យោងតាមប្រភពដែលទទួលបានព័ត៌មានពីកិច្ចពិភាក្សានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា កញ្ចប់អាវុធដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដែលរួមមានទាំងមីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ គឺត្រូវបានរៀបចំរួចរាល់ហើយសម្រាប់ការអនុម័តពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយអាចនឹងត្រូវចុះហត្ថលេខាបន្ទាប់ពីទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន នៅចុងខែមីនានេះ។

ជាមួយនឹងតម្លៃប្រមាណ ១៤ ពាន់លានដុល្លារ កិច្ចព្រមព្រៀងអាវុធនេះនឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់កោះស្វ័យគ្រប់គ្រងមួយនេះ ខណៈខ្លួនកំពុងរងសម្ពាធយោធាដែលកំពុងកើនឡើងជាលំដាប់ពីប្រទេសចិន។
ប្រភពបានប្រាប់រ៉យទ័រថា កិច្ចព្រមព្រៀងនេះកំពុងត្រូវបានរក្សាទុកជាសម្ងាត់ មុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុករបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ខាងមុខ ដើម្បីជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង ប៉ុន្តែកញ្ចប់នេះអាចនឹងត្រូវប្រកាសបន្ទាប់ពីលោកត្រឡប់ពីទស្សនកិច្ចនេះវិញ។
កាលពីខែកុម្ភៈ លោក ស៊ី បានថ្លែងប្រាប់លោក ត្រាំ ថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួននោះ ត្រូវតែចាត់ចែងដោយ «ការប្រុងប្រយ័ត្ន»។ ការអត្ថាធិប្បាយរបស់លោក ត្រាំ រួមទាំងការលើកឡើងកាលពីខែកុម្ភៈទៅកាន់អ្នកសារព័ត៌មានថា លោកកំពុង «ពិភាក្សា» ជាមួយលោក ស៊ី អំពីការលក់អាវុធឱ្យកោះតៃវ៉ាន់ បានធ្វើឱ្យមានការរំពឹងទុកថា លោកអាចនឹងកាត់បន្ថយការអនុវត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់សម្រាប់ការពារខ្លួន ដែលត្រូវបានចែងក្នុងច្បាប់របស់សហរដ្ឋអាមេរិក៕

