កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤៤លានដុល្លារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ
រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤៤លានដុល្លារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦

2026/10/23 03:57:00 pm        619
ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ដែលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា (CSX) បានរកចំណូលបានជាង៤៤ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៦ កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែទន្លេអន្តរជាតិតែមួយគត់នៅកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម។ ចាប់ពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៦ កំពង់ផែស្វយ័ត្នភ្នំពេញ រកចំណូលបានចំនួន ៤៤.៨០លានដុល្លារអាម៉េរិក (៤៤ ៨០០ ០៥៣) កើនឡើង ២១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានចំនួនជាង ៣៧,១០លានដុល្លារអាម៉េរិក។របាយការណ៍ពុំទាន់ធ្វើសវនកម្ម ក.ស.ភ. ផ្ញើទៅកាន់ផ្សារមូលបត្រកម្ពុជា។របាយការណ៍ដដែលបញ្ជាក់ទៀតថា ក្នុងនោះ ចំណូលពីប្រតិបត្តិការផែ (Port Operation) រកចំណូលបានចំនួនជាង ៣៨,២០លានដុល្លារអាម៉េរិក កើនឡើង ២៣ភាគរយ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំទៅ។ ចំណែក ប្រាក់ចំណូលពីអាជ្ញាធរផែ( Port Authority) រកចំណូលបានចំនួនជាង ៥,៨៥លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ខណៈចំណូលពីសេវាកម្មផ្សេងៗ (Other Services) រកចំណូលបានចំនួនជាង ៧សែន ៤ម៉ឺនដុល្លារអាម៉េរិក ថយចុះ ២៦ ភាគរយៈ បើធៀបនឹងរយៈបេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍បន្តថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦នេះ កំពង់ផែស្វយ័តភ្នំពេញ ទទួលបានបរិមាណទំនិញ-ប្រេងឥន្ធនៈឆ្លងកាត់ចំនួនជាង ៤.៣៩លានតោន និងមាននាវាចូលចតសរុបចំនួន ២ ៩៣០គ្រឿង។ ទន្ទឹមនឹងនេះ ក.ស.ភ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនជាង ៥សែន ៤ម៉ឺន ៦ពាន់ ធីអ៊ីយូ និង បរិមាណនាវាដឹកអ្នកដំណើរសរុបចំនួន ២៩២គ្រឿង ជាមួយអ្នកដំណើរសរុបចំនួន ២ម៉ឺន ៨ពាន់នាក់។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបាន ៥០.៣១ លានដុល្លារអាម៉េរិក កើនឡើង ២១ភាគរយ ធៀបនឹងឆ្នាំ២០២៤។ ចំណែក បរិមាណទំនិញឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ មានចំនួនជាង ៥.៦០លានតោន និងមានកុងតឺន័រឆ្លងកាត់ជាង ៦០ម៉ឺនធីអ៊ីយូ ព្រមទាំង មាននាវាចូលចតចំនួន ៣ ៣៣៣ គ្រឿង៕ អត្ថបទ៖ ធូ វិរៈ

ម្ចាស់សិប្បកម្មក្នុងស្រុកបង្ហាញមោនទភាព ក្នុងការចូលរួមបង្កើតការងារ និង​ការ​ជួយដ​ល់​កសិករ​អ្នក​ដាំ​ដុះ

2026/10/21 11:37:40 am        166
ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញនូវមោនទភាព លើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាម​រយៈការបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងការជួយដល់កសិករជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ខណៈ​ផលិតផលរបស់ពួកគាត់កំពុងទទួលបានការគាំទ្រនៅលើទីផ្សារ។ ម្ចាស់​សិប្បកម្មកែច្នៃ និងវេចខ្ចប់ក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផលិត ការវេចខ្ចប់ និងការលក់ ផលិតផលលើទីផ្សារ នេះថា ការបង្កើតនូវអាជីវកម្ម ផលិត និង​វេច​ខ្ចប់​ផលិត​ផល​ចាប់ពីមួយ ឬទៅច្រើនមុខ គឺជាដំណើរការមួយដែលទាមទារក្នុងការខិតខំប្រឹងប្រែង ផ្នែក​បច្ចេកទេសផ្ទៃក្នុង និងការគាំទ្រពីកត្តាខាងក្រៅ ដើម្បីធានាបាននូវនិរន្តរភាព ក្នុង​នោះ​ការ​គ្រប់​គ្រង​ខ្សែសង្វាក់ផលិតកម្ម និងថ្លៃដើម មានសារៈសំខាន់ណាស់ ដើម្បីជំរុញ​ការ​ផលិត​ឱ្យ​មាន​ផលិត​ភាព​ខ្ពស់ និងគណនាថ្លៃដើមឱ្យបានហ្មត់ចត់ ដើម្បីកំណត់តម្លៃលក់មួយដែលសមស្រប អាច​ប្រកួតប្រជែងបាន និងមានប្រាក់ចំណេញ។ ម្ចាស់សិប្បកម្មទាំងនេះលើកឡើងស្រដៀងគ្នាថា តាមរយៈនៃការខិតខំពង្រឹងសមត្ថភាព និង​ផលិត​ភាពនេះ ទើបធ្វើ​ឱ្យអាជីវកម្ម របស់ពួកគាត់បានដំណើរ នៅលើដំណើរការផលិត និង​វេច​ខ្ចប់ សម្រាប់លក់លើទីផ្សារប្រព្រឹត្តិទៅដោយរលូន ដែលតាមរយៈនេះ ទោះបី​អាជីវកម្ម​របស់​ពួក​គាត់​មិន​ទាន់​មានការរីកចម្រើនខ្លាំង ក៏ពួកគាត់បាន​កំពុង​ចូល​រួម​ចំណែក​ផ្គត់​ផ្គង់​ផលិត​ផល​លើ​ទីផ្សារ​ឱ្យ​កាន់តែសម្បូរបែប ការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងការចូល​រួម​គាំទ្រ​ដល់​កសិករ​ដែល​ជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមមកឱ្យពួកគាត់ផងដែរ។ ទាក់ទិន SME នេះដែរ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា រំពឹងថា នៅ​ពេលខាងមុខសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នឹងមានការរីកចម្រើនកាន់តែខ្លាំង ខណៈ​រាជរដ្ឋាភិបាលបានកំពុងជួយជ្រោមជ្រែងដល់ SME ក្នុងស្រុក។ បញ្ហា នេះដែរ ឧកញ៉ា​បណ្ឌិត​ក៏បា​នអំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្មទាំងអស់ត្រូវពង្រឹងខ្លួនថែមទៀត ជា​ពិសេសចាប់យកប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ជាដំណោះស្រាយក្នុងអាជីវកម្មបន្ថែម។ សូមបញ្ជាក់ថា ជុំវិញ SME ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រិត្យ​បង្កើត​ស្តីពី​ការ​បង្កើត​លេខា​ធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ផ្នែកតាមដាននិងត្រួតពិនិត្យ នៃ​អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្រួលដល់ការធ្វើធុរកិច្ច និង​កាត់​បន្ថយ​ភាព​ស្មុគស្មាញផ្នែករដ្ឋបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងជំរុញ​ការ​រីក​ចម្រើន​របស់​សហគ្រាស៕​ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទស្សនកិច្ច«ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិនៅប៉ារីស

2026/10/20 10:50:52 am        285
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងប្រតិភូកិត្តិយស បានអញ្ជើញទស្សនកិច្ច «ពន្លាជាតិកម្ពុជា (Cambodia Pavilion)» ក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL PARIS 2026 នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី បានអញ្ជេីញទស្សនកិច្ចនូវស្តង់ពន្លាជាតិកម្ពុជា (Cambodia Pavilion) ដែលមានទីតាំងនៅសាលទី៧ (Hall 7, Stand J-347) ដោយបាននាំយកនូវបណ្តាក្រុមហ៊ុនវិស័យឯកជន-សហគ្រាសកម្ពុជាចំនួន ១៦ ដោយផ្តោតសំខាន់លេីកសិផលសក្តានុពលកម្ពុជាដែលមានគុណភាពខ្ពស់ និងស្របតាមស្តង់ដាអន្តរជាតិមកដាក់តាំងបង្ហាញ រួមមាន៖ ស្វាយចន្ទី ម្រេច ផ្លែឈើសម្ងួត និងគ្រឿងទេស ព្រមទាំងផលិតផលផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី បានបន្តទស្សនកិច្ចស្តង់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានចំនួន ១២ក្រុមហ៊ុន ជាមួយនឹងការដាក់តាំងបង្ហាញស្រូវ-អង្ករកម្ពុជា ដែលបាននិងកំពុងលក់ចែកចាយនៅក្នុងទីផ្សារបារាំង អឺរ៉ុប អាមេរិក និងទីផ្សារអន្តរជាតិផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយក្រុមហ៊ុនវិស័យឯកជន និងបានជំរុញលេីកទឹកចិត្តក្នុងការបង្កេីនការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ មានការទទួលស្គាល់ស្លាកយីហោផលិតផលកម្ពុជា នៅលេីទីផ្សារអន្តរជាតិ ជាពិសេសទទួលបានអ្នកបញ្ជាទិញ អ្នកចែកចាយ និងវិនិយោគិនបរទេស មកទស្សនាស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា និងពិភាក្សាស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗដោយផ្ទាល់ក្នុងតាំងពិព័រណ៍នេះផងដែរ៕ 

វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ

2026/10/19 01:49:34 pm        571
អ្នកជំនាញកម្ពុជា អាជីករ និងសិប្បករវៀតណាម រំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នឹងអាចឈានទៅ សម្រេចបានដល់ ២០ ពាន់លានដុល្លារអាមេរិក ស្របតាមការគ្រោងទុករបស់មុខដឹកនាំនៃប្រទេសទាំងពីរ ដែលបាននិងកំពុងពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។អាជីករ និងសិប្បករវៀតណាម ដែលចូលរួមតាំងពិពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ លើកនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-វៀតណាមគឺជាប្រទេសជិតខាងល្អ ដោយត្រូវ បានបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដោយត្រូវបានកំពុងជំរុញប្រកបដោយសក្តានុពល។អាជីករទាំងនោះលើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បាន និងកំពុងមាននិន្នាការកើនឡើង ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មាន សមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក នឹងនៅពេលខាងមុខ អាជីករទាំងនោះរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងអាចឈានទៅសម្រេចបានតាមការគ្រោងទុករបស់ ប្រមុខនៃប្រទេសទាំងពីរជាមិនខាន។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញការប្តេជ្ញាចិត្តរវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនេះ ប្រទេសទាំងពីរនឹងអាចសម្រេចបាន តាមការគ្រោងទុក​ ខណៈនៅដំណាក់កាលចុងក្រោយនេះឃើញថា ប្រទេសវៀតណាមបានប្រមូលទិញទំនិញ ជាពិសេសកសិផលរបស់កម្ពុជា មានការកើនឡើងគួរកត់សម្គាល់ ស្របពេលកម្ពុជាក៏បាននិងកំពុងជំរុញការនាំចេញមានកំណើនកើនឡើងផងដែរ ដោយបានជួយជ្រោមជ្រែង ដល់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាមផង និងជាមួយបណ្តាប្រទេសដែលជាដៃគូររបស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេ ភាគីឱ្យកើនឡើងថែមទៀត ដោយក្នុងនោះប្រមុខនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទើបតែសម្រេចបានជិត ៦,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

ក្នុងខែកញ្ញា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៣៦ គម្រោង​បន្ថែមទៀត មាន​ទុន​វិនិយោគសរុប ៤៧០លានដុល្លារ

2026/10/14 04:24:53 pm        268
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) ក្នុង​ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦​គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាម៉េរិក និង​អាច​បង្កើត​ឱកាស​ការ​ងារ​ជូន​ប្រជាពលរដ្ឋបានប្រមាណ ១ម៉ឺន ៧ពាន់កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តថា ក្នុងចំណោមនោះ គម្រោងដែលត្រូវបានចុះបញ្ជីដោយ ក.អ.ក. មានចំនួន ២៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ចំណែកគម្រោងវិនិយោគដែលត្រូវ បានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៣៥លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៦ពាន់កន្លែង។ក.អ.ក. បញ្ជាក់ទៀតថា សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែកញ្ញា រួមមាន គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែចម្រុះ កសិដ្ឋានកាហ្វេ ចិញ្ចឹម និងផលិតសំបុកដង្កូវនាង ចិញ្ចឹមសត្វ សាងសង់រោងចក្រកែច្នៃ និងផលិត សម្ភារៈវេចខ្ចប់ ដែលមានទីតាំងនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ២៩លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ៩៣៦កន្លែង។គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួនពីរ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអានុភាព ៣៥០មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាម៉េរិក និងបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋានចំនួន ៨៨កន្លែង និង គម្រោងមួយទៀត មានអានុភាព ៣០មេហ្គាវ៉ាត់ ទុនវិនិយោគប្រមាណ ៣៣លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ១២កន្លែង។ទន្ទឹមនឹងនេះ ក៏គម្រោងវិនិយោគបង្កើតរោងចក្រផលិតកៅស៊ូទ្រនាប់សំបកកង់រថយន្តស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលទុនវិនិយោគ ចំនួន ២០លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួន ៦០កន្លែង។ក.អ.ក. បានកត់សម្គាល់ថា សកម្មភាព វិនិយោគក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ នៅតែបន្តផ្តោតសំខាន់លើវិស័យឧស្សាហកម្ម ខណៈវិស័យ កសិកម្មនិងកសិ ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ មាននិន្នាការកើនឡើង។ សញ្ញាណនេះ បង្ហាញពីការបន្តធ្វើពិពិធកម្មសកម្មភាពវិនិយោគនៅកម្ពុជា និងក៏បានបង្ហាញពីការជឿទុកចិត្តពីសំណាក់ វិនិយោគិនលើបរិស្ថានវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ ធូ វិរៈ 

អាមេរិកស្រូបយកទំនិញកម្ពុជាមានទឹកប្រាក់ជិត ១២ពាន់លានដុល្លារស្មើជាង ៤០% នៃការនាំចេញសរុប

2026/10/14 12:24:45 pm        251
កម្ពុជានាំទំនិញទៅសហរដ្ឋអាមេរិក នៅក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជិត ១២ ពាន់លានដុល្លារ អាមេរិក ត្រូវប្រមាណជាង ៤០ ភាគរយ នៃការនាំចេញសរុបទំនិញរបស់កម្ពុជា ដោយទីផ្សារមួយនេះបានបន្តនិន្នាការកើនឡើង ជាលំដាប់ ទោះស្ថិតក្នុងបរិបថសេដ្ឋកិច្ចពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយ។ ជុំវិញទីផ្សារនាំចេញទំនិញរបស់កម្ពុជា ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើងជាបន្តបន្ទាប់ ដោយបានបង្ហាញឱ្យឃើញពីកិច្ចដំណើរល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្ម ឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងស្រុក បាននិងកំពុងជំរុញដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងបានបង្កើតនូវទំនុកចិត្តដល់វិនិយោគិន ក្នុងការមក បណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្តែងការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នៅក្នុងរយៈពេល៣ត្រីមាស ឆ្នាំ២០២៦ នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ១២,៤ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៣០ ភាគរយ បើធៀបនិងឆ្នាំមុន។ ទាក់ទងពាណិជ្ជកម្មសរុបខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ប្រមាណជិត ១២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៩ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (ដែលមានប្រមាណជាង ៩,៥ ពាន់លាន ដុល្លារអាមេរិក) ខណៈការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា មានទឹកប្រាក់ជាង ៤៧៨ លានដុល្លារអាមេរិក កើនឡើងជាង ៦៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ (មានជាង ២៨៣ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ)។ បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ការស្រូបយកទំនិញកម្ពុជារបស់សហរដ្ឋអាមេរិក មិនត្រឹម តែជួយគាំទ្រដល់កំណើននៃការនាំចេញប៉ុណ្ណោះទេ គឺបាននិងកំពុងគាំទ្រដល់វិស័យការងារ ប្រាក់ចំណូល និងកំណើនសេដ្ឋកិច្ចរបស់ កម្ពុជា ហើយតាមរយៈនេះដែរ កម្ពុជានិងសហរដ្ឋអាមេរិកបាននិងកំពុងបង្កើតទំនាក់ទំនងកាន់តែរឹងមាំ និងមានកិច្ចសហប្រតិបត្តិការ ដោយរលូន ដែលនេះបានបង្ហាញនូវចំណងមិត្តភាពយូរអង្វែងរវាងប្រជាជននិងប្រជាជន និងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ជុំវិញការដោះដូរពាណិជ្ជកម្មអន្តរជាតិនេះ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង៥៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២១ ភាគរយ ក្នុងនោះកម្ពុជាមាននាំចេញសរុបមានចំនួនជាង ២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២១ ភាគរយ និងការនាំចូលពីបរទេសកមកម្ពុជា មានទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ទីផ្សារអាស៊ាន អឺរ៉ុប និងចិន បាននឹងកំពុងគាំទ្រដល់ការនាំចេញកសិផលកម្ពុជា

2026/10/13 11:43:49 am        354
វិស័យកសិកម្មបាននិងកំពុងបង្កើតភាពធន់ ជួយជ្រោមជ្រែងដល់សន្តិសុខស្បៀង និង​ការ​នាំ​ចេញ​កសិផល​ស្រស់​របស់​កម្ពុជា គាំទ្រដោយទីផ្សារអាស៊ាន សភាពអឺរ៉ុប ជាពិសេស​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយទីផ្សារទាំងនោះបាននិងកំពុងលើកកម្ពស់ ដល់កសិករដែលជាអ្នកដាំដុះ និង​ការ​កែច្នៃសម្រាប់ការនាំចេញជាដើម។ ស្ថិតក្នុងស្ថានភាពមិនទាន់មានភាពភាពប្រាកដប្រជា វិស័យមួយ​ចំនួន​របស់​កម្ពុជា​បាន និង​កំពុង​រង​ផល​ប៉ះពាល់ ជាក់ស្តែង វិស័យកសិកម្ម បើយោង​តាម​របាយ​ការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន បង្ហាញថា វិស័យកសិកម្ម​មាន​ការ​ថម​ថយ​ខ្លះ​ៗ​នៅលើអនុវិស័យមួយចំនួន តែទោះជាយ៉ាងណា វិស័យកសិកម្មបានដើរតួនាទីយ៉ាង សំខាន់ ជំនួសការនាំចូលផលិតផលពីខាងក្រៅបានជាអតិបរមា ជាពិសេស​ការ​ជួយ​ជ្រោម​ជែង​នៃ​តម្រូវ​ការ​សន្តិសុខស្បៀង និងការ នាំចេញផងដែរ។ វិញការនាំចេញនេះ, ទោះបីការដាំដុះនៅក្នុងឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងមានការថមថយ តែ​ការនាំចេញកសិផល ជាពិសេសកសិផលស្រស់របស់កម្ពុជា កំពុងបន្តមាននិន្នាការកើនឡើង គាំទ្រ​ដល់ទីសំខាន់ៗមួយចំនួនដូចជា៖ នៅក្នុងរយៈពេល៩ ខែ ឆ្នាំ២០២៦នេះ ការនំា​ចេញ​ទៅ​ប្រទេស​ចិន មានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញ កសិផលស្រស់មានមួយចំណែកផងដែរដូចជា៖ ចេកស្រស់, ដំឡូងមី, អង្ករ, កៅស៊ូ និងមៀនស្រស់ជាដើម។ ចំណែកទីផ្សារអាស៊ាន រួមមាន៖ ការនាំចេញទៅប្រទេសវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនជាដើម ដោយទីផ្សារហ្វីលីពីនបានកំពុង គាំទ្រដល់ការនាំចេញអង្កររបស់កម្ពុជា។ ក្រៅពីនេះក៏មានការនាំចេញទៅកាន់សភាពអឺរ៉ុបដូចជា៖ ការនាំចេញម្រេច, អង្ករ និងស្វាយ ចន្ទីជាដើម។ ទាក់ទងការនាំចេញកសិកផលនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងថា វិស័យ កសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញ។ ស្ថិតក្នុងបរិបថ នេះ ការជំរុញនាំចេញកសិផលស្រស់ និងលើកកម្ពស់ការកែច្នៃក្នុងស្រុកសម្រាប់បម្រើការនាំចេញ គឺត្រូវតែដើរទន្ទឹមគ្នា ដោយយើងត្រូវ ជំរុញដល់ការនាំចេញផលិតផលស្រស់ផង និងការកែច្នៃផង ដើម្បីគាំទ្រដល់កសិករដែលជាអ្នកដាំដុះ និងនៅក្នុងអនុវិស័យកសិកម្ម ផ្សេងៗទៀត ដើម្បីចៀសវាងដល់ការកក់ស្ទះ ឬការជុញផលិតផលរបស់ពួកគាត់លើទីផ្សារ។  សូមបញ្ជាក់ថា ជុំវិញការនាំចេញកសិផលរបស់កម្ពុជានេះ បើយោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាកិរកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ នេះ កសិផលដែលកម្ពុជាបាននំាចេញរួមមាន៖ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលបរិភោគបាន មានទឹកប្រាក់ជាង ១,៥ ពាន់លានដុល្លារអាមេរិក, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ជាង ២,៣ ពាន់លានដុល្លារ, ធញ្ញ ជាតិជាង ៨៦៥ លានដុល្លារ និងការនាំចេញបន្លែដែលបរិភោគបាន ឫស និងមើមមាន ទឹកប្រាក់ជាង ៥១៧ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

EAMU និង University of Newcastle ​ចុះហត្ថលេខាលើភាពជាដៃគូដើម្បីពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិ

2026/10/07 04:53:42 pm        281
ភ្នំពេញ៖ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) កម្ពុជា និងសាកលវិទ្យាល័យ Newcastle នៃប្រទេសអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងគោលបំណងពង្រីកឱកាសសិក្សាកម្រិតអន្តរជាតិសម្រាប់និស្សិតកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសិក្សា, ការផ្តល់ជូននិស្សិតនូវជម្រើសការសិក្សាផ្នែកខ្លះនៅកម្ពុជា និងបន្តបញ្ចប់នៅអូស្រ្តាលី,​ ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងបង្កើតឱកាសក្នុងការផ្តល់សញ្ញាបត្រ២ (Dual Degree) នាពេលខាងមុខ។ លោកសាស្ត្រាចារ្យ James Chua សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា(EAMU) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ EAMU និងជាឧទាហរណ៍ដ៏មានអត្ថន័យសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីភាពជាដៃគូអន្តរជាតិ ក្នុងការអភិវឌ្ឍវិស័យឧត្តមសិក្សានៅក្នុងប្រទេសកម្ពុជា។ សម្រាប់ EAMU កម្ពុជា នេះគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់សាកលវិទ្យាល័យ។ លោកមានប្រសាសន៍ថា៖ « យើងចង់ឱ្យនិស្សិតកម្ពុជាទទួលបានការអប់រំដែលមានស្តង់ដារអន្តរជាតិ ខណៈពេលដែលពួកគេចាប់ផ្តើមការសិក្សានៅក្នុងប្រទេស។ តាមរយៈភាពជាដៃគូជាមួយសាកលវិទ្យាល័យនៅបរទេស និស្សិតអាចជ្រើសរើសជម្រើសសិក្សាផ្សេងៗគ្នាស្របតាមបំណងប្រាថ្នា និងស្ថានភាពរបស់ពួកគេ ដូចជា ការចាប់ផ្តើមការសិក្សានៅក្នុងប្រទេសកម្ពុជា និងការបន្តទៅបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដៃគូនៅបរទេស ឬការរួមបញ្ចូលគ្នានូវបទពិសោធន៍សិក្សាទាំងក្នុងស្រុក និងអន្តរជាតិ»។ ចំណែក លោកបណ្ឌិត Alek Voninski សាកលវិទ្យាធិការរងទទួលបន្ទុកកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Newcastle ប្រទេសអូស្ត្រាលី បានលើកឡើងថា នេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការ ហើយភាពជាដៃគូរវាងសាកលវិទ្យាល័យ Newcastle និងសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) គួរត្រូវបានចាត់ទុកថាជាស្ពានតភ្ជាប់រវាងស្ថាប័នទាំងពីរ។ សម្រាប់ Newcastle ភាពជាដៃគូនេះនឹងបង្កើតជាមូលដ្ឋានសម្រាប់ស្វែងយល់កាន់តែច្បាស់អំពីបរិបទក្នុងស្រុក ឆ្លើយតបទៅនឹងតម្រូវការរបស់និស្សិត និងវិស័យឧស្សាហកម្ម ព្រមទាំង ស្វែងយល់ពីលំនាំនៃការអប់រំដែលមានភាពងាយស្រួលក្នុងការទទួលបានការសិក្សាប្រកបដោយភាពសមស្រប និងទាក់ទាញសម្រាប់និស្សិតកម្ពុជា។ លោកមានប្រសាសន៍ថា៖ «យើងនឹងមានឱកាសពង្រីកកិច្ចសហការក្នុងការផ្តល់ការអប់រំ និងការអប់រំឆ្លងដែន ជាពិសេស ក្នុងជំនាញដែលមានតម្រូវការការងារខ្ពស់។ កម្ពុជាកំពុងមើលឃើញការកើនឡើងនៃចំណាប់អារម្មណ៍លើកម្មវិធីសិក្សាដែលផ្តល់សញ្ញាបត្រអន្តរជាតិនៅក្នុងប្រទេស ព្រោះ កម្មវិធីទាំងនេះអាចផ្តល់ឱកាសដល់និស្សិតក្នុងការទទួលបានការអប់រំអន្តរជាតិក្នុងតម្លៃសមរម្យជាងការទៅសិក្សានៅក្រៅប្រទេសទាំងស្រុង។ យើងទន្ទឹងរង់ចាំកិច្ចពិភាក្សាអំពីអ្វីដែលសាកលវិទ្យាល័យ Newcastle និង EAMU អាចរួមគ្នាកសាងឡើងនាពេលអនាគត»។ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព និងមានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។ គួបញ្ជាក់ផងដែរថា​ សាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) ជាសាកលវិទ្យាល័យអន្តរជាតិ មានដើមកំណើតពីសឹង្ហបុរី ផ្តល់គុណភាពអប់រំខ្ពស់ កម្មវិធីសិក្សាសមស្របនឹងទីផ្សាការងារ កម្រិតជាតិ និងអន្តរជាតិ ។ និស្សិត EAMU មានជម្រើសក្នុងការផ្លាស់ប្តូរ និងបញ្ចប់ការសិក្សានៅ សឹង្ហបុរី ចក្រភពអង់គ្លេស និងអូស្ត្រាលី៕ អត្ថបទ៖ ធូ វិរៈ

រយៈពេល៥ឆ្នាំនេះ វិស័យមូលបត្របានបោះផ្សាយលក់សញ្ញាបណ្ណ មានសន្ទុះកំណើនដល់ ៨០ លានដុល្លារ

2026/09/30 10:44:51 am        261
វិស័យមូលបត្រក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានទំហំមូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ជា​មធ្យម​ជាង​ ១៦% ក្នុងមួយឆ្នាំ ខណៈសន្ទុះនៃទីផ្សារមូលបត្រ តាមរយៈការ​បោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ ​មានកំណើនប្រមាណ ៨០ លានដុល្លារអាមេរិក និងបាន ប្រមូលសាច់ប្រាក់លើទីផ្សារ បាន​ក្នុង​រង្វង់​ប្រមាណ ២០លានដុល្លារអាមេរិក។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារ ​(អ.ស.ហ.) លើកឡើងនៅក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦ នៅថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២៦ ថា សមិទ្ធផលរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិន មែនធនាគារ (អ.ស.ហ.) ក្នុង​នោះ​សម្រា​ប់វិស័យមូលបត្រផ្ទាល់ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំមូលធ​នូបនី​យក​ម្ម​ទីផ្សារ ​បានកើនជាមធ្យមប្រមាណ ១៦,៧% ក្នុងមួយឆ្នាំ។ ចំណែកសន្ទុះនៃទីផ្សារមូលបត្រប្រកបដោយចីរភាព, ក្នុងនោះការបោះផ្សាយ លក់​សញ្ញា​បណ្ណ​បៃតង​ និងសញ្ញាបណ្ណចីរភាព មានកំណើនរហូតដល់ប្រមាណ ៨០ លានដុល្លារអាមេរិក ហើយក្នុងខែនេះ សញ្ញាបណ្ណចីរភាព (មានបុគ្គលធានា) បានប្រមូលសាច់ប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ខណៈការជួញដូរភាគហ៊ុនបាន កើនលើសពីចំនួន ៣ លានដុល្លារអាមេរិកក្នុង១ថ្ងៃផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់និយ័តករមូលបត្រកម្ពុជា និងគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូល បត្ររួមមាន៖ និយ័តករមូលបត្រកម្ពុជាត្រូវបន្តដឹកនាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រឆ្នាំ ២០២៥-២០៣៥ ប្រកបដោយ ស្មារតីបុរេសកម្ម ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ តាមរយៈការបន្តពង្រឹងអេកូប្រព័ន្ធហិរញ្ញវត្ថុ សម្រាប់វិស័យមូលបត្រការធ្វើ ពិពិធកម្មផលិតផលមូលបត្រ និងទីផ្សារមូលបត្រ ឲ្យស្របតាមកាលានុវត្តភាពនៃវិស័យហិរញ្ញវត្ថុជារួម និងបានអំពាវនាវក្រសួង-ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនៃរាជរដ្ឋាភិបាលក៏ដូចជា វិស័យឯកជនបន្តសកម្មចូលរួម ក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ ឲ្យសម្រេច បានលទ្ធផលល្អតាមការរំពឹងទុក ទៅតាមដំណាក់កាល និងស្របតាមក្របខណ្ឌ សំដៅបន្តអភិវឌ្ឍទីផ្សារមូលបត្រឲ្យកាន់តែមាន វិសាលភាពធំទូលាយ និងបន្តដើរតួជាប្រភពហិរញ្ញប្បទាន ឱ្យបានស្និទ្ធជាមួយវិស័យធនាគារ ក្នុងអេកូប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ និយ័តករមូលបត្រកម្ពុជា ត្រូវពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ តាមរយៈការចាប់យក និងការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបជាអាទិ៍៖ សន្ធានកម្មកម្មវិធីកុំព្យូទ័រ និងការតភ្ជាប់ប្រព័ន្ធ API បើកចំហ, ទិន្នន័យធំ, បច្ចេកវិទ្យាភ្លោដ, កិច្ចសន្យាឆ្លាតវៃ និងឧបករណ៍ជួញដូរឌីជីថលកម្រិតខ្ពស់ ដើម្បីក្រសោបយកកាលានុវត្តភាពថ្មី ដែល ផុសឡើង និងធានាថា ទីផ្សារមូលបត្រ ដើរតាមបរិវត្តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ និយ័តករមូលបត្រកម្ពុជា ត្រូវខិតខំបន្តពង្រឹងអនុលោមភាព និងការគ្រប់គ្រងហានិភ័យឲ្យបានកាន់តែប្រសើរ, ច្បាស់ណាស់ ថា កំណើនទីផ្សារត្រូវតែបន្តរីកចម្រើន ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព ដូច្នេះអន្តរការីមូល បត្រ និងក្រុមហ៊ុនចុះបញ្ជី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងសកម្មភាពអាជីវកម្ម, អភិបាលកិច្ចសាជីវកម្ម, វិធានការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការគ្រប់គ្រងហានិភ័យនៃប្រតិបត្តិការអាជីវកម្ម។ និយ័តករមូលបត្រ កម្ពុជា ត្រូវបន្តលើកកម្ពស់ការយកចិត្តទុកដាក់ លើការបន្តជំរុញសមាហរណកម្មទីផ្សារទៅក្នុងតំបន់ និងលើឆាកអន្តរជាតិដើម្បី ធានាថា ទីផ្សារមូលបត្រនៅកម្ពុជាមានបរិយាបន្ន នវានុវត្តន៍ ចីរភាព និងភាពធន់ ការបន្តពង្រីកវិសាលភាព និងទំនុកចិត្តរបស់ កម្ពុជាលើឆាកអន្តរជាតិ និងការបន្តកិច្ចសហប្រតិបត្តិការអន្តរនិយ័តករក្នុងតំបន់ និងលើសកលលោក សំដៅចែករំលែកព័ត៌មាន ពង្រឹងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីដំណើរការស្របតាមគោលការណ៍ និងឧត្តមានុវត្តន៍ជាអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី​

រយៈពេល៨ខែឆ្នាំនេះពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់កើនដល់ជាង ១៥ ពាន់លានដុល្លារ

2026/09/21 02:52:53 pm        516
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥ ពាន់​លាន​ដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដោយ​បាន​និង​កំពុង​បន្ត​និន្នាការកើនឡើងល្អប្រសើរ ទោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ​នៅ​មាន​ឱន​ភាព​ជញ្ជីងពាណិជ្ជកម្មក៏ដោយ។ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦, បើ​យោង​តាម​របាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បាន​បង្ហាញ​ថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់ សរុបប្រមាណ ១៥,៥ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែល​មាន​ទំហំ​ទឹក ​ប្រាក់ជាង ១២,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទាក់ទិនការធ្វើពាណិជ្ជកម្មខាងលើនេះ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ និង​កសិផល​សំខាន់​ៗ​ចូល​ទៅ​ប្រទេសចិន មានទឹក ប្រាក់ប្រមាណជាង ១,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៣ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹក ប្រាក់ជាង ១៤ ពាន់​លាន​ដុល្លារ​អាមេរិក ​កើនជាង ២២ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។ ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ចិន​បង្ហាញឱ្យឃើញថា មានឱនភាពជញ្ជីងពាណិជ្ជកម្មឆ្ងាយពីគ្នានៅឡើយ, តែទោះបី​យ៉ាង​ណា​ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ បានកំពុងចូលរួមដល់កំណើនសេដ្ឋកិច្ច ការ​បង្កើត​ការ​ងារ ជាពិសេសជំរុញដល់ការនំាំចេញកសិផលរបស់កម្ពុជា។ ចំពោះការនាំចេញ, កម្ពុជាបាននាំចេញទំនិញ និងផលិតផលចូលទីផ្សារចិន ចាប់​ពី​ដើម​ឆ្នាំ​២០២៦ មកដល់ពេលនេះ ឃើញ ថា បាននិងកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ស្រប​តាម​ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញ នាំចេញកសិផល​របស់​កម្ពុជា ​តាមពិធីសារយល់ព្រមនៃប្រទេសទាំងពីរ ដោយកំពុងគាំទ្រ​ដល់​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជាមានជាចម្បងដូចជា៖ ការនាំចេញអង្ករ, ផ្លែចេកស្រស់, ដំឡូងមី, កៅស៊ូ ផ្លែមៀន​ស្រស់​ជា​ដើម។ ចំណែកការនាំចូលពីប្រទេសចិនមក កម្ពុជាវិញមានដូចជា៖ វាយនភណ្ឌ, ការនាំ​ចូល​ដែក, រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦, ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ​សរុបរ​បស់​កម្ពុជា មានទំហំទឹកប្រាក់ ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២០ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុប ជាង ២២,១ ពាន់​លាន​ដុល្លារអាមេរិក កើនជិត ២០ ភាគរយ និងការនាំចូលពីបរទេសមានទឹកប្រាក់សរុបជាង ២៦,៥ ពាន់​លាន ដុល្លារអាមេរិក កើនជាង ២០ ភាគរយ បើធៀបរយៈពេល​ដូចគ្នានិង​ឆ្នាំ​២០២៥​៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមសេនាតេជោសន្តិភាពនាំយកអំណោយរបស់សម្តេចតេជោ ជូនដល់កងទ័ពជួរមុខ នៅបន្ទាយអំពិល ខេត្តឧត្តមានជ័យ
10/25/2026 05:10 PM
កុមារកម្ពុជាប្រមាណ៣លានករណី ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល២៧ឆ្នាំ
10/25/2026 05:10 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាថកថាជាស៊េរី ជាយន្តការពង្រឹងទស្សនៈឯកភាពបក្ស ដោយផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំជំនាន់មុន និងអ្នកបន្តវេនជំនាន់ក្រោយ
10/25/2026 04:10 PM
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តតាកែវ
10/25/2026 04:10 PM
សម្ដេចធិបតី ឆ្លៀតចុះមកពិនិត្យស្ថានភាពគម្រោងសម្រាប់ប្រជាជនភៀសសឹក និងគម្រោងផ្តល់ដី និងផ្ទះ LASED III
10/25/2026 04:10 PM
ក្រុមហ៊ូទី និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត វាយប្រហារគ្នាដ៏ខ្លាំងក្លាបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសថ្មីៗ
10/25/2026 03:10 PM
មនុស្ស ១១ នាក់របួសក្នុងការបាញ់ប្រហារជិតសាកលវិទ្យាល័យមួយក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក
10/25/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម៖«ការអភិវឌ្ឍសមត្ថភាពយុវជន ជាមូលដ្ឋានគ្រឹះនៃនវានុវត្តន៍វិស័យកសិ-ស្បៀងនៅកម្ពុជា»
10/25/2026 01:10 PM
ក្រុមការងារអាហារូបករណ៍ អ.ម.ត រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសជូនដល់បេក្ខជនជ័យលាភី ឆ្នាំសិក្សា២០២៦-២០២៧ នាខេត្តបាត់ដំបង
10/25/2026 01:10 PM
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប ថ្នាក់ខេត្ត ឆ្នាំ២០២៦
10/25/2026 01:10 PM