រដ្ឋមន្ត្រីការបរទេសនៃប្រទេសស៊ីរី និងហ្ស៊កដានី កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសចំពោះការវាយប្រហារ «មិនសមហេតុផល» របស់អ៊ីរ៉ង់លើបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងហ្ស៊កដានី។

នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងដាម៉ាស រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Al-Shaibani និងសមភាគីហ្ស៊កដានី លោក Ayman Safadi ក៏បានរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើសាធារណរដ្ឋអារ៉ាប់ស៊ីរី ដោយហៅពួកវាថា ជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនេះ និងទាមទារឲ្យអ៊ីស្រាអែលដកកងទ័ពចេញជាបន្ទាន់ អនុលោមតាមកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆ្នាំ១៩៧៤។

លោក Al-Shaibani និងលោក Safadi បានដឹកនាំគណៈប្រតិភូរបស់ប្រទេសរបស់ពួកគេ ក្នុងការចរចាដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ទឹក ថាមពល ការពារជាតិ និងសន្តិ សុខ។
ប្រធានាធិបតីស៊ីរី លោក Ahmad Al-Sharaa បានជួបជាមួយលោក Safadi លោកឧត្តមសេនីយ៍ឯក Yousef Huneiti ប្រធានអគ្គសេនាធិការចម្រុះ និងលោកឧត្តមសេនីយ៍ឯក Ahmad Husni ប្រធានស៊ើបការណ៍សម្ងាត់ទូទៅរបស់ប្រទេសហ្ស៊កដានី។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី។
លោក Huneiti បានបន្តកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិស៊ីរី ឧត្តមសេនីយ៍ឯក Murhaf Abu Qasra អំពីកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងការរត់ពន្ធអាវុធ៕