ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) នៅថ្ងៃសុក្រ (ទី១៣ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា កូរ៉េខាងជើងបានចោទប្រកាន់ជប៉ុនថា បានធ្វើឲ្យមានហានិភ័យសន្តិសុខក្នុងតំបន់កាន់តែខ្ពស់ ដោយការពន្លឿនការដាក់ពង្រាយ និងការអភិវឌ្ឍមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយលើកឡើងថា ការពង្រឹងយោធារបស់ទីក្រុងតូក្យូ គឺស្មើនឹងការរៀបចំ សម្រាប់ការវាយប្រហារនាពេលអនាគត។
សារព័ត៌មាន KCNA បានលើកឡើងនៅក្នុងបទអត្ថាធិប្បាយមួយថា ជប៉ុនបានចាប់ផ្តើមដាក់ពង្រាយមីស៊ីល Type 12 ជាប្រភេទបាញ់ពីដីសំដៅនាវា នៅទីក្រុង Kumamoto ហើយមានគម្រោងដាក់ប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយផ្សេងទៀត នៅទូទាំងខេត្តជាច្រើន ដោយធ្វើឲ្យវាស្ថិតក្នុងចម្ងាយបាញ់ដល់ប្រទេសជិតខាង។

បទអត្ថាធិប្បាយនេះបានបន្តទៀតថា ជប៉ុនកំពុងបញ្ចូលធនធានចូលទៅក្នុងការពង្រីករយៈចម្ងាយរបស់មីស៊ីល និងធ្វើការសម្រប សម្រាប់ការបាញ់លើដីគោក ទឹក និងអាកាស ដោយហៅប្រព័ន្ធទាំងនោះថា «អាវុធវាយលុករយៈចម្ងាយឆ្ងាយយ៉ាងជាក់ច្បាស់»។
ជាមួយគ្នានេះ សារព័ត៌មាន KCNA បានបដិសេធការអះអាងរបស់ជប៉ុន ដែលថា ការពង្រឹងនេះ គឺដើម្បីការពារខ្លួន ដោយសង្កត់ធ្ងន់ថា វាឆ្លុះបញ្ចាំងពីមហិច្ឆតា ដើម្បីធានាដល់សមត្ថភាពវាយប្រហារ និងជាផ្នែកមួយនៃ «ការរៀបចំសង្គ្រាមឈ្លានពានឡើងវិញ»។
សារព័ត៌មាននេះបានបន្ថែមថា ការទិញអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ជប៉ុន និងការចូលរួមក្នុងសមយុទ្ធយោធារួមគ្នា បានបង្ហាញថា ប្រទេសនេះកំពុងខិតទៅកាន់តែកៀកនឹងការប្រើប្រាស់សមត្ថភាពទាំងនោះ ហើយបានព្រមានថា ទីក្រុងតូក្យូប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្លួនបន្តដើរលើផ្លូវបច្ចុប្បន្នរបស់ខ្លួន៕
