នាវិកអាមេរិក ២នាក់ បានរងរបួសបន្ទាប់ពីនាវា USS Gerald Ford បានកើតមានអគ្គិភ័យដែលមិនទាក់ទងនឹងការប្រយុទ្ធ។ នេះបើយោងតាមការឲ្យដឹងពីយោធាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦)។
នាវា USS Gerald Ford ដែលជានាវាផ្ទុកយន្តហោះថ្មីបំផុតរបស់សហរដ្ឋអាមេរិក និងធំជាងគេបំផុតរបស់ពិភពលោក កំពុងចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ហើយបច្ចុប្បន្នស្ថិតនៅក្នុងសមុទ្រក្រហម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបានឲ្យដឹងថា នាវិកកំពុងទទួលការព្យាបាលសម្រាប់របួសដែលមិនគំរាមកំហែងដល់អាយុជីវិត ហើយមានស្ថានភាពស្ថិរភាព។
តាមរយៈសេចក្ដីថ្លែងការណ៍នោះ យោធាបានឲ្យដឹងទៀតថា «មិនមានការខូចខាតដល់រោងចក្រជំរុញរបស់នាវានោះទេ ហើយនាវាផ្ទុកយន្តហោះនៅតែដំណើរការពេញលេញ» ដោយបន្ថែមថា អគ្គិភ័យនេះបានចាប់ផ្តើមចេញពីកន្លែងបោកគក់របស់នាវា។

នាវា USS Gerald Ford ដែលមាននាវិកជាង ៥.០០០នាក់នៅលើនោះ មានយន្តហោះយោធាជាង ៧៥ គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំងផងដែរ ដូចជា F-18 Super Hornet។ នាវាផ្ទុកយន្តហោះនេះត្រូវបានដាក់ពង្រាយអស់រយៈពេលជាង ៩ខែមកហើយ រួមទាំងការចូលរួមក្នុងប្រតិបត្តិការ នៅក្នុងតំបន់កាការ៉ាអ៊ីព កាលពីដើមឆ្នាំនេះផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា ទាហានអាមេរិករហូតដល់ ១៥០នាក់បានរងរបួសនៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់៕
