ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤
អ្នកជំនាញ៖ ល្ខោនស្រមោលស្បែកធំ ជាល្ខោនដែលរៀបចំសម្ដែងតាំងពីមុនសម័យអង្គរ និងមានលក្ខណៈពិសេសជាច្រើន
Giunness World Records ប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញ​រថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រជាជាតិកម្ពុជា
មន្ត្រី​ជាន់ខ្ពស់ក្រសួង​វប្បធម៌ អំពាវនាវមន្ត្រី និងពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណី នៃការ​ស្លៀកពាក់​ឱ្យបានសមរម្យ

វប្បធម៌ និងទេសចរណ៍

សម្រស់ ប្រាសាទបេងមាលា នារដូវវស្សា!

2024/07/24 12:04:36 pm        90
ប្រាសាទបេងមាលា គឺជាបុរាណប្រាសាទមួយ មានអាយុកាលរាប់រយឆ្នាំមកហើយ ដែល​បាន​លាក់​ខ្លួន​ពួនសំងំនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់ក្បែរជើងភ្នំគូលែន ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទបេងមាលា ត្រូវបានស្ថាបនាឡើងនាអំឡុងចុងស.វ ទី ១១ និងដើមស.វ ទី ១២ នៃគ.ស ដោយព្រះបាទសូរ្យវរ្ម័នទី២ សាងសង់លើផៃ្ទដីទំហំ១៤ហិកតា ។ប្រាសាទនេះក៏ត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងលទ្ធិព្រហ្មសាសនា។ ប៉ុន្តែ​បច្ចុប្បន្នប្រាសាទបេងមាលា បានក្លាយជាទីបូជនីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្អវិចិត្រ ដែល​ទាក់ទាញក្រសែភ្នែកទេសចរចម្រុះជាតិសាសន៍ឱ្យចូលទៅទស្សនា។ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​បេងមា​លា លោកអ្នកអាចធ្វើដំណើរចេញពីក្រុងសៀមរាប មាន​រយៈ​ចំងាយ​ប្រមាណ ៥៦គីឡូម៉ែត្រ និងមានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

សិក្ខាកាម នៃសាលាមធ្យមវិចិត្រសិល្បៈ ទទួលការបណ្តុះបណ្តាលគរុកោសល្យវិធីសាស្រ្ត នៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន

2024/07/23 11:19:30 am        143
សិក្ខាកាមជាង១០០នាក់ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​បើក​វគ្គ​បណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុម​ទី២) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានឲ្យដឹងថា សាលា​មធ្យម​វិចិត្រ​សិល្បៈ បានសហការជាមួយសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ស្តីពី គរុកោសល្យ និងវិធីសាស្រ្តបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ដោយគិតមក​ដល់​ពេល​នេះ បានចំនួន០៤លើករួចមកហើយ ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអប់រំ និង​ការ​ស្វែង​រកវិធីសាស្រ្តថ្មីៗ ក្នុងការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន សម្រាប់​បំពេញ​បន្ថែម​ជូន​លោក​គ្រូ អ្នកគ្រូ ដើម្បីយកមកអនុវត្តនៅក្នុងថ្នាក់រៀនប្រកបដោយគុណភាព ប្រសិទ្ធភាព និង​សេចកី្ត​ថ្លៃថ្នូរ​របស់គ្រូបង្រៀន និងនវានុវត្តន៍ការងារ។លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទី​សាលា​បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​វប្បធម៌ បានមានប្រសាសន៍ថា សម្រាប់វគ្គនេះ សាលាបានកំណត់ជ្រើសយកលោកគ្រូ-អ្នកគ្រូ និង​បុគ្គលិករដ្ឋបាលសិក្សាដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅជំហាន១ ក្រុម២ ឆ្នាំ២០២៣ សរុប​ចំនួន ១០២រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០រូប មកពីសាលាមធ្យមវិចិត្រសិល្បៈ ដើម្បី​យក​មក​បណ្តុះបណ្តាលបន្តនូវជំហាន២ ក្រុម២ នា ឆ្នាំ២០២៤នេះ។ ការបើក​វគ្គ​បណ្តុះ​បណ្តាល​នា​ពេល​នេះ ដើម្បីផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីការអប់រំ របស់​ក្រសួង​អប់រំ​យុវជន និងកីឡា និងគោលនយោបាយជាតិស្តីពី៖ វប្បធម៌ ដោយផ្តោត​សំខាន់​ទៅ​លើ​៖ ​ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយជីវិតសម្រាប់ទាំងអស់គ្នា, ធានាភាពស័ក្តិសិទ្ធ នៃភាពជាអ្នកដឹកនាំ និងគ្រប់​គ្រង​របស់​មន្រ្តី​អប់រំគ្រប់លំដាប់ថ្នាក់ និងធានាគុណភាព​ក្នុង​ការ​សាប​ព្រោះ​ចំណេះ​ដឹង​ដល់​អ្នក​បន្ត​វេន​សិល្បៈ​ឲ្យ​ទទួលបានចំណេះជំនាញច្បាស់លាស់ អាចយកទៅបម្រើដល់កិច្ចការងារសង្គម និង​ជីវភាព​គ្រួសារ និងរួមចំណែកក្នុងការអភិរក្ស ជំនាញមរតកដូនតាខ្មែរ។នាឱកាសនោះឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា សម្រាប់​នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោក​គ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈ រួមទាំងជំនាញមរតកដូនតា ដើម្បីឱ្យដើរ​ស្រប​តាម​គោល​នយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមាន​កំណត់​នៅ​ក្នុង​បាវចនា​ទាំង៥ របស់យុទ្ធសាស្រ្តបញ្ចកោណគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺ​ដើម្បី​រួម​ចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹង​ធ្វើ​ឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកបដោយគុណភាពល្អ អាច​ទុក​ចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។ នៅក្នុង​នីតិកាល​ទី៧​នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយសេចក្តីស្វាហាប់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបន្តកំណត់យកគោលនយោបាយអភិវឌ្ឍធនធានមនុស្ស​ជា​អាទិភាព​ក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលរបស់យើងនាថ្ងៃនេះ ក៏ជាការបន្តរួមចំណែក​ធ្វើឱ្យគោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាលទទួល បានជោគជ័យ ជាពិសេសក្នុងក្របខ័ណ្ឌ​នៃ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​វិស័យវប្បធម៌៕ អត្ថបទ រដ្ឋា 

កម្ពុជាចូលរួមកម្មវិធី ASEAN HERITAGE Train - Enhancing Connectivity towards Cultural Diversity រយៈពេល១៨ថ្ងៃ

2024/07/16 02:37:01 pm        208
សិល្បករនៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចូល​រួម​ក្នុង​កម្មវិធី ASEAN HERITAGE Train - Enhancing Connectivity towards Cultural Diversity ដែល​ប្រារព្ធឡើងរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែល​ចាប់​ផ្តើម​ដំណើរ​របស់ខ្លួននៅប្រទេសឡាវ និងឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសម៉ាឡេស៊ី។បើតាមកញ្ញា ចំរើន សុភា មន្ត្រីនាយកដ្ឋានសិល្បៈទស្សនីយភាព នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ដែលបានចូលរួមក្នុងកម្មវិធីខាងលើ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា ASEAN HERITAGE Train - Enhancing Connectivity towards Cultural Diversity គឺជាកិច្ច​សហប្រតិបត្តិការ​គម្រោងត្រីភាគី ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃ​ប្រទេសឡាវ ក្រសួងវប្បធម៌ ថៃ និងក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ នៃប្រទេស​ម៉ាឡេស៊ី​។ មូលនិធិវប្បធម៌អាស៊ាន ដែលជាគំនិតផ្តួចផ្តើមតែមួយគត់នេះ មានគោល​បំណង​លើក​កម្ពស់​ភាព​សុខដុមរមនាក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ គម្រោងនេះប្រមូល​ផ្តុំ​គណៈ​ប្រតិភូ​វប្បធម៌ចំនួនបី (3) មកពីរដ្ឋសមាជិកអាស៊ាននីមួយៗ ដែលមានជំនាញផ្នែកវប្បធម៌ចម្រុះ រួម​ទាំងអ្នករបាំ សិប្បករ និងចុងភៅប្រពៃណីធ្វើម្ហូបផងដែរ។ ក្នុងនាម​ជា​អ្នក​សម្រ​ប​សម្រួល​គម្រោង​មក​ពីប្រទេសឡាវ ថៃ និងម៉ាឡេស៊ី និងអ្នកតំណាងមកពីលេខាធិការដ្ឋានអាស៊ាន សូមចូល​រួម​ជាមួយពួកគេក្នុងដំណើរដ៏អស្ចារ្យនេះ នៅលើយន្តហោះ និងជ្រមុជខ្លួន​នៅ​ក្នុង​គម្រោង​ដ៏​អស្ចារ្យ​នេះ។ កញ្ញា ចំរើន សុភា បានបន្តថា ចំណុចកណ្តាលនៃគម្រោងគឺជារថភ្លើង ដែល​បម្រើ​ជា​មធ្យោបាយ​សម្រប​សម្រួលក្នុងការធ្វើអន្តរកម្ម លើកកម្ពស់ភាពសុខដុមរមនាក្នុងតំបន់ និងការទទួល​ស្គាល់​ផ្ទាំង​ក្រណាត់​ដ៏​សម្បូរបែបនៃបេតិកភណ្ឌវប្បធម៌អាស៊ាន។ កម្មវិធីនឹងចាប់ផ្តើម​ដំណើរ​របស់​ខ្លួន​នៅ​ប្រទេស​ឡាវ និងឆ្លងកាត់ប្រទេសថៃ មុនពេលបញ្ចប់នៅប្រទេសម៉ាឡេស៊ី។ នៅតាម​បណ្តោយ​ផ្លូវ​ដ៏​គួរ​ឱ្យទាក់ទាញនេះ ប្រតិភូនឹងចូលរួមក្នុងសកម្មភាពផ្សេងៗ រួមទាំងការសម្តែងជាសាធារណៈ ការ​តាំងពិព័រណ៌គួរឱ្យចាប់អារម្មណ៍ សិក្ខាសាលាពង្រឹង និងបទពិសោធន៍ធ្វើម្ហូប។ កម្មវិធី​នេះ​ពិត​ជា​នឹង​ជំរុញ​ឱ្យមានការកោតសរសើរពីវប្បធម៌ និងផ្តល់នូវមធ្យោបាយ​សម្រាប់​ការ​ចូលរួ​មយ៉ាង​សកម្ម​ជាមួយសហគមន៍មូលដ្ឋាន ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ និងការ​ពង្រឹង​អត្ត​សញ្ញាណ​អាស៊ាន។ សេចក្តីសន្និដ្ឋាន គម្រោងនេះធ្វើឱ្យការយល់ដឹងអំពីវប្បធម៌កាន់តែស៊ីជម្រៅ ជំរុញ​ការ​ផ្លាស់​ប្តូរ​រវាងប្រជាជន និងប្រជាជន និងរួមចំណែកដល់​សហគមន៍​អាស៊ាន​ដែល​រួម​បញ្ចូលការតភ្ជាប់ និងនិរន្តរភាព។កញ្ញា បានបញ្ជាក់ទៀតថា កម្មវិធីនេះបាននាំយកគណៈប្រតិភូវប្បធម៌ចំនួនបីនាក់ មកពី​ប្រទេស​ជា​សមាជិក​អាស៊ាននីមួយៗ ដែលមានជំនាញផ្នែកវប្បធម៌ចម្រុះ រួមមាន៖ អ្នករាំម្នាក់ សិប្បករ​ម្នាក់ និងចុងភៅធ្វើម្ហូបប្រពៃណីម្នាក់។ គោលបំណងកម្មវិធី គឺលើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញនេះ ប្រតិភូនឹង​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមទាំងការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌ សិក្ខាសាលា និង​បទ​ពិសោធន៍​ធ្វើ​ម្ហូប។ ក្នុងនោះប្រទេសឡាវ គឺជាប្រទេសរៀបចំការ​តាំង​ពិព័រណ៍​អំពី​ផលិតផ​ល​កែច្នៃ​អំ​​ពីរបស់ដែលប្រើប្រាស់រួច របស់សិប្បករម​ក​ពីបណ្តាល​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ចូលរួម។​ ប្រទេសថៃ ជាប្រទេសរៀបចំការតាំងពិព័រណ៌អំពីម្ហូបអាហារ និងប្រទេសម៉ាឡេស៊ី ជា​ប្រទេស​រៀបចំការតាំងពិព័រណ៍​អំពីមួកប្រពៃណីដែលពាំនាំ​តាមរយៈ​អ្ន​ក​រាំ​ពី​ប្រទេស​អាស៊ាន​នីមួយៗ​។ មានកម្មវីធីល្អៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលមិនអាចរៀបរាប់អស់ តែចំពោះ​របាំ​ដែល​បាន​រៀបចំសម្តែងក្នុងថ្ងៃបើកកម្មវិធីនៅប្រទេសឡាវ និងប្រទេសថៃ គឺរបាំប្រពៃណី របាំ​ភ្លយ​សួយ​។ សម្រាប់ថ្ងៃបិទ គឺរបាំបបង្កើតថ្មី មានឈ្មោះថា របាំ “ប្រសាទពរ” ៕ អត្ថបទ រដ្ឋា 

ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ

2024/07/15 09:41:40 am        320
ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែ​ជាអច្ឆរិយៈ​ធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភព​នៃ​មោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញ​ទៅ​ដោយ​ជីវិត​សត្វព្រៃ​ចម្រុះ​ប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិន​ថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។ ការចូលរួម​ការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំ​ក្រវាញ​មិនត្រឹមតែ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ឱ្យបាន​នូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានា​ដល់​ការ​រស់​រាន​មាន​ជីវិត​នៃប្រ​ភេទ​សត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីក​រាយ​សាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕

ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ

2024/07/12 03:25:09 pm        220
ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ប្រភព៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅ​ក្នុងសារមនី្ទរភូមិស្នាយ ខេត្តបន្ទាយមានជ័យ

2024/07/12 01:39:38 pm        186
មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជួសជុលកុលាលភាជន៍ និងរៀប​ចំ​ពិព័រណ៍​ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទូទៅធ្វើកិច្ចការអភិរក្ស និងជួសជុល​កុលាលភាជន៍ រួមទាំងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់និសិ្សត មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្រី្តនៅតាមមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះថា សារមនី្ទ​រ​ភូមិ​ស្នាយ ត្រូវបានកសាងនៅក្នុងឆ្នាំ២០០៧ ហើយវត្ថុសិល្បៈដែលរៀបចំដាក់តាំង​ពិព័រណ៍​នៅ​ក្នុង​សារមនី្ទរ​នេះ គឺបានមកពីការធ្វើកំណាយនៅក្នុងស្ថានីយភូមិស្នាយ។ ក្នុងគោលបំណងអភិរក្សកុលាលភាជន៍ដែលមាននៅក្នុងសារមនី្ទរភូមិស្នាយ ដោយហេតុថា​កុលាលភាជន៍​ដែលសេសសល់ពីមុន មិនមានស្តង់ដា និងគ្មានគុណភាពល្អ ដែលបណ្តាលឲ្យ​កុលាលភាជន៍​ខូច និងបាក់ស្រុតចុះក្រោម ក្លាយជាបំណែក។ ដូច្នេះក្រុមការងារមកពីក្រសួងវប្បធម៌ និងមនី្ទរវប្បធម៌ខេត្ត រួមនិងនិសិ្សត បានធ្វើការអភិរក្ស ជួសជុល​កុលាលភាជន៍នេះឡើងវិញ ដើម្បីឲ្យប្រសើរ និងរៀបចំបើកពិព័រណ៍​នៅក្នុងសារមនី្ទរ​ភូមិស្នាយ។លោក ទេព សុខា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ មន្រី្តជំនាញរបស់យើងកំពុងខិតខំរៀបចំ សារមនី្ទរនានាឲ្យបានស្អាត ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដូចជា៖ សារមនី្ទរស្វាយចេក សារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរភូមិស្នាយ ជាពិសេសការងារដែលសំខាន់ និងជាស្នូល គឺយើងបានធ្វើការបណ្តុះបណ្តាលដល់មន្រី្ត សិស្ស និសិ្សត ដែលអាចធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍ទៅថ្ងៃក្រោយបាន ដែលជាផ្នែកមួយជួយដល់ការអភិរក្ស មរតកវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ៕ អត្ថបទ រដ្ឋា 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤

2024/07/11 10:58:42 am        81
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​ប្រារព្ធ​មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "ភាពយន្តខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅ កាន់ភាពយន្តខ្លាតវែង" កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ និងពិធីបិទនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជ​ធានី​ភ្នំពេញ​ខាងមុខនេះ។បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤​នេះ​ថា ​ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការ​បញ្ចេញ​គំនិត​ច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករភាពយន្ត ព្រម​ទាំង​ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រារព្ធ​រៀបចំ​មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅកាន់ភាពយន្តខ្លាតវែង" តាមកាលបរិច្ឆេទខ្លឹមសារលក្ខ ខណ្ឌ ចូលរួម និង​គោល​ការណ៍​វិនិច្ឆ័យ​ដូចខាងក្រោម៖ ខ្លឹមសារគោលនៃរឿង ១.វប្បធម៌ / ការអភិវឌ្ឍសង្គម ខ្លឹមសារ​នៃ​សាច់​រឿង​ត្រូវ​ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមាន៖ ចំណេះដឹង ជំនឿ​សាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។ ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍​ផ្លូវ​ចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។សូមបញ្ជាក់ផងដែរថា កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ចាប់​ពីថ្ងៃជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖ ពាក្យ​ស្នើ​សុំ​ចូល​រួម​ប្រកួត​ប្រជែង (Google Form), ស្នាដៃភាពយន្តខ្លីជាទម្រង់ MP4, វីដេអូ Trailer ជាទម្រង់ MP4 ​រយៈពេល៣០វិនាទី, រូបភាពសកម្មភាពនៃការផលិត ចំនួន០៤សន្លឹក ក្នុងទម្រង់ JPEG (High Resolution), រូបថតអ្នកដឹកនាំរឿង (Portrait) ចំនួន ០២សន្លឹកក្នុងទម្រង់ JPEG (High Resolution), រូបភាព Poster ចំនួន ០១សន្លឹកក្នុងទម្រង់ JPEG (High Resolution) សូម​ភ្ជាប់ឯកសារខាងលើ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌​ដោយ​ផ្ទាល់​បន្ទាប់​ពីធ្វើការដាក់ពាក្យតាមរយៈ Google Form រួច។ពានរង្វាន់ក្នុង​មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ រួមមាន៖ ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា, ពានជ័យលាភីលេខ២ (Silver Award) ទទួល​បានពានប្រាក់ អមដោយថវិកា, ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបាន​ពានសំរិទ្ធ អមដោយថវិកា, ពានរង្វាន់របស់មេប្រយោគ (Special Jury Award) ទទួលបានពាន អម​ដោយ​ថវិកា និងពានរង្វាន់ទស្សនិកជន(Audience Award) ទទួលបានពាន៕ អត្ថបទ រដ្ឋា

សួនរុក្ខជាតិអង្គរ ទទួលបានពាន Traveller's Choice Awards Winner 2024 នាថ្ងៃនេះ

2024/07/10 03:57:10 pm        353
សួនរុក្ខជាតិអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួបានពាន Traveller's Choice Awards Winner 2024 ពីគេហទំព័រទេចរណ៍ដ៏ល្បីឈ្មោះTripAdvisor នៅថ្ងៃទី១០ ខែកក្កដា ២០២៤នេះ។សួនរុក្ខជាតិនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឆ្ពោះទៅប្រាសាទអង្គរ។ សួនរុក្ខជាតិអង្គរ ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា ក៏ត្រូវបានបើកសម្ពោធជាផ្លូវការ ដោយបានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែម នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបព្វាំងជាដើម។កាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានគម្រោងពង្រីកសួនរុក្ខជាតិអង្គរ នេះរហូតដល់ទំហំជាង ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិផងដែរ៕

អ្នកប្រកបរបរវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចបង្ហាញពីតម្រូវការកម្លាំងពលកម្មជំនាញ​លើវិស័យនេះ

2024/07/10 01:22:14 pm        138
ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញ​ពីតម្រូវ​ការ​កម្លាំង​ពលកម្ម​ជា​ច្រើន​ម៉ឺនកន្លែង។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ បានឲ្យដឹងពី​បញ្ហា​ប្រឈម​​ក្នុង​ការ​ជ្រើសរើសកម្លាំងពលកម្មជំនាញ និងខណៈភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន បាន​និងកំពុង​រួមគ្នាដោះស្រាយផងដែរ។ជួបសម្ភាសន៍ជាមួយ លោកស្រី ខៃ ចិន្តា ដែលជាម្ចាស់សណ្ឋាគារចំនួន២កន្លែងផ្សេងគ្នា ទី១.​ឈ្មោះ ទែរូ ស្ថិតនៅខេត្តរតនគិរី និងទី២.ឈ្មោះ សូរិយា ប៊ូរី ស្ថិតនៅកោះទ្រង់ ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤នេះ នៅក្រុងភ្នំពេញ លោកស្រី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់បច្ចុប្បន្ននេះ លោកស្រីប្រឡូកក្នុងវិស័យសណ្ឋាគារជិត៣០ឆ្នាំ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើនក្នុងវិស័យមួយនេះ។ លោកស្រីបន្តថា ជាការកត់សម្គាល់ និងមើល​ឃើញ​កន្លង​មក ការឆ្លើយតបក្នុងការជ្រើសរើសកម្លាំងពលកម្ម មិនថាតែវិស័យសណ្ឋាគារនោះទេ ពោល​សឹង​តែ​គ្រប់​វិស័យ គឺពិតជាខ្វះខាតច្រើនមែនទែន ជាពិសេសកម្លាំង​ពលកម្មខាង​ផ្នែក​ចំណេះ​ និង​ជំនាញ​វិស័យ​សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ។លោកស្រី បន្ថែមទៀតថា សព្វថ្ងៃនេះ កម្ពុជា​នៅ​មាន​កង្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ​ជា​ច្រើន​វិស័យ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋនិងឯកជន ក៏ដូចជាយុវជន ដើម្បី​រួម​គ្នា​ឆ្លើយ​តប​ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគ​ឲ្យ​ចូល​មក​បណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ដើម្បីឆ្លើយតបឲ្យបានល្អទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត លោកស្រី ខៃ ចិន្តា បានចែករំលែកជាសារបន្ថែមដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងករកការងារថា បើ​យុវជន​មិនទាន់មានកិច្ចការងារធ្វើ ឬកំពុងរៀនជំនាញទូទៅហើយ គួរតែបន្ថែម​មុខ​ជំនាញ​មួយ​ថែម​ទៀត និងឲ្យចំគោលដៅ នោះឱកាសការងារ ក៏ដូចជាអាទិភាព​ក៏​ខុសគ្នា​រវាង​អ្នក​មិន​មាន​ជំនាញ​ផង​ដែរ។បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្ននេះ កម្ពុជា​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ចំនួន​ជាង ៤ម៉ឺន ៦ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន៣ ក្នុងនោះ វិស័យ​ឧស្សាហកម្ម មានតម្រូវការចំនួនជាង ៣ម៉ឺន ៤ពាន់កន្លែង , វិស័យសេវាកម្ម ចំនួនជាង ៤,៥០០​កន្លែង និងវិស័យកសិកម្មមានចំនួនជាង ៧ពាន់កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងទេសចរណ៍៖ ចរន្តទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្តងើបឡើងវិញ ក្នុងកម្រិតទាប

2024/07/10 12:23:52 pm        138
ក្នុងចន្លោះខែឧសភា ដល់ខែកញ្ញានេះ ជាទូទៅស្ថានភាពទេសចរណ៍កម្ពុជា គឺពុំសូវ​មាន​ទេសចរ​ជាតិ អន្តរជាតិ​ដើរកម្សាន្តច្រើននោះទេ ដោយសារបញ្ហាមានភ្លៀងច្រើន ដែលគេតែងហៅថាជារដូវ Low Season ហើយបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ចរន្ត​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ក្នុងអំឡុងពេលនេះ ហាក់មានកំណើនកើនឡើងគួរគត់សម្កាល់ ប៉ុន្ដែភ្ញៀវមិន​សូវ​ធ្វើ​ដំណើរ​បម្លាស់​ទីច្រើន​នោះទេ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដានេះថា កម្ពុជា នៅក្នុងអំឡុងពេលនេះ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានកំណើនកើនឡើង ប៉ុន្តែកើនក្នុងកម្រិតទាប និងមិនអាចផ្គត់ផ្គង់តម្រូវការអាជីវកម្មទេសចរណ៍នៅកម្ពុជា បានគ្រប់សេចក្តីតម្រូវការ ខណៈភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលនេះដែរ ភាគច្រើនមកទស្សនា ហាក់មិនសូវធ្វើដំណើរបម្លាស់ទីដើរទស្សនាច្រើននោះទេ។ឯកឧត្តម តុប សុភ័ក បន្តថា នៅក្នុងរដូវកាលទេសចរដើរកម្សាន្តតិចតួចនេះ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​បាន​សហការជាមួយស្ថាប័នដៃគូ និងវិស័យឯកជន ធ្វើការងារ និងអនុវត្តគោល​នយោបាយ​លើក​ទឹកចិត្តជាច្រើនដើម្បីជំរុញភាពទាក់ទាញ និងទទួល​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុងរដូវកាលLow Season និងHigh Seasonឲ្យបានល្អប្រសើរ។លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងទទួល​ស្គាល់​ថា រៀងរាល់ឆ្នាំ ទេសចរណ៍កម្ពុជា ពីខែឧសភា ដល់ខែកញ្ញា​ទូទៅ​គឺ​ពុំ​សូវ​មាន​ទេសចរ​អន្តរជាតិ​ច្រើន​នោះ​ទេ ហើយនៅក្នុងឆ្នាំនេះ បើទោះ បណ្តាក្រុមហ៊ុន​ការីទេសចរណ៍​ខិតខិត​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជា មានបញ្ចុះតម្លៃកញ្ចប់ផលិតផលទេសចរណ៍ និងផ្តល់ការ​លើក​ទឹក​ចិត្ត​ការ​ដើរ​កម្សាន្តនានាក៏ដោយ ក៏យើងនៅតែមិនអាចទទួលបានភ្ញៀវច្រើន ដូចក្នុងរដូវ High Season ចាប់ពីខែកញ្ញា រហូតដល់ខែមេសានេះដែរ។របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំ២០២៤នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណ២លាន៦៤ម៉ឺននាក់កើនឡើង២២% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺទេសចរអន្តរជាតិមកទស្សនា ងើប​ឡើង​វិញបានប្រមាណ៩០%នោះទេ៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសតាជីគីស្ថានប្រកាសថានឹងបង្កើតតំណាងស្ថានទូតជាផ្លូវការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ខាងមុខនេះ
11/26/2024 08:11 PM
ប្រធានសិទ្ធិមនុស្ស UN បង្ហាញក្តីកង្វល់ខ្លាំងចំពោះការឡើងកម្តៅជម្លោះនៅក្នុងប្រទេសលីបង់
11/26/2024 07:11 PM
ក្រុមអ្នកស៊ើបអង្កេតការធ្លាក់យន្តហោះ នៅលីទុយអានី និយាយថា គ្មានសញ្ញានៃអំពើវិឆ្ឆេទកម្មទេ ខណៈប្រអប់ខ្មៅមិនទាន់រកឃើញ
11/26/2024 07:11 PM
ឥណ្ឌាធ្វើពិធីរំឭកខួបជនរងគ្រោះស្លាប់ក្នុងការវាយប្រហាររបស់ក្រុមជីវពលនៅទីក្រុងម៉ុមបៃកាលពីឆ្នាំ ២០០៨
11/26/2024 07:11 PM
ACU និងគណៈប្រទេសចិនបានផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងអំពើពុករលួយ
11/26/2024 07:11 PM
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនា ស្តារ និងថែទំាផ្លូវ ជាការជំរុញធ្វើពិពិធកម្ម សេដ្ឋកិច្ចជនបទ
11/26/2024 07:11 PM
អនុប្រធានាធិបតីហ្វីលីពីន បដិសេធថា មិនមានគម្រោងធ្វើឃាតលើលោក Marcos ឡើយ
11/26/2024 07:11 PM
រដ្ឋមន្រ្តីការបរទេសលីបង់ សង្ឃឹមថានឹងមានបទឈប់បាញ់ជាមួយអ៊ីស្រាអែលនៅយប់ថ្ងៃអង្គារនេះ
11/26/2024 07:11 PM
ទេសរដ្ឋមន្ត្រី លោក Lee Hsien Loong ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី នៅទីក្រុងប៉េកាំង
11/26/2024 07:11 PM
ទាហាន ៤នាក់ ត្រូវបានសម្លាប់នៅប៉ាគីស្ថាន ពេលបាតុករទាមទារឲ្យដោះលែងលោកអតីតនាយករដ្ឋមន្រ្តី Khan
11/26/2024 07:11 PM