សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ

2026/07/15 07:21:25 pm        274
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគ ត្រូវបាន​ចុះ​បញ្ជី​ដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួនសរុប ២៧៦ ដែលមានដើមទុនវិនិយោគសរុបប្រមាណ ៤,៧ ប៊ីលានដុល្លារអាមេរិក ដែលនឹង​អាច​បង្កើត​ការងារបានប្រមាណ១៦០ពាន់កន្លែង។ ក្នុងអំឡុងពេលនេះ ការបោះទុន​វិនិយោគ​ក្នុង​ស្រុក​កើន​ឡើង​គួរឱ្យកត់សម្គាល់​ ដោយកាន់កាប់ចំណែកជាង ៤១% នៃដើមទុនវិនិយោគសរុប។​ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា​ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង ២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ប៊ីលាន​ដុល្លារ​អាមេរិក និងអាចបង្កើតការងារបានប្រមាណជាង ១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគ​នៅ​ក្រៅតំ​បន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​១០៥​ និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ ដោយឡែក គម្រោង​វិនិយោគ​ដែលត្រូវបានចុះបញ្ជីដោយ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ៩៥ ក្នុង​ទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣៥​ពាន់កន្លែង។ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា ​(CDC) កត់សម្គាល់ថា ក្នុងឆមាសទី១ ឆ្នាំនេះ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​ថម​ថយ​ល្បឿន​ប​ន្តិច បើធៀបនឹងឆ្នាំទី១ ឆ្នាំ ២០២៥។ ​ ឯកឧត្តមបន្តថា ការធ្លាក់ចុះនេះ ដោយសារកត្តាភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដោយ​សារកត្តាសង្រ្គាមនៅមជ្ឈឹមបូព៌ា រួមផ្សុំនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាដើម។​ ទោះ​បី​យ៉ាង​ណា ការបោះទុនវិនិយោគពីវិនិយោគិនក្នុងស្រុកបានឈានមុខគេ ដោយកាន់កាប់ចំណែក ៤១, ៧៤%នៃទុនវិនិយោគ ហើយ​វិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសចិន បាន​ឈរ​នៅ​លំដាប់​ទី២ មានចំនួន ៣៥,៧៥%, សិង្ហបុរី ១៥,៣៥% , ម៉ាឡេស៊ី ៤,២៦% , ហូឡង់ ០,៨៥​% ​និង ជប៉ុន និងសហរដ្ឋអាមេរិក ០,១៧% ដូចគ្នា។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ វិស័យឧស្សាហកម្ម​របស់​កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ឈាន​មុខគេរហូតដល់ ២,៥៦ប៊ីលានដុល្លារអាមេរិក តាមពីក្រោយដោយ វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​ និងផ្សេងៗ ទទួលបាន​ដើមទុនវិនិយោគចំនួន ១,៧២ ប៊ីលាន​ដុល្លារអាមេរិក ខណៈ វិស័យ​កសិកម្ម និង កសិ-ឧស្សាហកម្ម ទទួលបានទុនវិនិយោគចំនួន ១១៣លានដុល្លារអាមេរិក និង​​វិស័យទេសចរណ៍ទទួលបានចំនួន ៣០០លានដុល្លារអាមេរិក៕ អត្ថបទ៖ ធូ វិរៈ

ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា

2026/07/14 08:26:44 pm        334
ធុរកិច្ចអាមេរិកបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក នឹងរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងមានកំណើនហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ខណៈទីផ្សារអាមេរិកបានកំពុងស្រូបយក ទំនិញដែលមានសក្តានុពលថ្មីៗបន្ថែមពីកម្ពុជា។ លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នេះថា កម្ពុជានិងសហរដ្ឋអាមេរិក មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងរឹងមាំ ក្នុងនោះសម្រាប់ការធ្វើពាណិជ្កម្ម, កម្ពុជាបានទទួលប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ពីសហរដ្ឋ អាមេរិកនៅឆ្នាំ១៩៩៧ (ដោយទទួលការអនុគ្រោះមិនយកពន្ធ ០% លើទំនិញខ្លះ) តែបានផុតកំណត់សុពលភាពនៅដំណាច់ឆ្នាំ ២០២០។ តែទោះបីយ៉ាងណា, ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តគាំទ្រដល់ការនាំចេញ និងបច្ចុប្បន្នបានក្លាយជាទីផ្សារនាំចេញដ៏ធំ បំផុតរបស់កម្ពុជាផងដែរ។ លោក បន្តថា ជុំវិញការការធ្វើពាណិជ្ជកម្មទ្វេភាគីនេះឃើញថា ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកចូលមកទីផ្សារកម្ពុជា, ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ មកដល់បច្ចុប្បន្នបាននិងកំពុងបន្តកើនឡើង ខណៈការនាំចេញរបស់កម្ពុជាទៅអាមេរិក ក៏បានកើន ឡើងគួរកត់សម្គាល់ផងដែរ ជាក់ស្តែងការនំាចេញទំនិញរបស់កម្ពុជា ក្នុងនោះក្រៅពីទំនិញដែលមានស្រាប់ដូចជា ការនាំចេញសម្លៀក បំពាក់ កាបូប ស្បែកជើង និងសម្ភារៈធ្វើដំណើរ បច្ចុប្បន្នទីផ្សារអាមេរិកក៏បាននិងកំពុងស្រូបយកទំនិញដែលមានសក្តានុពលថ្មីៗបន្ថែម ទៀតពីកម្ពុជាដូចជា សំបកកង់ឡាន ទោចក្រយាន គ្រឿងអេឡិចត្រូនិច ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង និងបន្ទះសូឡាជាដើម ដែល ប្រភេទទំនិញបានកំពុងគាំទ្រដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក។    សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុប ជាង ៧,៤៨០ លានដុល្លារអាមេរិក កើនឡើងជាង ៣០ ភាគរយ, ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៧,១៧២ លានដុល្លារ អាមេរិក កើនឡើងជិត ៣០ ភាគរយ ខណៈការនាំចូលពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៣០៧ លានដុល្លារអាមេរិក កើន ៨៦ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕អត្ថបទ៖ សុន រ៉ាឌី

ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១

2026/07/09 09:46:11 pm        305
កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន​ប្រមាណ​ជិត​ ៣៤ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈ​ចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ម៉ឺននាក់។ សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) បាន​ឱ្យ​ដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ​បាន​ទទួល​នាវាដឹក​ទំនិញ​ឆ្លង​កាត់​ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់​កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេង​ឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើ​ធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញ​ប្រេង​ឥន្ទនៈ​ឆ្លង​កាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និង​អ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។កាលពីឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ បានទទួលនាវាដឹកទំនិញឆ្លងកាត់ ៣ ៧៤៦ គ្រឿង កើន​ឡើង ១,៣៥% បើធៀបនឹងឆ្នាំ២០២៤ ដោយឡែក បរិមាណកុងតឺន័រឆ្លងកាត់ ៦០០ ០២៣ ធីអ៊ីយូ កើន ២៤,៩៥% និងបរិមាណទំនិញ-ប្រេងឥន្ទនៈឆ្លងកាត់ ៥ ៦០៦ ៤៩៥ តោន កើន ១៥,៥៩%។ សម្រាប់នាវាដឹកអ្នកដំណើរមានចំនួន ៤១៣ គ្រឿង កើន ៥,៩% និង​អ្នក​ដំណើរ​ឆ្លង​កាត់ ៣៩ ៨០៤ នាក់ កើនឡើង ១០,១១%%៕ អត្ថបទ៖ ធូ វិរៈ

ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​

2026/07/04 10:37:38 pm        431
ផលិតផលក្នុងស្រុកប្រមាណ ៧០០ មុខ ត្រូវបានយកទៅប្រមូលផ្តុំដាក់លក់នៅក្នុង​“ផ្សារខ្មែរ MSME HUB(ទួលពង្រ)” ដែលវានឹងក្លាយជាមជ្ឈមណ្ឌល​តភ្ជាប់យ៉ាងសំខាន់រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​។ ​ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរាជរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្រ្តីបាន​លើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ បន្ត​ចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC)បាន​ថ្លែងថា ផ្សារខ្មែរ MSME Hub ទួលពង្រ ត្រូវបានបង្កើតឡើងក្រោមផ្តួចផ្តើមបង្កើតសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់កាន់តែលឿនរហ័ស។បច្ចុប្បន្ន ផ្សារនេះ ដមានផលិតផលក្នុងស្រុកចម្លោះពី៦០០ ដល់ ៧០០ មុខ ត្រូវបានដាក់លក់ដុំនិងរាយ ហើយ​ CPMEC នៅតែបន្តទទួលយកផលិតផលក្នុងស្រុកមកតាំងលក់បន្ថែម​ទៀត​។ចំណែក តំណាងឱ្យសហគ្រាសផលិតផលក្នុងស្រុក​បាន​បង្ហាញក្តីរីករាយ ដែលមានឱកាសនាំយកផលិតរបស់ខ្លួនមកលក់នៅ“ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ដោយ​ពួកគេរំពឹងថា ផលិតផលរបស់ពួកគេកាន់តែមានទីផ្សារទូលំទូលាយជាងមុន និងទទួលបានសន្ទុះគាំទ្រកាន់តែខ្លាំងពីប្រជាពលរដ្ឋ។​ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” នឹងបន្តដំណើរតាំងពិព័រណ៌ផលិតផលខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ដោយមានការប្រគុំតន្រ្តីសម័យ និង​មានការសម្តែងសិល្បៈបុរាណខ្មែរ។ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” មានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ អត្ថបទ៖ ធូ វិរៈ

ប្រធាន គ.ល.ក. ណែនាំដល់​អគ្គលេខាធិការដ្ឋាន​បន្តសហការជាមួយ​អាជ្ញាធរ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឱ្យមានប្រសិទ្ធភាព

2026/06/25 09:14:20 pm        484
ប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. សហការជាមួយក្រសួង មហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ បន្តគ្រប់គ្រងសន្តិសុខនៅតាមគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមា និងចូលរួមយុទ្ធនាការប្រឆំាងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះថា ស្របតាមនិន្នាការនៃការគ្រប់គ្រង់វិស័យល្បែងពាណិជ្ជកម្មទាំងក្នុងតំបន់ និងលើសកលលោក ក្នុងនោះសម្រាប់កម្ពុជាវិស័យនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្នុងគោលបំណងធានាឱ្យបានល្អ លើការគ្រប់គ្រងមណ្ឌលល្បែង ពាណិជ្ជកម្ម សមាហ័រណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូលជូនរដ្ឋ និងការរក្សាសុវត្ថិភាពនិងសន្តិសុខសង្គម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុម ការងារចម្រុះ ចំណុចលេខាធិការដ្ឋាន គ.ប.ច.ប. គណៈបញ្ហាការឯកភាពរាជធានី-ខេត្ត និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដើម្បីរឹង បណ្តឹងការគ្រប់គ្រង ត្រួតពិនិត្យ និងការវាយតម្លៃទីតាំងកាស៊ីណូ និងទីតាងមណ្ឌលល្បែងពាណិជ្ជកម្មទាំងអស់។ ត្រូវបន្តចុះពិនិត្យ និង វាយតម្លៃគុណភាពកាស៊ីណូនៅទូទាំងប្រទេសតាមផែនការកំណត់ ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យច្បស់លាស់ ដើម្បីមាន មូលដ្ឋានរឹងមាំ សម្រាប់បន្ត ឬលុបអាជ្ញាប័ណ្ណការស៊ីណូណាមួយ។ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវពិនិត្យឱ្យបានលម្អិតនិងម៉ត់ចត់បំផុត ដើម្បី ធានាថា ទីតាំងឬបរិវេណកាស៊ីណូទាំងអស់ មិនជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រៅពីនេះ អគ្គលេខាធិការ ដ្ឋាននៃ គ.ល.ក. ក៏ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍ និងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់គ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បី បង្កើនតម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រង ពោលគឺត្រូវអភិវឌ្ឍ និងតភ្ជាប់ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការកាស៊ីណូពីចម្ងាយ ភ្ជាប់ជាមួយ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រង់គ្រងកាស៊ីរបស់ប្រតិបត្តិករ និងក៏ត្រូវបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានសកម្មភាព ប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងគ្រប់គ្រងរំហូរភ្ញៀវចេញ-ចូលទីតាំង និងបរិវេណកាស៊ីណូនីមួយៗ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជំរុញឱ្យអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ត្រូវរៀបចំនិងជំរុញដាក់ឱ្យអនុវត្តនូវលិខិតបទដ្ឋាន គតិយុត្ត នីតិវិធីប្រតិបត្តិស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនានា ដើម្បីពង្រឹងប្រសិទ្ធភាព គុណភាព និងសមត្ថភាពនៃការគ្រប់គ្រង ល្បែងពាណិជ្ជកម្មស្របតាមនិន្នាការ បច្ចុប្បន្ននៃការវិវត្តយ៉ាងរហ័ស ក្នុងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាព និងស័ក្តសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ លើកកម្ពស់បរិយាកាសនៃការវិនិយោគ និងជំរុញការប្រមូលចំណូលជូនរដ្ឋថែមទៀត និងយកចិត្តទុកដាក់ ស្តាប់ និងទទួលយកនូវសំណូមពរ និងកង្វល់នានារបស់ប្រតិបត្តិករកាស៊ីណូ ដើម្បីដាក់ចេញជាវិធានការ និងផែនការសកម្មភាពជាក់ល័ក្ខ សម្រាប់ជំរុញបំពេញលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានពេញលេញ។ ទន្ទឹមនេះក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋាន ក៏ ត្រូវបន្តចូលរួមទប់ស្កាត់សកម្មភាពអាជីវកម្ម និងការលេងល្បែងស៊ីសងខុសច្បាប់ឱ្យមានប្រសិទ្ធភាព ដែលជាផ្នែកមួយនៃគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងកសិកម្ម ប្រកាសផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យ​ពិន័យអន្តរការណ៍​ចំពោះ​បទល្មើស​ច្បាប់ស្តីពីជលផល

2026/06/25 07:13:38 pm        211
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម បាន​រៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និង​អនុក្រឹត្យ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍ចំពោះបទល្មើសនិងច្បាប់ស្តីពីជលផល ដែលប្រកាសផ្សព្វផ្សាយដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ឌិត ទីណា បានប្រកាសថា ច្បាប់ស្តីពីជលផលនេះ មានតាំងពីឆ្នាំ២០០៦ ប៉ុន្តែច្បាប់នោះ នៅមានចន្លោះប្រហោង ដូចនេះហើយ ទើបរៀបចំច្បាប់ជលផលសារជាថ្មី ដោយច្បាប់ជលផលថ្មី បានសម្រេចកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ច្បាប់ស្តីពីជលផល ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខនស/រកម/ ០៦២៥/០២៨ចុះថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៥ជំនួសច្បាប់ស្តីពីជលផលឆ្នាំ២០០៦។ ហើយច្បាប់ថ្មីនេះមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍របស់ប្រជានេសាទសហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាម បរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា និងចូលរួមក្នុងការ គ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។ ច្បាប់ស្តីពីជលផល មាន១៥ជំពូក ១០៤មាត្រា និងឧបសម្ព័ន្ធចំនួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ជាលទ្ធផល កាលពីឆ្នាំ២០២៥ ផលនេសាទសរុប មានចំនួនជាង៦សែន៥ម៉ឺនតោន ក្នុងនោះផលនេសាទទឹកសាប មានជាង៥សែនតោន និងផលនេសាទសមុទ្រជាង១សែន៤ម៉ឺនតោន ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការកើនឡើងនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកង កម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំង មានការចូលរួមផ្ដល់ ព័ត៌មានពីមហាជនអំពីសកម្មភាពនៃការធ្វើនេសាទខុសច្បាប់។ ទន្ទឹមនេះ ក៏ទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កូនផ្សោតកើតថ្មីបាន៨ក្បាល ដោយពុំ មានស្លាប់នោះឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រ ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេលពេញ១ឆ្នាំ ហើយរយៈពេល៦ខែដើមឆ្នាំ២០២៦នេះ មានកូនផ្សោតកើត៦ក្បាលថែមទៀត នាំឱ្យសត្វផ្សោត ទន្លេមេគង្គកើនឡើងរហូត ដល់១១៧ក្បាល។ សូមបញ្ជាក់ថា ច្បាប់ស្តីពីជលផលថ្មីនេះ ស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ ហើយឈានដល់ខែសីហាឆ្នាំ២០២៦នេះ នឹងចាប់ផ្តើមអនុវត្តន៍ច្បាប់ស្តីពីជលផលថ្មីនេះតែម្តង ហើយយោងតាមច្បាប់ថ្មីនេះ បទល្មើសជលផល ក៏ចាប់ផ្តើមថយចុះជាបណ្តើរៗដែរ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល៕ អត្ថបទ៖ គង់ រ៉េន

កម្ពុជា និងស្ថាប័ន DFC ពិភាក្សាផ្លាស់ប្តូរយោបល់លើយុទ្ធសាស្ត្រសំខាន់ៗ នៃវិស័យអាទិភាព​នៅកម្ពុជា

2026/06/22 11:02:49 pm        291
កម្ពុជានិងស្ថាប័ន DFC ផ្លាស់ប្តូរយោបល់លើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើការពិនិត្យលទ្ធភាពសហការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អាទិភាពមួយចំនួននៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិ (DFC) របស់សហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Caroline Vik ប្រធានផ្នែកគោលនយោបាយនៃ DFC ក្នុងឱកាសដែល គណៈប្រតិភូកំពុងបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ លោកស្រី Caroline Vik និងសហការីទាំង អស់ ដែលមកបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះស្ថាប័ន DFC ដែលបានសម្រេចចិត្តជាយុទ្ធសាស្ត្រ ក្នុងការអនុម័តកញ្ចប់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងអាកាសយាន- ដ្ឋានអន្តរជាតិតេជោនាពេលកន្លងមក និងបានបញ្ជាក់ជាថ្មីពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការត្រៀម លក្ខណៈជាស្រេច ដើម្បីផ្តល់កិច្ចសម្របសម្រួលចំពោះការប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាព របស់ DFC ។ ជាការឆ្លើយតប លោកស្រី Caroline Vik បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះចក្ខុវិស័យដ៏ច្បាស់លាស់ និងភាព ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោកស្រី បានបញ្ជាក់ថា វិស័យដែលកម្ពុជាបានលើកឡើងទាំងអស់ខាងលើ គឺពិតជាមានភាពស្របគ្នា ទៅនឹងបេសកកម្មស្នូលរបស់ DFC ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងការការពារខ្សែច្រវាក់ផ្គត់ផ្គង់សកល។ លោកស្រីបានបង្ហាញឆន្ទៈក្នុងការនាំយកនូវ របៀបវារៈដែលបានពិភាក្សា ទៅពិនិត្យលទ្ធភាពក្នុងការសិក្សាសមិទ្ធិលទ្ធភាព មុននឹងឈានដល់ដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ ណាមួយ នាពេលអនាគតផងដែរ។ សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំកម្ពុជា និងគណៈប្រតិភូ DFC បានផ្លាស់ប្តូរយោបល់យ៉ាងផុសផុស លើរបៀបវារៈ យុទ្ធសាស្ត្រសំខាន់ៗ ដែលរំពឹងថានឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំនាពេលអនាគតរួមមាន៖ (១)-ការពិនិត្យលទ្ធភាពសហការ លើការសិក្សាស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធថាមពល និងអន្តរកាលបៃតង, និង (២)- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគន្លឹះដូចជា បណ្តាញ ផ្លូវល្បឿនលឿន, ការពង្រីងវិសាលភាពកំពង់ផែ, និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម កម្ពុជា ២០២៣-២០៣៣ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិដ៏សំខាន់៕ អត្ថបទ៖ សុន រ៉ាឌី

សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង

2026/06/22 08:25:45 pm        221
សហគ្រិនក្នុងស្រុក​បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ​យុទ្ធនាការជាច្រើន​ដើម្បីជំរុញ និងគាំទ្រការ​ប្រើប្រាស់ផលិតផលក្នុងស្រុកុ ដូចជា «ទិញផលិតផលខ្មែរមុនគេ» រួមជាមួយនឹងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលកាន់តែគាំទ្រផលិតផលផលិតនៅក្នុងស្រុកបន្ថែមទៀត​។ ក្រុមសហគ្រិនដែលបានមកចូលរួមតាំងលក់នៅក្នុងពិព័រណ៌ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ បាន​លើកឡើងថា ស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋបន្តប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែខ្លាំងក្លា ដែលពួកគេផលិតស្ទើរមិនទាន់តម្រូវការប្រើប្រាស់នាពេលនេះ​។ ក្រុមសហគ្រិនទាំងនោះ បន្តថា មិនត្រឹមតែប្រជាពលរដ្ឋក្នុងស្រុកគាំទ្រប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏គាំទ្រផលិតផលខ្មែរដែរ។ ក្រុមសហគ្រិន បានឱ្យដឹងទៀតថា ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកបានកាន់តែទូលំទូលាយទៅកាន់​អ្នកប្រើប្រាស់​ តាមរយៈ​ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់កាសពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពួកគេ អះអាងថា ផលិតផលខ្មែរ គឺមាន គុណភាព អនាម័យ និងការវេចខ្ចប់ស្របតាមស្តង់ដារ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មេសា ត្រូវនឹង​ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។គិតត្រឹមឆ្នាំ២០២៥ ចលនាភូមិមួយផលិតផលមួយ (OVOP) បានទទួលស្គាល់ និងចងក្រងផលិតផលរបស់សហគមន៍​បានសរុបប្រមាណ១ពាន់មុខ៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ

2026/06/22 08:09:45 pm        304
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចាត់ទុកកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហព័ន្ធបរិយាបន្ន ហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ នៅទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ និងអាជ្ញាធរត្រួតពិនិត្យវិស័យ ធនាគារ ធនាគារជាតិនៃកម្ពុជា បានដឹកនាំនិងសម្របសម្រួលការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំង ជំរុញការអភិវឌ្ឍហិរញ្ញវត្ថុឌីជីថល ការទូទាត់អេឡិចត្រូនិក ការការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីរួម ចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។ លោកជំទាវបន្ថែមថា ជុំវិញកិច្ចប្រជុំខាងលើនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការ ចែករំលែកបទពិសោធន៍ ក្នុងការប្រមូលនិងប្រើប្រាស់ទិន្នន័យ ការវាស់វែងផលប៉ះពាល់ និងការរៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព ជាពិសេសកិច្ចប្រជុំនេះនឹងរួមចំណែកជំរុញការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ និងការអនុវត្តយុទ្ធ- សាស្ត្រជាតិបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងនិរន្តរភាពសម្រាប់ ប្រជាពលរដ្ឋ។លោកបណ្ឌិត Eliki Boletawa លើកឡើងផងដែរថា សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) គឺជាបណ្តាញអន្តរជាតិ នៃស្ថាប័ន រៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលមានបេសកកម្មលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ បរិយាបន្ន និងនិរន្តរភាព។ សូមបញ្ជាក់ថា ជុំវិញកិច្ចប្រជុំនេះ ធនាគារជាតិនៃកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ សហការជាមួយសហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (AFI) រៀបចំកិច្ចប្រជុំលើកទី៣៣ របស់ក្រុមការងារលើផលប៉ះពាល់ និងទិន្នន័យបរិយាបន្នហិរញ្ញវត្ថុ និងកិច្ចប្រជុំលើកទី២៨ របស់ក្រុម ការងាររៀបចំយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាង ស្ថាប័នសមាជិកមកពី៣៧ ទៅ ៣៨ ប្រទេស។ក្នុងឱកាសនេះ ភ្ញៀវអន្តរជាតិដែលបានចូលរួមកិច្ចប្រជុំ ក៏បានអញ្ជើញទស្សនកិច្ចព្រះបរមរាជវាំង សារមនី្ទរជាតិ និងសារមន្ទីរព្រះស្រី ឦសានវរ្ម័ន ដើម្បីស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។ គួររំលេចផងដែរថាសារមន្ទីរព្រះស្រីឦសានវរ្ម័ន គឺជាសារមន្ទីរបែបទំនើបមួយរបស់កម្ពុជា ដែលបង្ហាញពីការវិវត្តនៃប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច នៃរូបិយវត្ថុខ្មែរ និងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា តាមរយៈសម័យកាលផ្សេងៗ ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់

2026/06/21 09:17:33 pm        305
កម្ពុជាមានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពនៃការទទួលសេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋខ្ពស់ បើធៀបប្រទេសក្នុង ពិភពលោក (ប្រទេសដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែល) ខណៈដែលវិស័យធានាគារ ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការបត់បែនខ្លាំង ឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹង តម្រូវការជាក់ស្តែង របស់អតិថិជន។ ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ គឺជាការធានាឱ្យប្រជាជនគ្រប់រូប ជាពិសេសក្រុមជនងាយរងគ្រោះ និងស្ត្រីទទួល បាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយគុណភាព តម្លៃសមរម្យ និងសុវត្ថិភាព។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានគាំទ្រ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា ក្នុងនោះធនាគារជាតិនៃកម្ពុជា (NBC) ក៏បានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ (NFIS) ដែលមានគោលដៅបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និងកាត់បន្ថយគម្លាត ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ, ខណៈដែលក្នុងនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏បានសហការគ្នាដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ផងដែរ។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា នេះថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បានភាពរីកចម្រើនយ៉ាងខ្លំាង និងបានដើរលឿនទៅមុខ ព្រមទាំង មានភាពបត់បែនខ្លាំងនៅលើទីផ្សារ ទន្ទឹមនេះក៏មានការវិនិយោគច្រើន ពីអ្នកផ្តល់ប្រាក់កម្ចីធំៗនៅលើពិភពលោក ដែលជំរុញដល់ការ ផ្តល់សេវា និងការប្រកួតប្រែងលើទីផ្សារមានលក្ខណៈល្អប្រសើរ ចំណែកអ្នកដែលទទួលបានផលមុនគេគឺប្រជាពលរដ្ឋផ្ទាល់។ លោកបន្តថា ខណៈការទទួលបានសេវាហិរញ្ញវត្ថុនៅកម្ពុជាស្ថិតក្នុងកម្រិតខ្ពស់ អ្វីដែលជាការព្រួយបារម្ភ ថាតើពួកគាត់ប្រើ ប្រាស់សេវាហិរញ្ញវត្ថុបានត្រឹមត្រូវដែរឬទេ? បញ្ហានេះ, គឺជាអាទិភាពមួយដែលគ្រឹះស្ថានយកចិត្តទុកដាក់ ព្រោះនៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ពិភពលោកក៏ដូចកម្ពុជាជួបបញ្ហាជាច្រើនដូចជា៖ វិបត្តិជំងឺកូវីដ-១៩, សង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហានៃ ការហក់ឡើងថ្លៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា និងភាពមិនទាន់ប្រាកដប្រជានៃជម្លោះព្រំដែនកម្ពុជា-ថៃជាដើម។ ជុំវិញការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនេះ ធនាគារជាតិនៃកម្ពុជាបាត់ទុកជាការងារអាទិភាពដ៏សំខាន់ ក្នុងការលើកកម្ពស់ការទទួល បាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការដែលមានលក្ខណៈទាន់ពេលវេលា តម្លៃសមរម្យ និងមានការការពារតាមច្បាប់សម្រាប់ ប្រជាជនគ្រប់រូប ជាពិសេសជនក្រីក ប្រជាជននៅតាមតំបន់ជនបទ ស្ត្រី និងសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ធនាគារជាតិនៃ កម្ពុជាបានបន្តអនុវត្តផែនការសកម្មភាព យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦-២០៣០ ដែលឆ្លុះបញ្ចាំងពីការ ប្តេជ្ញាចិត្តរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការបន្តធានាឱ្យបាននូវវិស័យហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងចីរភាព ដើម្បីគាំទ្រការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM
មនុស្សជាង៣០ម៉ឺននាក់ ជម្លៀសខ្លួន ពីហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង និងអេស្ប៉ាញ
07/26/2026 12:07 PM
UN អំពាវនាវឲ្យក្រុមឧទ្ទាមហ៊ូធីបញ្ចប់ការវាយប្រហារលើនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម
07/26/2026 12:07 PM
លោក Trump៖ អាមេរិក និងអ៊ីរ៉ង់កំពុងជជែកគ្នា ប៉ុន្តែទីក្រុងតេអេរ៉ង់ពុំទាន់ត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀង
07/26/2026 12:07 PM
ក្រសួងបរិស្ថានផ្សព្វផ្សាយសក្តានុពលភ្នំខ្នងផ្សារជាមួយអ្នកសារព័ត៌មានក្នុងស្រុក
07/26/2026 12:07 PM
កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលនៃដំណើរការវាស់វែងខ័ណ្ឌសីមាព្រំដែនតទៅទៀត
07/26/2026 11:07 AM