៥នាក់ ស្លាប់ ខណៈព្យុះវាយប្រហារភាគខាងជើងអ៊ីតាលី និងភ្លើងឆេះព្រៃ នៅកោះ Sicily

2023/07/26 12:27:02 pm        121
ជើងអ៊ីតាលី៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីមានព្យុះដ៏មានឥទ្ធិពល នៅភាគខាងជើង និងភ្លើងឆេះព្រៃ នៅកោះ Sicily ដែលអាចនាំឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្ន នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត។នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បាននិយាយថា ក្មេងស្រីវ័យ ១៦ឆ្នាំម្នាក់ ដែលកំពុងធ្វើដំណើរទៅបោះជំរំ ស្ថិតក្នុងចំណោមមនុស្ស ២នាក់ ដែលបានស្លាប់ដោយសារព្យុះ ដែលបានវាយប្រហារភាគខាងជើងប្រទេសអ៊ីតាលី។ ក្មេងស្រីជំទង់នោះ បានបាត់បង់ជីវិតនៅពេលដែលដើមឈើមួយដើមដួលរលំសង្កត់តង់របស់នាង អំឡុងពេលបោះជំរំកាយរិទ្ធនៅជិតទីក្រុង Brescia បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ពេញមួយយប់។ ហើយកាលពីថ្ងៃចន្ទ ស្ត្រីវ័យកណ្តាលម្នាក់ បានស្លាប់ បន្ទាប់ពីដើមឈើដួលរលំពីលើ នៅទីប្រជុំជន Lissone ភាគខាងជើងទីក្រុង Milan។ចំណែកនៅកោះ Sicily ឯណោះវិញ អ្នកគ្រប់គ្រងតំបន់ លោក Renato Schifani បាននិយាយថា លោកមានគម្រោងស្នើរដ្ឋាភិបាល នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីប្រកាសភាពអាសន្ន សម្រាប់កោះមេឌីទែរ៉ាណេមួយនេះ។អ្នកពន្លត់អគ្គីភ័យនៅលើកោះនេះ បានចំណាយពេលមួយយប់ ដើម្បីទប់ទល់នឹងចំហេះព្រៃ ដែលជាការឆេះមួយ ក្នុងចំណោមការឆេះ នៅជិតខ្លាំងនឹងអាកាសយានដ្ឋាន Palermo ដែលកន្លែងនោះ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃអង្គារ។នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នៅទូទាំងភាគខាងត្បូង ដោយនិយាយថា ជំនួយផ្លូវអាកាសត្រូវបានស្នើសុំ សម្រាប់ឧបទ្ទវហេតុចំនួន៩ នៅកោះ Sicily ចំនួន៩ នៅតំបន់កាឡាប៊្រីយ៉ា (Calabria) និងមួយទៀតនៅកោះសាឌីណាយ៉ា (Sardinia)៕

តុលាការបែលហ្ស៊ិក កាត់ទោសជនជាប់ចោទ ៦នាក់ពីបទឃាតកម្ម ជុំវិញករណីបំផ្ទុះគ្រាប់បែក នៅទីក្រុងប៊្រុចសែល ឆ្នាំ២០១៦

2023/07/26 12:22:37 pm        137
បែលហ្ស៊ិក៖ តុលាការក្រុងប្រ៊ុចសែល កាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បានកាត់ទោសបុរស ៦នាក់ ពីបទឃាតកម្ម និង ២នាក់ផ្សេងទៀត ពីបទបង្កភេរវកម្ម បន្ទាប់ពីមានការកាត់ក្តីដ៏ធំបំផុត ដែលមិនធ្លាប់មានរបស់ប្រទេសនេះ ចំពោះករណីបំផ្ទុះគ្រាប់បែករបស់ពួកអ៊ីស្លាមនិយម កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីរបស់ប្រទេសបែលហ្ស៊ិក ដែលបានឆក់យកជីវិតមនុស្ស ៣២នាក់។ជនទាំង ៦នាក់ ក្នុងចំណោមជនជាប់ចោទចំនួន១០នាក់ ត្រូវបានរកឃើញថា មានទោសពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត ក្នុងបរិបទអ្នកបង្កភេរវកម្ម ពាក់ព័ន្ធនឹងការរួមចំណែករបស់ពួកគេ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន២ នៅព្រលានយន្តហោះ Brussels និងការបំផ្ទុះគ្រាប់បែកលើកទី៣ នៅលើរថភ្លើងក្រោមដីរបស់ទីក្រុងប៊្រុចសែល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។ជនទាំង ៦នាក់នោះ និងមនុស្ស ២នាក់ផ្សេងទៀត ក៏ត្រូវបានកាត់ទោសពីបទចូលរួមក្នុងសកម្មភាពរបស់អង្គការភេរវកម្មផងដែរ។ ចំណែកឯ បុរស ២នាក់ផ្សេងទៀត ត្រូវបានដោះលែង។ ការសម្រេចក្ដី នឹងមានការបើកសវនាការដាច់ដោយឡែក ដើម្បីកំណត់ទោសនានា នៅខែកញ្ញា។ អ្នកដែលត្រូវបានរកឃើញថា មានទោសក្នុងបទឃាតកម្ម អាចប្រឈមនឹងការជាប់ទោសអស់មួយជីវិត។ក្នុងចំណោមអ្នកដែលត្រូវបានកាត់ទោសនោះ មានម្នាក់ឈ្មោះលោក Salah Abdeslam គឺជាជនសង្ស័យសំខាន់ជាងគេ ក្នុងសវនាការនេះ ពាក់ព័ន្ធនឹងការវាយប្រហារក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលបានសម្លាប់មនុស្ស ១៣០នាក់។ នៅពេលរត់គេចខ្លួនពីរដ្ឋធានីរបស់ប្រទេសបារាំង រូបគេត្រូវបានចាប់ខ្លួន នៅទីក្រុងប្រ៊ុចសែល ៤ថ្ងៃមុនមានការវាយប្រហារ នៅប្រទេសបែលហ្ស៊ិក៕

ក្រសួងវប្បធម៌ គ្រោងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្រោមប្រធានបទ វប្បធម៌សន្តិភាព

2023/07/24 12:49:14 pm        578
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងរៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។បើតាមលោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព ប្រាប់BTV ព័ត៌​មាន​នាព្រឹក​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្រសួងនឹងរៀបចំមហោស្រពចាប៉ីដងវែង ទូទាំង​ប្រទេស ឆ្នាំ២០២៣ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និង​លើកកម្ពស់កិត្យានុភាពជាតិ ជាពិសេស​ចាប៉ីដងវែង​ដែល​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ មហោ​ស្រព​ចាប៉ី​ដង​វែង ប្រារព្ធឡើងនៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និង​មាន​ការ​ផ្សាយ​ផ្ទាល់​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ អាស្រ័យហេតុនេះ សូមលោក លោកស្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត និង​ប្រធាន​អង្គការ សមាគមសិល្បៈ ដែលប្រតិបត្តិការងារទាក់ទង នឹងវិស័យសិល្បៈវប្បធម៌ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឱ្យបានទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានមហាជន ដើម្បីឱ្យសិល្បករ សិល្បការិនី ដែល​មាន​ជំនាញ និងទេពកោសល្យលើទម្រង់សិល្បៈចាប៉ីដងវែង បាន​ចូល​រួម​ប្រឡង​ក្នុង​មហោ​ស្រព​ដ៏​មាន​សារៈ​សំខាន់នេះ ក្នុងបុព្វហេតុថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ឱ្យ​កាន់​តែ​រីកដុះដាលថែមទៀត។ មហោស្រពអនុលោមតាមស្មារតីខាងលើ ក្រសួង នឹង​ដំណើរ​ការ​ប្រឡង​ជ្រើសរើសបេក្ខជនចូលរួមប្រកួតនៅក្នុងចាប៉ីដងវងទូទាំងប្រទេស ឆ្នាំ២០២៣ តាម​លក្ខ​ខណ្ឌ និង​កាលបរិច្ឆេទដូចខាងក្រោម៖ បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែល​ពុំ​មែន​ជា​បេក្ខជន​ជ័យ​លាភី នៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ក្នុងឆ្នាំកន្លងៗមក។ ចំពោះបេក្ខជន ជានារី និង​ជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត និងបេក្ខជន​ត្រូវ​បំពេញ​ពាក្យ​សុំ​ប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់ (តាមគំរូដែលមានស្រាប់) ក្នុងករណី​ក្រុម​ការងារ​រៀប​ចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុម​ការងារ​មិន​បញ្ជូន​ឯកសារឲ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។សូមបញ្ជាក់​ផងដែរថា រង្វាន់ជ័យលាភី បេក្ខជន ដែលឈ្នះការ​ប្រឡង​ប្រជែង​ក្នុង​មហោស្រព​ចាប៉ី​ដង​វែង ទូទាំងប្រទេស ឆ្នាំ២០២៣ នឹងទទួលបាន ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦,០០០,០០០រៀល, -ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤,០០០,០០០រៀល, - ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២,០០០,០០០រៀល, -ជ័យលាភីលេខ៤ និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់​១,០០០,០០០រៀល៕ អត្ថបទ៖ រដ្ឋា

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ទទួលបានថវិកាបរិច្ចាគ ជិត២លានដុល្លារអាមេរិក ក្នុងអំឡុងពេល ២សប្ដាហ៍កន្លងមកនេះ

2023/06/14 11:26:50 am        184
ភ្នំពេញ៖ បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល២សប្ដាហ៍មក, យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺនានាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា) ។សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់”សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ៕

ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក Jill Biden ទស្សនាពីរ៉ាមីតរបស់ប្រទេសអេហ្ស៊ីប

2023/06/03 05:07:54 pm        206
អេហ្ស៊ីប៖ លោកស្រី Jill Biden ស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ (ទី៣ ខែមិថុនា) នេះ បានទៅទស្សនាប្រាសាទពីរ៉ាមីតខេត្តហ្ស៊ីណា ដោយការទៅទស្សនានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនៅប្រទេសអេហ្ស៊ីប។លោកស្រី Biden បានធ្វើដំណើរទស្សនាប្រាសាទពីរ៉ាមីត និងប្រាសាទ Great Sphinx របស់ទីតាំងបុរាណស្ថានទីនេះជាមួយប្រធានឧត្តមក្រុមប្រឹក្សាស្រាវជ្រាវវត្ថុបុរាណ លោក Mostafa Waziri។ស្រ្តីទីមួយរបស់សហរដ្ឋអាមេរិក បានទៅដល់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃសុក្រ (ទី២ ខែមិថុនា) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្រៅប្រទេស ក្នុងនោះរួមបញ្ចូលទាំងដំណើរទៅប្រទេសម៉ារ៉ុក និងព័រទុយហ្គាល់ផងដែរ។នៅមុននោះ លោកស្រីបានជួបជាមួយសមភាគីអេហ្ស៊ីបលោកស្រី Entissar Amer និងស្វាមីរបស់លោកស្រីលោកប្រធានាធិបតី Abdel Fattah al-Sisi។ បន្ទាប់មក លោកស្រី Biden ក៏បានទៅទស្សនាសាលាបច្ចេកទេស និងវិហារអ៊ីស្លាម al-Azhar ដ៏ល្បីល្បាញផងដែរ៕

កម្ពុជាត្រៀមបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម៤៩៩៩នាក់ នាពេលបន្តិចទៀតនេះ

2023/04/15 08:24:24 am        143
សៀមរាប៖ កម្ពុជាត្រៀមបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម៤៩៩៩នាក់ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣បន្តិចទៀតនេះ។កម្មវិធីបំបែកឯតទគ្គកម្មរាំចង្វាក់ម៉ាឌីហ្សុននាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងបង្ហាញពី មិត្តភាព សាមគ្គីភាពជាធ្លុងមួយ តាមរយៈការរាំចង្វាក់រាំម៉ាឌីហ្សូនកាលពីឆ្នាំ២០១៥ យើងបានរៀបចំរួចម្ដងមកហើយ ចំនួន ២០១៥ នាក់ដោយឡែកសម្រាប់ឆ្នាំ ២០២៣ ចំនួនទៅតាមការគ្រោងទុកចំនួន ៤,៩៩៩ នាក់ការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន គឺជាការបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។ អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕

ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណើរយុវជនស្ម័គ្រចិត្ត ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត

2023/04/10 11:49:06 am        339
ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ៥០០នាក់ ក្នុងចំណោមយុវជនជាង៧០០នាក់ ដោយធ្វើដំណើរចាកចេញ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាពេលខាងមុខនេះ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់យុវជន ដែលបានស្ម័គ្រចិត្តចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត។ ជាពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមហាព្រឹត្តការណ៍មួយនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គរសង្រ្កាន្តត្រូវបានដឹកនាំអនុវត្តន៍ដោយឈរលើគោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត ពីយុវជនគ្រប់ទិសទី ដែលពួកគាត់បានធ្វើការងារនេះ តាំងពីការរៀបចំគម្រោង ការអនុវត្តន៍ និងការដឹកនាំទៅតាមក្រុមតាមផ្នែកតូចៗជាច្រើនជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត ។ឯកឧត្តមបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែធ្វើការសម្ភាសន៍ ចម្រាញ់ និងសម្រាំងជាច្រើនដំណាក់កាល ដើម្បីឲ្យសមស្របទៅតាមតម្រូវការងារ ជាងនេះទៅទៀត ក្រុមការងារជំនាញតាមផ្នែកនីមួយៗ ក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារ គឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។លោក ភឹម ម៉ាដូណា អនុប្រធានក្រុមការងារដឹកជញ្ជូនក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលលោកបានសម្របសម្រួលចូលរួមក្នុងព្រឹតិ្តការណ៍ដ៏មហាអស្ចារ្យនេះ ដែលទទួលបន្ទុកលើក្រុមការងារដឹកជញ្ជូននេះ។ ហើយថ្ងៃនេះ ជាការចេញដំណើរលើកទី២ ដែលលើកទី១ បានចេញដំណើរ មានចំនួនជាង៤០នាក់។ ព្រឹកនេះក្នុងផែនការត្រូវចេញដំណើរជាង៧០០នាក់ ប៉ុន្តែសមាសភាពអញ្ជើញមកផ្ទាល់មានចំនួនតែ៥២២រូបទេ ដោយសារតែក្រុមការងារមួយចំនួនលោក បានអញ្ជើញចេញដំណើរទៅមុន។ គួរបញ្ជាក់ថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជនសរុបប្រមាណ ៥,០០០នាក់ ចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការអភិវឌ្ឍទាំងជំនាញរឹង (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់ (ការដឹកនាំក្រុមទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសសម្រាប់យុវជនក្នុងការផ្សាភា្ជប់ទំនាក់ទំនង និងបង្កើតបណ្តាញទាក់ទងដ៏ធំមួយ។ តាមរយៈបទពិសោធន៍ទាំងនេះ នឹងអាចធ្វើឲ្យពួកគេកាន់តែមានសមត្ថភាពក្នុងការបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួននៅអនាគតផងដែរ៕(អត្ថបទ៖ រដ្ឋា)

ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ និងផ្ទះភ្ញៀវ ២៨៣ទីតាំង ខណៈសន្ទុះភ្ញៀវទេសចរកំពុងមានកំណើនឡើងវិញ

2023/03/29 11:01:55 am        171
ភ្នំពេញ៖ ឯកឧត្ដម ទៀ សីហា អភិបាល ខេត្តសៀមរាបបញ្ជាក់ថា ខេត្តសៀមរាបមានសណ្ឋាគារ ២៣៧ ទីតាំង ស្នើនឹង១៥.២២២បន្ទប់ ខណៈក្រោយកូវីដ-១៩រាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការកូវីដ-១៩បានល្អ ធ្វើឱ្យកំណើនភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប មានសន្ទុះកើនឡើងវិញនៅឆ្នាំ២០២២ ក្នុងនោះមានភ្ញៀវទេសចរសរុបចំនួន ២.៦៩២.៤២៣នាក់ ភ្ញៀវបរទេសចំនួន ២៨៧.៤៥៤នាក់។ឯកឧត្ដម ទៀ សីហា បញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» របស់រដ្ឋបាលខេត្ត សៀមរាប នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ឯកឧត្តមថ្លែងថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ សម្រាប់ចូលរួមចំណែក លើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចខេត្តទាំងមូល។ ឯកឧត្តមបានឱ្យដឹងថា ខេត្តមានសណ្ឋាគារ ២៣៧ទីតាំង ស្មើនឹង ១៥២២២បន្ទប់ មានផ្ទះភ្ញៀវ ២៨៣ ទីតាំង ភោជនីយដ្ឋាន ២៣៩ កន្លែង ហាងម៉ាហ្សា ៦៩ កន្លែង មគ្គុទេសក៍ទេសចរណ៍ ៥ ១១៧ នាក់ និងទីភ្នាក់ងារទេសចរណ៍ ៣២១។ ឯកឧត្តមបញ្ជាក់ថា ភ្ញៀវទេសចរណ៍កាលពីឆ្នាំ ២០១៨ មានភ្ញៀវទេសចរសរុបចំនួន ៥,៧ លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២,៥ លាននាក់ ប៉ុន្តែ ដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះវិស័យទេសចរណ៍ខេត្ដ ចាប់ពីឆ្នាំ ២០១៩ ដែលសេវាកម្មទេសចរណ៍ត្រូវបានបិទ និងផ្អាកស្ទើរតែទាំងស្រុង ហើយទើបនឹងបានចាប់ផ្តើម មានកំណើនភ្ញៀវទេសចរប្រសើរឡើងវិញនៅឆ្នាំ២០២២ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងខេត្តសៀមរាប៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាហ្វ្រិកខាងត្បូងរងការដំឡើងពន្ធអាមេរិក ៣០ភាគរយ ក្រោយពុំបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
08/01/2025 07:08 PM
មនុស្សយ៉ាងហោច ៣៣នាក់ ត្រូវបានសម្លាប់នៅទីក្រុងគីវ ស្របពេលរលកនៃការវាយប្រហាររបស់រុស្ស៊ី
08/01/2025 07:08 PM
បារាំងចាប់ផ្តើមទម្លាក់ជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា
08/01/2025 07:08 PM
រ៉្វាន់ដា និងកុងហ្គោ បើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការត្រួតពិនិត្យរួម ក្រោមកិច្ចព្រមព្រៀងសន្តិភាព
08/01/2025 07:08 PM
អាល្លឺម៉ង់នឹងផ្តល់ប្រព័ន្ធ Patriot ចំនួន ២គ្រឿងដល់អ៊ុយក្រែន ជាកិច្ចព្រមព្រៀងជាមួយអាមេរិក
08/01/2025 07:08 PM
បំណាក់ល្បាប់ភក់វាយប្រហារទីក្រុង Tyrnyauz របស់រុស្ស៊ី បង្ខំឲ្យមនុស្ស ៣៧២នាក់ជម្លៀសខ្លួន
08/01/2025 07:08 PM
អ៊ីស្រាអែលសម្លាប់ជនប៉ាឡេស្ទីនអត់ឃ្លាន ខណៈប្រេសិតពិសេសអាមេរិកធ្វើដំណើរទៅកាន់ទីតាំងជំនួយនៅហ្កាហ្សា
08/01/2025 07:08 PM
បណ្តាលរដ្ឋអារ៉ាប់អំពាវនាវឲ្យក្រុមហាម៉ាសរំសាយអាវុធ និងលះបង់ចោលអំណាច
08/01/2025 06:08 PM
រុស្ស៊ីប្រកាសដណ្តើមបានទីក្រុងសំខាន់ Chasiv Yar របស់អ៊ុយក្រែន ខណៈការវាយប្រហារជើងគោកកាន់តែខ្លាំងក្លា
08/01/2025 06:08 PM
ព្យុះខ្សាច់វាយប្រហារតំបន់ឆ្នេរប្រទេសប៉េរូ ធ្វើឲ្យកាត់បន្ថយរយៈចម្ងាយមើលឃើញ
08/01/2025 06:08 PM